Tag: NBC

  • សេដ្ឋកិច្ច​សិង្ហបុរី​ ទទួល​បាន​រាប់​រយ​លាន​ដុល្លារ​ពី​​ការ​ប្រគំ​តន្ត្រី​ Taylor Swift

    សេដ្ឋកិច្ច​សិង្ហបុរី​ ទទួល​បាន​រាប់​រយ​លាន​ដុល្លារ​ពី​​ការ​ប្រគំ​តន្ត្រី​ Taylor Swift

    ការ​សម្ដែង​ និង​ច្រៀង​របស់​តារា​ចម្រៀង​ Taylor Swift ត្រូវ​បាន​រំពឹង​ថា នឹង​នាំ​មក​នូវ​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ជិត 400 លាន​ដុល្លារ​អាម៉េរិក សម្រាប់​សិង្ហបុរី​ នៅ​ពេល​សេវា​កម្ម​ជា​ច្រើន​ផ្ទុះ​ការពេញ​និយម​​។

    នា​ថ្ងៃ​ទី 04 មីនា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ សហគមន៍​ និង​យុវជន​សិង្ហបុរី Edwin Tong បាន​ថ្លែង​ចំពោះ​មុខ​សភា​ប្រទេស​នេះ​ថា សេដ្ឋកិច្ច​នឹង​ទទួល​ផល​ធំ​ពី​ការ​ប្រគំតន្ត្រី​របស់​តារា​ចម្រៀង​ស្រី Taylor Swift នៅ​ទី​នេះ​។ «ខ្ញុំ​អាច​ធានា​បាន​ថា ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​សិង្ហបុរី​គឺ​ពិត​ជា​ធំ​ណាស់ ហើយ​លើស​ពី​ទឹក​ប្រាក់​ដែល​បាន​ចំណាយ​សម្រាប់​ Taylor Swift មក​សម្ដែង​នៅ​ទី​នេះ​» លោកថ្លែង​ដូច្នេះ​។

    លោក​រដ្ឋមន្ត្រី​ក៏​មិន​ភ្លេច​លើ​ឡើង​អំពី​ផល​ប្រយោជន៍ផ្ទាល់​ផ្នែក​​សេដ្ឋកិច្ច​ ដែល​រួម​មាន​ ចំនួន​ភ្ញៀវ​ទេសចរណ៍​ ប្រាក់​ចំណូល​ពី​សំបុត្រ​យន្តហោះ​ សំបុត្រ​ចូល​ទស្សនា​ការ​សម្ដែង កន្លែង​ស្នាក់​នៅ ក៏​ដូច​ជា​ប្រាក់​ចំណូល​ដែល​បាន​ពី​សេវា​កម្សាន្ត​ ការ​ទិញដូរ​ទំនិញ និង​ការ​ហូប​ចុក​នៅ​សិង្ហបុរី​ជា​ដើម​។ មន្ត្រី​នៅ​ធានាគារ Maybank ឱ្យ​ដឹង​ថា ប្រមាណ 70% នៃ​ភ្ញៀវ​ដែល​មក​ទស្សនា​ការ​សម្ដែង​នេះ​គឺជា​ជន​បរទេស​។

    កាល​ពី​ខែ​កន្លង Strait Times ចេញ​ផ្សាយ​ថា អ្នក​សេដ្ឋកិច្ច​ប៉ាន់​ស្មាន​ថា ការ​ប្រគំ​តន្ត្រី​របស់ Taylor Swift នាំ​មក​នូវ​ប្រាក់​ចំណូល​ពី 350 ដល់ 500 លាន​ដុល្លារ​សិង្ហបុរី​ (ពី 260 ដល់ 371.9 លាន​ដុល្លារ​អាម៉េរិក​) សម្រាប់​សេដ្ឋកិច្ច​សិង្ហបុរី​។

    តួលេខ​​ពី​ក្រុម​ហ៊ុន​ទិន្នន័យ​សណ្ឋាគារ​ Smith Travel Research ឱ្យ​ដឹង​ថា បន្ទាប់​ពី​ Swift បាន​ប្រកាស​កាល​បរិច្ឆេទ​សម្ដែង​ភ្លាម ចំនួន​ភ្ញៀវ​ដែល​បាន​កក់​បន្ទប់​សណ្ឋាគារ​នានា​នៅ​សិង្ហបុរី ក្នុង​ខែ​មីនា 2024 បាន​កើន​ 10%​។

    លើ​ទំព័រ CNBC ក្រុម​ហ៊ុន​អាកាសចរណ៍ Singapore Airlines និង Scoot ឱ្យ​ដឹង​ថា តម្រូវ​ការ​ហោះ​ហើរ​ទៅ​កាន់​សិង្ហបុរី​ ក្នុង​ខែ​មីនា កើន​ឡើង​ខ្ពស់​ខ្លាំង​ ពិសេស​អ្នក​ដំណើរ​ពី​តំបន់​អាស៊ី​អាគ្នេយ៍​។ Jetstar Asia ក៏​បង្ហើប​ឱ្យ​ដឹង​ដែរ​ថា តម្រូវ​ការ​ហោះ​ហើរ​កើន 20% ចំពោះ​បណ្ដា​ជើង​ហោះ​ហើរ​ពី​បាងកក ម៉ានីល និង​ហ្សាការតា​ ទៅកាន់​សិង្ហបុរី​។

    ដំណើរ​សម្ដែង​របស់ Taylor swift នៅ​សិង្ហបុរី នឹង​អូស​បន្លាយ​ពេល​ 6 ថ្ងៃ ចាប់​ពី​ថ្ងៃទី 02 ដល់ទី 09 ខែ​មីនា​ ឆ្នាំ 2024​។ សំបុត្រ​ទាំង​ 300,000 សន្លឹក​សម្រាប់​ទស្សនា​ការ​សម្ដែង​ 6 យប់​ ត្រូវ​បាន​លក់​អស់​គ្មាន​សល់​។ តម្លៃ​សំបុត្រ​ពិសេស​ (VIP) គឺជាង 900 ដុល្លារ​អាម៉េរិក​។

    Eras Tour របស់​ Taylor បាន​ចាប់​ផ្ដើម​ពី​ខែ​មីនា​ឆ្នាំ 2023 ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ខែធ្នូ​ឆ្នាំ​ 2024​ ក្នុង​នោះ​មាន​ការ​សម្ដែង​ចំនួន 151 យប់​។ ក្នុង​ការ​សម្ដែង​មួយ​យប់ មាន​ទស្សនិក​ជន​ប្រហែល 72,000 នាក់​ ដែល​​គ្រោង​នឹង​រក​បាន​ចំណូល​ 17 លាន​ដុល្លារ​អាម៉េរិក​៕

  • សិង្ហបុរី​ក្លាយ​ជា​ «ខឿន​សេដ្ឋកិច្ច​​សេរីបំផុត​លើ​ពិភពលោក»

    សិង្ហបុរី​ក្លាយ​ជា​ «ខឿន​សេដ្ឋកិច្ច​​សេរីបំផុត​លើ​ពិភពលោក»

    ប្រទេស​សិង្ហបុរី​បាន​យក​ឈ្នះ​លើ​ហុង​កុង​ ដើម្បី​ក្លាយ​ជា​ខឿន​សេដ្ឋកិច្ច​ដែល​មាន​សេរីភាព​ជាង​គេ​បង្អស់​លើ​ពិភពលោក​។ ចំណាត់ថ្នាក់​នេះ​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​របាយការណ៍​របស់​វិទ្យាស្ថាន Fraser។

    កាលពី​ថ្ងៃតី 21 កញ្ញា សារព័ត៌មាន CNBC ដកស្រង​របាយការណ៍​ឆ្នាំ 2023 របស់​វិទ្យាស្ថាន​ Fraser ឱ្យ​ដឹង​ថា សិង្ហបុរី​បាន​យក​ឈ្នះ​លើ​ហុងកុង​ (ប្រទេស​ចិន) ដោយ​បាន​ក្លាយ​ជា​ប្រទេស​/ដែន​ដី​ដែល​មាន​សេដ្ឋកិច្ច​ប្រកប​ដោយ​សេរីភាព​បំផុត​លើ​ពិភពលោក​។

    ចំណែក​ប្រទេស​ស៊្វីស នូវែលសេឡង់ និង​សហរដ្ឋ​អាម៉េរិក​​ ជាប់​ចំណាត់​ថ្នាក់​ទី​បី ទី​បួន​ និង​ទីប្រាំ​ នៅ​ក្នុង​បញ្ជី​ចំណាត់ថ្នាក់​។

    នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​ហុង​កុង​បាន​ធ្លាក់​ពី​ចំណាត់​ថ្នាក់​ទីមួយ​មក​ទីពីរ​ រាប់​ចាប់​ពី​​សន្ទស្សន៍​សេរីភាព​សេដ្ឋកិច្ច​ពិភពលោក ត្រូវ​បាន​ប្រកាស​​កាល​ពី​ឆ្នាំ 1970​។ សន្ទស្សន៍​សេរីភាព​សេដ្ឋកិច្ច​របស់​ហុង​កុង​ត្រូវ​បានព្យាករ​ថា នឹង​​ធ្លាក់​ចុះ​ជា​បន្ត​ទៀត​នា​ពេល​ខាងមុខ​។

    ​អ្នក​ជំនាញ​នៅ​វិទ្យាស្ថាន​ Fraser ដែល​ជា​​អង្គការស្រាវជ្រាវ និងអប់រំឯករាជ្យ មានមូលដ្ឋាននៅប្រទេសកាណាដា បញ្ជាក់​ថា ​ការ​កំណត់​ថ្មី​ដែល​បង្ក​ឱ្យ​មាន​ឧបសគ្គ​ដល់​ការ​ធ្វើ​សមាហរណកម្ម​ទីផ្សារ​ ការ​ចំណាយ​របស់​សហគ្រាស​នានា​មាន​ការ​កើន​ឡើង​ និងការ​ជ្រើស​រើស​បុគ្គលិក​បរទេស​ត្រូវ​បាន​កាត់​បន្ថយ​​ជា​ដើម​ គឺជា​ដើម​ហេតុ​ដែល​នាំ​ឱ្យ​ហុង​កុង​ត្រូវ​ធ្លាក់​ពី​ចំណាត់​ថ្នាក់​ទីមួយ​៕

  • ការប្រកួត​​ក្នុង​ទ្រុង​ដែក​​រវាង Musk និង Zuckerberg នឹង​កើតឡើង​តាម​បែប​​កំប្លែង

    ការប្រកួត​​ក្នុង​ទ្រុង​ដែក​​រវាង Musk និង Zuckerberg នឹង​កើតឡើង​តាម​បែប​​កំប្លែង

    Linda Yaccarino នាយិកា​ប្រតិបត្តិ​របស់​បណ្ដាញ​សង្គម X (Twitter) និយាយថា បើសិនជា​ត្រូវបាន​រៀបចំឡើង​មែន ការប្រកួត​ក្នុង​ទ្រុង​ដែក​រវាង​មហាសេដ្ឋី Elon Musk និង​មហាសេដ្ឋី Mark Zuckerberg នឹង​កើត​ឡើងទៅ​តាមរបៀប​កំប្លែង។

    «យើង​នឹង​ចាំ​មើលថា តើ​ការប្រកួត​ក្នុង​ទ្រុង​ដែក​នោះ​ពិតជា​កើតឡើង ឬ​អត់។ ប៉ុន្តែ ខ្ញុំ​បាន​អង្គុយ​មើល​លោក Elon Musk ហាត់គុន។ បើសិនជា​ត្រូវបាន​ធ្វើឡើង វា​អាចជា​ការប្រកួត​បែប​កំប្លែង​របស់ Zuckerberg និង Musk» អ្នកស្រី Yaccarino និយាយប្រាប់ CNBC កាលពី​ថ្ងៃទី 10 សីហា​ដូច្នេះ។

    ទោះជា​យ៉ាងណាក៏ដោយ Walter Isaacson ដែល​ជា​អ្នកទទួលខុសត្រូវ​ក្នុងការ​សរសេរ​ប្រវត្តិរូប​សង្ខេប​សម្រាប់​លោក Musk និយាយថា លោក​មិន​គិតថា ការប្រកួត​នេះ​នឹង​កើតឡើង​នោះឡើយ។

    អ្នក​ស្រី Linda Yaccarino នាយិកា​ប្រតិបត្តិ​របស់​បណ្ដាញ​សង្គម X (Twitter)

    ការ​បបួល​ប្រយុទ្ធ​លើស​ង្វៀន​រវាង​ម្ចាស់​បណ្ដាញ​សង្គមធំៗលើ​ពិភពលោក​នេះ ត្រូវបាន​លើកឡើង​កាលពី​ចុងខែ​មិថុនា ឆ្នាំ 2023 នៅពេល​លោក Musk រិះគន់​ចំពោះ​រឿង Meta បង្ហាញ​បណ្ដាញ​សង្គម Threads។ អ្នកលេង​បណ្ដាញ​សង្គម​ម្នាក់​ព្រមាន​ថា មិនគួរ​គំរាមកំហែង Zuckerberg ព្រោះថា គាត់​ចេះ​ក្បាច់គុន។ សំណេរ​នេះ ភ្លាមនោះ​ក៏​ធ្វើឱ្យ​លោក Musk បបួល​ប្រយុទ្ធ​គ្នា ហើយ Zuckerberg ក៏បាន​យល់ព្រម​យ៉ាង​លឿន។

    យោងតាម Dana White ប្រធាន​ស្ថាប័ន​ក្បាច់គុន UFC ដែល​ធ្លាប់បាន​ជជែក​ជាមួយ​លោក Musk និង Zuckerberg និយាយថា មហាសេដ្ឋី​ទាំងពីរ​រូបនេះ​សុទ្ធតែ​បង្ហាញ​ភាពម៉ឺងម៉ាត់។ ការប្រកួត​នេះ​ត្រូវបាន​គេ​រំពឹងថា អាច​រកប្រាក់​ចំណូល​បាន​លើស​ពីមួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក៕

  • មហា​សេដ្ឋី​ចិន Jack Ma «នៅ​មាន​ជីវិត​ និង​មានសេចក្ដី​សុខ​ធម្មតា»

    មហា​សេដ្ឋី​ចិន Jack Ma «នៅ​មាន​ជីវិត​ និង​មានសេចក្ដី​សុខ​ធម្មតា»

    ប្រធាន​បច្ចុប្បន្ន​របស់​​ក្រុម​ហ៊ុន​ Alibaba បាន​បង្ហើប​ឱ្យ​ដឹង​ថា ស្ថាបនិក​ លោក Jack Ma មិន​មាន​បញ្ហា​អ្វី​ទេ និង​កំពុង​ចំណាយ​ពេល​វេលា​ច្រើនជាង​មុន​​នៅ​ប្រទេស​ចិន​។

    «ជា​ដំបូង លោក Jack នៅ​មាន​ជីវិត​។ គាត់​គ្មាន​បញ្ហា​អ្វី​ទេ​ និង​មាន​សេចក្ដី​សុខ​» ប្រធាន​ក្រុម​ហ៊ុន​ Alibaba លោក Michael Evans និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​ Viva Tech នៅ​ប៉ារីស កាល​ពី​ថ្ងៃទី 15 មីថុនា​ដូច្នេះ​។ លោក Evans ក៏​បាន​ឱ្យ​ដឹង​ថា លោក Jack Ma «កំពុង​បង្រៀន​នៅ​សាកល​វិទ្យាល័យ​មួយ​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន និង​ចំណាយ​ពេល​វេលា​នៅ​ប្រទេស​ចិន​ច្រើន​ជាង​មុន​»។

    ដំណឹង​ខាងលើ​ត្រូវ​បាន​លើក​ឡើង​បន្ទាប់​ពី​មាន​អ្នក​សួរ​អំពី​ស្ថានភាព​​​ស្ថាបនិក​របស់ Alibaba​។ យោង​តាម​ CNBC ប្រការ​នេះ​បង្ហាញ​ថា សុខ​ទុក្ខ​របស់​មហា​សេដ្ឋី​ចិន​ Jack Ma នៅ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ ក្រោយ​ពី​ក្រុម​ហ៊ុន​របស់​លោក​មាន​បញ្ហាខ្លះ​​ជាមួយ​ទីក្រុង​ប៉េកាំង​ ដោយ​សារ​ច្បាប់​រឹត​បន្តឹង​លើ​​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ នា​ពេល​កន្លង​។

    លោក Evans ថ្លែង​ថា លោក Jack Ma នៅ​តែ​ជា​ភាគហ៊ុនិក​ធំជាង​គេ​របស់​ក្រុម​ហ៊ុន Alibaba។ ការ​បង្ហាញ​វត្តមាន​របស់​លោក Jack Ma នេះ​ គឺចំ​ពេល​ដែល​ទីក្រុង​ប៉េកាំង​កំពុង​រក​វិធី​ស្ដារ​សេដ្ឋកិច្ច​ជាតិ​ និង​ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ​ ក្រោយ​ពីបាន​​រឹត​បន្តឹង​វិស័យ​បច្ចេក​វិទ្យា​អស់ជា​ច្រើន​ឆ្នាំ​៕

