Tag: 2022

  • កីឡាករ​ថៃ​ថា​នឹង​ផ្ដួល​​វៀតណាមដើម្បី​នាំមុខ​នៅ​ពូ​ល A មុន​ការ​​ប្រកួត​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​វិញ្ញាសា​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម​កម្ពុជា

    កីឡាករ​ថៃ​ថា​នឹង​ផ្ដួល​​វៀតណាមដើម្បី​នាំមុខ​នៅ​ពូ​ល A មុន​ការ​​ប្រកួត​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​វិញ្ញាសា​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម​កម្ពុជា

    ខ្សែការពារ Jonathan Khemdee អះអាងថា នឹង​ផ្ដួល​វៀតណាម ដើម្បី​គ្រប់គ្រង​ពូ​ល B និង​បង្កើន​កម្លាំងចិត្ត​មុនពេល​ចូល​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    ក្រុមបាល់ទាត់​បុរស​ជ​ម្រើ​ស​ជាតិ​ថៃ និង​វៀតណាម សុទ្ធតែ​បានឈ្នះ​ក្នុង​បី​ប្រកួត​កន្លង និង​ដណ្ដើមបាន​សំបុត្រ​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​​នៅ​ស៊ី​ហ្គេម​ឆ្នាំ 2023។ ការ​ប៉ះគ្នា​រវាង U-22 ថៃ និង U-22 វៀតណាម ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី 11 ឧសភា គ្រាន់តែ​ជាការ​ដណ្ដើម​តំណែង​គ្រប់គ្រង​ពូ​ល B តែប៉ុណ្ណោះ។ ដោយសារ​តែមាន​គ្រាប់​បាល់​ចំណេញ (+7) ខ្ពស់​ជាងគេ ដូច្នេះ U-22 ថៃ ត្រូវការ​ស្មើ​មួយ​ប្រកួត​ទៀត​ប៉ុណ្ណោះ គឺ​រក្សាបាន​តំណែង​កំពូល​តារាង។

    Jonathan Khemdee បាន​អះអាងថា គាត់ និង​មិត្ត​រួម​ក្រុម​កំពុង​ឆ្ពោះទៅរក​ជ័យជម្នះ។ «ទាំង​ថៃ ទាំង​វៀតណាម សុទ្ធតែ​បាន​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ប៉ុន្តែ​ការប្រកួត​ដែល​ជិត​មកដល់​នៅតែ​សំខាន់។ … ការ​ផ្ដួល​វៀតណាម​នឹង​ជួយ​ឱ្យ​ស្មារតី​របស់​ពួកយើង​ឡើងដល់​កម្រិត​ខ្ពស់ មាន​ទំនុកចិត្ត​ដើម្បី​ប្រកួត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ» Jonathan Khemdee បញ្ជាក់​ដូច្នេះ។

    ថៃ​គឺជា​ក្រុមបាល់ទាត់​ដែលមាន​សមិទ្ធផល​ល្អ​​ច្រើនជាងគេ​នៅ​ស៊ី​ហ្គេម ដោយ​ដណ្ដើមបាន​មេដាយមាស 16 លើក ខណៈដែល​វៀតណាម គឺជា​ម្ចាស់​ជើងឯក​បន្តបន្ទាប់​នៅ​ពីរ​រដូវ​កាល​ចុងក្រោយ​នេះ។ នៅ​ស៊ី​ហ្គេម​លើក​ទី 31 (ឆ្នាំ 2022) ថៃ​បាន​ចាញ់​វៀតណាម ក្នុង​លទ្ធផល 0-1 ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នាំឱ្យ​វៀតណាម​ដណ្ដើមបាន​មេដាយមាស​ជាថ្មី។

    Jonathan Khemdee

    Jonathan Khemdee បញ្ជាក់ថា «វៀតណាម​ជា​គូប្រជែង​ខ្លាំង…ប៉ុន្តែ ជ័យជម្នះ​នឹង​បានមក​លើ​ថៃ។ ឆ្នាំនេះ យើង​ប្ដេជ្ញា​ថា​នឹង​ផ្ដួល​រាល់​គូប្រកួត នាំ​មេដាយមាស​មក​ប្រទេស​ថៃ»។

    Jonathan Khemdee កើត​ឆ្នាំ 2001 នៅ​ប្រទេស​ដា​ណឺ​ម៉ាក និង​ត្រូវបាន​បណ្ដុះបណ្ដាល​នៅក្នុង​ក្លឹបបាល់​ទាត់​ Odense Boldklub។ ឆ្នាំ 2023 ខ្សែការពារ​កណ្ដាល​រូបនេះ​ទាត់​ឱ្យ​ក្លឹប Ratchaburi របស់​ប្រទេស​ថៃ។ កីឡាករ​នេះ​ត្រូវបាន​ថៃ​ចុះឈ្មោះ​ឱ្យចូល​រួម​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ប៉ុន្តែ​ក្នុង​បី​ប្រកួត​ដំបូង មិនបាន​ចូលរួម។ Jonathan Khemdee ទើបតែ​មកដល់​កម្ពុជា​កាលពី​ម្សិលមិញ ដោយសារតែ​មួយថ្ងៃ​មុន​នោះ​ត្រូវ​ទាត់​ក្នុងការ​ប្រកួត​រវាង Ratchaburi និង Buriam នៅ Thai League។

