Tag: Ake

  • រកឃើញ​ព្រះ​ចន្ទ​ថ្មី​ចំនួន​បី​ដួងទៀត នៅក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​

    រកឃើញ​ព្រះ​ចន្ទ​ថ្មី​ចំនួន​បី​ដួងទៀត នៅក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​

    សហព័ន្ធ​តារា​សាស្ត្រ​អន្តរជាតិ (IAU) ទើប​តែ​បាន​ទទួល​ស្គាល់​ «ពលរដ្ឋ» ថ្មី​ចំនួន​ 3 ទៀត ​របស់​ប្រព័ន្ធ​ព្រះ​អាទិត្យ​ ដែល​រួម​មាន​ ព្រះ​ចន្ទ​ពីរ​ដួង​របស់​ភព​ណិបទូន និង​ព្រះ​ចន្ទ​មួយ​ដួង​របស់​ភពអ៊ុយរ៉ានុស​។

    ព្រះ​ចន្ទ​ថ្មី​ចំនួន​បី​ដួង​នេះ​ នឹង​ត្រូវ​បាន​ដាក់​ឈ្មោះ​ទៅ​តាម​តួអង្គ​ក្នុង​ទេវកថា​ក្រិក និង​​ល្ខោន Shakespeare។

    ព្រះ​ចន្ទ​វិល​ជុំវិញ​ភព​អ៊ុយរ៉ានុស​ដែល​មាន​ស្លាក​លេខ​ S/2023 U1 គឺជា​ព្រះ​ចន្ទ​ទី 28 ដែល​ត្រូវ​បាន​រក​ឃើញ​របស់​ភព​នេះ​។ ព្រះ​ចន្ទ​ដែល​​មាន​អង្កត់​ផ្ចិត​ប្រហែល​តែ​ 8 គីឡូម៉ែត្រ​នេះ គឺជា​មួយ​ក្នុង​ចំណោម​ព្រះ​ចន្ទ​តូច​បំផុត​របស់​ប្រព័ន្ធ​ព្រះ​អាទិត្យ​។ S/2023 U1 ត្រូវ​ការ​ពេល​វេលា​ប្រហែល 680 ថ្ងៃ ដើម្បី​គោចរ​បាន​មួយ​ជុំ​ភព​អ៊ុយរ៉ានុស។

    ជា​ធម្មតា​ ព្រះ​ចន្ទ​របស់​ភព​អ៊ុយរ៉ានុស​ នឹង​ត្រូវ​បាន​ដាក់​ឈ្មោះផ្លូវ​ការ​​ទៅ​តាម​តួអង្គ​​ណា​មួយ​នៅ​ក្នុងល្ខោន​ Shakespeare ដូច​ទៅ​នឹង​ Titania, Oberon និង Puck ដែល​ជា​បង​ប្អូន​របស់​វា​។

    ព្រះ​ចន្ទ​ថ្មី​របស់​ភព​ណិបទូន​ដែល​មាន​ស្លាក​លេខ​ S/2022 N5 និង S/2021 N1 ដែល​មាន​អង្កត់​ផ្ចិត​ 23 និង 14 គីឡូម៉ែត្រ ចំណាយ​ពេល​ 9 ឆ្នាំ និងជិត 27 ឆ្នាំ ដើម្បី​គោចរ​បាន​មួយ​ជុំ​ភព​មេ​ដ៏​ធំ​របស់​ពួក​វា​។

    ព្រះ​ចន្ទ​ទាំង​ពីរ​ដួង​ខាង​លើ​នេះ​ នឹង​ត្រូវ​បាន​ដាក់​ឈ្មោះ​ទៅ​តាមឈ្មោះ​​បុត្រី​របស់​​ព្រះ​ម៉ែនាគី Nereus នៅ​ក្នុង​ទេវកថា​ក្រិក​។ មុន​នោះ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ព្រះ​ចន្ទ​ចំនួន 16 របស់​ភព​ណិបទូន​។

    កន្លង​មក កាល​ពី​ដើម​ឆ្នាំ 2023 IAU ក៏ធ្លាប់​បាន​បង្កើន​តួលេខ​ព្រះ​ចន្ទ​របស់​ភព​ព្រហស្បតិ៍​ឡើង​ដល់ 92 ដួង ក្រោយ​ពី​បាន​រក​ឃើញ​ព្រះ​ចន្ទ​ថ្មី​ចំនួន 12 ដួង​ទៀត​របស់​ភព​នេះ​។ ច្រើន​ខែ​បន្ទាប់​មក ភព​សៅរ៍​ក៏​បន្ត​មាន​ព្រះ​ចន្ទ​ថ្មី​ចំនួន 62 ដួង​​ ធ្វើ​ឱ្យ​ភព​នេះ​ក្លាយ​ជា​ភព​ដែល​មាន​ព្រះ​ចន្ទ​ច្រើន​ជាង​គេ​នៅ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​ ដោយ​មានព្រះ​ចន្ទ​សរុប​ 145 ដួង​៕

  • ធាតុ​របស់​បុគ្គល​រូប​ណា​ដែល​ត្រូវ​បាន​បញ្ចុះ​លើ​ឋាន​ព្រះ​ចន្ទ​ដំបូង​គេ​?

    ធាតុ​របស់​បុគ្គល​រូប​ណា​ដែល​ត្រូវ​បាន​បញ្ចុះ​លើ​ឋាន​ព្រះ​ចន្ទ​ដំបូង​គេ​?

    ភូគព្ភវិទូ​ Eugene Shoemaker ធ្វើ​ការ​ឱ្យ​ណាសា បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ដែល​ត្រូវ​បាន​បញ្ចុះ​ធាតុ​នៅ​លើ​ផ្ទៃ​របស់​ឋាន​ព្រះ​ចន្ទ​កាល​ពី​ឆ្នាំ 1998​។

