Tag: USA

  • សភាអាមេរិកាំង​អនុម័ត​ច្បាប់​សម្រាប់​ជន​ជាតិ​អ៊ុយហ្គួរ​ បើក​ផ្លូវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ចិន

    សភាអាមេរិកាំង​អនុម័ត​ច្បាប់​សម្រាប់​ជន​ជាតិ​អ៊ុយហ្គួរ​ បើក​ផ្លូវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ចិន

    សភា​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​​បាន​អនុម័ត​យល់​ព្រម​​ដោយ​មិន​ចាំបាច់​បោះ​ឆ្នោត​ ទៅ​លើ​​​សេចក្ដី​ព្រាង​ច្បាប់​មួយ​​​សម្រាប់​ជនជាតិ​អ៊ុយហ្គួរ ក្នុង​បំណង​បើក​ផ្លូវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌ​កម្ម​លើ​ប្រទេស​ចិន​ ទាក់​ទិន​នឹង​បញ្ហា​សិទ្ធិមនុស្ស​។

    កាល​ពី​ម្សិលមិញ(14ឧសភា) សភា​ជាន់ខ្ពស់​អាមេរិកាំង​បាន​អនុម័តច្បាប់​គោល​នយោបាយ​សិទ្ធិ​មនុស្ស​របស់​​ជន​ជាតិ​អ៊ុយ​ហ្គួរ​ (Uyghur) ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​អ្នក​ដែលត្រូវ​ទទួល​ខុស​ត្រូវ​ក្នុងអំពើ​ឃុំ​ឃាំង​ជន​ជាតិ​អ៊ុយហ្គួរ​​ និង​ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​​មួយ​ចំនួន​ទៀត​នៅ​តំបន់​ស្វយ័ត​ស៊ីនជាំង​(Xinjiang) នៃ​ប្រទេស​ចិន​។ សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​តំណាង​រាស្ត្រ​​ Marco Rubio មក​ពី​បក្ស​សាធារណរដ្ឋ​ និង​តំណាង​រាស្ត្រ​​ Bob Menendez មក​ពី​បក្សប្រជាធតិបតេយ្យ​ នៃ​សភា​ជាន់​ខ្ពស់​​អាមេរិកាំង​។ សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​យល់​ព្រម​ពី​តំណាង​រាស្ត្រ​ទាំង​អស់​ក្នុង​សភា​ជាន់ខ្ពស់​អាមេរិកាំង។

    ច្បាប់​នេះ​ស្នើ​ឱ្យ​សេត​វិមាន​បញ្ជូន​របាយ​ការណ៍​ឡើង​ទៅ​សភា​ក្នុង​រយៈ​ពេល​យ៉ាង​យូរ180​ថ្ងៃ​ ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នក​ទាំង​ឡាយ​ណា​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ជា​អ្នក​ទទួលខុស​ត្រូវ​ចំពោះ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ទៅ​លើជន​ជាតិ​អ៊ុយ​ហ្គួរ​។ អ្នក​ទទួល​ខុស​ត្រូវ​ទាំង​នោះ​នឹង​ត្រូវ​បាន​ដាក់​ទណ្ឌ​កម្ម​តាម​​រយៈ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​នៅ​សហរដ្ឋ​អាមេរិក​ និង​ការ​ហាម​មិន​ឱ្យ​ចូល​ទឹក​ដី​សហរដ្ឋ​អាមេរិក​ជា​ដើម​។

    សេចក្ដី​ព្រាង​ច្បាប់​ខាង​លើ​នេះ​នឹង​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅកាន់​សភា​ជាន់​ទាប​ដែល​​បក្ស​ប្រជាធតិបតេយ្យ​ជា​​អ្នក​គ្រប់​គ្រង​ ដើម្បី​ធ្វើ​ការ​ពិនិត្យ​ និង​អនុម័ត​។ បើសិនជា​សភា​ជាន់​ទាប​អនុម័ត​យល់​ព្រម​ នោះ​សេចក្ដី​ព្រាង​ច្បាប់​នេះ​​នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​កាន់​សេត​វិមាន​ដើម្បី​ប្រធានាធិបតី​ពិនិត្យ​ និង​សម្រេច​ថា គួរ​ចុះ​ហត្ថលេខា​ដើម្បី​ឱ្យ​វា​ក្លាយ​ជា​ច្បាប់​ដែរ​ ឬ​អត់​។

    សភាអាមេរិកាំង​អនុម័ត​ច្បាប់​សម្រាប់​ជន​ជាតិ​អ៊ុយហ្គួរ​ បើក​ផ្លូវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ចិនសូម​បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ​2017 រដ្ឋាភិបាល​ចិន​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បាន​បញ្ជូន​ខ្លួន​ជនជាតិ​អ៊ុយហ្គួរ​ និង​ជនជាតិ​ភាគ​តិច​កាន់​សាសនា​ឥស្លាម​​ប្រមាណជា​1​លាន​នាក់​ ទៅ​កាន់​ជំរំ​​មួយ​ចំនួន​។ ភាគី​ខាង​ប្រទេស​ចិន​បាន​ឱ្យដឹង​ថា ជំរំទាំង​នោះ​គឺ​ជា​ “មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​” ហើយ​ពួកគេ​កំពុង​ប្រតិ​កម្ម​ដោយ​ស្រប​ច្បាប់​ទៅ​នឹង​ការ​គំរាម​កំហែង​ពី​ភាព​ជ្រុល​និយម​ខាង​សាសនា​។ សេចក្ដី​ប្រកាសនេះ​​របស់​ចិន​ មិន​បាន​ធ្វើ​ឱ្យ​ក្រុម​ប្រទេស​លោក​ខាងលិច​ស្ងប់​ចិត្ត​នោះ​ទេ ពិសេស​គឺ​សហរដ្ឋ​អាមេរិក​។​

    គួរ​រំឭក​ផងដែរ​ថា សភា​ជាន់​ទាប់​អាមេរិកាំង​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​2019​ ក៏ធ្លាប់​បាន​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​មួយ​ ដែល​ឱ្យ​ឈ្មោះ​ថា Uighur Intervention and Global Humanitarian Unified Response Act of 2019 ឬ the UIGHUR Act of 2019 (ការធ្វើអន្តរាគមន៍ជួយ​ជនជាតិអ៊ូហ្គួរ និងការឆ្លើយតបផ្នែកមនុស្សធម៌ជា​សកល) ដែល​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​អាមរិកាំង​ កំណត់​អត្ត​សញ្ញាណ​ និង​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​មន្ត្រី​ណា​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ឃុំ​ឃាំង​ក្រុម​ជនជាតិ​ភាគ​តិច​នៅ​តំបន់​ស្វយ័ត​ស៊ីនជាំង​ ក្នុង​ក៏​មាន​ឈ្មោះ​​លេខាធិការ​នៃ​គណៈ​កម្មាធិការ​បក្ស​របស់​​​ស៊ីនជាំង គឺ​លោក Chen Quanguo​។

    សេចក្ដី​ច្បាប់​ថ្មី​ដែល​ទើប​ត្រូវ​បាន​សភា​ជាន់​ខ្ពស់​អាមេរិកាំងអនុម័ត​​នេះ ក៏​បាន​និយាយ​ដល់​ឈ្មោះ Chen Quanguo និង​អនុលេខា​បក្សនៃ​តំបន់​ស៊ីនជាំង​​ គឺ​លោក Zhu Hailun​ ផងដែរ​។

    តំបន់​ស្វយ័ត​ស៊ីនជាំង​ (Xinjiang) នៃ​ប្រទេស​ចិន​
    តំបន់​ស្វយ័ត​ស៊ីនជាំង​ (Xinjiang) នៃ​ប្រទេស​ចិន​

    ចំណែក​ប្រទេស​ចិន​វិញ ក៏​ធ្លាប់​​ព្រមាន​ថា​នឹង​សង​សឹក​ បើ​សិន​ជា​លោក​ Chen Quanguo ​បាន​ក្លាយ​ជា​គោល​ដៅ​នៃ​ការ​ដាក់​ទណ្ឌ​កម្ម​។ ប្រទេសចិន​ក៏បាន​ហៅ​សកម្ម​ភាព​របស់​អាមេរិកាំង​​ថា​ជា​ “អន្តរាគមន៍​ប្រកប​ដោយ​ហិង្សា” ទាក់​ទិន​នឹង​បញ្ហា​ផ្ទៃ​ក្នុង​របស់​ប្រទេស​ចិន​ នៅ​ក្នុង​តំបន់​ស្វយ័ត​ស៊ីន​ជាំង​។

    អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីតោន​ មិន​ទាន់​មាន​ប្រតិ​កម្ម​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ខាងលើ​នេះ​នៅ​ឡើយ​។

    ឥរិយាបថ​របស់​សភា​ជាន់​ខ្ពស់​អាមេរិកាំង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ស្ថាន​ភាព​ទំនាក់​ទំនង​រវាង​​អាមេរិក​និង​ចិន​​កំពុង​តែ​អាក្រក់​ទៅ​ៗ​ដោយ​សារ​វីរុស​COVID-19។ អាមេរិកាំង​បាន​ចោទ​ចិន​ថា មិន​មាន​តម្លា​ភាព​ និង​លាក់​បាំង​បញ្ហា​វីរុស​ និង​យឺត​យ៉ាវ​ក្នុង​ការ​ប្រកាស​អាសន្ន​ ប៉ុន្តែ​ប្រទេស​ចិន​បាន​ទាត់​ចោល​រាល់​ការ​ចោទ​ប្រកាន់​ពី​សហរដ្ឋ​អាមេរិក​៕

