រុស្ស៊ី​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​ដល់​ពី​ឡុ​ត​ពីររូប​ក្នុង​ហេតុការណ៍​ធ្លាក់ UAV អាម៉េរិក​នៅ​សមុទ្រ​ខ្មៅ

យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី បាច់​ប្រេង​សំដៅ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាម៉េរិក

ក្រសួងការពារជាតិ​រុស្ស៊ី Shoigu បានប្រគល់​រង្វាន់​ថ្នាក់ជាតិ​ដល់​ពី​ឡុ​តរបស់ Su-29 ព្រោះតែ​បាន «ទប់ស្កាត់​សកម្មភាព​បំពាន​របស់ UAV អាម៉េរិក»។

«រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី Sergei Shoigu បានប្រគល់​រង្វាន់​ថ្នាក់ជាតិ​ដល់​អ្នកបើកបរ​យន្តហោះ​ចម្បាំង Su-29 ពីរ​នាក់ ជា​មនុស្ស​ដែល​បាន​រារាំង​យន្តហោះ​គ្មាន​មនុស្ស​បើកបរ (UAV) MQ-9 របស់​អាម៉េរិក​ដែល​បំពាន​ចូល​តំបន់​បិទ​ខ្ទប់​នៅក្នុង​យុទ្ធនាការ​នៅ​អ៊ុយ​ក្រែ​ន» ក្រសួងការពារជាតិ​រុស្ស៊ី​ប្រកាស​នា​ថ្ងៃនេះ​ដូច្នេះ។

សេចក្ដីប្រកាស​នេះ​មិនបាន​ឱ្យដឹង​អំពី​អត្តសញ្ញាណ ក៏ដូចជា​រង្វាន់​ជាក់លាក់​ដែល​ពី​ឡុ​ត​ទាំងនេះ​ទទួលបាន​នោះទេ។

កងទ័ព​រុស្ស៊ី​ក៏បាន​អះអាងថា ព្រំដែន​នៃ​តំបន់​ដែល​ត្រូវបាន​បិទ​ខ្ទប់​នេះ​ត្រូវបាន​ជូនដំណឹង​ដល់​គ្រប់​ប្រទេស​តាំងពី​មុន​រួចហើយ និង​គោរព​តាម​គោលការណ៍​អន្តរជាតិ។

ទាក់ទិន​នឹង​ហេតុការណ៍​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី 14 មីនា បញ្ជាការដ្ឋាន​កងទ័ព​ប្រចាំ​អឺរ៉ុប​របស់​អាម៉េរិក មុន​នោះបាន​ឱ្យដឹងថា យន្តហោះ​ចម្បាំង Su-27 ពីរ​គ្រឿង​របស់​រុស្ស៊ី បាន​ហោះ​មក​ក្បែរ ហោះ​កាត់មុខ និង​បាញ់​ប្រេងសាំង​ទៅលើ UAV MQ-9 Reaper នៅលើ​តំបន់​សមុទ្រ​អន្តរជាតិ​កាលពី​ថ្ងៃទី 14 មីនា មុនពេល​យន្តហោះ Su-27 មួយគ្រឿង​ផ្សេងទៀត​ប៉ះទង្គិច​លើ​ស្លាប​កង្ហារ​របស់ UAV បង្ខំ​ឱ្យ​ទ័ពអាកាស​អាម៉េរិក​ទ​ម្លា​ក់ UAV ចូលក្នុង​សមុទ្រ។

វីដេអូ​បង្ហាញ​ពី​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី ហោះ​កៀក​នឹង UAV របស់​អាម៉េរិក

ចំណែក​មន្ទីរ​បញ្ច​កោណ​និយាយថា MQ-9 ពេលនោះ​កំពុង​ឈ្លបយកការណ៍​ដូច​ធម្មតា។ អាម៉េរិក​ប្រើប្រាស់ MQ-9 សម្រាប់​សកម្មភាព​ឈ្លបយកការណ៍ និង​វាយប្រហារ​គោលដៅ​លើដី។ យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​តែង​ហោះ​លើ​សមុទ្រ​ខ្មៅ​ដើម្បី​តាមដាន​កងទ័ព​រុស្ស៊ី។

ក្រុមមន្ត្រី​រុស្ស៊ី​បាន​ច្រានចោល​ការចោទប្រកាន់​ពី​អាម៉េរិក និង​យល់ថា UAV របស់​អាម៉េរិក​ផ្លាស់ប្ដូរ​ទិសដៅ​រហ័ស និង​ធ្លា​ក់ដោយ​ឯកឯង​នៅពេល​បាត់បង់​ការគ្រប់គ្រង។ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អាម៉េរិក Anatoly Antonov អះអាងថា MQ-9 កំពុង​ប្រមូល​ទិន្នន័យ​ដើម្បី​បញ្ជូនទៅឱ្យ​អ៊ុយ​ក្រែ​ន មុនពេល​ត្រូវ​ធ្លាក់។

វីដេអូ​បង្ហាញ​ពី​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី បាច់​ប្រេង​សំដៅ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អាម៉េរិក

នេះ​គឺជា​ការប៉ះទង្គិច​ផ្ទាល់​ជា​លើកដំបូង​រវាង​កងក​ម្លាំ​ង​រុស្ស៊ី និង​អាម៉េរិក រាប់​ចាប់តាំងពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះឡើង​កាលពី​ខែកុម្ភៈ​ឆ្នាំ​កន្លង។ ហេតុការណ៍​នេះ​មិនបាន​ធ្វើឱ្យមាន​ការប្រឈមមុខ​ដាក់គ្នា​នៅ​កន្លែង​ជាក់ស្ដែង​បន្ទាប់​ទៀត​នោះទេ ប៉ុន្តែ​វា​ធ្វើឱ្យ​ទ័ពអាកាស​អាម៉េរិក​ខាតបង់​អស់យ៉ាង​តិច 30 លាន​ដុល្លារ​អាម៉េរិក នៅពេល MQ-9 Reaper បាន​បាត់​ខ្លួន​ទាំងស្រុង​ពី​អាកាស៕

Advertisement