  • Bill Gates ថា «AI អាច​ជំនួស Google Search»

    Bill Gates ថា «AI អាច​ជំនួស Google Search»

    សហ​ស្ថាបនិក​របស់ Microsoft យល់ថា បញ្ញា​សិប្បនិម្មិត (AI) អាចបង្កើត​ជំនួយការ​និម្មិត និង​អាច​ផ្លាស់ប្ដូរ​ទម្លាប់របស់​​អ្នកប្រើប្រាស់​ឧបករណ៍​រុករក ដូចជា Google Search ជាដើម។

    «ជំហាន​ថ្មី​បន្ទាប់​នឹង​ជា​ជំនួយការ AI។ បច្ចេកវិទ្យា​នេះ​អាច​ផ្លាស់ប្ដូរ​ទាំងស្រុង​នូវ​ឥរិយាបថ​របស់​អ្នកប្រើប្រាស់​។ ពួកគេ​អាច​នឹង​លែង​ត្រូវការ​ដល់​បណ្ដា​ទំព័រ​ស្វែងរក មានដូចជា Google Search ឬ​ចូលទៅ​មើល​ហាង​ទំនិញ​អន​ឡាញ​ដូចជា Amazon» មហាសេដ្ឋី​អាម៉េរិក លោក Bill Gates ថ្លែង​ដូច្នេះ នៅក្នុង​ព្រឹត្តិការណ៍​ស្ដីពី AI កាលពី​ថ្ងៃទី 22 ឧសភា។

    យោងតាម​លោក Gates ជំនួយការ AI អាចយ​ល់ពី​តម្រូវការ និង​ទម្លាប់​របស់​អ្នកប្រើប្រាស់ ជួយ​ធ្វើ​ការឱ្យ​ពួកគេ​នៅក្នុង «ការ​ចូល​ប្រើ​​អ៊ី​ន​ធើ​ណិ​ត និង​អានអ្វីៗដែល​កន្លងមក​ធ្លាប់​​ត្រូវការ​ពេល​ច្រើន»។ បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ និង​ក្រុមហ៊ុនថ្មីៗ មានឱកាស​ស្មើគ្នា​ក្នុងការ​អភិវឌ្ឍ​ប្រភេទ AI អនាគត​នេះ។

    លោក Gates អះអាងថា នឹង​ត្រូវការ​ពេលវេលា​បន្ថែម​ដើម្បី​អាច​នាំយក​ជំនួយការ AI មកប្រើប្រាស់​ទូលំទូលាយ ខណៈដែល​បណ្ដា​ក្រុមហ៊ុន​បន្ត​បំពាក់ Generative AI មានដូចជា ChatGPT ជាដើម ទៅក្នុង​ផលិតផល​របស់ខ្លួន។ នេះ​បើតាម​សារព័ត៌មាន CNBC។

    ទោះជា​យ៉ាងនេះ​ក៏ដោយ នៅក្នុង​ព្រឹត្តិការណ៍ Google I/O 2023 កាលពី​ថ្ងៃទី 10 ឧសភា Google ក៏បាន​ធ្វើ​បទ​បង្ហាញ​អំពី​របៀប​ដែល Google Search នឹង​ផ្លាស់ប្ដូរ​នៅពេល​បំពាក់ «កំពូល​បញ្ញា​សិប្បនិម្មិត»។ ដោយមាន​មុខងារ Converse ជំនួស​ឱ្យ​ការបង្ហាញ​លទ្ធផល​ជា​តំណ​ភ្ជាប់ (link) ជាច្រើន​ដូច Google Search បច្ចុប្បន្ន chatbot រុករក​បែប​ថ្មី​របស់ Google នឹង​ប្រមូលផ្ដុំ​ព័ត៌មាន ឧទាហរណ៍​ដូច​ជា​ ការវាយតម្លៃ​ចំពោះ​រថយន្ត​ថ្មី គម្រោង​ដំណើរ​កម្សាន្ត ការថែទាំ​សត្វ​ចិញ្ចឹម​ជាដើម តាមរយៈ​កម្មវិធី​ជជែក​គ្នា​ជាមួយ AI៕

  • រូបភាព​ក្លែងក្លាយ​បង្ហាញ​ពី​ «ការផ្ទុះ​នៅ​មន្ទីរ​បញ្ច​កោណ​» ​ធ្វើឱ្យ​កក្រើក​​ទីផ្សារ​ភាគ​ហ៊ុន​ និង​បណ្ដាញ​សង្គម​នៅ​សហរដ្ឋ​អាម៉េរិក

    រូបភាព​ក្លែងក្លាយ​បង្ហាញ​ពី​ «ការផ្ទុះ​នៅ​មន្ទីរ​បញ្ច​កោណ​» ​ធ្វើឱ្យ​កក្រើក​​ទីផ្សារ​ភាគ​ហ៊ុន​ និង​បណ្ដាញ​សង្គម​នៅ​សហរដ្ឋ​អាម៉េរិក

    ក្នុងអំឡុងពេលថ្មីៗនេះ រូបភាព​មិន​ពិត ដែល​ត្រូវបាន​គេ​ជឿថា បង្កើតឡើង​ដោយ​បច្ចេកវិទ្យា AI (បញ្ញា​សិប្បនិម្មិត) បង្ហាញ​ពី​ផ្សែងខ្មៅ​បាញ់​ឡើង​ពី​ចំហៀង​ខាងឆ្វេង​របស់​មន្ទីរ​ប​ញ្ច​កោណ ត្រូវបាន​អ្នកលេង​បណ្ដាញ​សង្គម​ចែករំលែក​ពេញ​អ៊ី​ន​ធើ​ណិ​ត។

    រូបភាព​នេះ​បាន​លេចឡើង​នៅលើ Facebook កាលពី​ថ្ងៃទី 22 ឧសភា 2023 អម​នឹង​ការបញ្ជាក់ «ករណី​ផ្ទុះ​ធំ​នៅក្បែរ​តំបន់​ចម្រុះ​មន្ទីរ​បញ្ច​កោណ នៅ​វ៉ា​ស៊ី​ង​តោន DC»។ ក្រោយមក រូបភាព​នេះ​ក៏ត្រូវ​បាន​គេ​ចែករំលែក​នៅលើ​បណ្ដា​ទំព័រ​បណ្ដាញ​សង្គម Twitter ដែលមាន​អ្នកតាមដាន​រាប់លាន​នាក់ និង​ត្រូវបាន​ចែករំលែក​បន្តបន្ទាប់។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Bloomberg។

    CNN និង NBC News បានឱ្យដឹងថា ក្រោយពី​រូបភាព​ក្លែងក្លាយ​បង្កឱ្យមាន​ការ​មន្ទិល​លើ​បណ្ដាញ​សង្គម ទីផ្សារ​មូល​ប​ត្រ​អាម៉េរិក​ក៏​រង​ផលប៉ះពាល់​ក្នុង​រយៈពេល​ខ្លី។ ស​ន្ទ​ស្សន៍ Dow Jones ថយចុះ 80 ពិន្ទុ​ក្នុង​បួន​នាទី ប៉ុន្តែ​ក្រោយមក​ក៏បាន​ងើបឡើង​វិញ ខណៈ​ដែល​ស​ន្ទ​ស្សន៍ S&P 500 ធ្លាក់ចុះ 0.3% ហើយក៏​ងើបឡើង​វិញ​ដូចដើម បន្ទាប់​ពី​​រូបភាព​នេះ​ត្រូវបាន​បញ្ជាក់ថា «​មិន​ពិត»។

    ​មន្ទីរ​បញ្ច​កោណ​ (អគារ​របស់​ក្រសួង​ការ​ពារ​ជាតិ​អាម៉េរិក)

    រូបភាព​ក្លែងក្លាយ​ខាងលើ​ក៏​ធ្វើឱ្យ​បុគ្គលិក​នៅ​មន្ទីរ​បញ្ច​កោណ​ (អគារ​របស់​ក្រសួង​ការ​ពារ​ជាតិ​អាម៉េរិក) ​ត្រូវ​មមាញឹក​នឹង​ការឆ្លើយតប​សំណួរ​ផងដែរ នៅពេល​មាន​ការហៅ​ទូរស័ព្ទ​មក​សួរនាំ​​ជា​ច្រើន​ពី​ប្រជាជន។

