Tag: ក្រុមហ៊ុន

  • រថយន្ត​អគ្គិសនី​តូច​បំផុត​របស់​ក្រុម​ហ៊ុន​វៀតណាម VinFast បង្ហាញ​ខ្លួន​

    រថយន្ត​អគ្គិសនី​តូច​បំផុត​របស់​ក្រុម​ហ៊ុន​វៀតណាម VinFast បង្ហាញ​ខ្លួន​

    រថយន្ត​អគ្គិសនី​តូច​បំផុត​របស់​ក្រុម​ហ៊ុន​វៀតណាម VinFast ដែល​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​កាល​ពី​ល្ងាច​ថ្ងៃទី 08 មិថុនា គ្រោង​នឹង​ប្រគល់​ដល់​ដៃ​អតិថិជន​នៅក្នុង​ត្រីមាស​ទី​បី​ឆ្នាំ​ក្រោយ​។

    តំណាង​របស់​ក្រុម​ហ៊ុន​ VinFast ឱ្យ​ដឹង​ថា រថយន្ត​អគ្គិសនី VF 3 នឹង​ជា​ម៉ូដែល​រថយន្ត​តូច​ជាង​គេ​ដំបូង​បំផុត​របស់​​ក្រុមហ៊ុន​នេះ​។

    VF 3 មាន​បណ្ដោយ​សរុប 3,114 មិល្លីម៉ែត្រ ខ្លី​ជាង​ Kia Morning ដែល​មាន​បណ្ដោយ​ 3,595 មិល្លីម៉ែត្រ​ ប៉ុន្តែវែង​ជាង​ 197 មិល្លីម៉ែត្រ បើ​ធៀប​នឹង​រថយន្ត​អគ្គិសនី​​ដែល​ជិត​បង្ហាញ​ខ្លួន​ក្នុង​ទីផ្សារ​​របស់​ក្រុម​ហ៊ុន​ចិន Wuling​។

    រថយន្ត​អគ្គិសនី VF 3 មាន​ទ្វារ​ពីរ​នៅ​សង​ខាង​ និង​ទ្វារ​​មួយ​នៅ​ខាង​ក្រោយ​ ហើយ​អាច​ជិះ​បាន​ប្រាំ​នាក់​។ យោង​​តាម​ក្រុម​ហ៊ុន​វៀតណាម VF 3 ដែល​មាន​ពីរ​កំណែ​គឺ Eco និង Plus នេះ នឹង​មាន​តម្លៃ​ទាប​ សម​ស្រប​សម្រាប់​ទី​ផ្សារ​ក្នុង​ស្រុក​។

    បច្ចុប្បន្ន ម៉ូដែល​រថយន្ត​អគ្គិសនី​​​​​មាន​តម្លៃ​ទាប​បំផុត​របស់ VinFast គឺ​ VF 5 Plus ដោយ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​​ 538 លាន​ដុង​ ដែល​ប្រហែល​នឹង​ 22,900 ដុល្លារ​អាម៉េរិក)​៕

  • នាវា​អគ្គិសនី​បំពាក់​ក្ដោង​សូ​ឡា​ខ្នាត​ធំ អាច​ដឹក​អ្នកដំណើរ​បាន 500 នាក់

    នាវា​អគ្គិសនី​បំពាក់​ក្ដោង​សូ​ឡា​ខ្នាត​ធំ អាច​ដឹក​អ្នកដំណើរ​បាន 500 នាក់

    (ន័​រ​វែ​ស) – ក្រុមហ៊ុន Hurtigruten បង្ហាញ​នាវា​អគ្គិសនី​ដឹក​អ្នកដំណើរ​មាន​ក្ដោង​សូ​ឡា​ដែល​អាច​បង្រួម​បាន និង​គ្រោង​ដាក់​ដំណើរការ​នៅ​ឆ្នាំ 2030។

    ក្រុមហ៊ុន​ខាងលើ បច្ចុប្បន្ន​មាន​ក្រុម​នាវា​ចំនួន 8 គ្រឿង ក្នុងនោះ មួយគ្រឿងៗអាច​ដឹក​អ្នកដំណើរ​បាន 500 នាក់ ដែល​ផ្លាស់​ទី​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​ន័​រ​វែ​ស ចាប់ពី Oslo ដល់​តំបន់​ប៉ូល​ខាងជើង។

    គម្រោង​មាន​ឈ្មោះថា «Sea Zero» ដែល​ត្រូវ​បានប្រកាស​លើកដំបូង​កាលពី​ឆ្នាំ 2022 ត្រូវបាន​រំពឹងថា អាចរួមចំណែក​ក្នុងការ​បំផុសគំនិត និង​ជំរុញឱ្យមាន​យានយន្ត​មិន​បំ​ភាយ​ឧស្ម័ន​នៅក្នុង​វិស័យ​ដឹកជញ្ជូន​ផ្លូវទឹក​ទាំងមូល។

