Tag: 2020

  • ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការ ស្ពានកោះពេជ្រ – កោះនរា នឹងធ្វើ​នៅថ្ងៃទី 15 ខែ​នេះ

    ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការ ស្ពានកោះពេជ្រ – កោះនរា នឹងធ្វើ​នៅថ្ងៃទី 15 ខែ​នេះ

    នៅថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2023 ស្ពានបេតុងខ្សែកាបឆ្លងទន្លេ ពីតំបន់អភិវឌ្ឍន៍កោះពេជ្រ ទៅតំបន់អភិវឌ្ឍន៍​កោះនរា នឹងត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

    ខាង​លើ​នេះ​គឺជា​ការ​បញ្ជាក់​របស់​លោក កើត ឆែ អភិបាល​រង​រាជធានី​ភ្នំ​ពេញ ក្នុងពេលអញ្ជើញជាអធិបតីភាពសម្ពោធបើកឱ្យ​ដំណើរការអគារពង្រីកបន្ថែមថ្មី ផ្សារទំនើប អ៊ីអនម៉លភ្នំពេញ កាលពីថ្ងៃទី 04 ខែវិច្ឆិកា ឆ្នាំ 2023។

    ស្ពានកោះពេជ្រ – កោះនរា ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ អនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្នកាលពីថ្ងៃទី 20​ ខែតុលា ឆ្នាំ 2023 ដើម្បីបញ្ជៀស​ការកកស្ទះចរាចរណ៍​នៅស្ពានព្រះមុនីវង្ស និងស្ពានអាកាសក្បាលថ្នល់។ បច្ចុប្បន្ន ស្ពាន​នេះ​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​ខ្លាំង​ពី​សាធារណជន ពិសេស​គឺពលរដ្ឋ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​ផ្សារ​ច្បារ​អំពៅ​នា​ពេល​កន្លង​។ ស្ពាន​នេះ​ក៏​កំពុង​តែ​ក្លាយ​ជា​​ស្ពាន​ដ៏​សំខាន់​ដែល​តភ្ជាប់​ទីក្រុង​រណប​កោះ​នរា ក៏​ដូច​ជា​​ផ្លូវជាតិ​លេខ 1​ ទៅ​នឹង​​ចំណុច​កណ្តាល​នៃ​រាជធានីភ្នំពេញ។

    ស្ពានដែល​សាងសង់​ដោយ​ក្រុម​ហ៊ុន OCIC និង​មានបណ្ដោយ 824 ម៉ែត្រ និងទទឹង 24.50 ម៉ែត្រនេះ ត្រូវ​បាន​បើកការដ្ឋានសាងសង់កាលពីថ្ងៃទី 26 ខែតុលា ឆ្នាំ 2020 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការ​សាងសង់​ស្ពាន​នេះ​ត្រូវ​ចំណាយថវិកាសរុបចំនួន 38 លានដុល្លារអាម៉េរិក​។

  • ផ្ទាំង​ទឹកកក​ធំជាងគេ​បង្អស់​លើ​ពិភពលោក​បែកបាក់​រលា​យ​ខ្ទេចខ្ទី

    ផ្ទាំង​ទឹកកក​ធំជាងគេ​បង្អស់​លើ​ពិភពលោក​បែកបាក់​រលា​យ​ខ្ទេចខ្ទី

    រូបភាព​ពី​ផ្កាយរណប​របស់​ណា​សា កាលពី​ចុងខែ​ឧសភា​បាន​បង្ហាញថា A-76A ដែលជា​ផ្ទាំង​ទឹកកក​ធំ​ជាង​ទីក្រុង Los Angeles ពីរដង បាន​បែកបាក់​ខ្ទេចខ្ទី​នៅក្បែរ​កោះ Georgia ខាងត្បូង របស់​ចក្រភព​អង់គ្លេស។

    A-76A គឺជា​ផ្ទាំង​ធំជាងគេ​ដែល​នៅសល់​របស់ A-76 ដែលជា​ផ្ទាំង​ទឹកកក​មាន​ទំហំ​ប្រហែល 4,320 គីឡូម៉ែត្រ​ការ៉េ និង​មាន​បណ្ដោយ 170 គីឡូម៉ែត្រ ទទឹង 25 គូ​ឡូ​ម៉ែត្រ ដែល​បាន​បែក​ចេញពី​ខឿន​នៃ​ផ្ទាំង​ទឹកកក Ronne របស់​ទ្វីប​អង់​តាក​តិច កាលពី​ខែឧសភា 2021។

    កាលពី​ថ្ងៃទី 24 ឧសភា 2023 ផ្កាយរណប Terra របស់​ណា​សា​ថតរូប​ភាព​ថ្មី​បំផុត​អំពី​បំណែក​ទាំង 6 របស់ A-76A ដែល​កំពុង​អណ្ដែត​ចេញ​ឆ្ងាយ​ពីគ្នា​នៅក្បែរ​កោះ Georgia ខាងត្បូង ក្នុង​សមុទ្រ Scotia ដែល​នេះ​មានន័យថា ផ្ទាំង​ទឹកកក​ខ្នាត​យក្ស​នេះ​បាន​បែក​ពីគ្នា​កាលពី​ច្រើន​ថ្ងៃមុន​មកហើយ។ បំណែក​ផ្ទាំង​ទឹកកក​ទាំងនេះ​មាន​ចម្ងាយ​ប្រហែល 2,415 គីឡូម៉ែត្រ​ពី​កន្លែង​ដែល A-76 បាន​បែក​ចេញពី​ទ្វីប​អង់​តាក​តិច​កាលពី​ឆ្នាំ 2021។

    ផ្ទាំង​ទឹកកក​អណ្ដែត​ធំជាងគេ​លើ​ពិភពលោក​នាពេល​កន្លង គឺ A-68A ក៏បាន​បែកបាក់​ខ្ទេចខ្ទី​នៅក្បែរ​កោះ Georgia ខាងត្បូង កាលពី​ខែធ្នូ 2020 ក្រោយពី​បាន​អណ្ដែត​តាម​ឆកសមុទ្រ Drake។ A-76A មិន​ប៉ះទង្គិច​ផ្ទាល់​ជាមួយនឹង Georgia ខាងត្បូង ប៉ុន្តែ​នៅតែ​អាច​បង្ក​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​ជីវចម្រុះ​ក្នុង​សមុទ្រ​នៅក្បែរនោះ។

