Tag: SpaceX

  • សហរដ្ឋ​អាម៉េរិក​បាញ់​បញ្ជូន​អគ្គិសនី​ពី​អវកាស​មក​កាន់​ផែនដី​បាន​ជោគ​ជ័យ

    សហរដ្ឋ​អាម៉េរិក​បាញ់​បញ្ជូន​អគ្គិសនី​ពី​អវកាស​មក​កាន់​ផែនដី​បាន​ជោគ​ជ័យ

    ​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​នៅ​វិទ្យាស្ថាន​បច្ចេក​វិទ្យា California (Caltech) បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​បាញ់​បញ្ជូន​អគ្គិសនី​ពី​ទី​អវកាស​មក​កាន់​ផែនដី​ដោយ​មិន​បាច់​ប្រើ​ខ្សែ​​ជា​លើក​ដំបូង​ក្នុង​ពិភពលោក​។

    ជា​លើក​ដំបូង​ហើយ​ដែល​​អគ្គិសនីអាច​​ត្រូវ​បាន​បាញ់បញ្ជូន​ពីទី​អវកាស​មក​កាន់​ផែនដី​ដោយ​ជោគ​ជ័យ​។​ នេះ​បើ​តាម​ New Atlas ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 05 មិថុនា 2023​។ គម្រោង​អគ្គិសនីបាន​ពី​​ព្រះ​អាទិត្យ​​ក្នុង​ទី​អវកាស​ (SSPP) មាន​គោល​ដៅ​ប្រើ​ប្រាស់​ថាមពល​ស្អាត​គ្មាន​ដែន​កំណត់​នៅ​ក្នុង​គន្លង​តារា​វិថី​ផែនដី​។

    អគ្គិសនីបាន​ពី​​ព្រះអាទិត្យ​ក្នុង​ទី​អវកាស​អាច​ដោះ​ស្រាយបញ្ហា​ថាមពល​ស្អាត​ជា​ច្រើន​នៅ​លើ​ផែនដី​។ បណ្ដាញ​ផលិត​អគ្គិសនី​លើ​គន្លង​តារា​វិថី​ផែនដី​អាច​ប្រមូល​ពន្លឺ​ព្រះ​អាទិត្យក្នុង​រយៈ​ពេល​​ 24/7 ដោយ​វា​មិន​មាន​ការ​រំខាន​ពី​បរិយាកាស​ ឬ​បញ្ហា​អាកាស​ធាតុ​។ យោង​តាម​ទ្រឹស្ដី ផ្ទាំង​សូឡា​ដែល​ដាក់​​ក្នុងទី​អវកាស​អាច​ផលិត​អគ្គិសនី​បាន​ច្រើន​ជាង 8​ ដង​ បើ​ធៀប​នឹង​ផ្ទាំង​សូឡា​ដាក់​នៅ​លើ​ដី​។​

    ស្ថាប័ន​ជា​ច្រើន​កំពុង​តែ​ប្រឹង​ប្រែង​អភិវឌ្ឍ​បច្ចេកវិទ្យា​ខាងលើ​​ បើ​ទោះ​ត្រូវ​ជួប​ឧបសគ្គ​ធំ​ៗ​ជា​ច្រើន​។ ក្នុង​នោះមាន​ដូច​ជា​ ទំហំ​ដ៏​ធំ​របស់​ផ្ទាំង​សូឡា​ ថ្ម​សម្រាប់​ផ្ទុកថាមពលដែល​​បាន​ពីព្រះ​អាទិត្យ​ ប្រព័ន្ធ​ទទួល​អគ្គិសនី​ពី​ទីអវកាស​​នៅ​លើ​ដី​។ល។

