ទិដ្ឋភាព​​ «ដូច​ឋាន​នរក» ក្នុង​យន្តហោះ​ជប៉ុនដែល​កំពុង​ឆាប​ឆេះ

អ្នក​ដំណើរ​ឱ្យ​ដឹង​ថា គ្រប់​គ្នា​រន្ធត់​ខ្លាំង​ណាស់ នៅ​ពេល​ផ្សែង​ចូល​ដល់​ខាង​ក្នុង​យន្តហោះ​របស់ Japan Airlines មុន​ពេល​ត្រូវ​បាន​ណែនាំ​ឱ្យ​រត់​ចេញ​ពី​អគ្គិភ័យ​ដោយ​ទោង​រំអិល​។

យន្តហោះ Airbus A350-900 របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ជប៉ុន Japan Airlines (JAL) កាល​ពី​ថ្ងៃទី 02 មករា 2024 បាន​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ នៅ​ពេល​ប៉ះ​ទង្គិច​នឹង​យន្តហោះ​របស់​កងកម្លាំង​ល្បាត​សមុទ្រ​ជប៉ុន (JCG) នៅ​លើ​ផ្លូវ​រត់​ក្នុង​ព្រលាន​យន្តហោះ Haneda នៅ​​រាជធានី​តូក្យូ​។

វីដេអូ​ដែល​អ្នក​ដំណើរ​ថត​បាន​ពី​ក្នុង​យន្តហោះ​បង្ហាញ​ថា អណ្ដាត​ភ្លើង​ឆាប​ឆេះ​នៅ​ចំហៀង​ខាង​ឆ្វេង​របស់​យន្ត​ហោះ​ នៅ​ពេល​វា​ត្រៀម​ចុះ​ចត​ ហើយ​ក៏​​ប៉ះទង្គិច​ជាមួយ​​យន្តហោះ​របស់ JCG ដែល​កំពុង​រត់​លើ​ផ្លូវ​ដើម្បី​ត្រៀម​ហោះ​ឡើង​។ ហេតុ​ការណ៍​ប៉ះ​គ្នា​នេះ​ទំនង​ជា​បាន​បណ្ដាល​ឱ្យ​បំពង់​ឥន្ធនៈ​របស់​យន្តហោះ​ត្រូវ​ដាច់ នាំ​ឱ្យ​អគ្គិភ័យ​កើត​ឡើង​។

អ្នក​ដំណើរ​ឱ្យ​ដឹង​ថា សំឡេង​ផ្ទុះ​បាន​លាន់​ឡើង​ក្នុង​ពេល​យន្តហោះ​ចុះ​ចត​។​ «ក្នុង​កាប៊ីន​យន្តហោះ​ពេញ​ដោយ​ផ្សែង​…ដូច​ទៅ​នឹង​ឋាន​នរក» Anton Deibe អ្នក​ដំណើរជន​ជាតិ​ស៊ុយអែត ​វ័យ 17 ឆ្នាំ រៀប​រាប់​ដូច្នេះ​ក្រោយ​ពី​បាន​ឆ្លង​កាត់​ហេតុការណ៍​ខាង​លើ​។

ពេល​នោះ ស្ថានភាព​ច្របូក​ច្របល់នាំ​ឱ្យ​អ្នក​ដំណើរ​ភ័យ​រន្ធត់​ខ្លាំង។ អ្នក​ខ្លះ​ចាប់​យក​ម៉ាស​មក​ពាក់ អ្នក​ខ្លះ​យក​ក្រណាត់បិទ​ច្រមុះ​ដើម្បី​ទប់ទល់​នឹង​ផ្សែង គ្រា​ដែល​អ្នក​ខ្លះ​ស្រែក​ឡើង​ក្នុងភាព​ភ័យ​ខ្លាច​។ អ្នក​បម្រើ​លើ​យន្ត​នៅ​តែមាន​ស្មារតី​នឹងនរ និង​ណែនាំ​ឱ្យ​អ្នក​ដំណើរ​ឱនចុះ បិទ​ច្រមុះ និង​មាត់​ ក្នុង​ពេល​រង់ចាំ​ដល់​ពេល​យន្តហោះ​ឈប់​នៅ​មួយ​កន្លែង​។

ខាង​ក្រៅ​យន្តហោះ កងកម្លាំង​ពន្លត់​អគ្គិភ័យ​ក៏​បាន​មកដល់​កន្លែង​កើត​ហេតុ​ និង​ចាប់​ផ្ដើម​ការ​សង្គ្រោះ​។

អ្នកដំណើរ​ម្នាក់​ឈ្មោះ Satoshi Yamake អាយុ 59 ឆ្នាំ​ បាន​ឱ្យ​ដឹង​ថា ពេល​យន្តហោះ​ឈប់​នៅមួយ​កន្លែងភ្លាម អ្នក​បម្រើ​លើ​យន្តហោះ​ក៏​ប្រញាប់​ទម្លាក់​ទោង​រំអិល​ដើម្បី​ឱ្យ​អ្នក​ដំណើរ​ទម្លាក់​ខ្លួន​មក​ក្រៅ​ ក្នុង​គ្រា​អណ្ដាត​ភ្លើង​កំពុង​ឆាប​ឆេះ​នៅ​ចំហៀង​ខាង​ឆ្វេង​របស់​យន្តហោះ​។

អ្នក​ដំណើរ​ 367 នាក់ និង​សមាជិក​ក្រុម​ហោះ​ហើរ​ចំនួន 12 នាក់ បានជម្លៀស​ខ្លួន​ដោយ​ជោគ​ជ័យ​ មុនពេល​អណ្ដាត​ភ្លើង​លេប​ត្របាក់​យន្តហោះ​ទាំង​មូល​ ប៉ុន្តែ​មាន​មនុស្ស 17 នាក់​បាន​រង​របួស​។

សាស្ត្រាចារ្យ Graham Braithwaite អ្នក​ជំនាញ​ផ្នែក​ស៊ើបអង្កេត​គ្រោះ​​ថ្នាក់​​ នៅ​សាកល​វិទ្យាល័យ Cranfield របស់​អង់គ្លេស ឱ្យ​ដឹង​ថា ករណី​ឆេះ​យន្តហោះ​នេះកើត​ឡើង​ដោយ​សារ​ការ​លេច​ធ្លាយ​ឥន្ធនៈ​​។

ក្រុម​មន្ត្រី​ជប៉ុន និង​អ្នក​ជំនាញ​នៅ​ប្រទេស​អង់គ្លេស​ បញ្ជាក់​ថា ក្រុម​ហោះ​ហើរ​​បំពេញ​ភារកិច្ច​​បាន​ល្អ​ និង​ត្រូវ​តាម​វិធីសាស្ត្រ​។

ចំណែក​ JCG វិញ ឱ្យ​ដឹង​ថា មនុស្ស 5 នាក់​ក្នុង​ចំណោម​ 6 នាក់ ដែល​នៅ​លើ​យន្តហោះ​របស់​ពួក​គេ បាន​បាត់​បង់​ជីវិត នៅក្នុង​ហេតុការណ៍​ប៉ះគ្នា​នេះ​ ខណៈ​ប្រធាន​ក្រុម​​នៅ​មាន​ជីវិត ប៉ុន្តែ​រង​របួស​ធ្ងន់​ធ្ងរ​។

សារព័ត៌មាន​ជប៉ុន​បាន​ផ្សាយ​ថា JCG បាន​ជួប​គ្រោះ​ថ្នាក់​នៅ​ពេល​ត្រៀម​ហោះ​ឡើង​ដើម្បី​ទៅ​ជួយ​ជន​រង​គ្រោះ​ក្នុង​ហេតុ​ការណ៍​រញ្ជួយ​ដី​កម្លាំង 7.6 រិចទ័រ​ ដែល​កើត​ឡើង​នៅ​ភាគ​កណ្ដាល​ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃទី 01 មករា ឆ្នាំ​ 2024​៕

 

Advertisement