អាចម៍ផ្កាយ 50 ម៉ែត្រ​អាច​នឹង​ហោះ​មក​បុក​ផែនដី​នាពេលខាងមុខ

អាចម៍ផ្កាយ​ដែលមាន​ឈ្មោះថា 2023 DW អាច​ប៉ះ​ទ​ង្គិ​ត​នឹង​ផែនដី​នៅក្នុង​ខែកុម្ភៈ ឆ្នាំ 2046 បើទោះជា​មាន​ហានិភ័យ​ទាប។

អាចម៍ផ្កាយ​មួយ​ដែល​ទើបតែ​ត្រូវបាន​រកឃើញ និង​ដាក់ឈ្មោះ​ឱ្យ​ថា 2023 DW អាច​ហោះ​មក​ក្បែរ​ផែនដី​បំផុត​នៅក្នុង​រយៈពេល​ជាង 20 ឆ្នាំ​ទៀត។ ហានិភ័យ​ដែល​អាចម៍ផ្កាយ​នេះ​អាច​ហោះ​មក​បុក​ផែនដី​គឺ 1/600 នេះ​បើតាម​ណា​សា។ ថ្វីបើ​នោះ​គឺជា​ហានិភ័យ​ខ្ពស់ជាង​កម្រិត​មធ្យម ប៉ុន្តែ​ណា​សា​សង្កត់ធ្ងន់ថា នោះ​គឺជា​កម្រិត​ទាប។

អាចម៍ផ្កាយ 2023 DW ដែល​ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី 27 កុម្ភៈ 2023 មាន​អង្កត់ផ្ចិត 50 ម៉ែត្រ ស្មើនឹង​ប្រវែង​បណ្ដោយ​របស់​អាង​ហែល​ទឹក​អូឡាំពិក។ 2023 DW នឹង​ហោះ​កាត់​ពីមុខ​ផែនដី​នៅ​ថ្ងៃទី 14 កុម្ភៈ 2046។ គិត​ត្រឹម​ថ្ងៃទី 08 មីនា 2023 អ្នកវិទ្យាសាស្ត្រ​ព្យាករ​ថា ហានិភ័យ​នៃ​ការប៉ះទង្គិច​ស្ថិតក្នុង​កម្រិត 1/625។

 

អាចម៍ផ្កាយ 2023 DW នឹងមិន​បង្កឱ្យមាន​មហន្តរាយ​ធំធេង​ដូច​ទៅនឹង​ករណី​ធ្លាក់​អាចម៍ផ្កាយ​ដែល​បាន​ផ្ដាច់​ពូជ​ដាយ​ណឺ​ស័​រកា​លពី 66 លាន​ឆ្នាំមុន​នោះទេ ប៉ុន្តែ​នឹង​អាច​បង្ក​គ្រោះថ្នាក់​ធំ​បើសិន​ធ្លាក់ចំ ឬ​ក្បែរ​ទីក្រុង។

បើទោះជា​ករណី​ប៉ះ​ទ​ង្គិ​ត​ជាមួយ​អាចម៍ផ្កាយ 2023 DW មាន​ហានិភ័យ​ទាប ប៉ុន្តែ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ក៏​កំពុងតែ «ដុតដៃដុតជើង» អភិវឌ្ឍ​វិធីសាស្ត្រ​ការពារ​ផែនដី​ពី​ដុំថ្ម​អវកាស៕

Advertisement