Tag: អង្គការសហប្រជាជាតិ

  • ទាហាន​ណាតូ​រាប់​រយ​នាក់​ទៅ​កាន់​តំបន់​ផ្ដាច់​ខ្លួន​កូសូវ៉ូ​នៅ​ស៊ែប៊ី

    ទាហាន​ណាតូ​រាប់​រយ​នាក់​ទៅ​កាន់​តំបន់​ផ្ដាច់​ខ្លួន​កូសូវ៉ូ​នៅ​ស៊ែប៊ី

    ទាយាន​រាប់​រយ​នាក់​របស់​សម្ព័ន្ធ​មិត្ត​យោធា​ណាតូ (NATO) ត្រូវ​បាន​បញ្ជូន​ទៅ​ជួយពង្រឹង​ការ​រក្សា​សន្តិសុខ​របស់​សម្ព័ន្ធ​មិត្ត​នេះ​នៅ​កូសូវ៉ូ (Kosovo) ក្រោយ​ពី​មាន​ហេតុ​ការណ៍​ប៉ះ​ទង្គិច​គ្នា​នៅ​ភាគ​ខាង​ជើង​នៃ​តំបន់​ផ្ដាច់​ខ្លួន​។

    «កងកម្លាំង​បន្ថែម​របស់​ណាតូ ​ចាប់​ផ្ដើម​ធ្វើដំណើរ​ទៅ​កាន់​កូសូវ៉ូ បន្ទាប់​ពី​មាន​ហេតុការណ៍​ប៉ះ​ទង្គិច​គ្នា​កាល​ពី​សប្ដាហ៍​កន្លង​ដែល​បាន​ធ្វើ​ឱ្យ​ទាហាន​ណាតូ​ប្រហែល 30 នាក់​រងរបួស​។ ទាហាន​ប្រហែល 500 នាក់​មក​ពី​ទ័ពជើង​គោក​របស់​តួកគី​ ដើរ​តួ​នាទី​សំខាន់​ជាង​គេ​នៅ​ក្នុង​កង​កម្លាំង​ជំនួយ​បន្ថែម​» អ្នក​នាំ​ពាក្យ​របស់​ណាតូ Oana Lungescu កាល​ពី​ថ្ងៃទី 05 មិថុនា បាន​ប្រកាស​ដូច្នេះ​។

    មុននោះ កាល​ពី​ថ្ងៃទី 30 ឧសភា អគ្គលេខាធិការ​នៃ​អង្គការ​ណាតូ​ លោក Jens Stoltenberg បាន​ឱ្យ​ដឹង​ថា សម្ព័ន្ធ​យោធា​នេះ​នឹង​បញ្ជូន​ទាហាន​ 700 នាក់​បន្ថែម​ទៀត​ទៅ​កាន់​កូសូវ៉ូ ដើម្បី​ពង្រឹង​កម្លាំង​ដែល​មាន​ចំនួន 4,000​ នាក់​នៅ​តំបន់​ផ្ដាច់​ខ្លួន​កូសូវ៉ូ​។ លោក Jens Stoltenberg ប្រកាស​ថា ណាតូ​បាន​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ការ​ផ្ដល់​កម្លាំង​ជំនួយ​បន្ថែម​។

    ការ​ប៉ះទង្គិច​គ្នា​រវាង​បាតុករ​ដើម​កំណើត​ស៊ែប៊ី ជាមួយ​​ប៉ូលិស​កូសូវ៉ូ និង​​កងកម្លាំង​របស់​ណាតូ បាន​កើត​ឡើង​នៅ​ខាងមុខ​សាលា​ស្រុក Zvecan នៃ​តំបន់​កូសូវ៉ូ កាល​ពី​ថ្ងៃទី 29 ឧសភា​។ កងទ័ព​ណាតូ​ ដំបូង​ឡើយ​បាន​ព្យាយាម​បំបែក​ក្រុម​បាតុករ​ចេញ​ពី​កម្លាំង​ប៉ូលិស ហើយ​ក្រោយ​មក​ប្រើ​ប្រាស់​ខែល​ និង​ដំបង​ឆក់​ដើម្បី​រំសាយ​បាតុកម្ម​។

