Tag: សហគ្រិន

  • ទម្លាប់មួយចំនួនដែលសហគ្រិនជោគជ័យតែងតែធ្វើ មុនម៉ោង 7ពេលព្រឹក

    ទម្លាប់មួយចំនួនដែលសហគ្រិនជោគជ័យតែងតែធ្វើ មុនម៉ោង 7ពេលព្រឹក

    ដើម្បីធ្វើខ្លួនឱ្យទទួលបានជោគជ័យនៅក្នុងការមុខជំនួញ យើងត្រូវតែសិក្សារៀនសូត្រ និងស្វែងយល់ពីគន្លឹះសំខាន់ៗមួយចំនួនក្នុងការជួយអភិវឌ្ឍន៍ខ្លួនទៅជាសហគ្រិនមួយរូបដែលជោគជ័យ។

    ទម្លាប់មួយចំនួនដែលសហគ្រិនជោគជ័យតែងតែធ្វើ មុនម៉ោង 7ពេលព្រឹក

    ខាងក្រោមនេះគឺជាទម្លាប់មួយចំនួនដែលសហគ្រិនជោគជ័យតែងតែធ្វើមុនពេលម៉ោង 7ពេលព្រឹក៖

    ១) ក្រោកឱ្យបានពីព្រឹក
    សហគ្រិនដែលជោគជ័យតែងតែក្រោកពីគេង ព្រោះពួកគេត្រូវហាត់ប្រាណដើម្បីជួយធ្វើឱ្យមានសុខភាពល្អ នៅពេលដែលមានសុខភាពល្អ នោះនឹងធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លាចំពោះការបំពេញការងារ។

    ២) ជៀសវាងការប្រើប្រាស់ទូរស័ព្ទ
    នេះស្ដាប់មើលទៅហាក់ដូចជាឆ្គួតបន្តិច ប៉ុន្តែវាជាមូលហេតុដ៏ល្អឥតខ្ចោះ។ ការចាប់កាន់ទូរស័ព្ទនៅពេលភ្ញាក់ពីគេង អាចធ្វើឱ្យប៉ះពាល់សុខភាព ជាពិសេសអាចធ្វើឱ្យលោកអ្នកភ្លេចភ្លាំងនូវផែនការដែលបានត្រៀមទុកពីយប់ និងរឿងមួយទៀតគឺអាចធ្វើឱ្យអ្នកប្រទះឃើញរឿងមិនល្អ បើសិនជាអ្នកបានឆែក Facebook។

    ៣) ចូរញាំអាហាពេលព្រឹកណាដែលជួយធ្វើឱ្យអ្នកមានសុខភាពល្អ
    ឈប់លេងសើចជាមួយនឹងខ្លួនរបស់អ្នកទៀត ពីព្រោះអាហាពេលព្រឹកគឺជាអាហាដែលសំខាន់បំផុតក្នុងចំណោមអាហាទាំងអស់ក្នុងមួយថ្ងៃ ព្រោះវានឹងជួយធ្វើឱ្យខួរក្បាល និងរូបរាងកាយរបស់អ្នកមានថាមពលក្នុងការបំពេញភារកិច្ទបានល្អ។

    ៤) ចូរកំណត់អាទិភាពការងារមួយណាដែលអ្នកត្រូវតែធ្វើមុនគេក្នុងថ្ងៃនេះ
    ជារៀងរាល់ព្រឹកមុនពេលដែលអ្នកបំពេញការងារអ្នកត្រូវតែកំណត់អាទិភាពការងារមួយណាដែលអ្នកត្រូវតែធ្វើមុនគេក្នុងថ្ងៃនេះ ពីព្រោះវានឹងមានភាពងាយស្រួលក្នុងការបំពេញការងាររបស់អ្នកឱ្យមានប្រសិទ្ធភាពការងារខ្ពស់៕