    ប្រភព៖​ សារ​ព័ត៌មាន​បរទេស

  • អាមេរិកាំង​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​បំបាំង​កាយ​ នៅ​ពាស​ពេញ​ពិភពលោក​

    អាមេរិកាំង​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​បំបាំង​កាយ​ នៅ​ពាស​ពេញ​ពិភពលោក​

    សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ B-2 និង​ B-52 ទៅ​កាន់​ទ្វីប​អឺរ៉ុប និង​អាស៊ី​ប៉ាស៊ីហ្វិក​ ខណៈ​ដែល​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ B-1 កំពុង​ធ្វើសម​យុទ្ធ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ និង​សមុទ្រ​ចិន​ខាងកើត​។

    បញ្ជា​ការដ្ឋាន​យុទ្ធ​សាស្ត្រ​អាមេរិកាំង STRATCOM (United States Strategic Command) កាល​ពី​ថ្ងៃទី​11ឧសភា បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ឱ្យ​ដឹង​ថា យន្តហោះ​ទម្លាក់​គ្រាប់​បែក​បំបាំង​កាយ​ B-2 Spirit ចំនួន​2គ្រឿង និង​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​យុទ្ធ​សាស្ត្រ​ B-52H ចំនួន​4គ្រឿង​ មក​ពី​មូលដ្ឋាន​ទ័ព​​នានា​របស់​សហរដ្ឋ​អាមេរិក​ កាលពី​ថ្ងៃ​ទី​7ឧសភា​ត្រូវ​បាន​ដាក់​ពង្រាយ​​ក្នុង​ពេល​តែ​មួយ​នៅ​ទ្វីប​អឹរ៉ុប​ និង​តំ​បន់​នានា​ដែល​ទទួល​ខុស​ត្រូវ​ដោយ​បញ្ជា​ការដ្ឋាន​​នៅ​មហា​សមុទ្រ​ឥណ្ឌា-អាស៊ីប៉ាស៊ីហ្វិក។

    យន្តហោះ​ទម្លាក់​គ្រាប់​បែក​ B-2 Spirit អម​ដំណើរ​ដោយ​យន្តហោះ​ចម្បាំង​ F-35 ពីរ​គ្រឿង​របស់​សហរដ្ឋ​អាមេរិកSTRATCOM ឱ្យ​ដឹង​ថា យុទ្ធ​នាការ​ពង្រាយ​កម្លាំង​លើក​នេះ​ គឺ​ដើម្បី​ “បង្ហាញ​អំពី​សមត្ថភាព​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ប្រយុទ្ធ​ និងលទ្ធ​ភាព​គ្រប់​គ្រង​ពិភព​លោក​ទាំង​មូល​របស់​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​​យុទ្ធ​សាស្ត្រ​រយៈ​ចម្ងាយ​ឆ្ងាយ​”។ យ៉ាង​នេះ​ក្ដី STRATCOM មិន​បាន​បង្ហើប​ឱ្យ​ដឹង​ច្បាស់​អំពី​ផ្លូវ​ហោះ​ហើរ​ ក៏ដូចជា​រង្វង់​ប្រតិបត្តិ​ការ​របស់​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ទាំងនេះ​នោះ​ទេ​។

    យន្តហោះ​ទម្លាក់​គ្រាប់​បែក​ B-2 Spirit អម​ដំណើរ​ដោយ​យន្តហោះ​ចម្បាំង​ F-35 ពីរ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក
    យន្តហោះ​ទម្លាក់​គ្រាប់​បែក​ B-2 Spirit អម​ដំណើរ​ដោយ​យន្តហោះ​ចម្បាំង​ F-35 ពីរ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក

    មុន​នោះ​មួយ​ថ្ងៃ យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ B-1B Lancer 2គ្រឿង​ បាន​ចូល​រួម​ក្នុង​សមយុទ្ធ​យោធា​មួយ​នៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង​។ នេះ​គឺជា​យន្ត​ហោះ​ ដែល​ស្ថិត​ក្នុង​ក្រុម​យន្ត​ហោះ​ទម្លាក់គ្រាប់​បែក​ B-1B ចំនួន​4គ្រឿង​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មូលដ្ឋាន​ទ័ព​ Andersen នៅ​លើ​កោះ Guam កាលពី​ដើម​ខែ​នេះ។

    យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ B-1B Lancer
    យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ B-1B Lancer របស់​សហរដ្ឋ​អាមេរិក

    កាលពី​ម្សិល​មិញ កង​ទ័ព​សហរដ្ឋ​អាមេរិក​ក៏បាន​ប្រកាស​ថា យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ B-1B មួយ​គ្រឿង​របស់​ខ្លួន​ បាន​ចូល​រួម​ធ្វើ​សមយុទ្ធ​យោធា​រួម​ជាមួយ​កង​កម្លាំង​ការ​ពារ​ដែន​អាកាស​ជប៉ុន​នៅ​សមុទ្រ​ចិន​ខាង​កើត​ ជា​តំបន់​ដែល​មាន​ប្រជុំ​កោះ​ Senkaku ដែល​ជប៉ុន​ និង​ចិន​កំពុង​ដណ្ដើម​គ្នា​កាន់​កាប់​។

    សេចក្ដី​ប្រកាស​របស់ STRATCOM មាន​ឃ្លា​សរសេរ​ថា “ការ​ដាក់​ពង្រាយ​តាម​កាលៈ​ទេសៈ​របស់​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​​រយៈ​ចម្ងាយ​ឆ្ងាយ​ និង​យន្តហោះ​ការ​ពារ​ក្នុង​លើក​នេះ បាន​បង្ហាញ​អំពី​សមត្ថ​ភាព​ដែល​អាច​ធ្វើ​សកម្ម​ភាព​កំញើញ​ជា​យុទ្ធ​សាស្ត្រ​របស់​សហរដ្ឋអាមេរិក​នៅ​គ្រប់​ទីកន្លែង​លើ​ពិភពលោក​”។

    អាមេរិកាំង​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​បំបាំង​កាយ​ នៅ​ពាស​ពេញ​ពិភពលោក​
    យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​យុទ្ធ​សាស្ត្រ​ B-52H របស់​សហរដ្ឋ​អាមេរិក

    ឥរិយាបថ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​រយៈ​ពេល​ជិត​1ខែ​ បន្ទាប់​ពី​ទីក្រុង​វ៉ាស៊ីងតោន​​បាន​បញ្ជា​ឱ្យ​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​​ B-52 ដែល​ដាក់​ពង្រាយ​​ជាប្រចាំ​នៅ​លើ​កោះ Guam ឱ្យ​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ​។ សកម្ម​ភាព​ខាងលើ​នេះ ជួយ​ឱ្យកង​កម្លាំង​ទ័ព​អាកាសយុទ្ធ​សាស្ត្រ​​របស់​សហ​រដ្ឋ​អាមេរិក​ ស្ថិត​ក្រៅ​រង្វង់​នៃ​ការ​គំរាម​កំហែង​ពី​សំណាក់​ប្រទេស​ចិន និង​កូរ៉េខាង​ជើង​ ប៉ុន្តែ​នៅ​តែ​អាច​រក្សា​បាន​នូវ​អំណាច​នៃ​ការ​កំញើញ និង​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​សត្រូវ​របស់​ខ្លួន​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • អ្នក​ជំងឺ​កូរ៉ូណា​នៅ​សហរដ្ឋ​អាមេរិក​កើន​លើស​1.4​លាន​នាក់​! អ្នក​ជំនាញ​ថា​ វីរុស​អាច​ផ្ទុះ​ឆ្លង​ជា​លើក​ទីពីរ​

    អ្នក​ជំងឺ​កូរ៉ូណា​នៅ​សហរដ្ឋ​អាមេរិក​កើន​លើស​1.4​លាន​នាក់​! អ្នក​ជំនាញ​ថា​ វីរុស​អាច​ផ្ទុះ​ឆ្លង​ជា​លើក​ទីពីរ​

    សហរដ្ឋអាមេរិក​បាន​រកឃើញ​អ្នក​ជំងឺ​COVID-19ថ្មី​ជិត​24,000​នាក់​ក្នុង​រយៈ​ពេល​24ម៉ោង​ចុង​ក្រោយ​នេះ​ ធ្វើ​ឱ្យ​តួលេខ​អ្នក​ជំងឺ​កូរ៉ូណា​សរុប​ឡើង​ដល់​ជាង​1.4​លាន​នាក់​ ក្នុង​នោះ​មាន​ជាង​83,000​នាក់​បាន​បាត់បង់ជីវិត​។

    តួលេខ​នៃ​អ្នកជំងឺ​សរុប​ និង​អ្នកស្លាប់​សរុប​ដោយ​សារ​វីរុស​COVID-19នៅ​សហរដ្ឋ​អាមេរិក​នា​ពេល​បច្ចុប្បន្ន​គឺ​ 1,407,928​នាក់ និង​83,357​នាក់​ បន្ទាប់​ពី​ប្រទេស​នេះ​​ទើប​បាន​រកឃើញ​អ្នកជំងឺ​ថ្មី​23,895​នាក់ និង​អ្នក​ស្លាប់​ថ្មី​1,654​នាក់​បន្ថែម​ទៀត​​ក្នុង​ថ្ងៃ​នេះ​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​នៅ​សហរដ្ឋ​អាមេរិក​ក៏​បាន​កើន​ឡើង​ដល់​293,074​នាក់​។ នេះ​បើ​តាម​ Worlddometer ជា​គេហទំព័រ​​ដែល​ធ្វើ​បច្ចុប្បន្ន​ភាពនៃ​ស្ថាន​ភាព​វីរុស​COVID-19 លឿន​ជាង​គេ​បំផុត​។