    ប្រព័ន្ធ​ប្រមូល​ និង​បាញ់​បញ្ជូនអគ្គិសនី​នៅ​ទី​​អវកាស​ក៏​ត្រូវ​ការ​ការ​បាញ់បង្ហោះ​ឡើង​ទៅ​កាន់​គន្លង​តារា​វិថី​ផែនដី​​ចំនួន​ 39 លើក​ (សម្រាប់​ថ្ម​ម៉ូឌុល​ស្រាល និង​ឆ្លាត​វៃ​របស់ Caltech) មុន​នឹង​ដំឡើង​​ក្នុង​ទី​អវកាស​។

    ប្រព័ន្ធ​ SSPD-1 សម្រាប់​ធ្វើ​តេស្ត​ក្នុង​គម្រោង​ខាងលើ​ដែល​មាន​ទម្ងន់ 50​ គីឡូក្រាម​ ត្រូវ​បាន​ដាក់​ក្នុង​យាន​អវកាស​ Momentus Vigoride និង​បាញ់​បង្ហោះ​ទៅ​កាន់​គន្លង​គោចរ​កម្រិត​ទាប​ដោយ​រ៉ុក្កែត​​របស់ SpaceX កាល​ពី​ថ្ងៃទី 03 មករា 2023​។

    ​ម៉ូឌុល MAPLE

    SSPD-1 ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ត្រួត​ពិនិត្យ​ម៉ូឌុល​តូច​ៗ​ចំនួន​បី​គ្រឿង​ រួម​មាន​ ម៉ូឌុល DOLCE សម្រាប់ធ្វើ​តេស្ត​​បណ្ដា​ម៉ូឌុល​ដែល​អាច​បត់​បាន​ ខណៈ​ម៉ូឌុល ALBA ធ្វើ​តេស្ត​​ថ្មផ្ទុក​ថាមពល​ និង​ម៉ូឌុល MAPLE ធ្វើ​តេស្ត​បច្ចេកវិទ្យា​បាញ់​បញ្ជូន​​អគ្គិសនី​មិន​ប្រើខ្សែ​​ពី​ទី​អវកាស​មក​កាន់ស្ថានីយ​ទទួល​នៅ​លើ​ដី​​។

    ការ​ធ្វើតេស្ត​បាញ់បញ្ជូន​អគ្គិសនី​ពី​ទី​អវកាស​មក​កាន់​ផែនដី​ដោយ​មិន​ប្រើ​ខ្សែ​ និង​ទទួល​បាន​ជោគ​ជ័យ​របស់​​ក្រុមអ្នក​អ្នក​ជំនាញ​​នៅ​វិទ្យាស្ថាន​​បច្ចេក​វិទ្យា California បញ្ជាក់​ថា ការ​ទាញ​យក​ថាមពល​​មិន​ចេះ​រី​ង​ស្ងួត​ និង​ស្អាត​ពី​ទីអវកាស​ បញ្ជូន​មក​កាន់​ផែនដីដើម្បី​ប្រើ​ប្រាស់​ គឺជា​រឿង​ដែល​​ទៅ​រួច​ 100%​៕

  • មនុស្ស​ទី 600 ដែល​​ហោះ​ហើរ​ក្នុង​គន្លង​តារាវិថី​ជុំ​វិញ​ផែនដី​

    មនុស្ស​ទី 600 ដែល​​ហោះ​ហើរ​ក្នុង​គន្លង​តារាវិថី​ជុំ​វិញ​ផែនដី​

    (សហរដ្ឋ​អាម៉េរិក) – ស្ត្រី​អវកាសចរ​ដំបូង​របស់​គណៈ​កម្មការ​អវកាស​អារ៉ាប៊ីសាអូឌីត​ បាន​ក្លាយ​ជា​មនុស្ស​ទី 600 ដែល​ហោះ​ជុំវិញ​ផែនដី​នៅ​ក្នុង​យាន​អវកាស​ Dragon របស់ SpaceX នៅ​ម៉ោង​ 4:37 ថ្ងៃ​ទី 22 ឧសភា ឆ្នាំ 2023 (ពេល​វេលា​នៅ​កម្ពុជា)​។