    ថ្មី​ៗ​នេះ​ ក្រុម​ហ៊ុន Celestis ដែល​ផ្ដល់​សេវា​កម្ម​បញ្ចុះ​ធាតុ​ក្នុងទី​​អវកាស បាន​ទទួល​ធាតុ​របស់​បុគ្គល​ល្បី​ឈ្មោះ​ជា​ច្រើន​រូប​ ដាក់​លើ​យាន​ចុះ​ចត Peregrine របស់​ Astrobotic ហោះ​ឡើង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ។ ក៏ប៉ុន្តែ នេះ​មិន​មែន​ជា​បេសកកម្ម​ពាណិជ្ជកម្ម​ដំបូង​គេដែល​​នាំ​យក​ធាតុ​មនុស្ស​ឡើង​ទៅ​បញ្ចុះ​លើ​ផ្ទៃ​ព្រះ​ចន្ទ​នោះ​ទេ​។ មុន​នោះ ធាតុ​ទម្ងន់ 28 ក្រាម​របស់​អ្នក​វិទ្យាសាស្ត្រ Shoemaker ត្រូវ​បាន​ក្រុម​ហ៊ុន Celestis  ដាក់​លើ​យាន​ Lunar Prospector របស់​ណាសា និង​ត្រូវ​បាន​នាំ​យក​ទៅ​បញ្ចុះ​​លើឋាន​ព្រះ​ចន្ទ​កាល​ពី​ថ្ងៃទី 06 មករា 1998​។

    លោក Shoemaker គឺជា​ភូគព្ភ​វិទូ​ភព​ដ៏ល្បី​ល្បាញ​។ ជំនាញ​របស់​លោក​រួម​មាន ការ​ជ្រើស​រើស​ និង​បង្ហាត់​បង្រៀន​អ្នក​អវកាស​ Apollo អំពី​ភូគព្ភ​សាស្ត្រ​ និងរណ្ដៅ​​លើ​ឋាន​ព្រះ​ចន្ទ​ រួម​នឹង​ការ​ដឹក​នាំ​ក្រុម​ស្រាវ​ជ្រាវ​ស្វែង​រក​ទឹក​លើឋាន​ព្រះ​ចន្ទ​។ល។

    ក្រោយ​ពី​បេសកកម្ម​ Apollo លោក Shoemaker ក៏​បន្ត​ធ្វើ​ការ​ក្នុង​បេសកកម្ម​ Voyager ក៏ដូច​ជា​ Clementine របស់​ណាសា​ ដើម្បី​ស្វែង​រក​ទឹក​លើ​ឋាន​ព្រះ​ចន្ទ​។ លោក​បាន​ក្លាយ​ជា​ប្រធាន​ដំបូង​នៃ​កម្មវិធី​ស្រាវជ្រាវ​ភូគព្ភសាស្ត្រ​អវកាស​របស់​នាយកដ្ឋាន​ស្រាវ​ជ្រាវ​ភគព្ភ​សាស្ត្រ​អាម៉េរិក (USGS)​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​​ក៏​តែង​តែ​ចង់​ក្លាយ​ជា​អ្នក​អវកាស​ ប៉ុន្តែ​មិន​អាច​ធ្វើ​បាន​ ដោយ​សារ​តែ​មាន​ជំងឺ​ប្រចាំ​កាយ​។

    លោក Eugene Shoemaker

    ដើម្បី​ជា​ការ​តបស្នង​សង​គុណ​ដល់​លោក Shoemaker ទីភ្នាក់​ងារ​អវកាស​អាម៉េរិក​ ក៏​បាន​សម្រេច​ចិត្ត​បញ្ចុះ​ធាតុ​របស់​លោក នៅ​លើ​ផ្ទៃ​របស់​ឋាន​ព្រះ​ចន្ទ​។

    ជើង​ហោះ​ហើរ​ទី​ពីរ​របស់​ក្រុម​ហ៊ុន Celestis ដែល​មាន​ឈ្មោះ​ថា Tranquility កំពុង​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ នៅ​ពេល​យាន​ Peregrine ដឹក​ធាតុ​ និង​ DNA របស់​បុគ្គល​ល្បី​ឈ្មោះ​ចំនួន 66 រូប ក្នុង​នោះ​ក៏មាន​អតីត​ប្រធានាធិបតី​អាម៉េរិក​ជា​ច្រើន​រូប​ ឡើង​ទៅ​បញ្ចុះ​លើ​ឋាន​ព្រះ​ចន្ទ​៕

  • ទិដ្ឋភាព​​ «ដូច​ឋាន​នរក» ក្នុង​យន្តហោះ​ជប៉ុនដែល​កំពុង​ឆាប​ឆេះ

    ទិដ្ឋភាព​​ «ដូច​ឋាន​នរក» ក្នុង​យន្តហោះ​ជប៉ុនដែល​កំពុង​ឆាប​ឆេះ

    អ្នក​ដំណើរ​ឱ្យ​ដឹង​ថា គ្រប់​គ្នា​រន្ធត់​ខ្លាំង​ណាស់ នៅ​ពេល​ផ្សែង​ចូល​ដល់​ខាង​ក្នុង​យន្តហោះ​របស់ Japan Airlines មុន​ពេល​ត្រូវ​បាន​ណែនាំ​ឱ្យ​រត់​ចេញ​ពី​អគ្គិភ័យ​ដោយ​ទោង​រំអិល​។

    យន្តហោះ Airbus A350-900 របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ជប៉ុន Japan Airlines (JAL) កាល​ពី​ថ្ងៃទី 02 មករា 2024 បាន​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ នៅ​ពេល​ប៉ះ​ទង្គិច​នឹង​យន្តហោះ​របស់​កងកម្លាំង​ល្បាត​សមុទ្រ​ជប៉ុន (JCG) នៅ​លើ​ផ្លូវ​រត់​ក្នុង​ព្រលាន​យន្តហោះ Haneda នៅ​​រាជធានី​តូក្យូ​។

    វីដេអូ​ដែល​អ្នក​ដំណើរ​ថត​បាន​ពី​ក្នុង​យន្តហោះ​បង្ហាញ​ថា អណ្ដាត​ភ្លើង​ឆាប​ឆេះ​នៅ​ចំហៀង​ខាង​ឆ្វេង​របស់​យន្ត​ហោះ​ នៅ​ពេល​វា​ត្រៀម​ចុះ​ចត​ ហើយ​ក៏​​ប៉ះទង្គិច​ជាមួយ​​យន្តហោះ​របស់ JCG ដែល​កំពុង​រត់​លើ​ផ្លូវ​ដើម្បី​ត្រៀម​ហោះ​ឡើង​។ ហេតុ​ការណ៍​ប៉ះ​គ្នា​នេះ​ទំនង​ជា​បាន​បណ្ដាល​ឱ្យ​បំពង់​ឥន្ធនៈ​របស់​យន្តហោះ​ត្រូវ​ដាច់ នាំ​ឱ្យ​អគ្គិភ័យ​កើត​ឡើង​។