    កាលពី​ពាក់កណ្ដាល​ឆ្នាំ 2021 នៅពេល A-68A បាន​រលាយ​ទាំងស្រុង ក្រុម​អ្នកវិទ្យាសាស្ត្រ​គណនា​ឃើញថា វា​បាន​បន្ថែម​ទឹកសាប​ប្រហែល 900 លាន​តោន​ចូលក្នុង​សមុទ្រ ដែល​ភាគច្រើន​នៅ​តំបន់​ក្បែរ​កោះ Georgia ខាងត្បូង។ ចំណែក A-76A វិញ ក៏​នឹង​បន្ថែម​ទឹកសាប​យ៉ាងច្រើន​ទៅក្នុង​តំបន់​សមុទ្រ​ក្បែរ​ខាង និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​អាហារ​នៅក្នុង​សមុទ្រ បើសិនជា​វា​បាន​រលាយ​អស់។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ទំ​ព័រ Live Science ៕

  • វីដេអូ​៖ តំណាង​រាស្ត្រ​ប្រហែល​ម្ភៃ​នាក់​វាយ​តប់​គ្នា​ក្នុង​សភា​នៅ​បូលីវី

    វីដេអូ​៖ តំណាង​រាស្ត្រ​ប្រហែល​ម្ភៃ​នាក់​វាយ​តប់​គ្នា​ក្នុង​សភា​នៅ​បូលីវី

    តំណាង​​រាស្ត្រ​ច្រើន​រូប​នៅ​សភា​បូលីវី វាយតប់ បោចសក់​គ្នា​នៅក្នុង​សភា​នៅ​ពេល​តំណាង​រដ្ឋាភិបាល​វាយ​ការណ៍​អំពី​ការ​ដាក់​ពន្ធនាគារ​ចំពោះ​អតីត​អភិបាល​​មួយ​រូប​។

    រដ្ឋមន្ត្រី​ Eduardo del Castillo កាល​ពី​ថ្ងៃទី 23 ឧសភា ត្រូវ​បាន​សភា​បូលីវី​កោះហៅ​ឱ្យ​ចូល​មក​រាយការណ៍​អំពី​ករណីលោក​​ Luis Fernando Camacho អតីត​អភិបាល​​តំបន់ Santa Cruz និង​ជា​អ្នក​នយោបាយ​ដ៏ល្បី​ឈ្មោះ​របស់​បក្ស​ប្រឆាំង​ ដែល​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ 12 ឆ្នាំ ក្រោម​ការ​ចោទ​ប្រកាន់​ថា មាន​ផែនការ​ធ្វើ​រដ្ឋប្រហារ​។

    លោក Castillo ការ​ពារ​សេចក្ដីសម្រេច​ចំពោះ​ការ​កាត់​ទោស​អតីត​អភិបាល​ Camacho ព្រម​ទាំង​បាន​រិះ​គន់​ថា​ ក្រុម​តំណាង​រាស្ត្រ​បក្ស​របស់​លោក Camacho ជា​ «ក្រុម​ជ្រុល​និយម លួច​ប្លន់ ហិង្សា ចូល​ចិត្ត​រឹប​អូប​ទ្រព្យ​​របស់​ប្រជាជន​បូលីវី»។

    ​ពេល​លោក Castillo កំពុងនិយាយ​ តំណាង​រាស្ត្រ​មួយ​ក្រុម​របស់​បក្ស​ប្រឆាំង​ នាំ​គ្នា​លើក​បដា​​ប្រឆាំង​នឹង​ការ​ដាក់​ទោស​លើ​លោក Camacho អម​នឹង​អក្សរមួយ​ឃ្លា «រដ្ឋមន្ត្រី​ភេរវកម្ម»។ ក្នុង​ពេល​តំណាង​រាស្ត្រ​មួយ​ក្រុម​ដែល​គាំទ្រ​រដ្ឋាភិបាល​ព្យាយាម​ដណ្ដើម​យក​បដា ភ្លាម​នោះ​ តំណាង​រាស្ត្រ​ប្រហែល​ 20 នាក់​ ភាគ​ច្រើន​ជា​ស្ត្រី ក៏​​ចូល​ទៅ​វាយ​តប់​ និង​បោច​សក់​គ្នា​ក្នុង​សភា។

    ប៉ុន្មាន​នាទី​ក្រោយ​មក ហេតុ​ការណ៍​វាយ​តប់​គ្នា​ក៏បាន​បញ្ចប់​នៅ​ពេល​ក្រុម​តំណាង​រាស្ត្រ​ជា​បុរស​ចូល​ធ្វើ​អន្តរាគមន៍​។ ក្នុង​ហេតុ​ការណ៍​នេះ​ពុំ​មាន​អ្នក​រង​របួសធ្ងន់​ធ្ងរ​​នោះ​ទេ​។

    នេះ​គឺជា​ហេតុការណ៍​ថ្មី​បំផុត​ដែល​បង្ហាញ​អំពី​ស្ថានការណ៍​ប្រកាន់​បក្ស​ពួក​ក្នុងរឿង​នយោបាយ​នៅ​ ​បូលីវី​ ជា​ប្រទេស​ដែល​បក្ស​ប្រឆាំង​ប្រកាស​ថា សកម្មជន​បក្ស​ប្រឆាំង​ប្រហែល 180 នាក់​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​។

    រដ្ឋាភិបាល​របស់​ប្រធានាធិបតី Luis Arce បាន​ចោទ​ប្រកាន់​សកម្មជន​ទាំង​នោះ​ថា បាន​គាំទ្រ​រដ្ឋប្រហារ​ប្រឆាំង​អតីត​ប្រធានាធិបតី​​ Evo Morales កាល​ពី​ឆ្នាំ 2019 និង​ជួយ​ឱ្យលោក​ស្រី Jeanine Anez អ្នក​នយោបាយ​ស្ដាំនិយម​ឡើង​កាន់​អំណាច​។