    អភិបាល​រដ្ឋ​នូវយ៉ក លោក​ Andrew Cuomo កាល​ពីថ្ងៃទី​12​ឧសភា​​(13ឧសភា​នៅ​កម្ពុជា) បាន​ប្រកាស​ថា​ មាន​អ្នក​ស្លាប់​ថ្មី​ចំនួន​195​នាក់​នៅ​ក្នុង​រដ្ឋ​នីវ​យ៉ក ធ្វើ​ឱ្យ​អ្នកស្លាប់​សរុប​ដោយ​សារ​វីរុស​កូរ៉ូណា​ក្នុង​រដ្ឋ​នេះ​ឡើង​ដល់​21,835​នាក់​ ក្នុង​គ្រា​ដែល​តំបន់​ចំនួន​3​របស់​នីវ​យ៉ក ជិត​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​ បន្ទាប់​ពី​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ដែល​លោក Cuomo បាន​ដាក់​ចេញ​។

    ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សុខាភិបាល​របស់​សេតវិមាន​ លោក Anthony Fauci បាន​ព្រមាន​ថា បើ​សិន​ជា​​តំបន់​នានា​ប្រញាប់​ប្រញាល់​បើក​ទ្វារ​សេដ្ឋ​កិច្ច​ឡើង​វិញ​ នោះ​អាច​នឹង​មាន​ “ផលវិបាក​ធ្ងន់​ធ្ងរ”។​ លោក​ថា បណ្ដា​រដ្ឋ​ដែល​មើល​ស្រាល​ការ​ព្រមាន​របស់​ក្រុម​អ្នក​ជំនាញ​ការ​ ពួក​គេ​នឹង​មាន​ “ហានិភ័យ​ខ្ពស់​ក្នុង​ការ​ធ្វើ​ឱ្យ​​វីរុស​នេះ​​ផ្ទុះ​ឆ្លង​រាល​ដាល​​​ជា​លើក​ទីពីរ​ដោយ​មិន​អាច​គ្រប់គ្រង​បាន​”៕

    ប្រភព​៖​ សារ​ព័ត៌មាន​បរទេស​

  • Apple នឹង​រើ​រោង​ចក្រ​ពី​ប្រទេស​ចិន​ទៅកាន់​ប្រទេស​ឥណ្ឌា

    Apple នឹង​រើ​រោង​ចក្រ​ពី​ប្រទេស​ចិន​ទៅកាន់​ប្រទេស​ឥណ្ឌា

    ក្រុម​ហ៊ុន​ Apple ត្រូវ​បាន​គេ​ជឿ​ថា កំពុង​រៀប​ចំផែន​ការ​​ដើម្បី​រើ​​រោង​ចក្រ​​ផលិត​ឧបករណ៍​បច្ចេក​វិទ្យា​​របស់​ខ្លួន​ចំនួន​20% ចេញ​ពី​ប្រទេស​ចិន​ ទៅកាន់​ប្រទេស​ឥណ្ឌា ដែល​ក្នុងនោះ​ក៏​មាន​ iPhone ផងដែរ​។​

    យោង​តាម Economic Times នាយក​ប្រតិបត្តិ​មួយ​ចំនួន​របស់​ក្រុម​ហ៊ុន Apple បាន​ពិភាក្សា​ជា​មួយ​បណ្ដា​មន្ត្រី​ជាន់​ខ្ពស់​ឥណ្ឌា​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ទាក់​ទង​ទៅ​នឹង​ក្រុម​ហ៊ុន​អាមេរិកាំង​នេះ​ ចង់​បាន​ការ​ “បើក​ផ្លូវ​”​ ដើម្បី​អាច​បង្កើន​ចង្វាក់​ផលិត​កម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ រួម​​ទាំង​ការ​រើ​កម្លាំង​ផលិត​កម្ម​ចំនួន​​1/5​ពី​ប្រទេស​ចិន​ មក​កាន់​ឥណ្ឌា​។

    បើ​សិន​ជា​ការ​ផ្លាស់​ទី​នេះ​ក្លាយ​ជា​ការ​ពិត Apple ក៏​នឹង​អាច​ក្លាយជា​ក្រុម​ហ៊ុន​នាំ​ចេញ​ធំជាង​គេ​នៅ​ឥណ្ឌា​។

    មន្ត្រី​រដ្ឋាភិបាល​​មួយ​រូប​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ឥណ្ឌា​សង្ឃឹម​ថា​នឹង​ផលិត​ស្មាតហ្វូន​ដែលមាន​​ទំហំ​ទឹក​ប្រាក់​ដល់​ទៅ​40​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ប្រ​ទេស​នេះ​ក្នុង​រយៈ​ពេល​5​ឆ្នាំ​ខាងមុខ​ ដែល​ភាគ​ច្រើន​គឺ​ដើម្បី​នាំ​ចេញ​។ ការ​ផលិត​នេះ​ ភាគ​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​ហ៊ុន​ Wistron និង​ក្រុម​ហ៊ុន Foxconn ដោយ​យោង​ទៅ​លើ​ផល​ប្រយោជន៍​ពី​កម្មវិធី​លើក​ទឹក​ចិត្ត​​ទាក់​ទាញ​ការ​ផលិត​ PLI។

    PLI (Production Linked Incentive Scheme)​ គឺជា​កម្ម​វិធី​ដែល​ត្រូវ​បាន​ឥណ្ឌា​បង្កើត​ឡើង​ក្នុង​បំណង​លើក​ទឹក​ចិត្ត​ដល់​ការ​ផលិត​ក្នុង​ស្រុក​ ទាក់​ទាញ​ការ​វិនិយោគ​ និង​ការ​ផលិត​ពី​បណ្ដា​ក្រុម​ហ៊ុន​បរទេស​។ Apple នឹង​ក្លាយ​ជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោមបណ្ដា​​ក្រុម​ហ៊ុន​ដំបូង​គេ​ដែល​ទទួល​បាន​ផល​ប្រយោជន៍​ពី​គោល​នយោបាយ​នេះ​ បន្ទាប់​ពី​មាត្រា​មួយ​ចំនួន​ត្រូវ​បាន​​ផ្ដើម​អនុវត្ត​ចាប់​ពី​សប្ដាហ៍​ក្រោយ​ មុន​ពេល​អនុវត្ត​ពេញ​លេញ​ចាប់​ពី​ថ្ងៃទី​1​សីហា​។

    ទាក់​ទិន​នឹង​រឿង​រ៉ាវ​ខាង​លើ ភាគី​ក្រុម​ហ៊ុន Apple មិន​ទាន់​មាន​ការ​បញ្ចេញ​មតិ​អ្វី​នៅ​ឡើយ​។

    ប្រទេស​ឥណ្ឌា​មិន​មែន​ជា​ទី​ផ្សារ​ធំ​របស់​ Apple នោះ​ទេ​ ព្រោះ​ថា​ក្រុម​ហ៊ុន​នេះ​រក​បាន​ចំណូល​ត្រឹម​តែ​1.5​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ពី​ការ​លក់​ iPhone នៅ​ក្នុង​ប្រទេស​នេះ​ រាប់​ចាប់​ពី​ឆ្នាំ​2018​ដល់​2019 ពោល​គឺកាន់​កាប់​ចំណែក​ទីផ្សារ​ប្រមាណ​​ពី​2ទៅ​3​%​ប៉ុណ្ណោះ គឺ​មិន​ដល់​0.5​ពាន់​លាន​ដុល្លារ​​នៃ​តម្លៃ​ឧបករណ៍​ដែល​ត្រូវ​បាន​ផលិត​ក្នុង​ប្រទេស​នេះ​។ ផ្ទុយ​ទៅ​វិញ Apple កំពុង​តែ​ពឹង​ផ្អែក​ច្រើន​ទៅ​លើ​ប្រទេស​ចិន​​ ទាំង​ការ​ផលិត​ ទាំង​ទី​ផ្សារ​។ នៅក្នុង​អំឡុង​ពេល​ដូច​គ្នា​ បើ​ធៀប​ជាមួយ​ប្រទេស​ឥណ្ឌា​ ក្រុម​ហ៊ុន​ Apple នៅ​ប្រទេស​ចិន​​បាន​ផលិត​ឧបករណ៍​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ដល់​ដល់​220​ពាន់​លាន​ដុល្លារ​ ក្នុង​នោះ​មាន​185​ពាន់​លាន​ដុល្លារ​បាន​មក​ពី​ការ​នាំ​ចេញ​។ ក្រៅ​ពី​នេះ Apple ក៏​ប្រើ​ប្រាស់​កម្មករ​ប្រមាណ​ជា​4.8​លាន​នាក់​នៅ​ប្រទេស​ចិន​ ទាំង​ការ​ផលិត​ផ្ទាល់​ និង​ទាំង​ប្រយោល​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • សហរដ្ឋ​អាមេរិក​​ “ទាមទារ” ឱ្យ​ចិន​​លុប​ចោល​បំណុល​ដើម្បី​ជា​សំណង​សម្រាប់​ការ​ខាត​បង់​ដោយសារ​ COVID-19

