Tag: F-35

  • អ៊ីស្រាអែល​ទិញ​យន្តហោះ​ចម្បាំង​អាម៉េរិក តម្លៃ 3 ពាន់​លាន​ដុល្លារ

    អ៊ីស្រាអែល​ទិញ​យន្តហោះ​ចម្បាំង​អាម៉េរិក តម្លៃ 3 ពាន់​លាន​ដុល្លារ

    ក្រសួងការពារជាតិ​អ៊ីស្រាអែល ប្រកាសថា ប្រទេស​នេះ​នឹង​ទិញ​យន្តហោះ​ចម្បាំង F-35 របស់​សហរដ្ឋ​អាម៉េរិក​ចំនួន 25 គ្រឿង​ថែមទៀត ទៅតាម​កិច្ចព្រមព្រៀង​តម្លៃ 3 ពាន់​លាន​ដុល្លារ។

    «កិច្ចព្រមព្រៀង​នឹង​រួមចំណែក​ក្នុងការ​រក្សា​ទំនាក់ទំនង​រវាង​បណ្ដា​ក្រុមហ៊ុន​អាម៉េរិក និង​វិស័យ​ឧស្សាហកម្ម​ការ​ពារ​ជាតិ​របស់​អ៊ីស្រាអែល» ក្រសួងការពារជាតិ​អ៊ីស្រាអែល​ប្រកាស​កាលពី​ថ្ងៃទី 02 កក្កដា រម្លឹក​ដល់​ការទិញ​យន្ត​ហោះ​ចម្បាំង F-35 ចំនួន 25 គ្រឿង​បន្ថែម​ពី​សហរដ្ឋ​អាម៉េរិក​ក្នុងតម្លៃ 3 ពាន់​លាន​ដុល្លារ។ កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវបាន​អនុវត្ត​ពេញលេញ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ។

    យោងតាម​ក្រសួងការពារជាតិ​អ៊ីស្រាអែល ការ​ទិញដូរ​អាវុធ​នេះ​ទទួលបាន​ការឧបត្ថម្ភ​តាមរយៈ​កញ្ចប់​ជំនួយ​ផ្នែក​ការពារជាតិ​ដែល​ប្រទេស​នេះ​ទទួល​ពី​សហរដ្ឋ​អាម៉េរិក។ ក្រុមហ៊ុន Lockheed Martin និង Pratt & Whitney របស់​សហរដ្ឋ​អាម៉េរិក បាន​យល់​ព្រមឱ្យ​បណ្ដា​ក្រុមហ៊ុន​ការពារជាតិ​អ៊ីស្រាអែល ចូលរួម​ក្នុង​ដំណើរ​ការផលិត​គ្រឿងបន្លាស់​យន្តហោះ។

    កិច្ចព្រមព្រៀង​នេះ​នឹង​ជួយ​បង្កើន​ចំនួន​យន្តហោះ​ចម្បាំង F-35 របស់​ប្រទេស​អ៊ីស្រាអែល ពី 50 ឡើងដល់ 75 គ្រឿង។

    អ៊ីស្រាអែល​គឺជា​ប្រទេស​ដំបូងគេ​​ក្រៅពី​សហរដ្ឋ​អាម៉េរិក ដែលមាន​យន្តហោះ​ចម្បាំង F-35។ ប្រទេស​នេះ​ទទួលបាន F-35 ដំបូង​កាលពី​ឆ្នាំ 2016 និង​បាន​ប្រើប្រាស់​ក្នុងការ​ប្រយុទ្ធ​កាលពី​ឆ្នាំ 2018៕

  • អាម៉េរិក​អនុម័ត​លក់​យន្តហោះ​ចម្បាំង​តម្លៃ​ជាង 5 ពាន់​លាន​ដុល្លារ​ឱ្យ​ប្រទេស​ឆែក

    អាម៉េរិក​អនុម័ត​លក់​យន្តហោះ​ចម្បាំង​តម្លៃ​ជាង 5 ពាន់​លាន​ដុល្លារ​ឱ្យ​ប្រទេស​ឆែក

    ក្រសួង​ការ​បរទេស​អាម៉េរិក​ យល់​ព្រម​ឱ្យ​លក់​យន្ត​ហោះ​ចម្បាំង​ F-35 រួម​នឹង​ឧបករណ៍​យោធា គ្រាប់​រំសេវ​ដែល​ពាក់​ព័ន្ធ​ ឱ្យ​សាធារណរដ្ឋ​ឆែក ដើម្បី​ជួយ​ឱ្យ​ប្រទេស​នេះ​លើក​កម្ពស់​សមត្ថភាព​ការ​ពារ​ជាតិ​។