  • មហាសេដ្ឋី​ចិន Jack Ma បង្ហាញ​ខ្លួន​​ជា​គ្រូបង្រៀន​លើកដំបូង​នៅ​ប្រទេស​ជប៉ុន

    មហាសេដ្ឋី​ចិន Jack Ma បង្ហាញ​ខ្លួន​​ជា​គ្រូបង្រៀន​លើកដំបូង​នៅ​ប្រទេស​ជប៉ុន

    មហាសេដ្ឋី​បច្ចេកវិទ្យា Jack Ma បង្ហាញខ្លួន​ក្នុងតួនាទី​ជា​សាស្ត្រាចារ្យ​បរទេស​របស់​សាកលវិទ្យាល័យ​តូ​ក្យូ ប្រទេស​ជប៉ុន កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

    ការចែករំលែក​ចំណេះដឹង​របស់​មហាសេដ្ឋី​ចិន Jack Ma បានចាប់ផ្ដើម​ពីថ្ងៃ​ទី 12 មិថុនា 2023 ប៉ុន្តែ ទើបតែ​ត្រូវ​បានប្រកាស​ក្រោយ​ការបង្រៀន​បាន​ជិត​មួយ​សប្ដាហ៍។ យោងតាម SCMP ស្ថាបនិក​វ័យ 58 ឆ្នាំ​របស់ Alibaba គឺជា​វាគ្មិន​មួយរូប​ដែល​លេចធ្លោ​ជាងគេ​នៅក្នុង​សិក្ខាសាលា​ពិសេស​ស្ដីពី «នវានុវត្តន៍ និង​សហគ្រិនភាព» ដែល​ត្រូវបាន​រៀបចំឡើង​នៅឯ​សាកលវិទ្យាល័យ​តូ​ក្យូ។

    នេះ​ក៏​ជា​សិក្ខា​សាលាដំបូង​ដែល​លោក Ma ចូលរួម​ក្នុងនាម​ជា​សាស្ត្រាចារ្យ​បរទេស នៅក្នុង​ស្ថាប័ន​អប់រំ​ដែលមាន​អាយុ 146 ឆ្នាំ​នៅ​ប្រទេស​ជប៉ុន។ អ្នក​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ខាងលើ​រួមមាន និស្សិត​មកពី​តំបន់​នានា​របស់​ប្រទេស​ជប៉ុន ចិន ឥណ្ឌា និង​ម៉ាឡេស៊ី។

    ពិធី​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​នេះ ផ្ដោតទៅលើ​ទស្សនៈ​នៃ​ការគ្រប់គ្រង និង​របៀប​ដែល​យុវវ័យ​ជំនាន់​ថ្មី​អាច​សម្រេចបាន​នៅពេល​អនាគត។ យោងតាម​គេហទំព័រ​របស់​សាកលវិទ្យាល័យ​តូ​ក្យូ នេះ​គឺជា​ប្រធានបទ​ដែល​យោងទៅលើ «បទពិសោធន៍​សម្បូរបែប ចំណេះដឹង​នាំមុខគេ​ទាក់ទង​នឹង​ស្មារតី​​ជំនួញ និង​ភាព​​ច្នៃប្រឌិត» របស់លោក Jack Ma។

    ប៉ុន្មាន​ថ្ងៃ​ក្រោយពីចូល​រួម​​សិក្ខាសាលា​នៅ​ប្រទេស​ជប៉ុន លោក Ma ក៏បាន​បន្ត​បង្ហាញ​វត្ត​មាននៅ​ប្រទេស​ចិន​ក្នុង​កម្មវិធី​មួយ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Alibaba។ នៅទីនេះ លោក Ma ស្លៀកពាក់​យ៉ាង​សាមញ្ញ។

    លោក Jack Ma ធ្លាប់ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស មុនពេល​បង្កើត​ក្រុមហ៊ុន Alibaba។ គិត​មកដល់ពេលនេះ លោក Ma កំពុង​ធ្វើជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​យ៉ាងតិច​បួន​ដែល​ស្ថិតនៅ​ខាងក្រៅ​ចិនដីគោក ក្នុងនោះ​ក៏មាន​សាកលវិទ្យាល័យ​ហុងកុង សាកលវិទ្យាល័យ​នៅ​អាហ្វ្រិក និង​សាកលវិទ្យាល័យ​នៅ​ប្រទេស​​អ៊ីស្រាអែល​ផងដែរ។

