អ្នកប្រើប្រាស់​ស៊ីម​ទូរស័ព្ទ​​លើសពី​ដប់​នឹងត្រូវ​អាជ្ញាធរ​វៀតណាម «​សួរនាំ»

បញ្ជរ​លក់​ស៊ីម​ទូរស័ព្ទ​នៅ​ប្រទេស​វៀតណាម

(វៀតណាម) – បុគ្គល ឬ​ស្ថាប័ន​ដែលមាន​ស៊ីម​កាត​ចាប់ពី 10 ឡើងទៅ នឹង​ត្រូវបាន​សមត្ថកិច្ច​ត្រួតពិនិត្យ ដើម្បី​ទប់ស្កាត់​ស៊ីម​សំណល់ ឬ​ប្រើប្រាស់​ខុសច្បាប់។

កាលពី​ថ្ងៃទី 05 មិថុនា ក្រសួង​ព័ត៌មាន និង​ទូរគមនាគមន៍​វៀតណាម ឱ្យដឹងថា បានស្នើ​ឱ្យ​បណ្ដា​ក្រុមហ៊ុន​ទូរគមនាគមន៍​ធ្វើការ​ពិនិត្យ​ទៅលើ​ស្ថាប័ន បុគ្គល​ដែល​កំពុង​ប្រើប្រាស់​ស៊ីម​ទូរស័ព្ទ ដោយ​បញ្ជាក់ថា អ្នក​ដែល​បាន​ចុះឈ្មោះ​ប្រើប្រាស់​ស៊ីម​ចាប់ពី 10 លេខ​ឡើងទៅ នឹង​ត្រូវបាន​ពិនិត្យ ក្នុង​បំណង​ធានាថា រាល់​លេខ​ទូរស័ព្ទ​ត្រូវបាន​ប្រើប្រាស់​ដោយ​ម្ចាស់​កម្មសិទ្ធិ​ពិត និង​ត្រូវ​តាម​គោលដៅស្រប​ច្បាប់​។

នេះ​គឺជា​ជំហាន​បន្ទាប់​របស់​ក្រសួង​ខាងលើ​នៅក្នុង​ការលុបបំបាត់​ស្ថានភាព​ស៊ីម​ទូរស័ព្ទ​ច្រើន​លើសលុប​មិនត្រូវ​បាន​ប្រើប្រាស់​ត្រឹម​ត្រូវ។ ក្រសួង​នេះ​បានសម្រេច​ដំណាក់កាល​ធ្វើ​ស្ដង់ដា​លើ​ទិន្នន័យ និង​កំពុង​ចាប់ផ្ដើម​ដំណាក់កាល​ថ្មី គឺ​ការបញ្ជាក់​ព័ត៌មាន​របស់​អ្នកប្រើប្រាស់។

គិត​ត្រឹម​ចុងឆ្នាំ 2022 វៀតណាម​មាន​ស៊ីម​ទូរស័ព្ទ​សកម្ម​​ចំនួន 127 លាន ក្នុងនោះ​មាន​ទាំង​ស៊ីម​សំណល់ និង​ស៊ីម​ដែល​ត្រូវ​ជន​ទុច្ចរិត​ប្រើប្រាស់​ក្នុង​អំពើ​ល្មើស​ច្បាប់​៕

Advertisement