Tag: USA

  • អាជ្ញាធរក្រុងនីវយ៉កចាប់ផ្ដើមស៊ើបអង្កេត ក្រោយរកឃើញសាកសពស្អុយរលួយជាងកន្លះរយនាក់ គរពេញក្នុងរថយន្តដឹកទំនិញ បញ្ចេញក្លិនស្អុយពេញទីក្រុង

    អាជ្ញាធរក្រុងនីវយ៉កចាប់ផ្ដើមស៊ើបអង្កេត ក្រោយរកឃើញសាកសពស្អុយរលួយជាងកន្លះរយនាក់ គរពេញក្នុងរថយន្តដឹកទំនិញ បញ្ចេញក្លិនស្អុយពេញទីក្រុង

    ក្រុមអាជ្ញាធរទីក្រុងនីវយ៉ក កាលពីថ្ងៃព្រហស្បតិ៍(ទី30មេសា) បានបើកការស៊ើបអង្កេតជាផ្លូវការ 1ថ្ងៃក្រោយពីប៉ូលិសបានរកឃើញសាកសពជាងកន្លះរយនាក់ស្ថិតក្នុងសភាពហើមរលួយ បញ្ចេញក្លិនស្អុយពេញក្នុងរថយន្តដឹកទំនិញ និងរថយន្តទេសចរណ៍(ឡានតួរីស) ដែលចតចោលនៅក្នុងបរិវេណផ្នែកខាងមុខកន្លែងប្រកបពិធីបុណ្យមួយកន្លែង ក្រោមស្ថានការណ៍វិបត្តិឆ្លងរាតត្បាតរបស់មេរោគវីរុសកូវីដ-19។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានAFP។

    បណ្ដាក្រុមអាជ្ញាធរ បានប្រទះឃើញទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើលនេះកាលពីថ្ងៃពុធ(ទី29មេសា) ក្រោយពីពួកអ្នកស្រុកបានប្ដឹងទៅអាជ្ញាធរអំពីក្លិនស្អុយគម្រង់ ដែលសាយភាយចេញមកពីរថយន្តទាំង 2គ្រឿង ដែលចតនៅក្នុងបរិវេណផ្នែកខាងមុខកន្លែងប្រកបពិធីបុណ្យសព Andrew T.Cleckley ក្នុងតំបន់ប្រ៊ូគ្លីន រដ្ឋនីវយ៉ក។

    “យើងកំពុងតែស៊ើបអង្កេតលើរឿងនេះ” លោក ហាវើដ សាក់ឃើរ គណៈកម្មការសាធារណៈសុខាភិបាលនៃរដ្ឋនីវយ៉ក បានប្រាប់ទៅអ្នកយកព័ត៌មាន ព្រមទាំងបានបញ្ជាក់ទៀតថា ខាងក្រសួងរបស់លោក មិនដែលបានទទួលពាក្យបណ្ដឹងណាមួយដែលពាក់ព័ន្ធនឹងកន្លែងប្រកបពិធីបុណ្យសពមួយនេះឡើយ តាំងពីដើមមក។

    តាមរយៈការត្រួតពិនិត្យរយៈដំបូងរបស់ក្រុមអាជ្ញាធរ បានរកឃើញថា ប្រព័ន្ធម៉ាស៊ីនត្រជាក់នៅក្នុងបន្ទប់ក្លាស្សេនៅផ្នែកខាងក្រោយរបស់រថយន្តដឹកសាកសពទាំង 2គ្រឿងនោះមិនដំណើរការ ទើបធ្វើឱ្យសាកសពដែលត្រូវបានផ្ទុកនៅក្នុងនោះស្ថិតក្នុងស្ថានភាពគ្មានធាតុត្រជាក់ រហូតធ្វើឱ្យកើតមានក្លិនសាកសពសាយភាយចេញមកក្នុងអំឡុងពេលរង់ចាំនាំយកទៅប្រកបពិធីបញ្ចុះតាមសាសនា ខណៈដែលកន្លែងប្រកបពិធីបុណ្យសពនានានៅក្នុងទីក្រុងនីវយ៉កស៊ីធី ត្រូវទទួលរងបន្ទុកដ៏ធ្ងន់ធ្ងរក្នុងការចាត់ការសាកសពក្នុងចំនួនដ៏ច្រើន ដែលបានស្លាប់ដោយសារការឆ្លងមេរោគកូវីដ-19។

    លោក ប៊ីល ដឺ ប្លាស៊ីអូ អភិបាលក្រុងនីវយ៉ក បានបញ្ជាក់ថា ការប្រតិបត្តិលើអ្នកស្លាប់របៀបនេះ គឺជារឿងដែលមិនអាចទទួលយកបានឡើយ។ លោកនិយាយថា “ទីកន្លែងប្រកបពិធីបុណ្យសព ត្រូវមានតួនាទីប្រតិបត្តិចំពោះសាកសពយ៉ាងមានកិត្តិយស”។

    ចំណែកលោក Andrew Cleckley ដែលជាម្ចាស់កន្លែងប្រកបពិធីបុណ្យសពនោះ បានប្រាប់សារព័ត៌មាននីវយ៉ក ថាមស៍ថា ដូចជាអ្នកចាត់ការសាកសពដទៃទៀតទូទាំងទីក្រុងដែរ លោកត្រូវជួបនឹងចំនួនសាកសពដ៏ច្រើនហូរហៀរក្នុងអំឡុងការឆ្លងរាលដាលនៃមេរោគកូវីដ-19 ដូច្នេះហើយទើបយើងត្រូវប្រើរថយន្ត ផ្ទុកសាកសពដែលលើសចំណុះរបស់កន្លែងប្រកបពិធីរបស់យើងទុកមួយរយៈសិន ដោយសារតែក្នុងអំឡុងពេលនេះ កន្លែងប្រកបពិធីបុណ្យសពរបស់យើង ពេញហូរហៀរដោយសាកសពជាង 100សាកសពទៅហើយ។ លោកបន្ថែមថា “ខ្ញុំលែងមាននៅសល់កន្លែងសម្រាប់បញ្ចុះសាកសពទៀតហើយ”។

    សារព័ត៌មាននៅក្នុងសហរដ្ឋអាមេរិក បានរាយការណ៍ដោយយោងលើប្រភពព័ត៌មានដែលបានបញ្ជាក់ថា មានសាកសពប្រមាណជា 60 ស្ថិតនៅក្នុងរថយន្តទាំង 2គ្រឿងនោះ។

    មេរោគវីរុសកូរ៉ូណាប្រភេទថ្មីនេះ បានប្រហារជីវិតមនុស្សនៅក្នុងទីក្រុងនីវយ៉ករួចហើយចំនួនជាង 18,000នាក់ ក្នុងអំឡុងពេលមិនដល់ 2ខែផង ខណៈដែលដែនដីមួយនេះបានរងផលប៉ះពាល់ពីមេរោគកូវីដ-19 ធ្ងន់ធ្ងរជាងគេបំផុតនៅក្នុងប្រទេសអាមេរិក។