    ការ​បាញ់​បង្ហោះ​យាន​អវកាស​កាល​ពីថ្ងៃទី 22 ឧសភា គឺជា​ការ​ចាប់​ផ្ដើម​សម្រាប់​ Ax-2 (Axiom-2) ដែល​ជា​​បេសក​កម្ម​ហោះ​ហើរ​ឯកជន​លើក​ទីពីរ​របស់​ក្រុម​ហ៊ុន​ Axiom Space ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ​ (ISS)។ បេសកកម្ម​ដំបូង គឺ Ax-1 ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​មេសា​ ឆ្នាំ 2022​។

    Ax-2 រួម​មាន​អ្នក​អវកាស​បួន​នាក់ ក្នុង​នោះ​ក៏​មាន​​អ្នក​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ លោក​ស្រី​ Rayyanah Barnawi ផងដែរ​​។ Barnawi ដែល​​ជា​អ្នក​អវកាស​ដំបូង​របស់​គណៈកម្មការ​អវកាស​​​អារ៉ាប៊ីសាអូឌីត​ បាន​ក្លាយ​ជា​មនុស្ស​ទី 600 ដែល​ហោះ​ក្នុង​​គន្លង​គោចរ​ជុំ​វិញ​​ផែនដី​។

    លោក​ស្រី​ Rayyanah Barnawi

    ប៉ុន្តែ បើ​សិន​គិត​ទាំង​មនុស្ស​ដែល​បាន​ឡើង​ផុត​ខ្សែ​បន្ទាត់​ Karman ដែល​ជា​ព្រំដែន​អវកាសកម្ពស់​ 100 គីឡូម៉ែត្រ​ពី​ផែនដី​ ​ទៅ​តាម​អនុសញ្ញា​របស់​​ក្រុម​អ្នក​ជំនាញ​អន្តរ​ជាតិ​ច្រើន​រូប​ គេ​ត្រូវ​តែ​រាប់​មនុស្ស​ 32 នាក់​ទៀត​ដែល​បាន​ហោះ​ហើរ​លើ​យាន​អវកាស​ New Shepard របស់ Blue Origin​។ ជើង​ហោះ​ហើរ​ទាំង​នេះ​បាន​ឡើង​ជិត​ដល់​គន្លង​តារា​វិថី​ផែនដី​ និង​ត្រលប់​វិញ ដោយ​មិន​បាន​ហោះ​ជុំ​វិញ​ផែនដី​។

    តាម​ផែនការ​ Axiom-2 នឹង​ត្រលប់​មក​កាន់​ផែនដី​នៅ​ដើម​ខែ​មិថុនា​ 2023 ដោយ​ចុះ​ចត​លើ​មហា​សមុទ្រ​អាត្លង់ទិក​។

    ក្រុមអ្នកអវកាសនៅក្នុងបេសកកម្ម Ax-2

    ថ្វីបើ​ការ​ហោះ​ហើរ​​មាន​រយៈ​ពេល​តែ​​12 ថ្ងៃ ប៉ុន្តែ​ Axiom-2 មាន​គម្រោង​ស្រាវ​ជ្រាវ​ជា​ច្រើន​ ក្នុង​នោះ​មាន​ដូច​ជា បាតុភូត​បរិយាកាស​កម្រ​ជួប ការ​ពិសោធ​ឈុត​សម្លៀក​បំពាក់​អវកាស ក៏ដូច​ជា​ការ​ពិសោធ​ពាក់​ព័ន្ធ​នឹង​សុខភាព​។ល។

