Tag: Youtube

  • ប្រព័ន្ធ Li-Fi លឿន​ជាង Wi-Fi 100 ដង

    ប្រព័ន្ធ Li-Fi លឿន​ជាង Wi-Fi 100 ដង

    Li-Fi ដែលជា​ស្ដង់ដា​បញ្ជូន​ទិន្នន័យ​ដោយ​មិន​ប្រើប្រាស់​ខ្សែ 802.11bb មាន​ល្បឿន 224 Gb/វិនាទី លឿន​ជាង 100 ដង បើ​ធៀប​នឹង Wi-Fi បច្ចុប្បន្ន។

    យោងតាម​ប្រកាស​កាលពី​ថ្ងៃទី 13 កក្កដា 2023 ​របស់​ស​មា​គម​វិស្វករ​អគ្គិសនី និង​អេ​ឡិច​ត្រូ​និ​ច (IEEE) ប្រព័ន្ធ 802.11bb ត្រូវបាន​ដាក់ចូល​ទៅក្នុង​បញ្ជី​ស្ដង់ដា​នៃ​ការបញ្ជូន​ទិន្នន័យ​តាម​អ៊ី​ន​ធើ​ណិ​ត​ដោយ​មិន​ប្រើ​ខ្សែ​ប្រភេទ​ថ្មី។ ប្រការនេះ​នឹង​ជួយ​បង្កើនល្បឿន​នៃ​ការដាក់​ពង្រាយ និង​ការ​បញ្ចូល​ស្ដង់ដា​បច្ចេកវិទ្យា​បញ្ជូន​ទិន្នន័យ​ថ្មី​នេះ​ទៅក្នុង​ជីវភាព​ប្រចាំថ្ងៃ។

    បច្ចុប្បន្ន ស្ដង់ដា​ថ្មី​បំផុត​របស់ Wi-Fi បាន​វិ​វត្ត​ឡើងដល់​កម្រិត 802.11be ដែល​ត្រូវបាន​ហៅថា Wi-Fi 7 ដោយមាន​ល្បឿន​ខ្ពស់បំផុតត្រឹម​ 30 Gb/វិនាទី លឿន​ជាង​បី​ដង​ធៀប​នឹង​កម្រិត 9.7 Gb/វិនាទី​នៅលើ Wi-Fi 6។ ចំណែក​ស្ដង់ដា Wi-Fi ដែល​ពេញនិយម​នាបច្ចុប្បន្ន​គឺ 2.4 GHz និង 5 GHz ដែលមាន​ល្បឿន​ប្រហែល​ពី 200 Mb/វិនាទី ទៅ 1.3 Gb/វិនាទី។

    ក្នុង​គ្រា​ដែល Wi-Fi ប្រើប្រាស់​រលក​វិទ្យុ (RF) ដើម្បី​បញ្ជូន​ទិន្នន័យ Li-Fi ឯណោះ​វិញ​ប្រើប្រាស់​បច្ចេកវិទ្យា​រល​ក​ពន្លឺ​តាមរយៈ​អំពូល​ភ្លើង LED។ Li-Fi មិន​ត្រឹមតែ​បញ្ជូន​ទិន្នន័យ​បាន​លឿន​ខ្លាំង (224 Gb/វិនាទី) នោះទេ តែ​ក៏​មិន​បង្ក​ការរំខាន​ដល់​ឧបករណ៍​វេជ្ជសាស្ត្រ និង​មិន​ប៉ះពាល់​ដល់​រលក​វិទ្យុ​ដែល​មាននា​បច្ចុប្បន្ន។

    https://www.youtube.com/watch?v=ty1Q_2ORLLk

    ទោះជា​យ៉ាងណាក៏ដោយ Li-Fi ក៏​នៅតែមាន​ចំណុចខ្សោយ។ នៅពេល​មាន​ឧបសគ្គ​​ដូចជា​ជញ្ជាំង ឬ​កន្លែង​ពុំមាន​ពន្លឺ​ជាដើម ការបញ្ជូន​ទិន្នន័យ​ក៏ត្រូវ​ជួប​បញ្ហា។

    មកដល់ពេលនេះ មាន​ក្រុមហ៊ុន​មួយចំនួន​បានចាប់ផ្ដើម​ផលិត​ម៉ូឌុល Li-Fi សម្រាប់​បណ្ដា​ឧបករណ៍​បញ្ចេញ​រលកសញ្ញា និង​ឧបករណ៍​ត​ភ្ជាប់។ ក្នុងនោះ ក្រុម​ហ៊ុន pureLiFi ផ្គត់ផ្គង់​ម៉ូឌុល Light Antenna ONE សម្រាប់​បណ្ដា OEM (original equipment manufacturer) ធ្វើការ​ប្រើប្រាស់​សាកល្បង និង​វាយតម្លៃ។ បណ្ដា​ឧបករណ៍ Li-Fi ពាណិជ្ជកម្ម​អាច​នឹង​បង្ហាញខ្លួន​ជា​លើកដំបូង​នៅក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍បច្ចេក​វិទ្យា​ MWC 2024 នៅ​ប្រទេស​អេ​ស្ប៉ា​ញ​នាពេលខាងមុខ៕