    មានរបាយការណ៍ថា រោងតម្កល់សព, វាលបញ្ចុះសពទូទាំងទីក្រុងនីវយ៉ក សុទ្ធតែជួបនឹងបញ្ហាធ្ងន់ធ្ងរក្នុងការទប់ទល់នឹងចំនួនអ្នកស្លាប់ដែលកើនឡើងយ៉ាងលឿន បណ្ដាលឱ្យរថយន្តដឹកសាកសពដែលមានម៉ាស៊ីនត្រជាក់ បានក្លាយជារឿងមួយដែលគេមើលឃើញជាទូទៅនៅផ្នែកខាងក្រៅនៃមន្ទីរពេទ្យនានា ដែលពេញណែនដោយអ្នកជំងឺកូវីដ-19៕

    ប្រភពៈ សារព័ត៌មានបរទេស

  • COVID-19! កម្មករ​ជិត​900​នាក់​នៅ​ក្នុង​​រោង​ចក្រច្នៃ​សាច់​ជ្រូក​​1​នៅ​សហរដ្ឋ​​អាមេរិក​ បាន​ឆ្លង​វីរុស

    COVID-19! កម្មករ​ជិត​900​នាក់​នៅ​ក្នុង​​រោង​ចក្រច្នៃ​សាច់​ជ្រូក​​1​នៅ​សហរដ្ឋ​​អាមេរិក​ បាន​ឆ្លង​វីរុស

    កម្មករ​ចំនួន 890​នាក់ ស្មើ​នឹង​40​% នៃ​កម្មករ​សរុប​នៅក្នុង​រោង​ចក្រ​កែ​ច្នៃ​​សាច់​ជ្រូក​ Tyson Food ក្នុង​រដ្ឋ​ Indiana វិជ្ជ​មាន​ជាមួយ​វីរុសCOVID-19។

    Sernity Alter ដែល​ជា​ប្រធានមន្ទីរ​សុខាភិបាល​​​​ស្រុក​ Cass នៃ​រដ្ឋ Indiana របស់​សហរដ្ឋ​អាមេរិក​ បាន​ឱ្យ​ដឹង​ថា ក្រៅ​ពី​អ្នក​ដែល​បាន​ឆ្លង​វីរុស​​ ក៏​មាន​កម្មករ​រាប់​រយ​នាក់​ផ្សេង​ទៀត​នៅ​រោង​ចក្រ​កែ​ច្នៃ​សាច់​ជ្រូក​របស់​ក្រុម​ហ៊ុន Tyson Food ក្នុង​ទីក្រុង​ Logansport កំពុង​ត្រូវ​បាន​ធ្វើ​តេស្ត​រក​មេរោគ​COVID-19។ រោង​ចក្រ​នេះ​បាន​ផ្អាក​ដំណើរ​ការ​តាំង​ពី​ថ្ងៃទី​25​មេសា​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​វីរុស​កូរ៉ូណា​។

    Hli Yang ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​ Tyson Food បាន​ឱ្យ​ដឹង​ថា រោង​ចក្រ​របស់​ខ្លួន​នៅ​ Logansport មាន​កម្មករ​​ចំនួន​2,200​នាក់ ប៉ុន្តែ​អ្នក​នាំ​ពាក្យរូប​នេះ​មិន​បាន​បញ្ជាក់​អំពី​តួលេខ​នៃ​អ្នក​បាន​ឆ្លង​វីរុស​កូរ៉ូណា​នៅ​ទី​នេះ​នោះ​ទេ​។

    COVID-19! កម្មករ​ជិត​900​នាក់​នៅ​ក្នុង​​រោង​ចក្រច្នៃ​សាច់​ជ្រូក​​1​នៅ​អាមេរិក​ បាន​ឆ្លង​វីរុស
    លោក John H.Tyson​ ប្រធាន​ក្រុម​ហ៊ុន Tyson Food

    ប្រធាន​ក្រុម​ហ៊ុន Tyson Food លោក John H.Tyson ដែល​មាន​ទ្រព្យ​សរុប​ប្រមាណ​ជា​ 2.1​ពាន់​លាន​ដុល្លារ​ ​កាល​ពី​សប្ដាហ៍​មុន​បាន​ព្រមាន​ថា “បណ្ដាញ់​ផ្គត់​ផ្គង់​អាហារ​​របស់​សហរដ្ឋ​អាមេរិក កំពុង​ត្រូវ​បាន​បំផ្លាញ​”។ លោក​ថា បច្ចុប្បន្ន​ក្រុម​ហ៊ុន​នេះ​កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃកង្វះ​សាច់​​ដើម្បី​ផ្គត់​ផ្គង់​​ទីផ្សារ​ ព្រោះ​តែ​វីរុស​COVID-19។ ដោយ​សារ​បញ្ហា​នេះ កាល​ពី​ថ្ងៃទី​28​មេសា​ លោក​ប្រធានាធិបតី​ Donald Trump បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​មួយ​ដោយ​យោង​ទៅ​លើ​ច្បាប់​ផលិតកម្មការពារជាតិ​ ដែល​បង្ខំ​ឱ្យ​រោង​ចក្រ​ផលិត​សាច់់​នានា បន្ត​ធ្វើ​សកម្ម​ភាព​​ដូច​ធម្មតា​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • លោកត្រាំ លេងមែនទែន!! បញ្ជាកងទ័ពជើងទឹកឱ្យបាញ់ពន្លិចនាវាប្រដេញរបស់អ៊ីរ៉ង់ បើចូលមករំខាននាវាចម្បាំងរបស់សហរដ្ឋអាមេរិក…

    លោកត្រាំ លេងមែនទែន!! បញ្ជាកងទ័ពជើងទឹកឱ្យបាញ់ពន្លិចនាវាប្រដេញរបស់អ៊ីរ៉ង់ បើចូលមករំខាននាវាចម្បាំងរបស់សហរដ្ឋអាមេរិក…

    ទីភ្នាក់ងារព័ត៌មាន CNN បានរាយការណ៍ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសរសេរនៅក្នុងធ្វីតធើរកាលពីចុងសប្ដាហ៍កន្លងទៅ ដោយបានបញ្ជាក់ថា លោកបានបញ្ជាឱ្យកងទ័ពជើងទឹកនៃសហរដ្ឋអាមេរិក បាញ់ និងកម្ទេចនាវាណាក៏ដោយរបស់អ៊ីរ៉ង់ បើសិននាវាទាំងនោះចូលមករំខាន ឬរករឿងនាវារបស់សហរដ្ឋអាមេរិកនៅក្នុងដែនសមុទ្រ។

    សំណេររបស់លោកត្រាំនៅក្នុងធ្វីតធើរនេះ បានកើតមានឡើងបន្ទាប់ពីកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានផ្សព្វផ្សាយឃ្លីបវីដេអូមួយដែលបង្ហាញឱ្យឃើញនាវាប្រដេញចំនួន 11គ្រឿងរបស់កងកម្លាំងការពារការបដិវត្តអ៊ីរ៉ង់ ឬIRGC បានបើកចូលមកក្បែរនាវារបស់កងទ័ពសហរដ្ឋអាមេរិក និងអង្គភាពការពារដែនសមុទ្រក្នុងរយៈចម្ងាយដ៏គ្រោះថ្នាក់បំផុត ខណៈកំពុងធ្វើដំណើរនៅក្នុងឈូងសមុទ្រពែក្ស៍ ធ្វើឱ្យសហរដ្ឋអាមេរិក ថ្លែងថ្កោលទោសថា ជាទង្វើដែលបង្កគ្រោះថ្នាក់ និងពន្យុះសង្គ្រាម។

    យ៉ាងណាក៏ដោយ នៅមិនទាន់ច្បាស់ប្រាកដថា បញ្ជាចុងក្រោយបំផុតរបស់លោកប្រធានាធិបតី ត្រាំ នឹងក្លាយជាច្បាប់ដែលត្រូវតម្កល់ទុកប្រចាំកងទ័ពជើងទឹក ឬយ៉ាងណានោះទេ និងថែមទាំងមិនទាន់ប្រាកដច្បាស់ថា ទីបញ្ជាការជាន់ខ្ពស់ ដែលមានតួនាទីគ្រប់គ្រងប្រតិបត្តិការនៅក្នុងតំបន់មជ្ឈិមបូព៌ា នឹងបញ្ជាឱ្យបាញ់នាវារបស់អ៊ីរ៉ង់ ឬយ៉ាងណានៅឡើយដែរ។ តែបញ្ជាបែបនេះ អាចធ្វើឱ្យភាពតានតឹងរវាងសហរដ្ឋអាមេរិក នឹងអ៊ីរ៉ង់ ដែលប៊ិះនឹងកើតមានសង្គ្រាមកាលពីអំឡុងដើមឆ្នាំនោះ កាន់តែអាក្រក់ឡើងទៅទៀត។

    https://www.lareine.com.kh/news/inter/77425/Caption រូបភាពដែលផ្សព្វផ្សាយដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបង្ហាញឱ្យឃើញនាវាប្រដេញរបស់កងទ័ពអ៊ីរ៉ង់បើកមកប្រកៀកនាវាចម្បាំង USS Paul Hamilton និងនាវាផ្សេងៗទៀតរបស់សហរដ្ឋអាមេរិក ក្នុងរយៈចម្ងាយអសុវត្ថិភាព កាលពីថ្ងៃទី15 មេសាកន្លងទៅ…

    ចំណែកអ្នកនាំពាក្យរបស់ IRGC បានចេញមកឆ្លើយតបធ្វីតធើររបស់លោកត្រាំថា “ជំនួសឱ្យការ ចង់មករំលោភអ្នកដទៃដូចថ្ងៃនេះហើយ ពួកអាមេរិកាំង គួរតែខំប្រឹងព្យាយាមដើម្បីជួយបុគ្គលិកកងទ័ពរបស់ខ្លួនឯងដែលឆ្លងមេរោគវីរុសកូរ៉ូណាឱ្យជាសះស្បើយវិញ ប្រសើរជាង”៕

    ប្រភព៖ សារព័ត៌មានបរទេស

  • អាមេរិកាំង​បញ្ចេញ​ផែន​ទី​ភូមិ​សាស្ត្រ​ពេញ​លេញ​​នៃ​ឋាន​ព្រះ​ចន្ទ

    អាមេរិកាំង​បញ្ចេញ​ផែន​ទី​ភូមិ​សាស្ត្រ​ពេញ​លេញ​​នៃ​ឋាន​ព្រះ​ចន្ទ

    ជាលើក​ដំបូង​ហើយ​ដែល​ផ្ទៃ​ដី​​​ទាំង​មូល​របស់​ព្រះចន្ទ​ត្រូវ​បានគូរ​ឡើង​វិញ​ដោយ​មជ្ឈមណ្ឌល​តារា​សាស្ត្រ​នៃ​ទីភ្នាក់​ងារ​​​អង្កេត​ភូមិសាស្ត្រសហរដ្ឋអាមេរិក USGS (United States Geological Survey)។

    ផែន​ទី​ថ្មី​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​បូក​ផ្សំ​គ្នា​រវាង​ផែន​ទី​ភូមិ​សាស្ត្រ​ចំនួន​6​ផ្សេង​ទៀត​នៃ​កម្មវិធី​ Apollo និង​ទិន្ន​ន័យ​ដែល​បាន​មក​ពី​ផ្កាយ​រណប​នានា​ក្នុង​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​អំពី​រចនា​សម្ព័ន្ធ​ផ្ទៃ​ខាងលើ​យ៉ាង​ច្បាស់​របស់​ឋាន​​ព្រះ​ចន្ទ​ ជាមួយ​នឹង​ភាព​លម្អិត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។

    ចំពោះ​សហគមន៍​អ្នក​វិទ្យា​សាស្ត្រ​ ផែន​ទី​នេះ​គឺជា​ឯក​សារ​​ដែល​កាត់​ថ្លៃ​មិន​បាន ​សម្រាប់​បេសកកម្ម​នៅ​លើ​ព្រះ​ចន្ទ​នា​ពេល​អនាគត​ ដែល​ជួយ​ដល់​ការ​សិក្សា​ស្រាវ​ជ្រាវ​ប្រវត្តិ​4.5​ពាន់​លាន​ឆ្នាំ​របស់​ភព​រណប​ធម្មជាតិ​តែ​មួយ​គត់​ដែល​​គោចរ​ជុំ​វិញ​ភព​ផែន​ដី​មួយនេះ​។

    Corey Fortezzo មក​ពី​ USGS ដែល​ជា​ប្រធាននៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​​នេះ​បាន​ឱ្យ​ដឹង​ថា “ផែន​ទី​នេះ​គឺជា​ចំណុច​កំពូល​នៃ​គម្រោង​ដែល​អូស​បន្លាយ​រាប់​ទសវត្សរ៍​។ វា​ផ្ដល់​ព័ត៌មាន​សំខាន់​ៗ​សម្រាប់​ការ​ស្រាវ​ជ្រាវ​​ផ្នែក​​វិទ្យា​សាស្ត្រ​ថ្មីៗ​ផ្សេង​ទៀត​”។

    ដើម្បី​អាចបង្កើត​បាន​ផែន​ទី​ភូមិ​សាស្ត្រ​ទូទាំង​ឋាន​ព្រះចន្ទ ទីភ្នាក់​ងារ​ USGS​ បាន​សហការ​ជាមួយ​ NASA និង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ភព និង​ព្រះចន្ទ​(LPI) របស់​សហរដ្ឋ​អាមេរិក​ រួ​ម​នឹង​ទីភ្នាក់​ងារ​រុក​រក​អវកាស​ជប៉ុន​(JAXA)។ អ្នក​វិទ្យា​សាស្ត្រ​បាន​ប្រើ​ប្រាស់​កាមេរ៉ា​ភូមិ​សាស្ត្រ​ពី​យាន​អវកាស​ SELENE របស់​ជប៉ុន​ ដើម្បី​ប្រមូល​ទិន្នន័យ​នៅ​តំបន់​អេក្វាទ័រ និង​ប្រើ​ប្រាស់​ម៉ាស៊ីន​ឡាហ្សែរ​វាស់​កម្ពស់​នៅ​លើ​​យាន​អវកាស​​ Lunar Reconnaissance Orbiter របស់​ NASA ដើម្បី​បន្ថែម​ផែន​ទី​ភូមិ​សាស្ត្រ​នៅ​ប៉ូល​ខាង​ជើង​ និង​ខាង​ត្បូង​។