  • SpaceX ធ្វើតេស្ត​បច្ចេកវិទ្យាខែល​​ការពារ​ប្រព័ន្ធ​​ទម្រ​យាន Starship

    SpaceX ធ្វើតេស្ត​បច្ចេកវិទ្យាខែល​​ការពារ​ប្រព័ន្ធ​​ទម្រ​យាន Starship

    (សហរដ្ឋ​អាម៉េរិក) – SpaceX កំពុង​ពិសោធ​បច្ចេកវិទ្យា​ដែល​ជួយ​ពង្រឹង​ផ្ទៃ​​ខាង​ក្រោម​នៃ​ប្រព័ន្ធ​ទម្រ​ដើម្បី​អាច​ទ្រាំទ្រ​កម្លាំង​ដ៏​ខ្លាំង​របស់​ម៉ាស៊ីន​រុញច្រាន​រ៉ុក្កែត Starship នៅពេល​បាញ់​បង្ហោះម្ដងៗ។

    ប្រព័ន្ធ​ទម្រ​នៅ​មូលដ្ឋាន Starbase របស់ SpaceX ក្នុង​​តំបន់ Texas ខាងត្បូង បាន​រង​ការខូចខាត​ធ្ងន់ធ្ងរ​ក្នុងការ​បាញ់​បង្ហោះ​សាកល្បង​ដំបូង​របស់​យាន Starship ដែលជា​រ៉ុក្កែត​កម្លាំង​ខ្លាំង​បំផុត កាលពី​ថ្ងៃទី 20 មេសា 2023។ កម្លាំង​ដ៏​ខ្លាំង​របស់​ម៉ាស៊ីន Raptor ចំនួន 33 គ្រឿង​នៅ​ជាន់​ក្រោម​បង្អស់​របស់ Starship បាន​ទម្លុះ​ជា​រណ្ដៅ​នៅ​ខាងក្រោម​ជើង​របស់​​ប្រព័ន្ធ​ទម្រ ធ្វើឱ្យ​ផ្ទាំង​បេតុង​ត្រូវ​បែកបាក់ និង​ប៉ើង​ចេញ​ឆ្ងាយ​ពី​កន្លែង​ដើម។ មួយថ្ងៃ​ក្រោយ​ការបាញ់​បង្ហោះ​សាកល្បង​ខាងលើ SpaceX ក៏បាន​ឱ្យដឹងថា ពួកគេ​កំពុង​រក​វិធី​បង្កើត​ខែល​ទប់​ទល់នឹង​បញ្ហានេះ​។

    ការប្រឹងប្រែង​រក​វិធី​ទប់ទល់​ក៏បាន​ចាប់ផ្ដើម​តាំងពី​បី​ខែ​មុន។ ប្រព័ន្ធ​ខែល​នេះ​មិនទាន់​បាន​ត្រៀមខ្លួន​រួចរាល់​នៅឡើយ​សម្រាប់​ការបាញ់​បង្ហោះ​កាលពី​ថ្ងៃទី 20 មេសា ប៉ុន្តែ SpaceX នៅតែ​សម្រេចចិត្ត​ធ្វើតេស្ត ព្រោះ​យល់ថា ស្រទាប់​បេតុង​ខាងក្រោមប្រព័ន្ធ​​ជើង​ទម្រ Starship អាច​ទ្រាំទ្រ​ការបាញ់​បង្ហោះ​បាន​ពីរលើក។ ក៏ប៉ុន្តែ បញ្ហា​នៅតែ​កើតឡើង ដូច្នេះ SpaceX ក៏​បង្កើន​សកម្មភាព​ដើម្បី​បង្ហើយ​កិច្ចការ​បង្កើត​ខែល​ការពារ​ដែល​ធ្វើ​ពី​ដែកថែប។

    ថ្មីៗនេះ SpaceX បាន​ពិសោធ​កម្លាំង​របស់​ខែល​ទប់ទល់​កំណែ​ដំបូង ដោយ​ការប្រើប្រាស់​កម្លាំង​របស់​ម៉ាស៊ីន Raptor មួយគ្រឿង។ នៅក្នុង​វីដេអូ 20 វិនាទី ដែល SpaceX បាន​ចែករំលែក​កាលពី​ថ្ងៃទី 19 ឧសភា គេ​ឃើញ​ថា​ នៅពេល​​ចំហាយ​ទឹកបាន​រសាត់​អស់ ​នៅ​ខាងចុង​វីដេអូ ខែល​នេះ​ហាក់​នៅ​រក្សាបាន​ទម្រង់​ដើម។

    ការ​បាញ់​បង្ហោះ​រ៉ុក្កែត

    SpaceX កំពុងតែ​អភិវឌ្ឍ​យាន Starship ដើម្បី​ដឹក​អ្នក​អវកាស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ និង​ភព​អង្គារ។ ណា​សា​ក៏​ជ្រើសរើស Starship ធ្វើជា​ស្ថានីយ​ចុះចត​ដំបូង​ដែល​នាំ​មនុស្ស​ទៅ​ជាន់​ដី​របស់​ឋាន​ព្រះ​ចន្ទ​នៅក្នុង​កម្មវិធី Artemis។

    ការ​​ធ្វើ​តេស្ត​បច្ចេកវិទ្យាខែល​​ការពារ​ប្រព័ន្ធ​​ទម្រ​យាន Starship

    បច្ចុប្បន្ន SpaceX កំពុង​ដុតដៃដុតជើង​នៅក្នុង​ការផលិត​យាន Starship ជាច្រើន​​គ្រឿង​នៅឯ​មូលដ្ឋាន Starbase ហើយ​គ្រោង​នឹង​បាញ់​បង្ហោះ​កំណែ​បន្ទាប់​នៅប្រហែល​​ពីរ​ខែ​ទៀត បើសិន​ប្រព័ន្ធ​ខែល​ដែក​ការ​ពារ​ផ្ទៃ​ជើង​ទម្រ​​បាន​ត្រៀមខ្លួន​រួចរាល់ និងបន្ទាប់​ពី​ទទួលបាន​ការ​អនុញ្ញាត​ពី​​រដ្ឋបាល​អាកាសចរណ៍​អាម៉េរិក​៕

  • រ៉ុក្កែត SpaceX នឹង​នាំយក​ស្ថានីយ​អវកាស​ឯកជន​ឡើងទៅ​កាន់​គន្លង​​តារាវិថី

    រ៉ុក្កែត SpaceX នឹង​នាំយក​ស្ថានីយ​អវកាស​ឯកជន​ឡើងទៅ​កាន់​គន្លង​​តារាវិថី

    (សហរដ្ឋ​អាម៉េរិក) – ស្ថានីយ​អវកាស​ឯកជន​ដែលមាន​បណ្ដោយ​ប្រហែល 100 ម៉ែត្រ រួមមាន​ម៉ូឌុល​ជាច្រើន និង​ទំនាញផែនដី​សិប្បនិម្មិត នឹងធ្វើ​សកម្មភាព​នៅលើ​គន្លង​គោចរ​ផែនដី នៅ​ពីរ​ឆ្នាំ​ខាងមុខ។

    ក្រុមហ៊ុន Vast Space នៅ California កាលពី​ថ្ងៃទី 10 ឧសភា បានប្រកាស​អំពី​គម្រោង​បាញ់​បង្ហោះ​ស្ថានីយ​អវកាស Haven-1 តាមរយៈ​រ៉ុក្កែត Falcon 9 របស់​ក្រុមហ៊ុន SpaceX យ៉ាងយូរ​ត្រឹម​ខែសីហា 2025។ បន្ទាប់មក បេសកកម្ម Vast-1 នឹង​ដឹក​អ្នក​អវកាស​ឡើងទៅ​ស្ថានីយ Haven-1 និង​នៅ​ទីនោះ​រយៈពេល 30 ថ្ងៃ។ បេសកកម្ម Vast-1 ក៏​នឹង​ត្រូវបាន​បាញ់​បង្ហោះ​នៅលើ​រ៉ុក្កែត Falcon 9 ហើយ​ក្រុម​អវកាស​ចរ​នឹង​ជិះ​ក្នុង​យាន Dragon របស់ SpaceX។

