Author: សឿន សំណាង

  • តារាចម្រៀង​និម្មិត Hatsune Miku រកប្រាក់​​ចំណូល​បាន​រាប់សិប​លាន​ដុល្លារ​អាម៉េរិក​/ឆ្នាំ

    តារាចម្រៀង​និម្មិត Hatsune Miku រកប្រាក់​​ចំណូល​បាន​រាប់សិប​លាន​ដុល្លារ​អាម៉េរិក​/ឆ្នាំ

    Hatsune Miku ដែលជា​តារាចម្រៀង​និម្មិត​លំដាប់​កំពូល​របស់​ពិភពលោក ធ្លាប់​បើកឆាក​ប្រគំ​តន្ត្រី​របស់ Lady Gaga និង​ធ្វើជា​តារា​ម៉ូ​ដែល​ឱ្យ Louis Vuitton រកប្រាក់​ចំណូល​បាន​ជាង 35 លាន​ដុល្លារ​អាម៉េរិក​ជា​រៀងរាល់ឆ្នាំ។

    ទំព័រ​បណ្ដាញ​សង្គម​របស់ Hatsune Miku កាលពី​ថ្ងៃទី 17 មីនា 2023 បានប្រកាសថា នាង​នឹង​ប្រារព្ធ​កម្មវិធី​ប្រគំ​តន្ត្រី​តាម​អន​ឡាញ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំនេះ ក្នុងនោះ​ក៏​នឹងមាន​បទ Imaginary Love Story រួម​នឹង​ផលិតករ​ចម្រៀង​ជនជាតិ​អាម៉េរិក Synthion។

    ទំព័រ Asagei អះអាងថា ក្នុង​រយៈពេល 16 ឆ្នាំក្រោយ​ការបង្ហាញ​ខ្លួន Hatsune Miku «នៅតែ​ជា​ក្មេងស្រី​ជំទង់​ដដែល» និង​នៅមាន​ភាព​ទាក់ទាញ​ដូច​ថ្ងៃដំបូង។ មិនមែនជា​តារាចម្រៀង​និម្មិត​ដំបូង​គេ ប៉ុន្តែ Miku គឺជា​ឈ្មោះ​ដែល​លេចធ្លោ​ជាងគេ។ នាង​គឺជា​ផលិតផល​បច្ចេកវិទ្យារ​បស់ Crypton Future Media ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2007។ Hatsune Miku ត្រូវបាន​ប្រឌិត​ឡើងជា​ក្មេងស្រី​ជំទង់​អាយុ 16 ឆ្នាំ មាន​កម្ពស់ 1.58 ម៉ែត្រ និង​ទម្ងន់ 42 គីឡូក្រាម ព្រមទាំង​មាន​ភ្នែកមូលៗ និង​មាន​សក់​ពណ៌​ខៀវខ្ចី​វែង​អន្លាយ។ សំឡេង​ច្រៀង​របស់​នាង​ត្រូវបាន​ក្រុមហ៊ុន​អភិវឌ្ឍឡើយ​​ដោយយោង​ទៅតាម​សំឡេង​របស់​តារាចម្រៀង Saki Fujita រួមផ្សំ​ជាមួយនឹង​កម្មវិធី​សំឡេង Vocaldoid។

    Hatsune Miku ទទួល​បានការ​សាទរ​យ៉ាងខ្លាំង និង​មាន​វត្តមាន​នៅក្នុង​បណ្ដា​ភាពយន្ត​ជីវ​ច​ល និង​ជួយ​ឱ្យ​ក្រុមហ៊ុន​ផលិត​របស់​លេង​នានា​រកប្រាក់​ចំណូល​បាន​ច្រើនជាង​មុន។ យោងតាម Itmedia គិត​ត្រឹម​ថ្ងៃទី 12 កញ្ញា 2007 Miku រកចំណូលបាន 57.5 លាន​យេន (439,784 ដុល្លារ​អាម៉េរិក) និង​បាន​ក្លាយជា​តារាចម្រៀង​និម្មិត​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​លើ​លោ​កនា​សម័យ​នោះ។ ចាប់ពី​ខែសីហា 2008 ដល់​ខែមីនា 2012 Hatsune Miku រកបាន​ជាង 10 ពាន់​​លាន (10,000,000,000) យេន (120 លាន​ដុល្លារ​អាម៉េរិក​ ឆ្នាំ​ 2012) នេះ​បើតាម​វិទ្យាស្ថាន​ស្រាវជ្រាវ Nomura។

    មកដល់​បច្ចុប្បន្ន តារាចម្រៀង​និម្មិត Hatsune Miku មាន​ចម្រៀង​ជាង 100,000 បទ​នៅក្នុង​ដៃ ក្នុងនោះ​មាន​តាំងពី​ចង្វាក់ ប៉ប់ និង EDM។ល។ Hatsune Miku ធ្វើ​សកម្មភាព​ជាច្រើន​ក្នុង​វិស័យ​សិល្បៈ រួមមាន ច្រៀង​លើ​ឆាក​តន្ត្រី​អន​ឡាញ ច្រៀង​លើ​ឆាក​ផ្ទាល់ លក់​​ថាស​ចម្រៀង និង​ធ្វើ​ជា​តំណាង​ផលិតផល​ជាដើម។ នាង​ក៏​ចូលរួម​ក្នុង​វិស័យ​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ផងដែរ។