    រូបភាព​ក្លែងក្លាយ

    អ្នកជំនាញ​វាយតម្លៃថា បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​គឺជា​ឧបករណ៍​ដែល​ជួយ​សម្រួល​ដល់​ការងារ​ជាច្រើន​នា​បច្ចុប្បន្ន​​។ ក៏ប៉ុន្តែ ពួកគេ​យល់ថា AI ក៏​ផ្ដល់​ផលប្រយោជន៍​ដល់​ជន​ទុច្ចរិត​ផងដែរ នៅពេល​មិនទាន់មាន​ការគ្រប់គ្រង​ឱ្យបាន​សមស្រប៕

  • មហា​សេដ្ឋី​ Elon Musk រកបាន CEO ថ្មី សម្រាប់ Twitter

    មហា​សេដ្ឋី​ Elon Musk រកបាន CEO ថ្មី សម្រាប់ Twitter

    មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk បានឱ្យដឹងថា រកបាន​មនុស្ស​សម្រាប់​តំណែង​នាយក​ប្រតិបត្តិ​របស់​ Twitter ហើយ​មនុស្ស​ថ្មី​នេះ​នឹង​ចូលមក​ដឹកនាំ​បណ្ដាញ​សង្គម​នេះ​ នា​ពេល​ឆាប់​ៗ​។

    «រីករាយ​ប្រកាសថា ខ្ញុំ​បានជ្រើសរើស CEO ថ្មី​សម្រាប់ X/Twitter។ គាត់​នឹង​ចាប់ផ្ដើម​ធ្វើការ​ក្រោយ​រយៈពេល​ប្រហែល 6 សប្ដាហ៍​ទៀត។ ខ្ញុំ​នឹង​ងាក​ទៅ​បំពេញ​តួនាទី​ជា​ប្រធាន និង CTO (Chief Technology Officer) ដែល​គ្រប់គ្រង​ផលិតផល សប​វ៉ែ និង​ប្រព័ន្ធ» លោក Elon Musk សរសេរ​លើ Twitter ដូច្នេះ។

    លោក Musk មិនទាន់​បង្ហើប​ឱ្យ​ដឹង​ថា CEO ថ្មី​នេះ​ជា​អ្នកណា ប៉ុន្តែ បើ​យោងតាម​ទំព័រ Wall Street Journal នាយក​ប្រតិបត្តិ​ថ្មី​នេះ​អាចជា Linda Yaccarino ប្រធាន​ផ្នែក​ទំនាក់ទំនង​ភាពជា​ដៃគូ​សហការ និង​ផ្សព្វផ្សាយ​សាកល​របស់ NBCUniversal ដែលជា​ក្រុមហ៊ុន​កំសាន្ត និង​ផ្សព្វផ្សាយ ជា​កម្មសិទ្ធិ​របស់ Comcast មាន​ទីស្នាក់ការ​កណ្ដាល​នៅ New York សហរដ្ឋ​អាម៉េរិក។

    មុន​នោះ Business Insider ដកស្រង់​ប្រភពព័ត៌មាន​ក្នុង​វិស័យប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ឱ្យដឹងថា Yaccarino មានបំណង​ក្លាយជា CEO របស់ Twitter ។ អ្នកស្រី​ក៏ត្រូវ​បាន​គេ​ដឹងថា បាន​និយាយ​រឿងនេះ​ប្រាប់​មិត្តភក្ដិ​មួយចំនួន​ផងដែរ។

    អ្នក​ស្រី Linda Yaccarino

    ទាក់ទង​នឹង​ពាក្យ​ចចាមអារ៉ាម​ស្ដីពី​អ្នកស្រី Yaccarino ភាគី​ខាង Twitter ក៏ដូចជា​លោក Musk មិនទាន់មាន​ការអធិប្បាយ​អ្វី​នៅឡើយ។

    ក្រៅពីអ្នកស្រី Yaccarino តំណែង CEO របស់ Twitter នេះ​ក៏​អាច​ធ្លាក់​ទៅលើ​ដៃ Ella Irwin ដែល​បច្ចុប្បន្នកំពុង​​ដឹកនាំ​ផ្នែក​គ្រប់គ្រង​ទំនុកចិត្ត និង​សុវត្ថិភាព​របស់ Twitter។ ក៏ប៉ុន្តែ ចំណាប់អារម្មណ៍​របស់​សាធារណជន កំពុង​ផ្ដោត​ខ្លាំង​ទៅលើ អ្នកស្រី Yaccarino៕

  • NBC​ បង្ហាញ​ពី​ភាពរឹងមាំ​នៃ​វិស័យ​ធនាគារ​ ខណៈ​ការប្រើ​ប្រាស់​ប្រាក់​រៀល​មាន​កំណើន​ក្នុង​ឆ្នាំ2019​

    NBC​ បង្ហាញ​ពី​ភាពរឹងមាំ​នៃ​វិស័យ​ធនាគារ​ ខណៈ​ការប្រើ​ប្រាស់​ប្រាក់​រៀល​មាន​កំណើន​ក្នុង​ឆ្នាំ2019​

    ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​ (NBC​) បាន​បង្ហាញ​ពី​ជំហរ​ដ៏​រឹងមាំ​នៃ​វិស័យ​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្រោយពី​ប្រព័ន្ធ​ធនាគារ​បាន​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ ហើយ​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​ និង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​។ នេះ​ជា​ការ​ថ្លែង​របស់​ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​ ក្នុង​ឱកាស​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ2019​ និង​ទិសដៅ​ការងារ​ឆ្នាំ2020​ របស់​ធនាគារជាតិនៃកម្ពុជា​ កាលពី​ពាក់កណ្ដាល​ខែមករា​ ឆ្នាំ2020​ កន្លងទៅ​។

    ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​មានប្រសាសន៍​ថា​៖“វិស័យ​ធនាគារ​នៅ​ប្រទេស​កម្ពុជា​កំពុង​រីកចម្រើន​ក្នុង​អត្រា​មួយ​ដែល​មាន​សុខភាព​ល្អ​ និង​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​ហិរញ្ញវត្ថុ​របស់​ប្រជាជន​កម្ពុជា​លើកស្ទួយ​កម្រិតជីវភាព​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​”។

    ឯកឧត្តម​បាន​ថ្លែង​នៅក្នុង​សន្និបាត​ និង​កំណត់​គោលដៅ​របស់​ធនាគារ​ថា​ កំណើន​សេដ្ឋកិច្ច​ របស់​កម្ពុជា​បាន​បន្ត​ក្នុង​អត្រា​ 7.1​% ជាមួយនឹង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ទោះបីជា​មាន​ហានិភ័យ​ខ្លះ​ក៏ដោយ​។ អត្រា​អតិផរណា​ទាប​(2.3​%) ហើយ​អត្រា​ប្តូរ​ប្រាក់​មាន​ស្ថិរភាព​(4,065​ រៀល​) ធៀប​នឹង​ប្រាក់​ដុល្លារ​) ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ទទួល​បាន​កំណើន​យ៉ាង​ខ្លាំង​នៃ​លំហូរ​មូលធន​ ដែល​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​។

    ឯកឧត្តម​ទេសាភិបាល​ បាន​បន្ថែម​ថា​៖“ទុនបម្រុង​អន្តរជាតិ​បាន​បន្ត​កើនឡើង​ក្នុង​កម្រិតខ្ពស់​ឈាន​ដល់​ 18ពាន់​លាន​ដុល្លារ​ ស្មើនឹង​ការនាំចូល​ និង​សេវាកម្ម​រយៈពេល​ 7ខែ​ដែល​រួមចំណែក​រក្សា​នូវ​ទំនុកចិត្ត​លើ​ភាព​ធន់​នៃ​សេដ្ឋកិច្ច​កម្ពុជា​។

    ក្នុងរយៈពេល​ 40ឆ្នាំ​ចុងក្រោយ​នេះ​ វិស័យ​ធនាគារ​បាន​ឆ្លងកាត់​ដំណាក់កាល​ដ៏​សំខាន់​ដែល​បាន​កើតឡើង​ពី​ចំណុចសូន្យ​។ ទោះ​យ៉ាងណា​ បន្ទាប់ពី​មាន​សន្តិភាព​ពេញលេញ​ ប្រព័ន្ធ​ធនាគារ​បាន​រីកចម្រើន​យ៉ាង​ខ្លាំង​ និង​បាន​ចូលរួម​ចំណែក​ក្នុង​ការ​គាំទ្រ​ និង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​”។