    អ្នក​ដំណើរ​ឱ្យ​ដឹង​ថា សំឡេង​ផ្ទុះ​បាន​លាន់​ឡើង​ក្នុង​ពេល​យន្តហោះ​ចុះ​ចត​។​ «ក្នុង​កាប៊ីន​យន្តហោះ​ពេញ​ដោយ​ផ្សែង​…ដូច​ទៅ​នឹង​ឋាន​នរក» Anton Deibe អ្នក​ដំណើរជន​ជាតិ​ស៊ុយអែត ​វ័យ 17 ឆ្នាំ រៀប​រាប់​ដូច្នេះ​ក្រោយ​ពី​បាន​ឆ្លង​កាត់​ហេតុការណ៍​ខាង​លើ​។

    ពេល​នោះ ស្ថានភាព​ច្របូក​ច្របល់នាំ​ឱ្យ​អ្នក​ដំណើរ​ភ័យ​រន្ធត់​ខ្លាំង។ អ្នក​ខ្លះ​ចាប់​យក​ម៉ាស​មក​ពាក់ អ្នក​ខ្លះ​យក​ក្រណាត់បិទ​ច្រមុះ​ដើម្បី​ទប់ទល់​នឹង​ផ្សែង គ្រា​ដែល​អ្នក​ខ្លះ​ស្រែក​ឡើង​ក្នុងភាព​ភ័យ​ខ្លាច​។ អ្នក​បម្រើ​លើ​យន្ត​នៅ​តែមាន​ស្មារតី​នឹងនរ និង​ណែនាំ​ឱ្យ​អ្នក​ដំណើរ​ឱនចុះ បិទ​ច្រមុះ និង​មាត់​ ក្នុង​ពេល​រង់ចាំ​ដល់​ពេល​យន្តហោះ​ឈប់​នៅ​មួយ​កន្លែង​។

    ខាង​ក្រៅ​យន្តហោះ កងកម្លាំង​ពន្លត់​អគ្គិភ័យ​ក៏​បាន​មកដល់​កន្លែង​កើត​ហេតុ​ និង​ចាប់​ផ្ដើម​ការ​សង្គ្រោះ​។

    អ្នកដំណើរ​ម្នាក់​ឈ្មោះ Satoshi Yamake អាយុ 59 ឆ្នាំ​ បាន​ឱ្យ​ដឹង​ថា ពេល​យន្តហោះ​ឈប់​នៅមួយ​កន្លែងភ្លាម អ្នក​បម្រើ​លើ​យន្តហោះ​ក៏​ប្រញាប់​ទម្លាក់​ទោង​រំអិល​ដើម្បី​ឱ្យ​អ្នក​ដំណើរ​ទម្លាក់​ខ្លួន​មក​ក្រៅ​ ក្នុង​គ្រា​អណ្ដាត​ភ្លើង​កំពុង​ឆាប​ឆេះ​នៅ​ចំហៀង​ខាង​ឆ្វេង​របស់​យន្តហោះ​។

    អ្នក​ដំណើរ​ 367 នាក់ និង​សមាជិក​ក្រុម​ហោះ​ហើរ​ចំនួន 12 នាក់ បានជម្លៀស​ខ្លួន​ដោយ​ជោគ​ជ័យ​ មុនពេល​អណ្ដាត​ភ្លើង​លេប​ត្របាក់​យន្តហោះ​ទាំង​មូល​ ប៉ុន្តែ​មាន​មនុស្ស 17 នាក់​បាន​រង​របួស​។

    សាស្ត្រាចារ្យ Graham Braithwaite អ្នក​ជំនាញ​ផ្នែក​ស៊ើបអង្កេត​គ្រោះ​​ថ្នាក់​​ នៅ​សាកល​វិទ្យាល័យ Cranfield របស់​អង់គ្លេស ឱ្យ​ដឹង​ថា ករណី​ឆេះ​យន្តហោះ​នេះកើត​ឡើង​ដោយ​សារ​ការ​លេច​ធ្លាយ​ឥន្ធនៈ​​។

    ក្រុម​មន្ត្រី​ជប៉ុន និង​អ្នក​ជំនាញ​នៅ​ប្រទេស​អង់គ្លេស​ បញ្ជាក់​ថា ក្រុម​ហោះ​ហើរ​​បំពេញ​ភារកិច្ច​​បាន​ល្អ​ និង​ត្រូវ​តាម​វិធីសាស្ត្រ​។

    ចំណែក​ JCG វិញ ឱ្យ​ដឹង​ថា មនុស្ស 5 នាក់​ក្នុង​ចំណោម​ 6 នាក់ ដែល​នៅ​លើ​យន្តហោះ​របស់​ពួក​គេ បាន​បាត់​បង់​ជីវិត នៅក្នុង​ហេតុការណ៍​ប៉ះគ្នា​នេះ​ ខណៈ​ប្រធាន​ក្រុម​​នៅ​មាន​ជីវិត ប៉ុន្តែ​រង​របួស​ធ្ងន់​ធ្ងរ​។

    សារព័ត៌មាន​ជប៉ុន​បាន​ផ្សាយ​ថា JCG បាន​ជួប​គ្រោះ​ថ្នាក់​នៅ​ពេល​ត្រៀម​ហោះ​ឡើង​ដើម្បី​ទៅ​ជួយ​ជន​រង​គ្រោះ​ក្នុង​ហេតុ​ការណ៍​រញ្ជួយ​ដី​កម្លាំង 7.6 រិចទ័រ​ ដែល​កើត​ឡើង​នៅ​ភាគ​កណ្ដាល​ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃទី 01 មករា ឆ្នាំ​ 2024​៕

     

  • យន្តហោះ​ដែល​អាច​បត់​ទៅជា​យាន​ជំនិះ​កង់​បី​ មាន​ល្បឿន​ពី 200 ដល់ជាង​ 300 គីឡូម៉ែត្រ​/ម៉ោង

    យន្តហោះ​ដែល​អាច​បត់​ទៅជា​យាន​ជំនិះ​កង់​បី​ មាន​ល្បឿន​ពី 200 ដល់ជាង​ 300 គីឡូម៉ែត្រ​/ម៉ោង

    (សហរដ្ឋ​អាម៉េរិក) – យានជំនិះ Switchblade អាច​ធ្វើដំណើរ​ក្នុងល្បឿន 200 គីឡូម៉ែត្រ​/ម៉ោង​ពេល​បត់​ជា​ត្រីចក្រយានយន្ត​បរលើ​ដង​ផ្លូវ​លើ​ដី និង​ 322 គីឡូម៉ែត្រ​/ម៉ោង​ ពេល​ហោះ​លើ​អាកាស​។