    កាលពីពេលថ្មីៗនេះ Jonathan Khemdee ឱ្យដឹងថា បច្ចុប្បន្ន​ថ្វីបើ​អស់កម្លាំង​បន្តិច​មែន ប៉ុន្តែ​បាន​អះអាងថា បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ចូល​ទាត់​ក្នុង​ការ​ប្រកួត​រវាង U-22 ថៃ និង U-22 វៀតណាម ដែល​នឹង​ធ្វើឡើង​នៅវេលា​ម៉ោង 19 ថ្ងៃទី 11 ឧសភា នៅលើ​ទីលាន​របស់​កីឡដ្ឋាន​ព្រី​នស៍ (កីឡដ្ឋាន​ក្លិប​វិសាខា) ស្ថិតនៅ​ភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធាន​នី​ភ្នំពេញ៕

  • អាម៉េរិក​ប្រកាស​កញ្ចប់​ជំនួយ​​ថ្មី​តម្លៃ​ជាងមួយ​ពាន់​លាន​ដុល្លារ​សម្រាប់​​អ៊ុយ​ក្រែ​ន

    អាម៉េរិក​ប្រកាស​កញ្ចប់​ជំនួយ​​ថ្មី​តម្លៃ​ជាងមួយ​ពាន់​លាន​ដុល្លារ​សម្រាប់​​អ៊ុយ​ក្រែ​ន

    សហរដ្ឋ​អាម៉េរិក​គ្រោង​នឹង​ផ្ដល់ជំនួយ​ផ្នែក​យោធា​បន្ថែមចំនួន 1.2 ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន ដើម្បី​បង្កើន​សមត្ថភាព​ការពារ​ដែនអាកាស។

    មន្ត្រី​អាម៉េរិក កាលពី​ថ្ងៃទី 08 ឧសភា បានឱ្យដឹងថា ប្រទេស​នេះ​គ្រោង​នឹង​ប្រកាស​អំពី​កញ្ចប់​ជំនួយ​ថ្មី​នៅ​ថ្ងៃទី 09 ឧសភា។ កញ្ចប់​ជំនួយ​នេះ​គ្រោង​នឹងត្រូវ​បានផ្ដល់​ឱ្យ​ក្នុង​រយៈពេល​ច្រើន​ខែ និង​ច្រើន​ឆ្នាំ​ទៀត​ដើម្បី​ធានា​សន្តិសុខ​ក្នុង​អនាគត​របស់​អ៊ុយ​ក្រែ​ន ខុសពី​ជំនួយ​ជា​អាវុធ និង​សម្ភារ​យោធា​ដែល​ត្រូវបាន​យក​ពី​ឃ្លាំង​របស់​កងទ័ព​អាម៉េរិក​ដោយផ្ទាល់​ដែល​ធ្លាប់បាន​ធ្វើឡើង​នាពេល​កន្លង។

    កញ្ចប់​ជំនួយ​ថ្មី​ដែលមាន​តម្លៃ 1.2 ពាន់​លាន​ដុល្លារ​នេះ​នឹង​ធ្វើឱ្យ​កញ្ចប់​ជំនួយ​យោធា​សរុប​ដែល​អាម៉េរិក​ផ្ដល់ឱ្យ​អ៊ុយ​ក្រែ​ន កើន​ឡើងដល់​ជិត 37 ពាន់​លាន​ដុល្លារ រាប់​ចាប់តាំងពី​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​កាលពី​ខែកុម្ភៈ 2022 រហូតដល់​បច្ចុប្បន្ន។

    មីស៊ីល​ការ​ពារ​ដែន​អាកាស​ MIM-23 HAWK

    ព័ត៌មាន​នេះ​ត្រូវបាន​លើកឡើង​នៅក្នុង​គ្រា​ដែល​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់អ៊ុយ​ក្រែ​ន​ប្រឈម​នឹង​សម្ពាធ​ខ្លាំង​ពី​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​រុស្ស៊ី នៅមុន​ការ​វាយបក​ទ្រង់ទ្រាយ​ធំ​របស់​ទីក្រុង​កៀវ។