    សហរដ្ឋ​អាមេរិក​​ “ទាមទារ” ឱ្យ​ចិន​​លុប​ចោល​បំណុល​ដើម្បី​ជា​សំណង​សម្រាប់​ការ​ខាត​បង់​ដោយសារ​ COVID-19

    ក្រុម​មន្ត្រី​សេត​វិមាន​បាន​ពិនិត្យ​ទៅ​លើ​គំនិត​មួយ​ដែល​ថា នឹង​ទាម​ទារ​ឱ្យ​មាន​ការ​លុប​ចោល​​ទាំង​ស្រុង​ ឬ​មួយ​ផ្នែក​​​នៃ​បំណុល​​ដែល​មាន​ទំហំ​1.1​លាន​លាន​ដុល្លារ​​ដែល​អាមេរិកាំង​បាន​ខ្ចី​ពី​ចិន​។

    ក្រុម​អ្នកវិភាគ​បាន​ឱ្យ​ដឹង​ថា ប្រទេស​ចិន​អាច​នឹង​កាត់​បន្ថយ​បរិមាណ​នៃ​ការ​ក្ដោប​ក្ដាប់​ភាគ​ហ៊ុន​នៅ​ក្នុង​​រតនាគារ​ជាតិ​នៃ​សហរដ្ឋ​អាមេរិក​ក្នុង​អំឡុង​ប៉ុន្មាន​ខែ​ខាង​មុខ​ ដើម្បី​ទប់​ទល់​នឹង​ភាព​តាន​តឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើនកម្ដៅ​​ និង​សង្គ្រាម​ពាក្យ​សម្ដី​រវាង​ប្រទេស​ទាំង​ពីរ​​ទាក់​ទិន​នឹង​ប្រភព​របស់​វីរុស​COVID-19។

    របាយ​ករណ៍​សារ​ព័ត៌មាន​របស់​សហរដ្ឋ​អាមេរិក​បាន​ឱ្យ​ដឹង​ថា ក្រុម​មន្ត្រី​នៅ​សេត​វិមាន​ កំពុង​តែ​ពិភាក្សា​គ្នា​អំពី​​វិធាន​ការសំខាន់​មួយ​ចំនួន​ ដើម្បី​ប៉ះប៉ូវ​ទៅលើ​ប្រាក់​ចំណាយ​សម្រាប់​ទប់​ទល់​នឹង​វិបត្តិ​សុខ​ភាព​ ក្នុង​នោះ​មាន​វិធាន​ការ​លុប​ចោល​ទាំង​ស្រុង​ ឬ​មួយ​ផ្នែក​នៃ​បំណុល​​សរុប​ប្រមាណជា​ជិត​1.1​លាន​លាន​ដុល្លារ​​ ដែល​រដ្ឋា​ភិបាល​អាមេរិកាំង​កំពុង​ជំពាក់​ប្រទេស​ចិន​។

    ក្រុម​អ្នក​វិភាគ​យល់​ថា សហរដ្ឋ​អាមេរិក​ពិបាក​ក្នុង​ការ​លើក​ឡើង​​ “ជម្រើស​ធ្ងន់​ធ្ងរ​” បែប​នេះ ព្រោះ​ថា ជាក់​ស្ដែង​គំនិត​នេះ​អាច​ជំរុញ​ឱ្យ​ទីក្រុង​ប៉េកាំង​ស្វែងរក​វិធី​ការ​ពារ​ខ្លួន​ពី​ហានិភ័យ​ ដោយ​ធ្វើ​ការ​កាត់​បន្ថយ​ប្រាក់​កម្ចី​សម្រាប់​រដ្ឋាភិបាល​អាមេរិកាំង​។

    ប្រការ​ខាង​លើ​អាច​បង្ក​បញ្ហា​ធំ​ដល់​ទីផ្សារ​មូល​បត្រ​របស់​រដ្ឋាភិបាល​អាមេរិកាំង​​នៅក្នុង​អំឡុង​ពេល​បច្ចុប្បន្ន​ ខណៈ​ដែល​ទីក្រុង​វ៉ាស៊ីង​តោន​កំពុង​បង្កើន​ការ​បោះ​ពុម្ភ​ផ្សាយ​មូលបត្រ​ថ្មី​ដើម្បី​​យក​ប្រាក់​មក​ប្រើ​ប្រាស់​ក្នុង​សកម្ម​ភាព​ទប់​ទល់​នឹង​វីរុស​កូរ៉ូណា​ និង​ប៉ះប៉ូវ​ការ​ខូច​ខាត​ផ្នែក​សេដ្ឋ​កិច្ច​ដែល​បង្កឡើង​ដោយ​មេរោគ​រាត​ត្បាត​នេះ​។

    កិច្ច​ពិភាក្សា​ទាក់​ទិន​នឹងបញ្ហា​​ហិរញ្ញ​វត្ថុ​រវាង​ប្រទេសចិន​ និង​សហរដ្ឋ​អាមេរិក​ ត្រូវ​បានក្រុម​មន្ត្រី​អាមេរិកាំង​​​ធ្វើ​ឡើង​ស្រប​​ពេល​ដែល​ប្រធានា​ធិប​តី​ Donald Trump និង​ក្រុម​​មន្ត្រី​រដ្ឋាភិបាល​​ជា​ច្រើន​​រូប​ផ្សេង​ទៀត បាន​រិះ​គន់​ទីក្រុង​ប៉េកាំង​ដែល​បាន​បណ្ដោយ​ឱ្យ​វីរុស​​COVID-19​ ផ្ទុះ​ឆ្លង​រាល​ដាល​​ និង​ព្រមាន​ថា​នឹង​​យក​ពន្ធ​នាំ​ចូល​ថ្មី​ ដើម្បី​ដាក់​ទណ្ឌ​កម្ម​ប្រទេស​ចិន​។

    ក្រុម​អ្នក​វិភាគ​បាន​ព្រមាន​ថា “រាល់​សកម្មភាព​ដែល​ធ្វើ​ឡើង​ដើម្បី​លុប​បំណុល​របស់​ចិន​ នឹង​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​ផ្ទុយ​ពី​ការ​ចង់​បាន​របស់​​សហរដ្ឋអាមេរិក​។ ព្រោះ​ថា ប្រការ​នោះ​អាច​បំផ្លាញ​ទំនុក​ចិត្ត​របស់​អ្នកវិនិយោគ​ទៅលើ​សមត្ថភាព​ផ្នែក​ហិរញ្ញ​វត្ថុ​របស់​សហរដ្ឋ​អាមេរិក​ ហើយ​ពួកគេ​នឹង​​យល់​ថា ប្រទេស​នេះ​មិន​អាច​ទូទាត់​ការ​ចំណាយ​របស់​ខ្លួន​បាន​ ដោយ​​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ការ​លុប​បំណុល​របស់​ចិន​”។

    ក្រសួងរតនាគារជាតិ​សហរដ្ឋអាមេរិក(United States Department of the Treasury)
    ក្រសួងរតនាគារជាតិ​សហរដ្ឋអាមេរិក(United States Department of the Treasury)

    បញ្ហា​ខាងលើ​ក៏​នឹង​រុញ​ច្រាន​​អត្រា​ការ​ប្រាក់​ឱ្យ​ឡើង​ខ្ពស់​ បណ្ដាល​ឱ្យ​មាន​ការ​ខាត​បង់​ច្រើន​នៅ​ពេល​រដ្ឋាភិបាល​​ ក៏ដូច​ជា​ក្រុម​ហ៊ុន និង​អ្នក​ប្រើ​ប្រាស់​នៅ​សហរដ្ឋ​អាមេរិក​​ត្រូវ​ការ​ប្រាក់​កម្ចី​​ ហើយ​ពេល​នោះ​ បញ្ហា​ទាក់ទិន​ទាំង​ឡាយ​ក៏​នឹង​​កើត​ឡើង​ ​ក្លាយ​ជា​បន្ទុក​ដ៏​ធ្ងន់​ធ្ងរ​​ទៅលើ​ខឿន​សេដ្ឋ​កិច្ច​​សហរដ្ឋ​អាមេរិក​ថែម​​មួយ​កម្រិត​ទៀត​ ខណៈ​ដែល​វា​កំពុង​តែ​ខ្សោយ​ស្រាប់​។

    ដំណឹង​ខាង​លើ​នេះ​ ប្រហែល​ជា​ធ្វើ​ឱ្យ​ថ្នាក់​ដឹក​នាំ​ប្រទេស​ចិន​ មាន​ការ​ព្រួយ​បារម្ភ​​អំពី​ហានិភ័យ​​កាន់​តែ​មាន​ច្រើន​ឡើង​ទាក់​ទិន​នឹង​ការ​ដែល​ប្រទេស​ចិន​កំពុង​កាន់​កាប់​ខ្ទង់​បំណុល​ដ៏​ធំ​របស់​រដ្ឋាភិបាល​អាមេរិកាំង​​ក្នុង​អំឡុង​​ទំនាក់​ទំនង​របស់​ប្រទេស​ទាំង​ពីរ​ ហាក់​កំពុង​ល្អក់​កករ​យ៉ាង​ឆាប់​រហ័ស​ នេះ​បើ​តាម​មតិ​របស់​​ក្រុម​អ្នក​វិភាគ​។

    នៅក្នុង​ទសវត្សរ៍​កន្លង​ទៅ មាន​ការ​អំពាវ​នាវ​ជា​ច្រើន​ដែល​ស្នើ​ឱ្យ​ប្រទេស​ចិន​លុបខ្ទង់​​បំណុល​​ដ៏​ធំ​ដែល​ចិន​បាន​ និង​កំពុង​កាន់​កាប់​​នៅ​ក្នុង​រតនាគារ​ជាតិ​អាមេរិកាំង​។

    ប្រទេស​ចិន​អាច​សង​សឹក​ចំពោះ​ការ​គំរាម​របស់​សហរដ្ឋ​អាមេរិក​​ ដោយ​ការ​បង្ក​ឱ្យ​មាន​វិបត្តិ​​ទាក់​ទិន​នឹង​តម្លៃ​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក​ និង​ទីផ្សារ​ហិរញ្ញ​វត្ថុ ដោយ​ការ​បញ្ចេញ​លក់​មូលបត្រ​របស់​ខ្លួន​នៅ​ក្នុង​រតនាគារ​ជាតិ​អាមេរិកាំង​។ កត្តា​នេះ​នឹង​រុញ​ច្រាន​តម្លៃ​មូលបត្រ​របស់​រដ្ឋាភិបាល​អាមេរិកាំង​ឱ្យ​ធ្លាក់​ចុះ​​ និង​បង្កើត​បាន​ជា​មហន្តរាយ​​ហិរញ្ញ​វត្ថុ​ជា​សកល​។

    កន្លង​មក​ ធ្លាប់​មាន​ការ​អំពាវនាវ​ដល់​ប្រទេស​ចិន ឱ្យ​ធ្វើ​ពិពិធ​កម្ម​ទៅ​លើ​ទុន​បម្រុង​នៅ​បរទេស​របស់​ខ្លួន​ដើម្បី​ចៀស​វាង​ហានិភ័យ​​អាក្រក់​កើត​ឡើង​។ បច្ចុប្បន្ន​ ក្នុង​ចំណោម​ទុន​បម្រុង​​អន្តរ​ជាតិ​ចំនួន​3​លាន​លាន​ដុល្លារ​​របស់​ចិន នៅ​បរទេស​ គឺ​មាន​ដល់​ទៅ​1ភាគ3​ឯណោះ​ដែល​នៅក្នុង​រតនាគារ​ជាតិ​នៃ​​សហរដ្ឋ​អាមេរិក​​។

    ​របាយ​ការណ៍​ថ្មីបំផុត​របស់​ក្រសួង​ហិរញ្ញ​វត្ថុ​សហរដ្ឋ​អាមេរិក​​បាន​ឱ្យ​ដឹង​ថា ចំនួន​មូលបត្រ​នៃ​រដ្ឋាភិបាល​អាមេរិកាំង​ដែល​កំពុង​ត្រូវ​បាន​កាន់​កាប់​ដោយ​ប្រទេស​ចិន បាន​ថយ​ចុះ​មក​នៅ​ត្រឹម​1.09​លាន​លាន​ដុល្លារ​ក្នុង​ខែ​កុម្ភៈ​ គឺ​តិច​ជាង​បើ​ធៀប​នឹង​​1.32​លាន​លាន​ដុល្លារ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​2013​។ ប្រទេស​ចិន​ ធ្លាប់​ត្រូវ​បាន​ប្រទេស​ជប៉ុន​នាំ​មុខ​កាល​ពី​ឆ្នាំ​មុន​ ក្នុង​នាម​ជា​ម្ចាស់​បរទេស​ធំបំផុត​របស់​រតនាគារ​ជាតិ​នៃ​សហរដ្ឋ​អាមេរិក​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • តំណាង​រាស្ត្រ​អាមេរិកាំង​ស្នើ​ឱ្យ​ដាក់​ឈ្មោះ​ផ្លូវ​ថា “Li Wenliang”

    តំណាង​រាស្ត្រ​អាមេរិកាំង​ស្នើ​ឱ្យ​ដាក់​ឈ្មោះ​ផ្លូវ​ថា “Li Wenliang”

    ក្រុម​អ្នក​តំណាង​រាស្ត្រ​របស់​សហរដ្ឋអាមេរិក បាន​ស្នើ​ឱ្យ​ដាក់​ឈ្មោះ​ផ្លូវ​មួយ​ខ្សែ​ដែល​ស្ថិត​នៅ​ខាង​មុខ​ស្ថាន​ទូត​ចិន​នៅ​ទីក្រុង​វ៉ាស៊ីងតោន​​ ទៅ​តាម​ឈ្មោះ​របស់​វេជ្ជបណ្ឌិត​ Li Wenliang ដ៏​ល្បី​ឈ្មោះ​នៅ​ក្នុង​សម័យ​COVID-19 ដែល​​បាន​ស្លាប់​​ដោយ​សារ​វីរុស​នេះ​។

    យោង​តាម​សំណើ​របស់​ក្រុម​តំណាង​រាស្ត្រ​អាមេរិកាំង​កាល​ពី​ថ្ងៃទី​7​ឧស​ភា ផ្លូវ​មួយ​ខ្សែ​នៅខាង​មុខ​ស្ថាន​ទូត​ចិន​នឹង​ត្រូវ​ប្ដូរ​ពី​ “International Place”​ (ទីតាំង​អន្តរ​ជាតិ) ទៅ​ជា “Li Wenliang Plaza” ​(ទីលាន ​Li Wenliang)។

    Tom Cotton ដែល​ជា​តំណាង​រាស្ត្រ​មក​ពី​បក្ស​សាធារណ​រដ្ឋ​ ថ្លែង​ថា “យើង​នឹង​ធានា​ឱ្យ​បាន​ថា ឈ្មោះ Li Wenliang នឹង​មិន​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ ដោយ​ដាក់​វា​ឱ្យ​ស្ថិត​នៅ​ខាង​មុខ​​ស្ថាន​ទូត​​​របស់​ប្រទេស​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​​ចំពោះ​ការ​ស្លាប់​របស់​វេជ្ជ​បណ្ឌិត​ Li”។​

    រូប​ថត​របស់​លោក​ វេជ្ជបណ្ឌិត​ Li Wenliang

    សំណើ​នេះ​ក៏ទទួល​បាន​ការ​គាំទ្រ​ពី​តំណាង​រាស្ត្រ​នៃ​សភា​ជាន់​ខ្ពស់​ Marco Rubio ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សភា​ជាន់​ខ្ពស់​ដើម្បី​អនុម័ត​ផងដែរ​។

    Li Weliang គឺជា​វេជ្ជ​បណ្ឌិត​ម្នាក់​នៅ​មន្ទីរ​ពេទ្យ​ធំនៅ​​ Wuhan​ (Central Hospital of Wuhan) ក្នុង​ខេត្ត​ Hebei ប្រទេស​ចិន​ ដែល​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​បាន​ព្រមាន​ដំបូង​គេ​​នៅ​លើ​បណ្ដាញ​សង្គម​ អំពី​វីរុស​ប្រភេទ​ថ្មី​ ដែល​កំពុង​ឆ្លង​រាល​ដាល​នៅ​ទីក្រុង​ Wuhan។ ប៉ូលិស​បាន​កោះ​ហៅ​វេជ្ជ​បណ្ឌិត Li ទាំង​យប់​ ហើយ​បង្ខំ​ឱ្យ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​កំហុស​ ក្រោយ​ពី​គាត់​បាន​ចែក​រំលែកព័ត៌មាន​ខាង​លើ​​ទៅ​ឱ្យ​មិត្ត​ភក្ដិ។

    តំណាង​រាស្ត្រ​អាមេរិកាំង​ស្នើ​ឱ្យ​ដាក់​ឈ្មោះ​ផ្លូវ​ថា "Li Wenliang"
    ផ្លូវ​មួយ​ខ្សែ​នៅខាង​មុខ​ស្ថាន​ទូត​ចិន​នឹង​ត្រូវ​ប្ដូរ​ពី​ “International Place”​ (ទីតាំង​អន្តរ​ជាតិ) ទៅ​ជា “Li Wenliang Plaza” ​(ទីលាន ​Li Wenliang)។

    វីរុស​ខាង​លើ​នោះ ក្រោយ​មក​ត្រូវ​បាន​គេ​កំណត់​ថាជា​ nCoV ហើយ​បន្ទាប់​មក​ក៏ត្រូវ​គេ​​ហៅ​ជា​ផ្លូវ​ការ​ថា COVID-19 ដែល​មក​ដល់​បច្ចុប្បន្ន​ វា​បាន​ឆ្លង​ទៅ​មនុស្ស​​ជាង​3.9​លាន​នាក់ ក្នុង​នោះ​មាន​​មនុស្ស​ជាង​270,000​នាក់​បាន​បាត់​បង់​ជីវិត​។ វេជ្ជ​បណ្ឌិត​ Li Wenliang ក៏បាន​ឆ្លង​មេរោគ​នេះ​ និង​បាន​ស្លាប់​​នៅ​ក្នុង​ថ្ងៃទី​7​កុម្ភៈ​។ ខែ​មេសា លោក​ Li ទទួល​បាន​អាជ្ញាធរ​ចិន​​​ផ្ដល់​កិត្តិនាម​ថាជា “វីរជន​ពលី”៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • អាមេរិកាំង​នឹង​​រំដោះ​​អតីត​ទាហាន​ពិសេស​ដែល​ត្រូវ​​វ៉េណេស៊ុយអេឡា​ចាប់​ខ្លួន​