  • Tom Cruise មិន​ប្រើប្រាស់​កម្មវិធី​ធ្វើ​រូបភាព​ឱ្យ​ក្មេង​ជាង​វ័យ​ក្នុង​រឿង «Mission: Impossible 7»

    Tom Cruise មិន​ប្រើប្រាស់​កម្មវិធី​ធ្វើ​រូបភាព​ឱ្យ​ក្មេង​ជាង​វ័យ​ក្នុង​រឿង «Mission: Impossible 7»

    អ្នកដឹកនាំ​រឿង «Mission: Impossible 7» និយាយថា មិន​ប្រើប្រាស់​កម្មវិធី​បំប្លែង​រូបភាព Tom Cruise ឱ្យ​ក្មេង​ជាង​វ័យ ដោយ​យល់ថា បច្ចេកវិទ្យា​មិនអាច​ជួយ​ដល់​ភាពយន្ត​នៅក្នុង​បញ្ហា​នេះ។

    នៅលើ​ទំព័រ GamesRadar+ និង Total Film កាលពី​ថ្ងៃទី 12 កក្កដា Christopher McQuarrie ដែលជា​អ្នក​ដឹក​រឿង Mission: Impossible – Dead Reckoning Part One («Mission: Impossible 7») បានឱ្យដឹងថា ដំបូង​ឡើយ ក្រុមការងារ​ប្រុង​ប្រើប្រាស់​កម្មវិធី​កុំព្យូទ័រ​សម្រាប់​ទិដ្ឋភាព​បើកឆាក ដែលជា​ឈុត​ឆាក​រម្លឹក​អំពី​តួអង្គ​សំខាន់ Ethan Hunt (សម្ដែង​ដោយ Tom Cruise) កាលពី​ឆ្នាំ 1989។

    ក្រោយពី​បាន​ពិចារណា McQuarrie យល់ថា លោក​មិន​ចូលចិត្ត​ការប្រើប្រាស់​បច្ចេក​វិទ្យា​កុំព្យូទ័រ​ដើម្បី​ធ្វើឱ្យ Tom Cruise ដែលមាន​វ័យ 61 ឆ្នាំ ប្រែជា​កំលោះភ្លាមៗនៅ​លើអេក្រង់។ អ្នកដឹកនាំ​រឿង​រូបនេះ​និយាយថា ប្រការនេះ​ធ្វើឱ្យ​លោក​បាត់បង់​ការផ្ដោត​អារម្មណ៍​សម្រាប់​ខ្លឹមសារ​សំខាន់​របស់​ភាព​យន្ត និង​យល់ថា មិនទាន់​ចាំបាច់។

    បច្ចុប្បន្ន វគ្គ 7 របស់​យីហោ «Mission: Impossible» កំពុង​តែមាន​ស្ថាន​ភាពល្អ​នៅឯ​បញ្ជរ​លក់​សំបុត្រ​នៅ​រោងកុន។ Variety អះអាងថា ភាពយន្ត​របស់ Tom Cruise អាច​រកចំណូលបាន​យ៉ាងតិច 60 ដុល្លារ​អាម៉េរិក​នៅក្នុង 5 ថ្ងៃ​ដំបូង​នៃ​ការចាប់​បញ្ចាំង ហើយ​អាច​ក្លាយជា​វគ្គ​ដែល​រកចំណូលបាន​ច្រើនជាងគេ​របស់ «Mission: Impossible»។

    បច្ចុប្បន្ន ក្រុមការងារ​កំពុងតែ​ផលិត​វគ្គ 8 ដែលមាន​ឈ្មោះថា «Dead Reckoning Part Two» ដែល​ត្រៀម​នឹង​ចាក់​បញ្ចាំង​ក្នុង​​រោងកុន​នៅ​ឆ្នាំក្រោយ។ ចំណែក Tom Cruise វិញ ក៏​កំពុង​ត្រៀមខ្លួន​សម្រាប់​គម្រោង​​ភាពយន្ត​ដែល​ត្រូវ​ថត​នៅ​ទី​អវកាស របស់​អ្នកដឹកនាំ​រឿង Doug Liman៕

  • តំណាងរាស្ត្របក្សប្រឆាំង និងបក្សកាន់អំណាច វាយតប់គ្នាពេលប្រជុំក្នុងសភានៅកូសូវ៉ូ

    តំណាងរាស្ត្របក្សប្រឆាំង និងបក្សកាន់អំណាច វាយតប់គ្នាពេលប្រជុំក្នុងសភានៅកូសូវ៉ូ

    តំណាងរាស្ត្រ​នៅ​កូ​សូ​វ៉ូ សាចទឹកទៅ​​លើ​មេដឹកនាំ​ស្ថាប័ន​អនុវត្ត​ច្បាប់ នាំឱ្យមាន​ហេតុការណ៍​វាយតប់​គ្នា​នៅក្នុង​សភា ក្នុង​កិច្ចប្រជុំ​ស្ដីពី​​សំឡេង​​ជជែក​គ្នា​ដែល​កំពុងមាន​ភាពចម្រូងចម្រាស។

    វីដេអូ​ដែល​ថត​បាន​នៅក្នុង​កិច្ចប្រជុំសភា​កូ​សូ​វ៉ូ កាលពី​ថ្ងៃទី 13 កក្កដា បង្ហាញថា តំណាងរាស្ត្រ​មួយរូប​របស់​បក្សប្រឆាំង​ ​កាន់​ដប​ទឹក​សុទ្ធ និង​ជះ​ទឹក​ទៅលើលោក Albin Kurti ដែល​ជា​ប្រធាន​ស្ថាប័ន​អនុវត្ត​ច្បាប់ និង​អនុប្រធាន​។

    សកម្មភាព​នេះ ភ្លាមៗនោះ​ក៏បាន​ធ្វើឱ្យមាន​អំពើហិង្សា នៅពេល​ក្រុមតំណាងរាស្ត្រ​បក្សប្រឆាំង និង​បក្ស​កាន់អំណាច​សម្រុក​ទៅកាន់​វេទិកា រុញច្រាន និង​វាយតប់​គ្នា។ អំពើហិង្សា​នេះ​បាន​បន្ត​រហូតដល់​ក្រុមប៉ូលិស និង​ក្រុម​អង្គរក្ស​របស់លោក Kurti ចូលមក​ធ្វើ​អន្តរាគមន៍។

    ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅពេលដែល​ក្រុមតំណាងរាស្ត្រ​កូ​សូ​វ៉ូ បើក​កិច្ចប្រជុំ​ស្ដីពី​សំឡេង​ដែល​ត្រូវបាន​សារព័ត៌មាន​ចុះផ្សាយ​កាលពីពេលថ្មីៗនេះ ទាក់ទិន​នឹង​ការជជែក​គ្នា​កាលពី​ខែមិថុនា 2022 រវាង​លោកស្រី Mimoza Kusari-Lila ប្រធាន​បក្ស​កាន់អំណាច Alternativa និង​តំណាងរាស្ត្រ​ជនជាតិ​សែ​ប៊ី Slavko Simic។

    ក្នុង​សំឡេង​ដែល​ថត​បាន​ខាងលើ លោកស្រី Kursari-Lila ឱ្យដឹងថា ធ្លាប់បាន​ជជែក​ជាមួយ Milan Radojcic ដែលជា​មន្ត្រី​ជនជាតិ​សែ​ប៊ី​មួយរូប​ត្រូវបាន​សហរដ្ឋ​អាម៉េរិក​ដាក់ទណ្ឌកម្ម​ព្រោះតែ​ប្រព្រឹត្ត​អំពើពុករលួយ និង​បទល្មើស​ដែលមាន​អង្គការ​ចាត់តាំង។ Radojcic ក៏​ត្រូវបាន​អាជ្ញាធរ​កូ​សូ​វ៉ូ​តាម​ចាប់ខ្លួនផងដែរ​។

    កូ​សូ​វ៉ូ​គឺជា​តំបន់​ផ្ដាច់ខ្លួន​ដែល​ស្ថិតនៅ​ភាគ​និរតី​នៃ​ប្រទេស​សែ​ប៊ី និង​មាន​ផ្ទៃក្រឡា​​ប្រហែល 10,800 គីឡូម៉ែត្រ​ការ៉េ។ តំបន់​នេះ​មាន​ប្រជាជន​ចំនួន 1.8 លាន​នាក់ ដែល​ភាគច្រើន​គឺជា​ជនជាតិ​អាល់​បា​នី។ កូ​សូ​វ៉ូ​បានប្រកាស​ឯករាជ្យ​កាលពី​ឆ្នាំ 2008 ប៉ុន្តែ​​សែ​ប៊ី​មិន​ទទួលស្គាល់។

    ជនជាតិ​សែ​ប៊ី​ប្រហែល 120,000 នាក់​ដែល​រស់នៅក្នុង​តំបន់​ភាគ​ខាងជើង​កូ​សូ​វ៉ូ មិន​ទទួលស្គាល់​អាជ្ញាធរ​នៅ Pristina ដោយ​ពួកគេ​នៅតែ​ស្មោះស្ម័គ្រ​ផ្នែក​នយោបាយ​ជាមួយនឹង​សែ​ប៊ី។ ភាគច្រើន​នៃ​បណ្ដា​ប្រទេស​លោកខាងលិច បានទទួលស្គាល់​ឯករាជ្យ​របស់​កូ​សូ​វ៉ូ ប៉ុន្តែ​តំបន់​នេះ​មិនទាន់​ទទួលបាន​កៅអី​នៅ​អង្គការសហប្រជាជាតិ ដោយសារតែ​មានការ​ជំទាស់​ពី​រុស្ស៊ី និង​ចិន។

     

  • អ្នក​ដំណើរ​លើយន្តហោះ​ចិន ប៉ើង​ដល់​ពិតាន ពេល​ហោះ​ឆ្លង​កាត់​តំបន់​ខ្យល់​កន្ត្រាក់

    អ្នក​ដំណើរ​លើយន្តហោះ​ចិន ប៉ើង​ដល់​ពិតាន ពេល​ហោះ​ឆ្លង​កាត់​តំបន់​ខ្យល់​កន្ត្រាក់

    អ្នកដំណើរ​ម្នាក់ និង​អ្នកបម្រើ​លើ​យន្តហោះ​ម្នាក់​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Air China ត្រូវ​ប៉ើង​ឡើងដល់​ពិតាន​យន្តហោះ នៅពេល​យន្តហោះ​នេះ​កំពុង​ឆ្លងកាត់​តំបន់​ខ្យល់​កន្ត្រាក់​លើ​អាកាស។

    ជើងហោះហើរ CA1524 របស់​ក្រុមហ៊ុន Air China ហោះ​ឆ្លងកាត់​តំបន់​ខ្យល់​កន្ត្រាក់ ពេល​កំពុងធ្វើដំណើរ​ពី​សៀង​ហៃ​ទៅកាន់​ប៉េកាំង កាលពី​ថ្ងៃទី 10 កក្កដា 2023។ អ្នកដំណើរ​ម្នាក់​និយាយថា នៅមុន​ហេតុការណ៍​រលាក់​យន្តហោះ​លើកដំបូង ភ្ញៀវ​មួយចំនួន​បាន​ក្រោក​ឡើងទៅ​បន្ទប់ទឹក។

    «នៅពេល​ប្រធាន​ក្រុម​ហោះហើរ​ប្រកាស​ឱ្យ​អ្នកដំណើរ​ដាក់​ខ្សែក្រវាត់​សុវត្ថិភាព ទើប​ពួកគេ​ត្រលប់មក​កន្លែង​អង្គុយ។ ក្រោយ​រយៈពេល​ជាង 10 វិនាទី យន្តហោះ​ក៏​ស្រាប់តែ​រលាក់​មួយ​ប្រាវ» អ្នកដំណើរ​ម្នាក់​រៀបរាប់​កាលពី​ថ្ងៃទី 11 កក្កដា។

    ប្រហែល​ជាង 10 វិនាទី​ក្រោយ ហេតុការណ៍​ដូចខាងលើ​ក៏បាន​កើតឡើង​ជាថ្មី និង​ខ្លាំង​ជាង​មុន។ គ្រប់គ្នា​ស្រែក​ឡើង។ របស់របរ​ត្រូវ​ធ្លាក់​ទៅលើ​បាត​យន្តហោះ។ អ្នកខ្លះ​ក៏​ធ្លាក់​ទាំង​ទូរស័ព្ទ។

    ស្ត្រី​ម្នាក់​អាយុ​ប្រហែល 40 ឆ្នាំ បាន​ប៉ើង​ដល់​ពិតាន ធ្វើឱ្យ​របួស​ត្រង់​ក្បាល និង​ជើង។ អ្នកបម្រើ​លើ​យន្តហោះ​ម្នាក់​ដែល​ការពារ​ភ្ញៀវ ក៏ត្រូវ​ប៉ើង​ទៅលើ បង្កឱ្យមាន​របួសផងដែរ​។

    ក្រុមហ៊ុន​អាកាសចរណ៍​ចិន Air China ​បាន​បញ្ជាក់ថា យន្តហោះ​បាន​ជួបប្រទះ​នឹង​បាតុភូត​ខ្យល់​កន្ត្រាក់ ហើយ​ថា ក្រុម​ហោះហើរ​បាន​ដោះស្រាយ​បញ្ហា​ទៅតាម​គោលការណ៍​សុវត្ថិភាព៕

    យន្តហោះ​របស់​ក្រុម​ហ៊ុន​ចិន Air China
  • តាក់ស៊ី​ហោះ​លើទឹក​ដំណើរ​ការ​ដោយ​អគ្គិសនី ចាប់ផ្ដើម​ដឹក​ភ្ញៀវជា​ផ្លូវការ​

    តាក់ស៊ី​ហោះ​លើទឹក​ដំណើរ​ការ​ដោយ​អគ្គិសនី ចាប់ផ្ដើម​ដឹក​ភ្ញៀវជា​ផ្លូវការ​

    តាក់ស៊ី​ហោះ​លើទឹក​ដែល​ដំណើរការ​ដោយ​អគ្គិសនី មាន​កៅអី​ចំនួន​ប្រាំ បំពាក់​ស្លាប​ក្រោម​ទឹក​របស់ SeaBubbles ចាប់ផ្ដើម​ដំណើរ​ការដឹក​ភ្ញៀវ​នៅឯ​បឹង Annecy ប្រទេស​បារាំង។

    Bubble គឺជា​ទូក​បំពាក់​ស្លាប​ក្រោម​ទឹក​ដំណើរការ​ដោយ​អគ្គិសនី​ដំបូង​ដែល​ទទួលបាន​សិទ្ធិ​ដឹកជញ្ជូន​ភ្ញៀវ​នៅ​ប្រទេស​បារាំង។ Bubble បានបង្ហាញ​ខ្លួន​កាលពី​ឆ្នាំ 2017 ក្នុង​ទម្រង់​តាក់ស៊ី​ហោះ​មាន​ស្លាប​ក្រោម​ទឹក​ដំណើរការ​ដោយ​អគ្គិសនី ដែល​ធ្វើការ​សាកល្បង​បច្ចេកវិទ្យា​នៅ​ទីក្រុង​ប៉ារីស និង​ដឹក​ភ្ញៀវ​សាកល្បង​នៅ​ឆ្នាំ 2018 ហើយ​បច្ចុប្បន្ន​បានចាប់ផ្ដើម​ផ្ដល់​សេវាកម្ម​ក្នុង​ទម្រង់​ពាណិជ្ជកម្ម។ នេះ​បើតាម Design Boom។

    តាក់ស៊ី​ហោះ​លើទឹក​អគ្គិសនី​នេះ ​ទទួលភ្ញៀវ​ដំបូង​នៅឯ​កំពង់ផែ​ក្នុង​តំបន់ Veyrier-du-Lac និង​ធ្វើដំណើរ​ទៅកាន់ Annecy les Marquisats ចាប់ពី​ដើមខែ​កក្កដា 2023។ ចាប់ពី​ថ្ងៃទី 01 កក្កដា ដល់ 31 សីហា 2023 សមាគម Grand Annecy និង SeaBubbles Mobility Solutions ​សហការគ្នា​ដំណើរការ​ទូក​អគ្គិសនី​នេះ​ដូច​ទៅនឹង​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​នៅក្នុង​ទីក្រុង។

    ទូក​ហោះ​លើទឹក​ Bubbles ​នឹង​ជួយ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូនបាន 100 តោន នៅលើ​បឹង Annecy ព្រមទាំង​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅតាម​ផ្លូវ​ក្បែរ​មាត់បឹង​នេះ​​ផងដែរ។

    SeaBubbles មិនបាន​បង្ហើប​ឱ្យដឹង​ច្រើន​អំពី​ទូក​ហោះ​នេះ ប៉ុន្តែ​គេ​ដឹងថា វា​ប្រើប្រាស់​ថ្ម​ផ្ទុក​អគ្គិសនី​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន 22 គីឡូម៉ែត្រ/ម៉ោង។ ដោយសារតែ​ប្រើប្រាស់​ស្លាប​ក្រោម​ទឹក ទូក​អគ្គិសនី​នេះ​ដែលមាន​ទំហំ 5 x 2.5 ម៉ែត្រ​នេះ កាត់បន្ថយ​កម្លាំង​កកិត​នឹង​ផ្ទៃ​ទឹកបាន​យ៉ាងច្រើន និង​មាន​ល្បើ​ន​លឿន​ ព្រម​ទាំង​មាន​សំឡេង​ស្ងាត់​​ផងដែរ​។

    បន្ទាប់ពី​បានបង្ហាញ Bubbles ក្រុមហ៊ុន SeaBubbles កំពុងតែ​អភិវឌ្ឍ SmartBubbles ដែលជា​កំណែ​ធំ​ជាង​មុន អាចដាក់​មនុស្ស​បាន​ពី 8 ទៅ 12 នាក់។ កំណែ​ទី​ពីរ​ដែល​អាច​បញ្ចូល​ថាមពល​អគ្គិសនី​មួយ​ពេញ​ចំណាយពេល​តែ 4 នាទីនេះ​ ក៏​កំពុង​ត្រូវបាន​ធ្វើតេស្ត និង​វាយតម្លៃ​នៅលើ​បឹង Annecy៕

  • រោងចក្រ​ផលិត​អគ្គិសនី​ដោយ​កម្ដៅថ្ងៃ 1,000 ម៉េ​ហ្គា​វ៉ា​ត់ ត​ភ្ជាប់​នឹង​​បណ្ដាញ​អគ្គិសនី​នៅ​ប្រទេស​ចិន

    រោងចក្រ​ផលិត​អគ្គិសនី​ដោយ​កម្ដៅថ្ងៃ 1,000 ម៉េ​ហ្គា​វ៉ា​ត់ ត​ភ្ជាប់​នឹង​​បណ្ដាញ​អគ្គិសនី​នៅ​ប្រទេស​ចិន

    រោងចក្រ​ផលិត​អគ្គិសនី​ពី​ថាមពលព្រះអាទិត្យ​ថ្មី​នៅ Tianjin មាន​កម្លាំង 1,000 ម៉េ​ហ្គា​វ៉ា​ត់ អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ពលរដ្ឋ 1.5 លាន​គ្រួសារ។

    យោងតាមសារព័ត៌មាន​ចិន​ រោងចក្រ​ផលិត​អគ្គិសនី​ដោយ​ផ្ទាំង​សូ​ឡា Huadian Tianjin Haijing ត្រូវបាន​ត​ភ្ជាប់​ជាមួយនឹង​បណ្ដាញ​អគ្គិសនី​នៅ Tianjin កាលពី​ថ្ងៃទី 08 កក្កដា 2023។ សកម្មភាព​របស់​រោង​ចក្រ​ដែលមាន​កម្លាំង 1,000 ម៉េ​ហ្គា​វ៉ា​ត់ (MW) នេះ រួមមាន រូបមន្ត​ឧស្សាហកម្ម​រួមផ្សំ​នឹង​ការផលិត​អគ្គិសនី​ពី​ផ្ទាំង​សូ​ឡា ការផលិត halogen លើ​ផ្ទៃ​ទឹក និង​ក្នុង​ទឹក ទន្ទឹមនឹង​ការកែលំអ​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ភាគ​ខាងជើង​ប្រទេស​ចិន។

    ស្ថិតនៅ​តំបន់​ស្រែអំបិល Changlu រោងចក្រ Huadian Tianjin Haijing គ្រប់ដណ្ដប់​​លើ​ផ្ទៃដី​ប្រហែល 1,333 ហិកតា និង​អាច​ផ្គង់​ផ្គង់​អគ្គិសនី​ស្អាត 1.5 ពាន់​លាន​គីឡូវ៉ាត់ម៉ោង​ជា​រៀងរាល់ឆ្នាំ អាចឆ្លើយតប​នឹង​តម្រូវការ​ប្រើប្រាស់​របស់​មនុស្ស 1.5 លាន​គ្រួសារ និង​កាត់បន្ថយ​ឧស្ម័ន​កាបូនឌីអុកស៊ីដ​បាន​ប្រហែល 1.25 លាន​តោន ធៀប​នឹង​ការប្រើប្រាស់​ធ្យូងថ្ម។

    យោងតាម Yang Fan ប្រធាន​គម្រោង​ខាងលើ រោងចក្រ​នេះ​នឹង​ជួយ​ជំរុញ​ការកែប្រែ​រចនាសម្ព័ន្ធ​ថាមពល​ស្អាត​នៅ​ភាគ​ខាងជើង​ប្រទេស​ចិន។ រោងចក្រ​នេះ​ក៏​ផ្សារភ្ជាប់​ការផលិត​អគ្គិសនី​ជាមួយនឹង​ការផលិត​អំបិល និង​នេសាទ​ផងដែរ៕

  • បណ្ដុំ​​អគារ​ស្នាក់​នៅកម្ពស់​ជាង 100 ម៉ែត្រ​ ​ត្រូវ​បាន​ដំឡើង​​ពី​​​ម៉ូឌុល​ជាង 6,000 ដុំ

    បណ្ដុំ​​អគារ​ស្នាក់​នៅកម្ពស់​ជាង 100 ម៉ែត្រ​ ​ត្រូវ​បាន​ដំឡើង​​ពី​​​ម៉ូឌុល​ជាង 6,000 ដុំ

    (ប្រទេស​ចិន) – បណ្ដុំ​អគារ​ស្នាក់នៅ​កម្ពស់​ជាង 100 ម៉ែត្រ នៅ​ទីក្រុង Shenzhen ត្រូវបាន​សាងសង់​រួចរាល់​ក្នុង​រយៈពេល​មួយឆ្នាំ ដោយ​ការដំឡើង​ជា​ម៉ូឌុល។

    អគារ​ម៉ូឌុល​គឺជា​ស្ថាបត្យកម្ម​សំណង់​ដំឡើង​ពី​បណ្ដុំ​រចនាសម្ព័ន្ធ​ដែល​ត្រូវបាន​គេ​ចាក់ពុម្ព​រួចរាល់​នៅ​រោងចក្រ ហើយ​ដឹក​យកមក​ផ្គុំ ជំនួស​ឱ្យ​ការសាងសង់​នៅនឹងកន្លែង​ដូច​សព្វថ្ងៃ។

    អគារ​ស្នាក់នៅ​ចំនួន​ប្រាំ​នៅ​ទីក្រុង Shenzhen ប្រទេស​ចិន ត្រូវបាន​ដំឡើង​ជា​រូបរាង​ពី​ម៉ូឌុល​ស្ដង់ដា​ជាង 6,000 ដុំ។ បណ្ដា​ម៉ូឌុល​ត្រូវបាន​យកមក​ដំឡើង​នៅពេល​បណ្ដាញ​អគ្គិសនី និង​ផ្នែក​នានា​នៅ​ខាងក្នុង​ត្រូវបានធ្វើ​រួចរាល់។

    វិធីសាស្ត្រ​សាងសង់​ខាងលើ​ត្រូវបាន​វាយតម្លៃថា សន្សំសំចៃ​ពេល ប្រាក់កាស និង​បំ​ភាយ​ឧស្ម័ន​ពុល​ក្នុង​កម្រិត​ទាប។

    «តាម​ការ​គណនា​ជាបឋម​របស់​យើង ការសាងសង់​ដោយ​ម៉ូឌុល​អាចជួយ​កាត់បន្ថយ​សំណល់​សំណង់​បាន 75%» លោក Cen Yan មន្ត្រី​នៅ​ស្ថាប័ន​សំណង់ និង​ផ្ទះ​ស្នាក់នៅ​របស់​ទីក្រុង Shenzhen ឱ្យដឹង​ដូច្នេះ៕

  • អភិបាលក្រុង​នៅ​ប្រទេស​ម៉ិ​ក​ស៊ី​ក រៀបការ​ជាមួយ​សត្វ​ក្រពើ

    អភិបាលក្រុង​នៅ​ប្រទេស​ម៉ិ​ក​ស៊ី​ក រៀបការ​ជាមួយ​សត្វ​ក្រពើ

    អភិបាលក្រុងនៅ​ទីរួម​ស្រុក San Pedro Huamelula ថើប​សត្វ​ក្រពើ​នៅក្នុង​ពិធី​ប្រពៃណី​មួយ​ដើម្បី​សួង​បួង​សូម​សេចក្ដីសុខ ​របស់​ប្រជាជន​ក្នុង​តំបន់។

    លោក Victor Hugo Sosa អភិបាលទីរួម​ស្រុក San Pedro Huamelula ដែល​មាន​ទី​តាំង​នៅក្បែរ​ឆ្នេរសមុទ្រ​ប៉ាស៊ីហ្វិក ក្នុង​រដ្ឋ Oaxaca កាលពី​ថ្ងៃទី 30 មិថុនា 2023 បានរៀបចំ​ពិធី​រៀបការ​ជាមួយ​កូនក្រមុំ​ជាស​ត្វ​ក្រពើ។

    លោក Sosa បាន​ថើប​សត្វ​ក្រពើ​តូច​មួយ​ក្បាល​ដែល​កំពុង​ត្រូវ​ចង​មាត់។ ពិធី​ដែលមាន​តាំងពី​រាប់​សតវត្សរ៍​មកហើយ​នៅក្នុង​សហគមន៍​ជនជាតិដើម Chontal និង Huave ក្នុង​រដ្ឋ Oaxaca នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​បួងសួង​សូម​សេចក្ដីសុខ។ «យើង​បួងសួង​សូម​ឱ្យមាន​ទឹកភ្លៀង​គ្រប់គ្រាន់ មាន​អាហារ​គ្រប់គ្រាន់ និង​មាន​ត្រី​ច្រើន​នៅក្នុង​ទន្លេ» លោក Sosa និយាយ​ដូច្នេះ។

    Oaxaca ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ម៉ិ​ក​ស៊ី​ក ជា​តំបន់​ក្រីក្រ និង​ជាទី​រស់នៅ​របស់​ជនជាតិ​ដើម​ជាច្រើន​ក្រុម ដែល​នៅ​រក្សា​ទំនៀមទម្លាប់​បុរាណ និង​ភាសា​ផ្ទាល់​ខ្លួន​។ ក្នុង​ពិធី​រៀបការ​ខាងលើ កូនក្រមុំ​ជាស​ត្វ​ក្រពើ​អាយុ 7 ឆ្នាំ ស្លៀក​​​រ៉ូ​ប​ពណ៌​ស និងពាក់​កម្រង​​ផ្កា​ដ៏​ស្រស់ស្អាត​ផងដែរ។

  • សាកសព​កប៉ាល់ Titanic នឹង​ទៅជា​យ៉ាង បើសិន​បូមទឹក​អស់​ពី​​ជុំវិញ?

    សាកសព​កប៉ាល់ Titanic នឹង​ទៅជា​យ៉ាង បើសិន​បូមទឹក​អស់​ពី​​ជុំវិញ?

    ថ្មីៗនេះ គម្រោង​មួយ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ស្កេ​ន 3D ដ៏​ទំនើប ដើម្បី​បង្ហាញ​ឡើងវិញ​នូវ​រូបភាព​សាកសព​កប៉ាល់​ដែល​បាន​លិច​កាលពី​ប្រហែល 111 ឆ្នាំមុន​ យ៉ាង​លំអិត​បំផុត។

    បច្ចេកវិទ្យា​ខាងលើ មិន​ត្រឹមតែ​បង្ហាញ​រូបភាព​ដ៏​ស្រស់ស្អាត និង​ភាព​អស្ចារ្យ​របស់​កប៉ាល់​មួយ​កាលពី​អតីតកាល ប៉ុន្តែ​ក៏​ជួយ​ឱ្យ​អ្នកស្រាវជ្រាវ​ដឹង​អំពី​អាថ៌កំបាំង​ស្ដីពី​គ្រោះថ្នាក់​កាលពី​ឆ្នាំ 1912 ផងដែរ។

    គម្រោង​ខាងលើនេះ​ត្រូវបាន​អនុវត្ត​កាលពី​រដូវក្ដៅ​ឆ្នាំ 2022 ដោយ​ក្រុមហ៊ុន​បង្កើត​ផែនទី​បាតសមុទ្រ Magellan Ltd. និង​ផលិតកម្ម​ភាពយន្ត​ឯកសារ Atlantic Production។ ពួកគេ​ប្រើប្រាស់​កាមេរ៉ា​បញ្ជា​ពី​ចម្ងាយ​ដើម្បី​ស្វែងយល់​ពី​គំនរ​បាក់បែក​របស់​សាកសព​កប៉ាល់ Titanic ក្នុង​ជម្រៅ​ប្រហែល 4,000 ម៉ែត្រ នៅ​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ដែលមាន​ចម្ងាយ​ប្រហែល 450 គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ Newfoundland និង Labrador របស់​ប្រទេស​កាណាដា។

    ក្រោយ​ការថត​នៅ​បាតសមុទ្រ​ជាង 200 ម៉ោង ពួកគេ​ក៏​ប្រមូលបាន​រូបភាព​ចំនួន 700,000 រូប និង​បាន​កាត់ត​​ចូលគ្នា​ដើម្បី​បង្កើតបានជា​រូបភាព 3D ដ៏​លំអិត​ដំបូង​ស្ដីពី​សាកសព​កប៉ាល់ Titanic។

    Titanic នៅតែ​ជា​និមិត្តរូប​របស់​មហា​គ្រោះថ្នាក់​នៅលើ​សមុទ្រ​របស់​មនុស្សជាតិ។ ដោយសារ​មាន​បច្ចេកវិទ្យា​ស្កេ​ន 3D យើង​អាច​មើលឃើញ​សាកសព​កប៉ាល់​នេះ​បាន​យ៉ាងច្បាស់ និងប្រកប​ដោយ​ភាព​​រស់​រវើក​ជាងពេលណាៗទាំងអស់៕

     

  • យន្តហោះ Virgin Galactic ដឹក​ភ្ញៀវ​ឡើងទៅ​អវកាស​បាន​ជោគជ័យ

    យន្តហោះ Virgin Galactic ដឹក​ភ្ញៀវ​ឡើងទៅ​អវកាស​បាន​ជោគជ័យ

    (សហរដ្ឋ​អាម៉េរិក) – ក្រុមហ៊ុន Virgin Galactic បានទទួល​ជោគជ័យ​នូវ​ភារកិច្ច​ពាណិជ្ជកម្ម​ដំបូង​កាលពី​ថ្ងៃទី 29 មិថុនា 2023 ដែល​នាំ​មនុស្ស​ឡើងទៅ​កាន់​ទី​អវកាស​ក្បែរ​គន្លង​តារាវិថី និង​ត្រលប់​មកកាន់​ផែនដី។

    ជើងហោះហើរ​ថ្មី​នេះ​បាន​ចាក​ចេញពី​មជ្ឈមណ្ឌល​អវកាស Spaceport America ក្នុង​រដ្ឋ​ New Mexico នៅវេលា​ម៉ោង 21 និង 30 នាទី ថ្ងៃទី 29 មិថុនា (ពេលវេលា​នៅ​កម្ពុជា) និង​ហោះ​ឡើង​ដល់ទី​អវកាស​ក្បែរ​គន្លង​តារាវិថី ក្រោយ​ការ​ធ្វើដំណើរ​បាន 58 នាទី។ ក្រោយ​ការ​អណ្ដែត​នៅលើ​កម្ពស់ 85.1 គីឡូម៉ែត្រ ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្មាន​ទំនាញ​ផែនដី​ យន្តហោះ​អវកាស VSS Unity ​ក៏បាន​ត្រលប់មក​ចុះចត​នៅ SpacePort America នា​​ម៉ោង 22 និង 42 នាទី ​ក្នុង​ថ្ងៃ​ដដែល។

    ក្រុមហ៊ុន Virgin Galactic ត្រូវបាន​បង្កើតឡើង​ដោយ​មហាសេដ្ឋី​ជនជាតិ​អង់គ្លេស Richard Branson កាលពី​ឆ្នាំ 2014។

    Angelo Landolfi, Walter Villadei និង Pantaleone Carlucci កាន់ទង់ជាតិអ៊ីតាលី ខណៈ Colin Bennett សម្លឹងមើល អំឡុងពេលហោះហើររបស់ពួកគេនៅក្នុងយន្តហោះរ៉ុក្កែត VSS Unity របស់ Virgin Galactic

    Virgin Galactic កំពុង​អភិវឌ្ឍ​ក្រុម​យន្តហោះ​អវកាស និង​យន្តហោះ​ដឹកជញ្ជូន។ យានអវកាស​ថ្នាក់ Delta ថ្មី​របស់​ពួក​គេ​ ​អាច​ហោះ​មួយ​ជើង​ក្នុង​មួយ​សប្ដាហ៍។ ក្រោយពី Delta ចាប់ផ្ដើម​ដំណើរការ​នៅ​ឆ្នាំ 2026 Virgin Galactic អាច​នាំ​ភ្ញៀវ​ឡើងទៅ​កាន់​ទី​អវកាស​ជា​រៀងរាល់ថ្ងៃ ពី​ទីតាំង​ជាច្រើន​នៅលើ​ពិភពលោក៕