ផ្កាយ​មួយ​ដួង​នឹង​ផ្ទុះ​ក្នុង​ឆ្នាំ 2024 ហើយ​អាច​មើល​ឃើញដោយ​ភ្នែក​ទទេ

នៅ​កណ្ដាល​កញ្ចុំ​ផ្កាយ​ Hercules នឹង​មាន​វត្ថុ​អវកាស​មួយ​ដែលមើល​ទៅ​ដូច​ផ្កាយ​ថ្មី​ទើប​បង្ហាញ​ខ្លួន​នៅ​លើផ្ទៃ​មេឃ​។

យោង​តាម Science Alert ហេតុ​ការណ៍​ផ្ទុះ​ផ្កាយ​​ជិត​នឹង​កើត​ឡើង​របស់ T Coronae Borealis ដែល​ជា​ផ្កាយ​មួយ​គូ​ រួម​មាន​ «ផ្កាយ​ខ្មោចឆៅ» ​មួយ​ដួង និង​ជនរង​គ្រោះ​របស់​វា នឹង​បញ្ចេញ​ពន្លឺ​រហូត​ដល់​ថ្នាក់​មនុស្ស​នៅ​លើផែនដី​អាច​មើល​ឃើញ​វា​ដោយ​ភ្នែក​ទទេ​។

T Coronae Borealis ធ្លាប់​បាន​ផ្ទុះ​ម្ដង​រួច​ហើយ​កាល​ពី​ឆ្នាំ 1946​។ យោង​តាម​ការ​គណនា​របស់​អ្នក​វិទ្យាសាស្ត្រ​នៅ​អង្គការ​ណាសា​ ផ្កាយ​ភ្លោះ​ T Coronae Borealis នឹង​ត្រូវ​ផ្ទុះ​ម្ដង​ទៀត​ នៅ​ចន្លោះ​ពី​ខែ​កុម្ភៈ ដល់​ខែ​កញ្ញា ឆ្នាំ 2024​។

បច្ចុប្បន្ន វា​មិន​ទាន់​ផ្ទុះ ដូច្នេះ អ្នក​ដែល​ចូល​ចិត្ត​វិស័យ​តារា​សាស្ត្រ​ អាច​ទន្ទឹម​រង់​ចាំ​មើល​ព្រឹត្តិការណ៍​នេះ​ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ដាច់​ខែ​កញ្ញា​។

តាម​រយៈ​ភ្នែក​ទទេ អ្នក​នឹង​បាន​ឃើញ​ចំណុច​ដែល​ភ្លឺ​មួយ​ដូច​ទៅ​នឹង​ផ្កាយ​ថ្មី​មួយ​ដួង​ទើប​រះ​នៅ​កណ្ដាល​កញ្ចុំ​ផ្កាយ​ Hercules ជា​ទី​ដែល​ផ្កាយ​មួយ​គូ​ខាងលើ​កំពុង​ស្ថិត​នៅ​។ ក្នុង​នោះ ពន្លឺ​របស់វា ​ភ្លឺ​ស្មើ​នឹងផ្កាយ​​ North Star

T Coronae Borealis គឺជា​ប្រព័ន្ធ​ផ្កាយ​មួយ​ដែល​បាន​ឈាន​ចូល​ដល់​ដំណាក់​កាល​ស្លាប់​។ បច្ចុប្បន្ន វា​រួម​មាន​ ផ្កាយ​យក្ស​ក្រហម​មួយ​ដួង និង​កូន​ផ្កាយ​ក្រិន​ពណ៌​ស​ (White Dwarf) មួយ​ដួង​។ កូន​ផ្កាយ​ក្រិន​ពណ៌​ស​នេះ ​ដើរតួ​​ជា​ផ្កាយ​ខ្មោច​ឆៅ​​ ខណៈ​ដែល​ផ្កាយ​យក្ស​ក្រហម​គឺជា​ជន​រង​គ្រោះ​របស់​វា​។