    បាតុករ​មួយ​ចំនួន​បាន​គប់​ដុំ​ឥដ្ឋ​ គ្រាប់​បែក​សាំងសំដៅ​ទៅ​កាន់​ទាហាន​ណាតូ​ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​ ក្រុម​បាតុករ​ក៏​ត្រូវ​បាន​រុញ​ច្រាន​ចេញ​ឆ្ងាយ​ពី​ខាង​មុខ​សាលា​ស្រុក​។ ការ​ប៉ះ​ទង្កិច​គ្នា​នេះ​បាន​បណ្ដាល​ឱ្យ​ទាហាន​ណាតូ​ជាង 30 នាក់ និង​បាតុករ​ជាង 50 នាក់​ ត្រូវ​រង​របួស​។

    ក្រោយ​ហេតុ​ការណ៍​កាល​ពី​​ថ្ងៃទី 29 ឧសភា​ក្នុង​តំបន់ Zvecan បាតុករ​​ដើម​កំណើត​ស៊ែប៊ី​រាប់​រយ​នាក់​ ក៏​បន្ត​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាងមុខ​សាលា​ក្រុង​ ជា​ទី​ដែល​មាន​ការ​រឹត​បន្តឹង​សន្តិសុខ​កម្រិត​ខ្ពស់​។

    ប្រជាជន​ដើម​កំណើត​ស៊ែប៊ី នៅ​កូសូវ៉ូ នាំ​គ្នា​តវ៉ា មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​ក្នុង​តំបន់​កាល​ពីខែ​មេសានៅ​ភាគ​ខាង​ជើង​នៃ​តំបន់​ផ្ដាច់​ខ្លួន​ ជា​ទី​ដែល​បាន​អនុញ្ញាត​ឱ្យ​ក្រុម​មន្ត្រី​ដើម​កំណើត​អាល់​បានី គ្រប់​គ្រង​​ក្រុម​ប្រឹក្សា​ក្នុង​តំបន់​ បើ​ទោះ​អត្រា​នៃ​អ្នក​ទៅ​បោះ​ឆ្នោត​មាន​មិន​ដល់​ 3.5%​។

    កូសូវ៉ូ​ដែល​មាន​ផ្ទៃ​ដី​ទំហំ​ប្រហែល 10,800 គីឡូម៉ែត្រ​ការ៉េ គឺជា​តំបន់​ផ្ដាច់​ខ្លួន​នៅ​ភាគ​និរតី​របស់​ប្រទេស​ស៊ែប៊ី​។ កូសូវ៉ូ​ប្រកាស​ឯក​រាជ្យ​កាល​ពី​ឆ្នាំ 2008​ ប៉ុន្តែ ស៊ែប៊ី​មិន​ទទួល​ស្គាល់​ និង​បាន​ប្រកាស​ថា កូសូវ៉ូ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​។ កូសូវ៉ូ​មាន​ប្រជាជន​ 1.8 លាន​នាក់ ក្នុង​នោះ​ភាគ​ច្រើន​គឺជា​ជនជាតិ​អាល់បានី​។

    ជនជាតិ​ស៊ែប៊ី​ប្រហែល 123,000 នាក់​ដែល​រស់​នៅ​ក្នុង​ភាគ​ខាង​ជើង​តំបន់​កូសូវ៉ូ មិន​ទទួល​ស្គាល់​អាជ្ញាធរ​នៅ Pristina​។ ពួក​គេ​ស្មោះ​ស្ម័គ្រ​ក្នុង​ផ្នែក​នយោបាយ​ជាមួយ​នឹង​ស៊ែប៊ី​ ដែល​ជា​អ្នក​ផ្គត់​ផ្គង់​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សហគមន៍​​នេះ​។ ចំណែក​ប្រទេស​លោក​ខាង​លិច​វិញ ភាគ​ច្រើន​ទទួល​ស្គាល់​ឯករាជ្យ​របស់​កូសូវ៉ូ​ ប៉ុន្តែ​តំបន់​ផ្ដាច់​ខ្លួន​នេះ​មិន​ទាន់​ទទួល​បាន​កៅអី​នៅ​អង្គការ​សហប្រជាជាតិ​ ដោយ​សារ​តែ​មាន​ការ​ជំទាស់ពី​រុស្ស៊ី និង​ចិន​៕