    យាន Switchblade របស់​ក្រុម​ហ៊ុន​ Samson Sky បាន​ហោះ​ហើរ​ជា​ផ្លូវ​ការ​​​លើក​ដំបូង​ ​បន្ទាប់​ពី​ទទួល​បាន​ការ​អនុញ្ញាត​កាលពី​មួយ​ឆ្នាំ​មុន​ ពី​អគ្គនាយករដ្ឋាន​អាកាសចរណ៍​អាម៉េរិក (FAA) និង​ 14 ឆ្នាំ​ក្រោយ​ពី​បង្ហាញ​ខ្លួន​ជា​លើក​ទីមួយ។ នេះ​បើ​តាម​សារព័ត៌មាន Sun ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 11 វិច្ឆិកា។

    យានជំនិះ​នេះ​អាច​ប្រែពី​ត្រីចក្រយានយន្ត​មក​ជា​យន្តហោះ ដោយ​គ្រាន់​តែ​ចុច​លើ​គ្រាប់​ចុច​មួយ​គ្រាប់​។ យាន Switchblade អាច​បើក​បរ​ក្នុង​​ល្បឿន 200 គីឡូម៉ែត្រ​/ម៉ោង​ពេល​ស្ថិត​ក្នុង​រូប​រាង​​​ជា​ត្រីចក្រយានយន្ត​បរលើ​ដង​ផ្លូវ​លើ​ដី និង​ 322 គីឡូម៉ែត្រ​/ម៉ោង​ ពេល​ប្រែ​ខ្លួន​ជា​យន្ត​ហោះ​ ហោះ​លើ​អាកាស​។

    នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្នុង​ខណ្ឌ​ Grant របស់​ទីក្រុង Moses Lake នៃរដ្ឋ Washington យាន Switchblade បាន​ហោះ​ឡើង​នៅក្នុង​ជើង​ហោះ​ហើរ​ដំបូង​ កម្ពស់ 150 ម៉ែត្រ និង​ហោះ​ជុំវិញគោលដៅ​ចំនួន 6 នាទី មុន​នឹង​ចុះ​ចត​លើដី​។

    ក្រុម​ហ៊ុន Samson Sky ឱ្យ​ដឹង​ថា បាន​ទទួល​ការ​បញ្ជាទិញ​សម្រាប់ Switchblade ពី 57 ប្រទេស​រួច​ហើយ​ នៅ​ក្នុង​តម្លៃ​ 170,000 ដុល្លារ​អាម៉េរិក​/គ្រឿង​។ យាន​ដែល​មាន​កៅអីពីរ​នេះ​អាចហោះ​ដល់​កម្ពស់​ 400 ម៉ែត្រ។ ដោយ​ប្រើប្រព័ន្ធ​អគ្គិសនី​កូន​កាត់​ Switchblade អាច​ធ្វើ​ដំណើរ​បាន​ 805 គីឡូម៉ែត្រ ពេល​ចាក់​ឥន្ធនៈ​មួយ​ពេញ 125 លីត្រ​។

    យោង​តាម New Atlas យន្តហោះ​កូន​កាត់​យាន​ជំនិះ​កង់​បី​ Switchblade នេះ មិន​មែនជា​យាន​ជំនិះ​ដែល​អាច​ហោះ​ឡើង​ និង​ចុះ​ចត​ដោយ​ឈរត្រង់​នោះ​ទេ​ ប៉ុន្តែ​វា​ត្រូវ​ការ​​ផ្លូវ​រត់​ដែល​មាន​ប្រវែង 335 ម៉ែត្រ​។

    Samson Sky ឱ្យ​ដឹង​ថា ទិន្នន័យ​ដែល​បាន​ពី​ជើង​ហោះ​ហើរ​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​​កំណត់​យក​បច្ចេក​ទេស​ក្នុង​ការ​ផលិត​ និង​អភិវឌ្ឍ​គំរូ​ដំបូង​មួយចំនួន​៕

  • ភូមិ​ឋាន​ដាច់​ស្រយាល​ដល់​ថ្នាក់​អ្នក​ភូមិ​ត្រូវ​បើក​យន្តហោះ​ទៅ​ផ្សារ

    ភូមិ​ឋាន​ដាច់​ស្រយាល​ដល់​ថ្នាក់​អ្នក​ភូមិ​ត្រូវ​បើក​យន្តហោះ​ទៅ​ផ្សារ

    ប្រជាពលរដ្ឋ​នៅ​ Port Alsworth ត្រូវ​បើកបរ​យន្តហោះ​ទៅ​កាន់ទីក្រុង​​នៅ​ជិត​បំផុត​ដែល​មាន​ចម្ងាយ​ជាង 300 គីឡូម៉ែត្រដើម្បី​ដើរ​ផ្សារ​ទិញ​ទំនិញ​ចាំបាច់​។

    Salina Alsworth អាយុ 25 ឆ្នាំ រស់​នៅ​ឯ Port Alsworth ដែល​ជា​ភូមិ​ដាច់​ស្រយាល​បំផុត​មួយ​របស់ពិភពលោក​។ ភូមិ​នេះ​ស្ថិត​ក្នុង​​រដ្ឋ Alaska របស់​សហរដ្ឋ​អាម៉េរិក។ ជីដូន​ ជីតា​ទួត​របស់ Salina គឺជា​មនុស្ស​ដំបូង​ៗរបស់ Port Alworth​ នៅ​ក្នុងទសវត្សរ៍​ឆ្នាំ​ 1940​។ បច្ចុប្បន្ន ភូមិ​នេះ​មាន​ប្រជាជន​ប្រហែល 186 នាក់ ឆ្លង​កាត់​ 5 ជំនាន់​មនុស្ស​។ ចំនួន​ប្រជាជន​អាច​កើន​ដល់ 400 នាក់​នៅ​ក្នុង​រដូវ​កាល​ទេសចរណ៍​។

    ភូមិ​នេះ​ពុំ​មាន​ផ្លូវ​ធ្វើដំណើរ​ឆ្លង​កាត់ ហើយ​ក៏​​ពុំ​មាន​ផ្សារ មន្ទីរ​ពេទ្យដូច​ភូមិ​ដទៃ​ឡើយ​។ ទីក្រុង​ដែល​នៅ​ជិត​បំផុត​គឺ Anchorage ប៉ុន្តែ​មាន​ចម្ងាយ​​ពី​ភូមិ​របស់ Salina រហូត​ដល់ជាង 300​ គីឡូម៉ែត្រ​ ហើយ​មធ្យោបាយ​តែ​មួយ​គត់​ដែល​គេ​អាច​ប្រើប្រាស់​បាន​គឺ​យន្តហោះ​ និង​ត្រូវធ្វើ​ដំណើរ​ជាង​មួយ​ម៉ោង​។ ដូច្នេះ សូម្បី​តែ​ទៅផ្សារ​ទិញ​អីវ៉ាត់​ក៏​​ត្រូវ​ជិះ​យន្តហោះ​។

