​តួ​ក​គី​ប្រកាស​ព័ត៌មាន​លម្អិត​​ថ្មី​បំផុត​ស្ដី​ពី​យុទ្ធនាការ​កម្ចាត់​មេដឹកនាំ​កំពូល​របស់ «រដ្ឋ​អ៊ីស្លាម (IS)»

ប្រទេស​តួ​ក​គី​បានប្រកាស​អំពី​យុទ្ធនាការ​បួន​ម៉ោង​នៅ​ប្រទេស​ស៊ី​រី ដើម្បី​កំណត់​ទីតាំង និង​កម្ចាត់​មេបញ្ជាការ​កំពូល​បច្ចុប្បន្ន​របស់​ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ីស្លាម (Islamic State)។

បណ្ដា​ផ្សព្វផ្សាយ​របស់​រដ្ឋ​តួ​ក​គី កាលពី​ថ្ងៃទី 01 ឧសភា បាន​បញ្ចេញ​រូបថត​ថ្មី​បំផុត​ស្ដីពី​ផ្ទះ​ដ៏​រឹងមាំ​ស្ថិតនៅ​កណ្ដាល​វាលស្រែ​នៃ​ខេត្ត Afrin ប្រទេស​ស៊ី​រី ជាទី​ដែល​កម្លាំង​ពិសេស​របស់​តួ​ក​គី​បានធ្វើការ​វាយប្រហារ​ក​ម្ចា​ត់​មេបញ្ជាការ​កំពូល​របស់​ក្រុម​ភេរវករ​រដ្ឋ​អ៊ីស្លាម (Islamic State) Abu al-Hussein al-Husseini al-Qurashi។

ទីភ្នាក់ងារសារព័ត៌មាន Anadolu បានឱ្យដឹងថា ក្រោយពី​បានកំណត់​ទីតាំង​ផ្ទះ​នេះ ដែល​​ជា​កន្លែង​ស្នាក់នៅ​របស់ Qurashi ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់​របស់​តួ​ក​គី (MIT) ក៏បាន​ធ្វើ​យុទ្ធនាការ​រយៈពេល​បួន​ម៉ោង​ក្នុង​ថ្ងៃទី 29 មេសា ដើម្បី​ឡោមព័ទ្ធ​មេ​ភេរ​វករ។

MIT បាន​បំផ្ទុះ​ជញ្ជាំង​ជុំវិញ​ផ្ទះ មុននឹង​សម្រុកចូល​តាម​ច្រកទ្វារ​ខាងក្រោយ និង​តាម​បង្អួច។ រូបភាព​ដែល​ត្រូវបាន​បញ្ចេញ​បង្ហាញថា មួយផ្នែក​របស់​ផ្ទះ​ពីរ​ជាន់​នេះ​បាន​ខូចខាត​ច្រើន។

មេបញ្ជាការ​កំពូល​របស់​ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ីស្លាម (Islamic State) Abu al-Hussein al-Husseini al-Qurashi

Qurashi បាន​ចុច​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅពេល​ដឹងថា ខ្លួន​ជិត​ត្រូវបាន​​គេ​​ចាប់​។ ក្នុងការ​វាយលុក​នេះ ភាគី​ខាង​តួ​ក​គី​ពុំមាន​អ្នកស្លាប់ ឬ​រងរបួស​នោះទេ។

ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan កាលពី​ថ្ងៃទី 30 មេសា បានប្រកាសថា កម្លាំង​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស​នេះ​បាន​កម្ចាត់ Qurashi នៅក្នុង​យុទ្ធនាការ​មួយ​នៅ​ប្រទេស​ស៊ី​រី។

Qurashi គឺជា​មេបញ្ជាការ​កំពូល​ទី​បួន​របស់ IS ដែល​ត្រូវបានតែងតាំង​កាលពី​ខែវិច្ឆិកា 2022 បន្ទាប់ពី​ការស្លាប់​របស់​មេដឹកនាំ​កំពូល Abu al-Hassan al-Hashemi al-Quraishi។ Qurashi បាន​ចូល​ក្រុម IS ក្នុង​ឆ្នាំ 2013 និង​បានទទួល​ការតែងតាំង​ជា​បន្តបន្ទាប់​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ក្រុម​ភេរ​វករ។

ផ្ទះរបស់​មេភេរវករ រដ្ឋអ៊ីស្លាម (Islamic State) Abu al-Hussein al-Husseini al-Qurashi

តួ​ក​គី​បាន​បញ្ជូន​ទ័ព​ទៅកាន់​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​តាំងពី​ឆ្នាំ 2020 និង​គ្រប់គ្រង​តំបន់​ដ៏​ធំ​មួយ​ដោយមាន​ការជួយ​គាំទ្រ​ពី​បណ្ដា​ក្រុម​បះបោរ​នៅ​ប្រទេស​ស៊ី​រី៕

Advertisement