    អាមេរិកាំង​នឹង​​រំដោះ​​អតីត​ទាហាន​ពិសេស​ដែល​ត្រូវ​​វ៉េណេស៊ុយអេឡា​ចាប់​ខ្លួន​

    រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិកាំង​ លោក Mike Pompeo បាន​អះអាង​ថា សហរដ្ឋអាមេរិក​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​រំដោះ​អតីត​ទាហាន​ពិសេស​អាមេរិកាំង​2​រូប​ដែល​សង្ស័យ​ថា​ត្រូវ​បាន​វ៉េណេស៊ុយអេឡា​ចាប់​ខ្លួន​​នា​ពេល​ថ្មី​ៗ​នេះ​។

    >ព័ត៌មាន​ទាក់​ទង: អតីត​ទាហាន​​ពិសេស​អាមេរិកាំង​សារ​ភាព​ថា លោក​ Trump ​នៅ​ពី​ក្រោយ​​ “ផែន​ការ​ចាប់​ជំរឹត” ប្រធានាធិបតី​​វ៉េណេស៊ុយអេឡា

    “យើង​នឹង​ចាប់​ផ្ដើម​​ធ្វើ​ការ​កំណត់​យុទ្ធ​សាស្ត្រ​ដើម្បី​រំដោះ​ បើ​សិន​ជា​ជន​ជាតិ​អាមេរិកាំង​ត្រូវ​វ៉េណេ​ស៊ុយ​អេឡា​ចាប់ខ្លួន​”។ លោក Mike Pompeo​ ថ្លែង​បែប​នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​និយាយ​អំពី​ការ​ប្រកាស​របស់​ទីក្រុង​ Caracas ដែល​ថា​ ពួកគេ​កំពុង​ឃុំ​ខ្លួន​អតីត​ទាហាន​ពិសេស​អាមេរិកាំង​2​រូប​ ដែល​បាន​ចូល​រួម​ក្នុង​ការ​វាយ​ឆ្មក់​មិន​បាន​សម្រេច​មួយ​​នៅ​ឆ្នេរសមុទ្រ​ប្រទេស​នេះ​​កាល​ពីថ្ងៃទី​4​ឧសភា​។

    លោក Mike Pompeo​ អះអាង​ថា សហរដ្ឋអាមេរិក​ចង់​នាំ​ពលរដ្ឋ​ទាំង​អស់​របស់​ខ្លួន​ត្រឡប់​មក​ស្រុក​វិញ​។ លោក​ថា “បើសិន​ជា​រដ្ឋាភិបាលរបស់​លោក Maduro សម្រេច​ចិត្ត​ឃាត់​ខ្លួន​ពួកគេ​ សហរដ្ឋ​អាមេរិកនឹង​ប្រើ​គ្រប់​មធ្យោបាយ​​ដែល​មា​ន​ស្រាប់​ ដើម្បី​នាំ​ពួក​គេ​ត្រឡប់​មក​ប្រទេស​វិញ​ឱ្យ​បាន​​”។

    ប្រធានាធិបតី​វ៉េណេស៊ុយ​អេឡា លោក Nicolas Maduro កាល​ពីថ្ងៃទី​4ឧសភា បាន​ប្រកាស​ថា​ កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ប្រទេស​នេះ​បាន​ទប់​ស្កាត់​ “​ការ​ឈ្លាន​ពាន​” ពី​ដែន​សមុទ្រ​ ហើយ​បាន​កម្ទេច​ទាហាន​ស៊ីឈ្នួល​8​នាក់ និង​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​ជា​ច្រើន​នាក់​​ រួម​ទាំង​​​ពលរដ្ឋ​អាមេរិកាំង​2នាក់​ ក្នុង​នោះ​ម្នាក់​ឈ្មោះ​ Luke Denman អាយុ​34​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ Airan Berry អាយុ​41​ឆ្នាំ​។

    អាមេរិកាំង​នឹង​​រំដោះ​​អតីត​ទាហាន​ពិសេស​ដែល​ត្រូវ​​វ៉េណេស៊ុយអេឡា​ចាប់​ខ្លួន​
    ប្រធានាធិបតី​វ៉េណេស៊ុយ​អេឡា លោក Nicolas Maduro

    ទូរទស្សន៍​វ៉េណេស៊ុយអេឡា​ កាល​ពី​ម្សិល​មិញ​បាន​ចាក់​ផ្សាយ​វីដេអូ​មួយ​ដែល​មាន​ឈ្មោះ​ Luke Denman កំពុង​សារ​ភាព​កំហុស​របស់​ខ្លួន​។ នៅក្នុង​វីដេអូ​នោះ Denman បាន​ឱ្យ​ដឹង​ថា​ ខ្លួន​ត្រូវ​បាន​អតីត​ទាហានពិសេស​​អាមេរិកាំង​ឈ្មោះ Jordan Goudreau ជ្រើសរើស​កាល​ពី​ខែ​ធ្នូ2019 ដោយ​សន្យា​ថា​ នឹង​ឱ្យ​ប្រាក់​ឈ្នួល​100,000​ដុល្លារ​ដើម្បី​បង្វឹក​ខ្មាន់​កាំភ្លើង​រាប់​សិប​នាក់​ ក្នុង​បំណង​វាយ​ដណ្ដើម​ព្រលាន​យន្ត​ហោះ​មួយ​នៅ​ទីក្រុង​ Caracas ដើម្បី​ចាប់​ជំរឹត​ និង​នាំ​ខ្លួន​ប្រធានាធិបតី​វ៉េណេស៊ុយ​អេឡា​​ លោក Nicolas Maduro ទៅ​​កាន់​សហរដ្ឋ​អាមេរិក​។ Denman ក៏​បាន​​និយាយ​ថា “ប្រធានាធិបតី​ Donald Trump” នៅ​ពី​ក្រោយ​ការ​វាយ​ឆ្មក់​នេះ​។

    រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​នៃ​ប្រទេស​វ៉េណេស៊ុយ​អេឡា​ Tarek William Saab មុន​នោះ​បាន​ចោទ​ប្រកាន់​បក្ស​ប្រឆាំង​ដែល​មាន​លោក Juan Guaido​ ជា​ដើមថា បាន​ចុះ​កិច្ច​សន្យា​ជួល​ទាហាន​ស៊ី​ឈ្នួល​ ដោយ​ប្រើ​ប្រាស់​ខ្ទង់​ប្រាក់​ពី​គណនី​របស់​បណ្ដា​ក្រុម​ហ៊ុន​ប្រេង​របស់​រដ្ឋ​ដែល​កំពុង​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​កាន់កាប់​។ លោក​រដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​អំពី​រូប​ភាព​នៃ​កិច្ច​សន្យា​រវាង​ Guaido និង​ Goudreau ដើម្បី​ជា​ភ័ស្ដុតាង​ទៀត​ផង។

    ភាគី​អាមេរិកាំង​ មាន​ប្រធានាធិបតី​ Donald Trump និង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ Mark Esper រួម​នឹង​រដ្ឋមន្ត្រី​ការ​បរទេស​ Mike Pompeo សុទ្ធ​តែបាន​​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពី​ភាគី​ប្រទេស​វ៉េណេស៊ុយអេឡា ដែល​ថា​ សហរដ្ឋ​អាមេរិក​នៅ​ពីក្រោយ​ខ្នង​ការ​វាយ​ឆ្មក់​​របស់​ក្រុម​ទាហាន​ស៊ី​ឈ្នួល​​៕

    ប្រភព៖​ សារ​ព័ត៌មាន​បរទេស​

  • អតីត​ទាហាន​​ពិសេស​អាមេរិកាំង​សារ​ភាព​ថា លោក​ Trump ​នៅ​ពី​ក្រោយ​​ “ផែន​ការ​ចាប់​ជំរឹត” ប្រធានាធិបតី​​វ៉េណេស៊ុយអេឡា

    អតីត​ទាហាន​​ពិសេស​អាមេរិកាំង​សារ​ភាព​ថា លោក​ Trump ​នៅ​ពី​ក្រោយ​​ “ផែន​ការ​ចាប់​ជំរឹត” ប្រធានាធិបតី​​វ៉េណេស៊ុយអេឡា

    អតីត​ទាហាន​ពិសេស​​របស់​សហរដ្ឋ​អាមេរិក Denman បាន​សារ​ភាព​នៅ​លើ​ទូរទស្សន៍​វ៉េណេស៊ុយ​អេឡា​ថា ខ្លួន​ត្រូវ​បាន​គេ​សន្យា​ផ្ដល់​ប្រាក់​100,000​ដុល្លារ​អាមេរិក​ ដើម្បី​ដឹក​នាំ​ទាហាន​ស៊ី​ឈ្នួល​មួយ​ក្រុម​ធ្វើ​សកម្ម​ភាព​ចាប់​ជំរឹត និង​នាំ​ខ្លួន​លោក​​ប្រធានា​ធិបតី​ Maduro ទៅកាន់​សហរដ្ឋ​អាមេរិក​។

    ទូរទស្សន៍​ TeleSUR របស់​វ៉េណេស៊ុយអេឡា​ កា​លពីថ្ងៃទី​6​ឧសភា បាន​ចេញ​ផ្សាយ​វីដេអូ​ស្ដី​អំពី​ការ​សារ​ភាព​របស់​ Luke Denman អាយុ​34​ឆ្នាំ ដែល​ជា​អតីត​ទាហាន​ពិសេស​របស់​សហរដ្ឋ​អាមេរិកដែល​​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​សកម្ម​ភាព​លុក​ចូល​ឆ្នេរ​សមុទ្រ​វ៉េណេស៊ុយ​អេឡា​មិន​បាន​សម្រេច​កាល​ពី​ថ្ងៃទី​4​ឧសភា​កន្លង​ទៅ។