    នាវា​ដឹក​អ្នកដំណើរ​របស់ Hurtigruten នឹង​ដំណើរការ​ដោយ​ថ្ម 60 មេ​ហ្គា​វ៉ា​ត់ អាច​បញ្ចូល​ថាមពល​ស្អាត​នៅឯ​កំពង់ផែ ដោយសារ​ថាមពល​មិន​បំ​ភាយ​ឧស្ម័ន​នេះ​កំពុង​គ្របដណ្ដប់ 98% នៅក្នុង​បណ្ដាញ​អគ្គិសនី​របស់​ប្រទេស​ន័​រ​វែ​ស។

    ក្រុមហ៊ុន​ខាងលើ​ឱ្យដឹងថា ថ្ម​ផ្ទុក​អគ្គិសនី​របស់​នាវា​នេះ​អាចឱ្យ​ធ្វើដំណើរ​បាន​ពី 555 ដល់ 648 គីឡូម៉ែត្រ គ្រា​ដែល​ក្ដោង​របស់​វា​បំពាក់​ផ្ទាំង​សូ​ឡា​សរុប 1,500 ម៉ែត្រក្រឡា ក៏​អាចជួយ​បន្ថែម​អគ្គិសនី​បាន​ច្រើន​ដល់​នាវា។

    យោងតាម CNN នាវា​ដែល​នឹងមាន​កាប៊ីន​ចំនួន 270 អាចដាក់​អ្នកដំណើរ​បាន 500 នាក់ និង​ក្រុម​នាវិក 99 នាក់​មួយ​នេះ នឹងត្រូវ​បានចាប់ផ្ដើម​ការផលិត​នៅ​ឆ្នាំ 2027 ហើយ​គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​ពាណិជ្ជកម្ម​ចាប់ពី​ឆ្នាំ 2030៕

     

  • ថាស​ហោះ​ (UFO) អគ្គិសនី​នេះ ​អាច​ហើរ​ក្នុង​ល្បឿន​ 50 គីឡូម៉ែត្រ​/ម៉ោង​

    ថាស​ហោះ​ (UFO) អគ្គិសនី​នេះ ​អាច​ហើរ​ក្នុង​ល្បឿន​ 50 គីឡូម៉ែត្រ​/ម៉ោង​

    (ប្រទេស​ចិន) – ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ​ពហុបច្ចេកទេស​តំបន់​ភាគ​ពាយព្យ បង្កើតបាន​យាន​ដែលមាន​រូបរាង​ដូច​ថាសហោះ អាច​ហើរ​បាន 15 នាទី និង​មាន​​ល្បឿន 50 គីឡូម៉ែត្រ/ម៉ោង។

    យាន​ហោះ​ឡើង ចុះចត​ដោយ​បញ្ឈរ​ត្រង់ និង​ប្រើប្រាស់​អគ្គិសនី (eVTOL) អាចជា​បដិវត្តន៍​ក្នុង​វិស័យ​គមនាគមន៍​ស្ថិរភាព និង​មិន​បំ​ភាយ​ឧស្ម័ន​ពុល​របស់​ពិភពលោក​។ គម្រោង eVTOL រាង​ដូច​ថាសហោះ (UFO) គឺជា​លទ្ធផល​នៃ​ការអភិវឌ្ឍ​រយៈពេល​បី​ឆ្នាំ​របស់​ក្រុម​អ្នកជំនាញ​នៅ​សាកលវិទ្យាល័យ​ពហុបច្ចេកទេស​តំបន់​ពាយព្យ (Northwestern Polytechnical University) នៅ​ប្រទេស​ចិន​។

    យាន eVTOL គំរូ​របស់​ក្រុម​អ្នកស្រាវជ្រាវ​ខាងលើ សម្រេចបាន​ជើងហោះហើរ​សាកល្បង​ដំបូង​នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​មួយ​នៅ​ខេត្ត Shenzhen ភាគ​អាគ្នេយ៍​ប្រទេស​ចិន។ នេះ​បើតាម​ការចុះផ្សាយ​កាលពី​ថ្ងៃទី 07 មិថុនា របស់​ទំព័រ Interesting Engineering។

    យាន​ដូច​ទៅនឹង UFO ដែល​​ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថាសហោះ Shenzhen UFO Power Technology អាច​ហោះហើរ​បាន 15 នាទី ឡើង​ដល់​​កម្ពស់ 200 ម៉ែត្រ និង​ល្បឿន 50 គីឡូម៉ែត្រ/ម៉ោង ព្រមទាំង​បំពាក់​មុខងារ​ហោះហើរ​ស្វ័យប្រវត្ត​ផងដែរ។

  • យានអវកាស Dragon បាន​ចូល​ចត​នៅ​ស្ថានីយ​អវកាស​អន្តរជាតិ

    យានអវកាស Dragon បាន​ចូល​ចត​នៅ​ស្ថានីយ​អវកាស​អន្តរជាតិ

    យានអវកាសរបស់ SpaceX ដែល​ដឹកទំនិញ​ឡើងទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) បាន​ចូល​ចត​នៅ​ម៉ូឌុល Harmony របស់ ISS កាលពី​​ល្ងាច​​ថ្ងៃទី 06 មិថុនា និង​ស្ថិតនៅ​ទីនោះ​ប្រហែល​បី​សប្ដាហ៍ មុនពេល​ហោះ​ត្រលប់​មកកាន់​ផែនដី។