    ឯកឧត្តម​បាន​មានប្រសាសន៍​ទៀត​ថា​ ឆ្នាំ2019​ កន្លងទៅ​ គឺជា​ឆ្នាំ​ដ៏​លំបាក​មួយ​ ដោយសារតែ​ភាព​តានតឹង​នៅ​ជុំវិញ​ពិភពលោក​ រួមមាន​អឺរ៉ុប​ អាមេរិកឡាទីន​ អាស៊ី​ និង​មជ្ឈិមបូព៌ា​ ដែល​បណ្តាល​ឱ្យ​មាន​ភាព​មិន​ច្បាស់លាស់​ទាំង​ផ្នែក​នយោបាយ​ និង​សេដ្ឋកិច្ច​។ នេះ​ក៏​ព្រោះតែ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​ដែល​នៅតែ​អូស​បន្លាយ​ពេល​ ហើយ​បញ្ហា​ Brexit​ របស់​អង់គ្លេស​មក​ពី​ EU​មិនទាន់​ទទួលជោគជ័យ​នៅឡើយ​ ហើយ​បញ្ហា​ទាំង​នេះ​កំពុងតែ​ជះឥទ្ធិពល​ដល់​សកម្មភាព​ពាណិជ្ជកម្ម​អន្តរជាតិ​ និង​ការ​វិនិយោគ​ ដែល​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ដល់កម្រិត​ទាប​។

    ឯកឧត្តម​បាន​បន្ថែម​ថា​ ដើម្បី​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ ប្រទេស​នានា​បាន​ពឹងផ្អែក​កាន់តែ​ខ្លាំង​លើ​ការប្រើ​ប្រាស់​ និង​វិនិយោគ​ក្នុង​ស្រុក​ និង​តំបន់​ជាមួយនឹង​ការ​ពង្រឹង​ស្ថិរភាព​ និង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ដែល​អាច​ប្រឈម​នឹង​ការ​ប៉ះទង្គិច​ពី​ខាងក្រៅ​។

    លើស​ពីនេះ​ គេ​ក៏​សង្កេតឃើញ​ថា​ ធនាគារ​កណ្តាល​បាន​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​ការ​គាំទ្រ​កំណើន​ និង​ពង្រឹង​ស្ថិរភាព​សេដ្ឋកិច្ច​ ដោយ​បាន​អនុវត្ត​គោលនយោបាយ​ រូបិយវត្ថុ​វិត្ថារកម្ម​ តាមរយៈ​ការ​បន្ទាប​អត្រា​ការប្រាក់​គោល​ ឬការ​ចាក់​បញ្ចូល​ទុន​ទៅ​ក្នុង​ទីផ្សារ​ ក្នុង​ពេល​ដែល​អតិផរណា​ស្ថិត​ក្នុង​កម្រិត​ទាប​នៅឡើយ​។

    យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យ​ដឹង​ថា​ គណនី​ប្រាក់បញ្ញើ​របស់​គ្រឹះស្ថាន​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​បាន​កើន​ដល់​ 7,5​លាន​គណនី​។ ឥណទាន​ដែល​ផ្ដល់​ដោយ​គ្រឹះស្ថាន​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​ដល់​ប្រជាជន​មាន​ប្រមាណ​3លាន​គណនី​ ក្រុមហ៊ុន​ភោ​តិ​សន្យា​ហិរញ្ញវត្ថុ​បាន​ផ្ដល​

  • ធនាគារជាតិ​ NBC​ និង​ភាព​ប្រឈម​ជាមួយ​អ្នក​ផ្តល់​ប្រាក់កម្ចី​ក្នុង​ស្រុកក្រៅ​ច្បាប់​

    ធនាគារជាតិ​ NBC​ និង​ភាព​ប្រឈម​ជាមួយ​អ្នក​ផ្តល់​ប្រាក់កម្ចី​ក្នុង​ស្រុកក្រៅ​ច្បាប់​

    ដោយសារ​សម័យ​បច្ចេកវិទ្យា​ជឿនលឿន​ គេហទំព័រ​ជាច្រើន​បាន​បង្ហាញ​ចេញ​នូវ​ការ​ផ្សព្វផ្សាយ​យ៉ាង​គគ្រឹកគគ្រេង​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ ការ​លក់​ផលិតផល​តាម​អន​ឡាញ​ និង​មុខរបរ​ផ្សេង​ដោយ​ឡែ​កៗ​ពីគ្នា​។ ដោយឡែក​ គេហទំព័រ​ក្រុមហ៊ុន​ផ្តល់​ប្រាក់កម្ចី​ជាច្រើន​ ក៏​កំពុង​ធ្វើ​ប្រតិបត្តិ​ការ​ តាមរយៈ​ការ​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក ក៏ដូចជា​ការចែក​ខិត្តប័ណ្ណ​ផ្សេង​ៗ ដែល​រៀបរាប់​ពី​ការ​ផ្តល់​កម្ចី​មានការ​ប្រាក់​ ការ​ផ្តល់​សេវា​កម្ចី​រហ័ស​ មាន​លក្ខខណ្ឌ​ងាយស្រួល​ មិន​តម្រូវ​ឱ្យ​មាន​វត្ថុ​បញ្ចាំ​ និង​អ្នកធានា​ជាដើម​។

    លោក​ យក់​ ចំរើន​ឬទ្ធិ​ អគ្គនាយក​ ក្រុមហ៊ុន​ធានារ៉ាប់រង​ ហ្វ័​រតេ​ បាន​ប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖“ការ​ផ្តល់​សេវា​កម្ចី​ប្រាក់​ដែល​យើង​ឃើញ​មានការ​ផ្សព្វផ្សាយ​ទាំងនោះ​ គេ​អាច​កត់សម្គាល់​បាន​ 2ប្រភេទ​គឺ1​ ក្រុមហ៊ុន​ដែល​មាន​អាជ្ញាប័ណ្ណ​ ពួកគេ​ត្រូវ​គ្រប់គ្រង​ដោយ​ធនាគារជាតិ​ និង2​ ក្រុមហ៊ុន​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ដែល​ចេញ​ដោយ​ធនាគារជាតិ​ គឺជា​ក្រុមហ៊ុន​ក្រៅ​ប្រព័ន្ធ​”។

    លោក​អគ្គនាយក​ បានឱ្យ​ដឹង​ថា​៖“ធនាគារជាតិ​នៃ​កម្ពុជា​ គ្មាន​សិ​ទិ្ធ​ផ្តល់​អាជ្ញាប័ណ្ណ​ ដល់​ក្រុមហ៊ុន​សេវា​កម្ចី​ក្រៅ​ប្រព័ន្ធ​ទេ​។ ធនាគារ​ផ្តល់​អាជ្ញាប័ណ្ណ​ តែ​ទៅលើ​ធនាគារពាណិជ្ជ​ ធនាគារ​ឯកទេស​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ដូច្នេះ​កម្ចី​ក្រៅ​ប្រព័ន្ធ​ អត់មាន​នរណា​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យ​ទេ​ វា​មាន​អាជ្ញាប័ណ្ណ​មួយ​ដែល​ចេញ​ដោយ​ក្រសួងហិរញ្ញវត្ថុ​ និយាយ​ពី​រឿង​បញ្ចាំ​ ជា​ការខ្ចី​ប្រាក់​ដែល​ត្រូវ​យក​របស់​ទៅ​បញ្ចាំ​តែប៉ុណ្ណោះ​”។

    លោក​បាន​បញ្ជាក់​ថា​៖“នៅ​ប្រទេស​ណា​ ក៏​មាន​ដែរ​ក្រុមហ៊ុន​កម្ចី​ក្រៅ​ប្រព័ន្ធ​ តែ​នៅ​ប្រទេស​គេ​ប្រជាពលរដ្ឋ​មានការ​ចេះដឹង​ច្រើន​ក្នុង​រឿង​សេដ្ឋកិច្ច​នេះ​ គេ​ពុំ​ដែល​ដាក់​ជំនឿ​ទៅលើ​ប្រភេទ​ក្រុមហ៊ុន​ក្រៅ​ប្រព័ន្ធ​ទាំងនោះ​ទេ​ តែ​នៅ​ស្រុក​យើង​ ដោយសារតែ​ការយល់​ដឹង​មានកម្រិត​ និង​ស្ថានភាព​ជំរុញ​និង​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​យើង​នៅ​មិនទាន់​រឹងមាំ​ ធ្វើ​ឱ្យ​ក្រុមហ៊ុន​កម្ចី​ក្រៅ​ប្រព័ន្ធ​អាច​ឆ្លៀតឱកាស​បាន​ ខណៈ​ដែល​ពលរដ្ឋ​កំពុង​ត្រូវការ​ដើមទុន​យ៉ាង​បន្ទាន់​ស្រាប់​”។

