Tag: Ake

  • ភព​ខ្នាត​យក្ស​មួយ​ទើបតែ​លេចមុខ​ឡើង​ ក្រោយ​ការ​រីក​មាឌ​របស់​ផ្កាយ​មេ

    ភព​ខ្នាត​យក្ស​មួយ​ទើបតែ​លេចមុខ​ឡើង​ ក្រោយ​ការ​រីក​មាឌ​របស់​ផ្កាយ​មេ

    ភព​ខ្នាត​ធំ​មួយ​ដែល​ត្រូវបាន​ដាក់ឈ្មោះថា Halla ទើបតែ​បានបង្ហាញ​ខ្លួន​ដោយ​គោចរ​ជុំវិញ Bakedu ដែល​ជា​វត្ថុ​អវកាស​​ទើបតែ​លេច​ឡើងជា​ផ្កាយ​យក្ស​ក្រហម ហើយ​គួរ​ណាស់​តែ​បាន​លេប​ត្របាក់​ភព​នេះ​រួចហើយ​។

    Halla ដែលជា​ភព​ខ្នាត​យក្ស​ដូច​ទៅនឹង​ភព​ព្រហស្បតិ៍ ត្រូវបាន​រកឃើញ​នៅពេល​ក្រុម​អ្នកវិទ្យាសាស្ត្រ​ពិនិត្យមើល​ដំណាក់កាល Bakedu រីក​មាឌ និង​ក្លាយជា​ផ្កាយ​ខ្នាត​យក្ស​ពណ៌​ក្រហម។

    ផ្កាយ​នានា​នៅក្នុង​ចក្រវាល​ដែល​ដូច​ព្រះអាទិត្យ​របស់​មនុស្ស នៅពេល​អស់​ថាមពល​នឹង​ប៉ោង​ឡើង រីក​មាឌ​ជា​លើកចុងក្រោយ ក្លាយជា​ផ្កាយ​យក្ស​ក្រហម ដោយ​ធំ​ជាង​មុន 1.5 ដង។ ក្រោយមក វា​នឹងត្រូវ​ដួលរលំ ក្លាយជា​កូន​ផ្កាយ​ពណ៌​ស។

    ក្នុងអំឡុងពេល​រីក​មាឌ​ជា​លើកចុងក្រោយ ផ្កាយ​ទាំងនេះ​អាច​លេប​ត្របាក់​យក​បណ្ដា​ភព​ដែល​នៅក្បែរ​វា។ ព្រះអាទិត្យ​របស់​មនុស្ស​ក៏ត្រូវ​បាន​ព្យាករ​ថា នឹង​លេប​យក​ភព​ចំនួន​បី​ដែល​នៅក្បែរ រួមមាន ភព​ពុធ ភព​សុក្រ និង​ផែនដី នៅ​ពេល​វា​រីក​មាឌ​។

    ក៏ប៉ុន្តែ នៅ​ជុំវិញ​ផ្កាយ Bakedu ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់​វិទ្យាស្ថាន​តារាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Hawaii (សហរដ្ឋ​អាម៉េរិក) បាន​ប្រទះឃើញ Halla បង្ហាញខ្លួន​បន្ទាប់ពី​ហេតុការណ៍​រីក​មាឌ​ដល់​កម្រិត​កំពូល​​របស់​ផ្កាយ​ក្រហម Bakedu។ ភព Halla «នៅមាន​ជីវិត»​ និង​ស្ថិត​នៅ​ក្នុង​លំហ​ដែល​មុន​នោះ​ផ្កាយ Bakedu បាន​គ្របដណ្ដប់​ទាំងស្រុង។

    ការសង្កេត​ថ្មី​បំផុត​បាន​បញ្ជាក់ថា ភព​ខាងលើ​នៅតែ​គោចរ​លើ​គន្លង​​ប្រកបដោយ​ស្ថិរភាព​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍ និង​នៅតែមាន «ជីវិត» ជាមួយនឹង​ផ្កាយ​មេ​ដែល​កំពុង​ព្យាយាម​លេប​យក​វា។

    អ្នកវិទ្យាសាស្ត្រ​មិនទាន់​យល់ច្បាស់​ថា ហេតុអ្វី​បានជា Halla នៅមាន​ជីវិត។ មានការ​សន្និដ្ឋានថា Halla ប្រហែលជា​ធ្លាប់​គោចរ​ក្នុង​គន្លង​តារាវិថី​ឆ្ងាយ នៅ​មុនពេល​ហេតុការណ៍​រីក​មាឌ​របស់ Bakedu។ ប៉ុន្តែ លទ្ធភាព​នេះ​ហាក់​មាន​តិចតួច។

    លទ្ធភាព​ទី​ពីរ​គឺថា Halla បានកកើតឡើង​ពី​ការ​ប៉ះគ្នា​រវាង​ផ្កាយ​ពីរ​ដួង។ ដូច្នេះ Halla អាចជា «ខ្មោចឆៅ» របស់​ផ្កាយ​មួយ​ដួង​ក្នុងចំណោម​ពីរ​ដែល​បាន​ងាប់ ពោលគឺ​មិនមែន Bakedu។

    លទ្ធភាព​ទី​បី គឺថា Halla ពិតជា​នៅមាន​ជីវិត​ក្រោយ​ហេតុការណ៍​ផ្កាយ Bakedu ​រីក​មាឌ។ ប្រការនេះ​អាច​នាំមក​នូវ​ក្ដីសង្ឃឹម​ខ្លះ​សម្រាប់​អនាគត​របស់​ផែនដី៕

  • ផ្ទាំង​ទឹកកក​ធំជាងគេ​បង្អស់​លើ​ពិភពលោក​បែកបាក់​រលា​យ​ខ្ទេចខ្ទី

    ផ្ទាំង​ទឹកកក​ធំជាងគេ​បង្អស់​លើ​ពិភពលោក​បែកបាក់​រលា​យ​ខ្ទេចខ្ទី

    រូបភាព​ពី​ផ្កាយរណប​របស់​ណា​សា កាលពី​ចុងខែ​ឧសភា​បាន​បង្ហាញថា A-76A ដែលជា​ផ្ទាំង​ទឹកកក​ធំ​ជាង​ទីក្រុង Los Angeles ពីរដង បាន​បែកបាក់​ខ្ទេចខ្ទី​នៅក្បែរ​កោះ Georgia ខាងត្បូង របស់​ចក្រភព​អង់គ្លេស។

    A-76A គឺជា​ផ្ទាំង​ធំជាងគេ​ដែល​នៅសល់​របស់ A-76 ដែលជា​ផ្ទាំង​ទឹកកក​មាន​ទំហំ​ប្រហែល 4,320 គីឡូម៉ែត្រ​ការ៉េ និង​មាន​បណ្ដោយ 170 គីឡូម៉ែត្រ ទទឹង 25 គូ​ឡូ​ម៉ែត្រ ដែល​បាន​បែក​ចេញពី​ខឿន​នៃ​ផ្ទាំង​ទឹកកក Ronne របស់​ទ្វីប​អង់​តាក​តិច កាលពី​ខែឧសភា 2021។

    កាលពី​ថ្ងៃទី 24 ឧសភា 2023 ផ្កាយរណប Terra របស់​ណា​សា​ថតរូប​ភាព​ថ្មី​បំផុត​អំពី​បំណែក​ទាំង 6 របស់ A-76A ដែល​កំពុង​អណ្ដែត​ចេញ​ឆ្ងាយ​ពីគ្នា​នៅក្បែរ​កោះ Georgia ខាងត្បូង ក្នុង​សមុទ្រ Scotia ដែល​នេះ​មានន័យថា ផ្ទាំង​ទឹកកក​ខ្នាត​យក្ស​នេះ​បាន​បែក​ពីគ្នា​កាលពី​ច្រើន​ថ្ងៃមុន​មកហើយ។ បំណែក​ផ្ទាំង​ទឹកកក​ទាំងនេះ​មាន​ចម្ងាយ​ប្រហែល 2,415 គីឡូម៉ែត្រ​ពី​កន្លែង​ដែល A-76 បាន​បែក​ចេញពី​ទ្វីប​អង់​តាក​តិច​កាលពី​ឆ្នាំ 2021។