    នៅក្នុង​វីដេអូ​នោះ Denman បាន​ឱ្យ​ដឹង​ថា​ ខ្លួន​ត្រូវ​បាន​អតីត​ទាហានពិសេស​​អាមេរិកាំង​ឈ្មោះ Jordan Goudreau ជ្រើសរើស​កាល​ពី​ខែ​ធ្នូ2019 ដោយ​សន្យា​ថា​ នឹង​ឱ្យ​ប្រាក់​ឈ្នួល​100,000​ដុល្លារ​ដើម្បី​បង្វឹក​ខ្មាន់​កាំភ្លើង​រាប់​សិប​នាក់​ ក្នុង​បំណង​វាយ​ដណ្ដើម​ព្រលាន​យន្ត​ហោះ​មួយ​នៅ​ទីក្រុង​ Caracas ដើម្បី​ចាប់​ជំរឹត​ និង​នាំ​ខ្លួន​ប្រធានាធិបតី​វ៉េណេស៊ុយ​អេឡា​​ លោក Nicolas Maduro ទៅ​​កាន់​សហរដ្ឋ​អាមេរិក​។

    Luke Denman អាយុ​34​ឆ្នាំ ជា​អតីត​ទាហាន​ពិសេស​របស់​សហរដ្ឋ​អាមេរិក
    Luke Denman អាយុ​34​ឆ្នាំ ​ជា​អតីត​ទាហាន​ពិសេស​របស់​សហរដ្ឋ​អាមេរិក

    Denman និយាយ​ថា “ខ្ញុំ​ជួយ​ជន​ជាតិ​វ៉េណេស៊ុយ​អេឡា​ ក្នុង​ការ​ដណ្ដើម​អំណាច​​គ្រប់​គ្រង​ប្រទេស​របស់​ពួកគេ​ ដោយ​​ការ​​វាយ​ដណ្ដើម​ព្រលាន​យន្ត​ហោះ បង្កើត​ព្រំ​ដែន​ខាង​ក្រៅ​ និង​ទាក់ទង​ជាមួយ​មជ្ឈមណ្ឌល​គ្រប់​គ្រង​អាកាស​ចរណ៍​ ដើម្បី​នាំ​យន្ត​ហោះ​ចូល​ ក្នុង​នោះ​មាន​មួយ​គ្រឿងសម្រាប់​​ដឹក​លោក Maduro ឆ្ពោះ​ទៅ​សហរដ្ឋ​អាមេរិក​”។

    នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​អ្នក​ដែល​បាន​ចេញ​បញ្ជា​ឱ្យ​ Jordan Goudreau លោក Denman និយាយ​ថា “ប្រធានាធិបតី​ Donald Trump”។ បុរស​នេះ​ឱ្យ​ដឹង​ថា​ បទ​បញ្ជា​ដែល​ទទួល​បាន​ពី​ Jordan Goudreau គឺ​តម្រូវ​ឱ្យ​គ្រប់​គ្រង​​ព្រលាន​យន្ត​ហោះ​ឱ្យ​បាន​ ដើម្បី​នាំ​លោក Maduro ចាក​ចេញ​ពី​វ៉េណេស៊ុយ​អេឡា ក៏​ដូច​ជា​ដើម្បី​​ទទួល​អាវុធ​។

    Denman និយាយ​ថា ខ្លួន​រស់នៅ​ក្នុង​ទីក្រុង​ Austin រដ្ឋ Texas នៃ​សហរដ្ឋ​អាមេរិក​។ Denman រួម​ជាមួយ​អតីត​ទាហាន​ពិសេស​អាមេរិកាំង​ម្នាក់​ទៀត​គឺ Airan Berry អាយុ​41​ឆ្នាំ បាន​ជិះ​យន្ត​ហោះ​មក​ដល់​កូឡុំ​ប៊ី​កាលពី​ថ្ងៃទី​16​មករា​ ដើម្បី​បង្វឹកទាហាន​ស៊ីឈ្នួល​​​60​នាក់​​ ដែល​ក្រោយ​មក ទាហាន​ទាំង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទីក្រុង Riohacha នៅ​ភាគ​ខាង​ជើង​ប្រទេស​កូឡុំប៊ី ហើយ​ស្នាក់​នៅ​ក្នុង​ផ្ទះ​2ខ្នង​ ដើម្បី​រៀប​ផែន​ការ​វាយ​លុក​។

    Denman ឱ្យ​ដឹង​ថា ខ្លួន​បាន​ធ្វើ​ការ​5ឆ្នាំ​នៅក្នុង​ជួរ​កង​កម្លាំង​ពិសេស​អាមេរិកាំង​ ក្រោយ​មក​បាន​ចាក​ចេញ​ពីកង​ទ័ព​ និង​ចូល​រួម​ក្នុង​វិស័យ​សន្តិសុខ​ឯកជន​ ឬ​ហៅ​ថាទាហាន​ស៊ីឈ្នួល​។

    Luke Denman អាយុ​34​ឆ្នាំ ដែល​ជា​អតីត​ទាហាន​ពិសេស​របស់​សហរដ្ឋ​អាមេរិកDenman និង​ Berry ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​វ៉េណេស៊ុយ​អេឡា​ បន្ទាប់​ពី​បាន​​ធ្វើ​សកម្ម​ភាព​វាយ​ឆ្មក់​បរាជ័យ​​​នៅ​ទីក្រុង​ La Guaira របស់​ប្រទេស​វ៉េណេស៊ុយ​អេឡេ​។ អតីត​ទាហាន​ពិសេស​ Jordan Goudreau ក្រោយ​មក​ក៏បាន​ទទួល​ស្គាល់​ថា​ បាន​រៀប​ផែន​ការ​សម្រាប់​វាយ​ឆ្មក់​នេះ​មែន។

    របាយការណ៍​ស៊ើប​អង្កេត​ដែល​ត្រូវ​បាន​សារ​ព័ត៌មាន AP ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​2ឧសភា​ បាន​ឱ្យ​ដឹង​ថា Denman ធ្លាប់​ចូល​រួម​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ Berry នៅ​មជ្ឈិម​បូព៌ា​ផងដែរ​។

    ប្រធានាធិបតី​​ Maduro ដែល​ជា​អ្នក​​​​បង្ហាញ​វីដេអូ​នៅ​លើ​ TeleSUR បាន​ប្រកាស​ថា សម្ដី​សារ​ភាព​របស់ Denam បង្ហាញ​ថា​សេត​វិមាន​ជា​អ្នក​នៅ​ពី​ក្រោយ​អំពើ​វាយ​ឆ្មក់​បរាជ័យ​ខាង​លើ​នេះ​។

    ក៏ប៉ុន្តែ កាល​ពី​ថ្ងៃទី​6ឧសភា​ ប្រធានាធិបតី​ Donald Trump បាន​ប្រកាស​ថា ករណី​វាយ​ឆ្មក់​នៅ​វ៉េណេស៊ុយ​អេឡា​ មិន​​​ជាប់​ទាក់​ទិន​នឹង​រដ្ឋាភិបាល​អាមេរិកាំង​នោះ​ទេ​។ មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​សហរដ្ឋ​អាមេរិក​ បាន​ថ្លែង​ថា​ ការ​ចោទ​ប្រកាន់​របស់​វ៉េណេស៊ុយ​អេឡា​​គឺ​ជា​រឿង​ “កំប្លែង​”​ ហើយ​អះអាង​ថា សកម្ម​ភាព​យោធា​ដែល​អាមេរិកាំង​​ធ្វើ​ឡើង​ “នឹង​មាន​ភាព​ខុស​គ្នា​ច្រើន​”​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • ប្រទេស​ចិន​ “បញ្ចេញ​​លក្ខខណ្ឌ​” បើ​សិន​ជា​ចង់​​​ស៊ើប​អង្កេត​រក​​​ប្រភព​​COVID-19

    ប្រទេស​ចិន​ “បញ្ចេញ​​លក្ខខណ្ឌ​” បើ​សិន​ជា​ចង់​​​ស៊ើប​អង្កេត​រក​​​ប្រភព​​COVID-19

    ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​អង្គការ​សហប្រជា​ជាតិ​បាន​ឱ្យ​ដឹង​ថា​ ប្រទេស​ចិន​នឹង​មិន​អញ្ជើញ​អ្នកជំនាញ​អន្តរជាតិ​ណា​មួយ​មក​ស៊ើប​អង្កេត​បញ្ហា​ប្រភព​របស់​វីរុសកូរ៉ូណា​នោះ​ទេ រហូត​ដល់​​ប្រទេស​នេះ​ទទួល​បាន​ “ជ័យ​ជំនះ​ចុង​ក្រោយ​”។

    WHO កាលពី​ចុង​សប្ដាហ៍​កន្លង​បាន​ឱ្យ​ដឹង​ថា អង្គការ​នេះ​សង្ឃឹម​ថា​នឹង​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ក្នុងការ​ស្រាវ​ជ្រាវ​លើ​ប្រភព​របស់​ COVID-19​។ នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​បញ្ហា​នេះ ឯកអគ្គរដ្ឋ​ទូត​ចិន​ Chen Xu ថ្ងៃ​នេះ​បាន​ឆ្លើយ​នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​តាម​អនឡាញ​ពី​ទីក្រុង​ហ្សឺណែវ​ថា “អាទិភាព​បច្ចុប្បន្ន​គឺ​ផ្ដោត​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​ រហូត​ដល់​យើង​បានទទួល​ជោគ​ជ័យ​ចុង​ក្រោយ​”។

