អាមេរិកាំង​បញ្ចេញ​ផែន​ទី​ភូមិ​សាស្ត្រ​ពេញ​លេញ​​នៃ​ឋាន​ព្រះ​ចន្ទ

ជាលើក​ដំបូង​ហើយ​ដែល​ផ្ទៃ​ដី​​​ទាំង​មូល​របស់​ព្រះចន្ទ​ត្រូវ​បានគូរ​ឡើង​វិញ​ដោយ​មជ្ឈមណ្ឌល​តារា​សាស្ត្រ​នៃ​ទីភ្នាក់​ងារ​​​អង្កេត​ភូមិសាស្ត្រសហរដ្ឋអាមេរិក USGS (United States Geological Survey)។

ផែន​ទី​ថ្មី​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​បូក​ផ្សំ​គ្នា​រវាង​ផែន​ទី​ភូមិ​សាស្ត្រ​ចំនួន​6​ផ្សេង​ទៀត​នៃ​កម្មវិធី​ Apollo និង​ទិន្ន​ន័យ​ដែល​បាន​មក​ពី​ផ្កាយ​រណប​នានា​ក្នុង​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​អំពី​រចនា​សម្ព័ន្ធ​ផ្ទៃ​ខាងលើ​យ៉ាង​ច្បាស់​របស់​ឋាន​​ព្រះ​ចន្ទ​ ជាមួយ​នឹង​ភាព​លម្អិត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។

ចំពោះ​សហគមន៍​អ្នក​វិទ្យា​សាស្ត្រ​ ផែន​ទី​នេះ​គឺជា​ឯក​សារ​​ដែល​កាត់​ថ្លៃ​មិន​បាន ​សម្រាប់​បេសកកម្ម​នៅ​លើ​ព្រះ​ចន្ទ​នា​ពេល​អនាគត​ ដែល​ជួយ​ដល់​ការ​សិក្សា​ស្រាវ​ជ្រាវ​ប្រវត្តិ​4.5​ពាន់​លាន​ឆ្នាំ​របស់​ភព​រណប​ធម្មជាតិ​តែ​មួយ​គត់​ដែល​​គោចរ​ជុំ​វិញ​ភព​ផែន​ដី​មួយនេះ​។

Corey Fortezzo មក​ពី​ USGS ដែល​ជា​ប្រធាននៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​​នេះ​បាន​ឱ្យ​ដឹង​ថា “ផែន​ទី​នេះ​គឺជា​ចំណុច​កំពូល​នៃ​គម្រោង​ដែល​អូស​បន្លាយ​រាប់​ទសវត្សរ៍​។ វា​ផ្ដល់​ព័ត៌មាន​សំខាន់​ៗ​សម្រាប់​ការ​ស្រាវ​ជ្រាវ​​ផ្នែក​​វិទ្យា​សាស្ត្រ​ថ្មីៗ​ផ្សេង​ទៀត​”។

ដើម្បី​អាចបង្កើត​បាន​ផែន​ទី​ភូមិ​សាស្ត្រ​ទូទាំង​ឋាន​ព្រះចន្ទ ទីភ្នាក់​ងារ​ USGS​ បាន​សហការ​ជាមួយ​ NASA និង​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ភព និង​ព្រះចន្ទ​(LPI) របស់​សហរដ្ឋ​អាមេរិក​ រួ​ម​នឹង​ទីភ្នាក់​ងារ​រុក​រក​អវកាស​ជប៉ុន​(JAXA)។ អ្នក​វិទ្យា​សាស្ត្រ​បាន​ប្រើ​ប្រាស់​កាមេរ៉ា​ភូមិ​សាស្ត្រ​ពី​យាន​អវកាស​ SELENE របស់​ជប៉ុន​ ដើម្បី​ប្រមូល​ទិន្នន័យ​នៅ​តំបន់​អេក្វាទ័រ និង​ប្រើ​ប្រាស់​ម៉ាស៊ីន​ឡាហ្សែរ​វាស់​កម្ពស់​នៅ​លើ​​យាន​អវកាស​​ Lunar Reconnaissance Orbiter របស់​ NASA ដើម្បី​បន្ថែម​ផែន​ទី​ភូមិ​សាស្ត្រ​នៅ​ប៉ូល​ខាង​ជើង​ និង​ខាង​ត្បូង​។

“ព្រះចន្ទ​តែង​មាន​កម្លាំង​ទាក់​ទាញ​យ៉ាង​ខ្លាំង​សម្រាប់​មនុស្ស​ ហើយ​យើង​ក៏តែង​តែ​រង់​ចាំ​ថ្ងៃ​មួយ​ដែល​អាច​វិល​ត្រឡប់​ទៅកាន់​ទី​នោះ​។ ពិត​ជា​អស្ចារ្យ​ណាស់​នៅ​ពេល​បាន​ឃើញ USGS បង្កើត​បាន​ប្រភព​ធន​ធាន​ដែល​អាច​ជួយ​ឱ្យ​ NASA រៀប​គម្រោង​សម្រាប់​បេសកកម្ម​នាពេល​អនាគត​” នេះ​បើ​តាម​សម្ដី​របស់ Jim Reilly ដែល​ជា​​ប្រធាន​ទីភ្នាក់​ងារ​ USGS និង​ជា​អតីត​អវកាស​ចរ​របស់​ NASA៕

https://www.youtube.com/watch?v=lTKbXpIqGtY

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Leave a Comment