  • Cristiano Ronaldo ដណ្ដើមបាន​តំណែង «ស្ដេច​រកប្រាក់» របស់ Lionel Messi

    Cristiano Ronaldo ដណ្ដើមបាន​តំណែង «ស្ដេច​រកប្រាក់» របស់ Lionel Messi

    Cristiano Ronaldo នាំមុខគេ​នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​ស្ដីពី​កីឡាករ​ដែល​រកប្រាក់​បាន​ច្រើនជាងគេ​លើ​ពិភពលោក​ សម្រាប់​ឆ្នាំ​សារពើពន្ធ​ 2022-2023​។

    យោងតាម​ទំព័រ Forbes កំពូល​តារាបាល់ទាត់ Ronaldo រកបាន 136 លាន​ដុល្លារ​អាម៉េរិក នៅក្នុង​ឆ្នាំសារពើពន្ធ 2022-2023។ ខ្សែប្រយុទ្ធ​របស់​ព័រទុយហ្កាល់​រូបនេះ កំពុង​នាំមុខគេ​នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​ជា​លើកដំបូង រាប់​ចាប់ពី​ឆ្នាំ 2017 និង​ជា​លើក​ទី​បី​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន​។ 136 លាន​ដុល្លារ​អាម៉េរិក ក៏​ជា​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កីឡាករ​បាល់ទាត់​មួយរូប។

    ខ្ទង់​ប្រាក់​ប្រហែល 46 លាន​ដុល្លារ​នៅក្នុង​ប្រាក់ចំណូល​សរុប​របស់ Ronaldo គឺ​បានមកពី​ក្លឹប​ដែល​គាត់​លេង​ឱ្យ គឺ Man Utd និង Al Nassr។ 90 លាន​ដុល្លារ​ទៀត​គឺ​បានមកពី​វិស័យ​នានា​ដែល​នៅក្រៅ​វាលស្មៅ ក្នុងនោះ​មាន​ទាំង​ការផ្សាយពាណិជ្ជកម្ម និង​ជំនួញ។ នៅក្នុង​ប្រវត្តិសាស្ត្រ មាន​កីឡាករ​តែ​បីនាក់​ប៉ុណ្ណោះ​ដែលមាន​ប្រាក់ចំណូល​ក្រៅ​វាលស្មៅ​ច្រើនជាង 90 លាន​ដុល្លារ នោះ​គឺ Roger Federer, Tiger Woods និង Conor McGregor ។

    Ronaldo បានបញ្ចប់​កិច្ចសន្យា​ជាមួយ Man Utd កាលពី​ពាក់កណ្ដាល​ខែវិច្ឆិកា 2022 និង​បាន​ចុះកិច្ចសន្យា​ជាមួយ Al Nassr ចាប់ពី​ខែមករា 2023។ យោងតាម​បណ្ដាញ​ផ្សព្វផ្សាយ ក្លឹប Al Nassr ផ្ដល់ប្រាក់​ចំណូល​ប្រហែល 200 លាន​ដុល្លារ​អាម៉េរិក/ឆ្នាំ ដល់ CR7។ ដូច្នេះ ស្ថិតិ​របស់ Forbes ស្ដីពី​ប្រាក់ចំណូល​របស់ Ronaldo ទំនងជា​នឹង​កើនឡើង​ខ្ពស់​ចាប់ពី​ឆ្នាំក្រោយ។

    Cristiano Ronaldo

    លំដាប់​លេខ​ពីរ​នៅក្នុង​តា​រាង​ចំណាត់ថ្នាក់​នេះ គឺ​បាន​ទៅលើ Lionel Messi។ ចំណាត់ថ្នាក់​របស់ Messi បាន​ធ្លាក់ចុះ​មួយ​កាំ​បើ​ធៀប​នឹង​ឆ្នាំ​កន្លង ប៉ុន្តែ​គាត់​នៅតែមាន​ប្រាក់ចំណូល 130 លាន​ដុល្លារ​អាម៉េរិក។ ប្រាក់ចំណូល​នៅក្នុង និង​ក្រៅ​វាលស្មៅ​របស់​កំពូល​តារា​បាល់ទាត់​អា​ហ្ស​ង់​ទីន​រូបនេះ​គឺ​ស្មើគ្នា។

    ចំណាត់ថ្នាក់​លេខ​បី​បាន​ទៅលើ Kylian Mbappe ដោយ​រកបាន 120 លាន​ដុល្លារ​អាម៉េរិក។ ក្នុងនោះ 100 លាន​ដុល្លារ​បាន​ពី​ក្លឹប​បាល់ទាត់។

    Kylian Mbappe (ស្ដាំ) និង Lionel Messi

    កំពូល​កីឡាករ​បាល់បោះ LeBron James ឈរ​លំដាប់​លេខ​បួន ដោយ​រកបាន 119.5 លាន​ដុល្លារ ខណៈ​កំពូល​អ្នក​ប្រដាល់ Canelo Alvarez រកបាន 110 លាន​ដុល្លារ ត្រូវ​ឈរ​លេខ​ប្រាំ។

    បន្ទាប់មកទៀត​គឺ កីឡាករ​វាយកូនគោល Dustin Johnson (107 លាន), កីឡាករ​វាយកូនគោល Phil Mickelson (106 លាន), តារា​បាល់បោះ Stephen Curry (100.4 លាន), កីឡាករ​វាយ​កូន​បាល់ (tennis) Roger Federer (95.1 លាន) និង​ទី​ដប់​គឺ​តារា​បាល់បោះ Kevin Durant (89.1 លាន)៕

  • U-22 ម៉ាឡេស៊ី និង U-22 ឡាវ ដែល​នឹង​ប្រកួត​នៅ​ល្ងាច​នេះ តើ​ក្រុម​ណា​មានប្រៀប​ជាង?

    U-22 ម៉ាឡេស៊ី និង U-22 ឡាវ ដែល​នឹង​ប្រកួត​នៅ​ល្ងាច​នេះ តើ​ក្រុម​ណា​មានប្រៀប​ជាង?

    បន្ទាប់ពី​ការប្រកួត​ដែល​បាន​ចាញ់​ក្រុមបាល់ទាត់​បុរស​ជម្រើស​ជាតិ​អាយុ​ក្រោម 22 ឆ្នាំ (U-22) របស់​វៀតណាម ក្រុម U-22 ឡាវ នឹងត្រូវ​ប្រឈម​នឹង​ក្រុម​ខ្លាំង​មួយ​ផ្សេងទៀត​នៅ​ពូ​ល B នោះ​គឺ U-22 ម៉ាឡេស៊ី។

    ការ​ប៉ះគ្នា​រវាង U-22 ម៉ាឡេស៊ី និង U-22 ឡាវ នៅ​វគ្គ​ចែក​ពូ​ល​នៃ​ការប្រកួត​បាល់​ទា​ត់បុរ​ស​របស់​ស៊ី​ហ្គេម​លើក 32 នឹងត្រូវ​ធ្វើឡើង​នា​វេលា​ម៉ោង 19 ថ្ងៃទី 03 ឧសភា 2023 នៅឯ​កីឡដ្ឋាន​ព្រី​នស៍ ស្ថិតនៅ​ភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

    • នៅមុន​ការប្រកួត U-22 ម៉ាឡេស៊ី​ត្រូវបាន​វាយតម្លៃថា មាន​កីឡាករ​ដែលមាន​កម្លាំង​ខ្លាំងក្លា​បំផុត ខណៈដែល U-22 ឡាវ មាន​កីឡាករ​មួយចំនួន​មិនមាន​កម្លាំង​ខ្លាំង​បំផុត បន្ទាប់ពី​ការប្រកួត​ចាញ់ U-22 វៀតណាម នាពេលថ្មីៗនេះ។
    • ប្រវត្តិ​ប៉ះគ្នា​រវាង​ក្រុម U-22 ម៉ាឡេស៊ី និង U-22 ឡាវ នៅក្នុង​ពីរ​ប្រកួត​ចុងក្រោយ៖
    ពេលវេលាគូប្រកួតលទ្ធផល
    21/02/2022U-22 ម៉ាឡេស៊ី vs U-22 ឡាវ0-2
    18/02/2022U-22 ឡាវ vs U-22 ម៉ាឡេស៊ី2-1

     

    • កម្លាំង​របស់ U-22 ម៉ាឡេស៊ី ក្នុង​ប្រាំ​ប្រកួត​ចុងក្រោយ​បំផុត
    ពេលវេលាគូប្រកួតលទ្ធផល
    26/03/2023U-22 ហុងកុង vs U-22 ម៉ាឡេស៊ី1-2
    24/03/2023U-22 កម្ពុជា vs U-22 ម៉ាឡេស៊ី2-4
    21/02/2022U-22 ម៉ាឡេស៊ី vs U-22 ឡាវ0-2
    18/02/2022U-22 ឡាវ vs U-22 ម៉ាឡេស៊ី2-1
    22/02/2019U-22 ម៉ាឡេស៊ី vs U-22 ទី​ម័​រ​ខាងកើត1-0

     

    • កម្លាំង​របស់ U-22 ឡាវ ក្នុង​ប្រាំ​ប្រកួត​ចុងក្រោយ​បំផុត
    ពេលវេលាគូប្រកួតលទ្ធផល
    30/04/2023U-22 វៀតណាម vs U-22 ឡាវ2-0
    24/02/2022U-22 ឡាវ vs U-22 ថៃ0-2
    21/02/2022U-22 ឡាវ vs U-22 ម៉ាឡេស៊ី2-0
    18/02/2022U-22 ឡាវ vs U-22 ម៉ា​ឡ​ស៊ី2-1
    04/07/2012U-22 ឡាវ vs U-22 កម្ពុជា3-3

     