    យោងតាម Paper នាង Hatsune Miku មាន​អ្នកគាំទ្រ​រាប់សិប​លាន​នាក់​នៅ​ទូទាំង​ពិភពលោក និង​រក​ចំណូល​បាន​ប្រហែល 35.35 លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ ស្មើនឹង​ប្រាក់ចំណូល​របស់​កំពូល​តារាចម្រៀង​មួយចំនួន​នៅ​ប្រទេស​ចិន៕

  • អាម៉េរិក​អំពាវនាវ​ដ​ល់​សមាជិក​តុលាការ ICC អនុវត្ត​ដីកាចាប់ខ្លួន​លោក ពូ​ទីន

    អាម៉េរិក​អំពាវនាវ​ដ​ល់​សមាជិក​តុលាការ ICC អនុវត្ត​ដីកាចាប់ខ្លួន​លោក ពូ​ទីន

    រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក លោក Antony Blinken បាន​អំពាវនាវ​សូម​ឱ្យ​​គ្រប់​សមាជិក ICC គោរព​តាម​ដីកា​ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ​បាន​បញ្ជា​ឱ្យ​ចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន។

    ក្នុង​សវនាការ​នៅ​សភា​ជាន់ខ្ពស់​អាម៉េរិក​កាលពី​ថ្ងៃទី 22 មីនា តំណាងរាស្ត្រ Lindsey Graham បាន​សួរ​លោក Blinken ថា តើ​វ៉ា​ស៊ី​ង​តោន​នឹង​ចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី ឬទេ បើសិន​លោក ពូ​ទីន មកកាន់​ទឹកដី​អាម៉េរិក។

    «ដូចដែល​អស់លោក​បាន​ដឹង​ហើយ យើង​មិនមែនជា​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ដូច្នេះ​ខ្ញុំ​មិន​ចង់​និយាយ​ដល់​សេណារីយោ​នោះ» លោក Blinken ឆ្លើយ​ដូច្នេះ និង​បន្តថា «ខ្ញុំ​ក៏​មិន​គិតថា លោក ពូ​ទីន មាន​គម្រោង​មកកាន់​សហរដ្ឋ​អាម៉េរិកឆាប់ៗនេះ»។

     

    លោក Graham បន្ត​សួរថា លោក Blinken «លើកទឹកចិត្ត​ឱ្យ​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប​បញ្ជូន​ខ្លួន​ប្រធានាធិបតី​រុស្ស៊ី ទៅឱ្យ​តុលាការ ឬ​អត់»។ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​ក៏​សង្កត់ធ្ងន់ថា «ខ្ញុំ​គិតថា រាល់​សមាជិក ICC សុទ្ធតែ​ត្រូវអនុវត្ត​កាតព្វកិច្ច​របស់ខ្លួន»។

    ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងស្នងសិទ្ធិកុមាររុស្ស៊ី លោកស្រី Maria Lvova-Belova ជួបពិភាក្សាគ្នាកាលពីថ្ងៃទី 16 កុម្ភៈ

    កាលពី​ថ្ងៃទី 17 មីនា 2023 តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) បានចេញ​ដីកាចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​ស្នងការ​របស់​ប្រធានាធិបតី​រុស្ស៊ី​ទទួលបន្ទុក​សិទ្ធិ​កុមារ Maria Lvova-Belova ក្រោម​បទ​ចោទថា «នាំ​កុមារ​អ៊ុយ​ក្រែ​ន​ទៅកាន់​រុស្ស៊ី​ដោយ​មិន​ស្របច្បាប់»។ ICC យល់ថា សកម្មភាព​ខាងលើ​របស់​រុស្ស៊ី​ត្រូវបាន​ធ្វើឡើង​បន្ទាប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះឡើង។

    យោងតាម​ការសម្រេចចិត្ត​របស់ ICC លោក ពូ​ទីន «ទទួលខុសត្រូវ​ដោយផ្ទាល់​នៅពេល​ធ្វើ​សកម្មភាព» ក៏ដូចជា «មិនបាន​គ្រប់គ្រង ឬ​អនុញ្ញាតឱ្យ​ស្ថាប័ន​ស៊ីវិល ឬ​យោធា​ក្រោម​ឱវាទ​ប្រព្រឹត្ត​អំពើ​នេះ»៕

  • ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ចិន Neta នាំចេញ 3,600 គ្រឿង​ទៅកាន់​ទីផ្សារ​ថៃ

    ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ចិន Neta នាំចេញ 3,600 គ្រឿង​ទៅកាន់​ទីផ្សារ​ថៃ

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន Neta Automobile កំពុង​នាំចេញ​រថយន្ត​អគ្គិសនី​រាប់ពាន់​គ្រឿង​ទៅកាន់​ទីផ្សារ​ថៃ នៅក្នុង​ការប្រឹងប្រែង​វាយលុក​តំបន់​អាស៊ីអាគ្នេយ៍។

    នៅ​ថ្ងៃទី 21 មីនា រថយន្ត​អគ្គិសនី Neta V ចំនួន 3,600 គ្រឿង ត្រូវបាន​ដឹកជញ្ជូន​ពី​កំពង់ផែ Nansha របស់​ប្រទេស​ចិន ទៅកាន់​ប្រទេស​ថៃ។ នេះ​គឺជា​ទំនិញ​នាំចេញ​ធំ​បំផុត​សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​ដែល​បាន​បង្កើតឡើង​នៅ​ប្រទេស​ចិន។