    «ការសហការ​ជាមួយ SpaceX គឺជា​ជំហាន​ដំបូង​នៅក្នុង​គោលដៅ​យូរអង្វែង សំដៅ​រក​ការបាញ់​បង្ហោះ​ស្ថានីយ​អវកាស​បំពាក់​ទំនាញផែនដី​សិប្បនិម្មិត​ធំ​ជាង​មុន​ ទៅ​កាន់​​គន្លង​គោចរ​របស់​ផែនដី និង​ឆ្ងាយ​ជាង​នេះ» Jed McCaleb អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Vast Space បញ្ជាក់​ដូច្នេះ។

    Vast គឺជា​ក្រុមហ៊ុន​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ពីរ​ឆ្នាំមុន។ ក្រុមហ៊ុន​នេះ​មាន​គោលដៅ​គ្រប់គ្រង​ស្ថានីយ​អវកាស​បំពាក់​ទំនាញផែនដី​សិប្បនិម្មិត​ដែលមាន​ម៉ូឌុល​ច្រើន និង​ប្រវែង 100 ម៉ែត្រ ហើយ​បាញ់​បង្ហោះ​ដោយ​រ៉ុក្កែត​របស់ SpaceX។

    បើសិនជា​គ្រប់យ៉ាង​ដំណើរការ​ដោយ​រលូន Haven-1 នឹង​ក្លាយជា​ស្ថានីយ​អវកាស​ឯកជន​មួយ​​ក្នុង​ចំណោម​គម្រោង​នានា​ដែល​កំពុងស្ថិត​ក្នុងការ​អភិវឌ្ឍ។ កន្លងមក មាន​ក្រុមហ៊ុន​ជាច្រើន​ក៏បាន​ចាប់ផ្ដើម​អនុវត្ត​គម្រោង​ប្រហាក់ប្រហែល​នឹង Haven-1 ក្នុងនោះ​ក៏មាន Axiom Space, Blue Origin, Nanoracks និង Northrop Grumman ផងដែរ៕

  • រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​ខ្នាតតូច​អាច​ផ្គត់ផ្គង់​អគ្គិសនី​គ្រប់គ្រាន់​សម្រាប់​មួយ​ពាន់​គ្រួសារ

    រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​ខ្នាតតូច​អាច​ផ្គត់ផ្គង់​អគ្គិសនី​គ្រប់គ្រាន់​សម្រាប់​មួយ​ពាន់​គ្រួសារ

    (សហរដ្ឋ​អាម៉េរិក) – ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ ឬ​ហៅថា រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​ខ្នាតតូច​របស់​ក្រុមហ៊ុន Radiant Industries អាច​ផ្គត់ផ្គង់​អគ្គិសនី​មួយ​ម៉េ​ហ្កា​វ៉ា​ត់ និង​បំពាក់​បច្ចេកវិទ្យា​ទំនើប​ជាច្រើន​ដើម្បី​ទប់ស្កាត់​បញ្ហា​រលាយ ​ដោយ​សារ​កម្ដៅ​។

    Doug Bernauer អតីត​វិស្វករ​អេ​ឡិច​ត្រូ​និ​ច​អាកាសចរណ៍​របស់ SpaceX កាលពី​ឆ្នាំ 2019 បាន​បង្កើត​ក្រុមហ៊ុន Radiant Industries ដែល​ជំនាញ​ខាង​អភិវឌ្ឍ​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ​ចល័ត​ដែល​អាចដាក់​នៅក្នុង​កុងតឺន័រ។ ក្រុមហ៊ុន​នេះ​មាន​គោលដៅ​អភិវឌ្ឍ​រ៉េ​អា​ក់ទ័រ​នុយ​ក្លេ​អែរ​ខ្នាតតូច​ដែល​អាចដាក់​នៅ​​តំបន់​ដាច់ស្រយាល​បំផុត​របស់​ផែនដី និង​អាច​ផ្គត់ផ្គង់​អគ្គិសនី​មិន​ថា​ក្នុង​វិស័យ​យោធា ឬ​ស៊ីវិល។