    តាម​ការ​ស្មាន​របស់ Admin ការ​ប្រកួត​​នៅព្រលប់​ថ្ងៃទី 03 ឧសភា​នេះ U-22 ម៉ាឡេស៊ី អាច​នឹង​​ឈ្នះ​ U-22 ឡាវ 2-1​៕

  • ​តួ​ក​គី​ប្រកាស​ព័ត៌មាន​លម្អិត​​ថ្មី​បំផុត​ស្ដី​ពី​យុទ្ធនាការ​កម្ចាត់​មេដឹកនាំ​កំពូល​របស់ «រដ្ឋ​អ៊ីស្លាម (IS)»

    ​តួ​ក​គី​ប្រកាស​ព័ត៌មាន​លម្អិត​​ថ្មី​បំផុត​ស្ដី​ពី​យុទ្ធនាការ​កម្ចាត់​មេដឹកនាំ​កំពូល​របស់ «រដ្ឋ​អ៊ីស្លាម (IS)»

    ប្រទេស​តួ​ក​គី​បានប្រកាស​អំពី​យុទ្ធនាការ​បួន​ម៉ោង​នៅ​ប្រទេស​ស៊ី​រី ដើម្បី​កំណត់​ទីតាំង និង​កម្ចាត់​មេបញ្ជាការ​កំពូល​បច្ចុប្បន្ន​របស់​ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ីស្លាម (Islamic State)។

    បណ្ដា​ផ្សព្វផ្សាយ​របស់​រដ្ឋ​តួ​ក​គី កាលពី​ថ្ងៃទី 01 ឧសភា បាន​បញ្ចេញ​រូបថត​ថ្មី​បំផុត​ស្ដីពី​ផ្ទះ​ដ៏​រឹងមាំ​ស្ថិតនៅ​កណ្ដាល​វាលស្រែ​នៃ​ខេត្ត Afrin ប្រទេស​ស៊ី​រី ជាទី​ដែល​កម្លាំង​ពិសេស​របស់​តួ​ក​គី​បានធ្វើការ​វាយប្រហារ​ក​ម្ចា​ត់​មេបញ្ជាការ​កំពូល​របស់​ក្រុម​ភេរវករ​រដ្ឋ​អ៊ីស្លាម (Islamic State) Abu al-Hussein al-Husseini al-Qurashi។

    ទីភ្នាក់ងារសារព័ត៌មាន Anadolu បានឱ្យដឹងថា ក្រោយពី​បានកំណត់​ទីតាំង​ផ្ទះ​នេះ ដែល​​ជា​កន្លែង​ស្នាក់នៅ​របស់ Qurashi ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់​របស់​តួ​ក​គី (MIT) ក៏បាន​ធ្វើ​យុទ្ធនាការ​រយៈពេល​បួន​ម៉ោង​ក្នុង​ថ្ងៃទី 29 មេសា ដើម្បី​ឡោមព័ទ្ធ​មេ​ភេរ​វករ។

    MIT បាន​បំផ្ទុះ​ជញ្ជាំង​ជុំវិញ​ផ្ទះ មុននឹង​សម្រុកចូល​តាម​ច្រកទ្វារ​ខាងក្រោយ និង​តាម​បង្អួច។ រូបភាព​ដែល​ត្រូវបាន​បញ្ចេញ​បង្ហាញថា មួយផ្នែក​របស់​ផ្ទះ​ពីរ​ជាន់​នេះ​បាន​ខូចខាត​ច្រើន។

    មេបញ្ជាការ​កំពូល​របស់​ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ីស្លាម (Islamic State) Abu al-Hussein al-Husseini al-Qurashi

    Qurashi បាន​ចុច​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅពេល​ដឹងថា ខ្លួន​ជិត​ត្រូវបាន​​គេ​​ចាប់​។ ក្នុងការ​វាយលុក​នេះ ភាគី​ខាង​តួ​ក​គី​ពុំមាន​អ្នកស្លាប់ ឬ​រងរបួស​នោះទេ។

    ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan កាលពី​ថ្ងៃទី 30 មេសា បានប្រកាសថា កម្លាំង​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស​នេះ​បាន​កម្ចាត់ Qurashi នៅក្នុង​យុទ្ធនាការ​មួយ​នៅ​ប្រទេស​ស៊ី​រី។

    Qurashi គឺជា​មេបញ្ជាការ​កំពូល​ទី​បួន​របស់ IS ដែល​ត្រូវបានតែងតាំង​កាលពី​ខែវិច្ឆិកា 2022 បន្ទាប់ពី​ការស្លាប់​របស់​មេដឹកនាំ​កំពូល Abu al-Hassan al-Hashemi al-Quraishi។ Qurashi បាន​ចូល​ក្រុម IS ក្នុង​ឆ្នាំ 2013 និង​បានទទួល​ការតែងតាំង​ជា​បន្តបន្ទាប់​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ក្រុម​ភេរ​វករ។

    ផ្ទះរបស់​មេភេរវករ រដ្ឋអ៊ីស្លាម (Islamic State) Abu al-Hussein al-Husseini al-Qurashi

    តួ​ក​គី​បាន​បញ្ជូន​ទ័ព​ទៅកាន់​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​តាំងពី​ឆ្នាំ 2020 និង​គ្រប់គ្រង​តំបន់​ដ៏​ធំ​មួយ​ដោយមាន​ការជួយ​គាំទ្រ​ពី​បណ្ដា​ក្រុម​បះបោរ​នៅ​ប្រទេស​ស៊ី​រី៕

  • ក្រុម​មហាសេដ្ឋី​នៅ ប្រទេស​អ៊ុយ​ក្រែ​ន បាត់បង់​ទ្រព្យ​ជិត​ពាក់កណ្ដាល ចាប់តាំងពី រុស្ស៊ី បើក​ការឈ្លានពាន

    ក្រុម​មហាសេដ្ឋី​នៅ ប្រទេស​អ៊ុយ​ក្រែ​ន បាត់បង់​ទ្រព្យ​ជិត​ពាក់កណ្ដាល ចាប់តាំងពី រុស្ស៊ី បើក​ការឈ្លានពាន

    វិបត្តិ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បាន​បណ្ដាលឱ្យ​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី ៧ រូប នៅ អ៊ុយ​ក្រែ​ន ថយចុះ ៩.៧ ពាន់​លាន​ដុល្លារ​អាម៉េរិក នេះ​បើតាម​ការ​គណនា​របស់ ទស្សនាវដ្ដី​អាម៉េរិក Forbes។

    តួលេខ​ខាងលើនេះ​ប្រហាក់ប្រហែល​នឹង ៤៥% នៃ​តម្លៃ​ទ្រព្យ​សរុប​នៅមុន​ថ្ងៃទី ២៨ កុម្ភៈ។ Forbes ឱ្យដឹងថា មូ​យ​ក្នុងចំណោម​មូលហេតុ​ដែលនាំឱ្យ​ទ្រព្យ​របស់​ក្រុម​មហាសេដ្ឋី​នៅ អ៊ុយ​ក្រែ​ន មិន​បន្ត​ធ្លាក់ចុះ បើ​ទោះ​សង្គ្រាម​មិនទាន់​បញ្ចប់ គឺ​ដោយសារ​ទ្រព្យ​ភាគច្រើន​ស្ថិតនៅ​បរទេស។

    បច្ចុប្បន្ន អ៊ុយ​ក្រែ​ន មាន​មហាសេដ្ឋី ៧ រូប ដោយមាន​ទ្រព្យ​សរុប ១១.៩ ពាន់​លាន​ដុល្លារ​អាម៉េរិក។ បើ​ធៀប​ទៅនឹង​បញ្ជី​ដែល​ត្រូវបាន​ប្រកាស​កាលពី​ចុងខែ​មីនា ២០២១ ទ្រព្យសម្បត្តិ​របស់​ពួកគេ​បាន​បាត់​បង់អស់​ជាង ៧ ពាន់​លាន​ដុល្លារ។ ម្នាក់​ក្នុងចំណោម​បុគ្គល​ល្បីឈ្មោះ​បំផុត​នៅ អ៊ុយ​ក្រែ​ន គឺ Petro Poroshenko ដែល​ធ្លាប់ជា​ប្រធានាធិបតី​របស់​ប្រទេស​នេះ​ចាប់ពី​ឆ្នាំ ២០១៤ ដល់ ២០១៩ ក៏បាន​បាត់ឈ្មោះ​ពី​បញ្ជី​ចំណាត់ថ្នាក់​មហាសេដ្ឋី​រប​ស់ Forbes សម្រាប់​ឆ្នាំ ២០២២។

    ទ្រព្យ​សុទ្ធ​របស់លោក Petro Poroshenko បាន​ថយចុះ​ជាង​ពាក់កណ្ដាល ពោលគឺ​ប្រហែល ៧០០ លាន​ដុល្លារ​អាម៉េរិក ដោយសារតែ​តម្លៃ​មូលធន​ទីផ្សារ​នៃ​ក្រុមហ៊ុន​ផលិត​នំ Roshen របស់លោក បាន​បាត់បង់​ប្រហែល ៧៥% និង​ត្រូវ​បិទទ្វារ​រោងចក្រ​ចំនួន ២ នៅ ទីក្រុង​កៀវ និង បូរី​ស្ពី​ល ព្រោះតែ​សង្គ្រាម។

    ខាងក្រោម​នេះ​គឺជា​ក្រុម​មហាសេដ្ឋី របស់ អ៊ុយ​ក្រែ​ន ដែល​ស្ទើរតែ​ទាំងអស់ បាន​បាត់បង់​ប្រាក់​យ៉ាងច្រើន៖