    យោង​តាម AFP លោក Arce ធ្លាប់​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ក្នុង​សម័យ​ប្រធានាធិបតី Morales និង​ត្រូវ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ម៉ិកស៊ិក នៅ​ពេល​លោក Morales ត្រូវ​បាន​ផ្ដួល​រំលំ​។ ក្រោយ​មក លោក Arce ក៏​បាន​ត្រលប់​មក​ប្រទេស​ និង​ត្រូវ​បាន​បោះ​ឆ្នោត​ជា​ប្រធានាធិបតី​បូលីវី​កាល​ពី​ឆ្នាំ 2020​ គ្រា​ដែល​លោក​ស្រី Anez ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៕

  • ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​បញ្ចុះតម្លៃ​រថយន្ត​អគ្គិសនី HongGuang Mini EV

    ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​បញ្ចុះតម្លៃ​រថយន្ត​អគ្គិសនី HongGuang Mini EV

    (ប្រទេស​ចិន) – នៅ​ថ្ងៃទី 22 ឧសភា​នេះ ក្រុមហ៊ុន​ចិន Wuling Motors បាន​បញ្ចុះតម្លៃ​រថយន្ត​អគ្គិសនី​ដែល​លក់ដាច់​ជាងគេ​មួយ​នៅលើ​ពិភពលោក​របស់ខ្លួន មក​នៅ​ទាប​បំផុត​គឺ​ត្រឹម 29,800 យន់ (4,300 ដុល្លារ​អាម៉េរិក)។

    ម៉ូ​ដែល​រថយន្ត​មួយចំនួន​ផ្សេងទៀត​របស់ Wuling ក៏​ត្រូវបាន​បញ្ចុះតម្លៃរ​ហូត​ដល់ 13,000 យន់ (1,850 ដុល្លារ​អាម៉េរិក)។ នេះ​បើតាម​ប្រកាស​របស់ Wuling Motors។

    Wuling HongGuang Mini EV គឺជា​រថយន្ត​បួន​កៅអី មាន​បណ្ដោយ 2.9 ម៉ែត្រ និង​កម្ពស់ 1.5 ម៉ែត្រ។ រថយន្ត​អគ្គិសនី​នេះ​មាន​ល្បឿន​អតិបរមា 100 គីឡូម៉ែត្រ/ម៉ោង និង​អាច​បើកបរ​បាន​ចម្ងាយ 170 គីឡូម៉ែត្រ បន្ទាប់ពី​បាន​បញ្ចូល​អគ្គិសនី​មួយ​ពេញ។

    រថយន្ត​ម៉ូ​ដែល​នេះ​មានការ​ពេញនិយម​ខ្លាំង​នៅ​ប្រទេស​ចិន ដោយមាន​ជាង 119,000 គ្រឿង​ត្រូវបាន​លក់​ក្នុង​ឆ្នាំ 2020 និង​បាន​ក្លាយជា​រថយន្ត​អគ្គិសនី​ដែល​លក់ដាច់​ជាងគេ​លំដាប់​ទី​បី​នៅ​ទូទាំង​សកលលោក​ក្នុង​ឆ្នាំ​នោះ៕

  • យន្តហោះ​អវកាស​ដ៏​អាថ៌កំបាំង​របស់​ចិន បង្ហោះ​វត្ថុ «សម្ងាត់» ទៅ​ក្នុង​គន្លង​គោចរ

    យន្តហោះ​អវកាស​ដ៏​អាថ៌កំបាំង​របស់​ចិន បង្ហោះ​វត្ថុ «សម្ងាត់» ទៅ​ក្នុង​គន្លង​គោចរ

    យោងតាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ និង​យុទ្ធសាស្ត្រ​នៅ​សហរដ្ឋ​អាម៉េរិក យន្តហោះ​អវកាស​ប្រើប្រាស់​ឡើងវិញ​របស់​ប្រទេស​ចិន បាន​បង្ហោះ​វត្ថុ​មួយ​ចូលទៅក្នុង​គន្លង​គោចរ​កាលពី​ខែតុលា ឆ្នាំ 2022។

    ក្រោយ​រយៈពេល 9 ខែ​នៅលើ​គន្លង​គោចរ យន្តហោះ​អវកាស​ដ៏​អាថ៌កំបាំង​របស់​ប្រទេស​ចិន​ក៏បាន​ចុះចត ជួយ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជាមួយ​ក្នុងចំណោម​ប្រទេស​ដ៏​តិចតួច​ដែល​បាន​បាញ់​បង្ហោះ និង​បញ្ជា​ឱ្យ​ចុះចត​ដោយ​ជោគជ័យ​នូវ​យន្តហោះ​អវកាស​ដែល​អាច​ប្រើប្រាស់​ឡើងវិញ។ យន្តហោះ​អវកាស​នេះ​បាន​ត្រលប់​មកកាន់​ផែនដី​វិញ​កាលពី​ព្រឹក​ថ្ងៃទី 08 ឧសភា 2023 បន្ទាប់ពី​ស្ថិតនៅលើ​គន្លង​គោចរ​អស់​រយៈពេល 276 ថ្ងៃ យូរ​ជាង 100 ដង ធៀប​នឹង​ជើងហោះហើរ​ដំបូង​កាលពី​ជិត 3 ឆ្នាំមុន។

    ក៏ប៉ុន្តែ រដ្ឋាភិបាល​ចិន​មិនបាន​ប្រកាស​ព័ត៌មាន​ច្រើន​ទាក់ទង​នឹង​យន្តហោះ​អវកាស​នេះទេ។ នេះ​បើតាម Live Science ចុះផ្សាយ​កាលពី​ថ្ងៃទី 20 ឧសភា។

    Kevin Pollpeter អ្នកវិទ្យាសាស្ត្រ​ប្រចាំ​មជ្ឈមណ្ឌល​វិភាគ​ផ្នែក​ទ័ពជើងទឹក​របស់​ស​ហរ​ដ្ឋ​អាម៉េរិក ឱ្យដឹងថា យន្តហោះ​អវកាស​របស់​អាម៉េរិក Boeing X-37B ដែល​បាន​បង្ហាញខ្លួន​កាលពី​ឆ្នាំ 2010 អាចជា​កត្តា​ជំ​រុញឱ្យ​រដ្ឋាភិបាល​ចិន​អភិវឌ្ឍ​យន្តហោះ​អវកាស​ផ្ទាល់ខ្លួន។

