Author: សឿន សំណាង

  • អាចម៍ផ្កាយ 50 ម៉ែត្រ​អាច​នឹង​ហោះ​មក​បុក​ផែនដី​នាពេលខាងមុខ

    អាចម៍ផ្កាយ 50 ម៉ែត្រ​អាច​នឹង​ហោះ​មក​បុក​ផែនដី​នាពេលខាងមុខ

    អាចម៍ផ្កាយ​ដែលមាន​ឈ្មោះថា 2023 DW អាច​ប៉ះ​ទ​ង្គិ​ត​នឹង​ផែនដី​នៅក្នុង​ខែកុម្ភៈ ឆ្នាំ 2046 បើទោះជា​មាន​ហានិភ័យ​ទាប។

    អាចម៍ផ្កាយ​មួយ​ដែល​ទើបតែ​ត្រូវបាន​រកឃើញ និង​ដាក់ឈ្មោះ​ឱ្យ​ថា 2023 DW អាច​ហោះ​មក​ក្បែរ​ផែនដី​បំផុត​នៅក្នុង​រយៈពេល​ជាង 20 ឆ្នាំ​ទៀត។ ហានិភ័យ​ដែល​អាចម៍ផ្កាយ​នេះ​អាច​ហោះ​មក​បុក​ផែនដី​គឺ 1/600 នេះ​បើតាម​ណា​សា។ ថ្វីបើ​នោះ​គឺជា​ហានិភ័យ​ខ្ពស់ជាង​កម្រិត​មធ្យម ប៉ុន្តែ​ណា​សា​សង្កត់ធ្ងន់ថា នោះ​គឺជា​កម្រិត​ទាប។

    អាចម៍ផ្កាយ 2023 DW ដែល​ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី 27 កុម្ភៈ 2023 មាន​អង្កត់ផ្ចិត 50 ម៉ែត្រ ស្មើនឹង​ប្រវែង​បណ្ដោយ​របស់​អាង​ហែល​ទឹក​អូឡាំពិក។ 2023 DW នឹង​ហោះ​កាត់​ពីមុខ​ផែនដី​នៅ​ថ្ងៃទី 14 កុម្ភៈ 2046។ គិត​ត្រឹម​ថ្ងៃទី 08 មីនា 2023 អ្នកវិទ្យាសាស្ត្រ​ព្យាករ​ថា ហានិភ័យ​នៃ​ការប៉ះទង្គិច​ស្ថិតក្នុង​កម្រិត 1/625។

     

    អាចម៍ផ្កាយ 2023 DW នឹងមិន​បង្កឱ្យមាន​មហន្តរាយ​ធំធេង​ដូច​ទៅនឹង​ករណី​ធ្លាក់​អាចម៍ផ្កាយ​ដែល​បាន​ផ្ដាច់​ពូជ​ដាយ​ណឺ​ស័​រកា​លពី 66 លាន​ឆ្នាំមុន​នោះទេ ប៉ុន្តែ​នឹង​អាច​បង្ក​គ្រោះថ្នាក់​ធំ​បើសិន​ធ្លាក់ចំ ឬ​ក្បែរ​ទីក្រុង។

    បើទោះជា​ករណី​ប៉ះ​ទ​ង្គិ​ត​ជាមួយ​អាចម៍ផ្កាយ 2023 DW មាន​ហានិភ័យ​ទាប ប៉ុន្តែ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ក៏​កំពុងតែ «ដុតដៃដុតជើង» អភិវឌ្ឍ​វិធីសាស្ត្រ​ការពារ​ផែនដី​ពី​ដុំថ្ម​អវកាស៕

  • ដណ្ដើមបាន​ជើងឯក​នៅ Merlion Cup ក្រុម U-22 ម៉ាឡេស៊ី «គំរាម​ផ្លូវចិត្ត» ដល់ក្រុម​នានា​របស់​ SEA Games នៅ​កម្ពុជា

    ដណ្ដើមបាន​ជើងឯក​នៅ Merlion Cup ក្រុម U-22 ម៉ាឡេស៊ី «គំរាម​ផ្លូវចិត្ត» ដល់ក្រុម​នានា​របស់​ SEA Games នៅ​កម្ពុជា

    ក្រុមបាល់ទាត់​ជម្រើសជាតិវ័យ​ក្រោម​ 22 ឆ្នាំរបស់​ម៉ាឡេស៊ី (U-22 ម៉ាឡេស៊ី) បាន​យកឈ្នះ​លើ​ក្រុម​ហុងកុង និង​ដណ្ដើមបាន​ពានរង្វាន់​មិត្តភាព​អន្តរជាតិ Merlion Cup នៅមុន​ពេល SEA Games 32 មកដល់។

    នៅសល់តែ​ជិត​មួយខែ​ទៀត​ប៉ុណ្ណោះ ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ SEA Games 32 នឹង​ចាប់ផ្ដើម​ធ្វើឡើង ​ជា​ផ្លូវ​ការ​​នៅ​កម្ពុជា។ បច្ចុប្បន្ន ក្រុមបាល់ទាត់​ជម្រើសជាតិ U-22 នានា​នៅក្នុង​តំបន់​កំពុងតែ​ញាប់ដៃ​ញាប់ជើង​ត្រៀមខ្លួន​ដើម្បី​អាច​ដណ្ដើមបាន​ជ័យ​ជ​ន្នះ​នៅក្នុង​វិញ្ញាសា​បាល់ទាត់​បុរស​នៅ SEA Games 32។

    ក្នុង​គ្រា​ដែល U-23 ថៃ និង U-23 វៀតណាម​កំពុង​ប្រជែង​គ្នា​នៅឯ​ពានរង្វាន់​មិត្តភាព​អន្តរជាតិ U-23 Doha Cup 2023 គេ​ឃើញថា U-22 ម៉ាឡេស៊ី​ក៏​ចូលរួម​ប្រកួត​នៅឯ​ពានរង្វាន់ Merlion Cup 2023។ ពានរង្វាន់ Merlion Cup 2023 មាន​បួន​ក្រុម​ចូលរួម រួមមាន U-22 កម្ពុជា, U-22 ហុងកុង, U-22 ម៉ាឡេស៊ី និង​ក្រុម​ម្ចាស់ផ្ទះ U-22 សិង្ហ​បុរី។

     

    ខាងលើនេះ​គឺជា​ពានរង្វាន់​ដែល​ត្រូវបាន​ចាត់ទុកថា​សំខាន់​នៅ​​មុន​ព្រឹត្តិការណ៍ SEA Games 32 ចូលមក​ដល់។ នៅឯ​ពានរង្វាន់ Merlion ក្រុម U-22 ម៉ាឡេស៊ី​បានបង្ហាញ​សមត្ថភាព​ដ៏​លេចធ្លោ​របស់ខ្លួន។ ក្រោយពី​បាន​ផ្ដួល​កម្ពុជា​ដោយ​លទ្ធផល 4-2 ក្រុម U-22 ម៉ាឡេស៊ី​ក៏បាន​ប៉ះ​នឹង U-22 ហុងកុង។