    “ព្រះចន្ទ​តែង​មាន​កម្លាំង​ទាក់​ទាញ​យ៉ាង​ខ្លាំង​សម្រាប់​មនុស្ស​ ហើយ​យើង​ក៏តែង​តែ​រង់​ចាំ​ថ្ងៃ​មួយ​ដែល​អាច​វិល​ត្រឡប់​ទៅកាន់​ទី​នោះ​។ ពិត​ជា​អស្ចារ្យ​ណាស់​នៅ​ពេល​បាន​ឃើញ USGS បង្កើត​បាន​ប្រភព​ធន​ធាន​ដែល​អាច​ជួយ​ឱ្យ​ NASA រៀប​គម្រោង​សម្រាប់​បេសកកម្ម​នាពេល​អនាគត​” នេះ​បើ​តាម​សម្ដី​របស់ Jim Reilly ដែល​ជា​​ប្រធាន​ទីភ្នាក់​ងារ​ USGS និង​ជា​អតីត​អវកាស​ចរ​របស់​ NASA៕

    https://www.youtube.com/watch?v=lTKbXpIqGtY

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ខឹងខ្លាំងណាស់! លោកត្រាំ ប្រកាសផ្អាកលុយគាំទ្រWHO កណ្ដាលស្ថានការណ៍វិបត្តិកូវីដ-19

    ខឹងខ្លាំងណាស់! លោកត្រាំ ប្រកាសផ្អាកលុយគាំទ្រWHO កណ្ដាលស្ថានការណ៍វិបត្តិកូវីដ-19

    លោកប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ(ទី14 មេសា)ម្សិលមិញ បានប្រកាសផ្អាកលុយឧបត្ថម្ភរបស់សហរដ្ឋអាមេរិក ដែលបានផ្ដល់ទៅឱ្យអង្គការសុខភាពពិភពលោក(WHO) ដោយបានឱ្យហេតុផលថា អង្គការមួយនេះ បានលាក់បាំងភាពធ្ងន់ធ្ងរក្នុងការឆ្លងរាលដាលរបស់មេរោគកូវីដ-19 នៅក្នុងប្រទេសចិន មុនពេលវាឆ្លងសាយភាយពាសពេញពិភពលោក។

    លោក ត្រាំ បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ថា លោកបានបញ្ជាឱ្យគណៈគ្រប់គ្រងរបស់លោក ធ្វើការផ្អាកលុយគាំទ្រអង្គការនោះ ខណៈពេលជាមួយគ្នា ក៏នឹងមានពិនិត្យវាយតម្លៃពីតួនាទីរបស់អង្គការសុខភាពពិភពលោក លើផ្នែកគ្រប់គ្រងចាត់ការ ដែលខុសឆ្គងយ៉ាងធ្ងន់ធ្ងរ និងលាក់បាំងការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មី។

    នៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកត្រាំ បានបញ្ជាក់ថា អង្គការសុខភាពពិភពលោក បានរារាំងភាពច្បាស់លាស់របស់ព័ត៌មាន នៃការឆ្លងរាលដាល ហើយសហរដ្ឋអាមេរិក ដែលអ្នកឧបត្ថម្ភធំជាងគេរបស់អង្គភាពផ្នែកសុខាភិបាល របស់អង្គការសហប្រជាជាតិមួយនេះ ដោយចំនួនទឹកប្រាក់ 400លានដុល្លារអាមេរិកកាលពីឆ្នាំកន្លងទៅ ពេលនេះនឹងពិចារណាថា តើនឹងត្រូវធ្វើយ៉ាងណាតទៅទៀត ជាមួយប្រាក់ទាំងអស់ដែលបានប្រគល់ទៅឱ្យអង្គការសុខភាពពិភពលោក។

    លោកត្រាំថ្លែងថា “ដោយការឆ្លងរាលដាលរបស់ជំងឺឆ្លងដ៏ធំកូវីដ-19 យើងមានក្ដីកង្វល់យ៉ាងធំសម្បើមថា ភាពអនុគ្រោះរបស់សហរដ្ឋអាមេរិក ត្រូវបានប្រើប្រាស់យ៉ាងល្អបំផុត តាមដែលអាចទៅរួចហើយ ឬទេ?”។

    កាលពីសប្ដាហ៍មុន លោកត្រាំ បានគំរាមកាត់ប្រាក់ឧបត្ថម្ភគាំទ្រអង្គការសុខភាពពិភពលោក ពីបទលម្អៀង ដោយបានផ្ដល់ភាពសំខាន់ទៅលើប្រទេសចិនខ្លាំងជ្រុលពេក និងថែមទាំងផ្ដល់ការណែនាំដែលគ្មានប្រសិទ្ធភាព រហូតធ្វើឱ្យមេរោគកូរ៉ូណាប្រភេទថ្មី ឆ្លងរាលដាលទូទាំងពិភពលោក។

    “ពួកគេចេញសេចក្ដីប្រកាសដាស់តឿនខុសឆ្គង” លោកត្រាំ បានបញ្ជាក់ដោយបានចោទថា WHO សម្រេចចិត្តយឺតយ៉ាវ ទម្រាំតែចេញការប្រកាសដាស់តឿនឱ្យប្រយ័ត្នលើការធ្វើដំណើរទៅប្រទេសចិន។ លោកថា “ពួកគេគួរតែប្រកាស តាំងតែពីចុងខែមុននោះ”

    តមកទៀត លោក ថេដ្រូស អ៊ែដហាណូម កេប្រេយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក បានអំពាវនាវឱ្យបណ្ដាមេដឹកនាំទូទាំងពិភពលោក បញ្ឈប់ការលេងល្បែងនយោបាយកណ្ដាលវិបត្តិជំងឺរាតត្បាតដ៏ធំ នៃវីរុសកូរ៉ូណាប្រភេទថ្មី(កូវីដ-19) ក្រោយពីអង្គការមួយនេះត្រូវរងការរិះគន់យ៉ាងខ្លាំងក្លាពីលោកប្រធាធិបតី ដូណាល់ ត្រាំ។

    តែយ៉ាងណាក៏ដោយ សង្គ្រាមពាក្យសម្ដីរវាងទាំង 2ខាងនេះ មិនបញ្ចប់ត្រឹមតែប៉ុនហ្នឹងទេ ព្រោះកាលពី 1ថ្ងៃបន្ទាប់ពីនោះមក សហរដ្ឋអាមេរិក បានចេញសេចក្ដីប្រកាសចោទថា ជារឿងរបស់អង្គការសុខភាពពិភពលោកទៀត ដែលផ្ដល់ភាពសំខាន់ទៅលើប្រធានបទខាងនយោបាយមុនគេបង្អស់ ដោយធ្វើព្រងើយកន្តើយចំពោះការព្រមានរបស់ប្រទេសតៃវ៉ាន់ ពាក់ព័ន្ធនឹងការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 នៅក្នុងប្រទេសចិន រហូតដល់ស្ថានការណ៍រាលដាលទូទាំងពិភពលោក។

    ការចោទប្រកាន់ទាំងនោះ បានជំរុញឱ្យអង្គការសុខភាពពិភពលោក ប្រញាប់ឆ្លើយតប 1ដងទៀត ដោយបានបដិសេធការចោទប្រកាន់របស់សហរដ្ឋអាមេរិក និងបានអះអាងថា ព័ត៌មានដែលបានទទួលតាមរយៈអ៊ីមែលពីតៃវ៉ាន់នៅថ្ងៃនោះ មិនធ្លាប់យោងទៅលើករណីការឆ្លងពីមនុស្សទៅមនុស្សនោះឡើយ ដែលការឆ្លើយតបនេះហើយ ជាប្រភពនៃការគំរាមកាត់ប្រាក់ឧបត្ថម្ភគាំទ្ររបស់លោកត្រាំ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • COVID-19! នាវិក​ជិត​600​នាក់​របស់​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​អាមេរិកាំង​ បាន​ឆ្លង​វីរុស​