    ដូច​ទៅនឹង Boeing X-37B យន្តហោះ​អវកាស​របស់​ចិន​ទំនងជា​មិនមាន​មនុស្ស​បើកបរ និង​តូច។ វា​ប្រហែលជា​បាន​ហោះហើរ​លើកដំបូង​កាលពី​ខែកញ្ញា 2020 និង​ចុះចត​វិញ​ក្រោយ​ការហោះហើរ​បាន 2 ថ្ងៃ។ បេសកកម្ម​ថ្មី​បំផុត​របស់​យន្តហោះ​អវកាស​ចិន ចាប់ផ្ដើម​ពី​ខែសីហា 2022 ដែល​ហោះ​ឡើង​ដោយសារ​រ៉ុក្កែត Long March 2F។ នេះ​បើតាម​របាយការណ៍​រប​ស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ និង​យុទ្ធសាស្ត្រ (CSIS) នៅ​សហរដ្ឋ​អាម៉េរិក។ គោលដៅ​ពិតប្រាកដ​របស់​បេសកកម្ម​នេះ​នៅតែ​ជា​រឿង​អាថ៌កំបាំង។

    CSIS បានឱ្យដឹងថា យន្តហោះ​អវកាស​ចិន បាន​ទម្លាក់​វត្ថុ​មួយ​ទៅក្នុង​គន្លង​គោចរ​កាលពី​ខែតុលា 2022។ វត្ថុ​នេះ​ទំនងជា​បាន​បាត់​ខ្លួន​កាលពី​ខែមករា 2023 ហើយ​ក្រោយមក​ក៏បាន​បង្ហាញខ្លួន​ជាថ្មី​នៅលើ​រ៉ា​ដា​កាលពី​ខែមីនា 2023។ ក្រុម​អ្នកជំនាញ​យល់ថា ប្រការនេះ​អាច​បង្ហាញថា យន្តហោះ​អវកាស​ចិន​មាន​សមត្ថភាព​បំ​ផ្លាស់​ទី​វត្ថុ​ដោយ​ដៃ​យន្តរបស់​វា​៕

  • ការរីកចម្រើន​ផ្នែក​អវកាស​របស់​សហរដ្ឋ​អាម៉េរិក ធៀប​នឹង​ប្រទេស​ចិន

    ការរីកចម្រើន​ផ្នែក​អវកាស​របស់​សហរដ្ឋ​អាម៉េរិក ធៀប​នឹង​ប្រទេស​ចិន

    នៅក្នុង​ផ្នែកសំខាន់ៗ សហរដ្ឋ​អាម៉េរិក​មិន​ត្រឹមតែ​មានប្រៀប​លើសលុប​លើ​ប្រទេស​ចិន​នោះទេ ប៉ុន្តែ​ក៏មាន​ប្រៀប​ជាង​បណ្ដា​ប្រទេស​បូក​ចូលគ្នា​ផងដែរ​នៅក្នុង​វិស័យ​អវកាស។

    អំពី​ថវិកា៖ ឆ្នាំ 2021 ថវិកា​សម្រាប់​ផ្នែក​អវកាស​របស់​សហរដ្ឋ​អាម៉េរិក​គឺ​ប្រមាណ 59.8 ពាន់​លាន​ដុល្លារ ខណៈ​ប្រទេស​ចិន​ មាន​​ប្រហែល 16.18 ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។ នេះ​បើតាម Svetla Ben-Itzhak សាស្ត្រាចារ្យ​រង​ផ្នែក​អវកាស និង​ទំនាក់ទំនង​អន្តរជាតិ ប្រចាំ​សាកលវិទ្យាល័យ Air (AU) របស់​សហរដ្ឋ​អាម៉េរិក។

    ផ្កាយរណប៖ គិត​ត្រឹម​ខែមេសា ឆ្នាំ 2023 នៅលើ​គន្លង​តារាវិថី​ផែនដី មាន​ផ្កាយរណប​សរុប 5,465 គ្រឿង​កំពុងដំណើរការ។ ក្នុងនោះ សហរដ្ឋ​អាម៉េរិក​មាន 3,433 គ្រឿង ស្មើនឹង 63% ហើយ​ឈរ​លំដាប់​លេខ​មួយ​លើ​ពិភពលោក។ ចំណែក​ប្រទេស​ចិន​វិញ មានតែ 541 គ្រឿង​ប៉ុណ្ណោះ។

    អវកាស​យានដ្ឋាន៖ សហរដ្ឋ​អាម៉េរិក​មាន​អវកាស​យានដ្ឋាន​សម្រាប់​បាញ់​បង្ហោះ​យានអវកាស​ចំនួន 7 កំពុងដំណើរការ​ក្នុង និង​ក្រៅប្រទេស គ្រា​ដែល​យ៉ាង​តិច​​ 13 កន្លែង​ផ្សេងទៀត​កំពុង​ស្ថាបនា​​។ ប្រទេស​ចិន​មាន​អាកាសយានដ្ឋាន​កំពុងដំណើរការ​ចំនួន 4 កន្លែង និង 2 កន្លែង​ទៀត​កំពុង​អភិវឌ្ឍ​ទៅតាម​ផែនការ ហើយ​ទាំងអស់​សុទ្ធតែ​ស្ថិតក្នុង​ទឹកដី​ប្រទេស​នេះ។

    ដៃគូ​សហការ៖ រដ្ឋាភិបាល​អាម៉េរិក​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន 169 ជាមួយ​រដ្ឋ និង​អង្គការ​អន្តររដ្ឋាភិបាល​ចំនួន នឹង 33, 129 ជាមួយនឹង​ដៃគូ​ពាណិជ្ជកម្ម និង 7 ជាមួយនឹង​ស្ថាប័ន​ស្រាវជ្រាវ។ ប្រទេស​ចិន មាន​កិច្ចសហការ​ជាមួយ​ប្រទេស​រុស្ស៊ី អ៊ីរ៉ង់ ប៉ា​គិ​ស្ថាន ថៃ និង​តួ​ក​គី។

    បេសកកម្ម​ឡើងទៅ​ឋាន​ព្រះ​ចន្ទ៖ រុស្ស៊ី និង​ចិន សហការគ្នា​នៅក្នុង​គម្រោង​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​នៅ​ឆ្នាំ 2028។ ស្ថានីយ​ស្រាវជ្រាវ​ព្រះ​ចន្ទ​អន្តរជាតិ​របស់​ប្រទេស​ទាំងពីរ​នេះ បើកទ្វារ​ទទួល​យកដៃ​គូ​សហការ​អន្តរជាតិ ប៉ុន្តែ​មកដល់ពេលនេះ​មិនទាន់មាន​ដៃគូ​ថ្មី​ណាមួយ​ឡើយ។ ចំណែក​កម្មវិធី​ព្រះ​ចន្ទ Artemis ដែល​នឹង​នាំ​អ្នក​អវកាស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​នៅ​ឆ្នាំ 2025 របស់​សហរដ្ឋ​អាម៉េរិក​វិញ គិត​ចាប់ពី​ឆ្នាំ 2020 មាន​ប្រទេស​ចំនួន 24 បាន​ចូលរួម។

    ចំនួន​លើក​នៃ​ការបាញ់​បង្ហោះ​យានអវកាស៖ ឆ្នាំ 2021 ប្រទេស​ចិន​បាន​បាញ់​បង្ហោះ​យានអវកាស​ចំនួន 55 លើក ច្រើនជាង​សហរដ្ឋ​អាម៉េរិក​ចំនួន 4 លើក។

    ស្ថានីយ​អវកាស៖ ចាប់ពី​ឆ្នាំ 2022 ប្រទេស​ចិន​មាន​ស្ថានីយ​អវកាស​ពេញ​លេញ​​ផ្ទាល់ខ្លួន​ ឈ្មោះ ធាន​ហ្គ​ង់ (Tiangong) ដែល​គ្រប់គ្រង​តែឯង។ ចាប់ពី​ឆ្នាំ 1990 សហរដ្ឋ​អាម៉េរិក​បាន​សហការ​ជាមួយ​ប្រទេស​ចំនួន 14 ក្នុងនោះ​មាន​រុស្ស៊ី​ផងដែរ ដើម្បី​ដំណើរការ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)។ ប្រទេស​ចិន​អាច​នឹងមាន​ប្រៀប​ជាង​សហរដ្ឋ​អាម៉េរិក យ៉ាង​ឆាប់​ត្រឹម​ឆ្នាំ 2045 បើសិន​វ៉ា​ស៊ី​ង​តោន​មិន​ធ្វើ​សកម្មភាព។ ប៉ុន្តែ យោងតាម Space  លទ្ធភាព​នេះ​ប្រហែលជា​នឹងមិន​អាច​កើតឡើង ព្រោះថា សហរដ្ឋ​អាម៉េរិក​កំពុងតែ​បង្កើន​ការវិនិយោគ​ទៅលើ​វិស័យ​អវកាស៕

  • រុស្ស៊ី ប្រារព្ធ​ពិធី​ដង្ហែ​ព្យុហយាត្រា​អបអរ​ជ័យជម្នះ​នៅថ្ងៃនេះ

    រុស្ស៊ី ប្រារព្ធ​ពិធី​ដង្ហែ​ព្យុហយាត្រា​អបអរ​ជ័យជម្នះ​នៅថ្ងៃនេះ

    ព្រឹត្តិការណ៍​ដង្ហែ​ក្បួនព្យុហយាត្រា​អបអរ​ជ័យជម្នះ​របស់​រុស្ស៊ី គ្រោង​នឹងធ្វើ​ឡើង​នៅ​ល្ងាច​នេះ​នៅឯ​ទីលាន​ក្រហម ដោយមាន​ការចូលរួម​របស់​ទាហាន​រុស្ស៊ី​ជាង 10,000 នាក់ រួម​នឹង​អាវុធ​នានា​​របស់​ប្រទេស​នេះ។

    ពិធី​ដង្ហែ​ក្បួនព្យុហយាត្រា​អបអរ​ជ័យជម្នះ 78 ឆ្នាំ​នៃ​ថ្ងៃ​​កងទ័ព​ក្រហម​សូ​វៀត បាន​ផ្ដួល​រំលំ​របប​ហ្វា​ស៊ី​ស​អាល្លឺម៉ង់ បញ្ចប់សង្គ្រាម​ស្នេហា​ជាតិ​ដ៏​អស្ចារ្យ (Great Patriotic War) នេះ​ នឹង​ធ្វើឡើង​នៅវេលា​ម៉ោង 10 ថ្ងៃទី 09 ឧសភា (ម៉ោង​ប្រហែល 14 នៅ​កម្ពុជា) នៅ​ទីលាន​ក្រហម (Red Square) ក្នុង​រដ្ឋធានី​មូ​ស្គូ។ ទាហាន​រុស្ស៊ី​ជាង 10,000 នាក់ រួម​នឹង​អង្គភាព​អាវុធ​ចំនួន 125 នឹងចូលរួម​ពិធី​ខាងលើនេះ។

    ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន រួម​នឹង​មេដឹកនាំ​ប្រទេស​មួយចំនួន ក្នុងនោះ​មាន បេឡា​រុស អា​មេ​នី កៀ​ហ្ស៊ី​ស៊ី​ស្ថាន តា​ហ្ស៊ី​គី​ស្ថាន អ៊ូ​ស​បេ​គី​ស្ថាន និង​កា​ហ្សា​ក់​ស្ថាន​ជាដើម នឹង​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ។

    ពិធី​ដង្ហែ​ព្យុហយាត្រា​អបអរ​ជ័យជម្នះនៅ​ក្នុង​​ឆ្នាំនេះ​របស់​រុស្ស៊ី ធ្វើឡើង​ក្នុង​ស្ថានការណ៍​សន្តិសុខ​ត្រូវបាន​រឹតបន្តឹង​ខ្លាំង​នៅ​ទូទាំងប្រទេស បន្ទាប់ពី​មានការ​វាយប្រហារ​ពី​យន្តហោះ​គ្មាន​មនុស្ស​បើកបរ (UAV) ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ករណី គ្រា​ដែល​កងទ័ព​ប្រទេស​នេះ​កំពុង​ឈ្លានពាន​ទឹកដី​អ៊ុយ​ក្រែ​ន។

