Author: សឿន សំណាង

  • តួ​ក​គី​អនុញ្ញាតឱ្យ​ហ្វាំ​ង​ឡង់​ចូល​ជា​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ

    តួ​ក​គី​អនុញ្ញាតឱ្យ​ហ្វាំ​ង​ឡង់​ចូល​ជា​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ

    សេចក្ដីព្រាងច្បាប់​អញ្ជើញ​ហ្វាំ​ង​ឡង់​ឱ្យចូល​ជា​សមាជិក​ណា​តូ (NATO) ត្រូវបាន​អនុម័ត​នៅ​សភា​តួ​ក​គី បើកផ្លូវ​ឱ្យ​ប្រទេស​អឺរ៉ុប​ខាងជើង​មួយ​នេះ​ចូល​ជា​សមាជិក​សម្ព័ន្ធមិត្ត​យោធា។

    កាលពី​ថ្ងៃទី 30 មីនា តួ​ក​គី​ក្លាយជា​ប្រទេស​ចុងក្រោយ​គេ​ក្នុងចំណោម​សមាជិក​ទាំង 30 របស់​ណា​តូ ដែល​យល់​ព្រមឱ្យ​ហ្វាំ​ង​ឡង់​ចូល​ជា​សមាជិក មួយ​សប្ដាហ៍​បន្ទាប់ពី​គណៈកម្មការ​កិច្ចការបរទេស​របស់​សភា​នៅ​ទីក្រុង​អង់កា​រ៉ា គាំទ្រ​ឥរិយាបថ​នោះ​ដោយ​សំឡេងឆ្នោត​ដាច់ខាត។

    «នាម​ជា​សមាជិក​ណា​តូ​នឹង​ពង្រឹង​សន្តិសុខសម្រាប់​ហ្វាំ​ង​ឡង់ ទន្ទឹមនឹង​ការស្ដារ​ស្ថិរភាព និង​សន្តិសុខ​ក្នុង​តំបន់​សមុទ្រ​បាល់​ទិច និង​អឺរ៉ុប​ខាងជើង» រដ្ឋាភិបាល​ហ្វាំ​ង​ឡង់​ប្រកាស​ដូច្នេះ ក្រោយពី​បានទទួល​ព័ត៌មាន​ស្ដីពី​ការសម្រេចចិត្ត​របស់​តួ​ក​គី។

    សេចក្ដីសម្រេច​របស់​ស​ភា​តួ​ក​គី​ខាងលើនេះ​នឹង​ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រធានាធិបតី Tayyip Erdogan ដើម្បី​អនុម័ត​ចុងក្រោយ។ ក្រោយមក តួ​ក​គី​នឹង​បញ្ជូន​ឯកសារ​នេះ​ទៅកាន់​សហរដ្ឋ​អាម៉េរិក ជា​កន្លែង​រក្សា​ឯកសារ​កិច្ចព្រមព្រៀង​របស់​សម្ព័ន្ធ​យោធា​ណា​តូ។

    នៅពេល​អគ្គលេខាធិការ​នៃ​អង្គការ​ណា​តូ Jens Stoltenberg អញ្ជើញ​ហ្វាំ​ង​ឡង់​ឱ្យចូល​ជា​សមាជិក​សម្ព័ន្ធ​យោធា ហ្វាំ​ង​ឡង់​នឹងត្រូវ​ផ្ញើ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​នូវ​ឯកសា​រដែ​ល​ចុះហត្ថលេខា​ដោយ​ក្រសួងការបរទេស​ស្ដីពី​ការយល់ព្រម​ចូល​ជា​សមាជិក និង​អនុវត្ត​កិច្ចព្រមព្រៀង ទើប​ក្លាយជា​សមាជិក​ណា​តូ​ជា​ផ្លូវការ។

    កាលពីដើម​ខែមីនា លោក Erdogan បាន​អះអាងថា នឹង​គាំទ្រ​ហ្វាំ​ង​ឡង់​ចូល​ជា​សមាជិក​ណា​តូ បន្ទាប់ពី​ឃើញថា ប្រទេស​អឺរ៉ុប​ខាងជើង​មួយ​នេះ​បាន​ធ្វើតាម​ការចង់បាន​របស់​ទីក្រុង​អង់កា​រ៉ា ក្នុងនោះ​មាន​ទាំង​ការដោះស្រាយ​បញ្ហា​ក្រុម​ផ្ដាច់ខ្លួន​ពី​តួ​ក​គី​ដែល​កំពុង​រស់នៅ​លើទឹក​ដី​ហ្វាំ​ង​ឡង់ ក៏ដូចជា​ការលុបចោល​បម្រាម​​នាំចេញ​អាវុធ។

    ក្រសួងការបរទេស​អា​ម៉េ​រិ​ក សាទរ​ចំពោះ​ការសម្រេចចិត្ត​របស់​តួ​ក​គី និង​បន្ត​ស្នើឱ្យ​សម្ព័ន្ធមិត្ត​នេះ​ប្រញាប់​គាំទ្រ​ស៊ុយអែត​ចូល​ជា​សមាជិក​ណា​តូ។ លោក Erdogan នៅតែ​មិនទាន់​គាំទ្រ​ដល់​សំណើ​សុំចូល​ជា​សមាជិក​ណា​តូ​របស់​ស៊ុយអែត ដោយ​យល់ថា ទីក្រុង​ស្តុក​ខុល​មិនបាន​​បញ្ចេញ​សកម្មភាព​ច្រើន​ក្នុងការ​ដោះស្រាយ​កង្វល់រ​បស់​អង់កា​រ៉ា៕

  • Cristiano Ronaldo និងភរិយា Rodriguez លែងទិញកាដូជូនគ្នាក្នុងថ្ងៃខួប

    Cristiano Ronaldo និងភរិយា Rodriguez លែងទិញកាដូជូនគ្នាក្នុងថ្ងៃខួប

    តារា​ម៉ូ​ដែល Georgina Rodriguez និយាយថា Ronaldo មិន​ជូន​អំណាយ​សម្រាប់​ថ្ងៃ​ខួបកំណើត​ដល់​នាង ហើយ​នាង​ក៏​ឈប់​ជូន​កាដូ​ជារ​យន្ត​ស្ព័​រ​ដល់ Ronaldo។

    យោងតាម​ទំព័រ BP កាលពី​ថ្ងៃទី 29 មីនា Rodriguez បានឱ្យដឹងថា ចាប់ពី​ឆ្នាំនេះ​នឹង​ឈប់​ជូន​កាដូ​រថយន្ត​ដល់ Ronaldo នៅ​ថ្ងៃបុណ្យទាន ឬ​ថ្ងៃ​ខួប។ «ខ្ញុំ​នឹងមិន​ទិញ​រថយន្ត​ស្ព័​រ​ឱ្យ​គាត់ ព្រោះ​ពួកវា​មិន​មានន័យ​ពិសេស។ យើង​មិនមែនជា​មនុស្ស​ដែល​យក​ទ្រព្យ​ជាធំ។ Ronaldo មាន​ស្ទើរ​គ្រប់យ៉ាង​ដែល​គាត់​ចង់បាន មិនត្រូវ​ការទិញ​បន្ថែម​អ្វី​ទៀត​ទេ» តារា​ម៉ូ​ដែល Rodriguez និយាយ​ដូច្នេះ។

    Ronaldo មាន​ចំណូលចិត្ត​ក្នុង​ការទិញ​រថយន្ត​ប្រណិត ដូច្នេះ Rodriguez តែងតែ​ទិញ​រថយន្តថ្លៃៗជូន​ដៃគូ​ជីវិត​នៅក្នុង​ពិធី​ខួបសំខាន់ៗ។ យោងតាម​ទំព័រ Marca កាដូ​ដែល​តារ​ម៉ូ​ដែល​រូបនេះ​បាន​ជូន​ដល់ Ronaldo កាលពីពេលថ្មីៗនេះ គឺ​រថយន្ត Rolls Royce Dawn ដែលមាន​តម្លៃ​ជាង 300 លាន​ដុល្លារ​អាម៉េរិក។

    Rodriguez ក៏បាន​ឱ្យដឹងថា Ronaldo ​លែង​ជូន​កាដូ​ជា​របស់​ថ្លៃ​ដល់​នាង។ «ខួបកំណើត​ខ្ញុំ​តែង​ជាន់គ្នា​នឹង​កាល​បរិច្ឆេទ​ទាត់​បាល់រ​បស់​គាត់ ដូច្នេះ យើង​កម្រ​បាន​នៅក្បែរ​គ្នា។ ឆ្នាំនេះ ខ្ញុំ​ទទួលបាន​កាដូ​ជា​ពេលវេលា​ពី Ronaldo។ ពួកយើង​ជប់លៀង​ជាមួយកូនៗ និង​ញាតិ​ជិតស្និទ្ធ» តារា​ម៉ូ​ដែល​នេះ​បន្ថែម​ដូច្នេះ។

    Rodriguez កើត​ឆ្នាំ 1995 ក្នុង​គ្រួសារ​ក្រីក្រ ដែលមាន​ឪពុក​ធ្លាប់​ជា​ជនល្មើស​​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន។ Rodriguez ធ្លាប់​ប្រាប់ថា ម្ដាយ​នាង​មិនមាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ទិញ​សម្លៀកបំពាក់ និង​បង់ថ្លៃ​សាលា​ឱ្យ​នាង​ទៀតផង។ Rodriguez បាន​ជួប Ronaldo កាលពី​ឆ្នាំ 2016 ពេល​នាង​កំពុងធ្វើការ​នៅឯ​ហាង Gucci និង​បាន​ទាក់ទង​គ្នា​តាំងពី​ពេលនោះ៕

  • U-22 ថៃ ឬ​​​ម្ចាស់​​ជើងឯក​វៀតណាម អាច​នឹង​ត្រូវ​ជម្រុះ​​ភ្លាម​ៗ​​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​នៅ SEA Games លើក​ទី 32

    U-22 ថៃ ឬ​​​ម្ចាស់​​ជើងឯក​វៀតណាម អាច​នឹង​ត្រូវ​ជម្រុះ​​ភ្លាម​ៗ​​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​នៅ SEA Games លើក​ទី 32

    ទំព័រសារព័ត៌មាន Thairath យល់ថា ម្ចាស់ផ្ទះ​កម្ពុជា​កំពុងតែ​ប្រើ​ល្បិច​​នៅក្នុង​ការចាប់​លេខ​សម្រាប់​​វិញ្ញាសា​បាល់ទាត់​បុរស​ដែល​ចូល​រួម​​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ឆ្នាំ 2023 (2023 Southeast Asian Games – 32nd SEA Games – SEA Games លើក​ទី 32​)។

    ព្រឹក​ថ្ងៃទី 30 មីនា​នេះ ព័ត៌មាន​ស្ដីពី​ពិធី​ចាប់​លេខចែក​ពូ​ល​សម្រាប់​វិញ្ញាសា​បាល់ទាត់​បុរស និង​នារី​របស់ SEA Games លើក​ទី 32 ត្រូវបាន​ប្រកាស​ជា​ផ្លូវការ។ ពិធី​នេះ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី 05 មេសាខាងមុខ នៅឯពហុ​​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។ បាល់ទាត់​បុរស​នឹង​ជា​វិញ្ញាសា​ដែល​ចាប់ផ្ដើម​មុនគេ​បង្អស់ ពោលគឺ​នៅ​ថ្ងៃទី 29 មេសា ដល់ 16 ឧសភា 2023។

    ទំព័រសារព័ត៌មាន Thairath របស់​ថៃ យល់ថា ម្ចាស់ផ្ទះ​កម្ពុជា​កំពុង​ប្រើប្រាស់​ល្បិចកល នៅពេល​មិន​ប្រកាស​ជា​ផ្លូវការ​នូវ​រូបមន្ត​ចាប់លេខ​ចែក​ពូ​ល​របស់​វិញ្ញាសា​បាល់ទាត់​បុរស។ Thairath ក៏បាន​សរសេរថា ទំនងជា U-22 ថៃ នឹងត្រូវ​ទម្លាក់​ចុះមក​ក្នុង​ក្រុម​គ្រាប់ពូជ​ទី​ពីរ​នៃ​វិញ្ញាសា​បាល់ទាត់​បុរស​នៅ SEA Games លើក​ទី 32​។

    បច្ចុប្បន្ន​មាន​ព័ត៌មាន​មួយចំនួន​និយាយថា U-20 វៀតណាម​ក្នុងនាម​ជា​ក្រុម​ជើងឯក នឹងត្រូវ​បានដាក់​ទៅក្នុង​ក្រុម​គ្រាប់ពូជ​ទីមួយ​ដែលមាន U-20 កម្ពុជា។ ពេលនោះ U-22 ថៃ​នឹងត្រូវ​រុញ​ចុះ​មកក្នុង​ក្រុម​គ្រាប់ពូជ​ទី​ពីរ បើ​ទោះ​បាន​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ SEA Games លើក​ទី 31 ដែល​បាន​ធ្វើឡើង​នៅ​វៀតណាម។

    សារព័ត៌មាន​ថៃ​យល់ថា U-22 ថៃ អាច​នឹង​ប៉ះ​ក្រុម​ជើងឯក​វៀតណាម​ភ្លាម​ៗ​​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​របស់ SEA Games លើក​ទី 32​។ លើកចុងក្រោយ​បំផុត​ដែលក្រុម​ថៃ និង​វៀតណាម​​បាន​ប៉ះគ្នា​​​ក្នុង​​វគ្គ​សន្សំ​ពិន្ទុ គឺ​នៅ SEA Games លើក​ទី 30 ​ធ្វើឡើង​នៅ​ហ្វ៊ី​លី​ពី​ន ដែល​កាលណោះ ក្រុម​ជម្រើសជាតិ​ថៃ​ត្រូវ​ហាលអាវ​តាំងពី​វគ្គ​សន្សំ​ពិន្ទុ បន្ទាប់ពី​ការប្រកួត​ដែលមាន​លទ្ធផល 2-2។

    នៅ SEA Games លើក​ទី 31 ក្រុម​ជម្រើសជាតិ U-22 ថៃ និង​វៀតណាម សុទ្ធតែ​ត្រូវបាន​ដាក់ចូល​ក្នុង​ក្រុម​គ្រាប់ពូជ​ទីមួយ។ ពួកគេ​ក្រោយមក​ក៏បាន​ប្រកួត​យ៉ាង​ល្អ រហូតដល់​បាន​ជួបគ្នា​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ជាទី​ដែល​ក្រុម​វៀតណាម​ដណ្ដើមបាន​មេដាយមាស។

    ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម 22 ឆ្នាំ​របស់​កម្ពុជា ត្រូវបាន​ដាក់ចូល​ក្នុង​ក្រុម​គ្រាប់ពូជ​ទីមួយ។ ចំណែក​អាយុ​វិញ ម្ចាស់ផ្ទះ​កម្ពុជា​ក៏បាន​កាត់បន្ថយឱ្យ​​មក​នៅ​ត្រឹម U-22 និង​កំណត់​មិនឱ្យ​មាន​កីឡាករ​លើស​អាយុ។ មុន​នោះ ការកំណត់​អាយុ​កីឡាករ​បាល់​ទាត់​​នៅ SEA Games លើក​ទី 31 គឺ U-23+3៕

  • ហេតុការណ៍​ផ្ទុះ​កាំរស្មី Gamma កម្លាំង​ខ្លាំង​បំផុត​ក្នុង​ចក្រវាល

    ហេតុការណ៍​ផ្ទុះ​កាំរស្មី Gamma កម្លាំង​ខ្លាំង​បំផុត​ក្នុង​ចក្រវាល

    អ្នកវិទ្យាសាស្ត្រ​បានប្រកាស​អំពី​ការរកឃើញ​ហេតុការណ៍​ផ្ទុះ​កាំរស្មី gamma ដែល​ភ្លឺ​ខ្លាំង​មិន​ធ្លាប់​បានឃើញ​នៅក្នុង​ប្រវត្តិសាស្ត្រ ដែល​នេះ​បង្ហើប​ឱ្យដឹង​បន្ថែម​អំពី​ការផ្ទុះ​ខ្លាំង​បំផុត​បន្ទាប់ពី​ហេតុការណ៍ Big Bang។

    ការផ្ទុះ​ដែល​ត្រូវបាន​ហៅថា GRB 221009A នេះ មាន​ប្រភពពី​កញ្ចុំ​ផ្កាយ Sagittarius ដែលមាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 2.4 ពាន់​លាន​ឆ្នាំ​ពន្លឺ។ បើទោះជា​ឆ្ងាយ​យ៉ាងនេះ​ក៏ដោយ វា​ក៏​នៅ​តែ​បញ្ចេញ​ពន្លឺ​រហូតដល់​ថ្នាក់​ធ្វើឱ្យ​ឧបករណ៍​សង្កេត​តារា​មួយចំនួន​ត្រូវ «ខ្វះ» បណ្ដោះអាសន្ន និង​ធ្វើឱ្យ​បរិយាកាស​ផែនដី​ច្របូកច្របល់។ ការរកឃើញ​នេះ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Astrophysical Journal Letters កាលពី​ថ្ងៃទី 29 មីនា។

    ព្រឹត្តិការណ៍​ខាងលើនេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​សហគមន៍​អ្នក​តារាសាស្ត្រ​អន្តរជាតិ។ ពួកគេ​គណនា​ឃើញថា ព្រឹត្តិការណ៍​នេះ​អាច​កើត​មានតែ​ម្ដងគត់​ក្នុង​មួយ​សហស្ស​វត្សរ៍ និង​ជួយ​ឱ្យ​អ្នកវិទ្យាសាស្ត្រ​ស្រាវជ្រាវ​រក​ប្រភព និង​ការរីកចម្រើន​របស់​​ហេតុការណ៍​ផ្ទុះ​កាំរស្មី gamma (GRB) នានា។

    GRB ត្រូវបាន​ចាត់ទុកថា​ជា​ប្រភេទ​នៃ​ការផ្ទុះ​ដែលមាន​កម្លាំង​ខ្លាំង​បំផុត​ក្នុង​ចក្រវាល បន្ទាប់ពី​ព្រឹត្តិការណ៍ផ្ទុះ Big Bang។ ពួកវា​មាន​ប្រភពពី​ហេតុការណ៍​ផ្ទុះ​ផ្កាយ​ខ្នាត​យក្ស ឬ​ស៊ូ​ពើ​ណូ​វ៉ា (supernova) នៅពេល​ផ្កាយ​ខ្នាត​យក្ស​​មួយ​ដួង​អស់​ថាមពល និង​បែកធ្លាយ​ទៅជា​ផ្កាយ​ណឺត្រុង (neutron star) ឬ​ប្រហោង​ខ្មៅ (black hole)។

    វិទ្យាស្ថាន​រូបវិទ្យា​ថាមពល​ខ្ពស់ (IHEP) របស់​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន រួម​នឹង​អ្នកវិទ្យាសាស្ត្រ​នៃ​អង្គការ​ជាង 30 មកពី​សហរដ្ឋ​អាម៉េរិក អ៊ីតាលី បារាំង និង​អាល្លឺម៉ង់ បានធ្វើការ​វាស់វែង​យ៉ាង​​សុក្រឹត​ទៅលើ​ការបញ្ចេញ​រស្មី​របស់​​ហេតុការណ៍​ផ្ទុះ​ធំ​មិន​ធ្លាប់​បានឃើញ​នេះ ​ដោយ​ប្រើប្រាស់​តេ​ឡេ​ស្កុប​អវកាស Insight-HXMT និង GECAM-C។

    ក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញថា ក្នុង​រយៈពេល​មួយ​នាទី ការផ្ទុះ GRB 221009A បញ្ចេញ​ថាមពល​ប្រហាក់ប្រហែល​នឹង​ថាមពល​របស់​ព្រះអាទិត្យ​ចំនួន 10,000 ដួង ដែល​បញ្ចេញ​ក្នុង​រយៈពេល​រាប់ពាន់​លាន​ឆ្នាំ​​ ​ដោយ​ប្រើប្រាស់​ប្រតិកម្ម​នុយ​ក្លេ​អែរ​សរុប។

    ប្រធាន​ក្រុម​ស្រាវជ្រាវ​ប្រចាំ IHEP នៃ​គម្រោង GECAM-C បានឱ្យដឹងថា GRB 221009A បាន​បំណែក​កំណត់ត្រា​ស្ដីពី​វិសាល​ភាព​នៃ​​ពន្លឺ​របស់​​ហេតុការណ៍​ផ្ទុះ​កាំរស្មី gamma នាពេល​កន្លង ដោយ​ខ្លាំង​ជាង 50 ដង។

    ចាប់តាំងពី​បាន​ស្គាល់ GRB កាលពី​ឆ្នាំ 1967 អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ព្រឹត្តិការណ៍​បែបនេះ​ជិត 10,000 ករណី ដែល​ពួកវា​កើតឡើង​ដោយសារ​ការ​បែកធ្លាយ​របស់​តារា​ខ្នាត​ធំ ឬ​ការ​ប៉ះគ្នា​របស់​វត្ថុ​អវកាស​ខ្នាត​យក្ស មានដូចជា​ប្រហោង​ខ្មៅ និង​តារា​ណឺត្រុង​ជាដើម៕

  • Nokia រៀប​ផែន​ការនាំ​អ៊ី​ន​ធើ​ណិ​ត 4G ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ

    Nokia រៀប​ផែន​ការនាំ​អ៊ី​ន​ធើ​ណិ​ត 4G ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ

    ក្រុមហ៊ុន​បច្ចេកវិទ្យា Nokia នឹង​នាំយក​បណ្ដាញ​អ៊ី​ន​ធើ​ណិ​ត 4G ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​តាមរយៈ​រ៉ុក្កែត SpaceX នៅ​ចុងឆ្នាំ 2023 ក្នុងទិសដៅ​ផ្គត់ផ្គង់​សម្រាប់​តម្រូវការ​ទំនាក់ទំនង​របស់​មនុស្ស​ក្នុង​ទី​អវកាស។

    Luis Maestro Ruiz De Temino ប្រធាន​វិស្វករ​របស់ Nokia បានឱ្យដឹងថា ក្រុមហ៊ុន​នេះ​នឹង​ចាប់ផ្ដើម​រៀប​គម្រោង​នាំយក​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត 4G ឡើងទៅ​ដាក់​លើ​ឋាន​ព្រះ​ចន្ទ​ក្នុងអំឡុង​ប៉ុន្មាន​ខែ​ខាងមុខ។ ផែនការ​នេះ​គ្រោង​នឹង​សម្រេចបាន​នៅ​ចុងឆ្នាំ 2023។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន CNBC។

    ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត 4G របស់ Nokia នឹង​ត្រូវបាន​ផ្គត់ផ្គង់​ដោយ​ស្ថានីយ​មួយ​ដែលមាន​អង់​តែ​ន។ ស្ថានីយ​នេះ​នឹងត្រូវ​បាន​ដំឡើង​ក្នុង​យាន​ចុះចត​លើ​ព្រះ​ចន្ទ Nova-C ដែល​រចនា​ដោយ​ក្រុមហ៊ុន​អវកាស​អាម៉េរិក Intuitive Machines។ យាន​បើកបរ​ស្វ័យប្រវត្ត​លើដី​ព្រះ​ចន្ទ​មួយគ្រឿង​ដែល​ដំណើរការ​ដោយ​ថាមពលព្រះអាទិត្យ​ក៏​នឹងត្រូវ​បានដាក់​ឱ្យ​ដំណើរការ។

    យោងតាម Nokia ការតភ្ជាប់​ប្រព័ន្ធ LTE នឹង​ត្រូវបាន​បង្កើតឡើង​រវាង​យានអវកាស និង​យាន​ចុះចត។ យាន​ចុះចត​នឹង​ត្រូវបាន​បញ្ចេញ​ពី​រ៉ុក្កែត SpaceX ហើយ​ចុះចត​លើ​មាត់​ភ្នំភ្លើង Shackleton នៅ​ភាគខាងត្បូង​ឋាន​ព្រះ​ចន្ទ។

    ក្រុមហ៊ុន Nokia ឱ្យដឹងថា ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​ក្នុង​បេសកកម្ម​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ Artemis 1 របស់​ណា​សា។ ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​នេះ​មិន​ត្រឹមតែ​អនុញ្ញាតឱ្យ​អ្នក​អវកាស​ទាក់ទង​គ្នា​បាន​នោះទេ តែ​ក៏​នឹង​ជួយ​គាំទ្រ​ដល់​ភារកិច្ច​មួយចំនួន​មានដូចជា ការបញ្ជា​យាន​ស្វ័យប្រវត្ត​ពី​ចម្ងាយ ការបញ្ជូន​វីដេអូ​ផ្សាយ​ផ្ទាល់ និង​ការផ្ញើ​ទិន្នន័យ​ពី​ព្រះ​ចន្ទ​មកកាន់​ផែនដីភ្លាមៗផងដែរ។

    មួយ​ក្នុងចំណោម​ការរំពឹង​ធំជាងគេ​របស់ Nokia នៅក្នុង​បេសកកម្ម​បង្កើត​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​លើ​ឋាន​ព្រះ​ចន្ទ គឺ​ការស្វែងរក​ទឹកកក​នៅលើ​ផ្ទៃ​របស់​ពិភព​រណប​មួយ​នេះ៕

  • Tesla យកឈ្នះ​លើ VW, BMW និង Mercedes ក្លាយជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណិត​លេខ​មួយ​នៅ​អាម៉េរិក

    Tesla យកឈ្នះ​លើ VW, BMW និង Mercedes ក្លាយជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណិត​លេខ​មួយ​នៅ​អាម៉េរិក

    ការសម្រេចចិត្ត​បញ្ចុះតម្លៃ​រាល់​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​របស់ Tesla នៅ​សហរដ្ឋ​អាម៉េរិក កាលពី​ខែមករា​កន្លងទៅ បាន​នាំឱ្យ​មានការ​លក់ដាច់​ខ្លាំង​ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ 2023។

    ការលក់​រថយន្ត​រប​ស់ Tesla នៅ​ទីផ្សារ​អាម៉េរិក​ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំនេះ គ្រោង​នឹង​សម្រេចបាន 180,000 គ្រឿង ដែល​នេះ​​នឹង​ជា​ត្រីមាស​ដែល​បង្កើតបាន​កំណត់ត្រា​នៅ​ទីផ្សារ​អាម៉េរិក ហើយក៏​ជា​កំណើន​ខ្ពស់​ជិត 40% ធៀប​នឹង​ត្រីមាស​ទីមួយ​ឆ្នាំ 2022។

    Tesla ក៏​នឹង​ក្លាយជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណិត​លំដាប់​លេខ​មួយ​នៅ​សហរដ្ឋ​អាម៉េរិក​ក្នុង​ត្រីមាស​នេះ ដោយ​លក់​រថយន្ត​បាន​ច្រើនជាង​ទ្វេដង ធៀប​នឹង BMW ឬ Mercedes-Benz។ ក្រុមហ៊ុន​អាល្លឺម៉ង់​ទាំងពីរ​នេះ លក់​រថយន្ត​អគ្គិសនី​លំដាប់​ប្រណិត​បាន​ជាង 162,000 គ្រឿង ហើយ​នៅតែ​ទាប​ជាង​ប្រហែល 18,000 គ្រឿង ធៀប​នឹង Tesla ម្នាក់ឯង។

    ការកាន់កាប់​បាន 5.1% នៃ​ទីផ្សារនៅ​សហរដ្ឋ​​​អាម៉េរិក ក៏​នឹង​ជួយ​ឱ្យ Tesla ឈរ​ពីលើ​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​ធម្មតា មានដូចជា Mazda, Subaru រួមទាំង​សាជីវកម្ម Volswagen ដែល​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Audi, Bentley, Lamborghini, Porsche និង Volkswagen ផងដែរ​។

  • កម្ពុជា​បំបាក់មុខ​វៀតណាម​នៅ​ពានរង្វាន់​ក្បាច់គុន Vovinam

    កម្ពុជា​បំបាក់មុខ​វៀតណាម​នៅ​ពានរង្វាន់​ក្បាច់គុន Vovinam

    នៅឯ​ពានរង្វាន់​ក្បាច់គុន Vovinam អាស៊ីអាគ្នេយ៍ 2023 ម្ចាស់ផ្ទះ​កម្ពុជា​ដណ្ដើមបាន​មេដាយ​ចំនួន 28 គ្រឿង ក្នុងនោះ​មាន​មេដាយមាស​ចំនួន 10 គ្រឿង ហើយ​ឈរ​លំដាប់​លើ​គេ​បង្អស់។

    នៅមុន​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 (2023 Southeast Asian Games ឬ SEA Games 32) ពានរង្វាន់​មិត្តភាព​អន្តរជាតិ និង​ពានរង្វាន់​ផ្លូវការ​ជាច្រើន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ក៏ត្រូវ​បាន​បើក​ការប្រកួត​ក្នុង​បំណង​បង្កើន និង​វាយតម្លៃ​ឡើងវិញ​នូវ​គុណភាព សមត្ថភាព​របស់​កីឡាករ អត្ត​ព​លិ​ក ក៏ដូចជា​ស្ទាបស្ទង់​សមត្ថភាព​របស់​គូប្រកួត​ជាដើម ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​នៅ SEA Games 32 ដែល​នឹង​ធ្វើឡើង​នៅ​ខែឧសភា 2023 លើ​ទឹកដី​កម្ពុជា។

    ថ្មីៗនេះ ពានរង្វាន់​លំដាប់​តំបន់ «Vovinam» ដែលជា «ក្បាច់​គុនជាតិ» របស់​ប្រទេស​វៀតណាម​ក៏​ទើបតែ​បានបញ្ចប់​នៅក្នុង​រាជធានី​ភ្នំពេញ។ យោងតាម​ប្រកាស​របស់​គណៈកម្មការ ម្ចាស់ផ្ទះ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ ដោយ​ដណ្ដើមបាន​មេដាយ​សរុប 28 គ្រឿង ក្នុងនោះ​មាន​មេដាយមាស​ចំនួន 10 គ្រឿង, មេដាយប្រាក់​ចំនួន 9 គ្រឿង និង​មេដាយ​សំរឹទ្ធ​ចំនួន 9 គ្រឿង។

    ចំណែក​វៀតណាម បើទោះជា​ម្ចាស់ និង​ឈរ​លំដាប់​លេខ​មួយ​ក្នុង​វិញ្ញាសា​ក្បាច់គុន Vovinam នៅ SEA Games 31 ត្រូវ​ឈរ​លំដាប់​ទី​ពីរ​ក្នុងការ​ប្រកួត​នេះ។ ក៏ប៉ុន្តែ នេះ​គ្រាន់តែ​ជាការ​ប្រកួត​មុន SEA Games 32 ដូច្នេះ​មិនទាន់​អាច​វាយតម្លៃ​ជា​ផ្លូវការ។ ក្រុម​របស់​វៀតណាម រកបាន​មេដាយ​សរុប 19 គ្រឿង ក្នុងនោះ​មាន​មេដាយមាស 8 គ្រឿង, មេដាយប្រាក់ 11 គ្រឿង នៅក្នុង​ការប្រកួត​រយៈ​ពេល​បី​ថ្ងៃ។

    ចំណាត់ថ្នាក់​បន្ទាប់​គឺ មី​យ៉ាន់​ម៉ា ដោយ​ដណ្ដើមបាន​មេដាយមាស 5 គ្រឿង ប្រាក់ 4 គ្រឿង និង​សំរឹទ្ធ 21 គ្រឿង, ថៃ​រកបាន​មេដាយមាស 3 គ្រឿង ប្រាក់ 5 គ្រឿង និង​សំរឹទ្ធ 4 គ្រឿង ខណៈ​ឥណ្ឌូណេស៊ី​ដណ្ដើមបាន​មេដាយមាស 3 គ្រឿង និង​សំរឹទ្ធ 15 គ្រឿង។

    នៅ SEA Games 32 ដែល​នឹង​ធ្វើឡើង​នៅ​ខែឧសភា​ខាងមុខ វិញ្ញាសា Vovinam ក៏​នឹងមាន​មេដាយ​សរុប​ចំនួន 30 ឈុត ជាមួយនឹង​វិញ្ញាសា​ចំនួន​ពីរ​គឺ ការសម្ដែង និង​ការប្រកួត៕

  • ព្រះ​ចន្ទ​អាចមាន​លាក់​ទឹករហូត​ដល់ 270 ទ្រី​លាន​គីឡូក្រាម

    ព្រះ​ចន្ទ​អាចមាន​លាក់​ទឹករហូត​ដល់ 270 ទ្រី​លាន​គីឡូក្រាម

    គ្រាប់​កែវល្អិតៗនៅក្នុង​ដី​ព្រះ​ចន្ទ​ផ្ទុក​ទឹក​យ៉ាងច្រើន ដែល​អាច​​ក្លាយជា​ប្រភពធនធាន​មាន​ផលប្រយោជន៍​សម្រាប់​ការទាញយក​មកប្រើប្រាស់​របស់​ក្រុម​អវកាស​ចរ​នាពេល​អនាគត។

    ផ្ទៃ​ព្រះ​ចន្ទ​ពោរពេញ​ដោយ​គ្រាប់​កែវ​ល្អិត។ ពួកវា​កើតឡើង​ដោយការ​​ឆ្លង​កាត់​ពេលវេលា​រាប់ពាន់​លាន​ឆ្នាំ នៅពេល​ដី​ជះ​ចេញពី​ការប៉ះទង្គិច​ជាមួយ​អាចម៍ផ្កាយ​បាន​ចុះ​ត្រជាក់ ហើយ​ធ្លាក់​ត្រលប់​មកលើ​ព្រះ​ចន្ទ។ ការវិភាគ​សំណាក​ដី​ព្រះ​ចន្ទ​ដែល​យាន Chang’e 5 របស់​ប្រទេស​ចិន​បាន​យកមក​ពី​ឋាន​ព្រះ​ចន្ទ បង្ហាញថា គ្រាប់​កែវ​ល្អិតៗ​​ខាងលើនេះ​មានទឹក​ច្រើន​គួរសម។ ការរកឃើញ​នេះ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Nature Geoscience កាលពី​ថ្ងៃទី 27 មីនា 2023។

    អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ភស្ដុតាង​ជាច្រើន​ដង​មកហើយ​ស្ដីពី​ទឹក​នៅលើ​ឋាន​ព្រះ​ចន្ទ។ ក៏ប៉ុន្តែ ប្រភព និង​លក្ខណៈពិសេស​របស់​ទឹក​នៅ​ឋាន​រណប​មួយ​នេះ​ នៅមាន​អាថ៌កំបាំង​នៅឡើយ។ បណ្ដា​គ្រាប់​កែវ​ល្អិត​ដែល​បាន​រកឃើញ​ក្នុង​ដី​ព្រះ​ចន្ទ 1,731 ក្រាម ដែល​យាន​របស់​ចិន​នាំយក​មកកាន់​ផែនដី​កាលពី​ខែធ្នូ 2020 អាចជា​ចម្លើយ​បំពេញបន្ថែម​សម្រាប់​​​សំណួរ​ខាងលើនេះ។

    អ្នកវិទ្យាសាស្ត្រ​យល់ថា កាលពី​រាប់ពាន់​លាន​ឆ្នាំមុន ព្រះ​ចន្ទ​ទំនងជា​ស្ងួត​ទាំងស្រុង។ ប៉ុន្តែ ក្រោយពី​ទទួលរង​ឥទ្ធិពល​ពី​ខ្យល់​ព្រះអាទិត្យ (ជំនោរ​ភាគល្អិត​​ផ្ទុក​អគ្គិសនី​ដែល​ជះ​ចេញពី​ព្រះអាទិត្យ) ក្នុង​រយៈពេល​យូរ ទឹក​ក៏​ចាប់ផ្ដើម​កកើត​នៅក្នុង​បណ្ដា​ស្រទាប់​លើ​របស់​ព្រះ​ចន្ទ។ ប្រតិកម្ម​នេះ​នៅ​កើតមាន​រហូតដល់​សព្វ​ថ្ងៃ នៅពេលដែល​អាតូម​អ៊ីដ្រូសែន​ក្នុង​ខ្យល់​ព្រះអាទិត្យ​ភ្ជាប់​ជាមួយ​ម៉ូលីគុល​​អុកស៊ីសែន​ក្នុង​ដី​​ព្រះ​ចន្ទ និង​បង្កើតបាន​ម៉ូ​លី​គុល​ទឹក។ នេះ​គឺជា​ការចាប់ផ្ដើម​សម្រាប់​វដ្ដ​របស់​ទឹក​នៅលើ​ឋាន​ព្រះ​ចន្ទ។

    យោងតាម​ការស្រាវជ្រាវ​ថ្មី​របស់​ចិន បរិមាណ​ទឹក​ក្នុង​គ្រាប់​កែវ​ល្អិត​ៗគឺមាន​ច្រើនជាង​ការសន្និដ្ឋាន​កន្លងមក។ ក្រុម​អ្នកវិទ្យាសាស្ត្រ​គណនា​ឃើញថា ទឹក​ប្រហែល 270 ទ្រី​លាន​គីឡូក្រាម​ទំនង​កំពុង​ជាប់​នៅក្នុង​ដីស្រទាប់លើ​បង្អស់​ដែលមាន​កម្រាស់ 12 ម៉ែត្រ​របស់​ព្រះ​ចន្ទ។

    អ្នកវិទ្យាសាស្ត្រ​យល់ថា គ្រាប់​កែវ​ល្អិត​ៗ​នៅលើ​ឋាន​ព្រះ​ចន្ទ​អាចជា​ប្រភពធនធាន​ដែល​អាច​ត្រូវបាន​ក្រុម​អ្នក​អវកាស​ទាញ​យកមកប្រើ​នាពេល​អនាគត និង​អាចជួយ​ដល់​ការផលិត​ឥន្ធនៈ​សម្រាប់​រ៉ុក្កែត​នៅលើ​ឋាន​ព្រះ​ចន្ទ បម្រើ​ដល់​​បេសកកម្ម​ហោះហើរ​ផ្លូវ​ឆ្ងាយ​ក្នុង​ទឹក​អវកាស៕

  • ក្រុមហ៊ុន​អូស្ត្រាលី​ផលិត​សាច់​បណ្ដុះ​ដែល​មាន​ផ្ទុក DNA របស់​ដំរី​ដែល​បាន​ផុត​ពូជ​

    ក្រុមហ៊ុន​អូស្ត្រាលី​ផលិត​សាច់​បណ្ដុះ​ដែល​មាន​ផ្ទុក DNA របស់​ដំរី​ដែល​បាន​ផុត​ពូជ​

    ក្រុមហ៊ុន Vow ផលិត​សាច់​ដំរី​មេមម៉តដែល​បាន​ផុត​ពូជ​តាំង​ពីយូរ ដើម្បី​បញ្ជាក់​អំពី​សក្ដានុពល​របស់​សាច់ដែល​បណ្ដុះ​ពី​កោសិកា។

    Vow សហការ​ជាមួយ​សាស្ត្រាចារ្យ​ Ernst Wolvetang មក​ពី​វិទ្យាស្ថាន​បច្ចេកទេស​ជីវសាស្ត្រអូស្ត្រាលី នៃ​សាកលវិទ្យាល័យ​ Queensland ដើម្បី​បង្កើត​ប្រូតេអ៊ីន​សាច់​ដុំ​ដំរី​មេមម៉ត (Mammoth)។ ក្រុម​ស្រាវជ្រាវ​បានរៀប​លំដាប់​​ DNA ​សម្រាប់​ប្រូតេអ៊ីន myoglobin របស់​ដំរី​មេមម៉ត ដែល​ជា​ប្រូតេអ៊ីន​សាច់​ដុំ​សំខាន់​ជាង​គេ​បង្អស់​​ផ្ដល់​រស​ជាតិ​ជា​សាច់​ និង​ប្រើ​ប្រាស់​ DNA ដើម្បី​បន្ថែម​ទៅ​កន្លែង​ដែល​មិន​ពេញលេញ​។ លំដាប់​ DNA នេះ​ ក្រោយ​មក​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​កោសិកាដើម fibroblast ដែល​យក​ពី​សត្វ​ចៀម ហើយ​បណ្ដុះ​ឱ្យ​បាន​ច្រើន​ជាង​មុន​ 20 ពាន់​លាន​កោសិកា​ដែល​ក្រុម​ហ៊ុន​ប្រើប្រាស់​ក្នុងការ​បណ្ដុះ​សាច់​ដំរី​មេមម៉ត។

    យោង​តាមលោក Wolvetang វិធី​សាស្ត្រ​នេះ​ផ្ដល់​លទ្ធផល​យ៉ាង​ឆាប់​រហ័ស​ និង​ងាយស្រួល​ ដោយ​ចំណាយ​ពេល​តែ​ពីរ​សប្ដាហ៍ប៉ុណ្ណោះ​។ លោក​បន្ត​ថា គ្រប់​គ្នា​នឹង​រារែក​ក្នុង​ការ​បរិភោគ​សាច់​ដំរី​មេមម៉ត ព្រោះ​តែ​វា​ចម្លែក​ និង​នៅ​ថ្មី​ថ្មោង​។ ក៏ប៉ុន្តែ បើ​គិត​អំពី​បរិស្ថាន និង​មនុស្សធម៌​ លោក Wolvetang យល់​ថា សាច់​បណ្ដុះ​ក្នុង​បន្ទប់​ពិសោធន៍​ពិត​ជា​មាន​ន័យ​។

    រូបរាង​របស់​ដំរីមេមម៉ត​ដែល​បាន​ផុតពូជា​អស់​កាល​ជាយូរ​មក​ហើយ

    គម្រោង​ខាងលើ​នេះត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​បំណង​បញ្ជាក់​អំពី​សក្ដានុពល​របស់​សាច់​បណ្ដុះ​ពី​កោសិកា​ដោយ​មិន​​ចាំបាច់​សម្លាប់​សត្វ​ ទន្ទឹម​នឹង​ការ​បង្ហាញ​អំពី​ទំនាក់​ទំនង​រវាង​ការ​ផុត​ពូជ​របស់​សត្វ​ព្រៃ​ និង​វិបត្តិ​អាកាសធាតុ​។ ប្រហិត​សាច់​ដំរី​មេមម៉ត​ត្រូវ​បាន​បង្ហាញ​កាល​ពី​ថ្ងៃទី 28 មីនា​នៅ Nemo ដែល​ជា​សារមន្ទីរ​វិទ្យា​សាស្ត្រ​របស់​ប្រទេស​ហូឡង់​៕

  • Ford Ranger Wildtrak ជំនួយការដ៏ឆ្លាតវៃសម្រាប់អ្នកចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង

    Ford Ranger Wildtrak ជំនួយការដ៏ឆ្លាតវៃសម្រាប់អ្នកចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង

    [ភ្នំពេញ: ថ្ងៃទី២៩​ ខែមិនា ឆ្នាំ២០២៣] មនុស្សជាច្រើនតែងគិតថា​ រថយន្ត Pickup ជារថយន្តដែលប្រើសម្រាប់​តែការដឹកទំនិញ លើកដាក់ឥវ៉ាន់តែប៉ុណ្ណោះ តែធាតុពិតទៅ រថយន្ត Pick​up អាចប្រើប្រាស់ក្នុងគោលបំណងច្រើន​យ៉ាង ជាពិសេសសម្រាប់អ្នកដែលចង់សម្រាកពីការងារ បំបាត់ភាពស្មុគស្មាញ និងបរិយាកាសដ៏អាប់អួរនៅក្នុងទីក្រុង មកផ្លាស់ប្តូររសជាតិជីវិតជាមួយនឹងការរស់នៅជាមួយធម្មជាតិ ព្រៃព្រឹក្សាដោយការទៅបោះតង់ក្នុងព្រៃ ឬរមណីយដ្ឋានធម្មជាតិនានា។​ យ៉ាងណាមិញ ដើម្បីអោយដំណើរកម្សាន្តនេះប្រព្រឹត្តទៅបានរលូន ទាមទារអោយលោកអ្នកជ្រើសរើសជំនួយការដែលស័ក្តិសមមួយ។

    ថ្ងៃនេះយើងសូមណែនាំនូវ រថយន្ត Pick​up មួយប្រភេទដែលកំពុងទទួលបានការពេញនិយម ពីសំណាក់បងប្អូន ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស នោះគឺរថយន្ត Ford Ranger Wildtrak ស៊េរីឆ្នាំ​ 2023 ដែលត្រូវបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង និងបានបំពាក់នូវបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពថ្មីៗជំនាន់ចុងក្រោយ ហើយជារថយន្តដែលអាចប្រើបានគ្រប់គោលបំណងជាពិសេសសម្រាប់ដំណើរកម្សាន្តបែបផ្សងព្រេង​។​

    រថយន្ត Ford Ranger Wildtrak​ ស៊េរីឆ្នាំ ២០២៣ នេះ ត្រូវបានរចនាម៉ូដថ្មីស្រឡាង ធំជាងមុន​​ ទូលាយជាងមុន។​ មិនតែប៉ុណ្ណោះ  ឃ្លុបខាងក្រោយនៃរថយន្តនេះក៏មានទំហំធំ ហើយធូរងាយស្រួលបិទ/បើកជាងមុនផងដែរ ជាមួយនឹងតែមអក្សរផុស Ranger​ ធ្វើអោយរថយន្តមួយនេះកាន់តែមានអំណាច។ ​បន្ថែមលើនេះទៅទៀត ឃ្លុបខាងក្រោយនៃរថយន្តនេះក៏បានប្រើប្រាស់នូវជ័រក្រាលបាតស៊េរីថ្មី (Bedliner) ទំហំធំជាងមុនអាចដាក់ប៉ាឡែតឈើ ស្តង់ដារអឺរ៉ុប (Full-sized Euro Pallet) និងមានទម្ពក់សម្រាប់ថ្ពក់ខ្សែចងរឹតឥវ៉ាន់ថែមទៀតផង។

    ជាងនេះទៅទៀត ឃ្លុបខាងក្រោយនៃរថយន្តនេះក៏មានបន្ទាត់ម៉ែត្រក្រិត និងអាចភ្ជាប់ជាមួយឧបករណ៍គ្រីបឈើប្រៀបបានដូចជារោងជាងចល័តមួយនៅក្បែរលោកអ្នក។ រថយន្តនេះក៏បានបំពាក់មកជាមួយនូវឈ្នាន់ជាន់ផ្នែកចំហៀងខាងក្រោយ ដែលកាន់តែផ្តល់ភាពងាយស្រួលខ្លាំងជាងមុន ​សម្រាប់ការឡើង និងចុះរថយន្ត ដោយមិនចាំបាច់ឡើងតាមកង់រថយន្តទៀតទេ។

    គួរបញ្ជាក់ផងដែរថា​ ឃ្លុបក្រោយរបស់រថយន្តនេះក៏បានបំពាក់មកជាមួយនូវ រន្ធសម្រាប់សាកថ្មដែលមានកម្លាំង 12V/180W និងរន្ធព្រីភ្លើងកម្លាំង ដល់ទៅ 220V/400W អាចភ្ជាប់ជាមួយនឹងឧបករណ៍អេឡិចត្រូនិចផ្សេងៗ ជាពិសេសងាយស្រួលក្នុងការងារ និងដំណើរកម្សាន្តបែបផ្សងព្រេងជាដើម។

    ចំណុចដែលកាន់តែពិសេសលើសរថយន្ត Pickup ដទៃនោះគឺ ឃ្លុបខាងក្រោយនៃរថយន្តនេះ ក៏មានទំហំធំទូលាយ អាចដាក់សម្ភារបានកាន់តែច្រើនជាងមុន និងមានកន្លែងសម្រាប់ភ្ជាប់ជាមួយរបាឈើសម្រាប់បែងចែកសម្ភារផ្នែកខាងក្រោយ និងជួយមិនអោយសម្ភាររមៀលចុះឡើងពេលរថយន្តជាន់ហ្វ្រាំងថែមទៀតផង។​ ​

    ដំណើរកម្សាន្តដ៏អស្ចា្យ តែងតែមានជំនួយការដ៏ឆ្លាតវៃនោះគឺ រថយន្ត​ Ford Ranger Wildtrak​ ស៊េរីឆ្នាំ ២០២៣។