    ក្នុង​ព្រឹត្តិការណ៍​មួយ​កាលពី​ថ្ងៃទី 15 មិថុនា លោក Michael Evans ដែលជា​ប្រធាន​ក្រុមហ៊ុន Alibaba បាន​ថ្លែងថា លោក Jack Ma នៅតែ​ជា​ភាគ​ហ៊ុ​និក​ធំជាងគេ​របស់​ក្រុមហ៊ុន Alibaba។

    ការបង្ហាញ​វត្តមាន​របស់លោក Jack Ma នេះ គឺ​ចំ​ពេលដែល​ទីក្រុង​ប៉េកាំង​កំពុង​រក​វិធី​ស្ដារ​សេដ្ឋកិច្ចជាតិ និង​ទំនុកចិត្ត​របស់​អ្នកវិនិយោគ ក្រោយពី​បាន​រឹតបន្តឹង​វិស័យ​បច្ចេកវិទ្យា​អស់​ជាច្រើន​ឆ្នាំ៕

  • សហគ្រិន​វ័យក្មេង​មួយ​ក្រុម​បង្កើត​កម្មវិធី​ជួយ​អ្នកជួល​ម៉ូតូ​ជិះ​នៅ​តំបន់​ទេសចរណ៍​

    សហគ្រិន​វ័យក្មេង​មួយ​ក្រុម​បង្កើត​កម្មវិធី​ជួយ​អ្នកជួល​ម៉ូតូ​ជិះ​នៅ​តំបន់​ទេសចរណ៍​

    សហគ្រិន​មួយ​ក្រុម​ បាន​បង្កើត​គំនិត​ច្នៃប្រឌិត​ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​នៃ​ការជួល​ម៉ូតូ​ដល់​ភ្ញៀវ​ទេសចរ​ និង​ប្រតិបត្តិ​ករ​ទេសចរ​ ដើម្បី​ជំរុញ​ឱ្យ​កាន់តែ​មាន​លក្ខណៈ​ងាយស្រួល​ សុវត្ថិភាព​ និង​បង្កើត​សុចរិត​ភាព​។

    លោក​ លៀក​ ពេជ្រ​គី​មហ៊ាង​ សហ​ស្ថាបនិក​នៃ​គម្រោង​អាជីវកម្ម​ដែល​មានឈ្មោះ​ថា​ WeChoul​ បាន​លើកឡើង​ថា​ កម្មវិធី​ WeChoul​ នេះ​ជា​គេហទំព័រ​សម្រាប់​ជួល​ម៉ូតូ​ក្នុង​តំបន់​ទេសចរណ៍​នានា​ ដែល​យើង​ចាប់ផ្តើម​ដំបូង​នៅក្នុង​ខេត្តសៀមរាប​។ មូលហេតុ​ដែល​យើង​បង្កើត​កម្មវិធី​នេះ​ឡើង​ គឺ​ដោយសារតែ​យើង​មើលឃើញ​ថា​ ភ្ញៀវ​ទេសចរ​ជាច្រើន​កំពុង​ត្រូវការ​ជួល​ម៉ូតូ​ដើម្បី​ជិះ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​នានា​ ដើម្បី​ងាយស្រួល​ដើរលេង​ និង​កាត់បន្ថយ​ចំណាយ​លើ​ការ​ធ្វើដំណើរ​ តែ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​គឺ​មាន​អ្នកខ្លះ​មិន​ហ៊ាន​ជួល​ម៉ូតូ​ជិះ​នោះ​ទេ​ ព្រោះ​មិនសូវ​យល់​ពី​លក្ខខណ្ឌ​ខណៈ​អ្នកខ្លះ​ទៀត​ត្រូវ​ចំណាយពេល​វេលា​យូរ​ដើម្បី​ស្វែងរក​ប្រភព​ព័ត៌មាន​ ឬជ្រើសរើស​ម៉ូតូ​។

    លោក​ លៀក​ ពេជ្រ​គី​មហ៊ាង​ បាន​និយាយ​ថា​៖“មុននឹង​នឹកឃើញ​គំនិត​នេះ​ក្រុម​របស់ខ្ញុំ​បាន​ចំណាយពេល​គិត​រយៈពេល​ 3ខែ​ លើ​កម្មវិធី​សម្រួល​ដល់​ការជួល​ តែ​មិនទាន់​ច្បាស់​ថា​ ជួល​ផ្នែក​ណា​ដែល​សំខាន់​ជាងគេ​សម្រាប់​ភ្ញៀវ​ទេសចរ​។ ថ្ងៃមួយ​សមាជិក​របស់ខ្ញុំ​ 2នាក់​បាន​ទៅ​ខេត្តសៀមរាប​ ហើយ​គាត់​ត្រូវ​បាន​គេ​កោរ​លើ​តម្លៃ​ជួល​ម៉ូតូ​ ហើយ​តម្លៃ​នៃ​ការជួល​ប្រែប្រួល​មិន​ទៀងទាត់​ ធ្វើ​ឱ្យ​មានការ​លំបាក​ ហេតុនេះ​ហើយ​ទើប​យើង​គិតឃើញ​ថា​ នេះ​ជា​បញ្ហា​ដែល​យើង​ត្រូវ​ដោះស្រាយ​”។

    សហ​ស្ថាបនិក​មួយ​រូប​ទៀត​ លោក​ តាន់​ រតនា​ បាន​បញ្ជាក់​ផង​ដែរ​ថា​ ក្រោយពេល​ជជែក​ពិភាក្សា​គ្នា​ និង​ស្រាវជ្រាវ​បន្ថែម​ឱ្យ​បាន​ល្អិតល្អន់​ យើង​ក៏​បង្កើត​ជា​គេហទំព័រ​មួយ​ដែល​មាន​ផ្តល់​ព័ត៌មាន​លម្អិត​ដូចជា​ទីតាំង​របស់​អ្នកជួល​ម៉ូតូ​ រូបរាង​ម៉ូតូ​គ្រប់​ជ្រុង​ទាំងអស់​ តម្លៃ​ជួល​ លក្ខខណ្ឌ​ជួល​ និង​រៀបចំ​ប្រព័ន្ធ​ទូទាត់​លុយ​សម្រាប់​ភ្ញៀវ​ថែមទៀត​ផង​។ ក្រោយពេល​មាន​គេហទំព័រ​នេះ​ហើយ​ ភ្ញៀវ​ទេសចរ​មិន​ចាំបាច់​លំបាក​ដើរមើល​ហាង​ជួល​ម៉ូតូ​ម្តង​មួយ​ហាង​ៗ ដូច​កាលពីមុន​ទៀត​នោះ​ទេ​ គាត់​គ្រាន់តែ​ចូលក្នុង​គេហទំព័រ​របស់​យើង​ គាត់​អាច​រើស​បាន​គ្រប់​លក្ខខណ្ឌ​ ទាំង​រូបរាង​ និង​តម្លៃ​ច្បាស់លាស់​។