  • ជនសង្ស័យ​សម្លាប់​មនុស្ស​ជាង 2,000 នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយរត់​គេច​ច្រើន​ឆ្នាំ

    ជនសង្ស័យ​សម្លាប់​មនុស្ស​ជាង 2,000 នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយរត់​គេច​ច្រើន​ឆ្នាំ

    ជន​សង្ស័យ Fulgence Kayishema ​ដែល​ត្រូវ​ប៉ូលិសស្វែង​រក​​​​ព្រោះ​តែ​បាន​សម្លាប់​មនុស្ស​ជាង 2,000 នាក់​នៅ​ក្នុង​យុទ្ធនាការ​ប្រល័យ​ពូជ​សាសន៍​​នៅ រវ៉ាន់ដា ឆ្នាំ 1994 ត្រូវ​បាន​ចាប់​ខ្លួន​។

    Fulgence kayishema អតីត​មន្ត្រី​ប៉ូលិស​អាយុ​ជាង 60​ កាល​ពី​ថ្ងៃ​ទី 24 ឧសភា 2023 ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ចំការ​ទំពាំង​បាយ​ជូរ​​នៅទី​រួម​ស្រុក​មួយ​ក្នុង​តំបន់​ផលិត​ស្រា​ទំពាំង​បាយ​ជូ​រដែល​មាន​ចម្ងាយ​ពីរដ្ឋធានី​ Cape Town របស់​អាហ្វ្រិក​ខាង​ត្បូង​ ជិត 50 គីឡូម៉ែត្រទៅ​ទិស​ខាង​កើត​។

    ជន​សង្ស័យនេះ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​យុទ្ធនាការ​មួយ​ដែល​មាន​កិច្ច​សហការ​រវាង​អាជ្ញាធរ​អាហ្វ្រិក​ខាង​ត្បូង​ និង​អង្គការ​សហប្រជាជាតិ​។​ យោង​តាម​ប៉ូលិស​​អាហ្វ្រិក​ខាង​ត្បូង Kayishema បាន​សារភាព​ថាខ្លួន​ឈ្មោះ Donatien Nibashumba និងមិន​ព្រម​ទទួល​ស្គាល់​ឈ្មោះ​ពិត​។ ក៏ប៉ុន្តែ រហូត​ដល់​ព្រលប់​ថ្ងៃ​ដដែល ជន​នេះ​និយាយ​ថា​ «ខ្ញុំ​បាន​រង់ចាំ​ការ​ចាប់​ខ្លួន​នេះ​ជា​យូរ​មក​ហើយ»។

    Kayishema ត្រូវ​បាន​សមត្ថកិច្ច​ប្រកាស​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ 2001​។ សមត្ថកិច្ចបាន​ឱ្យ​ដឹង​ថា​ ជន​នេះ​បាន​ប្រើ​ប្រាស់​ឈ្មោះ​ និង​លិខិត​ស្នាមក្លែងក្លាយ​ជា​ច្រើន​ដើម្បី​ចៀស​វាង​ការ​ចាប់​ខ្លួន​ក្នុង​អំឡុង​ពេល​រត់​គេច និង​លាក់​ខ្លួន​។ សហរដ្ឋ​អាម៉េរិក​បាន​ប្រកាស​ផ្ដល់​រង្វាន់​ 5 លាន​ដុល្លារ​សម្រាប់​អ្នក​ទាំង​ឡាយ​ណា​ដែល​បាន​ផ្ដល់​ព័ត៌មាន​ឈាន​ទៅ​ដល់​ការ​ចាប់​បាន​ Kayishema​។