កូន​ផ្កាយ​ក្រិន​ពណ៌​ស​នេះ ចេះ​តែ​ជះ​កម្លាំង​សម្ពាធ​ ហែក​សាច់​ផ្កាយ​យក្ស​ក្រហម​ជាបន្ត​បន្ទាប់​។ នៅ​ពេល​សម្ពាធ​ធំ​គ្រប់​គ្រាន់ ផ្កាយ​យក្ស​ក្រហម​នឹង​ផ្ទុះ​ទៅ​តាម​វដ្ដ​មួយ​នៅ​ក្នុង​ព្រឹត្តិការណ៍​ដែល​ត្រូវ​បាន​ហៅ​ថា ហេតុ​ការណ៍​ផ្ទុះ​ណូវ៉ា​ ដោយ​បញ្ចេញ​វត្ថុ​ធាតុ​មួយ​ផ្នែក​របស់​វា​ទៅ​ក្នុង​បរិយាកាស​។

វត្ថុ​ធាតុ​ពី​ផ្កាយ​យក្ស​ក្រហម​ដែល​ត្រូវ​បាន​បំបែក​ចេញ​ ក៏​ត្រូវ​បាន​កូន​ផ្កាយ​ក្រិន​ពណ៌​ស​ ស៊ី​ជា​ចំណី​ ក្នុង​រយៈ​ពេល​ខ្លី​។ ដូច្នេះ អ្នក​អាច​តាម​ដានគយ​គន់​​ព្រឹត្តិការណ៍​នេះ​ជា​ច្រើន​ថ្ងៃ​ផងដែរ​។

រហូត​ដល់​ថ្ងៃ​ណា​មួយ​នោះ ផ្កាយ​យក្ស​ក្រហម​នឹង​ត្រូវ​ផ្កាយ​ក្រិន​ពណ៌​ស​ ហែក​ស៊ី​វត្ថុ​ធាតុ​រហូត​ដល់​ឆ្អែត​ «បែកពោះ​»​។ ពេល​នោះ ផ្កាយ​មួយ​គូ​នេះ​នឹង​ត្រូវ​ផ្ទុះ​ដំណាល​គ្នា​ និង​ខ្លាំង​ក្លា​ជាង​ការ​ផ្ទុះ​របស់​វា​នា​ពេល​កន្លង​ នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​ហៅ​ថា «ហេតុ​ការណ៍​ផ្ទុះ​ស៊ុបពើណូវ៉ា»។

ផ្កាយ​យក្ស​ក្រហម​គឺជា​បណ្ដា​ផ្កាយ​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ «ដង្ហើម​ចង្រិត» ពេល​ដែល​ជិត​អស់​ថាមពល​។ ព្រះ​អាទិត្យ​របស់​មនុស្ស នៅ​សល់​ 5 ពាន់​លាន​ឆ្នាំ​ទៀត ​ក៏​នឹង​ក្លាយ​ជា​ផ្កាយ​យក្ស​ក្រហម​​​។

ក្រោយ​ការ​ផ្ទុះ​ណូវ៉ា និង​ការផ្ទុះ​ស៊ុបពើ​ណូវ៉ា អ្វី​ដែល​នៅ​សេសសល់​ នឹង​ប្រមូលផ្ដុំ​គ្នា ក្លាយ​ជា​កូន​ផ្កាយ​ក្រិន​ពណ៌​ស ដែល​មាន​ទំហំ​ប្រហាក់​ប្រហែល​នឹង​ភព​ផែនដី​ ប៉ុន្តែ​មានផ្ទុក​​ថាមពល​មហិមា​។

តាម​ការ​គណនា ក្រោយ​រយៈ​ពេល​ប្រហែល​ 10 ពាន់​លាន​ឆ្នាំទៀត​ ពោល​គឺ​ប្រហែល​ 5 ពាន់​លាន​ឆ្នាំ​ដែល​បាន​ក្លាយ​ជា​ផ្កាយ​យក្ស​ក្រហម​ ព្រះ​អាទិត្យ​របស់​មនុស្ស​នឹង​ក្លាយ​ទៅ​ជា​កូន​ផ្កាយ​ក្រិន​ពណ៌​ស​៕

Advertisement