    លោក​បាន​ពន្យល់​ទាក់ទង​ទៅ​នឹង​ក្រុមហ៊ុន​កម្ចី​“ឥណទាន​ភ្នំពេញ​” ដែល​ត្រូវ​បាន​ព្រមាន​ឱ្យ​ប្រុងប្រយ័ត្ន​អំពី​កម្ចី​របស់​ក្រុមហ៊ុន​ ដែល​ពុំ​ទាន់​មាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​ថា​៖“ប្រសិនបើ​ក្រុមហ៊ុន​កម្ចី​ “ឥណទាន​ភ្នំពេញ​” គាត់​ចង់​ធ្វើ​ឥណទាន​ គាត់​អាច​ទៅចុះ​ឈ្មោះ​យក​អាជ្ញាប័ណ្ណ​ ពី​ធនាគារជាតិ​ ប្រសិនបើ​គាត់​មិនទៅ​យក​អាជ្ញាប័ណ្ណ​ទេ​ គឺ​បានន័យ​ថា​ក្រៅច្បាប់​ហើយ​”។

    លោក​បាន​បញ្ជាក់​ថា​៖“ហេតុអ្វីបានជា​យើង​ត្រូវ​យក​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​? ពីព្រោះ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ គឺជា​ការគ្រប់គ្រង​ច្បាស់លាស់​ របស់​ធនាគារជាតិ​ ទី1​- ប្រភព​ទុន​បាន​មក​ពីណា​? ទី2​-ការប្រាក់​យក​ចំនួន​ប៉ុន្មាន​ភាគរយ​។ ទី3​-កម្ចី​ល្អ​ប៉ុន្មាន​? អាក្រក់​ប៉ុន្មាន​? និង​ទី4​-មាន​សោធន​ភាព​ ឬអត់​?។ នេះ​គឺជា​ច្បាប់​គ្រប់គ្រង​របស់​ធនាគារជាតិ​ដែល​គាត់​មាន​សិទ្ធិ​ក្នុង​ការគ្រប់គ្រង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​”។

    លោក​អគ្គនាយក​បានឱ្យ​ដឹង​ទៀត​ថា​ ជាទូទៅ​នៅ​គ្រប់​ប្រទេស​ទាំងអស់​ ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៃ​ធនាគារជាតិ​ គេ​គ្រប់គ្រង​តឹងរ៉ឹង​ណាស់​។ យើង​ក្រឡេក​មើលក្នុង​ឆ្នាំ1997​ ការ​បើក​ឱ្យ​មាន​ធនាគារ​ច្រើន​ធ្វើ​ឱ្យ​មាន​ការ​លំបាក​គ្រប់គ្រង​ ហើយ​ធនាគារ​ខ្លះ​ប្រមូលប្រាក់​បាន​ហើយ​ រត់បាត់​អស់​ក៏​មាន​។

    យោង​តាម​គេហទំព័រ​ ក្រុមហ៊ុន​ផ្តល់​ប្រាក់កម្ចី​ ឥណទាន​ភ្នំពេញ​ គឺជា​ក្រុមហ៊ុន​ផ្តល់​ប្រាក់កម្ចី​ឈាន​មុខ​គេ​មួយ​នៅក្នុង​ប្រទេស​។ ក្រុមហ៊ុន​មាន​ឯកទេស​ លើ​ប្រាក់កម្ចី​ផ្ទាល់ខ្លួន​ ការ​បញ្ចាំ​ និង​អាជីវកម្ម​។ គេហទំព័រ​សន្យា​ផ្តល់​ប្រាក់កម្ចី​មាន​អត្រា​ការប្រាក់​ទាប​ ដែល​នឹង​ត្រូវ​បាន​អនុម័ត​ក្នុងរយៈពេល24ម៉ោង​ ដោយ​គ្មាន​នីតិវិធី​ស្មុគស្មាញ​ និង​កត់សម្គាល់​ថា​ រយៈពេល​សង​ត្រឡប់​មាន​ចាប់ពី​ 1ឆ្នាំទៅ​ 8 ឆ្នាំ​។

    ប៉ុន្តែ​ថ្មី​ៗនេះ​ធនាគារជាតិនៃកម្ពុជា​បាន​ព្រមាន​ក្រុមហ៊ុន​ប្រាក់កម្ចី​ ឥណទាន​ភ្នំពេញ​ ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​ ដែល​សន្យា​ថា​ នឹង​ទទួល​បាន​ប្រាក់​ឆាប់រហ័ស​ដោយ​ធនាគារ​កណ្តាល​បាន​ប្រកាស​ឱ្យ​សាធារណជន​ប្រុងប្រយ័ត្ន​ ចំពោះ​ក្រុមហ៊ុន​ផ្ដល់​កម្ចី​ តាម​ប្រព័ន្ធ​អន​ឡាញ​ឈ្មោះ​“ឥណទាន​ភ្នំពេញ​”មួយ​នេះ​ ដែល​ជា​ក្រុមហ៊ុន​មិន​មាន​អាជ្ញាប័ណ្ណ​ និង​ច្បាប់​អនុញ្ញាត​ពី​ធនាគារជាតិនៃកម្ពុជា​ឡើយ​ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បែរជា​ហ៊ាន​ផ្សព្វផ្សាយ​ផ្តល់​ឥណទាន​ តាម​ប្រព័ន្ធ​អន​ឡា​ញបំ​ពានច្បាប់​ទៅវិញ​។

    លោក​ គិត​ សុ​វណ្ណា​រិទ្ធ​ អគ្គនាយករង​ត្រួតពិនិត្យ​នៃ​ធនាគារជាតិនៃកម្ពុជា​ត្រូវ​បាន​គេ​ស្រង់​សម្តី​ថា​ ក្រុមហ៊ុន​ប្រាក់កម្ចី​ ឥណទាន​ភ្នំពេញ​ មិនទាន់​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ធនាគារ​កណ្តាល​ទេ​ ហើយ​បាន​ប្រើប្រាស់​រូបភាព​របស់​ថ្នាក់ដឹកនាំ​ធនាគារជាតិនៃកម្ពុជា​ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ ក្នុង​ទីផ្សារ​របស់​ខ្លួន​ដោយ​គ្មាន​ការអនុញ្ញាត​។

    លោក​សុ​វណ្ណា​រិទ្ធ​មានប្រសាសន៍​ថា​៖“ក្រុមហ៊ុន​ប្រាក់កម្ចី​ ឥណទាន​ភ្នំពេញ​ មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​ បាន​ផ្តល់​ប្រាក់កម្ចី​ ដែល​អតិថិជន​អាច​ដាក់ពាក្យសុំ​តាម​អុីន​ធើ​ណិ​ត ប៉ុន្តែ​ក្រុមហ៊ុន​មួយ​នេះ​មិនដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ NBC​ ដើម្បី​អនុវត្ត​សកម្មភាព​នេះ​ទេ​។ យើង​កំពុង​ស្នើ​ឱ្យ​ប្រជាជន​ប្រុងប្រយ័ត្ន​ ជាមួយ​ក្រុមហ៊ុន​ប្រាក់កម្ចី​ ឥណទាន​ភ្នំពេញ​ ដែល​កំពុង​ផ្តល់​ប្រាក់កម្ចី​តាម​អុិន​ធើ​ណិ​តដោយ​គ្មាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិនៃកម្ពុជា​មួយ​នេះ​”។

    ប៉ុន្តែ​បើ​យើង​ស្វែងយល់​ពី​ក្រុមហ៊ុន​នេះ​ ក្រុមហ៊ុន​នេះ​បាន​និយាយ​ថា​ ពួកគេ​កំពុង​ដំណើរការ​ ដោយ​ស្របច្បាប់​ ដោយមាន​សាខា2​ គឺ1​ នៅ​មហាវិថី​ព្រះ​នរោត្តម​ និង1ទៀត​នៅ​ខណ្ឌឫស្សីកែវ​។ ដើម្បី​ទទួល​បាន​ប្រាក់កម្ចី​ អតិថិជន​ត្រូវ​បង្ហាញ​អត្តសញ្ញាណ​ប័ណ្ណ​ សៀវភៅ​គ្រួសារ​ និង​របាយការណ៍​ធនាគារ​ ដោយ​ប្រាក់កម្ចី​នឹង​មាន​ចាប់ពី​ 500​ ទៅ​ 25,000ដុល្លារ​អាមេរិក​។