    លោក​ តាន់​ រតនា​ បាន​និយាយ​ថា​៖ “អ្វី​ដែល​ជា​លក្ខខណ្ឌ​ពិសេស​ និង​កាន់តែ​ងាយស្រួល​ថែមទៀត​នោះ​ គឺ​យើង​រៀបចំ​ឱ្យ​មានការ​ដឹកជញ្ជូន​ម៉ូតូ​ដល់​អ្នកជួល​ដល់ទី​កន្លែង​តែម្តង​ មិន​ចាំបាច់​លំបាក​ខាតពេល​ដូច​ពីមុន​នោះ​ទេ​។ ពេល​ភ្ញៀវ​កក់​ម៉ូតូ​ យើង​ឱ្យ​ភ្ញៀវ​បំពេញ​ព័ត៌មាន​លម្អិត​ពី​កន្លែង​ដែល​គាត់​ចង់ឱ្យ​យើង​យក​ម៉ូតូ​ទៅ​ឱ្យ​ ដូចជា​សណ្ឋាគារ​ដែល​គាត់​ស្នាក់នៅ​ជាដើម​ ដើម្បី​ដៃគូ​សហការ​របស់​យើង​នៅ​ខេត្តសៀមរាប​ងាយ​ទាក់ទង​ ហើយ​យក​ទៅ​ឱ្យ​ដល់កន្លែង​។ ការ​ធ្វើបែប​នេះ​នឹង​ធ្វើ​ឱ្យ​ភ្ញៀវ​អាច​រីករាយ​ក្នុង​ការ​ដើរកម្សាន្ត​បាន​ច្រើនថ្ងៃ​ដោយ​មិន​ចាំបាច់​ចំណាយពេល​មួយ​ព្រឹក​ ឬមួយ​ថ្ងៃ​ដើម្បី​ស្វែងរក​ម៉ូតូ​ដូច​ពីមុន​នោះ​ទេ​”។

    បង្ហាញ​ពី​ដំណើរការ​នៃ​ការជួល​ លោក​ ហុង​ សេង​ថៃ​ បាន​បញ្ជាក់​ថា​ ដើម្បី​ជួល​ម៉ូតូ​តាម​គេហទំព័រ​របស់​យើង​ ភ្ញៀវ​ចាំបាច់​ត្រូវ​បំពេញ​ឯកសារ​ ទូទាត់ប្រាក់​តាម​ ABA​ តាម​ Mastercard​ និងWing​ ជាដើម​។ នៅពេល​ពួកគាត់​ទៅដល់​ខេត្តសៀមរាប​ ដៃគូ​របស់​យើង​នៅ​ខេត្តសៀមរាប​នឹង​យក​ម៉ូតូ​ជូន​គាត់​ដល់កន្លែង​ស្នាក់នៅ​តែម្តង​ ហេតុនេះ​គាត់​គ្រាន់តែ​ចុះ​កិច្ចសន្យា​ដើម្បី​ធានា​លើ​ការខូចខាត​ និង​បញ្ហា​មួយចំនួន​ បន្ទាប់មក​ទុក​អត្តសញ្ញាណ​ប័ណ្ណ​ ឬលិខិតឆ្លងដែន​ជា​របស់​បញ្ចាំ​ដល់ដៃ​គូ​របស់​យើង​ជាការស្រេច​។ ចំពោះ​ម៉ូតូ​វិញ​ក៏​យើង​រក្សា​បាន​សុវត្ថិភាព​ខ្ពស់​ផង​ដែរ​ ព្រោះ​យើង​មាន​ភ្ជាប់​ប្រព័ន្ធ​ GPS​ ទាំងអស់​ដែល​អាច​ការពារ​ ឬងាយស្រួល​តាម​យក​មកវិញ​បាន​នៅពេល​ដែល​មាន​ចោរលួច​។ ហេតុនេះ​ភ្ញៀវ​អាច​មាន​ភាព​កក់ក្តៅ​នៅពេល​ជួល​ម៉ូតូ​តាម​គេហទំព័រ​របស់​យើង​ ដែល​ជា​ប្រព័ន្ធ​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​សម្រាប់​ពួកគាត់​។