    យានអវកាស Dragon របស់​ក្រុមហ៊ុន​អាម៉េរិក SpaceX បាន​ចូល​ចត​នៅ​ស្ថា​នី​អវកាស​អន្តរជាតិ ជាមួយនឹង​ទំនិញ​ជាង 3.5 តោន។ យោងតាម​ណា​សា យាន​នេះ​បាន​ចូល​ចត​ត្រង់​ម៉ូឌុល Harmony របស់ ISS ដោយ​ស្វ័យប្រវត្តិ​នៅវេលា​ម៉ោង 05 និង 54 នាទីព្រឹក ថ្ងៃទី 06 មិថុនា ម៉ោង​នៅ​វ៉ា​ស៊ី​ង​តោន ត្រូវ​នឹង​ម៉ោង​ប្រហែល 17 ល្ងាច​ ថ្ងៃទី 06 មិថុនា​នៅ​កម្ពុជា។

    យាន Dragon ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ថ្ងៃទី 05 មិថុនា ពី​មជ្ឈមណ្ឌល​អវកាស Kennedy របស់​ណា​សា នៅ Florida សហរដ្ឋ​អាម៉េរិក។ នេះ​គឺជា​ជើងហោះហើរ​ពាណិជ្ជកម្ម​លើក​ទី 28 ដែល​ធ្វើឡើង​ទៅតាម​កិច្ចសន្យា​រវាង SpaceX និង​ណា​សា។

    តាម​គម្រោង យាន Dragon នឹង​ភ្ជាប់​ជាមួយ ISS ក្នុង​រយៈពេល​ប្រហែល​បី​សប្ដាហ៍ មុននឹង​ហោះ​វិល​ត្រលប់​មកកាន់​ផែនដី។ ក្នុង​បេសកកម្ម​នេះ Dragon បាន​ដឹក​ឧបករណ៍​ជា​ច្រើន​ដែល​​បម្រើ​ដល់​វិស័យ​វិទ្យាសាស្ត្រ មាន​ជាអាទិ៍ ផ្ទាំង​សូ​ឡា​ជាដើម ទៅឱ្យ​ក្រុម​អ្នក​អវកាស​របស់​សហរដ្ឋ​អាម៉េរិក​ដែល​កំពុងធ្វើការ​នៅលើ ISS៕

  • ហេតុ​អ្វី Lionel Messi ជ្រើស​រើស​​​ក្លឹប Inter Miami របស់ David Beckham ?

    ហេតុ​អ្វី Lionel Messi ជ្រើស​រើស​​​ក្លឹប Inter Miami របស់ David Beckham ?

    កំពូល​តារាបាល់ទាត់​ពិភពលោក Lionel Messi នឹង​ចូល​ជា​សមាជិក​របស់​ក្លឹប​បាល់ទាត់​អាម៉េរិក Inter Miami ក្រោយពី​កិច្ចព្រមព្រៀង​ជាមួយ PSG អស់​សុពលភាព។

    យោងតាម BBC កំពូល​កីឡាករ​របស់​អា​ហ្ស​ង់​ទីន នឹង​បដិសេធ​ប្រាក់បៀវត្សរ៍ 430 លាន​ដុល្លារ​អាម៉េរិក/ឆ្នាំ នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​ជ្រើស​យក​ការអញ្ជើញ​ពី​ក្លឹប Inter Miami នៅ​សហរដ្ឋ​អាម៉េរិក។ ដើម្បី​ទាក់ទាញ Messi មកលេង​នៅ​ពានរង្វាន់​បាល់ទាត់​អាជីព​អាម៉េរិក (MLS) ក្លឹប Miami បាន​សហការ​ជាមួយ​ក្រុមហ៊ុនធំៗជាច្រើន មានដូចជា Adidas និង Apple ជាដើម។

    នេះ​គឺជា​លើកដំបូង​ដែល Messi លេង​បាល់​នៅ​ខាងក្រៅ​ទ្វីបអឺរ៉ុប។ M10 ចង់​ទាត់​នៅ​អឺរ៉ុប​មួយ​រដូវ​កាល​ទៀត ដោយ​ផ្ដល់​អាទិភាព​ឱ្យ Barca ប៉ុន្តែ​មិន​ទទួលបាន​សំណើ​ទាល់តែសោះ ដោយសារតែ​ក្លឹប​នេះ​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ។ Messi អាច​ជ្រើសរើស​តែ Inter Miami ឬ Al Hilal។