    កាលពី​ឆ្នាំ 1994 ជន​ជាតិ​ Tutsi និង Hutu ជាង 800,000 នាក់​បាន​ស្លាប់​នៅ​ក្នុង​អំពើ​​ប្រល័យ​ពូជ​សាស្ត្រ​​នៅ​ប្រទេស​រវ៉ាន់ដា ដែល​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​បី​ខែ​។ តុលាការ​បាន​ចោទ​ប្រកាន់​ Kayishema ថា បាន​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​ការ​រៀប​​ និង​អនុវត្ត​​គម្រោង​សម្លាប់​មនុស្ស​ជាង 2,000 ​នាក់​នៅ​វិហារ​កាតូលិក Nyange កាល​ពី​ថ្ងៃទី 15 មេសា 1994 នៅ​ពេល​អំពើ​សម្លាប់​រង្គាល​ទើប​តែ​ចាប់​ផ្ដើម​។

    ដីកា​តុលាការ​បាន​ឱ្យ​ដឹង​ថា Kayishema ដែល​ពេល​នោះ​គឺជា​មន្ត្រី​ស៊ើង​អង្កេត​ បាន​ទិញ​សាំង​ដើម្បី​ដុត​​វិហារ​ដែល​មាន​ជន​ភៀស​ខ្លួន​ជា​ច្រើន​នៅ​ខាង​ក្នុង​។ ជន​នេះ និង​បក្ខ​ពួក​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​​ បាន​ប្រើ​ប្រាស់​គ្រឿង​ចក្រ​ដើម្បី​កម្ទេច​វិហារ​​បន្ទាប់​ពី​មាន​ករណី​អគ្គិភ័យ​។

    នៅ​ពេល​យុទ្ធនាការ​ប្រល័យ​ពូជ​សាសន៍​​ដែល​បាន​បញ្ចប់​កាល​ពី​ខែ​កក្កដា ឆ្នាំ 1994 Kayishema ក៏​រត់​ចូល​សាធារណរដ្ឋ​កុងហ្កោ​ ជាមួយ​នឹង​ប្រពន្ធ​កូន និង​បង​ថ្លៃ​។ បន្ទាប់​ពី​បាន​រត់​ទៅ​កាន់​ប្រទេស​ជា​ច្រើន​នៅ​ទ្វីប​អាហ្វ្រិក​ ជន​នេះ​ក៏​បាន​ទៅ​កាន់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​នៅ​ឆ្នាំ 1999​ និង​ប្រើ​ប្រាស់​ឈ្មោះ​ក្លែង​ក្លាយ​ដើម្បី​សុំ​សិទ្ធិ​ជ្រក​កោន​នៅ Cape Town​។

    Fulgence kayishema ពេល​ត្រូវ​បាន​ចាប់​ខ្លួន ។ រូប​ភាព​ពី Gistmania

    ចាប់​តាំង​ពី​បាន​ទៅ​ដល់​អាហ្វ្រិក​ខាងត្បូង ជន​សង្ស័យ​បាន​ពឹង​អាស្រ័យ​លើ​បណ្ដាញ​ជំនួយ​មួយ​ដែល​រួម​មាន​ទាំង​ក្រុម​អតីត​សមាជិក​កងទ័ព​រវ៉ាន់ដា ​ជា​ក្រុម​មនុស្ស​ដែល​បាន​ស្វែង​រក​វិធី​លាក់​បាំង​សកម្មភាព​ និង​កន្លែង​ស្នាក់​នៅ​​របស់​ Kayishema​។

    Kayishema​ គ្រោង​នឹង​ត្រូ​វ​បាន​កាត់​ទោស​​នៅ​ក្នុង​តុលាការ​មួយ​នៅ​ Cape Town នៅ​ថ្ងៃទី 26 ឧសភា​នេះ​ មុន​ពេល​អាច​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​​ប្រទេស​រវ៉ាន់ដា។

    «Kayishema បាន​រត់​គេច​ខ្លួន​ជាង 20 ឆ្នាំ​។ ការ​ចាប់​ខ្លួន​នេះ​បាន​ធានា​ថា​ ចុង​ក្រោយ​ជន​នេះ​ក៏​ត្រូវ​ទទួល​ទោស​សម​ស្រប​សម្រាប់​អំពើ​ឧក្រិដ្ឋ​របស់​ខ្លួន​» Serge Brammertz ប្រធាន​រដ្ឋអាជ្ញា​នៃ​យន្តការ​ដោះ​ស្រាយ​រឿង​ក្ដី​នៅ​សេស​សល់​របស់​តុលាការ​អន្តរជាតិ​ (IRMCT) នៃ​​អង្គការ​សហប្រជាជាតិ​ ថ្លែង​ដូច្នេះ​ និង​បន្ថែម​ថា «អំពើ​ប្រល័យ​ពូជ​សាសន៍​​គឺជា​ទោស​ធ្ងន់​ធ្ងរ​បំផុត​ចំពោះ​មនុស្ស​ជាតិ​»៕

  • សីតុណ្ហភាព​ទូទាំង​សកលលោក​នឹង​រុញ​កម្ដៅ​ផែន​ដី​ឡើង​ខ្ពស់​ខ្លាំង​មិន​ធ្លាប់​មាន​

    សីតុណ្ហភាព​ទូទាំង​សកលលោក​នឹង​រុញ​កម្ដៅ​ផែន​ដី​ឡើង​ខ្ពស់​ខ្លាំង​មិន​ធ្លាប់​មាន​

    អង្គការ​ឧតុនិយម​ពិភពលោក​បាន​ព្រមាន​ថា El Nino ក្ដៅ ដែល​កើនឡើង​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ និង​ការប្រែប្រួល​អាកាសធាតុ​ដែល​កើតឡើង​ដោយសារ​មនុស្ស នឹង​ជំរុញ​សីតុណ្ហភាព​ឱ្យ​កើន​ឡើងដល់​កម្រិត​ខ្ពស់​មិន​ធ្លាប់បាន​ជួប​ពីមុនមក ហើយ​ឡើងដល់​កំណត់ត្រា​ថ្មី​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ទៀត។

    កំណើន​សីតុណ្ហភាព​ទូទាំង​ពិភពលោក​អាច​នឹងឡើង​​​ផុត​ពី​ 1.5 អង្សា​សេ ដែល​បាន​កំណត់​នៅក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​​ប៉ារីស ក្នុង​ប្រាំ​ឆ្នាំ​ខាងមុខ នេះ​បើ​តាម​​របាយការណ៍​របស់​អង្គការសហប្រជាជាតិ (UN)។ អង្គការ​ឧតុនិយម​ពិភពលោក (WMO) របស់ UN បាន​ព្រមាន​ដូច្នេះ​នៅក្នុង​ការវាយតម្លៃ​ប្រចាំឆ្នាំ​លើកចុងក្រោយ​បង្អស់​។ WMO បានឱ្យដឹងថា លទ្ធភាព​​ដែល​សីតុណ្ហភាព​លើ​ផ្ទៃផែនដី​នឹង​កើនឡើង​ប្រចាំឆ្នាំ​ខ្ពស់ជាង 1.5 អង្សា​សេ ធៀប​នឹង​សម័យមុន​ឧស្សាហកម្ម ​គឺមាន​រហូតដល់ 66%។ ការកើនឡើង​កម្ដៅ​នេះ​នឹង​ក្លាយជា​កំណត់​ត្រា​មិន​ធ្លាប់មាន​ពីមុន​នៅក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ។

    អ្នកវិទ្យាសាស្ត្រ​ព្រមាន​ថា កម្ដៅ​ប្រចាំឆ្នាំ​ដែល​កើន​ជាង 1.5 អង្សា​សេ នឹង​ធ្វើឱ្យ​ពិភពលោក​ប្រឈម​នឹង​ហានិភ័យធំៗ អាច​បង្កឱ្យមាន​បម្រែបម្រួល​អាកាសធាតុ​ដែល​មិនអាច​ប្រសើរ​ឡើងវិញ​បាន មានដូចជា ហេតុការណ៍​បាក់​ផ្ទាំង​ទឹកកក​នៅ​ Greenland និង​នៅ​អង់​តា​ទិ​ក​ខាងលិច, កម្ដៅ​ព្រះអាទិត្យ​មាន​កម្រិត​ខ្ពស់​ខ្លាំង គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ បញ្ហា​ខ្វះ​ទឹក និង​អាកាសធាតុ​អាក្រក់​ខ្លាំង​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅលើ​ពិភពលោក។

    ប្រទេស និង​ដែនដី​ប្រហែល 200 បាន​សន្យា​កាត់បន្ថយ​កំណើន​នៃ​សីតុណ្ហភាព​សកល 1.5 អង្សា​សេ ឬ​ទាប​ជាង​នេះ ទៅតាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ​កាលពី​ឆ្នាំ 2015។ ប​ច្ច​ប្បន្ន ដែន​កំណត់​នោះ​អាច​នឹងត្រូវ​ឆ្លង​ផុត​ជា​លើកដំបូង បើទោះជា​បណ្ដោះអាសន្ន​ក៏​ដោយ​។

    តាម​ការ​ព្យាករ រដូវ​កាល El Nino ក្ដៅ​ដែល​នឹង​រីកធំឡើង​ក្នុង​រង្វង់​ច្រើន​ខែ​ខាងមុខ នឹង​រួមផ្សំ​ជាមួយ​បម្រែបម្រួល​អាកាសធាតុ​ដែល​បង្កឡើង​ដោយ​មនុស្ស រុញច្រាន​កម្ដៅ​ផែនដី​ឡើងដល់​ចំណុច​ខ្ពស់​មិន​ធ្លាប់មាន​ពីមុនមក នេះ​បើតាម Petteri Taalas អគ្គលេខាធិការ​នៃ​អង្គការ WMO។ ប្រការ​នោះ​នឹង​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​សុខភាព សន្តិសុខ​ស្បៀង ការគ្រប់គ្រង​ទឹក និង​បរិស្ថាន។

    បាតុភូត El Nino កើតឡើង​នៅពេល​របប​ខ្យល់​អា​លី​សេ (trade winds) ចុះខ្សោយ នាំឱ្យ​ទឹក​ក្ដៅ​កាន់តែច្រើន​ស្ថិត​​នៅ​មួយ​កន្លែង។ បាតុភូត​នេះ​ប៉ះពាល់​ខ្លាំង​ដល់​រូបមន្ត​អាកាសធាតុ​ពិភពលោក បណ្ដាលឱ្យ​តំបន់​អាម៉េរិក​ខាងត្បូង​មាន​សំណើម​ជាង​ធម្មតា និង​បង្ក​គ្រោះរាំងស្ងួត​នៅតាម​តំបន់​នានា មានដូចជា អូស្ត្រាលី ឥណ្ឌូណេស៊ី ភាគ​ខាងជើង​ប្រទេស​ចិន និង​ភាគ​ឦសាន​ប្រទេស​ប្រេ​ស៊ី​ល​ជាដើម៕

  • អ្វីខ្លះជាគោលដៅអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិនៅឆ្នាំ 2030 សម្រាប់ការអប់រំ?

    អ្វីខ្លះជាគោលដៅអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិនៅឆ្នាំ 2030 សម្រាប់ការអប់រំ?

    ការអប់រំ ជាផ្នែកសំខាន់មួយដែលពិភពលោកកំពុងយកចិត្តទុកដាក់ ក្នុងនោះអង្គការសហប្រជាជាតិ ក៏បានដាក់ចេញនូវកម្មវិធីរបស់ខ្លួនដើម្បីជាគោលដៅអភិវឌ្ឍន៍របស់ខ្លួនឆ្ពោះទៅរកភាពល្អប្រសើរនៅឆ្នាំ 2030។ នៅក្នុងសៀវភៅ «2030 មិនមែនជារឿងនិទាន» ដែលនិពន្ធដោយលោក អាលីន ហ្គមលី បានបង្ហាញពីចំណុចលម្អិតពាក់ព័ន្ធ និងចំណុចសំខាន់ៗដែលជាគោលដៅរបស់អង្គការសហប្រជាជាតិចំពោះកុមារ និងការអប់រំ ដូចខាងក្រោម៖

    1. ការរៀនសូត្រ
    ការរៀនសូត្រ គឺត្រូវធានាថាកុមារគ្រប់រូបនៅទូទាំងពិភពលោក អាចទៅសាលារៀន និងរៀនបានច្រើន ដូចជារៀនអាន សរសេរ រាប់លេខ និងផាត់ពណ៌ ជាដើម។

