ក្រោយពីបានបញ្ជាក់ថានឹងទៅលេងឱ្យក្លឹបអាម៉េរិក Inter Miami តារាបាល់ទាត់ពិភពលោក Lionel Messi ក៏បានទទួលស្គាល់ថា ខ្លួនមិនទទួលបានសុភមង្គលក្នុងរង្វង់ពីរឆ្នាំដែលលេងឱ្យ Paris Saint-Germain។
រឿងរ៉ាវម្ចាស់ជើងឯក World Cup 2022 សម្រេចចិត្តទាត់ឱ្យក្លឹប Inter Miami ត្រូវបានបញ្ជាក់រួចហើយ។ បើតាមគម្រោង M10 នឹងទៅចូលរួមជាមួយក្រុមនេះចាប់ពីខែកក្កដាខាងមុខ៕
កំពូលតារាបាល់ទាត់ពិភពលោក Lionel Messi នឹងចូលជាសមាជិករបស់ក្លឹបបាល់ទាត់អាម៉េរិក Inter Miami ក្រោយពីកិច្ចព្រមព្រៀងជាមួយ PSG អស់សុពលភាព។
យោងតាម BBC កំពូលកីឡាកររបស់អាហ្សង់ទីន នឹងបដិសេធប្រាក់បៀវត្សរ៍ 430 លានដុល្លារអាម៉េរិក/ឆ្នាំ នៅអារ៉ាប៊ីសាអូឌីត ដើម្បីជ្រើសយកការអញ្ជើញពីក្លឹប Inter Miami នៅសហរដ្ឋអាម៉េរិក។ ដើម្បីទាក់ទាញ Messi មកលេងនៅពានរង្វាន់បាល់ទាត់អាជីពអាម៉េរិក (MLS) ក្លឹប Miami បានសហការជាមួយក្រុមហ៊ុនធំៗជាច្រើន មានដូចជា Adidas និង Apple ជាដើម។
នេះគឺជាលើកដំបូងដែល Messi លេងបាល់នៅខាងក្រៅទ្វីបអឺរ៉ុប។ M10 ចង់ទាត់នៅអឺរ៉ុបមួយរដូវកាលទៀត ដោយផ្ដល់អាទិភាពឱ្យ Barca ប៉ុន្តែមិនទទួលបានសំណើទាល់តែសោះ ដោយសារតែក្លឹបនេះកំពុងជួបបញ្ហាហិរញ្ញវត្ថុ។ Messi អាចជ្រើសរើសតែ Inter Miami ឬ Al Hilal។
មនុស្សជាច្រើនចង់ឃើញ Messi លេងឱ្យ Al Hilal ដើម្បីបានប៉ះជាមួយ Ronaldo និង Karim Benzema នៅអារ៉ាប៊ីសាអូឌីត។ ពានរង្វាន់ Saudi League ប្រទេសនេះ អាចមានលក្ខខណ្ឌល្អជាង MLS ប៉ុន្តែ M10 ចង់លេងនៅសហរដ្ឋអាម៉េរិកជាង ព្រោះតែកត្តាមួយចំនួន រួមមាន ការរស់នៅ និងកិច្ចសហការជាមួយបណ្ដាយីហោធំៗ លើសពីវិស័យបាល់ទាត់។ Messi ក៏មានផ្ទះមួយខ្នងនៅ Miami រដ្ឋ Florida ដែលកំពុងជួលឱ្យគេ។
ក្លឹប Inter Miami ជាកម្មសិទ្ធិរបស់មហាសេដ្ឋី Jorge Mas, Jose Mas និងអតីតកំពូលកីឡាករបាល់ទាត់អង់គ្លេស David Beckham។ Beckham ក៏កាន់តំណែងប្រធាននៅក្លឹបនេះផងដែរ៕
ប្រទេសអារ៉ាប៊ីសាអូឌីត បានត្រៀមខ្លួនរួចហើយដើម្បីបញ្ចេញទឹកប្រាក់ក្នុងរដូវទិញដូរកីឡាករនារដូវក្ដៅ នៅក្នុងការប្រឹងប្រែងនាំយកកំពូលតារាបាល់ទាត់នានារបស់ពិភពលោក និងលើកពានរង្វាន់ Pro League របស់ខ្លួនឡើងទៅកាន់ផែនទីពិភពបាល់ ក្នុងគ្រាដែលប្រទេសនេះកំពុងខិតខំសម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះ World Cup 2030។
ថ្វីបើរដូវកាលដោះដូរកីឡាករឆ្នាំ 2023 មិនទាន់មកដល់ ប៉ុន្តែមួយក្នុងចំណោមប្រធានបទដែលត្រូវបានគេលើកឡើងញឹកញាប់ជាងគេក្នុងមួយរយៈពេលខ្លីចុងក្រោយនេះ គឺពានរង្វាន់ Saudi Pro League។
ប្រទេសអារ៉ាប៊ីសាអូឌីត មិនធ្លាប់ជាទីសំចតសំខាន់របស់កីឡាករបាល់ទាត់ពិភពលោក ប៉ុន្តែអារ៉ាប៊ីសាអូឌីតកំពុងតែប្ដេជ្ញាចិត្តកែប្រែប្រការនេះ។ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Saudi Pro League កំពុងតែដើរតួនាទីជាអ្នកទាក់ទាញកីឡាករល្បីៗរបស់ពិភពលោក ក្នុងនោះ ពានរង្វាន់នេះក៏ធ្លាប់ទាក់ទាញបាន Cristiano Ronaldo ដែលចូលរួមប្រកួតតាំងពីខែធ្នូ 2022 ហើយថ្មីៗនេះ Karim Benzema ក៏បានសម្រេចចិត្តមកចូលរួម បន្ទាប់ពីចាកចេញពី Real Madrid។
អារ៉ាប៊ីសាអូឌីត កំពុងតែធ្វើសកម្មភាពសម្រាប់ការរៀបចំ World Cup 2023 ក្នុងនោះ ប្រទេសនេះក៏បានត្រៀមរួចរាល់សម្រាប់ការចំណាយប្រាក់ដ៏ច្រើនដើម្បីអាចក្លាយជាប្រទេសបាល់ទាត់។ Ronaldo កំពុងទទួលបាន 177 លានផោន/ឆ្នាំ ពីក្លឹបបាល់ទាត់ Al-Nassr ហើយនេះគឺជាប្រាក់បៀវត្សរ៍ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍របស់កីឡាករល្បីៗរបស់ពិភពលោក ក្នុងនោះមានទាំង Lionel Messi ព្រោះថា M10 បច្ចុប្បន្នគឺជាទូតទេសចរណ៍របស់អារ៉ាប៊ីសាអូឌីតស្រាប់ ខណៈទំនាក់ទំនងរវាងកីឡាកររូបនេះជាមួយនឹងក្លឹប PSG ក៏ជិតដាច់ជាផ្លូវការហើយដែរ។ ពេលនេះ Messi អាចយកតម្រាប់តាម Ronaldo។
ក៏ប៉ុន្តែ Messi មិនមែនជាកីឡាករតែម្នាក់គត់ដែលកំពុងពិចារណាលើការមកទាត់ឱ្យបណ្ដាក្លឹបនៅអារ៉ាប៊ីសាអូឌីត។ ប្រភពព័ត៌មាននៅប្រទេសបារាំងឱ្យដឹងថា ក្លឹប Al-Hilal ក៏បានលើកសំណើជាកិច្ចព្រមព្រៀងជាមួយនឹង Sergio Busquets, Jordi Alba និង Marco Verratti នៅក្នុងការប្រឹងប្រែងដើម្បីបញ្ចុះបញ្ចូល Messi ឱ្យមកចូលរួមគម្រោងរបស់ក្លឹបនេះ។
បន្ទាប់ពីដណ្ដើមបានពានរង្វាន់ជើងឯក English Premier League និងជ័យជម្នះក្នុងវគ្គផ្ដាច់ព្រ័ត្រនៅ FA Cup 2023 ក្លឹប Manchester City កំពុងស្ថិតនៅចំពោះមុខឱកាសធំដែលអាចនាំទៅរកការលើកពានទាំងបីក្នុងប្រវត្តិសាស្ត្រនារដូវកាលនេះ។ ការប្រកួតផ្ដាច់ព្រ័ត្រជាមួយនឹង Inter Milan នៅពានរង្វាន់ Champions League នាថ្ងៃទី 11 មិថុនាខាងមុខ នឹងជារនាំងចុងក្រោយដែលកូនសិស្ស និងគ្រូបង្វឹក Pep Guardiola របស់ Man City ត្រូវឆ្លងឱ្យផុត ដើម្បីក្លាយជាម្ចាស់ជើងឯកបីពាន់រង្វាន់ក្នុងមួយរដូវកាល។
ថ្មីៗនេះ អង្គការ Brand Finance បានប្រកាសបញ្ជីឈ្មោះស្ដីពីបណ្ដាក្លឹបបាល់ទាត់ដែលមានតម្លៃខ្ពស់ជាងគេលើពិភពលោក ក្នុងនោះ Man City ស្ថិតនៅលើកំពូលតារាងចំណាត់ថ្នាក់ ដោយសារប្រាក់ចំណូលកើន នាំឱ្យតម្លៃយីហោក៏កើនបន្ថែម 13% ជួយឱ្យតម្លៃសរុបរបស់ក្លឹបនេះលោតឡើងដល់ 1.51 ពាន់លានអឺរ៉ូក្នុងឆ្នាំ 2023។
តារាងចំណាត់ថ្នាក់របស់ Brand Finance
ចំណែកក្លឹបដែលមានតម្លៃខ្ពស់ជាងគេលំដាប់ទីពីរលើពិភពលោក បានទៅលើ Real Madrid ព្រោះតែតម្លៃយីហោបានធ្លាក់អស់ 4% មកនៅត្រឹម 1.46 ពាន់លានអឺរ៉ូ។
បណ្ដាក្លឹបរបស់អេស្ប៉ាញ បន្តរីកចម្រើនខ្លាំងក្នុងឆ្នាំនេះ ក្នុងនោះ Barcelona ជាប់លេខបី, Atletico Madrid លេខ 12, Sevilla លេខ 25, Real Betis លេខ 34, Villareal លេខ 36 និង Real Sociedad លេខ 37។
Man United ជាប់លេខបួន ដោយមានតម្លៃ 1.4 ពាន់លានអឺរ៉ូ និងនៅពីលើ Liverpool ដែលមានតម្លៃ 1.4 ពាន់លានអឺរ៉ូដូច ប៉ុន្តែ Man United កើន 9% ខណៈ Liverpool កើនតែ 7%។ Arsenal ជាប់ចំណាត់ថ្នាក់លេខដប់ ខណៈ PSG ក៏មានឈ្មោះក្នុង Top 50៕
គ្រូបង្វឹករបស់ក្រុមបាល់ទាត់ Roma អាចនឹងត្រូវបានហាមការដឹកនាំពីបួនទៅប្រាំប្រកួតនៅ UEFA ព្រោះតែបានជេរប្រទេច និងចោទអាជ្ញាកណ្ដាល ក្រោយការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅពានរង្វាន់ Europa League កាលពីប៉ុន្មានថ្ងៃមុន។
គ្រូបង្វឹក Jose Mourinho របស់ក្រុមបាល់ទាត់អ៊ីតាលី Roma បានប្រើប្រាស់ពាក្យអសុរោះដើម្បីជេរប្រទេចអាជ្ញាកណ្ដាលជនជាតិអង់គ្លេស Anthony Taylor នៅឯចំណតរថយន្តបន្ទាប់ពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅពានរង្វាន់ Europa League បានបញ្ចប់។
