Tag: coron

  • ផ្កាយ​មួយ​ដួង​នឹង​ផ្ទុះ​ក្នុង​ឆ្នាំ 2024 ហើយ​អាច​មើល​ឃើញដោយ​ភ្នែក​ទទេ

    ផ្កាយ​មួយ​ដួង​នឹង​ផ្ទុះ​ក្នុង​ឆ្នាំ 2024 ហើយ​អាច​មើល​ឃើញដោយ​ភ្នែក​ទទេ

    នៅ​កណ្ដាល​កញ្ចុំ​ផ្កាយ​ Hercules នឹង​មាន​វត្ថុ​អវកាស​មួយ​ដែលមើល​ទៅ​ដូច​ផ្កាយ​ថ្មី​ទើប​បង្ហាញ​ខ្លួន​នៅ​លើផ្ទៃ​មេឃ​។

    យោង​តាម Science Alert ហេតុ​ការណ៍​ផ្ទុះ​ផ្កាយ​​ជិត​នឹង​កើត​ឡើង​របស់ T Coronae Borealis ដែល​ជា​ផ្កាយ​មួយ​គូ​ រួម​មាន​ «ផ្កាយ​ខ្មោចឆៅ» ​មួយ​ដួង និង​ជនរង​គ្រោះ​របស់​វា នឹង​បញ្ចេញ​ពន្លឺ​រហូត​ដល់​ថ្នាក់​មនុស្ស​នៅ​លើផែនដី​អាច​មើល​ឃើញ​វា​ដោយ​ភ្នែក​ទទេ​។

    T Coronae Borealis ធ្លាប់​បាន​ផ្ទុះ​ម្ដង​រួច​ហើយ​កាល​ពី​ឆ្នាំ 1946​។ យោង​តាម​ការ​គណនា​របស់​អ្នក​វិទ្យាសាស្ត្រ​នៅ​អង្គការ​ណាសា​ ផ្កាយ​ភ្លោះ​ T Coronae Borealis នឹង​ត្រូវ​ផ្ទុះ​ម្ដង​ទៀត​ នៅ​ចន្លោះ​ពី​ខែ​កុម្ភៈ ដល់​ខែ​កញ្ញា ឆ្នាំ 2024​។

    បច្ចុប្បន្ន វា​មិន​ទាន់​ផ្ទុះ ដូច្នេះ អ្នក​ដែល​ចូល​ចិត្ត​វិស័យ​តារា​សាស្ត្រ​ អាច​ទន្ទឹម​រង់​ចាំ​មើល​ព្រឹត្តិការណ៍​នេះ​ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ដាច់​ខែ​កញ្ញា​។

    តាម​រយៈ​ភ្នែក​ទទេ អ្នក​នឹង​បាន​ឃើញ​ចំណុច​ដែល​ភ្លឺ​មួយ​ដូច​ទៅ​នឹង​ផ្កាយ​ថ្មី​មួយ​ដួង​ទើប​រះ​នៅ​កណ្ដាល​កញ្ចុំ​ផ្កាយ​ Hercules ជា​ទី​ដែល​ផ្កាយ​មួយ​គូ​ខាងលើ​កំពុង​ស្ថិត​នៅ​។ ក្នុង​នោះ ពន្លឺ​របស់វា ​ភ្លឺ​ស្មើ​នឹងផ្កាយ​​ North Star

    T Coronae Borealis គឺជា​ប្រព័ន្ធ​ផ្កាយ​មួយ​ដែល​បាន​ឈាន​ចូល​ដល់​ដំណាក់​កាល​ស្លាប់​។ បច្ចុប្បន្ន វា​រួម​មាន​ ផ្កាយ​យក្ស​ក្រហម​មួយ​ដួង និង​កូន​ផ្កាយ​ក្រិន​ពណ៌​ស​ (White Dwarf) មួយ​ដួង​។ កូន​ផ្កាយ​ក្រិន​ពណ៌​ស​នេះ ​ដើរតួ​​ជា​ផ្កាយ​ខ្មោច​ឆៅ​​ ខណៈ​ដែល​ផ្កាយ​យក្ស​ក្រហម​គឺជា​ជន​រង​គ្រោះ​របស់​វា​។

