អាម៉េរិក​មាន​​ប្រតិកម្ម​ចំពោះ​ករណី «​ប៉ូឡូញ​​ផ្ដល់​​យន្តហោះ​ចម្បាំង​ឱ្យ​អ៊ុយ​ក្រែ​ន»

MiG-29 របស់​ប៉ូឡូញ ចូល​រួម​ធ្វើ​សមយុទ្ធ​ជាមួយ​ណាតូកាលពី​ឆ្នាំ​ 2022

មន្ត្រី​សេត​វិមាន​និយាយថា ករណី​ប៉ូឡូញ​ផ្ដល់​ជំនួយ​ជា​​យន្តហោះ MiG-20 ទៅឱ្យ​អ៊ុយ​ក្រែ​ន មិន​ប៉ះពាល់​ដល់​ការ​គណនា​របស់​អាម៉េរិក ​ទាក់ទិន​នឹង​ជំនួយ​ផ្នែក​យោធា។

លេខា​សារព័ត៌មាន​ប្រចាំ​សេត​វិមាន Karine Jean-Pierre កាលពី​ថ្ងៃទី 16 មីនា បានឱ្យដឹងថា ប្រទេស​ប៉ូឡូញ​បាន​ជូនដំណឹង​ដល់​សហរដ្ឋ​អាម៉េរិក​ស្ដីពី​ការសម្រេចចិត្ត​ផ្ដល់ជំនួយ​ជា​យន្តហោះ​ចម្បាំង​ទៅឱ្យ​អ៊ុយ​ក្រែ​ន។ លោកស្រី​ថ្លែងថា វ៉ា​ស៊ី​ង​តោន​នឹង​បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​សម្ព័ន្ធមិត្ត និង​ដៃគូ​សហការ​នានា​នៅក្នុង​កិច្ចប្រឹងប្រែង​ជួយ​គាំទ្រ​ដល់​អ៊ុយ​ក្រែ​ន។

ចំណែក​អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ John Kirby បាន​អះអាងថា ការវិវត្ត​ថ្មី​នេះ «មិនបាន​កែប្រែ​ការ​គន់គូរ​របស់​អាម៉េរិក» ស្ដីពី​បញ្ហា​ផ្ដល់​ជំ​នួយ​ជា​យន្តហោះ​ចម្បាំង F-16 ដល់​អ៊ុយ​ក្រែ​ន។

ថ្នាក់ដឹកនាំ​អាម៉េរិក រហូតមកដល់​ពេលនេះ​នៅតែ​មិនទាន់​យល់ព្រម​ផ្ដល់​យន្តហោះ​ចម្បាំង​ទៅឱ្យ​អ៊ុយ​ក្រែ​ន បើ​ទោះ​បានផ្ដល់​ជំនួយ​ជា​អាវុធ​ធុន​ធ្ងន់​ច្រើន​ប្រភេទ​ដល់ទី​ក្រុង​កៀវ​រួច​ហើយក៏​ដោយ។

ទាក់ទង​នឹង​ករណី​ប៉ូឡូញ​ផ្ដល់ជំនួយ MiG-29 ដល់​អ៊ុយ​ក្រែ​ន រដ្ឋមន្ត្រីការបរទេស​អាម៉េរិក Antony Blinken ក៏បាន​សង្កត់ធ្ងន់ថា នេះ​គឺជា​គោលនយោបាយ​ដោយឡែក​របស់​ប្រទេស​នីមួយៗ។

ប្រធានាធិបតី​ប៉ូឡូញ លោក Andrzej Duda បានឱ្យដឹងថា ប្រទេស​នេះ​មាន​យន្តហោះ​ចម្បាំង MiG-29 ពី 10 ទៅ 20 គ្រឿង។ ប៉ូឡូញ​នឹង​ផ្ទេរ​ទៅឱ្យ​អ៊ុយ​ក្រែ​ន​ចំនួន​បួន​គ្រឿង​ដំបូង។ យន្តហោះ MiG-29 ក្រៅពីនេះ កំពុង​ត្រូវបាន​ត្រៀម ថែទាំ ហើយ​អាច​នឹង​ត្រូវបាន​ផ្ដល់​​ឱ្យ​អ៊ុយ​ក្រែ​ន​ជា​បន្តបន្ទាប់ ដោយ​ប្រើពេល​ពី 4-6 សប្ដាហ៍។

រដ្ឋមន្ត្រី​ការពារជាតិ Mariusz Blaszczak ថ្លែងថា ប៉ូឡូញ​ចង់​ផ្ទេរ​យន្តហោះ​ចម្បាំង​ទៅឱ្យ​អ៊ុយ​ក្រែ​ន​តាមរយៈ​យន្តការ​សម្ព័ន្ធមិត្ត ក្នុងនោះ​មាន​ស្លូ​វ៉ា​គី​រួចទៅហើយ។ ចំនួន​សមាជិក​នៃ​សម្ព័ន្ធ​មិត្ត​ដែល​ផ្ដល់ជំនួយ​ជា​យន្តហោះ​ចម្បាំង​នេះ​អាច​កើនឡើង​នៅពេល​អនាគត។

ក្រោយពី​ផ្ដល់​ MiG-29 ទៅឱ្យ​អ៊ុយ​ក្រែ​ន ទ័ពអាកាស​ប៉ូឡូញ​នឹងធ្វើ​ទំនើបកម្ម​ឡើងវិញ ដោយ​ប្រើប្រាស់​យន្តហោះ​ចម្បាំង FA-50 របស់​កូរ៉េខាងត្បូង និង​​ក្រោយមក​គឺ F-35 ទិញ​ពី​សហរដ្ឋ​អាម៉េរិក៕

Advertisement