ក៏ប៉ុន្តែ ការបញ្ចេញមតិដែលធ្ងន់ធ្ងរជាងការជេរប្រទេចខាងលើរបស់គ្រូបង្វឹកក្រុម Roma នោះគឺការចោទដោយប្រយោលថា ក្រុមអាជ្ញាកណ្ដាលបានរួមគំនិតគ្នាធ្វើការលំអៀងទៅរកក្រុម Sevilla របស់អេស្ប៉ាញ។ ពេលប្រធានក្រុមអាជ្ញាកណ្ដាលរបស់ UEFA លោក Roberto Rosetti ចូលមកណែនាំឱ្យស្ងប់ចិត្ត គ្រូបង្វឹកជនជាតិព័រទុយហ្កាល់ លោក Mourinho ក៏និយាយថា «លោកឯងរួមគំនិតជាមួយពួកគេ»។
Sheikh Jassim bin Hamad al-Thani ចង់លុបបំបាត់គោលការណ៍ដែលរារាំងកីឡាករទទួលបានប្រាក់បៀវត្សខ្ពស់ជាង បើធៀបនឹងមិត្តរួមក្រុមដទៃដែល Manchester United កំពុងអនុវត្ត។
ទំព័រ Sun Sport ថ្មីៗនេះបានរាយការណ៍ថា ម្ចាស់ថ្មីដ៏មានសក្ដានុពលរបស់ Man United នឹងលុបចោលការកំណត់ស្ដីពីប្រាក់បៀវត្សក្នុងសម័យរបស់គ្រូបង្វឹក Erik ten Hag ដែលបង្កើតឡើងដើម្បីកាត់បន្ថយការចំណាយរបស់ក្លឹប បន្ទាប់ពីការចាក់ចេញរបស់ Cristiano Ronaldo កាលពីចុងឆ្នាំមុន។
យោងតាមអ្វីដែលគេហៅថា «គោលការណ៍ Ronaldo» ក្លឹប Man United បានកំណត់ប្រាក់បៀវត្សអតិបរមាប្រចាំសប្ដាហ៍ត្រឹម 200,000 ផោនអង់គ្លេស ហើយនឹងមិនផ្ដល់ប្រាក់បៀវត្សលើសពីនេះដល់កីឡាករណាទាំងអស់។ គោលការណ៍នេះត្រូវបានដាក់ឈ្មោះមិនផ្លូវការទៅតាមឈ្មោះរបស់ Ronaldo ព្រោះតែកំពូលតារាបាល់ទាត់ព័រទុយហ្កាល់រូបនេះ ធ្លាប់ទទួលបានប្រាក់បៀវត្ស 385,000 ផោន/សប្ដាហ៍ នៅក្នុងការធ្វើការឱ្យក្លឹបនេះលើកទីពីរ មុនពេលទំនាក់ទំនងរវៀង CR7 និង Man United ត្រូវបញ្ចប់ក្នុងភាពចម្រូងចម្រាស។
ការសម្រេចចិត្តរបស់ម្ចាស់ថ្មី ជំរុញឱ្យបីសាចក្រហមអាចទាក់ទាញបណ្ដាកីឡាករលំដាប់ពិភពលោក មកចូលរួមជាមួយគ្រួសារ Old Trafford ក្នុងនោះមាន Neymar របស់ក្លឹប PSG ជាដើម។ ការលុបចោល «គោលការណ៍ Ronaldo» ក៏អាចជួយឱ្យ Man United រក្សាកំពូលកីឡាករដែលមានបច្ចុប្បន្ន មានដូចជា Marcus Rashford ជាដើម ដែលកំពុងរារែកក្នុងការចុះកិច្ចព្រមព្រៀងថ្មី ព្រោះតែប្រាក់បៀវត្សដែលត្រូវបានលើកឡើងដោយភាគីក្លឹប។
Sheikh Jassim អ្នកវិនិយោគមកពីកាតា បានធ្វើការប្រឹងប្រែងដើម្បីដណ្ដើមបានសិទ្ធិធ្វើជាម្ចាស់របស់ Man United ពីគ្រួសារ Glazer។ មុនពេលម្ចាស់ថ្មីមកកាន់ Old Trafford ក្រុម Man United នឹងត្រូវបញ្ចប់រដូវកាល Premier League 2022/2023 ដោយការប្រកួតនៅលើទីលានរបស់ខ្លួន ជាមួយនឹង Fulham និងប៉ះ Manchester City ក្នុងវគ្គផ្ដាច់ព្រ័ត្រ FA Cup នៅសប្ដាហ៍ក្រោយ៕