សាលា​អនុវិទ្យាល័យ​​ដែលមាន​សិស្ស​តែ​ម្នាក់​គត់​នៅ​ប្រទេស​ជប៉ុន

Akino Imanaka អាយុ 15 ឆ្នាំគឺជាសិស្សតែ​ម្នាក់​គត់​របស់​សាលា​អនុវិទ្យាល័យ Oteshima

សាលា​អនុវិទ្យាល័យ Oteshima នៅលើ​កោះ Oteshima ឆ្នាំនេះ​បាន​ប្រារព្ធ​ពិធី​ប្រគល់​សញ្ញាបត្រ​បញ្ចប់​ការសិក្សា​ពិសេស ដោយសារតែ​សាលារៀន​នេះ​មាន​សិស្ស​តែ​ម្នាក់​គត់​ដែល​បានបញ្ចប់​ការសិក្សា។

«គ្រប់យ៉ាង​កើតឡើង​យ៉ាង​ឆាប់រហ័ស។ ប្អូន​សូម​អរគុណ​នៅពេលដែល​​ទទួលបាន​បទពិសោធន៍​នៅ​សាលារៀន​ដោយមាន​ការជួយជ្រោមជ្រែង​របស់​លោកគ្រូ​អ្នកគ្រូ គ្រួសារ និង​ប្រជាជន​នៅលើ​កោះ» Mainichi កាលពី​ថ្ងៃទី 25 មីនា ដកស្រង់​សម្ដី​របស់ Akino Imanaka អាយុ 15 ឆ្នាំ ឱ្យដឹង​ដូច្នេះ​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​បញ្ចប់​ការសិក្សា​នៅ​សាលា​អនុវិទ្យាល័យ Oteshima កោះ Oteshima ខេត្ត Kagawa។

កោះ Oteshima មាន​ទំហំ 0.6 គីឡូម៉ែត្រ​ក្រឡា និង​មាន​ចម្ងាយ​ពី​ឆ្នេរសមុទ្រ​ខេត្ត Kagawa 15 គីឡូម៉ែត្រ​ទៅ​ទិស​​ខាង​លិច គឺជា​កន្លែង​រស់នៅ​រប​ស់​ប្រជាជន​ចំនួន 34 នាក់ ដែល​ភាគច្រើន​គឺជា​អ្នកនេសាទ​។ ក្នុង​រយៈពេល 9 ឆ្នាំ​កន្លង Imanaka គឺជា​សិស្ស​តែ​ម្នាក់​គត់​ដែល​ទៅ​រៀន​នៅ​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​នៅលើ​កោះ​នេះ។

 

កោះ Oteshima កំពុង​ប្រឈម​នឹង​បញ្ហា​ប្រជាជន​វ័យចាស់។ Imanaka ក៏​ជា​ពលរដ្ឋ​តែមួយ​រូប​គត់​ដែលមាន​អាយុ​ក្រោម 18 ឆ្នាំ។

ក្នុងការ​សិក្សា សាលា Oteshima បានរៀបចំ​ឱ្យមាន​គ្រូបង្រៀន​ចំនួន​ប្រាំ​នាក់​ដែល​ត្រូវ​ប្ដូរ​វេន​គ្នា​ដើរតួ​ជា​សិស្ស​ដើម្បីឱ្យ Imanaka អាច​ពិភាក្សា​ជាមួយ «មិត្ត​រួម​ថ្នាក់»។ Imanaka ក៏ត្រូវ​បានអនុញ្ញាត​ឱ្យ​ទៅ​សាលា​អនុវិទ្យាល័យ​មួយ​ផ្សេងទៀត​នៅឯ​ដីគោក​មួយ​សប្ដាហ៍/ម្ដង ទៅតាម​កម្មវិធី​ផ្លាស់ប្ដូរ​ការសិក្សា។

Imanaka ក៏​ទទួលបាន​ឱកាស​ដើម្បី​ចូលរួម​សកម្មភាព​បណ្ដុះបណ្ដាល​នានា។ កាលពី​ខែមិថុនា 2022 មនុស្ស​ជាង 60 នាក់​បានមក​កាន់​កោះ​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​កីឡា។ កូនសិស្ស​រូបនេះ​ក៏បាន​ចូលរួម​ប្រកួត​កាយសម្ព័ន្ធ រត់​ប្រណាំង​បណ្ដាក់​គ្នា រាំ និង​ទាញព្រ័ត្រ។