    Salina Alsworth

    នៅ​ពេល​ទិញ​ទំនិញ​តាម​អ៊ីនធើណិត ប្រជាជន​នៅ​ក្នុង​ភូមិ​ Port Alsworth ត្រូវ​ចំណាយ​លើ​សេវាដឹក​ជញ្ជូន​ពី 2 ទៅ 5 ដុល្លារ​/​គីឡូក្រាម​ និង​មិន​មាន​ការ​កំណត់​ពេល​វេលា​ជាក់​លាក់សម្រាប់​ការ​ប្រគល់​ទំនិញ ព្រោះ​ត្រូវ​អាស្រ័យ​លើ​អាកាសធាតុ​។

    គ្រួសារ​របស់​នាង Salina មាន​តំបន់​លំហែ​កាយ​មួយ​នៅ​ Port Alsworth ដែល​មាន​ឈ្មោះ​ថា Lake Clark ជា​ទី​ដែល​មាន​ភ្ញៀវ​ទេសចរណ៍​​ជា​ច្រើន​មក​កម្សាន្ត​ជា​រៀង​រាល់​ឆ្នាំ​។ Salina ឱ្យ​ដឹង​ថា គ្រួសារ​នាង​មាន​យន្តហោះ​ខ្នាត​តូច​មួយ​ចំនួន​ដែល​សម​ស្រប​នឹង​ភូមិ​សាស្ត្រ​ផ្សេង​ៗ​គ្នា ក្នុង​នោះ​មាន​ទាំង​តំបន់​ព្រឹល ទឹកកក​ផងដែរ​។

    នៅ​រដូវ​រងា ពេល​ធ្វើ​ដំណើរ​តាម​យន្តហោះ អ្នក​ភូមិ​ត្រូវស្លៀក​ពាក់​ដូច​អ្នក​ទៅ​លេង​តំបន់ប៉ូល​ខាង​ជើង ព្រោះតែ​អាកាស​ធាតុ​ត្រជាក់​រហូត​ដល់​ជាង -30 អង្សាសេ​៕

  • អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ហ្សែន​ដែល​អាច​ជួយ​ឱ្យ​មនុស្ស​​មាន​អាយុ​វែង​​​ជាង​បច្ចុប្បន្ន

    អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ហ្សែន​ដែល​អាច​ជួយ​ឱ្យ​មនុស្ស​​មាន​អាយុ​វែង​​​ជាង​បច្ចុប្បន្ន

    (សហរដ្ឋ​អាម៉េរិក) – ក្រុម​អ្នក​ជំនាញ​នៅ​សាកល​វិទ្យាល័យ Rochester បាន​ដាក់បញ្ចូល​ហ្សែន​ពិសេស​មួយ​របស់​កណ្ដុរ​គ្មាន​រោម ទៅ​ក្នុង​កណ្ដុរ​ប្រភេទធម្មតា និង​បាន​រកឃើញ​ថា ហ្សែន​នេះ​បាន​ជួយ​ឱ្យ​ពួក​វា​មាន​សុខភាព​ល្អ និង​រស់​បាន​យូរ​ជាង​ 4.4%។

    ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ដ៏អស្ចារ្យមួយ​ ក្រុម​អ្នក​ជំនាញ​របស់​សាកលវិទ្យាល័យ​ Rochester នៅ​នីវយ៉ក បាន​បង្ហាញ​វិធី​សាស្ត្រ​ដាក់​បញ្ចូល​ហ្សែន​រស់​បាន​យូរ​របស់​​សត្វ​កណ្ដុរ​គ្មាន​រោម​ ​(Naked mole-rat) ដែល​មាន​ឈ្មោះ​ក្នុង​វិទ្យា​សាស្ត្រ​ថា Heterocephalus glaber ទៅ​ក្នុង​កណ្ដុរ​ប្រភេទ​ធម្មតា​ដើម្បី​អូស​បន្លាយ​អាយុ​កាល​ និង​កែ​លំអ​សុខភាព​។ លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ត្រូវ​បាន​ប្រកាស​លើ​ទស្សនាវដ្ដី Nature កាល​ពី​ថ្ងៃទី 23 សីហា​ 2023។

    កណ្ដុរ​ខាងលើ​មាន​ឈ្មោះ​ល្បី​ខ្លាំង​ដោយ​សារ​តែ​សមត្ថភាព​ទប់​ទល់​នឹង​ជំងឺ​ទាំង​ឡាយ​ដែល​ទាក់​ទង​នឹង​វ័យចំណាស់​ និង​មាន​អាយុ​វែង​ខុស​ធម្មតា​ ពោល​គឺ​វែង​ជាង​ជិត 10 ដង បើ​ធៀប​នឹង​ប្រភេទ​សត្វ​កកេរដែល​មាន​ទំហំ​ប្រហាក់​ប្រហែល​។ អ្នក​វិទ្យា​សាស្ត្រ​ខាងលើ​ កាល​ពី​ឆ្នាំ 2020 បាន​រកឃើញ​ហ្សែន​មួយ​ដែល​រួម​ចំណែក​ក្នុង​ការ​ជួយ​ឱ្យ​វា​រស់​បាន​យូរ​។ ហ្សែន​នេះ​ទទួល​បន្ទុក​ផលិត​អាស៊ីត​ HMW-HA ដែលជា​ម៉ូលេគុល​​ជួយ​បង្កើន​កម្លាំង​របស់​កោសិកា​ក្នុង​ការ​ទប់ទល់​នឹង​​​ភាព​តាន​តឹង និង​រលាក ឆ្លង​រោគ​។

    កណ្ដុរ​គ្មាន​រោម​ ​(Naked mole-rat) ដែល​មាន​ឈ្មោះ​ក្នុង​វិទ្យា​សាស្ត្រ​ថា Heterocephalus glaber

    កណ្ដុរ​គ្មាន​រោម​នេះមាន​ HMW-HA ច្រើន​ជាង​ប្រហែល​ 10 ដង បើធៀប​នឹង​មនុស្ស ឬ​ប្រភេទកណ្ដុរ​ដទៃ​។ មូលហេតុ​គឺ​ថា ហ្សែន​ (ហ្សែន hyaluronan synthase 2) ដែល​បង្កើត​ម៉ូលេគុល​នេះ នៅ​លើ​កណ្ដុរ​ខាងលើ​ បាន​បង្ហាញ​ភាព​​ខ្លាំង​ក្លា​ជាង​បណ្ដា​សត្វដទៃ​។

    ក្នុងការ​ស្រាវជ្រាវថ្មី​នេះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា បណ្ដា​កណ្ដុរ​ដែល​មាន​ហ្សែន​របស់​កណ្ដុរគ្មាន​រោម​ Heterocephalus glaber មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ទប់​ទល់​នឹង​ជំងឺ​មហា​រីក​ស្បែក សុខភាព​ទូទៅ​ត្រូវ​បាន​កែ​លំអ និង​រស់​បាន​យូរ​ជាង 4.4% បើ​ធៀប​នឹង​បណ្ដា​ប្រភេទ​កណ្ដុរ​ធម្មតា​ដែល​កើត​ដំណាល​គ្នា​។

    ការ​រកឃើញ​ថ្មី​នេះ​ត្រូវ​បាន​រំពឹង​ថា នឹង​បើក​ផ្លូវ​សម្រាប់​ការ​ស្វែង​រក​វិធី​ដែល​អាច​ជួយ​ឱ្យ​មនុស្ស​មាន​សុខភាព​ល្អ​ ពន្យារ​ភាព​ក្មេង និង​រស់​បាន​យូរ​ជាង​បច្ចុប្បន្ន នា​ពេល​អនាគត៕

  • បន្ទាប់​ពី​យាន​អវកាស​​បាន​​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​​ដោយ​ជោគ​ជ័យ ឥណ្ឌា​រៀប​ផែនការ​សម្រាប់​បេសក​កម្ម​មាន​​មនុស្ស​

    បន្ទាប់​ពី​យាន​អវកាស​​បាន​​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​​ដោយ​ជោគ​ជ័យ ឥណ្ឌា​រៀប​ផែនការ​សម្រាប់​បេសក​កម្ម​មាន​​មនុស្ស​

    ក្នុង​ពេល​ដែល​ឥណ្ឌា​កំពុង​អបអរ​សាទរ​ចំពោះ​យាន​អវកាស​ចន្ទ្រាយាន​-3 (Chandrayaan-3) ចុះ​ចត​បាន​ជោគ​ជ័យ​កាល​ពី​ថ្ងៃទី 23 សីហា 2023 នាយក​រដ្ឋមន្ត្រី​ប្រទេស​នេះ​បញ្ជាក់​ថា ឥណ្ឌា​គ្រោង​នឹង​នាំ​មនុស្ស​ឡើង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​នា​ពេល​ដ៏​ខ្លី​ខាងមុខ​។

    ស្ថានីយ​ចុះ​ចត Vikram របស់​យាន​អវកាស​ចន្ទ្រាយាន​-3 បាន​ឆ្លង​ផុត​រាល់​ឧបសគ្គ​ដើម្បី​ចុះ​ចត​ក្បែរ​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​កាល​ពី​ព្រលប់​ថ្ងៃទី 23 សីហា​ នាំ​ឱ្យ​ឥណ្ឌា​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​មាន​យាន​ចុះ​ចត​លើ​តំបន់​នេះ​ និង​ជា​ប្រទេស​ទីបួន​ដែល​មាន​យាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ បន្ទាប់​ពី​សូវៀត អាម៉េរិក និង​ចិន​។

    យោង​ទៅ​លើ​ជោគ​ជ័យ​របស់​ចន្ទ្រាយាន​-3 ឥណ្ឌា​នឹង​បន្ត​បោះ​ជំហាន​ទៅមុខ​ តាម​រយៈ​ការ​បាញ់​បង្ហោះ​​យាន​ដឹក​មនុស្ស​ដំបូង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​។ «ឥណ្ឌា​កំពុង​ស្ថិត​នៅ​លើ​ឋាន​ព្រះ​ចន្ទ» នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi ថ្លែង​អំពី​ការ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​កាល​ពី​ម្សិល​មិញ​ដូច្នេះ​។ លោក Modi បន្ថែម​ថា ប្រទេស​នេះ​នឹង​ពិនិត្យ​មើល​លទ្ធភាព​បង្កើត​បេសកកម្ម​មាន​មនុស្ស​នា​ពេល​ខាងមុខ​។

    នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ថ្លែងអំពីការចុះចតលើឋានព្រះចន្ទកាលពីម្សិលមិញ

    យោង​តាម Times of India មុន​នោះ ឥណ្ឌា​ក៏​បាន​ប្រកាស​អំពី​គម្រោង​នៃ​​បេសកកម្ម​មាន​អវកាសចរ​នៅ​លើ​គន្លង​តារាវិថី​ផែនដី​សម្រាប់​ឆ្នាំ​ 2024​ បន្ទាប់​ពី​ការ​បាញ់​បង្ហោះ​យាន​គ្មាន​មនុស្ស​ Gaganyaan-1 និង Gaganyaan-2 ឡើង​ទៅ​កាន់​ទីអវកាស​នៅ​ចុង​ឆ្នាំ​ 2023​ នេះ។

    អវកាសចរ​ឥណ្ឌា លោក Rakesh Sharma

    គិត​មក​ដល់​បច្ចុប្បន្ន ពលរដ្ឋ​ឥណ្ឌា​ដំបូង​គេ​ និង​តែ​ម្នាក់​គត់​ដែល​ធ្លាប់​បាន​ហោះ​ឡើង​ទៅ​កាន់​ទីអវកាស​ នោះ​គឺ​អវកាសចរ​ Rakesh Sharma។ ឆ្នាំ 1982 Sharma ត្រូវ​បាន​ជ្រើ​ស​រើស​សម្រាប់​បេសកកម្ម​អវកាស​រវាង​សូវៀត និង​ឥណ្ឌា​។ ថ្ងៃ​ទី 03 មេសា 1984 លោក Sharma ​រួម​នឹង​អ្នក​អវកាស​​សូវៀត​ពីរ​រូប​​ទៀត​បាន​ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​ Salyut 7 ​តាម​រយៈ​យាន​ Soyuz T-11 ដើម្បី​ធ្វើ​ការ​ពិសោធ​មួយ​ចំនួន​។ ក្រោយ​ពី​ចប់​បេសក​កម្ម​ អ្នក​អវកាស​ខាងលើ​ក៏​បាន​ចុះ​ចត​លើ​ទឹក​ដី​កាហ្សាក់ស្ថាន​នៅ​ថ្ងៃទី 11 មេសា 1984​៕