    ដោយ​ចំណាយ​ប្រាក់​ 5.62 ពាន់​លាន​ដុល្លារ​ ឆែក​នឹង​ទទួល​បាន​បណ្ដា​យន្តហោះចម្បាំង​ទំនើប F-35 រួម​នឹង​ម៉ាស៊ីន​បម្រុង,​ មីស៊ីល​បាញ់​ពី​អាកាស​ទៅ​អាកាស​ AIM-120C-8 AMRAAM ចំនួន​ 70 ដើម, រួម​នឹង​គ្រាប់​បែក​ ឧបករណ៍​ទំនាក់​ទំនង​ និង​ជំនួយ​ផ្នែក​បច្ចេកទេស​។ នេះ​បើ​តាម​មន្ទីរ​បញ្ចកោណ​ ប្រកាស​កាល​ពី​ថ្ងៃទី 29 មិថុនា​។ ក្រុម​ហ៊ុន​សំខាន់​ៗ​ដែល​ត្រូវ​ផ្គត់​ផ្គង់​សព្វាវុធ​ទាំង​នេះ​រួម​មាន​ Lockheed Martin, Raytheon និង Boeing។

    មន្ទីរ​បញ្ចោណ​បាន​ឱ្យ​ដឹង​ថា ការ​លក់​ដូរ​សព្វាវុធ​នេះ​ទទួល​បាន​ការ​យល់​ព្រម​ពី​ក្រសួង​ការបរទេស​អាម៉េរិក​រួច​ហើយ និង​កំពុង​រង់​ចាំ​ការ​អនុម័ត​ពី​សភា​។

    យោង​តាម​ក្រសួង​ការបរទេស​អាម៉េរិក សព្វាវុធ​ខាងលើ​នឹង​ជួយ​បង្កើន​កម្លាំង​ការ​ពារ​ជាតិ​របស់​ប្រទេស​ឆែក ក៏ដូច​ជា​ការ​ចូល​រួម​គាំទ្រ​យុទ្ធនាការ​នានា​របស់​សម្ព័ន្ធ​មិត្ត​យោធា​ណាតូ។

    កាល​ពី​ឆ្នាំ 2022 ឆែក​បាន​ឱ្យ​ដឹង​ថា ពួក​គេ​ចង់​ទិញ F-35 របស់​អាម៉េរិក ចំនួន 24 គ្រឿង​ ដើម្បី​ប្រើ​ប្រាស់​ជំនួស​ក្រុម​ហោះ​ហើរ JAS 39 Gripen ដែល​ជួលពី​ក្រុម​ហ៊ុន Saab AB របស់​ស៊ុយអែត​។ ឆែក​មាន​បំណង​ទិញ​ F-35A ដែល​ហោះ​ឡើង និង​ចុះ​ចត​តាម​ធម្មតា (CTOL)។

    F-35A គឺជា​កំណែ​បំបាំង​កាយ​ដែល​ត្រូវ​បាន​អភិវឌ្ឍ​សម្រាប់​ទ័ព​អាកាស​អាម៉េរិក​ និង​សម្ព័ន្ធ​មិត្ត​។ នេះ​គឺជា​កំណែ​​​តូច​ជាង​គេ និង​ស្រាល​ជាង​គេ​​របស់​យន្តហោះ​ចម្បាំង​​ត្រកូល F-35៕

  • កាណាដា គ្រោង​នឹង​ទិញ​យន្តហោះ​ចម្បាំង F-៣៥ ជិត ១០០ គ្រឿង ព្រោះ​ខ្លាច រុស្ស៊ី

    កាណាដា គ្រោង​នឹង​ទិញ​យន្តហោះ​ចម្បាំង F-៣៥ ជិត ១០០ គ្រឿង ព្រោះ​ខ្លាច រុស្ស៊ី

    ប្រទេស​កាណាដា មាន​ផែន​ការទិញ​យន្តហោះ​ចម្បាំង F-៣៥ ចំនួន ៨៨ គ្រឿង ដើម្បី​ធ្វើ​ទំនើបកម្ម​ទ័ពអាកាស និង​ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​ថ្មី ក្នុងនោះ​មាន រុស្ស៊ី ជាដើម។

