ដើម​ប្រេងខ្យល់​អាច «​ស្រូប​មាស» ​ពី​ក្នុង​ដី​ឡើង​មកលើ​ស្លឹក

ដើម​ប្រេងខ្យល់ក្នុង​ព្រៃនៅ​អូស្ត្រាលី

ក្រុម​អ្នកវិទ្យាសាស្ត្រ​ធ្លាប់បាន​ប្រកាសថា បាន​រកឃើញថា ដើម​ប្រេងខ្យល់ ដែល​ដុះ​នៅលើ​តំបន់​មាន​រ៉ែ​មាស ឫស​របស់​វា​ចាក់​ជ្រៅ​រាប់សិប​ម៉ែត្រទៅ​​ក្រោម​ដី និង​អាច​ប៉ះ​នឹង​ភាគល្អិត​របស់​មាស ហើយ​ស្រូបយក​ធាតុ​ដែលមាន​តម្លៃ​នេះ​ឡើងមក​កាន់​ស្លឹក​របស់​វា។

អ្នកប្រមាញ់​មាស​អាច​គ្រាន់តែ​ត្រូវការ «ការផ្ដល់​ដំណឹង» ពី​ដើម​ប្រេងខ្យល់ (Eucalyptus) បើសិនជា​ចង់​រកឃើញ​មាស​នៅក្រោម​ដី។ មូលហេតុ​គឺថា ឫស​របស់​រុក្ខជាតិ​មួយ​ប្រភេទ​នេះ​អាច​ចាក់​ជ្រៅ​ទៅ​ដល់ទី​ដែលមាន​ធាតុ​មាស និង​អាច​នាំ​ធាតុនេះ​​ឡើងមក​កាន់​​ស្លឹក។ នេះ​បើតាម Science ចុះផ្សាយ​កាលពី​ថ្ងៃទី 24 មីនា 2023។

ក្នុង​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​អង្គការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​អូស្ត្រាលី (CSIRO) ដែល​បាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Nature Communications ឆ្នាំ 2013 ស្ដីពី​ការប្រើប្រាស់​វិធីសាស្ត្រ​ពិនិត្យ​សំណាក​រុក្ខជាតិ​ដើម្បី​ស្វែងរក​រ៉ែ​ក្រោម​ដី ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​បណ្ដា​រុក្ខជាតិ​ដែលមាន​ផ្ទុក​ធាតុ​​មាស​នៅ​ប្រទេស​អូស្ត្រាលី។ ការស្រាវជ្រាវ​នេះ​បាន​បញ្ជាក់ថា មាស​អាច​ត្រូវបាន​ឫស​របស់​រុក្ខជាតិ​ស្រូប​ឡើងមក​កាន់​ស្លឹក។

 

ជាក់ស្ដែង ក្រុម​អ្នកវិទ្យាសាស្ត្រ​កាលណោះ​បាន​ទៅកាន់អណ្ដូង​រ៉ែ​មាស​ Freddo Gold Prospect នៅ​ភាគ​ខាងជើង​តំបន់ Kalgoorlie នៃ​ភាគ​ខាងលិច​របស់​ប្រទេស​អូស្ត្រាលី ដើម្បី​ស្វែងរក​ភស្ដុ​ស​តាង។ នៅ​ខាងលើ​អណ្ដូងរ៉ែ​មាស​ដែល​នៅ​ជ្រៅ​ក្រោម​ដី គឺជា​ដើម​ប្រេងខ្យល់​ជាច្រើន​ដើម។ ស្លឹក មែក និង​សម្បក​របស់​រុក្ខជាតិ​នេះ​មាន​ផ្ទុក​បរិ​មាណនៃ​ធាតុ​មាស (Au) យ៉ាងខ្ពស់។

ដើមប្រេងខ្យល់

ការរកឃើញ​ខាងលើនេះ ក្រោយមក​ក៏ត្រូវ​បានបញ្ជាក់​ជាថ្មី​នៅក្នុង​ការពិសោធ​ក្នុងផ្ទះ​កញ្ចក់។ អ្នកស្រាវជ្រាវ​ដាំ​កូនឈើ​ប្រេងខ្យល់​ស្រុក​ក្នុង​ដី​​ខ្សាច់​លាយ​មាស។ បន្ទាប់មក អ្នកវិទ្យាសាស្ត្រ​ប្រើប្រាស់​មីក្រូ​ទស្សន៍​​អេ​ឡិច​ត្រុ​ង​​ដើម្បី​​ពិនិត្យ។ លទ្ធផល​បាន​បង្ហាញថា ស្លឹក​របស់​រុក្ខជាតិ​នេះ​ក៏មាន​ផ្ទុក​ធាតុ​មាស​ដូច​ទៅនឹង​ដើម​ប្រេងខ្យល់​នៅក្នុង​ព្រៃ។

កាលពី​ឆ្នាំ 2019 ក្រុមហ៊ុន Marmota ក៏​ធ្លាប់​បាន​រកឃើញ​មាស​នៅ​អូស្ត្រាលី​ខាងត្បូង ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ពិនិត្យ​ស្លឹក​ប្រេង​ខ្យល់។ Marmota រកឃើញ​សរសៃ​មាស​កម្រាស 6 ម៉ែត្រ មាន​ផ្ទុក​មាស 3.4 ក្រាម/តោន​ដី ស្ថិតនៅ​ជម្រៅ 44 ម៉ែត្រ។ នោះ​គឺជា​របកគំហើញ​ដ៏​គួរឱ្យភ្ញាក់ផ្អើល៕

Advertisement