ខេត្ត​​មួយ​របស់​វៀតណាម ចង់​បង្កើត​ «មជ្ឈមណ្ឌល​ស្រាវជ្រាវ​បច្ចេកវិទ្យា​អវកាស»

ខាងក្នុង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​នវានុវត្តន៍​របស់​ខេត្ត​ប៊ិ​ញ​ឌិ​ញ

មេដឹកនាំ​ខេត្ត​ប៊ិ​ញ​ឌិ​ញ (Binh Dinh) ស្នើ​ដល់​ក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​វៀតណាម គាំទ្រ​ដល់​ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​របស់​ខេត្ត​នេះ ឱ្យទៅជា​កន្លែង​ស្រាវជ្រាវ​បច្ចេកវិទ្យា​អវកាស។

នេះ​គឺជា​សំណើ​មួយ​របស់​ក្រុមប្រឹក្សា​ខេត្ត​ប៊ិ​ញ​ឌិ​ញ ដែល​បានស្នើ​ដល់​ក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា នៅក្នុង​កិច្ចប្រជុំ​ស្ដីពី​ការរក​ដំណោះស្រាយ និង​គោលនយោបាយ​គាំទ្រ​ការអភិវឌ្ឍ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ក្នុង​តំបន់ ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី 13 មីនា 2023។

នៅក្នុង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​នវានុវត្តន៍​របស់​ខេត្ត​ប៊ិ​ញ​ឌិ​ញ ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2015 នេះ មាន​ទីតាំង​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ស្ថានីយ​សង្កេត​តារា អគារ​ចក្រវាល និង​សារមន្ទីរ​វិទ្យាសាស្ត្រ​ជាដើម។ល។ នេះ​គឺជា​កន្លែង​ប្រារព្ធ​កម្មវិធី​ទេសចរណ៍​វិទ្យាសាស្ត្រ​ដំបូង​គេ​នៅ​ប្រទេស​វៀតណាម។

យោងតាម​មេដឹកនាំ​ខេត្ត​ប៊ិ​ញ​ឌិ​ញ ក្រោយពី​មាន​សេចក្ដីសម្រេចចិត្ត​ស្ដីពី​យុទ្ធសាស្ត្រ​អភិវឌ្ឍ និង​អនុវត្ត​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​អវកាស​ត្រឹម​ឆ្នាំ 2023 ដែល​មេដឹកនាំ​វៀតណាម​ចុះហត្ថលេខា​កាលពី​ឆ្នាំ 2021 ក្រុមប្រឹក្សា​ខេត្ត​ប៊ិ​ញ​ឌិ​ញ​ក៏បាន​រៀប​ផែនការ​បង្កើត​កិច្ច​សហ​ប្រិប​ត្តិ​ការ​ជាមួយ​ស្ថាប័ន​អវកាស​អន្តរជាតិ​មួយចំនួន រួមមាន​ជាអាទិ៍ ទីភ្នាក់ងារ​អវកាស​ជប៉ុន (JAXA), អាម៉េរិក (NASA), បារាំង (ONERA និង CNES) ជាដើម ដើម្បី​ជួយ​ដល់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​នវានុវត្តន៍​របស់​ខេត្ត​នេះ រៀបចំ​កម្មវិធី​ពិព័រណ៍​ទាក់ទង​នឹង​វិស័យ​អវកាស និង​វិទ្យាសាស្ត្រ​អវកាស ក្នុង​បំណង​ផ្សព្វផ្សាយ​ចំណេះដឹង​នេះ​ដល់​សាធារណជន និង​កុមារ​ដែល​ស្រលាញ់​វិទ្យាសាស្ត្រ។

ក៏ប៉ុន្តែ លោក ឡាំ ហាយ​ហ្សា​ង (Lam Hai Giang) អភិបាលរង​ខេត្ត​ប៊ិ​ញ​ឌិ​ញ​បាន​ស្នើឱ្យ​ក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​វៀតណាម យកចិត្តទុកដាក់​បន្ថែ​ម​ទៀត​ដើម្បី​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ខាងលើ​ឱ្យទៅជា​មូលដ្ឋាន​សម្រាប់​ការសិក្សា​ស្រាវជ្រាវ អភិវឌ្ឍ និង​ប្រើប្រាស់​បច្ចេកវិទ្យា​អវកាស។

មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​នវានុវត្តន៍​របស់​ខេត្ត​ប៊ិ​ញ​ឌិ​ញ
នៅ​ខាង​ក្នុងមជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​នវានុវត្តន៍​របស់​ខេត្ត​ប៊ិ​ញ​ឌិ​ញ
តេឡេស្កុប​ទំនើប​ខាង​ក្នុង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​នវានុវត្តន៍​របស់​ខេត្ត​ប៊ិ​ញ​ឌិ​ញ
Advertisement