    ផ្ទាំង​ទឹកកក​អណ្ដែត​ធំជាងគេ​លើ​ពិភពលោក​នាពេល​កន្លង គឺ A-68A ក៏បាន​បែកបាក់​ខ្ទេចខ្ទី​នៅក្បែរ​កោះ Georgia ខាងត្បូង កាលពី​ខែធ្នូ 2020 ក្រោយពី​បាន​អណ្ដែត​តាម​ឆកសមុទ្រ Drake។ A-76A មិន​ប៉ះទង្គិច​ផ្ទាល់​ជាមួយនឹង Georgia ខាងត្បូង ប៉ុន្តែ​នៅតែ​អាច​បង្ក​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​ជីវចម្រុះ​ក្នុង​សមុទ្រ​នៅក្បែរនោះ។

    កាលពី​ពាក់កណ្ដាល​ឆ្នាំ 2021 នៅពេល A-68A បាន​រលាយ​ទាំងស្រុង ក្រុម​អ្នកវិទ្យាសាស្ត្រ​គណនា​ឃើញថា វា​បាន​បន្ថែម​ទឹកសាប​ប្រហែល 900 លាន​តោន​ចូលក្នុង​សមុទ្រ ដែល​ភាគច្រើន​នៅ​តំបន់​ក្បែរ​កោះ Georgia ខាងត្បូង។ ចំណែក A-76A វិញ ក៏​នឹង​បន្ថែម​ទឹកសាប​យ៉ាងច្រើន​ទៅក្នុង​តំបន់​សមុទ្រ​ក្បែរ​ខាង និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​អាហារ​នៅក្នុង​សមុទ្រ បើសិនជា​វា​បាន​រលាយ​អស់។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ទំ​ព័រ Live Science ៕

  • រថភ្លើង​​អាកាស​ បរ​ក្រោម​​ផ្លូវដែក​មួយ​ជួរ​​នៅ​ប្រទេស​ចិន ដំណើរ​ការ​ស្វ័យ​ប្រវត្ត

    រថភ្លើង​​អាកាស​ បរ​ក្រោម​​ផ្លូវដែក​មួយ​ជួរ​​នៅ​ប្រទេស​ចិន ដំណើរ​ការ​ស្វ័យ​ប្រវត្ត

    រថភ្លើង​ដែលមាន​ល្បឿន 60 គីឡូម៉ែត្រ/ម៉ោង​ ​ស្ថិតនៅក្នុង​ទីក្រុង Wuhan ខេត្ត Hubei ប្រទេស​ចិន ​ដំណើរការ​ដោយ​ស្វ័យប្រវត្ត និង​ស្ងាត់ នាំមក​នូវ​បទពិសោធន៍​ផាសុកភាព​ដល់​អ្នកដំណើ​រ។

    រថភ្លើង​ដែល​មាន​ឈ្មោះថា «Optics valley photon» ត្រូវ​បាន​ព្យួរ​ក្រោម​​ផ្លូវដែក​​មួយ​ជួរ​ ធ្វើឱ្យ​វា​ដូច​ទៅនឹង​កា​រ​បរ​ត្រលប់​ពីលើ​មកក្រោម។ នៅពេល​រត់​ខាងលើ​ទីក្រុង​នៅពេល​យប់ រថភ្លើង​នេះ​មាន​ពន្លឺ​ដ៏​ស្រស់​ស្អាត​។