    លោក Chen Xu បន្ត​ថា “យើង​ត្រូវ​ការ​ផ្ដោត​ចំបញ្ហា​ និង​បែងចែក​កម្លាំង​សមស្រប​។ យើង​មិន​ខ្លាច​នឹង​ការ​ស៊ើប​អង្កេត​ និង​វាយ​តម្លៃ​ណាមួយ​នោះ​ទេ ព្រោះ​ថា​វា​អាចជួយ​ដល់​ការ​ប្រឹង​ប្រែង​របស់​ពិភពលោក​ដើម្បី​ត្រៀម​សម្រាប់​ទប់​ទល់​នឹង​ករណី​បន្ទាន់​អំពី​សុខភាព​សាធារណៈ​ក្នុង​ពេល​អនាគត​”។

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​មួយ​ចំនួន​យល់​ថា វីរុស​COVID-19 មាន​​ប្រភព​ពី​សត្វ​ប្រចៀវ​ និង​បាន​ឆ្លង​ពី​សត្វ​មក​មនុស្ស​នៅ​ឯផ្សារ​លក់​សត្វ​ព្រៃ​រស់​នៅ​ក្នុង​ទីក្រុង​ Wuhan​ កាល​ពី​ចុង​ឆ្នាំ​2019។ ប៉ុន្តែ​លោក​ Trump និង​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ លោក Mike Pompeo រួម​នឹង​មន្ត្រី​អាមេរិកាំង​ជា​ច្រើន​ផ្សេង​ទៀត​ កំពុង​តែ​ជំរុញ​ឱ្យ​ស៊ើប​អង្កេត​លើ​សម្មតិ​កម្ម​ដែល​ថា COVID-19 បាន​រួច​ចេញ​ពី​បន្ទប់​ពិសោធន៍​នៅ​ទីក្រុង​ Wuhan ប្រទេស​ចិន​។​ អង្គ​ភាព​ស៊ើប​ការណ៍​សម្ងាត់​អាមេរិកាំង​កំពុង​ស្រាវ​ជ្រាវ​លើ​បញ្ហា​នេះ បើ​ទោះ​ជា​មាន​ការ​អះអាង​ថា វីរុស​នេះ​ “មិន​មែន​បង្កើត​ឡើង​ដោយ​មនុស្ស​”។

    ប្រទេស​ចិន​បាន​អះអាង​ថា រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិកាំង​មិន​អាច​បញ្ជាក់​អំពី​បញ្ហា​ដែល​ថា​ វីរុស​COVID-19 បាន​រួច​ចេញ​ពី​បន្ទប់​ពិសោធន៍​នៅ​ Wuhan នោះ​ឡើយ ព្រោះ​ថា លោក​ “មិនមាន​ភ័ស្ដុតាំង​ណា​មួយ​បញ្ជាក់​​អំពី​រឿង​នេះ​”។

    COVID-19 បាន​បង្ហាញ​ខ្លួន​ក្នុង​ប្រទេស​និង​ដែន​ដី​ចំនួន​210​ក្នុង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជិត​3.8​លាន​នាក់​បាន​ឆ្លង​មេរោគ ក្នុង​នោះ​មាន​ជាង​259,000​នាក់​បាន​បាត់​បង់ជីវិត​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • អ្នកស្លាប់​ដោយ​សារវីរុស​​COVID-19​នៅ​សហរដ្ឋ​អាមេរិក​នឹង​កើន​ដល់​134,000​នាក់​នៅ​ចុង​ខែ​សីហា ខណៈ​បច្ចុប្បន្ន​បាន​កើន​ដល់​ជិត​70,000​នាក់​​ហើយ

    អ្នកស្លាប់​ដោយ​សារវីរុស​​COVID-19​នៅ​សហរដ្ឋ​អាមេរិក​នឹង​កើន​ដល់​134,000​នាក់​នៅ​ចុង​ខែ​សីហា ខណៈ​បច្ចុប្បន្ន​បាន​កើន​ដល់​ជិត​70,000​នាក់​​ហើយ

    New York Times ដក​ស្រង់​ឯកសារ​សម្ងាត់​មួយ​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ព្យាករ​ថា តួលេខ​នៃ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 នៅ​ប្រទេស​នេះ​អាច​កើន​ឡើង​មក​វិញ​នៅ​ក្នុង​ខែ​ឧសភា​នេះ​។

    យោង​តាម​ទិន្ន​ន័យ​ពី​ទំព័រ Worldomerter គិត​ត្រឹម​រសៀល​​ថ្ងៃទី​4​ឧសភា(ម៉ោង​នៅ​អាមេរិក) ចំនួន​អ្នក​ស្លាប់​ដោយ​សារ​កូរ៉ូណា​នៅ​សហរដ្ឋ​អាមេរិក​​ គឺ​មាន​69,589​នាក់​ កើន​992​នាក់​បើ​ធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ​។ សហរដ្ឋ​អាមេរិក​ក៏​បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​ជាង​23,000​នាក់ ដែល​នាំ​ឱ្យ​តួលេខ​នៃ​អ្នក​ជំងឺ​សរុប​បាន​កើន​លើស​ពី​1.2​លាន​នាក់​។

    ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ New York Times កាល​ពី​ថ្ងៃទី​4​ឧសភា បាន​ដក​ស្រង់​ប្រភព​ព័ត៌មាន​សម្ងាត់​​មួយ​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​របស់​លោក​ Trump ​បាន​ព្យាករ​ថា តួលេខ​នៃអ្នក​ជំងឺ​ និង​អ្នក​ស្លាប់​​នៅក្នុង​ប្រទេស​នេះ​នឹង​កើន​ខ្លាំង​ឡើង​វិញ​នៅ​ក្នុង​ខែ​ឧសភា​នេះ​។ ឯកសារ​​សម្ងាត់​សរសេរ​ថា នៅ​ចុង​ខែ​ឧសភា COVID-19 នឹង​សម្លាប់​មនុស្ស​ប្រហែល​ជា​3,000​នាក់​នៅ​1ថ្ងៃ​ៗ​នៅ​សហរដ្ឋ​អាមេរិក​ ដែល​នេះ​ជា​តួលេខ​ខ្ពស់​បំផុត​បើធៀប​នឹង​ចំនួន​អ្នក​ស្លាប់​ជា​មធ្យម​ជិត​1,800​នាក់​ក្នុង​1ថ្ងៃ​ នា​បច្ចុប្បន្ន​។

    យោង​តាម​ការ​ព្យាករ​ខាង​លើ​ ជា​រៀង​រាល់​ថ្ងៃ សហរដ្ឋ​អាមេរិក​អាច​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​ក្នុង​1​ថ្ងៃ​ប្រហែល​200,000​នាក់ ខណៈ​តួលេខ​មធ្យម​នា​បច្ចុប្បន្ន​គឺ​ 25,000​នាក់​/ថ្ងៃ​។

    ការ​ព្យាករ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា បាន​ធ្វើ​ឡើង​ដោយ​យោង​ទៅ​លើ​ការ​វិភាគ​របស់​មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​ទប់​ស្កាត់​ជំងឺ​​នៃ​សហរដ្ឋ​អាមេរិក​ CDC (Centers for Disease Control and Prevention)។ ទាក់​ទិន​នឹង​បញ្ហា​នេះ​ អ្នក​នាំ​ពាក្យ​របស់​សេតវិមាន​ លោក Judd Deere បាន​ថ្លែង​ថា “នេះ​មិន​មែន​ជា​ឯកសារ​ដែល​ប្រកាស​នៅ​ក្នុង​សេត​វិមាន​ទេ​ ហើយ​ក៏​មិន​បាន​ដាក់​ជូន​គណកម្មធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ COVID-19 ព្រម​ទាំង​មិន​ទាន់​មាន​ការ​ត្រួត​ពិនិត្យ​​​ដោយ​អន្តរ​ក្រសួង​នោះ​ដែរ​”។

    កាល​ពី​ចុង​សប្ដាហ៍​មុន​ ប្រធានាធិបតី​ Donald Trump បាន​ព្យាករ​ថា ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​សហរដ្ឋ​អាមេរិក​ អាច​ឡើង​ដល់​100,000​នាក់ ខ្ពស់​ជាង​ការ​ព្យាករ​ដែល​លោក​បាន​លើក​ឡើង​កន្លង​មក​​ដែល​ថា អ្នក​ស្លាប់​នឹង​មាន​ចំនួន​ពី​60,000​ទៅ​70,000​នាក់​។ លោក​ Trump ថ្លែង​ប្រាប់​សារ​ព័ត៌មាន Fox News កាល​ពីថ្ងៃទី​3ឧសភា​ថា “យើង​នឹង​បាត់​បង់​មនុស្ស​ប្រមាណ​ពី​80,000​-100,000​នាក់​។ នោះ​គឺជា​រឿង​ដ៏​អាក្រក់​ខ្លាំង​ណាស់”។

    ចំណែក​ CNN វិញ ក៏​បាន​ដកស្រង់​ប្រភព​ព័ត៌មាន​ពី​វិទ្យា​ស្ថាន​វាស់​វែង​ និង​វាយ​តម្លៃ​សុខ​ភាព​ IHME (Institute for Health Metrics and Evaluation) នៃ​សាកល​វិទ្យា​ល័យ​ Washington បាន​ព្យាករ​ថា តួលេខ​អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​​នៅ​សហរដ្ឋ​អាមេរិក​ អាច​ឡើង​ដល់​134,000​នាក់​ គិត​ត្រឹម​ដើម​ខែ​សីហា​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស