Tag: អ្នកស្លាប់

  • ទឹកជំនន់​វាយប្រហារ​ប្រទេស​ឥណ្ឌា ធ្វើឱ្យ​មនុស្ស 49 នាក់​បាត់​បង់ជីវិត

    ទឹកជំនន់​វាយប្រហារ​ប្រទេស​ឥណ្ឌា ធ្វើឱ្យ​មនុស្ស 49 នាក់​បាត់​បង់ជីវិត

    ភ្លៀង​ធំ​ដែល​បង្ក​ជា​ទឹកជំនន់ និង​បំណាក់​ដី បាន​បំផ្លាញ​ផ្ទះសំបែង បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 41 នាក់​បាត់​បង់ជីវិត​នៅ​ភាគ​ខាងជើង ខណៈ 9 នាក់​ផ្សេងទៀត​បាន​ស្លាប់​ដោយសារ​បាក់ស្រុត​វិហារ។

    រូបភាព​ពី​បណ្ដាញ​សង្គម​បង្ហាញថា ជំនន់​ទឹកភ្លៀង​ហូរ​ចុះ​ពី​ភ្នំ កួច​យក​ផ្ទាំង​ថ្មធំៗ និង​បំផ្លាញ​ផ្ទះ សំណង់​នានា​នៅក្នុង​រដ្ឋ Himachal Pradesh នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា។

    បន្ទាប់ពី​គ្រោះទឹកជំនន់ និង​បំណាក់​ដី​កើតឡើង សាកសព​មនុស្ស 49 នាក់​ត្រូវបាន​រកឃើញ គ្រា​ដែល​អាជ្ញាធរ​ក្នុង​តំបន់​កំពុង​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា។ ក្នុងចំណោម​អ្នកស្លាប់​សរុប មាន​យ៉ាងតិច 9 នាក់​បាន​ស្លាប់​នៅពេល​ទឹកជំនន់​ហូរ​កាត់ ធ្វើឱ្យ​វិហារ​មួយនៅ​ Shimla ត្រូវ​បាក់​រលំ។

    មនុស្ស 5 នាក់​ត្រូវបាន​សង្គ្រោះ​នៅ​ក្នុង​ហេតុ​ការណ៍​បាក់​រលំ​វិហារ​ខាងលើ ប៉ុន្តែ​នៅមាន​មនុស្ស​ពី 20 ទៅ 25 នាក់​ទៀត​កំពុង​ជាប់​ក្នុង​គំនរ​បាក់បែក ស្រប​ពេលដែល​សមត្ថកិច្ច​​កំពុង​ញាប់ដៃ​ញាប់ជើង​ជួយសង្គ្រោះ។

    អ្នកវិទ្យាសាស្ត្រ​បានឱ្យដឹងថា ការប្រែប្រួល​អាកាសធាតុ​កំពុងតែ​ធ្វើឱ្យ​រដូវភ្លៀង​នៅប្រទេស​​ឥណ្ឌា​ប្រែជា​វឹកវរ និង​ខុស​ធម្មតា​ បង្កឱ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​មុន៕

  • ចំនួន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​ឆេះ​ព្រៃ​នៅ​ Hawaii អាច​កើន​ដល់​ 200 នាក់

    ចំនួន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​ឆេះ​ព្រៃ​នៅ​ Hawaii អាច​កើន​ដល់​ 200 នាក់

    អភិបាល​រដ្ឋហាវ៉ៃ (Hawaii) របស់​​សហរដ្ឋ​អាម៉េរិក ​ឱ្យ​ដឹង​ថា តួលេខ​អ្នក​ស្លាប់​ក្នុង​ករណី​ឆេះ​ព្រៃ​នៅ​លើ​កោះ Maui រដ្ឋ​ហាវ៉ៃ បាន​កើត​ដល់ 99 នាក់ ហើយ​អាច​កើន​ឡើង​ទ្វេដង​ទៀត​ក្នុង​រង្វង់ 10 ថ្ងៃ​ខាងមុខ​។