    ធៀប​នឹង​រថភ្លើង​អគ្គិសនី​ក្រោម​ដី​ដែល​បរ​លើផ្លូវ​ដែក​ពីរ​ជួរ​បច្ចុប្បន្ន រថភ្លើង​ព្យួរ​ក្រោម​ផ្លូវដែក​មួយ​ជួរ​នេះ​ស្ងាត់ ល្អ​ និង​មាន​ផាសុកភាព​ជាង។ រថភ្លើង​នេះ​ក៏​មិន​ត្រូវបាន​រំខាន​ដោយ​មនុស្ស ឬ​យានយន្ត​ដទៃ។ អស្ចារ្យ​ជាង​នេះ នោះ​គឺ​អ្នកដំណើរ​អាច​គយ​គន​ទេសភាព​ទីក្រុង​ពី​ជ្រុង​មួយ​ខុសពី​រថភ្លើង​ធម្មតា តាមរយៈ​បាត​ធ្វើ​ពី​កញ្ចក់​។​

    រថភ្លើង​ព្យួរ​បញ្ច្រាស​ក្រោម​ផ្លូវដែក​មួយ​ជួរ​នេះ​ដំណើរការ​ប្រកបដោយ​ភាព​ឆ្លាត​វៃ ក្នុង​ល្បឿន​អតិបរមា 60 គីឡូម៉ែត្រ/ម៉ោង។ ដំណើរការ​ទាំងស្រុងរ​បស់​រថភ្លើង​នេះ រួមមាន ការ​បើក​បិទ​ទ្វារ ការ​ចាប់ផ្ដើម​រត់ និង​ការ​ចូល​ចត​ក្នុង​ស្ថានីយ គឺ​សុទ្ធតែ​ធ្វើឡើង​ដោយ​ស្វ័យប្រវត្ត​ ​មិនបាច់​មាន​​ជំនួយ​ពី​មនុស្ស​។

    រថភ្លើង​នេះ​កំពុងដំណើរការ​ដូច​ទៅនឹង​ផ្លូវ​ទស្សនកិច្ច​សម្រាប់​ទេស​ចរ​នៅ​តំបន់​អភិវឌ្ឍ​បច្ចេកវិទ្យា​ជាន់ខ្ពស់ East Lake (East Lake Hi-tech Development Zone) របស់​ទីក្រុង Wuhan។

  • ការការពារឧប្បត្តិហេតុចំពោះក្មេងតូចក្នុងអំឡុងវ័យ 1-12ខែ តើឪពុកម្ដាយត្រូវប្រយ័ត្នអ្វីខ្លះ?

    ការការពារឧប្បត្តិហេតុចំពោះក្មេងតូចក្នុងអំឡុងវ័យ 1-12ខែ តើឪពុកម្ដាយត្រូវប្រយ័ត្នអ្វីខ្លះ?

    ឧប្បត្តិហេតុ គឺជារឿងមិននឹកស្មានដល់ដែលគ្មានអ្នកណាចង់ឱ្យកើតឡើងឡើយ ជាពិសេសបំផុតកូនតូចក្នុងវ័យទារក ព្រោះអាចនាំមកនូវគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗខ្លាំងជាមនុស្សចាស់ និងក្មេងធំ។ ទាំងអស់នេះបើឪពុកម្ដាយ ឬអ្នកមើលថែទាំទារកបាននឹកដល់ឧប្បត្តិហេតុដែលអាចនឹងកើតឡើងក្នុងអំឡុងវ័យនីមួយៗរបស់ទារក វាអាចកាត់បន្ថយឱកាសក្នុងការកើតឧប្បត្តិហេតុលើក្មេងតូចបាន។