    COVID-19! នាវិក​ជិត​600​នាក់​របស់​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​អាមេរិកាំង​ បាន​ឆ្លង​វីរុស​

    កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ កាល​ពី​ម្សិល​មិញ​(12​មេសា) បាន​បញ្ជាក់​ថា បាន​រក​ឃើញ​នាវិក​​ចំនួន​103​នាក់​នៅ​លើ​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​ USS Theodore Roosevelt មាន​ផ្ទុក​​វីរុស​COVID-19 នាំ​ឱ្យចំនួន​​អ្នក​ផ្ទុក​វីរុស​នៅ​លើ​នាវា​នេះ​កើន​ដល់​585​នាក់​។

    យោង​តាម​ស្ថិតិ​ពី​កង​ទ័ព​ជើង​ទឹក​អាមេរិកាំង​ សមាជិកក្រុម​​នាវិក​ប្រមាណជា​90%​ នៃ​នាវា​ USS Theodore Roosevelt​ ត្រូវ​បាន​ធ្វើ​តេស្ត​រកវីរុស​COVID-19 ក្នុង​នោះ​មាន​លទ្ធ​ផល​វិជ្ជមាន​ចំនួន​585​នាក់ និង​អវិជ្ជ​មាន​ចំនួន​3,724​នាក់​។

    តួលេខ​នៃ​នាវិក​​នៅ​លើ​នាវា​ USS Theodore Roosevelt​ ដែល​បាន​ឆ្លង​វីរុស​ មាន​ចំនួន​75​% ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​នៅ​ក្នុង​ជួរ​កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​។

    នាវិក​ម្នាក់​ដែល​បាន​ឆ្លង​វីរុស​នៅ​លើ​នាវា​ USS Theodore Roosevelt កាល​ពី​ថ្ងៃទី​10​មេសាបាន​សន្លប់​ និង​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កង​ទ័ព​ជើង​ទឹក​​នៅ​លើ​កោះ Guam។

    កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ បាន​រាយការណ៍​អំពី​ករណី​ឆ្លង​វីរុស​COVID-19 នៅ​លើ​នាវា​ផ្ទុក​យន្តហោះ​ចំនួន​4​គ្រឿង​ រួម​មាន​នាវា​ Nimitz នាវា Ronald Reagan នាវា Carl Vinson និង​នាវា Theodore Roosevelt រួម​នឹង​នាវា​ចម្បាំង​មួយ​ចំនួន​ផ្សេង​ទៀត​ផងដែរ​។

    សហរដ្ឋ​អាមេរិក​ បច្ចុប្បន្ន​មាន​អ្នក​​ជំងឺ​សរុប​554,226​នាក់ កើន​29,323​នាក់​ធៀប​នឹង​ម្សិល​មិញ ក្នុង​នោះ​អ្នក​ស្លាប់​មានចំនួន​​21,994​នាក់​។ ប្រទេស​នេះ​ជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​នៅ​ក្នុង​ពិភពលោក​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • រន្ធត់រដ្ឋនីវយ៉ក! ឆ្លងកូវីដ-19 ជាង 1.6សែននាក់ គ្រងស្ថិតិរដ្ឋតែមួយ មានអ្នកឆ្លងមេរោគ វ៉ាដាច់ប្រទេសអេស្ប៉ាញទាំងមូល

    រន្ធត់រដ្ឋនីវយ៉ក! ឆ្លងកូវីដ-19 ជាង 1.6សែននាក់ គ្រងស្ថិតិរដ្ឋតែមួយ មានអ្នកឆ្លងមេរោគ វ៉ាដាច់ប្រទេសអេស្ប៉ាញទាំងមូល

    រដ្ឋនីវយ៉ក រងវិបត្តិធ្ងន់ធ្ងរ ចំនួនអ្នកឆ្លងមេរោគកូវីដ-19 នៅតែហក់ឡើងឥតឈប់ ដល់ជាង 1.6សែននាក់ហើយ គ្រងស្ថិតិជារដ្ឋតែមួយគត់ដែលមានអ្នកឆ្លងមេរោគច្រើនជាងប្រទេសអេស្ប៉ាញ និងអ៊ីតាលីទាំងមូលទៅទៀត។

    នៅថ្ងៃទី10 មេសានេះ វេបសាយ ដឹ សាន់ បានឱ្យដឹងថា មហាវិទ្យាល័យ ចន ហប់គីនស៍ នៅក្នុងសហរដ្ឋអាមេរិក បានរាយការណ៍ពីស្ថានការណ៍មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 រាតត្បាត ដែលនៅក្នុងរដ្ឋនីវយ៉ក កំពុង​រង​វិបត្តិកាន់តែធ្ងន់ធ្ងរឡើង គ្រងស្ថិតិជារដ្ឋតែមួយ ដែលមានចំនួនអ្នកឆ្លងមេរោគច្រើនជាងប្រទេសណាៗទាំងអស់​លើពិភពលោក ព្រោះរហូតមកដល់ខណៈពេលនេះ បានរកឃើញអ្នកឆ្លងមេរោគក្នុងរដ្ឋមួយនេះរួចហើយដល់​ទៅ 160,000​នាក់ និងស្លាប់​ជាង 7,000​នាក់ ដែលនៅពេលប្រៀបធៀបជាមួយនឹងប្រទេសអេស្ប៉ាញ ជាប្រទេសដែល​មានអ្នកឆ្លងមេរោគច្រើនបំផុតលំដាប់លេខ2 របស់ពិភពលោក មានអ្នកឆ្លងមេរោគប្រមាណ 150,000​នាក់ និងអ៊ីតាលី មានអ្នកឆ្លងមេរោគកូវីដ-19 ច្រើនលំដាប់លេខ3 ក្នុងពិភពលោក ក្នុងចំនួនប្រមាណជា 140,000នាក់។

    លោក អ៊ែនឌ្រូវ៍ ខូអូម៉ូ អភិបាលរដ្ឋនីវយ៉ក ដែលកំពុងធ្វើការយ៉ាងធ្ងន់ធ្ងរ ដើម្បីរិះរកវិធីទប់ទល់នឹងការរាតត្បាតរបស់មេរោគកូវីដ-19 ក្នុងរដ្ឋនីវយ៉ក បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដោយបានរិះគន់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក និងលោក ប៊ីល ដឹ ប្លាស៊ីអូ អភិបាលទីក្រុងនីវយ៉ក ដែលប្រកាសក្នុងថាមឡាញ អំពី​ការវិល​ត្រឡប់​មកបើក​មហានគរ​នីវយ៉ក​ឡើង​ជាថ្មីម្ដង​ទៀត។

    រន្ធត់រដ្ឋនីវយ៉ក! ឆ្លងកូវីដ-19 ជាង 1.6សែននាក់ គ្រងស្ថិតិរដ្ឋតែមួយ មានអ្នកឆ្លងមេរោគ វ៉ាដាច់ប្រទេសអេស្ប៉ាញទាំងមូល

    លោក អ៊ែនឌ្រូវ៍ ខូអូម៉ូ អភិបាលរដ្ឋនីវយ៉ក“ហេតុអ្វីបានជាពួកគេទស្សន៍ទាយថា ពលរដ្ឋនីវយ៉ក អាចបញ្ឈប់ការឆ្លងរាតត្បាតរបស់មេរោគកូវីដ-19បាននៅពេលណានោះ? ខណៈដែលប្រធានាធិបតី ត្រាំ ថែមទាំងទស្សន៍ទាយថា ប្រទេសអាមេរិក នឹងអាចវិលមកដំណើរការធុរកិច្ចបានដូចកាលពីដើម ក្នុងអំឡុងពិធីបុណ្យអ៊ីស្ទើរ៍ទៀតផង…ហេតុអីបានពួកលោកនិយាយបែបហ្នឹង?” លោក ខូអូម៉ូ ថ្លែងរិះគន់លោកប្រធានាធិបតី ត្រាំ និងបានចង្អុលបង្ហាញថា សូម្បីតែអ្នកជំនាញការផ្នែករោគឆ្លង ក៏នៅមិនទាន់ហ៊ានទស្សន៍ទាយបានផងថា តើការឆ្លងរាតត្បាតរបស់កូវីដ-19 នឹងចប់នៅពេលណានោះ?! តើអ្នកណាអាចនៅរង់ចាំមើលស្ថានការណ៍ និងនិយាយបានថា ពួកយើងកំពុងតែឆ្ពោះទៅកាន់ចំណុចណានោះ?។

    ក្រៅពីនោះ លោកខូអូម៉ូ អភិបាលរដ្ឋនីវយ៉ក នៅបានថ្លែងយ៉ាងត្រង់ទៅត្រង់មកទៀតផងថា សម្រាប់ខ្លួនលោក គ្មានការគិតថា ការរាតត្បាតរបស់មេរោគកូវីដ-19 នឹងចប់នៅពេលណាឡើយ…មិនដឹងថា ក្រាហ្វិករបស់អ្នកឆ្លងមេរោគថ្មីក្នុងរដ្ឋនីវយ៉ក នឹងនៅតែហក់ឡើងខ្ពស់តទៅទៀត ឬក៏ចាប់ផ្ដើមថយចុះ ឬយ៉ាងណានោះឡើយ? ព្រោះពេលនេះ ពួកយើងនឹងដឹង ក៏នៅពេលដែលទៅដល់ចំណុចនោះហើយប៉ុណ្ណោះ។ ពួកយើងតាមដានព័ត៌មានតួលេខរៀងរាល់ថ្ងៃ។ លោកខូអូម៉ូ នៅបានថ្លែងអះអាងពីចំនួនអ្នកស្លាប់ដោយសារមេរោគកូវីដ-19 ក្នុងរដ្ឋនីវយ៉ក ថា មានចំនួន 7,067ហើយ ដែលនេះគឺជាចំនួនដែលច្រើនជាងចំនួនអ្នកស្លាប់ដោយសារហេតុការណ៍វិនាសកម្ម 9/11(យន្តហោះភេរវករបើកបំបុកអគារ វើល ថ្រេត សេនធើរ កាលពីឆ្នាំ2001) ក្រៅពីនោះ តួលេខនៃអ្នកស្លាប់ថ្មីៗ ក្នុងអំឡុង 24ម៉ោង នៅតែកើនឡើងខ្ពស់ដល់ទៅ 799នាក់ម្ដងទៀតដដែល កាលពីថ្ងៃទី8 មេសា កន្លងទៅ។

    ទាំងអស់នេះ ចំនួនសរុបនៃអ្នកឆ្លងមេរោគវីរុសកូវីដ-19 នៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងដល់ចំនួន 452,135នាក់ និងមានអ្នកស្លាប់ 16,513នាក់ រហូតជាប់លំដាប់ជាប្រទេសដែលមានអ្នកឆ្លងមេរោគកូវីដ-19 ច្រើនបំផុតលំដាប់លេខ1 របស់ពិភពលោក រួមទាំងមានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុត លំដាប់លេខ2 ក្នុងពិភពលោក បន្ទាប់ពីអ៊ីតាលី ដែលមានអ្នកឆ្លងមេរោគ 143,626នាក់ និងស្លាប់ 18,279នាក់៕

    ប្រភព៖ សារព័ត៌មានបរទេស

  • COVID-19! នាវិក​ជាង​400​នាក់​របស់​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​អាមេរិកាំង​ បាន​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី

    COVID-19! នាវិក​ជាង​400​នាក់​របស់​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​អាមេរិកាំង​ បាន​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី

    ក្រុម​នាវិក​របស់​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង USS Theodore Roosevelt ចំនួន​416​នាក់​ វិជ្ជ​មាន​ជាមួយ​វីរុស​COVID-19 គឺ​ប្រមាណ​ជា​​ជាង​ពាក់​កណ្ដាល​នៃ​ករណី​ឆ្លង​វីរុស​សរុប​នៅ​ក្នុង​ជួរ​កង​ទ័ពជើង​ទឹក​សហ​រដ្ឋ​អាមេរិក​។

    កង​ទ័ព​ជើង​ទឹក​អាមេរិកាំង​ កាលពី​ថ្ងៃទី​8មេសា​ បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ជួរ​កង​ទ័ព​ជើងទឹក​​ទាំង​មូល​ មាន​អ្នក​ឆ្លង​វីរុស​COVID-19 យ៉ាង​តិច​714ករណី​។ ក្នុង​នោះ​ក្រុម​នាវិក​នៃ​នាវា​ផ្ទុក​យន្ត​ហោះ USS Theodore Roosevelt មាន​ចំនួន​ជាង​ពាក់​កណ្ដាល​ ពោល​គឺ​មាន416​ករណី។

    USS Theodore Roosevelt បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19 ដំបូង​ចំនួន​3ករណី​កាល​ពី​ថ្ងៃទី​25​មីនា​ នាំ​ឱ្យនាវា​នេះ​ត្រូវ​ផ្អាក​ដំណើរ​ការ​ និង​ចូល​ចត​ក្នុង​កំពង់​ផែ​ Guam ដើម្បី​ធ្វើ​តេស្ត​រក​មេរោគ​ទៅ​លើ​បុគ្គលិក​ជិត​5,000​នាក់​។

    អ្នក​នាំពាក្យ​មន្ទីរ​បញ្ច​កោណ​ Jonathan Hoffman កាល​ពី​សប្ដាហ៍​មុន​បាន​ឱ្យ​ដឹង​ថា បុគ្គលិក​ជាង​2,300​នាក់​ក្នុង​ចំណោម​2,700​នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​នាវា​ ហើយ​ពួក​គេ​ក៏​បាន​ឡើង​លើ​កោះ​ Guam។

    នាវា​ផ្ទុក​យន្តហោះ​អាមេរិកាំង​​ចំនួន​4​គ្រឿង រួម​មាន​ នាវា Nimitz នាវា Ronald Reagan នាវា Carl Vinson និងនាវា Theodore Roosevelt រួម​នឹង​នាវា​ចម្បាំង​មួយចំនួន​ទៀត​ សុទ្ធ​តែ​បាន​រាយ​ការណ៍​ថា មានករណីឆ្លង​វីរុស​COVID-19។

    មេបញ្ជា​ការ​របស់នាវា​ផ្ទុកយន្ត​ហោះ​ Theodore Roosevelt លោក Brett E. Crozier ធ្លាប់​បាន​សរសេរ​សំបុត្រ​សុំ​ជំនួយ និង​ស្នើ​ឱ្យ​ជម្លៀស​ក្រុម​នាវិក​ចំនួន​4,000​នាក់​ចេញ​ពី​នាវា​នេះ ប៉ុន្តែ​ លោក​ត្រូវ​បាន​គេ​ដក​ហូត​ចេញ​ពី​តំណែង​ ដោយ​ចោទ​ថា​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ័យស្លន់​ស្លោ​ដល់​ក្រុម​គ្រួ​សារ​របស់​ក្រុម​នាវិក​ទាំង​នោះ​។

    Covid-19 បាន​បង្ហាញ​ខ្លួន​ដំបូង​នៅ​ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ ឆ្នាំ​2019។ បច្ចុប្បន្ន វីរុស​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ ​91,828​នាក់​ និង​អ្នកជំងឺ​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​មាន​ចំនួន48,510​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​1,554,960​នាក់៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ​សហ​រដ្ឋ​អាមេរិក៖ អ្នក​ស្លាប់​ថ្មី​កើន​ជិត​2,000​នាក់ ខណៈ​អ្នក​ផ្ទុក​COVID-19សរុប​កើនលើស​420,000​នាក់

    ​សហ​រដ្ឋ​អាមេរិក៖ អ្នក​ស្លាប់​ថ្មី​កើន​ជិត​2,000​នាក់ ខណៈ​អ្នក​ផ្ទុក​COVID-19សរុប​កើនលើស​420,000​នាក់

    តួលេខ​នៃ​អ្នកស្លាប់​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក​បន្ត​កើន​ឡើង​ខ្លាំង ដោយ​មាន​ជិត​2,000​នាក់​ក្នុង​1ថ្ងៃ​ នៅ​​ក្នុង​សប្ដាហ៍​ដែល​មន្ត្រី​អាមេរិកាំង​ជឿ​ថា រោគ​រាត​ត្បាត​នេះ​អាច​ឡើង​ដល់​ចំណុច​កំពូល​។

    យោង​តាម​ទិន្ន​ន័យ​នៅ​លើ​គេហ​ទំព័រ​ Worldometer គិត​ត្រឹម​ល្ងាច​ថ្ងៃទី​8មេសា (ម៉ោង​នៅ​សហរដ្ឋ​អាមេរិក) សហរដ្ឋ​អាមេរិក​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន1,805​ករណី​ ធ្វើ​ឱ្យ​តួលេខ​សរុប​នៃ​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ប្រទេស​នេះ​ ឡើង​ដល់​14,646​ករណី​។

    ក្នុង​រយៈ​ពេល​24​ម៉ោង​កន្លង​ទៅ​ សហរដ្ឋ​អាមេរិក បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19 ចំនួន26,550​នាក់​បន្ថែម​ទៀត​ នាំ​ឱ្យ​អ្នក​ឆ្លង​មេរោគ​សរុប​ក្នុង​ប្រទេស​នេះ​ កើន​ជិត​ដល់​426,000​នាក់​។

    សម្បុក​មេរោគ​ New York កាល​ពី​ម្សិល​មិញ​ក៏​មាន​អ្នក​ស្លាប់​ច្រើន​មិន​ធ្លាប់​មាន​ផងដែរ​។ អភិបាល​រដ្ឋ New York លោក Andrew Cuomo ឱ្យ​ដឹងថា រដ្ឋ​នេះមាន​អ្នក​ស្លាប់​779​ករណី​ដោយ​សារ​COVID-19 ក្នុង​រយៈ​ពេល​តែ​24​ម៉ោង​ចុង​ក្រោយ​ ធ្វើ​ឱ្យ​អ្នក​ស្លាប់​សរុប​ក្នុង​រដ្ឋ​នេះ​កើន​ជិត​ដល់​​6,300​នាក់​ ក្នុង​នោះ​ទីក្រុង​ New York មាន​ដល់​ទៅ​ជាង​5,600​ករណី។

    អភិបាល​រដ្ឋ​ New York យល់ថា តូលេខ​នៃ​អ្នក​ស្លាប់​នឹង​បន្ត​កើន​ឡើង​ សូម្បី​តែ​នៅ​ក្នុងអំឡុង​អ្នក​ឆ្លង​មេរោគ​មាន​ការ​ថយ​ចុះ​ក៏ដោយ​។ លោក​បន្ត​ថា ការ​បង្ខាំង​ទូទៅ​ក្នុង​សហគមន៍​នឹង​នៅ​តែ​ជា​វិធាន​ការ​ដ៏មាន​ប្រសិទ្ធ​ភាព​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​។

    លោក​ប្រធានាធិបតិ​អាមេរិកាំង​ Donald Trump មាន​បំណង​បើក​ទ្វារ​សេដ្ឋ​កិច្ច​ឡើង​វិញ ប៉ុន្តែ​ទីប្រឹក្សា​របស់​លោក​​អំពាវ​នាវ​ឱ្យ​លោក​ មាន​ការ​ប្រុង​ប្រយ័ត្ន​ ព្រោះ​ថា​ការ​បើក​ទ្វារ​សេដ្ឋ​កិច្ច​ឆាប់​ពេក​នឹង​អាចនាំ​ឱ្យ​ការ​ឆ្លង​រាល​ដាល​ផ្ទុះ​ឡើង​ខ្លាំង​បន្ថែម​ទៀត​។

    ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​អាមេរិកាំង​បាន​ព្រមាន​ថា តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ COVID-19 នៅ​ក្នុង​ប្រទេស​នេះ​ អាច​កើន​ឡើង​ដល់​100,000​នាក់ ទៅ​200,000​នាក់ បើសិន​ជា​មិន​មាន​វិធាន​ការ​ខ្លាំង​ក្លា និង​ប្រសិទ្ធ​ភាព​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • បន្ទោសតែគេគ្រប់យ៉ាង! ត្រាំ​ពន្លះ​WHO​ ថា​ ណែនាំ​វិធីការពារ​វីរុសមហាសែន​អន់ នាំ​ឱ្យ​កូវីដ-19​ រាល​ដាល​​ធ្ងន់​ធ្ងរ…

    បន្ទោសតែគេគ្រប់យ៉ាង! ត្រាំ​ពន្លះ​WHO​ ថា​ ណែនាំ​វិធីការពារ​វីរុសមហាសែន​អន់ នាំ​ឱ្យ​កូវីដ-19​ រាល​ដាល​​ធ្ងន់​ធ្ងរ…

    ប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ(ទី7មេសា)បានរិះគន់អង្គការសុខភាពពិភព លោក​(WHO) យ៉ាងធ្ងន់ៗ ដោយបានចោទថា អង្គការនេះបានផ្ដល់ភាពសំខាន់ទៅលើប្រទេសចិនខ្លាំងជ្រុលពេក និងណែនាំវិធីការពារមេរោគមហាសែនអន់ក្នុងអំឡុងការឆ្លងរាតត្បាតរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19​ ​ខណៈដែលស្ថានការណ៍វិបត្តិកូវីដ-19 នៅក្នុងសហរដ្ឋអាមេរិក ជាពិសេសក្នុងទីក្រុងនីវយ៉កកាន់តែចាប់ផ្ដើមធ្ងន់ធ្ងរឡើងៗទៅជារឿយៗ។