  • យន្តហោះ​បុគ្គលមាន​រាង​ដូច​ស៊ុត​ អាច​ហោះ​ក្នុងល្បឿន​មួយ​រយ​គីឡូម៉ែត្រ​/ម៉ោង

    យន្តហោះ​បុគ្គលមាន​រាង​ដូច​ស៊ុត​ អាច​ហោះ​ក្នុងល្បឿន​មួយ​រយ​គីឡូម៉ែត្រ​/ម៉ោង

    Airscooter ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជំនួស​​កូន​រថយន្ត​ អាច​ហោះ​ហើរ​ក្នុង​ល្បឿន​ 100 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​ហោះ​ឡើង និង​ចុះ​ចត​ត្រង់​ដូច​ឧទ្ធម្ភាគ​ចក្រ​។

    អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​បារាំង Franky Zapata បាន​បង្ហាញ​យន្តហោះ​លក្ខណៈ​បុគ្គល​ថ្មី​មួយ​ប្រភេទ​ ​មាន​កាប៊ីន​សម្រាប់​អ្នក​បើក​បរ​ដែល​មាន​រូប​រាង​ដូច​ស៊ុត​ និង​អាច​ហោះ​ក្នុង​កម្ពស់ 2,900 ម៉ែត្រ​។ យោង​តាម​ Mail ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 21 សីហា 2023 យន្តហោះ Airscooter ​អាច​ជួយ​​ឱ្យ​ការ​ធ្វើ​ដំណើរ​ប្រហែល​ពីរ​ម៉ោង​តាម​​​​រថយន្ត​នៅ​​​ក្នុង​ពេល​​ចរាចរណ៍​ចង្អៀត ចុះ​មក​នៅ​ត្រឹម​ 10 នាទី​។

    ក្រុម​ហ៊ុន Zapata ឱ្យ​ដឹង​ថា យាន​ជំនិះ​ថ្មី​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​អភិវឌ្ឍ​។ Airscooter គឺជា​យន្តជំនិះ​ដែល​ហោះ​ឡើង​ និង​ចុះ​ចត់​ត្រង់​ដូច​ឧទ្ធម្ភាគចក្រ​ (VTOL)។ នេះ​គឺជា​យន្តហោះ​កូន​កាត់​ (ហាយព្រីដ) ប្រើ​ប្រាស់​អគ្គិសនី​ និង​ប្រេង​ឥន្ធនៈ​ ដើម្បី​ផ្ដល់​ថាមពល​ដល់​រ៉ូទ័រ​ 6 គ្រឿង​​ដែល​បំពាក់ពី​​ខាង​លើ​កាប៊ីន​។ Airscooter អាច​ហោះ​ហើរ​រយៈ​ពេល​ពីរ​ម៉ោង​បន្ត​បន្ត​បន្ទាប់​ យូរ​ជាង​យាន VTOL ដទៃ​។

    Airscooter មាន​ទម្ងន់ 115 គីឡូក្រាម។ គ្រប់​គ្នា​អាច​បើកបរ​យន្តហោះ​នេះ​បាន​ បន្ទាប់​ពី​ឆ្លង​កាត់​ការ​ហ្វឹក​ហាត់​រយៈ​ពេល​ខ្លី​។ បើ​ទោះ​ជា​ផលិត​ឡើង​ក្នុង​បំណង​ជំនួស​កូន​រថយន្ត ប៉ុន្តែ Airscooter នឹង​មិន​ត្រូវ​បាន​ដាក់​លក់​ក្នុង​ទីផ្សារ​នោះ​ទេ។ ជំនួស​មក​វិញ អ្នក​ប្រើ​ប្រាស់​នឹង​ត្រូវ​បង់​ប្រាក់​មួយ​ចំនួន​សម្រាប់​ការ​​​បើកបរ​ 40 នាទី​​ដោយ​ផ្ទាល់​ដៃ និង​គយគន់​ទេសភាព​តាម​បង្អួច​។

    ចាប់​ពី​ដើម​ឆ្នាំ​ក្រោយ Zapata នឹង​បើក​មជ្ឈមណ្ឌល​ហោះ​ហើរ​នៅ​សហរដ្ឋ​អាម៉េរិក​ ដើម្បី​ផ្ដល់​សេវាកម្ម​ហោះ​ហើរ​កម្សាន្ត​ដល់​អតិថិជន​។ មជ្ឈមណ្ឌល​ដំបូង​នឹងមាន​នៅ​ក្នុង​ទីក្រុង Lake Havasu រដ្ឋ Arizona៕

  • ស្បែកជើង​ដែល Apple ផ្ដល់ឱ្យ​បុគ្គលិក ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​រាប់ម៉ឺន​ដុល្លារ

    ស្បែកជើង​ដែល Apple ផ្ដល់ឱ្យ​បុគ្គលិក ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​រាប់ម៉ឺន​ដុល្លារ

    ស្បែកជើង sneakers មួយគូ​ដែល​ក្រុមហ៊ុន Apple បញ្ជា​ឱ្យ​ផលិត​សម្រាប់​​​បុគ្គលិក​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ 1990 កំពុង​ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ 50,000 ដុល្លារ​អាម៉េរិក។

    ស្បែកជើង​មួយគូ​ដែលមាន​ឈ្មោះថា Omega Sports Apple Computer ត្រូវបាន​ដាក់លក់​លើ​ថ្នាល Sotheby’s មាន​ពណ៌​ស អម​នឹង​ពាណិជ្ជសញ្ញា Apple ពណ៌​ឥន្ទធនូ។ ខ្សែ​ចង​ពណ៌​ស ប៉ុន្តែ​មាន​អម​នឹង​ខ្សែ​បម្រុង​ពណ៌​ក្រហម។

    យោងតាម​ព័ត៌មាន​លើថ្នាល Sotheby’s ស្បែកជើង​មួយគូ​នេះ​ត្រូវបាន​ផលិត​កាលពី​ឆ្នាំ 1990 ដើម្បី​ទុក​ផ្ដល់ជូន​បុគ្គលិក​មួយចំនួន​នៅក្នុង​​ព្រឹត្តិការណ៍​ផ្ទៃក្នុង​មួយ​របស់ Apple។