    កូន​ផ្កាយ​ក្រិន​ពណ៌​ស​នេះ ចេះ​តែ​ជះ​កម្លាំង​សម្ពាធ​ ហែក​សាច់​ផ្កាយ​យក្ស​ក្រហម​ជាបន្ត​បន្ទាប់​។ នៅ​ពេល​សម្ពាធ​ធំ​គ្រប់​គ្រាន់ ផ្កាយ​យក្ស​ក្រហម​នឹង​ផ្ទុះ​ទៅ​តាម​វដ្ដ​មួយ​នៅ​ក្នុង​ព្រឹត្តិការណ៍​ដែល​ត្រូវ​បាន​ហៅ​ថា ហេតុ​ការណ៍​ផ្ទុះ​ណូវ៉ា​ ដោយ​បញ្ចេញ​វត្ថុ​ធាតុ​មួយ​ផ្នែក​របស់​វា​ទៅ​ក្នុង​បរិយាកាស​។

    វត្ថុ​ធាតុ​ពី​ផ្កាយ​យក្ស​ក្រហម​ដែល​ត្រូវ​បាន​បំបែក​ចេញ​ ក៏​ត្រូវ​បាន​កូន​ផ្កាយ​ក្រិន​ពណ៌​ស​ ស៊ី​ជា​ចំណី​ ក្នុង​រយៈ​ពេល​ខ្លី​។ ដូច្នេះ អ្នក​អាច​តាម​ដានគយ​គន់​​ព្រឹត្តិការណ៍​នេះ​ជា​ច្រើន​ថ្ងៃ​ផងដែរ​។

    រហូត​ដល់​ថ្ងៃ​ណា​មួយ​នោះ ផ្កាយ​យក្ស​ក្រហម​នឹង​ត្រូវ​ផ្កាយ​ក្រិន​ពណ៌​ស​ ហែក​ស៊ី​វត្ថុ​ធាតុ​រហូត​ដល់​ឆ្អែត​ «បែកពោះ​»​។ ពេល​នោះ ផ្កាយ​មួយ​គូ​នេះ​នឹង​ត្រូវ​ផ្ទុះ​ដំណាល​គ្នា​ និង​ខ្លាំង​ក្លា​ជាង​ការ​ផ្ទុះ​របស់​វា​នា​ពេល​កន្លង​ នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​ហៅ​ថា «ហេតុ​ការណ៍​ផ្ទុះ​ស៊ុបពើណូវ៉ា»។

    ផ្កាយ​យក្ស​ក្រហម​គឺជា​បណ្ដា​ផ្កាយ​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ «ដង្ហើម​ចង្រិត» ពេល​ដែល​ជិត​អស់​ថាមពល​។ ព្រះ​អាទិត្យ​របស់​មនុស្ស នៅ​សល់​ 5 ពាន់​លាន​ឆ្នាំ​ទៀត ​ក៏​នឹង​ក្លាយ​ជា​ផ្កាយ​យក្ស​ក្រហម​​​។

    ក្រោយ​ការ​ផ្ទុះ​ណូវ៉ា និង​ការផ្ទុះ​ស៊ុបពើ​ណូវ៉ា អ្វី​ដែល​នៅ​សេសសល់​ នឹង​ប្រមូលផ្ដុំ​គ្នា ក្លាយ​ជា​កូន​ផ្កាយ​ក្រិន​ពណ៌​ស ដែល​មាន​ទំហំ​ប្រហាក់​ប្រហែល​នឹង​ភព​ផែនដី​ ប៉ុន្តែ​មានផ្ទុក​​ថាមពល​មហិមា​។

    តាម​ការ​គណនា ក្រោយ​រយៈ​ពេល​ប្រហែល​ 10 ពាន់​លាន​ឆ្នាំទៀត​ ពោល​គឺ​ប្រហែល​ 5 ពាន់​លាន​ឆ្នាំ​ដែល​បាន​ក្លាយ​ជា​ផ្កាយ​យក្ស​ក្រហម​ ព្រះ​អាទិត្យ​របស់​មនុស្ស​នឹង​ក្លាយ​ទៅ​ជា​កូន​ផ្កាយ​ក្រិន​ពណ៌​ស​៕

  • វត្ថុអវកាស​ដែល​ «ធំជាង​គេ​បង្អស់​ក្នុង​ចក្រវាល» ​គឺជា​អ្វី?