    ក្នុងការ​ប្រកួត U-22 ម៉ាឡេស៊ី រកបាន​ពីរ​គ្រាប់​នៅក្នុង​តង់​ទី​ពីរ ខណៈដែល U-22 ហុងកុង​រកបាន​មួយ​គ្រាប់។ ចប់​ការប្រកួត U-22 ម៉ាឡេស៊ី​ឈ្នះ​ក្នុង​លទ្ធផល 2-1 និង​ដណ្ដើមបាន​តំណែង​ជើងឯក​នៃ​ពានរង្វាន់​មិត្តភាព អន្តរ​ជាតិ​ Merlion Cup 2023។

    ជ័យជម្នះ​ខាងលើ​របស់ U-22 ម៉ាឡេស៊ី គឺជា​ការព្រមាន​ដល់​បណ្ដា​ក្រុម​ជម្រើសជាតិ​ដែល​នឹងចូលរួម​ប្រកួត​​ បាល់​ទាត់​នៅ​ SEA Games 32 ដែល​នឹង​ត្រូវ​បាន​រៀប​ចំឡើង​នៅ​កម្ពុជា​នាពេលខាងមុខ៕

  • សាលា​អនុវិទ្យាល័យ​​ដែលមាន​សិស្ស​តែ​ម្នាក់​គត់​នៅ​ប្រទេស​ជប៉ុន

    សាលា​អនុវិទ្យាល័យ​​ដែលមាន​សិស្ស​តែ​ម្នាក់​គត់​នៅ​ប្រទេស​ជប៉ុន

    សាលា​អនុវិទ្យាល័យ Oteshima នៅលើ​កោះ Oteshima ឆ្នាំនេះ​បាន​ប្រារព្ធ​ពិធី​ប្រគល់​សញ្ញាបត្រ​បញ្ចប់​ការសិក្សា​ពិសេស ដោយសារតែ​សាលារៀន​នេះ​មាន​សិស្ស​តែ​ម្នាក់​គត់​ដែល​បានបញ្ចប់​ការសិក្សា។

    «គ្រប់យ៉ាង​កើតឡើង​យ៉ាង​ឆាប់រហ័ស។ ប្អូន​សូម​អរគុណ​នៅពេលដែល​​ទទួលបាន​បទពិសោធន៍​នៅ​សាលារៀន​ដោយមាន​ការជួយជ្រោមជ្រែង​របស់​លោកគ្រូ​អ្នកគ្រូ គ្រួសារ និង​ប្រជាជន​នៅលើ​កោះ» Mainichi កាលពី​ថ្ងៃទី 25 មីនា ដកស្រង់​សម្ដី​របស់ Akino Imanaka អាយុ 15 ឆ្នាំ ឱ្យដឹង​ដូច្នេះ​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​បញ្ចប់​ការសិក្សា​នៅ​សាលា​អនុវិទ្យាល័យ Oteshima កោះ Oteshima ខេត្ត Kagawa។

    កោះ Oteshima មាន​ទំហំ 0.6 គីឡូម៉ែត្រ​ក្រឡា និង​មាន​ចម្ងាយ​ពី​ឆ្នេរសមុទ្រ​ខេត្ត Kagawa 15 គីឡូម៉ែត្រ​ទៅ​ទិស​​ខាង​លិច គឺជា​កន្លែង​រស់នៅ​រប​ស់​ប្រជាជន​ចំនួន 34 នាក់ ដែល​ភាគច្រើន​គឺជា​អ្នកនេសាទ​។ ក្នុង​រយៈពេល 9 ឆ្នាំ​កន្លង Imanaka គឺជា​សិស្ស​តែ​ម្នាក់​គត់​ដែល​ទៅ​រៀន​នៅ​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​នៅលើ​កោះ​នេះ។

     

    កោះ Oteshima កំពុង​ប្រឈម​នឹង​បញ្ហា​ប្រជាជន​វ័យចាស់។ Imanaka ក៏​ជា​ពលរដ្ឋ​តែមួយ​រូប​គត់​ដែលមាន​អាយុ​ក្រោម 18 ឆ្នាំ។

    ក្នុងការ​សិក្សា សាលា Oteshima បានរៀបចំ​ឱ្យមាន​គ្រូបង្រៀន​ចំនួន​ប្រាំ​នាក់​ដែល​ត្រូវ​ប្ដូរ​វេន​គ្នា​ដើរតួ​ជា​សិស្ស​ដើម្បីឱ្យ Imanaka អាច​ពិភាក្សា​ជាមួយ «មិត្ត​រួម​ថ្នាក់»។ Imanaka ក៏ត្រូវ​បានអនុញ្ញាត​ឱ្យ​ទៅ​សាលា​អនុវិទ្យាល័យ​មួយ​ផ្សេងទៀត​នៅឯ​ដីគោក​មួយ​សប្ដាហ៍/ម្ដង ទៅតាម​កម្មវិធី​ផ្លាស់ប្ដូរ​ការសិក្សា។

    Imanaka ក៏​ទទួលបាន​ឱកាស​ដើម្បី​ចូលរួម​សកម្មភាព​បណ្ដុះបណ្ដាល​នានា។ កាលពី​ខែមិថុនា 2022 មនុស្ស​ជាង 60 នាក់​បានមក​កាន់​កោះ​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​កីឡា។ កូនសិស្ស​រូបនេះ​ក៏បាន​ចូលរួម​ប្រកួត​កាយសម្ព័ន្ធ រត់​ប្រណាំង​បណ្ដាក់​គ្នា រាំ និង​ទាញព្រ័ត្រ។

    «ប្អូន​តែងមាន​តែម្នាក់ឯង ដូច្នេះ​ពេលខ្លះ​មាន​អារម្មណ៍​ថា ឯកា។ ប៉ុន្តែ តួនាទី​ជា​ប្រធាន​សមាគម​សិស្ស​បាន​ជួយ​ឱ្យ​ប្អូន​មានឱកាស​ទៅធ្វើ​ទស្សនកិច្ច​តំបន់​ជាច្រើន ក្នុងនាម​ជា​តំណាង​សាលា។ ពេលវេលា​កន្លងទៅ​គឺជា​បទពិសោធន៍​ដ៏​គួរឱ្យ​ពេញចិត្ត» Imanaka និយាយ​ដូច្នេះ។

    នាយក​សាលា Oteshima អាយុ 58 ឆ្នាំ បាន​រៀបរាប់​អំពី​សិស្ស​របស់ខ្លួន​ថា «ក្នុង​បី​ឆ្នាំ​កន្លង Imanaka បាន​សិក្សា​រៀនសូត្រ​យ៉ាង​យកចិត្តទុកដាក់ និង​បានបង្ហាញ​ពី​ការរីកចម្រើន​ដ៏​គួរឱ្យភ្ញាក់ផ្អើល»។