    «យន្តហោះ​ចម្បាំង​បំបាំងកាយ F-៣៥ បានបង្ហាញ​អំពី​សក្ដានុពល លក្ខណៈ​ពេញលេញ និង​សមត្ថភាព​សហការ​ក្នុង​សមរភូមិ ដែល​នោះ​គឺជា​មូលហេតុ​នាំឱ្យ​យើង​ឈានដល់​ដំណាក់កាល​បង្ហើយ​កិច្ចសន្យា​ទិញដូរ។ កាណាដា ដែលមាន​ដែនអាកាស​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក ត្រូវការ​ធានាថា ក្រុម​ហោះហើរ​នៃ​យន្តហោះ​ចម្បាំង​បន្ទាប់ អាច​ទប់​ទល់នឹង​ការគំរាមកំហែង» រដ្ឋមន្ត្រី​ការពារជាតិ​កាណាដា Anita Anand បាន​ថ្លែង​កាលពី​ម្សិលមិញ​ដូច្នេះ។

    បណ្ដា​យន្តហោះ​ចម្បាំង F-៣៥ របស់ កាណាដា នឹង​ដើរតួនាទី​សំខាន់​ក្នុងការ​ល្បាត​ដែនអាកាស​នៅ អាម៉េរិក​ខាងជើង ជាមួយនឹង​ទ័ពអាកាស​របស់ សហរដ្ឋ​អាម៉េរិក ក្រោម​បញ្ជាការ​របស់​បញ្ជាការ​ដ្ឋា​ន​ការពារ​ដែនអាកាស​អាម៉េរិក​ខាងជើង (NORAD)។ ពួកវា​ក៏​អាច​ចូលរួម​បេសកកម្ម​ការពារ ណា​តូ នៅ អឺរ៉ុប ឬ​ប្រទេស​នានា។

    F-៣៥

    មូលហេតុ​ដែលនាំឱ្យ កាណាដា សម្រេចចិត្ត​ទិញ​យន្តហោះ​ចម្បាំង​ខាងលើ ត្រូវបាន រដ្ឋមន្ត្រីការបរទេស​កាណាដា Melanie Joly ថ្លែងថា «ពិភពលោក​បាន​ផ្លាស់ប្ដូរ​ចាប់ពី​ថ្ងៃទី ២៤ កុម្ភៈ» ជា​ពេលដែល រុស្ស៊ី បើក​ការឈ្លានពាន​ទឹកដី​របស់ អ៊ុយ​ក្រែ​ន។

    F-៣៥

    ទ័ពអាកាស​របស់ កាណាដា បច្ចុប្បន្ន​មាន​យន្តហោះ​ចម្បាំង​ពហុមុខ​ងារ CF-១៨A/B ចំនួន ៧៦ គ្រឿង ដែល​ត្រូវបាន​អភិវឌ្ឍ​ពី​កំណែ F/A-១៨A/B របស់ សហរដ្ឋ​អាម៉េរិក រួម​នឹង​យន្តហោះ​ចម្បាំង F/A-១៨ ចំនួន ១៨ គ្រឿង ដែល​ទទួលបាន​ពី អូស្ត្រាលី កាលពី​ឆ្នាំ ២០១៩។ យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​របស់ កាណាដា នឹងត្រូវ​បានដាក់​ឱ្យចូល​និវត្តន៍ ដោយសារតែ​ផុត​អាយុកាល​ប្រើប្រាស់។

    យន្តហោះ​ចម្បាំង CF-១៨ របស់ កាណាដា

    ដំណាក់​នៃ​ការចរចា​ជាមួយ​ក្រុមហ៊ុន Lockheed Martin គ្រោង​នឹង​ចំណាយពេល ៧ ខែ ហើយ កាណាដា អាច​ទទួលបាន​យន្តហោះ F-៣៥ ដំបូង ចាប់ពី​ឆ្នាំ ២០២៥៕

  • អាមេរិក​យល់​ព្រម​លក់​យន្ត​ហោះ​ចម្បាំង​បំបាំង​កាយ​ F-35​ ចំនួន​50​គ្រឿង​ទៅ​ឱ្យ​អារ៉ាប់រួម!​ អ៊ីស្រាអែល​ព្រួយ​បារម្ភ