    វត្ថុអវកាស​ដែល​ «ធំជាង​គេ​បង្អស់​ក្នុង​ចក្រវាល» ​គឺជា​អ្វី?

    នៅ​ក្នុង​ចក្រវាល​ដ៏ធំធេង​ដែល​មនុស្ស​អាច​សង្កេត​ឃើញ មាន​វត្ថុ​អវកាស​រាប់​មិន​អស់​ តាំង​ពី​ពពក​ធូលី​​អវកាស ណេប៊ូឡា រហូត​ដល់​បណ្ដុំ​កាឡាក់ស៊ី​។ ដូច្នេះ តើ​​វត្ថុ​អវកាស​ណា​មួយ​ដែល​ធំ​ជាង​គេ​?

    វត្ថុ​អវកាសធំជាង​គេ​បង្អស់​​ក្នុង​ចក្រវាល​​ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​រកឃើញ​នា​ពេល​កន្លង​ នោះ​គឺ​ Hercules–Corona Borealis Great Wall។

    ដោយ​មាន​បណ្ដោយ​ពី 6 ដល់ 18 ពាន់​លាន​ឆ្នាំ​ពន្លឺ​ Hercules–Corona Borealis Great Wall ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​វត្ថុ​អវកាស​ធំជាង​គេ​បង្អស់​ក្នុង​ចក្រវាល​ដែល​អាច​សង្កេត​ឃើញ​។ វា​គឺជា​បណ្ដុំ​នៃ​កាឡាក់ស៊ី​ដែល​តភ្ជាប់​នឹង​គ្នា​ដោយ​សារ​កម្លាំង​ទំនាញ​។

    ទំហំ​របស់​មហា​បណ្ដុំ​កាឡាក់ស៊ី​នេះ​ ធំ​ដល់​ថ្នាក់​ ពន្លឺ​ត្រូវ​ការ​ពេល​វេលា​ប្រហែល 10 ពាន់​លាន​ឆ្នាំ​ ទើប​ធ្វើ​ដំណើរ​ផុត​ប្រវែង​បណ្ដោយ​របស់​វា​។

    យោង​តាម Interesting Engineering មហា​បណ្ដុំ​កាឡាក់ស៊ី Hercules–Corona Borealis Great Wall ត្រូវ​បាន​រកឃើញ​កាល​ពី​ឆ្នាំ 2013 នៅ​ពេល​បង្កើត​ផែន​ទី​​កាំរស្មី​ហ្គាមម៉ា ជា​ពន្លឺ​ដែល​មាន​ថាមពល​ខ្លាំង​ជាង​គេ​បង្អស់​ក្នុង​ចក្រវាល​បច្ចុប្បន្ន។

    មហា​បណ្ដុំ​កាឡាក់ស៊ី​នេះ​ស្ថិតក្នុង​ក្រុម​តារានិករ​ Hercules និង Corona Borealis ដែល​មាន​​ចម្ងាយ​ពី​ផែនដី​ប្រហែល 10 ពាន់​លាន​ឆ្នាំ​ពន្លឺ​៕

  • យានអវកាស​អឺរ៉ុប​រកឃើញ​តម្រុយទាក់​ទង​នឹង «ភាព​ចម្លែក​ខុស​គេ»​​ នៃ​បរិយាកាស​​​​​ព្រះអាទិត្យ 

    យានអវកាស​អឺរ៉ុប​រកឃើញ​តម្រុយទាក់​ទង​នឹង «ភាព​ចម្លែក​ខុស​គេ»​​ នៃ​បរិយាកាស​​​​​ព្រះអាទិត្យ 

    យានអវកាស​មួយគ្រឿង​ដែល​កំពុងតែ​ធ្វើ​សកម្មភាព​ជុំវិញ​ព្រះអាទិត្យ បាន​រកឃើញ​ចម្លើយ​ស​ម្រា​ប់​សំណួរ​ដែល​សួរ​ថា «តើ​ព្រះអាទិត្យ​គឺជា​វត្ថុ​អវកាស​ដែល​ខុសគេ​ក្នុងចំណោម​តារា​នៅក្នុង​ចក្រវាល?»។