    ទំព័រ Interesting Engineering ឱ្យដឹងថា ផែនការ​របស់ Radiant គឺ​ការបង្កើត​ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែ​រដែ​លអាច​ផលិត​អគ្គិសនី​មួយ​ម៉េ​ហ្កា​វ៉ា​ត់ គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ដល់​មនុស្ស​ប្រហែល 1,000 គ្រួសារ។

    ម៉ាស៊ីន​ប្រតិកម្ម​នុយ​ក្លេ​អែរ​ចល័ត​របស់ Radiant Industries ​អាចដាក់​នៅក្នុង​កុងតឺន័រ

    យោងតាម​កម្មវិធី​ថ្នាក់ជាតិ​មួយរបស់​សហរដ្ឋ​អាម៉េរិក​ ក្រុម​ហ៊ុន​ Radiant កំពុងធ្វើការ​ជាមួយ​បន្ទប់ពិសោធន៍​ជាតិ Idaho និង Argonne ដើម្បី​កែលំអ​ផលិតផល។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​ក៏​កំពុង​ផ្ដោតលើ​បច្ចេកទេស​របស់​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ និងការ​​សុំច្បាប់​អនុញ្ញាត​សម្រាប់​ការ​រចនា ក៏ដូចជា​កម្មសិទ្ធិបញ្ញា​លើ​បច្ចេកវិទ្យា​នេះ​។

  • ស្ថាបនិកក្រុមហ៊ុនអាវកាស SpaceX បានធ្វើដំណើរមករូងភ្នំថាំលួងដើម្បីជួយសង្គ្រោះអ្នកនៅសល់ដោយផ្ទាល់

    ស្ថាបនិកក្រុមហ៊ុនអាវកាស SpaceX បានធ្វើដំណើរមករូងភ្នំថាំលួងដើម្បីជួយសង្គ្រោះអ្នកនៅសល់ដោយផ្ទាល់

    តាមរយៈសារព័ត៌មាន​ថៃ MGR Online បានចេញផ្សាយមុននេះបន្ដិចបានឱ្យដឹងថា លោក Elon Musk ជាស្ថាបនិកក្រុមហ៊ុនអាវកាស SpaceX បានធ្វើដំណើរចូលទៅរូងភ្នំទី 3 នៃរូងភ្នំថាំលួងនៅថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2018 នេះ។

    លោក Elon Musk បានបង្ហោះសារបញ្ជាក់នៅលើធ្វីតតឺរបស់ខ្លួនថា « ទើបតែត្រឡប់មកពីរូងទី 3 និងបានត្រៀមឧបករណ៍ជ្រមុជទឹកខ្នាតតូច (Mini-Submarine) សម្រាប់ការងារនេះជាស្រេច បើសិនជាត្រូវការប្រើវាជាចាំបាច់។ វាត្រូវបានធ្វើផលិតពីបំនែកថ្មភ្នំ និងត្រូវបានដាក់ឈ្មោះថា « ជ្រូកព្រៃ ( Wild Boar ) » ជាឈ្មោះរបស់ក្រុមកីឡាក៏បាល់ទាត់នេះ។ ខ្ញុំទុករបស់ឧបករណ៍ ដើម្បីឱ្យអ្នកបានប្រើជាប្រយោជន៍នាពេលអនាគតទៀត។ ប្រទេសថៃ ជាប្រទេសដ៏ស្រស់បំព្រង »។