    កាលពី​ឆ្នាំមុន​ NBC​ និង​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ចេញ​ការព្រមាន​មួយ​ប្រឆាំង​នឹង​ការ​កើនឡើង​នៃ​គ្រឹះស្ថាន​ផ្ដល់​ប្រាក់កម្ចី​ដែល​មិន​មាន​អាជ្ញាប័ណ្ណ​ សមាគម​ និងNGO​ ដោយ​លើកឡើង​ថា​ តាមរយៈ​ប្រតិបត្តិ​ការ​នៅ​ក្រៅ​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ហានិភ័យ​។ ការប្រកាស​នេះ​បាន​អំពាវនាវ​ឱ្យ​ប្រតិបត្តិ​ករ​ដែល​មិនបាន​ចុះបញ្ជី​ត្រូវ​មក​ចុះបញ្ជី​ បើ​មិន​ដូច្នេះ​ទេ​នឹង​ត្រូវ​បង្ក្រាប​តាមផ្លូវ​ច្បាប់​។

    លោកជំទាវ​ ជា​ សិរី​ អគ្គ​នាយិកា​របស់​ NBC​ ក៏​ធ្លាប់​បាន​ប្រាប់​ដែរ​ថា​ ចាប់តាំងពី​មាន​សេចក្ដីប្រកាស​រួម​មក​ គ្រឹះស្ថាន​គ្មាន​អាជ្ញាប័ណ្ណ​ និង​ក្រៅផ្លូវការ​ បាន​នាំគ្នា​ទៅ​ធនាគារកណ្ដាល​ ដើម្បី​ចុះបញ្ជី​ និង​សុំ​ការយល់ព្រម​ពី​ធនាគារជាតិ​។ លោកជំទាវ​បាន​មាន​ប្រសាសន៍​ថា​ “គ្រឹះស្ថាន​ផ្ដល់​កម្ចី​ក្រៅផ្លូវការ​ជាច្រើន​ បាន​ដាក់ពាក្យ​ទៅ​ NBC​ ដើម្បី​ចុះបញ្ជី​បន្ទាប់ពី​មាន​សេចក្ដីប្រកាស​រួម​នេះ​ ហើយ​គ្រឹះស្ថាន​មួយចំនួន​ ក៏​ត្រូវ​បាន​ផ្ដល់​ការយល់ព្រម​ជា​បណ្តើរ​ៗដែរ​”។

    យោង​តាម​ប្រកាស​ស្ដីពី​ការចុះបញ្ជី​ និង​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​តាមច្បាប់​កម្ពុជា​ដើម្បី​បានការ​ទទួលស្គាល់​ជា​ផ្លូវការ​ពី​ NBC​ តម្រូវ​ឱ្យ​គ្រឹះស្ថាន​ផ្ដល់​ប្រាក់កម្ចី​ត្រូវ​មានផល​បត្រ​កម្ចី​ 25,000ដុល្លារ​អាមេរិក​ ឬច្រើនជាង​នេះ​ជាមួយនឹង​ប្រាក់បញ្ញើ​ 250ដុល្លារ​ ឬត្រូវ​មាន​អ្នក​ដាក់​ប្រាក់បញ្ញើ​ 100នាក់​។លោក​ ចំរើន​ឬទ្ធិ​ក៏បាន​ថ្លែងប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ដែរ​ថា​ បច្ចុប្បន្ន​គួរតែ​ត្រូវ​បាន​ត្រួតពិនិត្យ​ឡើងវិញ​ ហើយ​រាល់​ប្រតិបត្តិ​ករ​ឥណទាន​ទាំងអស់​ គឺ​តម្រូវ​ឱ្យ​ចុះបញ្ជី​។ បច្ចុប្បន្ន​ក្រុមហ៊ុន​ក្រៅ​ប្រព័ន្ធ​ គឺ​សុទ្ធតែ​ក្រុមហ៊ុន​ចិន​ភាគច្រើន​ ឬក្រុមហ៊ុន​ក្នុង​ស្រុក​ក៏ដោយ​ ក៏​យើង​មិន​អាច​ធ្វេសប្រហែស​បាន​ដែរ​ ការ​ចង់បាន​កម្ចី​ល្អ​ ពលរដ្ឋ​គួរតែ​ទៅ​រក​កម្ចី​របស់​ក្រុមហ៊ុន​ដែល​មាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​។

    លោក​ យក់​ ចំរើន​ឬទ្ធិ​ បាន​អះអាង​ថា​៖ “ដូច្នេះ​ភាព​ប្រឈម​របស់​ប្រព័ន្ធ​កម្ចី​ក្រៅច្បាប់​ គឺទី1​-ការប្រាក់​ខ្ពស់​បំផុត​ បើ​ក្នុង1ខែ​ 5-6% ក្នុង​ 1ឆ្នាំ​ គឺ​ការប្រាក់​នឹង​ឡើង​ដល់​ 60​-70​% តើន​រណារ​កស៊ី​បាន​ដូច្នេះ​? ទី2​ បើ​យើង​មានហេតុ​ការណ៍​កើតឡើង​ អាជ្ញាធរ​ណា​ទទួលស្គាល់​? យើង​ឃើញ​ហេតុការណ៍​កើតឡើង​ពី​ការ​ប្រមូលប្រាក់​វិនិយោគ​អចលន​ទ្រព្យ​ថ្មី​ៗនេះ​ ក្នុង​1ខែ​បានការ​ប្រាក់​ 20​% គឺ​គ្មាន​របររកស៊ី​ណា​ដែល​មានការ​រកចំណូល​បាន​ខ្ពស់​ដល់​ថ្នាក់​ហ្នឹង​ទេ​។ ដូច្នេះ​វា​មាន​ភាព​ប្រឈម​ខ្លាំង​ណាស់​ គឺ​យើង​មិនដឹងជា​ទៅ​ប្តឹង​បែប​ណា​? វា​ពិបាក​រក​អ្នកការពារ​ ពីព្រោះ​អ្នកក្រៅ​ប្រព័ន្ធ​ ពុំ​បាន​ចុះបញ្ជី​នៅ​ធនាគារជាតិ​ទេ​”៕

  • NBC​ ​និង​ធនាគារកណ្ដាល​ថៃ​ ​នឹង​សាកល្បង​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ទូទាត់​ ​QR​ ​code​ ​ដើម្បី​បន្ថយ​ចំណាយ​លើ​ការផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស​

    NBC​ ​និង​ធនាគារកណ្ដាល​ថៃ​ ​នឹង​សាកល្បង​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ទូទាត់​ ​QR​ ​code​ ​ដើម្បី​បន្ថយ​ចំណាយ​លើ​ការផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស​

    ធនាគារជាតិនៃកម្ពុជា​(​NBC​)​ ​និង​ធនាគារ​កណ្តាល​ថៃ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ ​QR​ ​code​ ​ដើម្បី​ជួយ​សម្រួល​ដល់​សេវា​ទូទាត់​រាយ​នៅ​កម្ពុជា​ ​និង​នៅ​ប្រទេស​ថៃ​។​

    ​ការ​ចុះ​អនុស្សរណៈ​យោគយល់​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​លើ​នវានុវត្តន៍​នៃ​ការ​ទូទាត់​ ​និង​ហិរញ្ញវត្ថុ​នេះ​ ​ធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង2​ ​ប្រកបដោយ​ចីរភាព​។​

    ​អនុស្សរណៈ​យោគយល់​នេះ​សំដៅ​គាំទ្រ​ដល់​កិច្ចសហការ​ក្នុង​ការ​អភិវឌ្ឍ​អន្តរ​ប្រតិបត្តិ​ការ​នៃ​ស្តង់​ដា​ប្រព័ន្ធ​ ​QR​ ​code​ ​សម្រាប់​ការ​ទូទាត់​ក្នុង​ប្រទេស​ ​និង​ក្រៅប្រទេស​ប្រកបដោយ​ប្រសិទ្ធភាព​ ​និង​មាន​សុវត្ថិភាព​ ​ព្រមទាំង​ជំរុញ​ដល់​ការប្រើ​ប្រាស់​រូបិយវត្ថុ​ជាតិ​ ​និង​នវានុវត្តន៍​នៃ​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​ទាំង2​។​