    ក្រុមហ៊ុន Neta ឱ្យដឹងថា រថយន្ត Neta V ជាង 2,000 គ្រឿង​ត្រូវបាន​លក់​នៅ​ប្រទេស​ថៃ និង​ឈរ​លំដាប់​ទី​ពីរ​ក្នុងចំណោម​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដែល​បាន​ចុះឈ្មោះ​ផ្លាកលេខ​ក្នុង​ពីរ​ខែជាប់ៗគ្នា​នៅ​ប្រទេស​នេះ។

     

    Neta បានបង្ហាញ​រថយន្ត​អគ្គិសនី Neta V ចង្កូត​ស្ដាំ​នៅ​ប្រទេស​ថៃ កាលពី​ថ្ងៃទី 24 សីហា 2022 ហើយ​នេះ​គឺជា​ម៉ូ​ដែល​ដំបូង​របស់​ពួកគេ​ដែល​ត្រូវបាន​ដាក់លក់​ក្នុង​ទីផ្សារ​ឡាន​ចង្កូត​ស្ដាំ​មួយ​នេះ។

    ក្រុមហ៊ុន​នេះ​បានឱ្យដឹងថា ពួកគេ​មាន​ហាង​លក់​រថយន្ត​ដែល​ទទួលបាន​សិទ្ធិ​ចែកចាយ​ចំនួន 30 នៅ​ទូទាំងប្រទេស​ថៃ គិត​ត្រឹម​ចុងឆ្នាំ 2022។ រថយន្ត​អគ្គិសនី​របស់ Neta ពីរ​ម៉ូ​ដែល​គឺ Neta U និង Neta V មាន​វត្តមាន​ច្រើន​នៅ​អាស៊ីអាគ្នេយ៍ អាស៊ី​ខាងត្បូង និង​មជ្ឈិមបូព៌ា។ ក្រុមហ៊ុន Neta ក៏មាន​ការិយាល័យ​តំណាង​មួយ​នៅ​អឺរ៉ុប​ផងដែរ។

    នេះ​គឺជា​ទំនិញ​នាំចេញ​ធំ​បំផុត​សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​ដែល​បាន​បង្កើតឡើង​នៅ​ប្រទេស​ចិន

    កាលពី​ថ្ងៃទី 10 មីនា Neta បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​មួយ​នៅ​ប្រទេស​ថៃ ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​សម្រាប់​ការនាំចេញ​ទៅកាន់​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍។ តាម​គម្រោង រោងចក្រ​នេះ​នឹង​ចាប់ផ្ដើម​ការផលិត​នៅ​ដើមឆ្នាំ 2024 ហើយ​គ្រោង​នឹង​ផលិត​បាន 20,000 គ្រឿង​ជា​រៀងរាល់ឆ្នាំ៕

  • Ronaldo ជិត​មានឱកាស​បំបែក​កំណត់ត្រា​ស្ដីពី​ចំនួន​ប្រកួត​លក្ខណៈ​អន្តរជាតិ

    Ronaldo ជិត​មានឱកាស​បំបែក​កំណត់ត្រា​ស្ដីពី​ចំនួន​ប្រកួត​លក្ខណៈ​អន្តរជាតិ

    (ព័រទុយហ្កាល់) – Cristiano Ronaldo នឹង​ក្ដោប​ក្ដាប់​តំណែង​កីឡាករ​ដែល​ប្រកួត​លក្ខណៈ​អន្តរជាតិ​បាន​​ច្រើនជាងគេ​បំផុត បើសិន​ទាត់​ឱ្យ​ព័រទុយហ្កាល់​ក្នុង​ប្រកួត​ដំបូងនៅ​វគ្គ​ជម្រុះ Euro 2024 នា​ថ្ងៃនេះ។

    Ronaldo លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​បាន 196 ប្រកួត។ ខ្សែប្រយុទ្ធ​វ័យ 38 ឆ្នាំ​រូបនេះ និង​កីឡាករ​ជម្រើសជាតិ​កូ​វ៉ែត Badr Al-Mutawa គឺជា​កីឡាករ​ដែល​បាន​ប្រកួត​លក្ខណៈ​អន្តរជាតិ​ច្រើនជាងគេ​បំផុត។ បើសិនជា​បាន​ចូលរួម​លេង​ក្នុងការ​ប្រកួត​រវាង​ព័រទុយហ្កាល់ និង លិច​តិ​ន​ស្តា​ញ (Liechtenstein) នៅ​ថ្ងៃទី 23 មីនា​នេះ Ronaldo នឹង​បំបែក​កំណត់ត្រា​ស្ដីពី «កីឡាករ​ប្រកួត​លក្ខណៈ​អន្តរជាតិ​បាន​ច្រើនជាងគេ​បំផុត»។

    ការ​ប៉ះ​នឹង​លិច​តិ​ន​ស្តា​ញ​ក៏​ជាការ​ប្រកួត​ដំបូង​របស់​ព័រទុយហ្កាល់​នៅ​វគ្គ​ជម្រុះ Euro 2024។ បី​ថ្ងៃ​ក្រោយមកទៀត ក្នុង​ជើង​ទី​ពីរ ព័រទុយហ្កាល់​នឹងធ្វើ​ជា​ភ្ញៀវ​នៅលើ​វាលស្មៅ​របស់​គូប្រកួត​លំដាប់ «ល្អិត» មួយ​ផ្សេងទៀត គឺ លុច​សំបួ។

     

    Ronaldo បង្ហាញខ្លួន​ក្នុង​ក្រុម​ជម្រើសជាតិ​កាលពី​អាយុ 18 ឆ្នាំ នៅពេល​ចូល​ទាត់​ជំនួស Luis Figo ក្នុងការ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​របស់​កា​ហ្សា​ក់​ស្ថាន។ ក្នុងការ​ប្រកួត​លើក​ទី 8 ដែល​ប៉ះ​នឹង​ក្រិ​ក Ronaldo ស៊ុត​បញ្ចូល​ទី​ជា​លើកដំបូង​សម្រាប់​​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ។

    កាលពី​ខែកញ្ញា 2022 បន្ទាប់ពី​​ស៊ុត​បញ្ចូល​ទី​របស់​អៀរ​ឡង់​បាន​ពីរ​គ្រាប់ Ronaldo ក៏បាន​យកឈ្នះ​លើ Ali Daei ដើម្បី​ក្លាយជា​កីឡាករ​ដែល​ទាត់​បញ្ចូល​ទី​បាន​ច្រើនជាងគេ​បំផុត​លើ​ឆាក​អន្តរជាតិ។ CR7 កំពុង​កាន់កាប់ 118 គ្រាប់​សម្រាប់​ក្រុម​ជម្រើសជាតិ ច្រើនជាង​ឆ្ងាយ​ធៀប​នឹង 109 គ្រាប់​របស់ Ali Daei ​អតីត​ខ្សែប្រយុទ្ធ​របស់​អ៊ីរ៉ាក់។

    Al-Mutawa ​បង្កើតបាន​កំណត់ត្រា 196 ប្រកួត​លក្ខណៈ​អន្តរជាតិ​នៅក្នុង​ការប្រកួត​ដែល​កូ​វ៉ែត​ចាញ់​ហ្ស៊​កដា​នី 0-3 នៅ​វគ្គ​ជម្រុះ Asian Cup 2023 កាលពី​ខែមិថុនា 2022។ ខ្សែប្រយុទ្ធ​វ័យ 37 ឆ្នាំ​រូបនេះ រកបាន 56 គ្រាប់​ជូន​ក្រុម​ជម្រើសជាតិ​កូ​វ៉ែត។

    ត្រលប់​មកកាន់​រឿង Ronaldo វិញ គ្រូបង្វឹក Roberto Martinez របស់​ព័រទុយហ្កាល់ នៅតែ​ចាត់ទុក Ronaldo ថា​ជា​ផ្នែក​មួយ​នៃ​គម្រោង​ឆ្ពោះទៅកាន់ Euro 2024 និង World Cup 2026។ ប្រការនេះ​មានន័យថា CR7 មានឱកាស​បំបែក​កំណត់ត្រា​ខាងលើ។ កាលពី​ថ្ងៃទី 20 មីនា 2023 Ronaldo ក៏បាន​ត្រលប់​ទៅកាន់​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​ហើយ​ដែរ៕

  • បាតុភូត «សូរ្យគ្រាស​កូនកាត់» ដ៏​កម្រ​នឹង​កើតឡើងឆាប់ៗនេះ

    បាតុភូត «សូរ្យគ្រាស​កូនកាត់» ដ៏​កម្រ​នឹង​កើតឡើងឆាប់ៗនេះ

    បាតុភូត​សូរ្យគ្រាស​មួយផ្នែក សូរ្យគ្រាស​ពេញលេញ និង​សូរ្យគ្រាស​រាង​ចិញ្ចៀន​ដ៏​កម្រ នឹង​កើតឡើង​ក្នុង​​ថ្ងៃទី 20 មេសា 2023 ​ខាងមុខ។

    នៅ​ថ្ងៃទី 20 មេសា 2023 ប្រជាជន​ដែល​ស្ថិតនៅក្នុង​តំបន់​ភ្លឺ​ក្នុង​វីដេអូ​នេះ អាច​មើលឃើញ​បាតុភូត​សូរ្យគ្រាស​កូនកាត់​ដ៏​កម្រ​កើតមាន អាស្រ័យ​លើ​អាកាសធាតុ។

    បាតុភូត​សូរ្យគ្រាស​កូនកាត់​គឺជា​ព្រឹត្តិការណ៍​ដែល​កើតឡើង​ពី​ការរួម​ផ្សំ​រវាង​បាតុភូត​សូរ្យគ្រាស​មួយផ្នែក សូរ្យគ្រាស​ទាំងស្រុង និង​សូរ្យគ្រាស​រាង​ចិញ្ចៀន។ ក៏ប៉ុន្តែ គ្រប់គ្នា​មិនអាច​មើលឃើញ​បាតុភូត​ទាំងនេះ​ក្នុងពេល​តែមួយ​ឡើង។

     

    សូរ្យគ្រាស​ដែលមាន​រូបរាង​ដូច​ចិញ្ចៀន​កើតឡើង​នៅពេល​ព្រះ​ចន្ទ​គោចរ​ឆ្លងកាត់​តំបន់​ក​ន្លោះ​​ផែនដី និង​ព្រះអាទិត្យ ប៉ុន្តែ​គម្លាត​នេះ​មិន​ជិត​គ្រប់គ្រាន់ ដូច្នេះ​ក៏​មិន​​​បាំង​ព្រះអាទិត្យ​ទាំងស្រុង​បាន ដោយ​បន្សល់ទុក​រង្វង់​មូល​ស្ដើង​នៅលើ​ព្រះអាទិត្យ ដែល​អ្នកវិទ្យាសាស្ត្រ​ហៅថា «រង្វង់​ភ្លើង»។

    ចំណែក​សូរ្យគ្រាស​ពេញលេញ (ទាំង​ស្រុង) ​វិញ កើតឡើង​នៅពេល​ព្រះអាទិត្យ​ទាំងមូល​ត្រូវបាន​បិទបាំង​ដោយ​ព្រះ​ចន្ទ។ សូរ្យគ្រាស​ពេញលេញ​អាច​មើលឃើញ​ពី​តំបន់ Exmouth របស់​អូស្ត្រាលី (1នាទី), ទី​ម័​រ​ខាងកើត (1នាទី និង 14 វិនាទី), Papua ខាងលិច​របស់​ឥណ្ឌូណេស៊ី (1នាទី​និង 9 វិនាទី)។

    បាតុភូត «សូរ្យគ្រាស​កូនកាត់» ដ៏​កម្រ​នឹង​កើតឡើងក្នុង​​ថ្ងៃទី 20 មេសា 2023 ​ខាងមុខ

    បាតុភូត​សូរ្យគ្រាស​នឹង​ប្រែ​ពី​រូបរាង​ចិញ្ចៀន​ទៅជា​សូរ្យគ្រាស​ពេញលេញ ហើយ​វិល​ទៅ​រក​ពីរ​ចំណុច​ជាក់​លាក់ ប៉ុន្តែ​ សុទ្ធ​តែ​ស្ថិត​នៅ​តំបន់​ឆ្ងាយៗ​លើ​សមុទ្រ​។

    សូរ្យគ្រាស​កូនកាត់​គឺជា​ប្រភេទ​សូរ្យគ្រាស​ដែល​កម្រ​នឹង​កើតឡើង ដោយ​វា​បង្ហាញខ្លួន​តែ​ប៉ុន្មាន​ដង​ប៉ុណ្ណោះ​នៅក្នុង​មួយ​សតវត្សរ៍ និង​ត្រូវបាន​ចាត់ទុកថា​ជា​បាតុភូតធម្មជាតិដ៏​អស្ចារ្យ​បំផុត៕

  • អ្នកវិទ្យាសាស្ត្រ​រកឃើញ RNA និង​វីតាមីន B3 លើ​អាចម៍ផ្កាយ​ក្បែរ​ផែនដី

    អ្នកវិទ្យាសាស្ត្រ​រកឃើញ RNA និង​វីតាមីន B3 លើ​អាចម៍ផ្កាយ​ក្បែរ​ផែនដី

    បណ្ដា​ម៉ូលេគុល​សរីរាង្គ​ត្រូវបាន​រកឃើញ​ក្នុង​សំណាក​ដី​ដែល​យក​ពី​អាចម៍ផ្កាយ Ryugu ដោយ​យានអវកាស របស់​ប្រទេស​ជប៉ុន។

    ក្រុម​អ្នកស្រាវជ្រាវ​បាន​វិភាគ​ទៅលើ​សំណាក​ដី​របស់​អាចម៍ផ្កាយ Ryugu ដែល​យាន Hayabusa2 របស់​ទីភ្នាក់ងារ​អវកាស​ជប៉ុន​ប្រមូលបាន និង​រកឃើញ uracil ដែលជា​ឯក​តា​មួយ​ក្នុងចំណោម​ឯក​តា​ព័ត៌មាន​ដែល​បង្កើតបានជា RNA ជា​ម៉ូលេគុល​ផ្ទុក​ការបញ្ជាក់​អំពី​វិធី​កកើត និង​សកម្មភាព​របស់​សត្វមានជីវិត។

    ក្រៅពី​របកគំហើញ​ខាងលើ នៅក្នុង​សំណាក​ដដែល​នោះ អ្នកវិទ្យាសាស្ត្រ​ក៏​រកឃើញ​អាស៊ីត nicotinic ឬ​ហៅថា niacin ឬ​វីតាមីន B3 ដែលជា​កត្តា​សំខាន់​ចំពោះ​ការរំលាយ​អាហារ​របស់​សត្វមានជីវិត។

    ការរកឃើញ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ ដែល​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ Yasuhiro Oba នៅ​សាកលវិទ្យាល័យ Hokkaido បានផ្ដល់​ភស្ដុតាង​បន្ថែម​ស្ដីពី​រចនាសម្ព័ន្ធ​ជីវិត​នៅក្នុង​ទី​អវកាស ដែល​ពួកវា​អាច​ជាប់​នៅលើ​អាចម៍ផ្កាយ និង​ធ្លាក់​មកកាន់​ផែនដី។ របកគំហើញ​នេះ​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី 13 មីនា នៅលើ​ទស្សនាវដ្ដី Nature Communications។

    Ryugu គឺជា​អាចម៍ផ្កាយ​ដែល​សម្បូរ​កាបូន និង​មាន​រូបរាង​ស្រដៀង​ត្បូង​ពេជ្រ មាន​ទទឹង​មួយ​គីឡូម៉ែត្រ។ Hayabusa2 គឺជា​បេសកកម្ម​ដំបូង​ដែល​បាន​នាំ​សំណាក់​ដី​ពី​ខាងក្រោម​ស្រទាប​លើ​របស់​អាចម៍ផ្កាយ ត្រលប់​មកកាន់​ផែនដី៕

  • Ronaldo ទទួលបាន​ពានរង្វាន់​បន្ថែមទៀត​នៅ Saudi League

    Ronaldo ទទួលបាន​ពានរង្វាន់​បន្ថែមទៀត​នៅ Saudi League

    (អា​រ៉ា​ប៊ី​សា​អូឌីត) – ការ​ស៊ុត​បាល់​ពិន័យ​របស់ Cristiano Rolando ពី​ចំណុច 30 ម៉ែត្រ ចូល​ទី Abaha ត្រូវបាន​ជ្រើសរើស​ជា​គ្រាប់​បាល់​ស្អាត​បំផុត​នៅ​វគ្គ 21 របស់​ពានរង្វាន់​បាល់ទាត់ Saudi League កាលពី​ថ្ងៃទី 21 មីនា 2023។

    គ្រាប់​បាល់​ខាងលើ​របស់ CR7 ទទួលបាន​សំឡេងឆ្នោត​គាំទ្រ 54.6% នៅលើ​គេហទំព័រ​របស់ Saudi League ខ្ពស់​ជាងគេ​បង្អស់​នៅក្នុង​តារាង​ជ្រើសរើស។ ខ្សែបម្រើ Igor Coronado (Al Ittihad) ឈរ​លំដាប់​លេខ​ពីរ​ដោយ​ទទួលបាន​សំឡេងគាំទ្រ 30% ខណៈដែល​គ្រាប់​បាល់​របស់ Salem Al-Dawsari (Al Hilal) ទទួលបាន 15.4% ត្រូវ​ជាប់​លេខ​បី។

    នេះ​គឺជា​គ្រាប់​បាល់​ទី 9 របស់ Ronaldo ក្រោយ 8 ប្រកួត​នៅ Saudi League និង​ជា​គ្រាប់​បាល់​ទី​ពីរ​ដែល​ជួយ​ឱ្យ CR7 ទទួលបាន​ពានរង្វាន់​គ្រាប់​បាល់​ស្អាត​បំផុត​នៅ​វគ្គ​ដំបូង។ លើកដំបូង​ដែល CR7 ធ្វើបាន​ដូច្នេះ​គឺ​នៅ​គ្រាប់​បាល់​ដែល​ជួយ​ឱ្យ Al Nassr នាំមុខ Damac 2-0 នៅ​វគ្គ 18 កាលពី​ព្រលប់​ថ្ងៃទី 25 កុម្ភៈ ដោយ​ទទួលបាន​សំឡេងគាំទ្រ 78% នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស។

    គ្រាប់​បាល់​ទី 9 របស់ Ronaldo កាលពី​ព្រលប់​ថ្ងៃទី 18 មីនា បាន​ជួយ​ឱ្យ Al Nassr ស្មើ Abha 1-1 មុនពេល​ខ្សែប្រយុទ្ធ Anderson Talisca ស៊ុត​ចូល​មួយ​គ្រាប់ ជួយ​ឱ្យ Al Nassr ឈ្នះ 2-1។

    ចាប់តាំងពី​បានមក​លេង​ឱ្យ Al Nassr កំពូល​តារាបាល់ទាត់​ព័រទុយហ្កាល់​បានទទួល​ពានរង្វាន់​បុគ្គល​ជាច្រើន មានដូចជា «កីឡាករ​ឆ្នើម​បំផុត» នៅ​វគ្គ 16 និង 18 រួម​នឹង​ប្រចាំខែ​កុម្ភៈ នៅ Saudi League។ Ronaldo ក៏​ត្រូវបាន​សហព័ន្ធ​បាល់ទាត់​អាស៊ី (AFC) ជ្រើសរើស​ជា​កីឡាករ​ឆ្នើម​បំផុត​ក្នុង​ខែកុម្ភៈ​ប្រចាំ​តំបន់​អាស៊ី​ខាងលិច កាលពី​ថ្ងៃទី 06 មីនា។ សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) ក៏​ធ្លាប់បាន​សរសើរ Ronaldo ថា «អាយុ​គ្រាន់តែ​ជា​តួលេខ» បន្ទាប់ពី​កីឡាករ​វ័យ 38 ឆ្នាំ​រូបនេះ​ស៊ុត​បញ្ចូល​ទី​ជា​បន្តបន្ទាប់​ឱ្យ​ក្លឹប Al Nassr។

    បច្ចុប្បន្ន CR7 កំពុង​ឈរ​លំដាប់​ទី 6 ក្នុង​បញ្ជី​ចំណាត់ថ្នាក់​កីឡាករ​ដែល​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​នៅ Saudi League តិចជាង​លំដាប់​លេខ​មួយ​របស់ Hamdallah (ក្លឹប Al-Ittihad) ចំនួន 6 គ្រាប់។ រដូវ​កាល​នេះ​នៅសល់ 9 វគ្គ​ទៀត ដូច្នេះ Ronaldo នៅមាន​ឱកាស​នាំមុខគេ​នាពេលខាងមុខ។ CR7 ធ្លាប់បាន​ក្លាយជា​ស្ដេច​កម្ទេច​​ទី​នៅ លី​គ​កំពូល​អង់គ្លេស (English Premier League) រដូវ​កាល 2007-2008, La Liga 2010-2011, 2013-2014, 2014-2015, និង Serie A 2020-2021។ ក្រៅពីនេះ គាត់​ក៏​កាន់កាប់​កំណត់ត្រា​ស្ដេច​កម្ទេច​ ​ទី Champions League ចំនួន 7 លើក​ផងដែរ។

    https://www.youtube.com/watch?v=C7ZCBNdoh1M

    គ្រាប់​បាល់​ទី 9 របស់ Ronaldo កាលពី​ព្រលប់​ថ្ងៃទី 18 មីនា បាន​ជួយ​ឱ្យ Al Nassr ស្មើ Abha 1-1 មុនពេល​ខ្សែប្រយុទ្ធ Anderson Talisca ស៊ុត​ចូល​មួយ​គ្រាប់ ជួយ​ឱ្យ Al Nassr ឈ្នះ 2-1

    នៅក្នុង​ការប្រកួត​បន្ទា​ប់ ក្លឹប Al Nassr របស់ Ronaldo នឹង​ធ្វើជា​ភ្ញៀវ​នៅឯ​កីឡដ្ឋាន​របស់​ក្រុម​បាត​ពូ​ល Al Adalah នា​ព្រលប់​ថ្ងៃទី 04 មេសា ក្នុង​វគ្គ 21 របស់ Saudi League៕

  • ប្រទេស​ចិន​ដាក់​បណ្ដែត​ទឹក​កប៉ាល់ដើរ​ដោយ​​អ៊ីដ្រូសែន-លី​ចូ​ម

    ប្រទេស​ចិន​ដាក់​បណ្ដែត​ទឹក​កប៉ាល់ដើរ​ដោយ​​អ៊ីដ្រូសែន-លី​ចូ​ម

    កប៉ាល់​សេវាកម្ម​ដំបូង​របស់​ប្រទេស​ចិនដែល​​ដំណើរការ​ដោយ​ថ្ម​ផ្ទុក​ថាមពល​អ៊ី​ដ្រ​សែន-លី​ចូ​ម 500 kW កាលពី​ថ្ងៃទី 20 មីនា ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​នៅ​ទីក្រុង Zhongshan ខេត្ត Guangdong។

    ជលយាន​ដែល​ត្រូវបាន​ហៅថា កប៉ាល់ Three Gorges hydrogen ship No.1 នេះ ប្រើប្រាស់​ប្រព័ន្ធ​ថ្ម​ផ្ទុក​ឥន្ធនៈ​អ៊ីដ្រូសែន និង​ថ្ម​ផ្ទុក​អគ្គិសនី​លី​ចូ​ម​ផលិត​ក្នុងស្រុក។ វា​គឺជា​ជំហាន​ថ្មី និង​សំខាន់​មួយទៀត​សម្រាប់​វិស័យ​សាងសង់​កប៉ាល់​ដើរ​ដោយ​ថាមពល​ថ្មី​របស់​ប្រទេស​ចិន ជាការ​បើកផ្លូវ​ឱ្យ​មាន​​ការប្រើប្រាស់​បច្ចេកវិទ្យា​អ៊ីដ្រូសែន​សម្រាប់​កប៉ាល់​ក្នុងស្រុក។

    ដោយមាន​កម្លាំង 500 kW កប៉ាល់​នេះ​អាចធ្វើ​ដំណើរ​បាន 200 គីឡូម៉ែត្រ និង​ល្បឿន 28 គីឡូម៉ែត្រ/ម៉ោង។ កប៉ាល់​នេះ​សមស្រប​សម្រាប់​ការរក្សា​ភាព​ស្អា​តនៃ​បរិស្ថាន ដោយវា​ប្រើប្រាស់​ថាមពល​តិច និង​មិនសូវមាន​សំឡេង​រំខាន​ដូច​កប៉ាល់​ដំណើរការ​ដោយ​ប្រេងម៉ាស៊ូត និង​ប្រេងសាំង។

    កប៉ាល់ Three Gorges hydrogen ship No.1 នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ដឹកជញ្ជូន ល្បាត និង​បំពេញភារកិច្ច​បន្ទាន់​នៅក្នុង​តំបន់​បឹង​ស្តុក​ទឹក Three Gorges (Sanxia)។

    ក្រុមហ៊ុន​សាងសង់​កប៉ាល់​រដ្ឋ​ចិន (CSSC) និង​ក្រុមហ៊ុន​អគ្គិសនី​ចិន Yangtze Power គឺជា​អ្នក​សាងសង់​កប៉ាល់​នេះ​ នៅ​ក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន Chana Three Gorges (CTG) និង​បានចាប់ផ្ដើម​ការសាងសង់​កាលពី​ខែឧសភា 2022។

    ប្រទេស​ចិន​កំពុងមាន​វឌ្ឍនភាព​យ៉ាងខ្លាំង​ក្លា និង​ឆាប់​រហ័ស ទាក់ទង​នឹង​ការសាងសង់​កប៉ាល់​ដែល​ប្រើប្រាស់​ថាមពល​អ៊ីដ្រូសែន។ ទីផ្សារ​ថ្ម​ផ្ទុក​ថាមពល​អ៊ីដ្រូសែន​ក្នុងស្រុក​ត្រូវបាន​ព្យាករ​ថា​អាច​សម្រេចបាន​ជាង 10 ពាន់​លាន​យុន ប្រហែល​នឹង 1.45 ពាន់​លាន​ដុល្លារ​អាម៉េរិក។ នេះ​ក៏​ព្រោះតែ​ប្រទេស​ចិន​មាន​គោលនយោបាយ​ជំរុញ លើកទឹកចិត្ត​ដល់​ការផលិត និង​ប្រើប្រាស់​កប៉ាល់​ដើរ​ដោយ​ថាមពល​កកើត​ឡើងវិញ ក្នុង​បំណង​កាត់បន្ថយ​ការ​បំ​ភាយ​​កាបូន​ដែលជា​ឧស្ម័ន​ធ្វើឱ្យ​ផែនដី​ឡើងក​ម្ដៅ៕

  • គ្រូបង្វឹក​ក្រុម​អា​ហ្ស​ង់​ទីន​បង្ហើប​ពី​រឿង​អនាគត​របស់ Lionel Messi

    គ្រូបង្វឹក​ក្រុម​អា​ហ្ស​ង់​ទីន​បង្ហើប​ពី​រឿង​អនាគត​របស់ Lionel Messi

    គ្រូបង្វឹក Lionel Scaloni បាន​បង្ហើប​ព័ត៌មានខ្លះៗស្ដីពី​អនាគត​របស់ Lionel Messi នៅក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ប៉ា​ណា​ម៉ា និង គូ​រ៉ា​កាវ (Curacao)។

    ថ្មីៗនេះ គ្រូបង្វឹក Lionel Scaloni បន្ត​រម្លឹក​ដល់​អនាគត​របស់ Messi នៅក្នុង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន បន្ទាប់ពី​ដណ្ដើមបាន​ជើងឯក World Cup 2022 នៅ​កាតា។ ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​រវាង ប៉ា​ណា​ម៉ា និង​គូ​រ៉ា​កាវ គ្រូបង្វឹក​វ័យ 44 ឆ្នាំ​បានឱ្យដឹងថា «Messi ប្រាកដជា​តែងតែ​នៅទីនេះ និង​រហូតដល់​គាត់​ចង់​ចាកចេញ​ដោយ​ខ្លួនឯង។ ប្រាកដ​ណាស់ Messi នឹង​បន្ត​នៅ​ជាមួយ​ពួកយើង»។

    «គាត់​មាន​ក្ដី​សុខ​ពេល​បាន​នៅលើ​វាលស្មៅ និង​ក្នុង​ពណ៌​អាវ​របស់​ប្រទេសជាតិ។ ប្រការ​នោះ​នឹង​ល្អ​បំផុត​សម្រាប់​ពួកយើង ហើយ​បើ​ផ្ទុយ​ពីនេះ ខ្ញុំ​នឹង​ព្យាយាម​បញ្ចុះបញ្ចូល​គាត់»។

     

    Messi និង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន បាន​ជួបជុំគ្នា​ជា​ផ្លូវការ​នៅ​ដើម​សប្ដាហ៍​នេះ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​ពីរ​ប្រកួត។

    Messi ទទួល​បានការ​អបអរ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​អ្នក​គាំទ្រ​នៅ​ពេល​គាត់​ត្រលប់​ទៅ​ដល់​ប្រទេស​អាហ្សង់ទីន

    ក្រុម​អា​ហ្ស​ង់​ទីន​នឹង​ប៉ះ​ក្រុម​ប៉ា​ណា​ម៉ា​នៅ​ម៉ោង 07 ព្រឹក ថ្ងៃទី 24 មីនា (ម៉ោង​នៅ​កម្ពុជា)។ បួន​ថ្ងៃ​ក្រោយមក ពួកគេ​នឹង​ប្រកួត​ជាមួយ​គូ​រ៉ា​កាវ​នៅ​កីឡដ្ឋាន Madre de Ciudades របស់​អា​ហ្ស​ង់​ទីន៕

  • ក្រុមហ៊ុន​ផលិត​រថយន្ត Ford បញ្ចេញ​រថយន្ត Explorer កំណែ​អគ្គិសនី

    ក្រុមហ៊ុន​ផលិត​រថយន្ត Ford បញ្ចេញ​រថយន្ត Explorer កំណែ​អគ្គិសនី

    ក្រុមហ៊ុន Ford បាន​បង្ហើប​ឱ្យដឹង​អំពី Ford Explorer ដែល​ដំណើរ​ដោយ​អគ្គិសនី​ទាំងស្រុង ហើយ​វា​គឺជា​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ទី​បី​របស់​ក្រុមហ៊ុន​នេះ។

    រថយន្ត​ដែល​ត្រូវបាន​ផលិត​នៅ​ប្រទេស​អាល្លឺម៉ង់​នេះ​ត្រូវបាន​អធិប្បាយ​ថា​ជា​រថយន្ត​ដែលមាន​ការរួម​ផ្សំ​រវាង «បច្ចេកទេស​អាល្លឺម៉ង់ និង​ស្ទីល​អាម៉េរិក»។

    Ford ប្រកាសថា Explorer បញ្ចូល​ថាមពល​ថ្ម​ក្នុង​ល្បឿន​ពី 10 ដល់ 80% ក្នុង​រយៈពេល 25 នាទី នៅពេល​ប្រើ​ឆ្នាំង​សាក​រហ័ស DC។ រថយន្ត​នេះ​នឹង​អាច​ប្រើប្រាស់​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​ចំនួន 500,000 កន្លែង​នៅ​អឺរ៉ុប ចាប់ពី​ឆ្នាំក្រោយ។

     

    ចំណែក​ចម្ងាយ​ផ្លូវ​ដែល Explorer អាច​បរបាន នឹងត្រូវ​បានប្រកាស​នា​ពេលខាងមុខ ហើយ​អតិថិជន​អាច​បញ្ជា​ទិញ​ជាមុន​ចាប់ពី​ចុងឆ្នាំ​នេះ (សម្រាប់​តំបន់​អឺរ៉ុប)។ Ford Explorer មាន​ពីរ​កំណែ​គឺ Explorer និង Explorer Premium។ តាម​ការគ្រោងទុក វា​នឹងមាន​តម្លៃ​ក្រោម 73,000 ដុល្លារ​អាម៉េរិក។

    Ford Explorer

    ក្រុមហ៊ុន Ford កន្លងមក​បាន​សន្យាថា នឹង​លក់​តែ​រថយន្ត​អគ្គិសនី​ប៉ុណ្ណោះ​នៅ​តំបន់​អឺរ៉ុប ចាប់ពី​ឆ្នាំ 2030 ដើម្បី​ចូលរួម​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ទូទាំង​សកលលោក៕