    អំឡុងអាយុ 1ដល់ 2ខែ

    ទារកនឹងអាចលើកក្បាលឡើងបានបន្តិច តាមសម្លឹងមើល យំរំខានកាន់តែច្រើន ជាពិសេសក្នុងអំឡុង 3ខែដំបូងនៃជីវិត។ ឧប្បត្តិហេតុដែលគួរប្រយ័ត្នគឺ ការរបូតធ្លាក់ចេញពីដៃមនុស្សធំដែលព ឬបី ឬឧប្បត្តិហេតុនៅពេលមនុស្សធំកាន់វត្ថុក្ដៅៗក្នុងដៃខណៈពេលបីទារក និងគួរប្រយ័ត្ន Shaken baby syndrome ជាសភាវដែលកើតពីការចាប់អង្រួនទារកខ្លាំងៗ ដែលមានមូលហេតុមកពីអារម្មណ៍ដែលខឹងមួម៉ៅខ្លាំង រួមទាំងការមិនបានដឹងពីផលប៉ះពាល់របស់មនុស្សធំ។ ការចាប់អង្រួនទារកខ្លាំងៗ នឹងធ្វើឱ្យសាច់ខួរក្បាលប៉ះទង្គិចនឹងឆ្អឹងលលាដ៍ក្បាល សរសៃឈាមជុំវិញសាច់ខួរក្បាលដាច់រហែក រហូតកើតសភាវហូរឈាមក្នុងខួរក្បាល ផ្ទាំងប្រព័ន្ធប្រសាទកែវភ្នែករងគ្រោះថ្នាក់ ខួរក្បាលប៉ះទង្គិចខ្លាំងក្លា អាចធ្វើឱ្យខ្វាក់ភ្នែក ឬដល់ថ្នាក់ស្លាប់បាន។

    អំឡុងអាយុ 4-5ខែ

    ទារកនឹងអាចលើកក្បាលត្រង់បានហើយ ចេះគប់វត្ថុតូចៗដែលកាន់នៅក្នុងដៃ និងអាចក្រឡាប់ខ្លួនបានហើយ ដូច្នេះទើបគួរប្រយ័ត្នឧប្បត្តិហេតុដែលបណ្ដាលមកពីការក្រឡាប់ខ្លួននេះ ឬរបស់លេងដែលងាយបែកបាក់ ឬវត្ថុមុតស្រួច រួមទាំងឧប្បត្តិហេតុដោយសាររថយន្ត ដោយសារតែក្នុងអំឡុងវ័យនេះ មនុស្សធំច្រើនតែចាប់ផ្ដើមនាំទារចេញក្រៅផ្ទះច្រើនឡើងហ្នឹងឯង។ ការធ្វើដំណើរចេញក្រៅផ្ទះដោយរថយន្ត គួរឱ្យទារកអង្គុយក្នុង ខារ៍ស៊ីត(Carseat) សម្រាប់ទារកបែបបែរមុខទៅខាងក្រោយ និងគួរឱ្យអង្គុយបែបបែរទៅក្រោយនេះរហូតដល់អាយុ 2ឆ្នាំ។

    អំឡុងអាយុ 6ខែ

    ទារកនឹងចាប់ផ្ដើមងើបខ្លួនឡើងបានដោយខ្លួនឯង ក្រឡាប់បានកាន់តែចំណានឡើង បង្វិលខ្លួនទៅមុខបាន តែនៅត្រូវអាស្រ័យការជួយទប់ប្រគងខ្លះៗ និងអាចផ្ទេររបស់របរពីដៃម្ខាងទៅដៃម្ខាងបានហើយ។ ក្នុងអំឡុងវ័យនេះ ឪពុកម្ដាយមួយចំនួននឹងចាប់ផ្ដើមឱ្យកូនអង្គុយក្នុងកៅអីរទេះហាត់ដើរហើយ ដែលរឿងនេះមិនគួរធ្វើជាទីបំផុត ព្រោះអាចនាំមកនូវគ្រោះថ្នាក់ដែលធ្ងន់ធ្ងរបានតាមរយៈការធ្លាក់ពីទីខ្ពស់ ឬការដែលរទេះហាត់ដើរក្រឡាប់ជាដើម ដែលនឹងនាំឱ្យមានការរងគ្រោះដល់ឆ្អឹងកងក និងឈាមហូរនៅក្នុងខួរក្បាលដែលបណ្ដាលមកពីការដួលបោកក្បាល និងបាក់ឆ្អឹងដៃ-ជើង រួមទាំងគួរប្រយ័ត្នការទាក់កទារកដោយខ្សែភ្លើង ឬខ្សែរូតវាំងននជាដើម។

    អំឡុងអាយុ 9ខែ

    ទារកនឹងអាចអង្គុយបានដោយមិនចាំបាច់ជួយទប់ អាចវារ និងលូនបាន ដៃអាចចាប់កាន់យកវត្ថុតូចៗបាន និងចេះយកដៃដាក់ក្នុងមាត់ និងយកចំណីដាក់ចូលមាត់ខ្លួនឯងបានហើយ ដូច្នេះទើបត្រូវប្រយ័ត្នការដែលទារករំកិលខ្លួនទៅជិតទឹក ឬវត្ថុក្ដៅៗ ដែលអាចកើតឧប្បត្តិហេតុពីការលង់ទឹក ឬរលាកទឹកក្ដៅ ឬវត្ថុក្ដៅៗបាន។ ក្រៅពីនេះគួរប្រយ័ត្នការស្លាក់ចំណីអាហារ ឬវត្ថុតូចៗផ្សេងៗដែលទារកចាប់ដាក់ចូលមាត់ រហូតធ្វើឱ្យស្ទះបំពង់ផ្លូវដង្ហើម ដូចជាគ្រាប់សណ្ដែកតូចៗ ឬកាក់ជាដើម។

    អំឡុងអាយុ 12ខែ

    ទារកនឹងអាចឈរបានមួយភ្លែតៗ តោងនឹងរបស់អ្វីម្យ៉ាងដើម្បីងើបឈរឡើងបានដោយខ្លួនឯង អាចដើរបានដោយការដឹកដៃពីមនុស្សធំ អាចចាប់កាន់វត្ថុតូចៗដោយម្រាមចង្អុលដៃ និងម្រាមមេដៃ និងដួសចំណីអាហារដាក់ចូលមាត់ខ្លួនឯងបាន ដូច្នេះទើបត្រូវប្រយ័ត្នលើការញ៉ាំវត្ថុចម្លែកៗ ឬយកវត្ថុដែលមានជាតិពុលផ្សេងៗដាក់ចូលមាត់។ ការស្លាក់អាហារ ឬវត្ថុរបស់របរ ឧប្បត្តិហេតុពីការលង់ទឹក ឬរអិលធ្លាក់ជំពប់ដួលផ្សេងៗ ជាពិសេសការធ្លាក់ពីទីខ្ពស់ ឬពីបង្អួច ដោយសារតែពេលខ្លះអ្នកមើលថែទាំអាចភ្លេចថា ទារកអាចកម្រើក ឬរំកិលខ្លួនទៅណាមកណាដោយខ្លួនឯងបានច្រើនហើយ។

    ឪពុកម្ដាយគួរឧស្សាហ៍សង្កេតមើលវិវឌ្ឍនាការផ្សេងៗតាមវ័យរបស់ទារក និងត្រូវនឹកគិតក្នុងចិត្តជាប់ជានិច្ចថា តើស្ថានភាពជុំវិញផ្សេងៗ រួមទាំងវត្ថុរបស់របរជុំវិញខ្លួន អាចជាមូលហេតុធ្វើឱ្យកើតឧប្បត្តិហេតុបាន ឬទេ? ដើម្បីជួយកាត់បន្ថយភាពប្រថុយប្រថាន និងបង្ការគ្រោះថ្នាក់ពីឧប្បត្តិហេតុដែលកើតឡើងពីការធ្វេសប្រហែស ឬស្មានមិនដល់។ ដើម្បីសុវត្ថិភាពរបស់ទារក ទាំងអស់នេះគួរឱ្យទារកស្ថិតក្នុងក្រសែភ្នែករបស់មនុស្សធំជានិច្ច៕