    សង្គ្រាម​ស្នេហា​ជាតិ​ដ៏​អស្ចារ្យ (1941-1945) គឺជា​សង្គ្រាម​ធំ​បំផុត និង​បង្កឱ្យមាន​មនុស្ស​ស្លាប់ និង​របួស​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ ក្នុងនោះ​មាន​ទាហាន និង​ប្រជាជន​សូ​វៀត ប្រហែល 27 លាន​នាក់​បាន​បាត់បង់​ជីវិត​ដើម្បី​ការពារ​ប្រទេស និង​មនុស្សជាតិ​ពី​ពួក​ហ្វា​ស៊ី​ស​និយម។

    សង្គ្រាម​នេះ​បានបញ្ចប់​នៅ​ថ្ងៃទី 09 ឧសភា 1945 នៅពេល​តំណាង​ហ្វា​ស៊ី​ស​អាល្លឺម៉ង់ ចុះហត្ថលេខា​ទទួលស្គាល់​ការចុះចាញ់​ដោយ​គ្មាន​លក្ខខណ្ឌ​នៅ​ចំពោះមុខ​តំណាង​សម្ព័ន្ធមិត្ត​នៅ​បែរ​ឡាំង។ កងទ័ព​ក្រហម​សូ​វៀតបាន​ប្រារព្ធ​ពិធី​ដង្ហែ​ក្បួនព្យុហយាត្រា​អបអរ​ជ័យជម្នះ​ជា​លើកដំបូង​កាលពី​ថ្ងៃទី 24 មិថុនា 1945។ ក្រោយមក ព្រឹត្តិការណ៍​នេះ​ក៏ត្រូវ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី 09 ឧសភា ក្នុង​ឆ្នាំ 1965, 1985 និង 1990។

    ក្រោយពី​សូ​វៀតបាន​ដួលរលំ រុស្ស៊ី​ក៏បាន​ប្រារព្ធ​ពិធី​នេះ​ឡើងវិញ​នៅ​មូ​ស្គូ​ចាប់ពី​ឆ្នាំ 1995។ ចាប់តាំងពី​ពេលនោះ​មក ព្រឹត្តិការណ៍​នេះ​ក៏ត្រូវ​បានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី 09 ឧសភា។ ក៏ប៉ុន្តែ កាលពី​ឆ្នាំ 2020 ព្រឹ​ត​ត្តិ​ការណ៍​នេះ​ត្រូវបាន​លើក​ទៅធ្វើ​នៅ​ថ្ងៃទី 24 មិថុនា ដោយសារតែ​វិបត្តិ​កូ​វីដ-19៕

  • ​តួ​ក​គី​ប្រកាស​ព័ត៌មាន​លម្អិត​​ថ្មី​បំផុត​ស្ដី​ពី​យុទ្ធនាការ​កម្ចាត់​មេដឹកនាំ​កំពូល​របស់ «រដ្ឋ​អ៊ីស្លាម (IS)»

    ​តួ​ក​គី​ប្រកាស​ព័ត៌មាន​លម្អិត​​ថ្មី​បំផុត​ស្ដី​ពី​យុទ្ធនាការ​កម្ចាត់​មេដឹកនាំ​កំពូល​របស់ «រដ្ឋ​អ៊ីស្លាម (IS)»

    ប្រទេស​តួ​ក​គី​បានប្រកាស​អំពី​យុទ្ធនាការ​បួន​ម៉ោង​នៅ​ប្រទេស​ស៊ី​រី ដើម្បី​កំណត់​ទីតាំង និង​កម្ចាត់​មេបញ្ជាការ​កំពូល​បច្ចុប្បន្ន​របស់​ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ីស្លាម (Islamic State)។

    បណ្ដា​ផ្សព្វផ្សាយ​របស់​រដ្ឋ​តួ​ក​គី កាលពី​ថ្ងៃទី 01 ឧសភា បាន​បញ្ចេញ​រូបថត​ថ្មី​បំផុត​ស្ដីពី​ផ្ទះ​ដ៏​រឹងមាំ​ស្ថិតនៅ​កណ្ដាល​វាលស្រែ​នៃ​ខេត្ត Afrin ប្រទេស​ស៊ី​រី ជាទី​ដែល​កម្លាំង​ពិសេស​របស់​តួ​ក​គី​បានធ្វើការ​វាយប្រហារ​ក​ម្ចា​ត់​មេបញ្ជាការ​កំពូល​របស់​ក្រុម​ភេរវករ​រដ្ឋ​អ៊ីស្លាម (Islamic State) Abu al-Hussein al-Husseini al-Qurashi។

    ទីភ្នាក់ងារសារព័ត៌មាន Anadolu បានឱ្យដឹងថា ក្រោយពី​បានកំណត់​ទីតាំង​ផ្ទះ​នេះ ដែល​​ជា​កន្លែង​ស្នាក់នៅ​របស់ Qurashi ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់​របស់​តួ​ក​គី (MIT) ក៏បាន​ធ្វើ​យុទ្ធនាការ​រយៈពេល​បួន​ម៉ោង​ក្នុង​ថ្ងៃទី 29 មេសា ដើម្បី​ឡោមព័ទ្ធ​មេ​ភេរ​វករ។

    MIT បាន​បំផ្ទុះ​ជញ្ជាំង​ជុំវិញ​ផ្ទះ មុននឹង​សម្រុកចូល​តាម​ច្រកទ្វារ​ខាងក្រោយ និង​តាម​បង្អួច។ រូបភាព​ដែល​ត្រូវបាន​បញ្ចេញ​បង្ហាញថា មួយផ្នែក​របស់​ផ្ទះ​ពីរ​ជាន់​នេះ​បាន​ខូចខាត​ច្រើន។

    មេបញ្ជាការ​កំពូល​របស់​ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ីស្លាម (Islamic State) Abu al-Hussein al-Husseini al-Qurashi

    Qurashi បាន​ចុច​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅពេល​ដឹងថា ខ្លួន​ជិត​ត្រូវបាន​​គេ​​ចាប់​។ ក្នុងការ​វាយលុក​នេះ ភាគី​ខាង​តួ​ក​គី​ពុំមាន​អ្នកស្លាប់ ឬ​រងរបួស​នោះទេ។

    ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan កាលពី​ថ្ងៃទី 30 មេសា បានប្រកាសថា កម្លាំង​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស​នេះ​បាន​កម្ចាត់ Qurashi នៅក្នុង​យុទ្ធនាការ​មួយ​នៅ​ប្រទេស​ស៊ី​រី។

    Qurashi គឺជា​មេបញ្ជាការ​កំពូល​ទី​បួន​របស់ IS ដែល​ត្រូវបានតែងតាំង​កាលពី​ខែវិច្ឆិកា 2022 បន្ទាប់ពី​ការស្លាប់​របស់​មេដឹកនាំ​កំពូល Abu al-Hassan al-Hashemi al-Quraishi។ Qurashi បាន​ចូល​ក្រុម IS ក្នុង​ឆ្នាំ 2013 និង​បានទទួល​ការតែងតាំង​ជា​បន្តបន្ទាប់​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ក្រុម​ភេរ​វករ។

    ផ្ទះរបស់​មេភេរវករ រដ្ឋអ៊ីស្លាម (Islamic State) Abu al-Hussein al-Husseini al-Qurashi

    តួ​ក​គី​បាន​បញ្ជូន​ទ័ព​ទៅកាន់​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​តាំងពី​ឆ្នាំ 2020 និង​គ្រប់គ្រង​តំបន់​ដ៏​ធំ​មួយ​ដោយមាន​ការជួយ​គាំទ្រ​ពី​បណ្ដា​ក្រុម​បះបោរ​នៅ​ប្រទេស​ស៊ី​រី៕

  • កម្ពុជា​ថា វិស័យ​ចំនួន 3 ក្នុងចំណោម 4 ដែលមាន​ឥទ្ធិពល​ខ្លាំងជាងគេ​ដល់​សេដ្ឋកិច្ចកម្ពុជា បាន​​ធ្លាក់​ចុះ​​គួរ​ឱ្យ​កត់​សម្គាល់​ ក្នុង​​ឆ្នាំ 2020

    កម្ពុជា​ថា វិស័យ​ចំនួន 3 ក្នុងចំណោម 4 ដែលមាន​ឥទ្ធិពល​ខ្លាំងជាងគេ​ដល់​សេដ្ឋកិច្ចកម្ពុជា បាន​​ធ្លាក់​ចុះ​​គួរ​ឱ្យ​កត់​សម្គាល់​ ក្នុង​​ឆ្នាំ 2020

    ទាក់ទង​នឹង​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​ក្នុង​ឆ្នាំ 2020 កន្លងទៅ ធនាគារជាតិ​នៃ​កម្ពុជា​បានចេញ​របាយការណ៍​ប្រចាំឆ្នាំ​របស់ខ្លួន ឱ្យដឹងថា ក្នុងចំណោម​វិស័យ​ដែល​រង​ផលប៉ះពាល់​ពី​វិបត្តិ​សុខភាព Covid-19 គឺមាន​វិស័យ​ចំនួន 3 ដែល​រង​ឥទ្ធិពល​ខ្លាំងជាងគេ ដោយសារ​វិស័យ​ទាំងនេះ​មានការ​ពឹងផ្អែក​ច្រើន​ទៅលើ​តម្រូវការ​ក្រៅប្រទេស។

    លទ្ធផល​នៃ​កំណើត​សេដ្ឋកិច្ចកម្ពុជា​ទទួលរ​ង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ឥទ្ធិពល​នៃ​ការឆ្លង​រាលដាល​របស់​វីរុស Covid-19 ពិសេស​គឺ​បណ្ដា​វិស័យ​ដែល​ទាក់ទង​នឹង​តម្រូវការ​ក្រៅប្រទេស មានដូចជា វិស័យ​ទេសចរណ៍ វិស័យ​កម្មន្តសាល (Manufacturing) និង​វិស័យ​សំណង់។

    វិស័យ​ទេសចរណ៍

    ទេសចរណ៍​គឺជា​វិស័យ​មួយ​ដែល​បាន និង​កំពុង​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​បង្អស់​នៅ​កម្ពុជា ព្រោះតែ Covid-19 ដោយ​កំណើន​របស់​វិស័យនេះ បាន​ធ្លាក់ចុះ 9.7%។ អត្រា​ធ្លាក់ចុះ​នៃ​ភ្ញៀវ​ទេសចរណ៍​បរទេស​គឺ​ប្រមាណ​ជា 80% ធៀប​នឹង​កំណើន 6.6% កាលពី​ឆ្នាំមុន។

    វិស័យ​កម្មន្តសាល

    ចំណែក​កំណើន​នៅក្នុង​វិស័យ​កម្មន្តសាល​វិញ បាន​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់ ដោយសារ​តម្រូវការ​ខាងក្រៅ​ត្រូវ​ថយចុះ។ តួលេខ​ពី​របាយការណ៍​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ របស់​កម្ពុជា បានឱ្យដឹងថា រោងចក្រ​ចំនួន 95 បាន​បិទទ្វារ ធ្វើឱ្យប៉ះពាល់​ដល់​កម្លាំង​ពលកម្ម​ជាង 5 ម៉ឺន​នាក់។ ផលិតផល​សម្រេច​ក្នុង​វិស័យនេះ បាន​ធ្លាក់ចុះ 27%។ ប៉ុន្តែ វិស័យនេះ​នៅមាន​សង្ឃឹម​ច្រើន​ដោយសារ​រោងចក្រ​ថ្មី ដែល​ភាគច្រើន​ជា​រោងចក្រ​កែច្នៃ​លោហ​ធា​តិ​ចំនួន 209 ត្រូវបាន​បង្កើតឡើង។