    អាមេរិក​យល់​ព្រម​លក់​យន្ត​ហោះ​ចម្បាំង​បំបាំង​កាយ​ F-35​ ចំនួន​50​គ្រឿង​ទៅ​ឱ្យ​អារ៉ាប់រួម!​ អ៊ីស្រាអែល​ព្រួយ​បារម្ភ

    រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានយល់ព្រមលក់យន្តហោះចម្បាំង F-35 ចំនួន 50គ្រឿង រួមនឹងប្រព័ន្ធនៃយន្តហោះប្រភេទ UAV ចំនួន18គ្រឿង និងអាវុធជាច្រើនផ្សេងទៀតដែលមានតម្លៃសរុប 23.4ពាន់លានដុល្លារអាមេរិក ទៅឱ្យ UAE បើទោះជាអ៊ីស្រាអែលសម្ដែងការព្រួយបារម្ភយ៉ាងណាក៏ដោយ។

    រដ្ឋាភិបាលរបស់លោក Donald Trump កាលពីថ្ងៃទី10វិច្ឆិកា បានប្រកាសជូនដំណឹងដល់សភាអាមេរិកអំពីគម្រោងលក់អាវុធនេះទៅឱ្យអារ៉ាប់រួម (United Arab Emirates/UAE) ដើម្បីជួយប្រទេសនេះទប់ទល់នឹងការគំរាមកំហែងពីប្រទេសអ៊ីរ៉ង់។

    កិច្ចសន្យាជួញដូរអាវុធនេះរួមមាន យន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន50គ្រឿង ប្រព័ន្ធយន្តហោះគ្មានមនុស្សបើក (UAV) ទំនើបបំផុតចំនួន18គ្រឿង អាវុធប្រឆាំងសត្រូវលើអាកាសនិងលើដី រួមនឹងការផ្គត់ផ្គង់ផ្នែកបច្ចេកទេស និងការបណ្ដុះបណ្ដាលសម្រាប់ការប្រើប្រាស់ផងដែរ។

    សភាអាមេរិកនឹងមានពេល30ថ្ងៃ ចាប់ពិទទួលបានសេចក្ដីជូនដំណឹងពីក្រសួងការបរទេស ដើម្បីធ្វើសេចក្ដីអនុម័តថា ត្រូវលក់ ឬយ៉ាងណា។ បើសិនមិនមានការជំទាស់ពីសភា កិច្ចព្រមព្រៀងនេះនឹងត្រូវបញ្ចូនឡើងទៅកាន់ប្រធានាធិបតី Trump ដើម្បីចុះហត្ថលេខាចុងក្រោយ។

    អាមេរិកយល់ព្រមលក់យន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន50គ្រឿងទៅឱ្យអារ៉ាប់រួម! អ៊ីស្រាអែលព្រួយបារម្ភ
    F-35 ដែល​ត្រូវ​បាន​ហោះ​ទៅកាន់​អារ៉ាប់​រួម​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ​2019

    ដំណឹងខាងលើនេះ ត្រូវបានប្រកាសក្នុងគ្រាដែលអ៊ីស្រាអែល បារ៉ែន និងអារ៉ាប់រួម យល់ព្រមធ្វើប្រក្រតីភាពការទូតជាមួយគ្នាឡើងវិញ។ ប៉ុន្តែ អ៊ីស្រាអែលបានសម្ដែងការព្រួយបារម្ភអំពីការលក់អាវុធនេះ ដោយយល់ថា វានឹងប៉ះពាល់ដល់ឥទ្ធិពលនៃកម្លាំងទ័ពរបស់ខ្លួននៅក្នុងតំបន់។

    យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo អះអាងថា កិច្ចព្រមព្រៀងនេះនឹងគោរពយ៉ាងពេញលេញចំពោះសន្ធិសញ្ញារាប់សិបឆ្នាំរវាងទីក្រុងវ៉ាស៊ីងតោន និងទីក្រុងតេលអាវីវ (Tel Aviv) ដែលក្នុងនោះ សហរដ្ឋ​អាមេរិក​ធានា​ថា​នឹងមិនធ្វើឱ្យចុះខ្សោយផ្នែកកម្លាំងទ័ព និងអាវុធដែលបានផ្ដល់ដល់អ៊ីស្រាអែលនោះឡើយ ដោយអាវុធដែលទីក្រុងតេលអាវីវទទួលបាន “មានកម្លាំងក្លាជាង” បើធៀបនឹងអាវុធដែលលក់ទៅឱ្យប្រទេសដទៃ៕

    ប្រភព៖ AP