    សាលា Oteshima ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 1914។ ឆ្នាំ 1964 សាលារៀន​នេះ​ធ្លាប់មាន​សិស្ស​ចំនួន 91 នាក់​ដែល​រៀន​ថ្នាក់បឋមសិក្សា និង​អនុវិទ្យាល័យ ប៉ុន្តែ​ក៏បាន​ចាប់ផ្ដើម​ថយចុះ​ជា​បន្តបន្ទាប់។ ឆ្នាំ 2013 Oteshima ត្រូវ​បិទទ្វារ​សាលា​អនុវិទ្យាល័យ នៅពេល​បងស្រី​របស់ Imanaka បានបញ្ចប់​ការសិក្សា ប៉ុន្តែ​ក៏បាន​បើក​ឡើងវិញ​នៅ 7 ឆ្នាំ​ក្រោយមក នៅពេល Imanaka រៀន​ដល់​អនុវិទ្យាល័យ។

    សាលា Oteshima នឹង​ត្រូវបាន​បិទទ្វារជា​ថ្មី​​ភ្លាមៗ បន្ទាប់ពី Imanaka រៀន​ចប់​កម្រិត​អនុវិទ្យាល័យ។ យោងតាម​ក្រសួង​អប់រំ​ជប៉ុន សាលា​ជាង 1,000 កន្លែង​​ក្នុងចំណោម​សាលា​អនុវិទ្យាល័យ​ទាំង 12,000 កន្លែង​របស់​ប្រទេស​នេះ សុទ្ធ​តែ​មាន​សិស្ស​តិចជាង 50 នាក់​នៅ​ឆ្នាំ 2022។

    ខែក្រោយ Imanaka នឹង​ទៅ​រស់នៅ​ជាមួយ​បងស្រី និង​បងថ្លៃ ដើម្បី​បាន​បន្ត​ការសិក្សា​ថ្នាក់​វិទ្យាល័យ​នៅឯ​ដីគោក​ក្នុង​ខេត្ត Kagawa។ Imanaka ឱ្យដឹងថា អនាគត​នាង​ចង់​​ធ្វើការ​ក្នុង​វិស័យ​អប់រំ ឬ​សុខមាលភាព​សង្គម។

    ពិធី​ប្រគល់​សញ្ញាបត្រ​បញ្ចប់​ការសិក្សា​ខាងលើ​របស់ Imanaka មាន​មនុស្សចូលរួម​ប្រហែល 50 នាក់​។ ពេល​អាន​សុន្ទរកថា Imanaka មិនអាច​ទប់ទឹក​ភ្នែក​បាន។ «ប្អូន​សប្បាយរីករាយ​ខ្លាំងណាស់​នៅពេល​បានកើត​នៅ Oteshima» Imanaka ថ្លែង​ដូច្នេះ និង​បន្តថា «ដោយមាន​អនុស្សាវរីយ៍​ជាមួយ​នឹង​​​កោះ​ក្នុង​បេះដូង​មួយនេះ ប្អូន​នឹង​ចាប់ផ្ដើម​ដំណើរ​ថ្មី​រួម​ជាមួយនឹង​ឆ​ន្ទះមោះមុត និង​មោទកភាព»៕

  • ដើម​ប្រេងខ្យល់​អាច «​ស្រូប​មាស» ​ពី​ក្នុង​ដី​ឡើង​មកលើ​ស្លឹក

    ដើម​ប្រេងខ្យល់​អាច «​ស្រូប​មាស» ​ពី​ក្នុង​ដី​ឡើង​មកលើ​ស្លឹក

    ក្រុម​អ្នកវិទ្យាសាស្ត្រ​ធ្លាប់បាន​ប្រកាសថា បាន​រកឃើញថា ដើម​ប្រេងខ្យល់ ដែល​ដុះ​នៅលើ​តំបន់​មាន​រ៉ែ​មាស ឫស​របស់​វា​ចាក់​ជ្រៅ​រាប់សិប​ម៉ែត្រទៅ​​ក្រោម​ដី និង​អាច​ប៉ះ​នឹង​ភាគល្អិត​របស់​មាស ហើយ​ស្រូបយក​ធាតុ​ដែលមាន​តម្លៃ​នេះ​ឡើងមក​កាន់​ស្លឹក​របស់​វា។

    អ្នកប្រមាញ់​មាស​អាច​គ្រាន់តែ​ត្រូវការ «ការផ្ដល់​ដំណឹង» ពី​ដើម​ប្រេងខ្យល់ (Eucalyptus) បើសិនជា​ចង់​រកឃើញ​មាស​នៅក្រោម​ដី។ មូលហេតុ​គឺថា ឫស​របស់​រុក្ខជាតិ​មួយ​ប្រភេទ​នេះ​អាច​ចាក់​ជ្រៅ​ទៅ​ដល់ទី​ដែលមាន​ធាតុ​មាស និង​អាច​នាំ​ធាតុនេះ​​ឡើងមក​កាន់​​ស្លឹក។ នេះ​បើតាម Science ចុះផ្សាយ​កាលពី​ថ្ងៃទី 24 មីនា 2023។

    ក្នុង​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​អង្គការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​អូស្ត្រាលី (CSIRO) ដែល​បាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Nature Communications ឆ្នាំ 2013 ស្ដីពី​ការប្រើប្រាស់​វិធីសាស្ត្រ​ពិនិត្យ​សំណាក​រុក្ខជាតិ​ដើម្បី​ស្វែងរក​រ៉ែ​ក្រោម​ដី ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​បណ្ដា​រុក្ខជាតិ​ដែលមាន​ផ្ទុក​ធាតុ​​មាស​នៅ​ប្រទេស​អូស្ត្រាលី។ ការស្រាវជ្រាវ​នេះ​បាន​បញ្ជាក់ថា មាស​អាច​ត្រូវបាន​ឫស​របស់​រុក្ខជាតិ​ស្រូប​ឡើងមក​កាន់​ស្លឹក។

     

    ជាក់ស្ដែង ក្រុម​អ្នកវិទ្យាសាស្ត្រ​កាលណោះ​បាន​ទៅកាន់អណ្ដូង​រ៉ែ​មាស​ Freddo Gold Prospect នៅ​ភាគ​ខាងជើង​តំបន់ Kalgoorlie នៃ​ភាគ​ខាងលិច​របស់​ប្រទេស​អូស្ត្រាលី ដើម្បី​ស្វែងរក​ភស្ដុ​ស​តាង។ នៅ​ខាងលើ​អណ្ដូងរ៉ែ​មាស​ដែល​នៅ​ជ្រៅ​ក្រោម​ដី គឺជា​ដើម​ប្រេងខ្យល់​ជាច្រើន​ដើម។ ស្លឹក មែក និង​សម្បក​របស់​រុក្ខជាតិ​នេះ​មាន​ផ្ទុក​បរិ​មាណនៃ​ធាតុ​មាស (Au) យ៉ាងខ្ពស់។

    ដើមប្រេងខ្យល់

    ការរកឃើញ​ខាងលើនេះ ក្រោយមក​ក៏ត្រូវ​បានបញ្ជាក់​ជាថ្មី​នៅក្នុង​ការពិសោធ​ក្នុងផ្ទះ​កញ្ចក់។ អ្នកស្រាវជ្រាវ​ដាំ​កូនឈើ​ប្រេងខ្យល់​ស្រុក​ក្នុង​ដី​​ខ្សាច់​លាយ​មាស។ បន្ទាប់មក អ្នកវិទ្យាសាស្ត្រ​ប្រើប្រាស់​មីក្រូ​ទស្សន៍​​អេ​ឡិច​ត្រុ​ង​​ដើម្បី​​ពិនិត្យ។ លទ្ធផល​បាន​បង្ហាញថា ស្លឹក​របស់​រុក្ខជាតិ​នេះ​ក៏មាន​ផ្ទុក​ធាតុ​មាស​ដូច​ទៅនឹង​ដើម​ប្រេងខ្យល់​នៅក្នុង​ព្រៃ។

    កាលពី​ឆ្នាំ 2019 ក្រុមហ៊ុន Marmota ក៏​ធ្លាប់​បាន​រកឃើញ​មាស​នៅ​អូស្ត្រាលី​ខាងត្បូង ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ពិនិត្យ​ស្លឹក​ប្រេង​ខ្យល់។ Marmota រកឃើញ​សរសៃ​មាស​កម្រាស 6 ម៉ែត្រ មាន​ផ្ទុក​មាស 3.4 ក្រាម/តោន​ដី ស្ថិតនៅ​ជម្រៅ 44 ម៉ែត្រ។ នោះ​គឺជា​របកគំហើញ​ដ៏​គួរឱ្យភ្ញាក់ផ្អើល៕

  • រកបាន​ពីរ​គ្រាប់​ឱ្យ​ព័រទុយហ្កាល់ Ronaldo ធ្វើឱ្យ​កំណត់ត្រា​របស់ខ្លួន​កាន់តែ​ឃើញច្បាស់

    រកបាន​ពីរ​គ្រាប់​ឱ្យ​ព័រទុយហ្កាល់ Ronaldo ធ្វើឱ្យ​កំណត់ត្រា​របស់ខ្លួន​កាន់តែ​ឃើញច្បាស់

    នៅពេល​ស៊ុត​បញ្ចូល​ទី​របស់​លុច​សំបួ​បាន​ពីរ​គ្រាប់ ជួយ​ឱ្យ​ព័រទុយហ្កាល់​ឈ្នះ 6-0 Cristiano Ronaldo បានធ្វើឱ្យ​កំណត់ត្រា​របស់ខ្លួន​កាន់តែ​លេចធ្លោ​មិន​ធ្លាប់មាន​នាពេល​កន្លង​នៅក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ពិភពលោក។

    ក្នុងការ​ប្រកួត​ជើង​ទី​ពីរ​នៃ​វគ្គ​ជម្រុះ​នៅ​ពានរង្វាន់ Euro 2024 ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រទុយហ្កាល់​បន្ត​យកឈ្នះ​យ៉ាង​ធំធេង​នៅពេល​ផ្ដួល​លុច​សំបួ​ក្នុង​លទ្ធផល 6-0 ក្នុងនោះ Ronaldo រួមចំណែក​បាន​ពីរ​គ្រាប់។ ការ​ទាត់​បញ្ចូល​ទី​គូប្រជែង​របស់​កំពូល​តា​រា​បាល់ទាត់​វ័យ 38 ឆ្នាំ​រូបនេះ ​គឺជា​ចំណុច​លេចធ្លោ​ជាងគេ​នៅក្នុង​ការប្រកួត​លើក​នេះ។

    ជាង​នេះ ការ​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ខាងលើ​ក៏បាន​ជួយ​ឱ្យ CR7 បង្កើន​ភាពលេច​ធ្លោ​ដល់កំណត់​ត្រា​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។ ជាក់ស្ដែង Ronaldo បាន​ក្លាយជា​កីឡាករ​ដំបូង​គេ​ដែល​រកបាន​គ្រាប់​បាល់​ជូន​​ក្រុម​ជម្រើសជាតិ​ក្នុង​រយៈពេល 20 ឆ្នាំ​បន្តបន្ទាប់។

     

    សមិទ្ធផល​នេះ​បានចាប់ផ្ដើម​​មាន​រូប​រាង​តាំងពី​ឆ្នាំ 2004 នៅពេល CR7 រួមចំណែក 7 លើក​ក្នុងការ​ស៊ុត​បញ្ចូល​ទី​ជូន​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់។ ក្រោយមក ថ្វី​ជើង​បែប​នោះ​ក៏​​ត្រូវ Ronaldo រក្សាបាន​រហូតដល់​ប​ច្ចុ​ប្បន្ន។ រាប់​ពី​ដើមឆ្នាំ 2023 CR7 រកបាន​បួន​គ្រាប់ជូន​ក្រុម​ព័រទុយហ្កាល់ ក្រោយពី​ការប្រកួត​ពីរលើក​ជាមួយ លិច​តិ​ន​ស្តា​ញ (Liechtenstein) និង​លុច​សំបួ នៅ​វគ្គ​ជម្រុះ Euro 2024។

    https://www.youtube.com/watch?v=PnC-ayvCECQ

    មុនពេល​បង្កើត​បានកំណត់​ត្រា​ដ៏​គួរឱ្យ​ពេញចិត្ត​នេះ Ronaldo រួម​នឹង Robbie Keane គឺជា​កីឡាករ​ដែល​តែងតែ​រកបាន​គ្រាប់​បាល់​ជូន​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​ នៅ​ក្នុង​រយៈពេល 19 បន្តបន្ទាប់។ តួលេខ​នេះ​ចំពោះ Lionel Messi របស់​អា​ហ្ស​ង់​ទីន គឺ 18 ឆ្នាំ​បន្តបន្ទាប់៕

  • OPPO Find N2 Flip តម្លៃ $899 ស្មាតហ្វូនអេក្រង់បត់ដែលមានអេក្រង់ខាងក្រៅធំបំផុត 3.26” ស្ទើរតែមើលមិនឃើញស្នាមផ្នត់ ថាមពលថ្មធំ 4300mAh និងសាកថ្មបានលឿនបំផុត 44W SUPERVOOC™

    OPPO Find N2 Flip តម្លៃ $899 ស្មាតហ្វូនអេក្រង់បត់ដែលមានអេក្រង់ខាងក្រៅធំបំផុត 3.26” ស្ទើរតែមើលមិនឃើញស្នាមផ្នត់ ថាមពលថ្មធំ 4300mAh និងសាកថ្មបានលឿនបំផុត 44W SUPERVOOC™