    «កម្លាំងសង្គ្រោះ​ទើបតែ​ស្វែង​រក​នៅ​ក្នុង​តំបន់​តូច​មួយ​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ Lahaina ក្នុង​នោះ​មាន​សាកសព​ពី 10 ទៅ 20 នាក់​ត្រូវ​បាន​រក​ឃើញ​ជា​រៀង​រាល់​ថ្ងៃ​។ ចំនួន​មនុស្ស​ស្លាប់​ត្រូវ​បាន​បញ្ជាក់​ថា 99 នាក់​។ តួលេខ​នេះ​​នឹង​កើន​ឡើង​ច្រើន​ អាច​ទ្វេដង​ក្នុង​រង្វង់​ 10 ថ្ងៃ​ទៀត​» អភិបាល​រដ្ឋហាវៃ លោក Josh Green កាលពី​ថ្ងៃទី 14​ សីហា ឱ្យ​ដឹង​ដូច្នេះ​។

    កាល​ពី​ថ្ងៃទី 08 សីហា ភ្លើង​ព្រៃ​ចំនួន​ 3 ករណី បាន​កើត​ឡើង​ និង​ឆាប​ឆេះ​ពេញ​ទីរួម​ស្រុក​ទេសចរណ៍​ Lahaina និង​តំបន់​មួយ​ចំនួន​ផ្សេង​ទៀត​ ធ្វើ​ឱ្យ​​គ្រប់​យ៉ាង​នៅ​ទី​នេះ​ស្ថិត​ក្នុង​អណ្ដាត​ភ្លើង​។ ដោយ​សារ​តែ​រុក្ខជាតិ​​ស្ងួត​ក្រាស់ បូក​រួម​នឹង​ខ្យល់​ខ្លាំង នាំ​ឱ្យ​អណ្ដាត​ភ្លើង​ធ្វើ​ដំណើរ​យ៉ាង​លឿន​ ធ្វើ​ឱ្យ​ប្រជាជន​ជា​ច្រើន​រត់​គេច​មិន​ទាន់​ពេល​។

    គិត​មក​ដល់​ថ្ងៃ​នេះ អ្នក​​ដែល​កំពុង​បាត់​ខ្លួន​មាន​ចំនួនប្រហែល 1,300 នាក់​ ស្រប​ពេល​ដែល​ប្រជា​​ជន​រង​គ្រោះ​​ជា​ច្រើន​បាន​ទាក់​ទង​មក​កាន់​សមត្ថកិច្ច​។

  • ព្រះ​ពុទ្ធរូប​កម្ពស់ 35 ម៉ែត្រ នៅតែ​រក្សា​ស្ថានភាព​ដើម ក្រោយពីភ្លើង​ឆេះ​វិហារ

    ព្រះ​ពុទ្ធរូប​កម្ពស់ 35 ម៉ែត្រ នៅតែ​រក្សា​ស្ថានភាព​ដើម ក្រោយពីភ្លើង​ឆេះ​វិហារ

    (ប្រទេស​ចិន) – មហា​ព្រះ​ពុទ្ធរូប Shandan (Shandan Great Buddha) នៅមាន​ទ្រង់ទ្រាយ​ដើម ក្រោយពី​វិហារ​និង​កុ​ដិ​ជាច្រើន​នៅក្នុង​វត្តមួយ​នៅ​​ស្រុក Shandan ខេត្ត Gansu បាន​រងគ្រោះ​អគ្គិភ័យ។

    អគ្គិភ័យ​មួយ​ដ៏​ធំ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង 3 ថ្ងៃទី 24 កក្កដា 2023 នៅក្នុង​វត្ត​មហា​ពុទ្ធរូប Shandan ជាទី​ដែលមាន​ទេសភាព​ល្អ​ និង​ត្រូវ​បាន​ចាត់​ចូល​ជា​តំបន់​​​ទេសចរណ៍​ថ្នាក់ជាតិ​របស់​ប្រទេស​ចិន ដែល​ស្ថិត​ក្នុងស្រុក Shandan ទីក្រុង Zhangye នៃ​ខេត្ត Gansu។ អណ្ដាតភ្លើង​បានចាប់ផ្ដើម​ឆេះ​ចេញពី​វិហារ​ដែល​សាងសង់​ពី​ឈើ មាន​បណ្ដោយ 30 ម៉ែត្រ ទទឹង 27 ម៉ែត្រ និង​កម្ពស់ 39 ម៉ែត្រ។

    វិហារ​ខាងលើ​គឺជា​កន្លែង​មាន​ព្រះពុទ្ធ​រូប​​សាងសង់​ពី​ដីឥដ្ឋ​ដែល​ដុត​កម្ដៅ​ក្រោម 1,200 អង្សា​សេ កាលពី​ឆ្នាំ 1998 ក្រោយពី​ព្រះ​ពុទ្ធរូប​ដើម​ត្រូវបាន​បំផ្លាញ​កាលពី​ឆ្នាំ 1971។ ព្រះពុទ្ធ​រូប​ថ្មី​ត្រូវបាន​សាងសង់​កាលពី​ឆ្នាំ 1992 ដោយ​ចំណាយ​ប្រាក់​អស់ 17 លាន​យុន (ប្រហែល 2.37 លាន​ដុល្លារ​អាម៉េរិក)។

    អគ្គិភ័យ​កាលពី​ថ្ងៃទី 24 កក្កដា 2023 បាន​បំផ្លាញ​រាល់​​រចនាសម្ព័ន្ធ​រប​ស់​វិហារ​នេះ ប៉ុន្តែ​ព្រះ​ពុទ្ធរូប​នៅតែ​រក្សាបាន​​ទ្រង់ទ្រាយ​ដើម។ អគ្គិភ័យ​ត្រូវបាន​ពន្លត់​រួចរាល់​កាលពី​ម៉ោង 10 ថ្ងៃទី 24 កក្កដា។ អាជ្ញាធរ​ឱ្យដឹងថា ហេតុការណ៍​នេះ​មិនបាន​ធ្វើឱ្យមាន​អ្នកស្លាប់ និង​រងរបួស​នោះទេ ហើយ​មូលហេតុ​នៃ​គ្រោះ​អគ្គិភ័យ​នេះ​កំពុង​ត្រូវបាន​ស៊ើបអង្កេត៕

  • ​តួ​ក​គី​ប្រកាស​ព័ត៌មាន​លម្អិត​​ថ្មី​បំផុត​ស្ដី​ពី​យុទ្ធនាការ​កម្ចាត់​មេដឹកនាំ​កំពូល​របស់ «រដ្ឋ​អ៊ីស្លាម (IS)»

    ​តួ​ក​គី​ប្រកាស​ព័ត៌មាន​លម្អិត​​ថ្មី​បំផុត​ស្ដី​ពី​យុទ្ធនាការ​កម្ចាត់​មេដឹកនាំ​កំពូល​របស់ «រដ្ឋ​អ៊ីស្លាម (IS)»

    ប្រទេស​តួ​ក​គី​បានប្រកាស​អំពី​យុទ្ធនាការ​បួន​ម៉ោង​នៅ​ប្រទេស​ស៊ី​រី ដើម្បី​កំណត់​ទីតាំង និង​កម្ចាត់​មេបញ្ជាការ​កំពូល​បច្ចុប្បន្ន​របស់​ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ីស្លាម (Islamic State)។

    បណ្ដា​ផ្សព្វផ្សាយ​របស់​រដ្ឋ​តួ​ក​គី កាលពី​ថ្ងៃទី 01 ឧសភា បាន​បញ្ចេញ​រូបថត​ថ្មី​បំផុត​ស្ដីពី​ផ្ទះ​ដ៏​រឹងមាំ​ស្ថិតនៅ​កណ្ដាល​វាលស្រែ​នៃ​ខេត្ត Afrin ប្រទេស​ស៊ី​រី ជាទី​ដែល​កម្លាំង​ពិសេស​របស់​តួ​ក​គី​បានធ្វើការ​វាយប្រហារ​ក​ម្ចា​ត់​មេបញ្ជាការ​កំពូល​របស់​ក្រុម​ភេរវករ​រដ្ឋ​អ៊ីស្លាម (Islamic State) Abu al-Hussein al-Husseini al-Qurashi។

    ទីភ្នាក់ងារសារព័ត៌មាន Anadolu បានឱ្យដឹងថា ក្រោយពី​បានកំណត់​ទីតាំង​ផ្ទះ​នេះ ដែល​​ជា​កន្លែង​ស្នាក់នៅ​របស់ Qurashi ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់​របស់​តួ​ក​គី (MIT) ក៏បាន​ធ្វើ​យុទ្ធនាការ​រយៈពេល​បួន​ម៉ោង​ក្នុង​ថ្ងៃទី 29 មេសា ដើម្បី​ឡោមព័ទ្ធ​មេ​ភេរ​វករ។

    MIT បាន​បំផ្ទុះ​ជញ្ជាំង​ជុំវិញ​ផ្ទះ មុននឹង​សម្រុកចូល​តាម​ច្រកទ្វារ​ខាងក្រោយ និង​តាម​បង្អួច។ រូបភាព​ដែល​ត្រូវបាន​បញ្ចេញ​បង្ហាញថា មួយផ្នែក​របស់​ផ្ទះ​ពីរ​ជាន់​នេះ​បាន​ខូចខាត​ច្រើន។

    មេបញ្ជាការ​កំពូល​របស់​ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ីស្លាម (Islamic State) Abu al-Hussein al-Husseini al-Qurashi

    Qurashi បាន​ចុច​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅពេល​ដឹងថា ខ្លួន​ជិត​ត្រូវបាន​​គេ​​ចាប់​។ ក្នុងការ​វាយលុក​នេះ ភាគី​ខាង​តួ​ក​គី​ពុំមាន​អ្នកស្លាប់ ឬ​រងរបួស​នោះទេ។

    ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan កាលពី​ថ្ងៃទី 30 មេសា បានប្រកាសថា កម្លាំង​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស​នេះ​បាន​កម្ចាត់ Qurashi នៅក្នុង​យុទ្ធនាការ​មួយ​នៅ​ប្រទេស​ស៊ី​រី។

    Qurashi គឺជា​មេបញ្ជាការ​កំពូល​ទី​បួន​របស់ IS ដែល​ត្រូវបានតែងតាំង​កាលពី​ខែវិច្ឆិកា 2022 បន្ទាប់ពី​ការស្លាប់​របស់​មេដឹកនាំ​កំពូល Abu al-Hassan al-Hashemi al-Quraishi។ Qurashi បាន​ចូល​ក្រុម IS ក្នុង​ឆ្នាំ 2013 និង​បានទទួល​ការតែងតាំង​ជា​បន្តបន្ទាប់​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ក្រុម​ភេរ​វករ។

    ផ្ទះរបស់​មេភេរវករ រដ្ឋអ៊ីស្លាម (Islamic State) Abu al-Hussein al-Husseini al-Qurashi

    តួ​ក​គី​បាន​បញ្ជូន​ទ័ព​ទៅកាន់​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​តាំងពី​ឆ្នាំ 2020 និង​គ្រប់គ្រង​តំបន់​ដ៏​ធំ​មួយ​ដោយមាន​ការជួយ​គាំទ្រ​ពី​បណ្ដា​ក្រុម​បះបោរ​នៅ​ប្រទេស​ស៊ី​រី៕

  • អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ កើន​ដល់ 638នាក់ ក្នុង​នោះ​ក៏មាន​វេជ្ជបណ្ឌិត​ដែល​បាន​បញ្ចេញ​ព័ត៌មានមុន​គេ​​អំពី​មេរោគ​នេះ​

    អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​ កើន​ដល់ 638នាក់ ក្នុង​នោះ​ក៏មាន​វេជ្ជបណ្ឌិត​ដែល​បាន​បញ្ចេញ​ព័ត៌មានមុន​គេ​​អំពី​មេរោគ​នេះ​

    គិត​មក​ត្រឹម​ព្រឹក​នេះ (7កុម្ភៈ) មាន​អ្នក​ស្លាប់​បន្ថែម​ដល់​ទៅ​ 73នាក់ កើន 12,9% ធៀប​នឹង​ម្សិល​មិញ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុបទូទាំង​ពិភព​លោក​ ឡើង​ដល់ 638នាក់។

    គណៈកម្មការ​សុខាភិបាល​ខេត្ត Hubei ព្រឹក​នេះ​បាន​បញ្ជាក់ថា​ មាន​ករណី​ស្លាប់បន្ថែម​ដោយ​សារ​មេរោគ​កូរ៉ូណា​​ចំនួន 69នាក់​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ក្នុង​ខេត្ត​នេះកើន​ដល់ 618នាក់​។

    ផែនទី​បង្ហាញ​ពី​ការ​រីក​រាល​ដាល​នៃ​មេរោគ​រលាក​សួត​ថ្មី Coronavirus 2019-nCoV

    ខេត្ត​ Hubei ក៏​មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ 2,447នាក់​បន្ថែម​ទៀត នាំ​ឱ្យ​ចំនួន​អ្នក​ឆ្លង​រោគ​សរុប​កើន​​ដល់ 22,112នាក់​។

    នៅ​ទូទាំង​ប្រទេស​ចិន គិត​មក​ត្រឹម​ព្រឹក​នេះ ​អ្នក​ស្លាប់​សរុប ឡើង​ដល់ 637នាក់។ អ្នក​ឆ្លង​សរុប​នៅ​ប្រទេស​នេះ ឡើង​ដល់ 31,161នាក់។

    ដូច្នេះ នៅ​ទូទាំង​ពិភពលោក ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់ 638នាក់ រួម​និង​ករណី​ស្លាប់​ម្នាក់​នៅ​ហ្វីលីពីន​។ អ្នក​ដែល​កំពុង​ផ្ទុក​មេរោគ​នេះ មាន​ចំនួន 31.481នាក់ ក្នុង​នោះ​ 4,824នាក់​ កំពុង​ប្រឈម​និង​ហានិភ័យ​បាត់​បង់​ជីវិត​។ ចំណែក​អ្នក​ដែល​បាន​ជា​សះស្បើយ​ មាន​ចំនួន 1,563នាក់។

    លោក​វេជ្ជ​បណ្ឌិត Li Wenliang ដែល​បាន​បញ្ចេញ​ព័ត៌មាន​ដំបូង​ ទាក់​ទិន​នឹង​វីរុស​កូរ៉ូណា ប៉ុន្តែត្រូវ​អាជ្ញា​ធរ​ហៅ​ទៅ​ព្រមាន

    នៅ​ក្នុង​ចំណោម​ករណី​ស្លាប់​ថ្មី​ ក៏​មាន​ឈ្មោះ​លោក​វេជ្ជ​បណ្ឌិត Li Wenliang ដែល​ជា​អ្នក​ធ្លាប់​ត្រូវ​អាជ្ញាធរ​ហៅ​ទៅ​ព្រមាន​និង​ផ្ដិត​មេដៃ​ ដោយ​​ចោទ​ថា បាន​បញ្ចេញ​ព័ត៌មាន​មិន​ពិត​ស្ដី​អំពី​មេរោគ​កូរ៉ូណាដែល​កាល​ណោះ​មិន​ទាន់​មាន​អ្នក​ណា​ដឹង​នៅ​ឡើយ៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស