អ្នក​ដំណើរ​លើយន្តហោះ​ចិន ប៉ើង​ដល់​ពិតាន ពេល​ហោះ​ឆ្លង​កាត់​តំបន់​ខ្យល់​កន្ត្រាក់

រូបភាព​បង្ហាញ​ពី​យន្តហោះ​កំពុង​ហោះ​ឆ្លងកាត់​ខ្យល់​កន្ត្រាក់

អ្នកដំណើរ​ម្នាក់ និង​អ្នកបម្រើ​លើ​យន្តហោះ​ម្នាក់​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Air China ត្រូវ​ប៉ើង​ឡើងដល់​ពិតាន​យន្តហោះ នៅពេល​យន្តហោះ​នេះ​កំពុង​ឆ្លងកាត់​តំបន់​ខ្យល់​កន្ត្រាក់​លើ​អាកាស។

ជើងហោះហើរ CA1524 របស់​ក្រុមហ៊ុន Air China ហោះ​ឆ្លងកាត់​តំបន់​ខ្យល់​កន្ត្រាក់ ពេល​កំពុងធ្វើដំណើរ​ពី​សៀង​ហៃ​ទៅកាន់​ប៉េកាំង កាលពី​ថ្ងៃទី 10 កក្កដា 2023។ អ្នកដំណើរ​ម្នាក់​និយាយថា នៅមុន​ហេតុការណ៍​រលាក់​យន្តហោះ​លើកដំបូង ភ្ញៀវ​មួយចំនួន​បាន​ក្រោក​ឡើងទៅ​បន្ទប់ទឹក។

«នៅពេល​ប្រធាន​ក្រុម​ហោះហើរ​ប្រកាស​ឱ្យ​អ្នកដំណើរ​ដាក់​ខ្សែក្រវាត់​សុវត្ថិភាព ទើប​ពួកគេ​ត្រលប់មក​កន្លែង​អង្គុយ។ ក្រោយ​រយៈពេល​ជាង 10 វិនាទី យន្តហោះ​ក៏​ស្រាប់តែ​រលាក់​មួយ​ប្រាវ» អ្នកដំណើរ​ម្នាក់​រៀបរាប់​កាលពី​ថ្ងៃទី 11 កក្កដា។

ប្រហែល​ជាង 10 វិនាទី​ក្រោយ ហេតុការណ៍​ដូចខាងលើ​ក៏បាន​កើតឡើង​ជាថ្មី និង​ខ្លាំង​ជាង​មុន។ គ្រប់គ្នា​ស្រែក​ឡើង។ របស់របរ​ត្រូវ​ធ្លាក់​ទៅលើ​បាត​យន្តហោះ។ អ្នកខ្លះ​ក៏​ធ្លាក់​ទាំង​ទូរស័ព្ទ។

ស្ត្រី​ម្នាក់​អាយុ​ប្រហែល 40 ឆ្នាំ បាន​ប៉ើង​ដល់​ពិតាន ធ្វើឱ្យ​របួស​ត្រង់​ក្បាល និង​ជើង។ អ្នកបម្រើ​លើ​យន្តហោះ​ម្នាក់​ដែល​ការពារ​ភ្ញៀវ ក៏ត្រូវ​ប៉ើង​ទៅលើ បង្កឱ្យមាន​របួសផងដែរ​។

ក្រុមហ៊ុន​អាកាសចរណ៍​ចិន Air China ​បាន​បញ្ជាក់ថា យន្តហោះ​បាន​ជួបប្រទះ​នឹង​បាតុភូត​ខ្យល់​កន្ត្រាក់ ហើយ​ថា ក្រុម​ហោះហើរ​បាន​ដោះស្រាយ​បញ្ហា​ទៅតាម​គោលការណ៍​សុវត្ថិភាព៕

យន្តហោះ​របស់​ក្រុម​ហ៊ុន​ចិន Air China

Advertisement