    មនុស្ស​ជាច្រើន​ចង់ឃើញ Messi លេង​ឱ្យ Al Hilal ដើម្បី​បាន​ប៉ះ​ជាមួយ Ronaldo និង Karim Benzema នៅ​អា​រ៉ា​ប៊ី​សា​អូឌីត។ ពានរង្វាន់ Saudi League ប្រទេស​នេះ អាចមាន​លក្ខខណ្ឌ​ល្អ​ជាង MLS ប៉ុន្តែ M10 ចង់​លេង​នៅ​សហរដ្ឋ​អាម៉េរិក​ជាង ព្រោះតែ​កត្តា​មួយចំនួន រួមមាន ការរស់នៅ និង​កិច្ចសហការ​ជាមួយ​បណ្ដា​យីហោធំៗ លើសពី​វិស័យ​បាល់ទាត់។ Messi ក៏មាន​ផ្ទះមួយ​ខ្នង​នៅ Miami រដ្ឋ Florida ដែល​កំពុង​ជួល​ឱ្យគេ។

    ក្លឹប Inter Miami ជា​កម្មសិទ្ធិ​របស់​មហា​សេដ្ឋី Jorge Mas, Jose Mas និង​អតីត​កំពូល​កីឡាករ​បាល់ទាត់​អង់គ្លេស David Beckham។ Beckham ក៏​កាន់តំណែង​ប្រធាន​នៅ​ក្លឹប​នេះ​ផងដែរ៕

  • អ្នកប្រើប្រាស់​ស៊ីម​ទូរស័ព្ទ​​លើសពី​ដប់​នឹងត្រូវ​អាជ្ញាធរ​វៀតណាម «​សួរនាំ»

    អ្នកប្រើប្រាស់​ស៊ីម​ទូរស័ព្ទ​​លើសពី​ដប់​នឹងត្រូវ​អាជ្ញាធរ​វៀតណាម «​សួរនាំ»

    (វៀតណាម) – បុគ្គល ឬ​ស្ថាប័ន​ដែលមាន​ស៊ីម​កាត​ចាប់ពី 10 ឡើងទៅ នឹង​ត្រូវបាន​សមត្ថកិច្ច​ត្រួតពិនិត្យ ដើម្បី​ទប់ស្កាត់​ស៊ីម​សំណល់ ឬ​ប្រើប្រាស់​ខុសច្បាប់។

    កាលពី​ថ្ងៃទី 05 មិថុនា ក្រសួង​ព័ត៌មាន និង​ទូរគមនាគមន៍​វៀតណាម ឱ្យដឹងថា បានស្នើ​ឱ្យ​បណ្ដា​ក្រុមហ៊ុន​ទូរគមនាគមន៍​ធ្វើការ​ពិនិត្យ​ទៅលើ​ស្ថាប័ន បុគ្គល​ដែល​កំពុង​ប្រើប្រាស់​ស៊ីម​ទូរស័ព្ទ ដោយ​បញ្ជាក់ថា អ្នក​ដែល​បាន​ចុះឈ្មោះ​ប្រើប្រាស់​ស៊ីម​ចាប់ពី 10 លេខ​ឡើងទៅ នឹង​ត្រូវបាន​ពិនិត្យ ក្នុង​បំណង​ធានាថា រាល់​លេខ​ទូរស័ព្ទ​ត្រូវបាន​ប្រើប្រាស់​ដោយ​ម្ចាស់​កម្មសិទ្ធិ​ពិត និង​ត្រូវ​តាម​គោលដៅស្រប​ច្បាប់​។

    នេះ​គឺជា​ជំហាន​បន្ទាប់​របស់​ក្រសួង​ខាងលើ​នៅក្នុង​ការលុបបំបាត់​ស្ថានភាព​ស៊ីម​ទូរស័ព្ទ​ច្រើន​លើសលុប​មិនត្រូវ​បាន​ប្រើប្រាស់​ត្រឹម​ត្រូវ។ ក្រសួង​នេះ​បានសម្រេច​ដំណាក់កាល​ធ្វើ​ស្ដង់ដា​លើ​ទិន្នន័យ និង​កំពុង​ចាប់ផ្ដើម​ដំណាក់កាល​ថ្មី គឺ​ការបញ្ជាក់​ព័ត៌មាន​របស់​អ្នកប្រើប្រាស់។

    គិត​ត្រឹម​ចុងឆ្នាំ 2022 វៀតណាម​មាន​ស៊ីម​ទូរស័ព្ទ​សកម្ម​​ចំនួន 127 លាន ក្នុងនោះ​មាន​ទាំង​ស៊ីម​សំណល់ និង​ស៊ីម​ដែល​ត្រូវ​ជន​ទុច្ចរិត​ប្រើប្រាស់​ក្នុង​អំពើ​ល្មើស​ច្បាប់​៕

  • ត្បូង​ពេជ្រ​ពណ៌​ខ្មៅ​ធំជាងគេ​បង្អស់​លើ​ពិភពលោក អាច​មាន​ប្រភព​ពី​ទីអវកាស

    ត្បូង​ពេជ្រ​ពណ៌​ខ្មៅ​ធំជាងគេ​បង្អស់​លើ​ពិភពលោក អាច​មាន​ប្រភព​ពី​ទីអវកាស

    Enigma ស្ថិតក្នុង​ប្រភេទ​ត្បូង​ពេជ្រ​ខ្មៅ (carbonado) និង​ជា​ត្បូង​ពេជ្រ​កាត់​រួច ធំជាងគេ​បង្អស់​លើ​ពិភពលោក។