    គិត​មកដល់​បច្ចុប្បន្ន មាន​ស្បែកជើង​ដូចគ្នានេះ​តែ​ពីរ​គូ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​លក់​ដោយ​ការ​​ដេញថ្លៃ ក្នុងនោះ​មាន​មួយគូ​នៅ​ឆ្នាំ 2017 និង​មួយគូ​នៅ​ឆ្នាំ 2020 និង​លក់​ក្នុងតម្លៃ​រាប់ពាន់​ដុល្លារ។ ប៉ុន្តែ ស្បែកជើង​មួយគូ​ដែល​ទើបតែ​ដាក់លក់​នេះ មានតម្លៃ​ខ្ពស់​ជាងគេ គឺរហូត​ដល់​ 50,000 ដុល្លារ​អាម៉េរិក។

    កាលពី​ចុង​ទសវត្សរ៍​ឆ្នាំ 1980 ក្រុម​ហ៊ុន Apple ធ្លាប់​លក់​សម្លៀកបំពាក់​ក្រោម​ឈ្មោះ The Apple Collection។ ក៏ប៉ុន្តែ​ក្រោយមក មុខ​ជំនួញ​នេះ​មិន​ទទួលបាន​ជោគជ័យ ហើយក៏​ត្រូវ​ឈប់​ដំណើរ​ការផលិត។

  • កងទ័ពរបស់​​ប្រទេស​នី​ហ្សេ​ធ្វើ​រដ្ឋប្រហារ

    កងទ័ពរបស់​​ប្រទេស​នី​ហ្សេ​ធ្វើ​រដ្ឋប្រហារ

    កងទ័ព​នៃ​ប្រទេស​នី​ហ្សេ​បានប្រកាសថា ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Bazoum និង​ដាក់​បម្រាម​គោចរ​នៅ​ទូទាំងប្រទេស រហូតដល់​ពេល​មាន​សេចក្ដីប្រកាស​ថ្មី។

    «យើង​ជា​កងកម្លាំង​ការពារជាតិ និង​សន្តិសុខ បានសម្រេច​ចិត្ត​បញ្ចប់​របប​របស់​ប្រធានាធិបតី Mohamed Bazoum» វរសេនីយ៍ឯក Amadou Abdramane អ្នកនាំពាក្យ​របស់​កង​ទ័ព​ប្រទេស​នី​ហ្សេ ប្រកាស​នៅលើ​កញ្ចក់​ទូរទស្សន៍​ជាតិ​កាលពី​ថ្ងៃទី 26 កក្កដា ឆ្នាំ 2023 ដូច្នេះ។ លោក Amadou Abdramane បាន​ចោទថា អាជ្ញាធរ​ស៊ីវិល​គ្រប់គ្រង​បែប​ធូររលុង និងបាន​​ធ្វើឱ្យ​ស្ថានការណ៍​សន្តិសុខ​កាន់តែ​អាក្រក់ឡើងៗ។

    កង​កទ័ព​នេ​ហ្សេ​ប្រកាសថា នឹង​បិទ​ច្រកព្រំដែន និង​ដាក់​បម្រាម​គោចរ​នៅ​ទូទាំងប្រទេស រហូតដល់​ពេល​មាន​ប្រកាស​ថ្មី។ កងកម្លាំង​នេះ​ក៏បាន​ព្រមាន​ថា នឹងធ្វើ​ការ​​ប្រឆាំង បើ​សិន​មាន​​ការ​​អន្តរាគមន៍​ពី​បរទេស។

    មុន​នោះ ប្រភពព័ត៌មាន​ដែល​ជិតស្និទ្ធ​បាន​បង្ហើប​ឱ្យដឹងថា ប្រធានាធិបតី​នី​ហ្សេ លោក Bazoum ត្រូវបាន​កងកម្លាំង​អង្គរក្ស​ឃុំខ្លួន​​នៅក្នុង​ភូមិគ្រឹះ។ ការិយាល័យ​ប្រធានាធិបតី​នី​ហ្សេ ប្រកាសថា កងទ័ព​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​វាយប្រហារលើ​​កង​កម្លាំង​អង្គរក្ស បើសិន​ពួកគេ​មិន​ដោះលែង​លោក Bazoum។

    ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៅ​សេត​វិមាន លោក Jake Sullivan បាន​ថ្កោលទោស​ចំពោះ​រាល់​កិច្ចប្រឹងប្រែង​ក្នុងការ​ចាប់ខ្លួន​ប្រធានាធិបតី​នី​ហ្សេ ឬ​បំផ្លាញ​រដ្ឋាភិបាល​ស៊ីវិល។ សហរដ្ឋ​អាម៉េរិក​ក៏បាន​អំពាវនាវ​ឱ្យ​កងទ័ព​នី​ហ្សេ ប្រញាប់​ដោះលែង​ប្រធានាធិបតី Bazoum។

    មន្ត្រី​អង់គ្លេស​ដែល​ទទួលបន្ទុក​អភិវឌ្ឍ​អន្តរជាតិ និង​អាហ្វ្រិក រួម​នឹង​ធនាគារពិភពលោក (WB) ក៏បាន​ថ្កោលទោស​ចំពោះ​រដ្ឋប្រហារ​ខាងលើ​ផងដែរ។

    រដ្ឋប្រហារ​ដែល​កើតឡើង​នៅមុន​រដ្ឋប្រហារ​ចុងក្រោយ​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​ខែកុម្ភៈ​ឆ្នាំ 2010 និង​បាន​បណ្ដាលឱ្យ​រដ្ឋាភិបាលរ​បស់​ប្រធានាធិបតី Mamadou Tandja ត្រូវ​ដួលរលំ។ ប្រធានាធិបតី Bazoum អាយុ 64 ឆ្នាំ ដែល​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​កាលពី​ឆ្នាំ 2021 គឺជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​ប្រទេស​បារាំង។

    បច្ចុប្បន្ននេះ ប្រទេស​នី​ហ្សេ​កំពុងតែ​ប្រយុទ្ធ​ប្រឆាំងនឹង​យុទ្ធនាការ​ចំនួន​ពីរ​របស់​ក្រុម​ឧទ្ទាម​អ៊ីស្លាមនៅ​ភាគ​និរតី និង​អាគ្នេយ៍ ដែល​ជាប់ទាក់ទង​នឹង​បណ្ដា​ក្រុម​ជ្រុលនិយម​នៅ​ម៉ាលី និង​នី​ហ្សេ​រី​យ៉ា ដែលជា​ប្រទេសជិតខាង​​៕