    “អង្គការសុខភាពពិភពលោក ជាអ្នកចម្លងសាយភាយវា” លោកត្រាំ បានសរសេរយ៉ាងដូច្នេះនៅក្នុងធ្វីតធើរ “សម្រាប់ហេតុផលមួយចំនួន គឺអង្គការនេះបានទទួលការគាំទ្រខាងហិរញ្ញវត្ថុមួយចំណែកធំពីសហរដ្ឋអាមេរិក តែចិនជាមជ្ឈមណ្ឌលកណ្ដាល។ សំណាងល្អដែរ ដែលខ្ញុំបានបដិសេធការណែនាំរបស់ពួកគេ ដែលប្រាប់ថា ឱ្យបើកព្រំដែនស្វាគមន៍ចិនក្នុងអំឡុងពេលដំបូងៗ…តើហេតុអី បានពួកគេផ្ដល់ការណែនាំដែលខុសឆ្គងដល់ពួកយើង?”
    ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ព្យាយាមទាក់ទងសាកសួរ ពាក់ព័ន្ធនឹងការរិះគន់របស់លោកត្រាំនេះ ទៅអង្គការសុខភាពពិភពលោក តែខាងអង្គការសុខភាពពិភពលោកនៅមិនទាន់ឆ្លើយតបនៅឡើយ។

    កាលពីថ្ងៃទី31 មីនា អង្គការសុខភាពពិភពលោក ដែលជាអង្គការផ្នែកសុខភាពសាធារណៈរបស់អង្គការសហប្រជាជាតិ បានចេញការណែនាំដល់ប្រទេសផ្សេងៗ ឱ្យបើកព្រំដែនតាមប្រក្រតី ទោះជាមានការឆ្លងរាលដាល និងទោះជាមួយផ្នែកទៀត ពួកគេបានសង្កត់ធ្ងន់ថា ប្រទេសផ្សេងៗមានសិទ្ធិប្រើវិធានការផ្សេងៗក្នុងការការពារពលរដ្ឋរបស់ខ្លួនក៏ដោយ តែតមក ក្នុងថ្ងៃជាមួយគ្នា រដ្ឋបាលរបស់លោកត្រាំ បានសម្រេចចិត្តចេញវិធានការកម្រិតការធ្វើដំណើរ សម្រាប់អ្នកដំណើរមកពីប្រទេសចិន។

    កាលពីពេលមុនហ្នឹង ពួកអ្នកនយោបាយគាំពារនិយមនៅក្នុងសហរដ្ឋអាមេរិក បាននាំគ្នាចេញមករិះគន់អង្គការសុខភាពពិភពលោកធ្ងន់ឡើងៗជារឿយៗ ចំពោះការណែនាំរបស់WHO ក្នុងអំឡុងពេលមេរោគកំពុងរាតត្បាតក្នុងកម្រិតសកល ដោយបានប្រាប់ថា អង្គការមួយនេះ ពឹងតែលើព័ត៌មានដែលខុសៗអំពីចិន ពាក់ព័ន្ធនឹងការចម្លងសាយភាយរបស់មេរោគកូរ៉ូណាប្រភេទថ្មីនេះ។

    កាលពីសប្ដាហ៍កន្លងទៅ ម៉ាកូ រូប៊ីអូ សមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ បានទាមទារឱ្យ លោកថេដ្រូស អ៊ែតហាណូម កេប្រេយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក ចុះចេញពីតំណែង ដោយបានប្រាប់ថា៖ “គាត់បណ្ដោយឱ្យចិន ប្រើអង្គការសុខភាពពិភពលោកដឹកនាំសហគមន៍ពិភពលោកទៅក្នុងផ្លូវដែលខុស”។

    ការរិះគន់របស់លោកត្រាំ បានកើតឡើងក្រោមស្ថានការណ៍ការឆ្លងរាលដាលដែលមិនសូវជាល្អប៉ុន្មាននៅក្នុងប្រទេសអាមេរិក ជាពិសេសក្នុងទីក្រុងនីវយ៉ក ដែលតាមរយៈការរាប់របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរកឃើញថា តួលេខអ្នកឆ្លងមេរោគនៅក្នុងទីក្រុងមួយនេះ មានចំនួនច្រើន វ៉ាដាច់ប្រទេសអ៊ីតាលីរួចរាល់ទៅហើយកាលពីថ្ងៃអង្គារ(ទី7មេសា) ទាំងដែលអ៊ីតាលី គឺជាប្រទេសដែលមានអ្នកឆ្លងមេរោគច្រើនបំផុតលំដាប់លេខ3 នៅលើពិភពលោកបន្ទាប់ពីអាមេរិកនិងអេស្ប៉ាញ។

    តាមរយៈការរាប់ចំនួនរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរកឃើញថា នៅក្នុងទីក្រុងនីវយ៉ក(តែមួយ) មានអ្នកឆ្លងមេរោគ ចំនួន 138,836នាក់ ច្រើនជាងចំនួន 135,586នាក់ទូទាំងប្រទេសអ៊ីតាលី ខណៈដែលអាមេរិក ជាប្រទេសដែលរកឃើញអ្នកឆ្លងមេរោគ(ទូទាំងប្រទេស)ច្រើនជាងគេបំផុត ចំនួនជាង 380,000នាក់ ក្នុងនោះស្លាប់ 11,800នាក់ តាមពីក្រោយដោយប្រទេសអេស្ប៉ាញ ដែលរកឃើញអ្នកឆ្លងមេរោគ ច្រើនជាង 140,000 នាក់ និងស្លាប់ជាង 13,000នាក់។

    តួលេខទាំងនេះ ត្រូវបានផ្សព្វផ្សាយចេញមក ក្នុងខណៈដែលអាមេរិកកំពុងត្រៀមខ្លួនប្រឈមនឹងស្ថានការណ៍អាក្រក់បំផុតក្នុងសប្ដាហ៍នេះ ដែលអាជ្ញាធរម្នាក់បានហៅថា “ជាសប្ដាហ៍ដែលផុតកំពូលបំផុតរបស់ការស្លាប់” ដោយសារកូវីដ-19។

    ទីក្រុងនីវយ៉ក រកឃើញអ្នកស្លាប់ប្រចាំថ្ងៃ ច្រើនជាងគេបំផុត រាប់ចាប់តាំងពីមានការឆ្លងរាលដាល ដោយមានចំនួន 731នាក់ សរុប 5,489នាក់ ទោះជាកាលពីពេលមុនហ្នឹង លោក អ៊ែនឌ្រូវ៍ ឃូអូម៉ូ អភិបាលក្រុងនីវយ៉ក បានបញ្ជាក់កាលពីថ្ងៃអង្គារ(ទី7មេសា)ថា ចំនួនអ្នកជំងឺដែលចូលទៅព្យាបាលនៅតាមមន្ទីរពេទ្យផ្សេងៗ មើល ទៅហាក់ដូចជាស្ថិតក្នុងកម្រិតទប់ទប់ហើយក៏ដោយ៕

    ប្រភព៖ សារព័ត៌មានបរទេស