    ​អនុស្សរណៈ​យោគយល់​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​លើ​នវានុវត្តន៍​នៃ​ការ​ទូទាត់​ ​និង​ហិរញ្ញវត្ថុ​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ឯកឧត្ដម​ ​ជា​ ​ចាន់​តូ​ ​ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​ ​និង​លោកVeerathai​ ​Santiprabhob​ ​ទេសាភិបាល​នៃ​ធនាគារ​កណ្តាល​ថៃ​។​ ​ពិធី​ចុះហត្ថលេខា​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ប្រចាំឆ្នាំ​រវាង​ធនាគារ​កណ្តាល​ទាំងពីរ​ ​នៅ​រាជធានី​ភ្នំពេញ​ ​កាលពីដើម​ខែកុម្ភៈ​ ​ឆ្នាំ2019​ ​កន្លងទៅ​។​ ​គួរ​បញ្ជាក់​ដែរ​ថា​ ​កិច្ចប្រជុំ​ទ្វេភាគី​ប្រចាំឆ្នាំ​នេះ​មាន​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ ​និង​បង្កើន​ទំនាក់ទំនង​ជា​មិត្តភាព​រវាង​ធនាគារ​កណ្តាល​នៃ​ប្រទេស​ទាំង2ឱ្យ​កាន់តែ​ជិតស្និទ្ធ​។​ ​កន្លងមក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នេះ​បាន​រួមចំណែក​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង2​ ​ប្រកបដោយ​ចីរភាព​។​

    ​ឯកឧត្ដម​ ​ជា​ ​ចាន់​តូ​ ​ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ ​នេះ​ជា​កិច្ចប្រជុំ​ប្រចាំឆ្នាំ​រវាង​ធនាគារ​កណ្តាល​នៃ​ប្រទេស​ទាំងពីរ​ ​ដែល​កាលពី​ឆ្នាំ​កន្លងទៅ​យើង​បាន​ធ្វើឡើង​នៅ​ទី​ក្រុង​ឈៀង​ម៉ៃ​ ​ប្រទេស​ថៃ​ ​ដោយឡែក​នៅ​ឆ្នាំ2019​ ​កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​នៅ​ទីក្រុង​ភ្នំពេញ​ ​ប្រទេស​កម្ពុជា​។​

    ​ឯកឧត្ដម​ទេសាភិបាល​បាន​មានប្រសាសន៍​ថា​៖​ ​“​វត្តមាន​របស់​ទេសាភិបាល​ថៃ​នៅ​កម្ពុជា​ ​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ពង្រឹង​កិច្ច​សហប្រតិបត្តិ​រវាង​ធនាគារ​កណ្តាល​នៃ​ប្រទេស​ទាំងពីរ​ ​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ដ៏​ល្អ​នេះ​ដែល​សម្រេច​បាន​ ​និង​បន្ត​នូវ​ស្មារតី​កិច្ច​សហប្រតិបត្តិ​ការ​”​។​ ​ឯកឧត្ដម​បន្ត​ថា​ ​ធនាគារ​កណ្តាល​ថៃ​បាន​ជួយ​ចែករំលែក​បទ​ពិសោធ​ដល់​មន្ត្រី​ធនាគារ​កណ្តាល​កម្ពុជា​ ​ដូចជា​ការ​ត្រួតពិនិត្យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ​ប្រព័ន្ធ​ទូទាត់​ ​និង​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ជាដើម​។​

    ​គួរ​បញ្ជាក់​ដែរ​ថា​ ​ការ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ ​QR​ ​code​ ​នេះ​ ​គឺ​ដើម្បី​ជួយ​សម្រួល​ដល់​សេវា​ទូទាត់​រាយ​នៅ​កម្ពុជា​ ​និង​រវាង​ប្រទេស​ថៃ​ ​និង​កម្ពុជា​ ​ដោយ​ប្រព័ន្ធ​នេះ​នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរការ​នៅ​ពាក់កណ្តាល​ឆ្នាំនេះ​។​

    ​លោក​ ​Apisak​ ​Tantivorawong​ ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​ប្រទេស​ថៃ​បាន​ថ្លែងប្រាប់​សារព័ត៌មាន​របស់​ប្រទេស​ថៃ​ថា​ ​ធនាគារ​កណ្តាល​ថៃ​បាន​ផ្តួចផ្តើម​ការផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស​ជាមួយ​កម្ពុជា​ ​ឡាវ​ ​និង​វៀតណាម​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ ​QR​ ​Code​ ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើស​មា​ហរ​ណ​កម្មវិស័យ​ធនាគារ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នៅក្នុង​តំបន់​។​

    ​លោក​ ​Tantivorawong​ ​ ​បាន​បន្ត​ថា​៖​“​សេវាកម្ម​ទូទាត់​តាមរយៈ​ប្រព័ន្ធ​ ​QR​ ​code​ ​នេះ​នឹង​មានការ​ចំណាយ​តិច​ក្នុង​ការផ្ទេរ​ប្រាក់​នៅក្នុង​តំបន់​ ​ជាពិសេស​សម្រាប់​ជួយ​ដល់​កម្មករ​ចំណាកស្រុក​មក​ពី​ប្រទេស​កម្ពុជា​ ​ឡាវ​ ​មីយ៉ាន់ម៉ា​ ​និង​វៀតណាម​ដែល​កំពុងធ្វើការ​នៅក្នុង​ប្រទេស​ថៃ​ ​ដែល​សព្វថ្ងៃ​ពួកគេ​ត្រូវ​បាន​គិតថ្លៃ​សេវា​ផ្ទេរ​ប្រមាណ​ជា​ ​10ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​ដែល​ផ្ទេរ​សម្រាប់​សេវាកម្ម​ផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស​មួយដង​”​។​

    ​ថ្លែង​ក្នុង​សិក្ខាសាលា​កាលពី​ពេល​កន្លងទៅ​លោកស្រី​ ​ជា​ ​សិរី​ ​អគ្គ​នាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិនៃកម្ពុជា​ ​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ ​អ្នកប្រើ​ប្រាស់​ប្រព័ន្ធ​នេះ​តម្រូវ​ឱ្យ​មាន​គណនី​ធនាគារ​ជា​ប្រាក់​រៀល​ ​ហើយ​គេ​អាច​ធ្វើការ​ទូទាត់​ទំនិញ​នៅ​ប្រទេស​ថៃ​បាន​នៅពេល​ទិញទំនិញ​ ​ខណៈ​ដែល​ជនជាតិ​ថៃ​ធ្វើដំណើរ​មក​កម្ពុជា​ ​ក៏​គេ​អាច​ធ្វើការ​ទូទាត់​ជា​លុយ​បាត​ថៃ​ផង​ដែរ​នៅ​កម្ពុជា​។​

    ​លោកស្រី​អគ្គ​នាយិកា​បាន​ថ្លែង​ថា​៖​ ​“​យើង​មាន​សុទិដ្ឋិនិយម​ថា​ ​នៅ​ពាក់កណ្តាល​ឆ្នាំនេះ​ ​ប្រព័ន្ធ​នេះ​នឹងអាច​ប្រើប្រាស់​បាន​ ​នេះ​ជា​ជំហាន​មួយទៀត​នៃ​ផែនការ​របស់​យើង​សម្រាប់​ធ្វើស​មា​ហរ​ណ​កម្ម​តាមរយៈ​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ ​យើង​មាន​គម្រោង​ពង្រីក​ប្រព័ន្ធ​នេះ​ទៅ​បណ្តា​ប្រទេស​ដទៃទៀត​នៅ​អាស៊ាន​”​។​

    ​លោកស្រី​បន្ត​ថា​ ​ប្រព័ន្ធ​ ​QR​ ​Codeនេះ​នឹង​ជំរុញ​ឱ្យ​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​បើក​គណនី​ធនាគារ​ជា​ប្រាក់​រៀល​ ​ដោយសារតែ​ពួកគេ​គិតថា​ ​វា​មាន​អត្ថ​ប្រយោជន៍​ទាំង​ក្នុង​ ​និង​ក្រៅប្រទេស​។​

    ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារជាតិនៃកម្ពុជា​ ​ប្រព័ន្ធ​ ​QR​ ​code​ ​នេះ​មាន​ភាព​ងាយស្រួល​ ​លឿន​ ​រហ័ស​ ​និង​សន្សំសំចៃ​ខ្ពស់​ ​ហើយ​ប្រជាជន​កម្ពុជា​នឹង​មិន​ខ្លាច​ក្នុង​ការខាតបង់​នូវ​អា​ត្រា​ប្តូរ​ប្រាក់​នៅពេល​ដែល​ពួកគេ​ចាយ​លុយ​រៀល​នៅក្នុង​ប្រទេស​ថៃ​ឡើយ​។​ ​ម្យ៉ាងវិញទៀត​ ​អ្នកប្រើ​ប្រាស់​នឹង​មិន​បារម្ភ​ពី​ការ​ខ្វះខាត​លុយ​បាត​នៅក្នុង​កាបូប​នៅពេល​ដែល​ពួកគេ​ទៅ​ទស្សនា​ប្រទេស​ថៃ​ឡើយ​៕​