    រំភើបដល់ហើយ! កាលពីរសៀលថ្ងៃទី25 មីនា 2023 OPPO ប្រចាំប្រទេសកម្ពុជាបានបើកបង្ហាញដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip យ៉ាងកក្រើកក្នុងផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល (Chip Mong 271 Mega Mall)។ បើក្រឡេកទៅមើលតារាកិត្តិយសដែលអញ្ចើញចូលរួមសុទ្ធតែជាស្ត្រីៗពោរពេញដោយសមត្ថភាពពិសេសៗរួមមាន ពិធីការិនីពូកែវហោស័ព្ទ DJ Nana, កីឡាការិនីល្បុក្កតោ​ អ៊ុំ សំថារ័ត្ន និងបវរកញ្ញា 5th Runner Up ក្នុងកម្មវិធី Miss Grand International 2022 ពិសេសជាទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO គឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី។

    ជាមួយបរិយាកាសដ៏រំភើបនិងសប្បាយរីករាយនេះគឺធ្វើឡើងក្នុងផ្សារទំនើប Chip Mong 271 Mega Mall ដោយឃើញមានការចូលរួមពីហ្វេនៗនិងអតិថិជនរបស់ OPPO ជាច្រើន។ រឹតតែពិសេសក្នុងកម្មវិធីនេះលើវេទិកាតារាកិត្តិយសទាំង 3 របស់ OPPO បានចែករំលែកពីភាពជោគជ័យក្នុងវិស័យរៀងៗខ្លួន រួមជាមួយនឹងបទពិសោធន៍ពីការប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip នាំឲ្យម្នាក់ៗផ្ចង់អារម្មណ៍ស្តាប់គ្រប់ៗគ្នាតែម្តង។

    យ៉ាងណាមិញ បើយោងតាមបទបង្ហាញរបស់លោក ឡៅ ខេងប៊ុង ជា Product Manager ប្រចាំក្រុមហ៊ុន OPPO បានឲ្យដឹងថាចំពោះស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មានលក្ខណៈសម្បត្តិល្អឥតខ្ចោះជាច្រើនដូចជា៖

    • អេក្រង់ខាងធំទូលាយ ៖ OPPO Find N2 Flip មានអេក្រង់ខាងក្រៅធំបំផុត 3.26Inch​ ជាប្រភេទ AMOLED ធំទូលាយឆ្លើយតបសាររហ័ស ងាយស្រួលប្រើប្រាស់ទាំងពេលអូសបញ្ជា ពេលសម្លឹងមើល ព្រមទាំងបំពាក់មកនូវមុខងារដ៏សម្បូរបែប ជាមួយនឹងរូបរាងតូចស្រស់ស្អាតងាយស្រួលកាន់ និងទុកដាក់ក្នុងហោប៉ៅ។
    • អេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់៖ នៅលើអេក្រង់ខាងមុខ OPPO Find N2 Flip មានភាពល្អឥតខ្ចោះទៅលើស្នាមផ្នត់នៃអេក្រង់គឺមានលក្ខណៈស្មើធេង ដែលមើលសឹងមិនឃើញនឹងភ្នែកទទេ ជាមួយអេក្រង់ទំហំ 8 Inch ជាប្រភេទ Foldable LTPO AMOLED 120Hz, HDR10+ ដែលបង្ហាញរូបភាពក្នុងកម្រិត 1080 x 2520 pixels គុណភាពច្បាស់ល្អខ្លាំងជាមួយកម្រិតពណ៌បែបធម្មជាតិភ្លឺដិតស្អាតក្នុងការទស្សនាវីដេអូ។
    • សមត្ថភាពកម្រិតកំពូល៖ OPPO Find N2 Flip ជាស្មាតហ្វូនអេក្រង់បត់ឈានដាច់គេបើធៀបជាមួយអេក្រង់បត់ដទៃ ដែលមានទំហំថ្ម 4300mAh និងគាំទ្របច្ចេកវិទ្យាសាកល្បឿនលឿនកម្លាំង 44W អាចសាកពី 0% ទៅ 50% ចាយពេលត្រឹមតែ 23 នាទីប៉ុណ្ណោះ។
    • កាមេរ៉ា៖ OPPO Find N2 Flip មានទំហំកាមេរ៉ាទំហំ 50MP ដែលជាសេន Sony IMX 890 មានសមត្ថភាពផលិតរូបភាពបានយ៉ាងល្អឥតខ្ចោះ ពណ៌ស្រស់បែបធម្មជាតិនិងផ្តល់ព័ត៌មានលម្អិតច្បាស់តែម្តង។ ហើយយើងក៏អាចបត់បញ្ឈរពី 45° ទៅ 110° សម្រាប់ការថតរូបដែលត្រូវការលំនឹងខ្លាំងដូចជា Long Exposer ឬ Timelape ជាដើម។ ចំណែកមួយទៀតជា Len Ultra-Wide ដែលមានទំហំ 8MP អាចផលិតរូបភាពប្លង់ទូលាយបានក្នុងកម្រិតមុំ 112°។ មួយវិញទៀតសម្រាប់ការថតរូបនេះដែរ វាក៏មានមុខងារ Dual View អាចឲ្យមនុស្សជាទីស្រលាញ់របស់អ្នកអាចមើលឃើញរូបតាម Cover Screen ទំហំ 26​ Inch ខាងក្រោយផងដែរ។ ដោយឡែកជាមួយនឹង NPU Marisilicon X ដែលបំពាក់នេះគឺវាជំនួយដល់ការថតវីដេអូនាពេលយប់បានល្អខ្លាំង ដែលវាបំពាក់មកជាមួយនឹងមុខងារ AI Noice Reduction ជួយកាត់គ្រាប់​ Noice រាល់ពេលថតរូបនៅពេលយប់។

    បន្ថែមពីនេះ ក្រៅពីសមត្ថភាពអស្ចារ្យទាំងនេះហើយ OPPO Find N2 Flip ក៏នៅមានមុខងារ និងលក្ខណៈពិសេសៗជាច្រើនទៀតដែលលោកអ្នកនឹងស្មានមិនដល់ផងដែរ។

    ស្របពេលជាមួយគ្នានេះ OPPO ដាក់បង្ហាញនូវកាសឥតខ្សែជំនាន់ថ្មី Enco Air3 តម្លៃ $39 កាសឥតខ្សែជំនាន់ថ្មីតូចស្រាលស្រួលពាក់ ពណ៌ស្អាតប្លែកទាក់ទាញ ជាមួយគម្របថ្លាដ៏ស៊ីវិល័យ និងអាចតភ្ជាប់បានរហ័សគ្រប់ទូរស័ព្ទ ជាមួយនឹងសំឡេងបាសពីរោះរណ្តំចិត្ត ជាពិសេសគឺថាមពលប្រើប្រាស់បានយូររហូតដល់ 25 ម៉ោងឯណ្ណោះ។

    ឥឡូវនេះ OPPO Find N2 Flip មានលក់ហើយក្នុងតម្លៃ $899 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ជាមួយនឹងការថែមជូនកាដូមានតម្លៃសរុបស្មើ $371 រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល 6ខែ តម្លៃ $298, កាសឥតខ្សែ Enco Buds2 (Limited Edition) និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។ គួរបញ្ជាក់ថា ការផ្តល់ជូនប័ណ្ណធានាអេក្រង់រយៈពេល 6ខែ និងស៊ីមស្មាតលេខពិសេសគិតចាប់ពីថ្ងៃទី 26 មីនា ដល់ 16 មេសា 2023 តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតអាចសាកសួរទៅកាន់ម្ចាស់ហាង ឬបុគ្គលិករបស់ OPPO ៕

     

  • សង្គ្រាម​តម្លៃ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ ឡើង​កម្ដៅ​ខ្លាំង​ពេល​ពិព័រណ៍ Bangkok Motor Show ចាប់ផ្ដើម

    សង្គ្រាម​តម្លៃ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ ឡើង​កម្ដៅ​ខ្លាំង​ពេល​ពិព័រណ៍ Bangkok Motor Show ចាប់ផ្ដើម

    សង្គ្រាម​តម្លៃ​រថយន្ត​អគ្គិសនី​បាន​រីក​រាលដាល​ដល់​ប្រទេស​ថៃ ក្នុងនោះ​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ចិន ជប៉ុន និង​កូរ៉េខាងត្បូង បញ្ចុះតម្លៃ​ខ្លាំង​សម្រាប់​បណ្ដា​ម៉ូ​ដែល​ថ្មី​ដែល​ពួកគេ​បង្ហាញ​នៅក្នុង​ពិព័រណ៍​រថយន្ត​អន្តរជាតិ​ប្រចាំឆ្នាំ​របស់​ប្រទេស​ថៃ​ដែល​បាន​សម្ពោធ​បើក​កាលពី​ថ្ងៃទី 22 មីនា 2023។

    នៅក្នុង​ពិព័រណ៍​ខាងលើ BYD បានបង្ហាញ​រថយន្ត​អគ្គិសនី​ប្រភេទ​ hatchback ថ្មី​តម្លៃ 23,457 ដុល្លារ​អាម៉េរិក ស្មើនឹង​ពាក់កណ្ដាល​នៃ​តម្លៃ​មធ្យម​នៅ​ទូទាំង​ពិភពលោក របស់​រថយន្ត​អគ្គិសនី​មួយគ្រឿង។ BYD ក៏​បាន​ប្រកាស​ចាប់ផ្ដើម​ទទួល​ការបញ្ជាទិញ​សម្រាប់​រថយន្ត BYD Dolphin នៅ​ប្រទេស​ថៃ។

    គូប្រជែង​នានា​នឹងត្រូវ​ធ្វើសង្គ្រាម​តម្លៃ​ ក៏ដូចជា​រយៈពេល​នៃ​ការប្រគល់​ទំនិញ ដើម្បី​ប្រកួត​ជាមួយនឹង BYD។ កាលពី​ខែកុម្ភៈ BYD បានប្រគល់ SUV Atto 3 គ្រឿង​ទី 10,000 នៅ​ប្រទេស​ថៃ។

     

    Tesla ចាប់ផ្ដើម​ប្រគល់​ទំនិញ​នៅ​ប្រទេស​ថៃ​ក្នុងពេល​ដំណាលគ្នា​នោះ ហើយក៏​បាន​បង្កើតឱ្យមាន​ការចាប់ផ្ដើម​នៃ​សង្គ្រាម​បញ្ចុះតម្លៃ​នៅតាម​បណ្ដា​ទីផ្សារ ដែល​នេះ​បាន​នាំមក​នូវ​ជោគជ័យ​ច្រើន​ដល់​ក្រុម​ហ៊ុន​អាម៉េរិក​មួយ​នេះ​។ ភ្លាមនោះ BYD ក៏​បញ្ចុះតម្លៃ​ជា​មធ្យម 1,299 ដុល្លារ។ Nissan និង Toyota របស់​ជប៉ុន តាម​ពីក្រោយ​ដោយ​ការបញ្ចុះ​តម្លៃ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ចិន។

    ពិព័រណ៍​រថយន្ត​អន្តរជាតិ​បាងកក 2023 (2023 Bangkok International Motor Show) បានចាប់ផ្ដើម​ជា​ផ្លូវការ​តាំង​ពី​ថ្ងៃទី 22 មីនា និង​អូស​បន្លាយ​​រហូតដល់​ថ្ងៃទី 02 មេសា 2023។ នេះ​គឺជា​ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត​ធំ និង​គួរ​ទុកចិត្ត​បំផុត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ពិព័រណ៍​នេះ​មាន​អាយុកាល 44 ឆ្នាំ​មកហើយ៕

  • ប្រធាន​ក្លឹប​បញ្ជាក់​ជា​ផ្លូវការ៖ អនាគត​របស់ Messi នៅ PSG ត្រូវបាន​លាតត្រដាង

    ប្រធាន​ក្លឹប​បញ្ជាក់​ជា​ផ្លូវការ៖ អនាគត​របស់ Messi នៅ PSG ត្រូវបាន​លាតត្រដាង

    ប្រធាន​ក្លឹប PSG Nasser Al Khelaifi ថ្មីៗនេះ​បាន​និយាយ​ដល់​រឿង​អនាគត​របស់ Lionel Messi ក្នុង​គ្រា​ដែល​ព័ត៌មាន​នេះ​ទទួលបាន​ចំណាប់អារម្មណ៍​ច្រើន​ពី​អ្នកគាំទ្រ។

    កិច្ចព្រមព្រៀង​រវាង Messi នឹង​ក្លឹប PSG នឹង​អស់​សុពលភាព​នៅត្រឹម​ខែមិថុនា​ខាងមុខ។ ការណ៍​ដែល​មិនទាន់​សម្រេច​លើ​ការពន្យារ​សុពលភាព​នៅ​ប៉ារីស បាន និង​កំពុង​ធ្វើឱ្យមាន​ដំណឹង​ចចាមអារ៉ាម​ជាច្រើន​ទាក់ទង​នឹង​អនាគត​របស់ Messi ក្នុង​នោះ​មាន​ព័ត៌មាន​ខ្លះ​ថា M10 បាន​គិត​ដល់​ការ​ចាក​ចេញ​ទៅ​រក Barcelona។

    បញ្ហា​ខាងលើ​ប្រហែលជា​បានឮ​ដល់​ប្រធាន​ក្លឹប PSG លោក Nasser Al Khelaifi ដែលនាំឱ្យ​លោក​បញ្ចេញ​ប្រតិកម្ម។ អ្នក​មាននៅ​កាតា​រូបនេះ​អះអាងថា Messi បច្ចុប្បន្ន​នៅតែ​ជា​ទ្រព្យ​ដ៏​សំខាន់បំផុត​មួយ​របស់ PGS ហើយ​អនាគត​របស់ Messi នៅក្នុង​ក្លឹប ប្រាកដជា​នឹងត្រូវ​បាន​ធានា។

     

    «គ្រប់គ្នា​ចង់ដឹងថា មាន​អ្វី​កំពុង​កើតឡើង។ យើង​កំពុងធ្វើការ​ដើម្បី​រក្សា Lionel Messi រួម​នឹង Kylian Mbappe និង Sergio Ramos» ប្រធាន​ក្លឹប PSG លោក Nasser Al Khelaifi ថ្លែង​ដូច្នេះ និង​បន្តថា «ក្លឹប​នឹង​វិភាគ​នូវ​អ្វីដែល​កំពុង​ធ្វើ​ដើម្បី​ធានាថា អាច​រួម​រស់​ជាមួយ​ពួកគេ​បានយូរ​អង្វែង។ …ប៉ុន្តែ​ខ្ញុំ​យល់ថា ប្រការ​សំខាន់​គឺថា យើង​ត្រូវតែ​ផ្ដោតទៅលើ​ផ្នែក​ដែល​នៅសល់​ក្នុង​​រដូវ​កាល​នេះ»។

    ប្រធានក្លឹប PSG លោក Nasser Al Khelaifi (ឆ្វេង) និង Lionel Messi កាលពីឆ្នាំ 2021

    យោងតាម​សារព័ត៌​មានបារាំង Messi និង PSG បាន​ព្រមព្រៀងគ្នា​ដោយ​ពាក្យសម្ដី​ស្ដីពី​ការពន្យារ​សុពលភាព​នៃ​កិច្ចសន្យា តាំងពី​ខែធ្នូ 2022។ ប៉ុន្តែ ពួកគេ​មិនទាន់បាន​​ចុះហត្ថលេខា​ជា​ផ្លូវការ។

    Messi ទំនងជា​ចង់ឱ្យ PSG ក្លាយជា​ក្រុមបាល់ទាត់​ដែល​ប្រកបដោយ​ភាព​ប្រកួតប្រជែង។ ដូច្នេះ រហូត​ដល់ពេល​ក្រុមប្រឹក្សាភិបាល​ក្លឹប​នេះ​លើកឡើង​នូវ​គម្រោង​ដែល​ប្រកប់ដោយ​ការទាក់ទាញ ទើប M10 យល់ព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី៕

  • ជើងហោះហើរ​ដឹក​អ្នកដំណើរ​ដំបូង​គេ​លើ​ពិភពលោក

    ជើងហោះហើរ​ដឹក​អ្នកដំណើរ​ដំបូង​គេ​លើ​ពិភពលោក

    ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នៅ​សហរដ្ឋ​អាម៉េរិក បើក​ការហោះហើរ​ដឹក​អ្នកដំណើរ​ដំបូង​គេ និង​​ហោះ​ឆ្លងកាត់​ឈូង​សមុទ្រ Tampa ដោយ​កប៉ាល់​ហោះ​កាលពី​ឆ្នាំ 1913 និង​ដំណើរ​បាន​យ៉ាង​ជោគជ័យ។

    ជិត​មួយ​ទសវត្សរ៍​បន្ទាប់ពី​ជើងហោះហើរ​នាំមុខគេ​របស់​បងប្អូន​ត្រកូល Wright នៅ Kitty Hawk រដ្ឋ Carolina ខាងជើង សេវាកម្ម​ហោះហើរ​ដឹក​អ្នកដំណើរ​ទៅតាម​កាលបរិច្ឆេទ​ដំបូង​គេ​លើ​ពិភពលោក​ក៏​ចាប់ផ្ដើម​កាលពី​ឆ្នាំ 1914 ដោយ​ហោះហើរ​ទៅមក​រវាង St. Petersburg (រដ្ឋ Florida) និង Tampa ដោយ​ឆ្លងកាត់​ឈូង​សមុទ្រ Tampa។

    ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​ឈ្មោះថា St. Petersburg-Tampa Airboat Line គឺជា​អ្នកគ្រប់គ្រង​ជើងហោះហើរ​ខាងលើ។ សេវា​កម្មនេះ​មាន​វត្តមាន​ត្រឹមតែ​រយៈពេល​ខ្លី ហើយ​កប៉ាល់​ហោះ​របស់​ក្រុមហ៊ុន​នេះ​ក៏​ដឹក​អ្នកដំណើរ​បានតែ​ម្នាក់​គត់​ក្នុង​មួយ​ជើង។ ក៏ប៉ុន្តែ តម្លៃ​ដែល​ក្រុមហ៊ុន​នេះ​បាន​នាំមក​គឺ​បាន​បើកផ្លូវ​ឱ្យ​មាន​​ជើងហោះហើរ​ពាណិជ្ជកម្ម​បែប​ទំនើប។ នេះ​បើតាម Amusing Planet។

     

    គំនិត​ស្ដីពី​ក្រុមហ៊ុន​អាកាសចរណ៍​បានចាប់ផ្ដើម​ពី​វិស្វករ​អគ្គិសនី Percival Elliot Fansler នៅ Florida ដែល​កាលណោះ​ធ្វើការ​ដូច​ទៅនឹង​បុគ្គលិក​ផ្នែក​លក់​របស់​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​សម្រាប់​កប៉ាល់​ហោះ។ Fansler ជក់ចិត្ត​ជាមួយនឹង​យន្តហោះ​នៅពេល​សាកល្បង​ប្រណាំងទូក​ល្បឿន​លឿន។ លោក​យល់ថា វិធី​តែមួយគត់​ដើម្បី​បង្កើនល្បឿន​លឿន​ជាង​នេះ​គឺ​ការធ្វើឱ្យ​ទូក​ហោះ​ឡើងលើ​អាកាស។ ឆ្នាំ 1912 ពី​ឡុ​ត Antony H. Jannus បាន​ហោះហើរ​ផ្លូវ​ឆ្ងាយ​ក្នុង​រយៈពេល 40 ថ្ងៃ ពី Omaha ទៅកាន់ New Orleans។

    បន្ទាប់ពី​ជើងហោះហើរ​ប្រវត្តិសាស្ត្រ​ខាងលើ​នេះ Fansler បាន​ទាក់ទង​ទៅនឹង Thomas W. Benoist ម្ចាស់​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​ដែល Jannus បើកបរ ដោយ​ប្រាប់ថា ចង់​ទិញ​យន្តហោះ។ ការចរចា​ជាមួយ Benoist ធ្វើឱ្យ Fansler គិតដល់​ការចាប់ផ្ដើម​ផ្ដល់​សេវាកម្ម​អាកាសចរណ៍​ពាណិជ្ជកម្ម។ Benoist ក៏​ចាប់អារម្មណ៍​លើ​គំនិត​នេះ​ហើយក៏​យល់ព្រម​ផលិត និង​ផ្គត់ផ្គង់​កប៉ាល់​ហោះ​ពីរ​គ្រឿង ខណៈដែល Fansler ចាត់ចែង​ដំណើរការ និង​យុទ្ធសាស្ត្រ​លំអិតសម្រាប់​ទី​ផ្សារ។

    សេវាកម្ម​ហោះហើរ​ដឹក​អ្នកដំណើរ​ចាប់ផ្ដើម​​ដំណើរ​ការ​ពីថ្ងៃ​ទី 01 មករា 1913។ មនុស្ស​ប្រហែល 3,000 នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​កំពង់ផែ​ដើម្បី​ជូន​ដំណើរ​អតីត​អភិបាលក្រុង Abraham C. Pheil ដែលជា​អតិថិជន​ដំបូង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ខាងលើ។ សំបុត្រ​សម្រាប់​ជើងហោះហើរ​ដឹក​អ្នកដំណើរ​ដំបូង​នេះ​មានតម្លៃ 400 ដុល្លារ​អាម៉េរិក ដែល​បានមកពី​ការដេញថ្លៃ។ ម៉ោង 10 ព្រឹក Jannus បញ្ជា​កប៉ាល់​ហោះ​ហោះ​ឡើង​ពី​កំពង់ផែ និង​ឆ្ពោះទៅកាន់ Tampa។ មិន​ដល់ក​ន្លះ​ម៉ោង​ក្រោយមក កប៉ាល់​ហោះ​ក៏បាន​ចុះចត​លើ​ទន្លេ Hillsborough នៅ Tampa។ ពេលនោះ​មាន​មនុស្ស​ប្រហែល 3,500 នាក់​បាន​រង់ចាំ​ជាស្រេច​ដើម្បី​ទទួល Jannus។ បន្ទាប់ពី​បាន​ជំរាបសួរ​អភិបាលក្រុង Tampa និង​ថតរូប Jannus និង Pheil ក៏បាន​ត្រលប់​ទៅកាន់ St. Petersburg។

    ក្រោយ​ជើងហោះហើរ​ដឹក​អ្នកដំណើរ​ដំបូង​គេ​នេះ ក្រុមហ៊ុន​អាកា​ចរណ៍ St. Petersburg-Tampa Airboat Line ក៏មាន​ជើងហោះហើរ​ជា​បន្តបន្ទាប់ និង​បើកផ្លូវ​ឱ្យមាន​វត្តមាន​ក្រុម​ហ៊ុន​អាកាសចរណ៍​ជា​ហូរហែ​រហូតដល់​បច្ចុប្បន្ន៕

  • ពិធី​ដង្ហែ​ភ្លើងគប់ SEA Gamers 32 ចាប់ផ្ដើម​ចេញដំណើរ​ពី​វៀតណាម

    ពិធី​ដង្ហែ​ភ្លើងគប់ SEA Gamers 32 ចាប់ផ្ដើម​ចេញដំណើរ​ពី​វៀតណាម

    ពិធី​ដង្ហែ​ភ្លើង​គប់ស៊ីហ្កេម 32 (SEA Games 32) ត្រូវ​បាន​សម្ពោធ​បើក​​ជា​ផ្លូវការ​ដោយ​ចាប់ផ្ដើម​ដង្ហែ​ចេញពី​រដ្ឋធានី​ហាណូយ​ប្រទេស​វៀតណាម។

    ព្រឹក​ថ្ងៃទី 24 មីនា ពិធី​ដង្ហែ​ភ្លើង​គប់ SEA Games 32 ត្រូវបាន​ប្រារព្ធ​ឡើង​នៅឯ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម។ នេះ​គឺជា​ព្រឹត្តិការណ៍​ចាប់ផ្ដើម​សម្រាប់​ការធ្វើដំណើរ​ឆ្លងកាត់ 11 ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​របស់​ភ្លើង​គប់ SEA Games 32 មុននឹង​​ត្រលប់​ចូលមក​កាន់​ទឹកដី​កម្ពុជា។

    នៅក្នុង​ព្រឹត្តិការណ៍​នេះ​ក៏មាន​វត្តមាន​របស់លោក​ជំទាវ ជា គឹម​ថា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​វៀតណាម រួម​នឹង​ឯកអគ្គរដ្ឋទូត ​មន្ត្រីការទូត​នៃ​បណ្ដា​ប្រទេស​អាស៊ាន ក៏ដូចជា​ក្រុមមន្ត្រី​វៀតណាម កីឡាករ និង​និស្សិត​ប្រមាណ 300 នាក់។

     

    លោកជំទាវ ជា គឹម​ថា គឺជា​អ្នក​ប្រកាស​កម្មវិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍​ដង្ហែ​ភ្លើង​គប់។ ភ្លើង​គប់​ផ្លូវការ​របស់ SEA Games 32 ត្រូវបាន​អត្ត​ព​លិ​ក​វៀតណាម ប្រតិភូ​​តំណាង​នានា ​កីឡាករ និង​និស្សិត​រាប់រយ​នាក់ ដង្ហែ​ពី​ស្ថានទូត​កម្ពុជា ទៅកាន់ ហូ ហ្វា​ង គា​ម និង​ត្រលប់​មកកាន់​កន្លែង​ដើម។

    ដល់​ថ្ងៃទី 25 មីនា ភ្លើង​គប់ SEA Games 32 នឹង​ចាក​ចេញពី​វៀតណាម ដើម្បី​ធ្វើដំណើរ​ឆ្លងកាត់​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍​ជា​បន្តបន្ទាប់​រួមមាន ហ្វ៊ី​លី​ពី​ន ព្រុយ​ណេ ឥណ្ឌូណេស៊ី ទី​ម័​រ​ខាងកើត ម៉ាឡេស៊ី សិង្ហ​បុរី ថៃ មី​យ៉ាន់​ម៉ា និង​ឡាវ។

    ពី​ប្រទេស​ឡាវ ភ្លើង​គប់ SEA Games 32 នឹង​ត្រលប់​មកកាន់​កម្ពុជា​នៅ​ថ្ងៃទី 27 មេសា 2023។ នៅទីនេះ ភ្លើង​​គប់​នឹងត្រូវ​បាន​ដង្ហែ​កាត់​តាម​ទីតាំង​មួយចំនួន​រហូតដល់​ថ្ងៃ​សម្ពោធ​បើក​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្កេ​ម 32 នៅ​ថ្ងៃទី 05 ឧសភា 2023 នៅឯ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ៕