    លោក​ ហុង​ សេង​ថៃ​ បាន​និយាយ​ថា​៖ “ក្រៅពី​លក្ខខណ្ឌ​ពិសេស​ទាំងអស់​នេះ​ យើង​ក៏​មាន​ប្រព័ន្ធ​ក្នុង​ការ​ទទួល​ព័ត៌មាន​ ឬការ​ឆ្លើយតប​ពីអ​តិថិ​ជន​ផង​ដែរ​ ដើម្បី​ធានា​ថា​ ដៃគូ​របស់​យើង​បាន​ផ្តល់​សេវាកម្ម​ដោយ​ត្រឹមត្រូវ​ និង​ផ្តល់​សេវា​ល្អ​ដល់​ភ្ញៀវ​។ យើង​មិន​អនុញ្ញាត​ឱ្យ​អ្នកណា​ម្នាក់​ យក​តម្លៃលើស​ពី​អ្វី​ដែល​បាន​កំណត់​ក្នុង​គេហទំព័រ​នោះ​ទេ​ ហេតុនេះ​ភ្ញៀវ​អាច​ដឹង​ច្បាស់​ និង​ទូទាត់​ជាក់លាក់​តាម​បច្ចេកវិទ្យា​ដែល​យើង​បាន​រក្សា​សុវត្ថិភាព​ខ្ពស់​។ ហេតុនេះ​ប្រសិនបើ​មាន​លក្ខខណ្ឌ​មិន​ប្រក្រតី​ ក្រុមការងារ​របស់​យើង​អាច​ទទួល​ព័ត៌មាន​បាន​ភ្លាម​ ហើយ​ដោះស្រាយ​ជូន​គាត់​បាន​លឿន​”។

    បន្ថែម​ពីលើ​នេះ​ លោក​ អ៊ុន​ មាស​សម្បត្តិ​ បាន​ថ្លែង​ថា​ គម្រោង​ WeChoul​ នេះ​ក៏​ជា​គម្រោង​មួយ​ដែល​យើង​មិន​ត្រឹមតែ​គិតគូរ​ពី​ភ្ញៀវ​ទេសចរ​ប៉ុណ្ណោះទេ​ តែ​យើង​ក៏​មានបំណង​ចង់​បង្កើន​សុចរិត​ភាព​ និង​បង្កើន​ទីផ្សារ​ដល់​អ្នក​ដែល​មាន​ម៉ូតូ​ជួល​ផង​ដែរ​។ យើង​បង្កើន​សុចរិត​ភាព​តាមរយៈ​ការ​ផ្តល់​តម្លៃ​ដែល​មាន​ស្តង់​ដា​ច្បាស់លាស់​ មិនមែន​ឡើងចុះ​តាមតែ​មាត់​ ឬកេងប្រវ័ញ្ច​លើ​ភ្ញៀវ​ដែល​មិនដឹង​នោះ​ទេ​។ យើង​សង្ឃឹមថា​ក្រោយពេល​យើង​ចាប់ផ្តើម​បង្កើត​សុចរិត​ភាព​ក្នុង​សង្គម​បែបនេះ​ ភ្ញៀវ​ទេសចរ​បរទេស​នឹង​កាន់តែ​មាន​ ចង់​មក​ទស្សនា​កម្ពុជា​ដែល​ធ្វើ​ឱ្យ​ពី​ផ្សារ​នៃ​អ្នករក​ស៊ី​ផ្នែក​ទេសចរណ៍​កាន់តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើង​។

    លោក​ អ៊ុន​ មាស​សម្បត្តិ​ បាន​និយាយ​ថា​៖ “គេហទំព័រ​នេះ​នឹង​ក្លាយជា​គេហទំព័រ​ដែល​ជួយ​ធ្វើ​ទីផ្សារ​ឱ្យ​អ្នកមាន​របរ​ជួល​ម៉ូតូ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ ព្រោះ​យើង​ជឿ​ថា​ អ្នក​ដែល​មិនធ្លាប់​ជួល​ម៉ូតូ​ជិះ​នៅពេល​ដើរកម្សាន្ត​អាច​នឹង​នឹកឃើញ​ជម្រើស​ល្អ​នេះ​ ហើយ​ចំពោះ​អ្នកជួល​ដែល​មិនសូវ​ពូកែ​ផ្នែក​ផ្សព្វផ្សាយ​ក៏​នឹងអាច​ដាក់​ជួល​ម៉ូតូ​ដាច់​ដូចគ្នា​ ហើយ​ថែមទាំង​អាច​ពង្រឹង​សេវា​របស់​ខ្លួន​ឱ្យ​កាន់តែ​ល្អ​ថែមទៀត​ផង​”។