    ច្រើន​ទសវត្សរ៍​កន្លង ក្រុម​អ្នកវិទ្យាសាស្ត្រ​បានដឹងថា ព្រះអាទិត្យ​ហាក់បីដូចជា​ខុសពី​គេ ធៀប​នឹង​ផ្កាយ​នានា​ដែល​ធ្លាប់​ត្រូវបាន​សង្កេត។ ព្រះអាទិត្យ​បាន​បំបែក​រាល់​ទម្រង់​ស្ដីពី​ផ្កាយ ព្រោះ​វា​មាន​បរិយាកាស​ដែល​ក្ដៅ​មិន​សម​ហេតុ​ផល។

    សីតុណ្ហភាព​ក្នុង​បរិយាកាស​ខាងលើ​របស់​ព្រះអាទិត្យ (ស្រទាប់​កូ​រ៉ូ​ណា – corona) អាច​ឡើងដល់​ជាង 1.1 លាន​អង្សា​សេ ស្រប​ពេលដែល​តំបន់​ហ្វូ​តូ​ស​ហ្វៀ (Photosphere) ដែលជា​ស្រទាប់​លើ​បំផុត​របស់​ព្រះអាទិត្យ​ដែល​នៅ​ខាងក្រោម និង​មាន​ចម្ងាយ 1,600 គីឡូម៉ែត្រ​ពី​បរិយាកាស​កូរ៉ូណា បែរ​ជាមាន​កម្ដៅ​ត្រឹមតែ 5,500 អង្សា​សេ​ទៅវិញ។

    តាម​ធម្មតា បរិយាកាស​របស់​ផ្កាយ​មួយ​ដួង​ត្រូវបាន​ដុត​កម្ដៅ​ដោយសារ​ប្រតិកម្ម​នុយ​ក្លេ​អែរ​នៅ​ខាងក្នុង​ស្នូល​របស់​វា។ ដូច្នេះ ស្រទាប់​បរិយាកាស​ខាងលើ​របស់​ផ្កាយ មិន​អាចមាន​កម្ដៅ​ខ្ពស់ជាង 200 ដង ធៀប​នឹង​ស្រទាប់​ខាងក្រោម​ឡើយ​។ ស្រទាប់បរិយាកាស​​កូ​រ៉ូ​ណា​​របស់​ផ្កាយ​ គួរ​ណាស់​តែ​ត្រូវ​ត្រជាក់​ជាង​ស្រទាប់​ហ្វូ​តូ​ស​ហ្វៀ។

    ប្រការនេះ​បង្ហាញថា នៅមាន​អ្វីមួយ​ដែល​មនុស្ស​មិនទាន់​ដឹង កំពុងតែ​ដុត​កម្ដៅ​ផ្កាយ​មេ​របស់​ផែនដី។ នោះ​ជា​សំណួរ​ដែល​មិនមាន​ចម្លើយនៅក្នុង​រយៈពេល 80 ឆ្នាំ​កន្លង។

    ថ្មីៗនេះ យានអវកាស​ព្រះអាទិត្យ (SO) របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) បាន​រកឃើញ​អ្វីមួយ​យ៉ាង​ចម្លែក៖ រលក​ម៉េ​ញេ​ទិច​ប្រេកង់​ខ្ពស់ ដែល​ភាយ​ពាសពេញ​ស្រទាប់បរិយាកាស​​កូ​រ៉ូ​ណា។

    ពី​តំបន់​ដែលមាន​ចម្ងាយ 42 គីឡូម៉ែត្រ​ពី​ព្រះអាទិត្យ យាន SO បាន​ប្រើ​ប្រាស់​តេ​ឡេ​ស្កុប EUI របស់​បែលហ្ស៊ិក ដើម្បី​ថត​យក​រូបភាព​ស្រទាប់​បរិយាកាស​ខាងលើ​របស់​ព្រះអាទិត្យ ជាមួយនឹង​កម្រិត​ភាពច្បាស់​ខ្ពស់​មិន​ធ្លាប់មាន។ ហើយ​ពួកគេ​ក៏បាន​ឃើញ​រលក​ម៉ាញេ​ទិចតូចៗដែល​សាយភាយ​កាត់​តាម​ពន្លឺ​ប្លា​ស្មា​ក្នុង​ស្រទាប់​បរិយាកាស​ដ៏​ក្ដៅ​នេះ។

    អ្នកវិទ្យាសាស្ត្រ​ក៏​បន្ត​វិភាគ​លើ​ការស្រាវជ្រាវ​កន្លង និង​បានដឹងថា ទម្រង់​រលក​ម៉ាញេ​ទិច​ប្រេកង់​ខ្ពស់​ដែល​កើតឡើង​ដដែលៗក្នុង​ល្បឿន​លឿន អាច​ដុត​កម្ដៅ​ស្រទាប់​បរិយាកាស​កូរ៉ូណា​​​របស់​ព្រះអាទិត្យ​​ក្នុង​កម្រិត​ខ្ពស់​គួរ​ឱ្យ​កត់​សម្គាល់។

    ក៏ប៉ុន្តែ អ្វីដែល​បាន​រកឃើញ​នេះ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ។ អ្នកវិទ្យាសាស្ត្រ​កំពុងតែបន្ត​ស្វែងរក​ចម្លើយ​ដែល «ក្បោះ​ក្បាយ» ជាង​នេះ ដើម្បី​យល់ច្បាស់​អំពី​របៀប​ដែល​ស្រទាប់​បរិយាកាស​កូ​រ៉ូ​ណា​របស់​ព្រះអាទិត្យ​ត្រូវបាន​ដុត​កម្ដៅ និង​បង្កើតបានជា​បរិយាកាស​ព្រះអាទិត្យ​​ដែល​មាន​លក្ខណៈ​ខុសគេ​បែបនេះ៕

  • ម៉ាស់ចំនួនជាង 1លានសន្លឹក ត្រូវបានចែកជូនអ្នកដំណើរនៅប៉ោយប៉ែត និងសៀមរាប ខណៈក្រសួងសុខាភិបាលអំពាវនាវកុំឱ្យ​ដំឡើង​ថ្លៃ​ម៉ាស់

    ម៉ាស់ចំនួនជាង 1លានសន្លឹក ត្រូវបានចែកជូនអ្នកដំណើរនៅប៉ោយប៉ែត និងសៀមរាប ខណៈក្រសួងសុខាភិបាលអំពាវនាវកុំឱ្យ​ដំឡើង​ថ្លៃ​ម៉ាស់

    ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគរលាតសួត Wuhan (corona) នៅព្រឹកថ្ងៃទី27 ខែមករានេះ សមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិក្រុងប៉ោយប៉ែត បានចុះចែកម៉ាស់ជូនពលរដ្ឋ និងអ្នកទេសចរណ៍ដែលឆ្លងកាត់ច្រកអន្តរជាតិមួយនេះ។

    សកម្មភាពចែកម៉ាស់ការពារដោយមិនគិតថ្លៃនេះ ត្រូវបានធ្វើឡើងនៅតាមទីតាំងសំខាន់ៗចំនួន3 គឺច្រកស្ពានព្រំដែនខ្មែរ-ថៃ(អូរជ្រៅ) ទីតាំងក្បែរការិយាល័យបំពេញបែបបទចេញក្រៅប្រទេស និងទីតាំងក្បែរការិយាល័យបំពេញបែបបទចូលប្រទេស។

    ប្រភពព័ត៌មានបានឱ្យដឹងថា ម៉ាស់ចំនួន1លានសន្លឹកនេះ គឺជាការឧបត្ថម្ភរបស់អាជិវករលក់ដូរនៅក្នុងផ្សាររោងក្លឿ អាជីវករក្រុងប៉ោយប៉ែត រួមនឹងសប្បុរសជនមួយភាគធំនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    ការចុះចែកម៉ាស់នៅពេលព្រឹកនេះ ត្រូវបានដឹកនាំដោយអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល និងឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត រួមនឹងកងកម្លាំងនគរបាលមួយចំនួនធំផងដែរ។ ការចុះចែកម៉ាស់បែបនេះ នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ទៀត ចាប់ពីពេលនេះរហូតដល់ស្ថានការណ៍នៃជំងឺរលាកសួត Wuhan មានការប្រសើរឡើងវិញ។

    ទន្ទឹមនឹងដំណឹងល្អខាងលើ នៅឯខេត្តសៀមរាបឯណោះវិញ ក៏មានសកម្មភាពចុះចែកម៉ាស់ដោយមិនគិតថ្លៃផងដែរ។ សកម្មភាពនេះត្រូវបានធ្វើឡើងដោយសមាគម មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា។

    ប្រធានសមាគម មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា លោក ទៀ គីឡេង បានឱ្យដឹងកាលពីរសៀលថ្ងៃទី26 មករាម្សិលមិញថា លោកនឹងចាប់ផ្តើមចុះចែកម៉ាស់ចំនួន 1ម៉ឺនសន្លឹក ទៅតាមគោលដៅ 4សំខាន់ៗក្នុងរមណីយដ្ឋានអង្គរ ដូចជានៅព្រលានយន្តហោះអន្តរជាតិ អតីតកន្លែងពិនិត្យសំបុត្រចាស់នៅផ្លូវហ្សាលដឺហ្គោល កន្លែងពិនិត្យសំបុត្រនៅមុខប្រាសាទអង្គរវត្ត និងកន្លែងពិនិត្យសំបុត្រផ្លូវ 60ម៉ែត្រ ផ្លូវកែងឆ្ពោះទៅប្រាសាទក្រវាន់។ តាមការបញ្ជាក់ពីលោកប្រធានសមាគម បានឱ្យដឹងទៀតថា ការចុះចែកម៉ាស់ការពារដល់ទេសចរជាតិ និងអន្តរជាតិបានចាប់ផ្តើមតាំងពីរសៀលថ្ងៃទី26 រហូតដល់អស់ម៉ាស់តែម្ដង។

    ទន្ទឹមនឹងព័ត៌មានដ៏គួរឱ្យត្រេកអរខាងលើ ក៏មានដំណឹងមិនសូវល្អប៉ុន្មានដែរទាក់ទិននឹងការចំណាយម៉ាស់ការពារនេះ ដោយនៅក្នុងបណ្ដាញសង្គមជាច្រើននាពេលថ្មីៗនេះ គេឃើញមានការចែករំលែកពីគណនីមួយទៅគណនីមួយ អំពីតម្លៃម៉ាស់ស្ទើរគ្រប់តំបន់។

    ជាក់ស្ដែងមានគណនីហ្វេសប៊ុកមួយឈ្មោះ 丽儿 បានផូស្តរៀបរាប់ពីការឆ្លៀតឱកាសកេងប្រវ័ញ្ច និងដំឡើងថ្លៃម៉ាសនេះ ដោយគណនីមួយនេះបានបញ្ជាក់ថា ម៉ាស់កាពារ មុននេះថ្លៃតែ 2.5ដុល្លារប៉ុណ្ណោះក្នុង 1ប្រអប់ដែលមាន 50ម៉ាស់ ប៉ុន្តែពេលនេះគេលក់តម្លៃ ដល់ទៅ 6ដុល្លារក្នុង 1ប្រអប់។

    គួរឱ្យដឹងផងដែរថា តម្លៃម៉ាស់របស់ពេទ្យធម្មតា គ្រប់ពណ៌ ទាំងពណ៌ផ្ទៃមេឃ ខ្មៅ និងផ្កាឈូក 1ប្រអប់តម្លៃត្រឹមតែ 2.5ដុល្លារប៉ុណ្ណោះ ឯការលក់រាយវិញគឺ 2តម្លៃ 500រៀល ចំណែកឯម៉ាស់ប្រភេទការពារ N95 និង 3M វិញតម្លៃត្រឹមតែ 1$ ទៅ 2$ ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន តម្លៃនេះត្រូវបានគេគុណឡើងទ្វេដងជាបន្តបន្ទាប់។

    ដោយឡែក ថ្មីៗនេះ ក្រសួងសុខាភិបាលបានអំពាវនាវដល់អ្នកដែលលក់ម៉ាស់ការពារ (mask)ទាំងអស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា សូមចូលរួមទប់ស្កាត់ការចម្លងវីរុស កូរ៉ូណាថ្មី (2019-nCoV) ដោយសូមកុំដំឡើងថ្លៃ ម៉ាស់ ដោយទុកលទ្ធភាពឱ្យបងប្អូនប្រជាពលរដ្ឋយើង ដែលមានតម្រូវការប្រើម៉ាស់ អាចទិញប្រើប្រាស់បាន ដើម្បីចូលរួម ការពារសុខភាពផ្ទាល់ខ្លួនពីការចម្លងជំងឺដ៏គួរឱ្យភ័យខ្លាចនេះ៕