    យោងតាម​អង្គការ​កំណត់ត្រា​ពិភពលោក Guinness (Guinness World Records) ត្បូង​ពេជ្រ​ខ្មៅ Enigma មាន​ទម្ងន់ 555.55 កា​រ៉ាត់ (111 ក្រាម) និង​មានមុខ​ចំនួន។

    ក្រៅពី​ពណ៌​ដ៏​ចម្លែក និង​រូបរាង​ខុសធម្មតា Enigma ក៏​អាចមាន​ប្រភពពី​ទី​អវកាស។ ក្រុមហ៊ុន​រៀបចំ​ការលក់​ដេញថ្លៃ Sotheby’s បានឱ្យដឹងថា ត្បូង Enigma ត្រូវបាន​បង្កើតឡើង​ដោយហេតុ​ការណ៍​ប៉ះទង្គិច​គ្នា​រវាង​អាចម៍ផ្កាយ ឬ​កើតឡើង​ដោយសារ​អាចម៍ផ្កាយ​បុក​ជាមួយនឹង​ផែនដី ឬមួយ​ពី​ព្រឹត្តិការណ៍​ផ្ទុះ​ផ្កាយ​ខ្នាត​ធំ ខណៈ​អ្នកខ្លះ​ថា វា​មាន​ប្រភពពី​ផែនដី។ ក៏ប៉ុន្តែ ក្រុម​អ្នកជំនាញ​អំពី​ត្បូង​ពេជ្រ​ខ្មៅ​មិនទាន់​ប្រាកដ​ចំពោះ​រឿង​ទាំងនេះ​នៅឡើយ។

    ត្បូង​ពេជ្រ​ពណ៌​ខ្មៅ​ដ៏​កម្រ និង​ធំ​បំផុត​របស់​ពិភពលោក​នេះ ធ្លាប់​ត្រូវបាន​លក់​ក្នុងតម្លៃ 4.28 លាន​ដុល្លារ​អាមេរិក នៅក្នុង​ព្រឹត្តិការណ៍​ដេញថ្លៃ​ឯ​ប្រទេស​អង់គ្លេស កាលពីដើមឆ្នាំ 2022។

    រាល់​ត្បូង​ពេជ្រ​ប្រភេទ carbonado ដែល​គេ​ស្គាល់ សុទ្ធតែ​ត្រូវបាន​រកឃើញ​នៅ​ប្រេ​ស៊ី​ល ឬ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល និង​មាន​អាយុ​កាលពី 2.6 ទៅ 3.8 ពាន់​លាន​ឆ្នាំ។ ក្នុងអំឡុង​ពេលនោះ ប្រទេស​ទាំងពីរ​នេះ​សុទ្ធតែ​ស្ថិតក្នុង​មហាទ្វីប Rodinia។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ធ្លាប់បាន​រកឃើញ​ត្បូង​ពេជ្រ​ខ្មៅ​ដែល​កើតឡើង​ពី​ការប៉ះទង្គិច​អាចម៍ផ្កាយ​ក្នុង​អតីតកាល ប៉ុន្តែ​ភាគច្រើន​ពួកវា​មាន​ទំហំ​តូច​ខ្លាំង៕

  • ករណី​​ធ្លាក់​យន្តហោះ​​សម្លាប់​មនុស្ស 229 នាក់ព្រោះតែ​ឆេះ​ខ្សែភ្លើង បាន​កែប្រែ​វិស័យ​អាកាសចរណ៍​ទាំង​មូល

    ករណី​​ធ្លាក់​យន្តហោះ​​សម្លាប់​មនុស្ស 229 នាក់ព្រោះតែ​ឆេះ​ខ្សែភ្លើង បាន​កែប្រែ​វិស័យ​អាកាសចរណ៍​ទាំង​មូល

    គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ដឹក​មនុស្ស 229 នាក់​កាលពី​ឆ្នាំ 1998 បានធ្វើឱ្យ​មានការ​កែប្រែ​ជាច្រើន​នៅក្នុង​ស្ដង់ដា​​សុវត្ថិភាព​របស់​វិស័យ​អាកាសចរណ៍​ពិភពលោក។

    កាលពី​ថ្ងៃទី 02 កញ្ញា 1998 ជើងហោះហើរ​លេខ 111 របស់​យន្តហោះ​ពាណិជ្ជកម្ម MD-11 បាន​ចេញ​ដំណើរ​ពី​ទីក្រុង New York សហរដ្ឋ​អាម៉េរិក ទៅកាន់​ប្រទេស​ស្វ៊ី​ស។ យន្តហោះ​នេះ ហោះ​ឡើង​ដោយ​រលូត​នៅវេលា​ម៉ោង 20 និង 18 នាទី។ ប៉ុន្តែ ពេល​ហោះ​ឡើងដល់​កម្ពស់ 10,100 ម៉ែត្រ ក្លិន​អាក្រក់​ក៏​ចាប់ផ្ដើម​ភាយ​ក្នុង​កាប៊ីន​អ្នកបើកបរ។ ពី​ឡុ​ត​ក៏​ដឹងថា ក្លិន​នេះ​ភាយ​ចេញពី​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ក្នុង​កាប៊ីន​ពី​ឡុ​ត ខណៈដែល​កាប៊ីន​អ្នកដំណើរ​មិនមាន​បញ្ហា។

    បួន​នាទី​ក្រោយមក ក្លិន​ចម្លែក​នេះ​ក៏​ភាយ​កាន់តែខ្លាំង​នៅក្នុង​កាប៊ីន​ពី​ឡុ​ត អម​នឹង​ផ្សែង​ពណ៌​ស។ ពេលនេះ​ទើប​ក្រុម​អ្នកបើកបរ​ដឹក​ថា មាន​អគ្គិភ័យ​ក្នុង​កាប៊ីន រួច​ក៏​រាយការណ៍​ដល់​ស្ថាប័ន​គ្រប់គ្រង​អាកាសចរណ៍។ ភ្លាមនោះ អណ្ដាតភ្លើង​ក៏​ចាប់ផ្ដើម​ឆាបឆេះ ធ្វើឱ្យ​ក្រុម​ពី​ឡុ​ត​មាន​ពេល​តិចតួច​សម្រាប់​ការ​ចុះចត​បន្ទាន់។ MD-11 ត្រូវបាន​បញ្ជា​ឱ្យ​ចុះចត​លើ​ព្រលានយន្តហោះ Halifax Stanfield (កាណាដា) ដែលមាន​ចម្ងាយ​ជាង 100 គីឡូម៉ែត្រ​ពី​យន្តហោះ។

    បួន​នាទី​បន្ទាប់មកទៀត យន្តហោះ​ក៏​ហោះ​បាន​ប្រហែល 50 គីឡូម៉ែត្រ។ ក្រុម​ហោះហើរ​ក៏បាន​ស្នើឱ្យ​អូសបន្លាយ​ពេលវេលា​ហោះហើរ​ដើម្បី​បន្ទាបខ្លួន និង​បញ្ចេញ​ចោល​ឥន្ធនៈ។

    នៅក្នុង​អំឡុង​ពេលនោះ ក្រុម​ពី​ឡុ​ត​បាន​បិទ​ច​រន្ត​​អគ្គិសនី​ក្នុង​កាប៊ីន និង​កង្ហារ​នៅលើ​ពិតាន​យន្តហោះ ដែល​នេះ​បានប្រែក្លាយ​លំហ​នៅ​ពិតាន​ទៅជា​ឧបករណ៍​ស្រូបខ្យល់។ ភ្លាមនោះ ស្រាប់តែ​អណ្ដាតភ្លើង​ឆេះ​រាលដាល​ពេញ​កាប៊ីន​ពី​ឡុង ហើយ​ផ្នែក​ជាច្រើន​ក៏​លែង​ដំណើរការ ក្នុងនោះ​មាន​ទាំងមុខ​ងារ​បើ​បរ​ស្វ័យប្រវត្ត និង​អេក្រង់​សម្រាប់​មើល​របស់​ពី​ឡុ​ត​ផងដែរ។

    MD-11 ក៏​បាត់បង់​ការគ្រប់គ្រង​ទាំងស្រុង។ ក្រុម​ហោះហើរ​បានផ្ដល់​សញ្ញា «Mayday» ដែល​រាយការណ៍​អំពី​គ្រោះអាសន្ន​កម្រិត​ខ្ពស់បំផុត ហើយក៏​បាត់​ទំនាក់ទំនង។ យន្តហោះ​នេះ​បាន​ធ្លាក់ចុះ​មហាសមុទ្រ​នៅ​ម៉ោង 22 និង 31 នាទី ក្នុង​ល្បឿន 555 គីឡូម៉ែត្រ/ម៉ោង ធ្វើឱ្យ​ដងខ្លួន​យន្តហោះ​ខ្ទេច​ជា​រាប់លាន​បំណែក​ក្នុង​រយៈពេល​មិន​ដល់​មួយ​វិនាទី។

    ហេតុការណ៍​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន Swissari នេះ​ បានសម្លាប់​មនុស្ស 229 នាក់។ ក្រោយ MD-11 បាន​ធ្លាក់ គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​កាណាដា (TSB) ក៏បាន​ចាប់ផ្ដើម​ស៊ើបអង្កេត​រក​មូលហេតុ។ លទ្ធផល​នៃ​ការស្រាវជ្រាវ​បង្ហាញថា អណ្ដាតភ្លើង​បានចាប់ផ្ដើម​ឆេះ​ចេញពី​បណ្ដាញ​ខ្សែភ្លើង​ខាងលើ​កាប៊ីន​អ្នកបើកបរ ហើយ​រាលដាល​យ៉ាង​លឿន ធ្វើឱ្យ​ផ្នែក​ជាច្រើន​របស់​យន្តហោះ​ត្រូវ​ខូចខាត។ អេក្រង់​នានា​នៅក្នុង​កាប៊ីន​អ្នកបើកបរ​​បាន​ខូច ​នាំឱ្យ​ពី​ឡុ​ត​ត្រូវ​រាវ​ដើម្បី​បញ្ជា​យន្តហោះ​ព្រោះ​មើល​​មិនឃើញ ហើយក៏​ហោះ​ខុស​ទិសដៅ និង​ធ្លាក់ចូល​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក។

    យន្តហោះ​នេះ​​មិនមាន​ប្រព័ន្ធ​ស្វែង​រក​ប្រភព​អណ្ដាត​ភ្លើង​ និងប្រព័ន្ធ​​ពន្លត់ភ្លើង ទើប​ក្រុម​ហោះហើរ​ត្រូវ​ប្រើ​ច្រមុះ​ដើម្បី​ហិត​ក្លិន ពេលនោះ ហេតុការណ៍​បាន​ប្រែជា​អាក្រក់​ណាស់​ទៅហើយ។

    TSB សន្និដ្ឋានថា មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​គឺ​ដោយសារ «ស្ដង់ដា​គ្រប់គ្រង​អគ្គិភ័យ​សម្រាប់​វត្ថុ​ធាតុ​ក្នុង​យន្តហោះ មិន​សមស្រប»។

    ក្រោយ​ហេតុការណ៍​ខាងលើ សំណើ​ជាច្រើន​ត្រូវបាន​លើកឡើង​ដើម្បី​កែលំអ​ស្តង់ដា​នានា​នៅក្នុង​យន្តហោះ។ សំណើ​ទាំងនេះ​ក៏បាន​នាំឱ្យមាន​ការកែប្រែ​ច្រើន​នៅក្នុង​ស្ដង់ដា​សុវត្ថិភាព​អាកាសចរណ៍​របស់​ស្ថាប័ន​គ្រប់គ្រង​អាកាសចរណ៍ នៅក្នុង​ការផលិត​យន្ត​ហោះ និង​វិស័យ​អាកា​ចរណ៍​ទាំងមូល​របស់​ពិភពលោក៕

  • រថយន្ត​អគ្គិសនី​នឹងមាន​តម្លៃ​ស្មើនឹង​រថយន្ត​សាំង​ចាប់ពី​ឆ្នាំ 2030?

    រថយន្ត​អគ្គិសនី​នឹងមាន​តម្លៃ​ស្មើនឹង​រថយន្ត​សាំង​ចាប់ពី​ឆ្នាំ 2030?

    អគ្គនាយក​ប្រតិបត្តិ​របស់ Ford អះអាងថា ដល់​ក្រោយ​ឆ្នាំ 2030 ការចំណាយ​ក្នុង​ការផលិត​រថយន្ត​អគ្គិសនី​នឹង​អាច​ប្រហាក់ប្រហែល​នឹង​ការផលិត​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង។

    តម្លៃ​រថយន្ត​អគ្គិសនី​បានចាប់ផ្ដើម​ថយចុះ ក្នុងនោះ​មាន​ម៉ូ​ដែល​ខ្លះ​ក៏​អាច​ប្រកួតប្រជែង​បាន​យ៉ាង​ល្អ​ជាមួយនឹង​រថយន្ត​ប្រើ​សាំង។ ថ្លែងប្រាប់ Reuters កាលពីពេលថ្មីៗនេះ CEO របស់​ក្រុមហ៊ុន Ford លោក Jim Farley យល់​ថា ការចំណាយ​លើ​ការផលិត​រថយន្ត​អគ្គិសនី​នៅតែ​ខ្ពស់ជាង​បើ​ធៀប​នឹង​កំណែ​ប្រពៃណី។

    លោក Jim Farley ជឿថា យ៉ាងហោចណាស់​ក៏​ត្រឹម​ក្រោយ​ឆ្នាំ 2030 ទើប​រថយន្ត​អគ្គិសនី​មានតម្លៃ​ស្មើនឹង​រថយន្ត​ប្រេងសាំង នៅពេល​រថយន្ត​អគ្គិសនី​ជំនាន់​ទី​ពីរ ឬ​ទី​បី​បង្ហាញខ្លួន។

    ប្រហែល​ពី​ឆ្នាំ 2030 ដល់ 2035 ការចំណាយ​លើ​ការផលិត​រថយន្ត​អគ្គិសនី​នឹង​ថយចុះ​ដោយសារតែ​តម្រូវការ​កម្មករ​​ទាប​ជាង​បច្ចុប្បន្ន ព្រោះថា​បរិមាណ​គ្រឿងបន្លាស់​របស់​រថយន្ត​អគ្គិសនី​តិចជាង​ធៀប​នឹង​រថយន្ត​ប្រេងសាំង។ ទន្ទឹមនឹងនេះ ការដែល​ថ្ម​ផ្ទុក​ថាមពល​មាន​ទំហំ​តូច​ក៏​ប្រើប្រាស់​វត្ថុធាតុដើម​តម្លៃ​ទាប និង​តិចជាង​ធៀប​នឹង​ថ្ម​ធំ ក៏​រួមចំណែក​ធ្វើឱ្យ​តម្លៃ​រថយន្ត​ធ្លាក់ចុះ។