    2. កុមារ និងកុមារី មានសិទ្ធិស្មើគ្
    នា
    ត្រូវធានាការគោរពសិទ្ធិ និងការលើកទឹកចិត្តស្មើៗគ្នារវាងក្មេងប្រុស និងក្មេងស្រី តាមរយៈការទទួលបានការកម្សាន្តដូចគ្នា ដូចជាលេងបាល់បោះ ហោះហើរទៅកាន់ឋានព្រះចន្ទ ឡើងដើមឈើ និងចម្អិនអាហារជាដើម ធ្វើយ៉ាងម៉េចឱ្យពួកគេធ្វើអ្វីគ្រប់យ៉ាងបានដូចៗគ្នា។

    3. ការងារល្
    មនុស្សគ្រប់រូបចាំបាច់ត្រូវមានការងារល្អ ទទួលបានប្រាក់កម្រៃសមរម្យ និងមានការគាំពារ។ ចំពោះកុមារគឺមិនត្រូវធ្វើការងារធ្ងន់ដូចមនុស្សពេញវ័យឡើយ។

    4. នាំគ្នាកសាង
    ការសាងសង់អគារថ្មីៗឱ្យមានភាពរឹងមាំ មានសុវត្ថិភាព និងមិនប៉ះពាល់ដល់ផែនដីជារឿងសំខាន់សម្រាប់មនុស្ស។ ក្រៅពីនេះ ប្រព័ន្ធអ៊ីនធើណិត នឹងថាមពលអគ្គិសនី ត្រូវពង្រឹងឱ្យមានគុណភាពដើម្បីបម្រើការនៅតាមទីសាធារណៈ មន្ទីរពេទ្យ និងសាលារៀន។

    ទាំងអស់នេះជាចំណុចសំខាន់ៗដែលផ្តោតជាពិសេសលើកុមារ និងការអប់រំ ក្នុង 17 ចំណុចដែលបានដាក់ចេញសម្រាប់គោលដៅសកល ដែលថ្នាក់ដឹកនាំពិភពលោកត្រូវចាប់ដៃគ្នាសម្រេចឱ្យបាន ហើយត្រូវសន្យាថានឹងធ្វើឱ្យផែនដីក្លាយជាកន្លែងរស់នៅកាន់តែប្រសើរឡើងសម្រាប់គ្រប់គ្នា៕

  • ក្រសួងអប់រំ ប្រកាសជ្រើសរើសអ្នកជំនាញវ័យក្មេងទៅបម្រើការនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ

    ក្រសួងអប់រំ ប្រកាសជ្រើសរើសអ្នកជំនាញវ័យក្មេងទៅបម្រើការនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ

    នាពេលថ្មីៗនេះក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសជ្រើសរើសមន្ត្រីវ័យក្មេង (Young Professionals) ដើម្បីទៅបម្រើការងារនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ដោយក្នុងសេចក្តីប្រកាសនេះបានបញ្ជាក់ថា យុវជនកម្ពុជាដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬមានសញ្ញាបត្រស្មើអាចដាក់ពាក្យដើម្បីស្នើសុំបម្រើការងារនេះបាន។

     

    លក្ខខណ្ឌនៃការទទួលយកសម្រាប់បំពេញភារកិច្ចនេះ គឺចាំបាច់ត្រូវតែជាយុវជនដែលមានអាយុក្រោម ៣២ឆ្នាំ ចេះភាសាបារាំង និងអង់គ្លេសច្បាស់លាស់។ អ្នកដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យក្នុងកម្មវិធីនេះត្រូវចុះឈ្មោះ និងបំពេញពាក្យសុំតាមបណ្តាញ Online ដែលប្រកាសដោយក្រសួង និងផុតកំណត់នៅខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីចូលរួមប្រឡងនៅខែធ្នូ ឆ្នាំ២០១៧។

    ចំពោះកាលបរិច្ឆេទនៃការប្រឡងជាក់លាក់ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការជម្រាបជូនសាធារណជនតាមគេហទំព័រផ្លូវការរបស់ក្រសួងនៅពេលក្រោយ៕