    គួរបញ្ជាក់ផងដែរថា ការនាំយកឧបរណ៍ជ្រមុជទឹកខ្នាតតូច (Mini-Submarine) មកកាន់រូងភ្នំថាំលួង ស្រុក ម៉ែសាយ ខេត្ត ឈៀងរ៉ាយ ប្រទេសថៃនេះ លោក Elon Musk​ បានដឹកនាំក្រុម និងពាំនាំយកឧបករណ៍ទាំងអស់ ចូលទៅកាន់រូងភ្នំដោយគ្មានភាពភ័យខ្លាច ដោយរូបលោកផ្ទាល់ និងត្រៀមជួយសង្គ្រោះនៅដែលនៅសល់ជាបន្ដទៀត៕

  • ក្រុមហ៊ុនអវកាសអាមេរិក SpaceX បញ្ជូនអ្នកជំនាញមកជួយសង្គ្រោះក្រុមជ្រូកព្រៃទាំង13នាក់កំពុងជាប់​ក្នុងរូងភ្នំថាំ​លួង

    ក្រុមហ៊ុនអវកាសអាមេរិក SpaceX បញ្ជូនអ្នកជំនាញមកជួយសង្គ្រោះក្រុមជ្រូកព្រៃទាំង13នាក់កំពុងជាប់​ក្នុងរូងភ្នំថាំ​លួង

    តាមរយៈសារព័ត៌មានថៃ Teenee បានចេញផ្សាយនៅពេលមុននេះបន្ដិចបានឱ្យដឹងថា នាយប្រតិបត្តិ​ក្រុមហ៊ុន SpaceX &The Boring Co. លោក អេឡន ម៉ាសក៍ (Elon Musk) បានប្រកាថា នឹងបញ្ជូនក្រុម​វិស្វករជំនាញ របស់លោកឱ្យទៅចូលរួមក្នុងប្រតិបត្តិការ​ជួយសង្រ្គោះក្រុមកីឡាបាល់ទាត់ « ក្រុមជ្រូកព្រៃ​» ទាំង 12 រូបនិងគ្រូបង្វឹករបស់ពួកគេម្នាក់ចេញពីរូងភ្នំថាំលួង ខេត្ត ឈៀងរ៉ាយ ​ប្រទេសថៃ ដែលកំពុងជាប់នៅក្នុងល្អាងអស់រយៈពេល 14 ថ្ងៃមកហើយ។

    ​លោក Elon Musk បានបង្ហោះសារនៅលើធី្វតតឺរបស់ខ្លួនថា «ក្រុមវិស្វករជំនាញ​មកពី SpaceX & Boring Co នឹងធ្វើដំណើរ​ទៅកាន់ប្រទេសថៃ​នៅថ្ងៃ​ស្អែកនេះត្រូវនឹងថ្ងៃសៅរ៍ទី 7 ម៉ោងប្រទេសថៃ ដើម្បីពិនិត្យថា ពួកគេអាចជួយ​អ្វីខ្លះដល់រដ្ឋាភិបាល​ថៃ ក្នុងការជួយសង្រ្គោះក្រុមជ្រូកព្រៃទាំង 13 រូបចេញពី​រូងភ្នំថាំលួង»។

    សូមជម្រាបបន្ថែមថា មន្ត្រីថៃ និងក្រុមអ្នក​ជួយសង្រ្គោះស្ម័គ្រ​ចិត្តកំពុងបង្រៀនអ្នក​ទាំង 13រូបពីរបៀបជ្រមុជ និងហែលទឹក ការផ្សងព្រេងដ៏គ្រោះថ្នាក់ របៀបរស់នៅក្នុងរូងភ្នំរយៈពេលយូរ រហូតដល់រដូវភ្លៀងបញ្ចប់ ឬទឹកស្រក ព្រោះថា អ្នកជំនាញបានធ្វើការអះអាងថា អ្នកទាំង 13 រូប នឹងត្រូវជាប់ក្នុងរូងយូររហូតដល់ទៅ 4 ខែឯណោះ ដូច្នេះទើបមាន​ក្រុម​ជំនាញ​ពីអន្តរជាតិបន្ថែម​ទៀត ដូចជាមកពីជប៉ុន និង SpaceX ចូល​រួមជួយ៕