ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន Modvion នៅប្រទេសស៊ុយអែត កំពុងតែប្រើប្រាស់ភាពធន់របស់ឈើ ដើម្បីបង្កើតកង្ហារផលិតអគ្គិសនីពីកម្លាំងខ្យល់។
ទួរប៊ីនខ្យល់ធ្វើពីឈើខ្ពស់ជាងគេលើពិភពលោករបស់ Modvion ត្រូវបានផលិតឡើងទៅតាមការបញ្ជាទិញពីក្រុមហ៊ុនថាមពល Varberg Energi នៅប្រទេសស៊ុយអែត។ កង្ហារផលិតអគ្គិសនីពីកម្លាំងខ្យល់នេះមានកម្ពស់ 150 ម៉ែត្រ បើគិតទាំងប្រវែងរបស់ស្លាបកង្ហារ។ ទួរប៊ីននេះត្រូវបានផលិតជាម៉ូឌុល និងអាចដំឡើងជារូបរាងចុងក្រោយដោយប្រើប្រាស់កាវពិសេស ជំនួសឱ្យខ្ចៅ។
តាមគម្រោង កង្ហារផលិតអគ្គិសនីពីថាមពលខ្យល់ដែលមានកម្លាំង 2 ម៉េហ្គាវ៉ាត់នេះ នឹងត្រូវបានដឹកទៅកាន់ Skara នៃប្រទេសស៊ុយអែត នៅក្នុងឆ្នាំនេះ។
បន្ទាប់ពីឈប់ដំណើរការ ទួរប៊ីនខ្យល់នេះអាចត្រូវបានប្រើប្រាស់ឡើងវិញនៅក្នុងគម្រោងដទៃ។ កន្លងមក ក្រុមហ៊ុន Modvion ក៏បានដំឡើងទួរប៊ីនឈើគំរូមួយដែលផលិតកាលពីឆ្នាំ 2020 នៅលើកោះ Bjorko របស់ប្រទេសស៊ុយអែត៕