    វិស័យ​សំណង់

    តាមរយៈ​របាយការណ៍​ប្រចាំឆ្នាំ 2020 របស់​ធនាគារជាតិ​ក​ម្ពុ​ជា កំណើន​នៃ​វិស័យ​សំណង់​បាន​ធ្លាក់ចុះ 3% ដោយសារតែ​សកម្មភាព​វិនិយោគ​ក្នុងស្រុក និង​លំហូរ​ទុន​ពី​បរទេស​ក្នុង​វិស័យនេះ ត្រូវបាន​កាត់បន្ថយ។ កំណើន​នៃ​ចំនួន​គម្រោង តម្លៃ និង​ផ្ទៃក្រឡា​នៃ​គម្រោង​សំណង់​ក៏បាន​ធ្លាក់ចុះ 0.5%, 25% និង 17% តាម​លំដាប់លំដោយ។

    វិស័យ​កសិកម្ម

    វិស័យ​កសិក្ម​ទទួលបាន​កំណើន​ជិត 1% ធៀប​នឹង​ឆ្នាំមុន ដោយសារតែ​កម្លាំង​ពលកម្ម​ក្នុង​វិស័យផ្សេងៗដែល​រង​ផលប៉ះពាល់​ពី Covid-19 បាន​ងាក​ចូលមក​វិស័យនេះ រួម​នឹង​ការធ្វើ​ពិពិធ​កម្ម​ទៅកាន់​វិស័យ​ក​សិ-ឧស្សាហកម្ម​របស់​រាជ​រដ្ឋាភិបាល៕

  • បរិយាកាស​បុណ្យ​ណូអែល​នៅ​ជុំវិញ​ពិភពលោក ក្នុងសម័យ Covid-19

    បរិយាកាស​បុណ្យ​ណូអែល​នៅ​ជុំវិញ​ពិភពលោក ក្នុងសម័យ Covid-19

    បណ្ដា​ប្រទេស និង​តំបន់​នានា​ក្នុង​ពិភពលោក បាន​ត្រៀម​រួចរាល់​ហើយ​សម្រាប់​ទទួល​អំណរ​ថ្ងៃបុណ្យ​ណូអែល ឬ​បុណ្យ​គ្រី​ស្ត​ម៉ាស ជា​ថ្ងៃ​ដែល​ព្រះ​យេស៊ូគ្រិស្ត​ប្រសូត្រ។

    រដូវ​បុណ្យ​ណូអែល​ឆ្នាំនេះ ប្រារព្ធ​ឡើង​ក្នុងស្ថានភាព​ដែល​ករណី​ឆ្លង និង​ស្លាប់​ដោយសារ​វីរុស Covid-19 មិនទាន់មាន​សញ្ញា​ថយ​ចុះ​សោះឡើយ។

    ក្នុង​រូបភាពខាង​លើ​​ដែល​ត្រូវបាន​ថត​កាលពី​ថ្ងៃទី 22 ខែធ្នូ​កន្លងទៅនេះ គឺជា​ផ្ទះមួយ​ខ្នង​ដែល​ត្រូវបាន​តុបតែង​ដើម្បី​ទទួល​អំណរ​ថ្ងៃបុណ្យ​ណូអែល នៅក្នុង​តំបន់ Hastings Ranch នៃ​ទីក្រុង Pasadena រដ្ឋ California សហរដ្ឋអាមេរិក។

    ទីលាន Francisco Morazan ក្នុង​រដ្ឋធានី San Salvador នៃ​ប្រទេស El Salvador (អាមេរិក​កណ្ដាល) ត្រូវបាន​តុបតែង​លម្អ និង​រង់ចាំ​អបអរ​បុណ្យ​ណូអែល ដែល​នឹង​ប្រារព្ធ​នៅ​ថ្ងៃទី 25 ខែធ្នូ​នេះ។

    ប្រជាជន​នាំគ្នា​ថតរូប​សែ​ល​ហ្វ៊ី នៅខាងមុខ​ដើម​ណូអែល​នៅ​ទីក្រុង Kiev នៃ​ប្រទេស​អ៊ុយ​ក្រែ​ន។

    នៅ​ទីក្រុង Stansstad នៃ​ប្រទេស​ស្វី​ស គេ​ឃើញ​មានផ្ទះ​មួយ​ខ្នង រួម​នឹង​ដើមឈើ​នៅក្បែរនោះ ត្រូវបាន​តុបតែង​យ៉ាង​ស្រស់ស្អាត​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​អំពូល​ភ្លើងពណ៌​គួរ​ជាទី​គយគន់។

    ដើម​ណូអែល​ដែល​ត្រូវបាន​តុបតែង​នៅលើ​ទីលាន Palace កណ្ដាល​ទីក្រុង St. Petersburg នៃ​ប្រទេស​រុស្ស៊ី។

    ទីងមោង ឬ​រូប​ត្លុក​ជាច្រើន​មានការ​តុបតែង​ភ្លើងពណ៌​យ៉ាង​លេចធ្លោ ដែល​គេ​ហៅថា Magic Delivery ត្រូវបាន​ដាក់​លម្អ​ភ្នែក​នៅតាម​ចិញ្ចើម​វិ​ថិ​ទី 5 (5th Avenue) ក្នុង​ទីក្រុង New York នៃ​រដ្ឋ New York សហរដ្ឋអាមេរិក។

    វិមាន Hotel de Ville នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅក្នុង​រាត្រី​នៃ​ថ្ងៃទី 11 ខែធ្នូ 2020។

    បុរស​ម្នាក់​ស្លៀកពាក់​ជា​លោកតា​ណូអែល កំពុង​ហៅ​ទូរស័ព្ទ​តាម​អន​ឡាញ​ទៅកាន់​កុមារ​នានា នៅ​ទីក្រុង Rome ប្រទេស​អ៊ីតាលី។

    «លោកតា​ណូអែល» បាញ់​ទឹក​អាល់កុល​កម្ចាត់​មេរោគ​ឱ្យក្មេងៗ ដែល​កំពុង​រស់នៅក្នុង​តំបន់​សម្បុកកណ្ដុរ នាទី​ក្រុង Mumbai ប្រទេស​ឥណ្ឌា មុនពេល​ចែក​កាដូ។

    បុគ្គលិក​សុខាភិបាល​ដែល​ថែទាំ​អ្នកជំងឺ Covid-19 នៅ​មណ្ឌល​សុខភាព​ប្រចាំ​តំបន់ Trinitas ក្នុង​ទីក្រុង Elizabeth រដ្ឋ New Jersey សហរដ្ឋអាមេរិក។

    ប្រភព៖ Reuters