  • Ake របស់ Chelsea ត្រៀម​បំពេញការផ្ទេរ​ទៅ Bournemouth

    Ake របស់ Chelsea ត្រៀម​បំពេញការផ្ទេរ​ទៅ Bournemouth

    ខ្សែ​ការ​ពារ Nathan Ake កំពុង​តែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុងការ​បំពេញការផ្ទេរ​ទៅ​កាន់​ក្លិប Bournemouth ក្នុងតម្លៃខ្លួន​​ជា​​កំណត់ត្រា​របស់​ក្លិប​នេះ​​​ចំនួន​20លានផោន (ស្មើ​នឹង​25.88​លាន​ដុល្លារអាមេ​រិក) ពីក្លិប​តោ​​ខៀវ Chelsea។

    ការ​ព្រម​​ព្រៀង​គ្នាមួយ​នេះត្រូវ​បាន​ឈាន​ដល់​​លក្ខ​ខណ្ឌ​សំខាន់​ផ្សេង​ៗ​រវាងក្លិប​ទាំងពីរដោយ​នៅសល់​តែ​សេចក្តី​លម្អិត​បន្តិច​​បន្តួច​ប៉ុណ្ណោះក្នុង​ការ​​ដោះ​ស្រាយ ខណៈដែល Ake ត្រូវ​បាន​គេ​រំពឹង​​ទុក​ថា នឹង​ចុះហត្ថលេខា​រយៈ​ពេល​5​ឆ្នាំ​ក្នុង​រយៈ​ពេល​48​ម៉ោង​ទៀតហើយ​និង​ត្រូវ​ចូល​​រួម​ជាមួយ​នឹង​​មិត្ត​រួមក្រុមថ្មី​របស់​គេ​នៅ​​ពេល​​​​ហ្វឹកហាត់មុន​បើក​​រដូវកាល​ក្រោយ​​ចាប់ផ្តើម​។ ការ​នាំ​យក Ake នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​​ការទទួល​ជោគ​ជ័យមួយ​​សម្រាប់ក្លិប Bournemouth ដែល​បាន​យក​ឈ្នះក្នុង​ការប្រជែង​ពី​សំណាក់ក្លិប West Bromwich Albion, Newcastle United, Southampton និង West Ham United ក៏ដូច​ជាក្លិប​មកពីក្រៅ​ប្រទេស​ជាច្រើន​ទៀត​ដែរ។ ខ្សែការ​ពារ​វ័យ​22​ឆ្នាំ​រូប​នេះ ​បាន​ចំណាយ​ពេល​ពាក់កណ្តាល​រដូវកាលមុនក្នុងនាម​ជាកីឡាករ​កម្ចី​នៅ​ឯ​ក្លិប Bournemouth​ និង​បាន​បង្ហាញពី​ទម្រង់លេង​ដ៏គួរ​ឲ្យ​ចាប់អារម្មណ៍​ក្រោមការ​ដឹកនាំ​របស់​លោក Eddie Howe​ ដែល​បាន​រងនូវការ​ខកចិត្ត​យ៉ាង​ខ្លាំងនៅ​​ពេល​ដែល Chelsea បាន​ធ្វើការ​កោះ​​ហៅ Ake ​​​ឱ្យ​ចូល​រួម​​ជា​ថ្មី​ជាមួយនឹងក្រុម​របស់​ខ្លួន​វិញ​កាលពី​ខែ​មក​រា​។

    អ្នក​ចាត់​ការ​ទូទៅ​របស់ក្លិប Bournemouth រូប​នេះធ្លាប់បាន​ទទួល​បរា​ជ័យ​ក្នុងការ​ចុះ​ហត្ថ​លេខា​ជាមួយនឹង Akeក្នុងកិច្ច​សន្យា​ជា​អចិន្ត្រៃយ៍រួចមកហើយនៅ​ថ្ងៃ​ចុងក្រោយ​នៃ​ការ​បិទ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​កាលពី​ខែមករា ប៉ុន្តែឥឡូវបាន​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​ជា​ថ្មី​របស់​​ខ្លួនភ្លាម​ៗ​​នៅ​រដូវ​ក្តៅនេះ​៕

    ប្រភព​ពី៖ The Guardian