    ក្រៅពីនេះ ក្រុមហ៊ុន​នានា​ក៏​អាច​កាត់បន្ថយ​ការចំណាយ​តាមរយៈ​ការលក់​រថយន្ត​តាម​អន​ឡាញ និង​លក់​សេវាកម្ម​ឌីជីថល​សម្រាប់​រថយន្ត​អគ្គិសនី​របស់​ពួកគេ​ផងដែរ៕

  • ក្រុមហ៊ុន​របស់ Elon Musk ទទួលបាន​សិទ្ធិ «បំពាក់​ឈី​បបញ្ជា​រាង​កាយ​​ក្នុង​ខួរក្បាល​មនុស្ស»

    ក្រុមហ៊ុន​របស់ Elon Musk ទទួលបាន​សិទ្ធិ «បំពាក់​ឈី​បបញ្ជា​រាង​កាយ​​ក្នុង​ខួរក្បាល​មនុស្ស»

    (សហរដ្ឋ​អាម៉េរិក) – ឈី​ប​ខួរក្បាល​ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Neuralink របស់​មហាសេដ្ឋី​អាម៉េរិក Elon Musk ទទួលបាន​ការអនុញ្ញាត​ឱ្យធ្វើ​ការពិសោធ​លើ​មនុស្ស ក្រោយ​ការធ្វើ​តេស្ត​​ជាច្រើន​លើក​​នៅលើ​សត្វ។

    ស្ថាប័ន​គ្រប់គ្រង​អាហារ និង​ឱសថ​អាម៉េរិក (FDA) បានផ្ដល់​វិញ្ញាបនបត្រ​ឱ្យ​ក្រុមហ៊ុន Neuralink ដើម្បី​ធ្វើការ​ពិសោធ​ដំបូង​នៅលើ​មនុស្ស នេះ​បើតាម​ការចុះផ្សាយ​កាលពី​ថ្ងៃទី 02 មិថុនា របស់ Live Science។ Neuralink កំពុង​ឆ្ពោះទៅរក​ការប្រើប្រាស់​បច្ចេកវិទ្យា​អន្តរ​កម្ម​ខួរក្បាល-កុំព្យូទ័រ ដែល​ហៅ​ថា BCI (brain-computer interface) ដើម្បី​ស្ដារ​​ពិការភាព​របស់​មនុស្ស។ លោក Musk អះអាងថា ឧបករណ៍​ដែល​បំពាក់​ក្នុង​ខួរក្បាល​នេះ​ក៏​អាចជួយ​ស្ដារ​បញ្ហា​ចក្ខុវិញ្ញាណ​ផងដែរ។

    Neuron ឬ​កោសិកា​សរសៃវិញ្ញាណ ទាក់ទង​គ្នា​តាមរយៈ​រលកសញ្ញា​អគ្គិសនី​ដើម្បី​ចាត់ចែង​គំនិត អារម្មណ៍ និង​ឥរិយាបថ​របស់​មនុស្ស។ ឈិ​ប​ខួរក្បាល​របស់ Neuralink ដំណើរការ​តាមរយៈ​ការបកស្រាយ​រលកសញ្ញា​អគ្គិសនី និង​បញ្ជូន​ព័ត៌មាន​ដែល​បាន «បិទ​សោ» ទៅកាន់​កុំព្យូទ័រ​ដោយ​ប្រើ Bluetooth។ កុំព្យូទ័រ​នឹង​វិភាគ​ព័ត៌មាន​ដែល​ទទួលបាន ហើយ​ឆ្លើយតប​ដោយ​ការផ្ញើ​រលកសញ្ញា​ឱ្យ​រាងកាយ ដាស់​សរសៃវិញ្ញាណ និង​សាច់ដុំ ដើម្បី​បញ្ជា​​សកម្មភាព។

    ដំណើរការនៃបច្ចេកវិទ្យាអន្តរកម្មខួរក្បាល-កុំព្យូទ័រ ដែលហៅថា BCI (brain-computer interface)

    ឈី​ប​ខួរក្បាល​របស់ Neuralink ត្រូវបាន​បំពាក់​ក្នុង​ក្បាលមនុស្ស​តាមរយៈ​រន្ធ​តូច​មួយ​នៅលើ​លលាដ៍ក្បាល​ដែលបាន​ចោះ​​​​ដោយ​រ៉ូ​បូត​វះកាត់​ស្វ័យ​ប្រវត្ត​ ហើយ​បន្ទាប់មក អេឡិចត្រូត​របស់​ឈី​ប​នេះ​នឹង​​ត្រូវបាន​បំពាក់​ក្នុង​ជម្រៅ​តែ​ប៉ុន្មាន​មិល្លីម៉ែត្រ​ប៉ុណ្ណោះ​នៅលើ​ស្រទាប់​ក្រៅ​បង្អស់​របស់​ខួរក្បាល។ ដំណើរការ​វះកាត់​បំពាក់​ឈី​ប​​ខួរក្បាល​នេះ ចំណាយពេល 30 នាទី ដោយ​មិនបាច់​ចាក់​ថ្នាំ​សន្លប់៕