«ប្អូន​តែងមាន​តែម្នាក់ឯង ដូច្នេះ​ពេលខ្លះ​មាន​អារម្មណ៍​ថា ឯកា។ ប៉ុន្តែ តួនាទី​ជា​ប្រធាន​សមាគម​សិស្ស​បាន​ជួយ​ឱ្យ​ប្អូន​មានឱកាស​ទៅធ្វើ​ទស្សនកិច្ច​តំបន់​ជាច្រើន ក្នុងនាម​ជា​តំណាង​សាលា។ ពេលវេលា​កន្លងទៅ​គឺជា​បទពិសោធន៍​ដ៏​គួរឱ្យ​ពេញចិត្ត» Imanaka និយាយ​ដូច្នេះ។

នាយក​សាលា Oteshima អាយុ 58 ឆ្នាំ បាន​រៀបរាប់​អំពី​សិស្ស​របស់ខ្លួន​ថា «ក្នុង​បី​ឆ្នាំ​កន្លង Imanaka បាន​សិក្សា​រៀនសូត្រ​យ៉ាង​យកចិត្តទុកដាក់ និង​បានបង្ហាញ​ពី​ការរីកចម្រើន​ដ៏​គួរឱ្យភ្ញាក់ផ្អើល»។

សាលា Oteshima ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 1914។ ឆ្នាំ 1964 សាលារៀន​នេះ​ធ្លាប់មាន​សិស្ស​ចំនួន 91 នាក់​ដែល​រៀន​ថ្នាក់បឋមសិក្សា និង​អនុវិទ្យាល័យ ប៉ុន្តែ​ក៏បាន​ចាប់ផ្ដើម​ថយចុះ​ជា​បន្តបន្ទាប់។ ឆ្នាំ 2013 Oteshima ត្រូវ​បិទទ្វារ​សាលា​អនុវិទ្យាល័យ នៅពេល​បងស្រី​របស់ Imanaka បានបញ្ចប់​ការសិក្សា ប៉ុន្តែ​ក៏បាន​បើក​ឡើងវិញ​នៅ 7 ឆ្នាំ​ក្រោយមក នៅពេល Imanaka រៀន​ដល់​អនុវិទ្យាល័យ។

សាលា Oteshima នឹង​ត្រូវបាន​បិទទ្វារជា​ថ្មី​​ភ្លាមៗ បន្ទាប់ពី Imanaka រៀន​ចប់​កម្រិត​អនុវិទ្យាល័យ។ យោងតាម​ក្រសួង​អប់រំ​ជប៉ុន សាលា​ជាង 1,000 កន្លែង​​ក្នុងចំណោម​សាលា​អនុវិទ្យាល័យ​ទាំង 12,000 កន្លែង​របស់​ប្រទេស​នេះ សុទ្ធ​តែ​មាន​សិស្ស​តិចជាង 50 នាក់​នៅ​ឆ្នាំ 2022។

ខែក្រោយ Imanaka នឹង​ទៅ​រស់នៅ​ជាមួយ​បងស្រី និង​បងថ្លៃ ដើម្បី​បាន​បន្ត​ការសិក្សា​ថ្នាក់​វិទ្យាល័យ​នៅឯ​ដីគោក​ក្នុង​ខេត្ត Kagawa។ Imanaka ឱ្យដឹងថា អនាគត​នាង​ចង់​​ធ្វើការ​ក្នុង​វិស័យ​អប់រំ ឬ​សុខមាលភាព​សង្គម។

ពិធី​ប្រគល់​សញ្ញាបត្រ​បញ្ចប់​ការសិក្សា​ខាងលើ​របស់ Imanaka មាន​មនុស្សចូលរួម​ប្រហែល 50 នាក់​។ ពេល​អាន​សុន្ទរកថា Imanaka មិនអាច​ទប់ទឹក​ភ្នែក​បាន។ «ប្អូន​សប្បាយរីករាយ​ខ្លាំងណាស់​នៅពេល​បានកើត​នៅ Oteshima» Imanaka ថ្លែង​ដូច្នេះ និង​បន្តថា «ដោយមាន​អនុស្សាវរីយ៍​ជាមួយ​នឹង​​​កោះ​ក្នុង​បេះដូង​មួយនេះ ប្អូន​នឹង​ចាប់ផ្ដើម​ដំណើរ​ថ្មី​រួម​ជាមួយនឹង​ឆ​ន្ទះមោះមុត និង​មោទកភាព»៕

Advertisement