    ១-Rinat Akhmetov
    -ទ្រព្យ​សុទ្ធ៖ ៤.២ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល៖ ដែក ធ្យូង
    -ទ្រព្យ​ដែល​បាន​ប្រែប្រួល៖ -៤.៣ ពាន់​លាន​ដុល្លារ​អាម៉េរិក

    ២-Victor Pinchuk

    -ទ្រព្យ​សុទ្ធ៖ ១.៩ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល៖ បំពង់​ដែកថែប, ពហុ​វិស័យ
    -ទ្រព្យ​ដែល​បាន​ប្រែប្រួល៖ -៧០០ លាន​ដុល្លារ​អាម៉េរិក

    ៣-Vadim Novinsky

    -ទ្រព្យ​សុទ្ធ៖ ១.៣ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល៖ ដែកថែប
    -ទ្រព្យ​ដែល​បាន​ប្រែប្រួល៖ -២.២ ពាន់​លាន​ដុល្លារ​អាម៉េរិក

    ៤-Kostyantin Zhevago

    -ទ្រព្យ​សុទ្ធ៖ ១.៣ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល៖ រុករក​រ៉ែ
    -ទ្រព្យ​ដែល​បាន​ប្រែប្រួល៖ -៨០០ លាន​ដុល្លារ​អាម៉េរិក

    ៥-Henadiy Boholyubov

    -ទ្រព្យ​សុទ្ធ៖ ១.១ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល៖ ធនាគារ, វិនិយោគ
    -ទ្រព្យ​ដែល​បាន​ប្រែប្រួល៖ -៩០០ លាន​ដុល្លារ​អាម៉េរិក

    ៦-Vlad Yatsenko

    -ទ្រព្យ​សុទ្ធ៖ ១.១ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល៖ Fintech
    -ទ្រព្យ​ដែល​បាន​ប្រែប្រួល៖ មិនមាន

    ៧-Ihor Kolomoyskyy

    -ទ្រព្យ​សុទ្ធ៖ ១ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល៖ ធនាគារ, វិនិយោគ
    -ទ្រព្យ​ដែល​បាន​ប្រែប្រួល៖ -៨០០ លាន​ដុល្លារ​អាម៉េរិក

  • ថ្ងៃនេះ ព្រឹត្តិការណ៍​ពិព័រណ៍​វប្បធម៌ ទេសចរណ៍ និង​កីឡា នៅ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បានចាប់ផ្ដើម​បើកទទួល​ភ្ញៀវ​ហើយ

    ថ្ងៃនេះ ព្រឹត្តិការណ៍​ពិព័រណ៍​វប្បធម៌ ទេសចរណ៍ និង​កីឡា នៅ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បានចាប់ផ្ដើម​បើកទទួល​ភ្ញៀវ​ហើយ

    ព្រឹត្តិការណ៍​ពិព័រណ៍​វប្បធម៌ ទេសចរណ៍ និង​កីឡា នៅ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បើកទ្វារ​ទទួលភ្ញៀវ​មក​ទស្សនា​កម្សាន្ត​ក្នុង​រយៈពេល ៥ ថ្ងៃ ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី ១០ ខែមេសា ២០២២។

    នៅក្នុង​ពិព័រណ៍​វប្បធម៌ ទេសចរណ៍ និង​កីឡា​នេះ មានការ​តាំងពិព័រណ៍​ផលិតផលផ្សេងៗយ៉ាង​សម្បូរបែប ក្នុងនោះ​មាន​ទាំង​ផលិតផល​ដែលជា​ស្នាដៃ​របស់​កូន​ខ្មែរ​ផងដែរ។ ជាង​នេះ ពិព័រណ៍​នេះ​ក៏មាន​កម្មវិធី​សិល្បៈ​ជាច្រើន​ទម្រង់ ព្រមទាំង​មានការ​ប្រឡង​បវរកញ្ញា​មជ្ឈិមសម័យ។ល។ ព្រឹត្តិការណ៍​នេះ គឺ​ជាង​ការរៀបចំ​ដើម្បី​អបអរ​បុណ្យចូលឆ្នាំ​ខ្មែរ​នាពេលខាងមុខ។

    ព្រឹត្តិការណ៍​ពិព័រណ៍​វប្បធម៌ ទេសចរណ៍ និង​កីឡា នៅ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ត្រូវបាន​រៀបចំ​ដោយ​ក្រុមហ៊ុន​ដៃគូ KHBN សហការ​ជាមួយ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រសួងទេសចរណ៍ និង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​នានា។

  • មហា​សំណាង ព្រោះតែ​មិនបាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​នៅ ប្រទេស​ចិន

    មហា​សំណាង ព្រោះតែ​មិនបាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​នៅ ប្រទេស​ចិន