    លោក​ មាស​សម្បត្តិ​ លើកឡើង​ផង​ដែរ​ថា​ ក្នុងនាម​ជា​យុវជន​ជំនាន់​ថ្មី​របស់​កម្ពុជា​ យើង​ចង់​ឃើញ​ការ​រកស៊ី​នៅក្នុង​សង្គម​របស់​យើង​មានការ​ធ្វើ​បច្ចុប្បន្នភាព​ឱ្យ​ស្រប​ទៅ​នឹង​រប​ត់​ថ្មី​ៗរបស់​ពិភពលោក​ ហើយ​ទន្ទឹម​នឹង​នេះ​យើង​ក៏​ចង់​ឃើញ​ពួកគាត់​ព្យាយាម​ពង្រឹង​សេវាកម្ម​ និង​ជំរុញ​ការ​ផ្តល់​ព័ត៌មាន​បាន​កាន់តែ​ប្រសើរ​ឡើង​។ ហេតុនេះ​ប្រសិនបើ​អប់រំ​ម្ចាស់​អាជីវកម្ម​ ឬលើកទឹកចិត្ត​គាត់​ឱ្យធ្វើ​គ្រប់គ្នា​ម្ដង​ម្នា​ក់ៗ​នោះ​ វា​មិនមែន​ងាយស្រួល​ទេ​ តែ​ប្រសិនបើ​យើង​ប្រមូល​ផ្តុំ​ពួកគាត់​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​មួយ​ ហើយ​ជួយ​រៀបចំ​បច្ចេកវិទ្យា​ដល់​ពួកគាត់​ នោះ​យើង​នឹងអាច​ធ្វើ​បាន​ ទោះ​ក្នុងរយៈពេល​ខ្លី​ ឬវែង​ក៏ដោយ​។

    ទន្ទឹម​នឹង​នោះ​ផង​ដែរ​ សហ​ស្ថាបនិក​មួយ​រូប​ទៀត​លោក​ វីរៈ​ គន្ធី​ បាន​លើកទឹកចិត្ត​យុវជន​កម្ពុជា​ជំនាន់​ថ្មី​ថា​ យើង​គួរតែ​ព្យាយាម​ចេញ​មក​ក្នុង​សង្គម​ខាងក្រៅ​ឱ្យ​បាន​ច្រើន​ដើម្បី​មើល​ពី​បញ្ហា​ជាក់ស្តែង​ ហើយ​ប្រើប្រាស់​ចំណេះដឹង​របស់​យើង​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់​នោះ​។ ការសិក្សា​តែ​នៅក្នុង​សាលា​គឺ​គ្រាន់តែ​ជា​ការ​ទទួល​ព័ត៌មាន​ និង​គន្លឹះ​តិចតួច​ប៉ុណ្ណោះ​ដើម្បី​ក្លាយជា​អ្នកជំនាញ​ ឬសហគ្រិន​ម្នាក់​ តែ​វា​ជា​គ្រឹះ​យ៉ាង​សំខាន់​សម្រាប់​ការ​រីកចម្រើន​ ហេតុនេះ​ប្រសិនបើ​យើង​ចេះ​ច្នៃ​ចំណេះដឹង​ ឬយកចំណេះ​ដឹងពី​សាលា​មក​ដោះស្រាយ​បញ្ហា​ផ្ទាល់​ៗនោះ​យើង​នឹង​ទទួល​បាន​ចំណេះដឹង​ពិតប្រាកដ​។ ជាក់ស្តែង​គម្រោង​របស់​យើង​នេះ​ពីមុន​មក​គឺ​មិនមែន​ជា​អ្នកជំនាញ​ ឬអ្នក​ខ្លាំង​ផ្នែក​គម្រោង​អាជីវកម្ម​ទេ​ តែ​យើង​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​យើង​កំពុង​ជួបប្រទះ​រហូត​ចេញ​ជា​ផ្លែផ្កា​ និង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ3​ ក្នុង​ការប្រកួត​កម្មវិធី​ Techno​ Innovation​ Cambodia​ សម្រាប់​ឆ្នាំ​ 2019​ នេះ​៕