    (ប្រទេស​ចិន)-Huang អាយុ ២៤ ឆ្នាំ គ្រោង​នឹង​ឡើង​ជើងហោះហើរ MU៥៧៣៥ ពី Kunming ទៅកាន់ Guangzhou ប៉ុន្តែ មិនមាន​វត្តមាន​ក្នុង​ជើងហោះហើរ​នេះ ដោយសារ​ជើង​ដំបូង​ត្រូវបាន​លុបចោល។

    Huang រស់នៅក្នុង​តំបន់ Tengchong នាទី​ក្រុង Baoshan ក្នុង​ខេត្ត Yunnan ប្រទេស​ចិន កាលពី​ថ្ងៃទី ២១ មីនា បានធ្វើ​ឱ្យមាន​ការចាប់​អារម្មណ៍​ខ្លាំង នៅពេល​ចែករំលែក​អំពី​រឿងរ៉ាវ​ប្រកបដោយ​សំណាង​មហា​ល្អ ព្រោះ​មិនបាន​ឡើង​ជិះ​យន្តហោះ​ដែលមាន​លេខ​សម្គាល់ MU៥៧៣៥ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន China Eastern Airlines ដែល​បាន​ធ្លាក់​នៅក្នុង​ខេត្ត Quangxi មុន​នោះ។

    Huang ឱ្យដឹងថា គាត់​មាន​គម្រោង​ឡើង​ជិះ​យន្តហោះ​នោះ​ពី Tengchong ទៅកាន់ Kunming របស់​ខេត្ត Yunnan ហើយ​ក្រោយមក​នឹង​ហោះ​ទៅកាន់ Guangzhou ជា​កន្លែងធ្វើការ​របស់​គាត់ ដោយ​ជើងហោះហើរ MU៥៧៣។ ប៉ុន្តែ ​ដោយ​សារ​​អាកាសធាតុ​មិន​អំណោយផល ជើងហោះហើរ​ពី Tengchong របស់ Huang ក៏ត្រូវ​បាន​លុបចោល។

    យន្តហោះ​របស់​ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines

    «ដោយសារតែ​ជើងហោះហើរ​ដំបូង​ត្រូវបាន​លុបចោល ដូច្នេះ ខ្ញុំ​ក៏ត្រូវ​លុបចោល​ជើងហោះហើរ​បន្ទាប់ និង​មិនបាន​ឡើង​ជិះ​យន្តហោះ​នេះ» Huang បាន​ចែករំលែក​ក្នុង​វីដេអូ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាលពី​ម្សិលមិញ។

    យន្តហោះ Boeing ៧៣៧-៨០០ របស់ China Eastern ដឹក​អ្នកដំណើរ ១៣២ នាក់ និង​បុគ្គលិក ៩ នាក់ ហោះ​ពី​ព្រលានយន្តហោះ​អន្តរជាតិ Kunming Changshui នៅវេលា​ម៉ោង ១៣ និង ១៥ នាទី ហើយ​គ្រោង​នឹង​ទៅដល់​ទីក្រុង Guangzhou នៃ​ខេត្ត Guangdong ម៉ោង ១៥ និង ០៧ នាទី។

    យន្តហោះនេះ បាន​ធ្លាក់​ទៅលើ​ខ្នងភ្នំ​មួយ​នៃ​ទីក្រុង Wuzhou ក្នុង​តំបន់​ស្វយ័ត​ជនជាតិ Zhuang នៅ Guangxi ភាគខាងត្បូង​ប្រទេស​ចិន កាលពី​ថ្ងៃទី ២១ មីនា។

    Huang រស់នៅក្នុងតំបន់ Tengchong នាទីក្រុង Baoshan ក្នុងខេត្ត Yunnan ប្រទេសចិន

    ទិន្នន័យ​ពី Flighttradar24 បង្ហាញថា យន្តហោះ​នេះ​កំពុង​ហោះ​លើ​កម្ពស់​ជិត ៩,០០០ ម៉ែត្រ នៅវេលា​ម៉ោង​ប្រហែល ១៤ និង ២០ នាទី ថ្ងៃទី ២១ មីនា ក៏​ស្រាប់តែ​ចាប់ផ្ដើម​បន្ទាប​កម្ពស់ភ្លាមៗ ក្រោយ​ការហោះហើរ​បាន​ជាង ១ ម៉ោង។ បន្ទាប់ពី​ហោះ​ងើបឡើង​នៅលើ​កម្ពស់​ជាង ២,០០០ ម៉ែត្រ យន្តហោះ​ក៏​បន្ត​ដាំ​ក្បាល​ចុះ​ក្នុង​ល្បឿន​ជិត ៦០០ គីឡូម៉ែត្រ/ម៉ោង ក្នុង​រយៈ​ប៉ុន្មាន​វិនាទី​ចុងក្រោយ៕