Tag: សំណាក

  • ដែកវិស​ក្នុង​នាវា​មុជ​ទឹក​ Titan អាច​ជា​ដើម​ហេតុ​នៃ​គ្រោះ​ថ្នាក់​នៅ​បាត​សមុទ្រ

    ដែកវិស​ក្នុង​នាវា​មុជ​ទឹក​ Titan អាច​ជា​ដើម​ហេតុ​នៃ​គ្រោះ​ថ្នាក់​នៅ​បាត​សមុទ្រ

    បណ្ដា​វិស​ដែល​ភ្ជាប់​អេក្រង់​ទូរទស្សន៍​​ទៅ​នឹង​តួ​នាវា​ Titan អាច​ជា​មូលហេតុដែល​នាំ​ឱ្យ​សម្បក​ធ្វើ​អំពី​សរសៃ​កាបូន​ថម​ថយ​កម្លាំង​​ជា​បន្ត​បន្ទាប់​ រហូត​ដល់​ត្រូវ​សម្ពាធ​ទឹក​គាប​បែក​បាក់​ខ្ទេច​ខ្ទី​នៅពេល​ចុះ​ទៅ​មើល​សាក​សព​កប៉ាល់​ Titanic។

    សោកនាដកម្ម​នាវា​មុជ​ទឹក​ Titan ដែល​ត្រូវ​គាប​ផ្ទុះ​បែក​ក្រោម​បាត​មហា​សមុទ្រ​អាត្លង់ទិក​កាល​ពី​ថ្ងៃ​ 23 មិថុនា​ 2023 នាំ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​ក្រុម​អ្នក​សារព័ត៌មាន​ និង​អ្នក​ជំនាញ​។ ក្រៅ​ពី​ការ​អះអាង​អំពី​កំហុស​ឆ្គង​ក្នុង​ការ​រចនា​ ការ​ផលិត ឬ​មុជ​ជ្រៅ​ជាង​សមត្ថភាព គ្រោះ​ថ្នាក់​​របស់នាវា​ Titan ក៏​នៅ​មាន​ការ​អះអាង​មួយ​ផ្សេង​ទៀត នោះ​គឺ​ ទ្រឹស្តី​បរាជ័យ​ដោយ​សារ​វត្ថុ​ធាតុ (Materials Failure)។

    ព័ត៌មាន​ជា​ច្រើន​បង្ហាញ​ថា ក្រុម​ហ៊ុន​​ OceanGate បាន​កែ​ប្រែ​នាវា Titan ពី​គោល​ដៅ​សម្រាប់​វិទ្យា​សាស្ត្រ​ ទៅ​ជា​ទេសចរណ៍​ដឹក​មនុស្ស​។ រូប​ភាព​ស្ដី​ពី​ដំណើរ​ការ​ផលិត​ដែល​​ក្រុម​ហ៊ុន OceanGate ប្រកាស ​បង្ហាញថា អេក្រង់​ទូរទស្សន៍​ចំនួន​ពីរ​ត្រូវ​បាន​​​ភ្ជាប់​​ដោយ​វិស​ទៅ​នឹង​ជញ្ជាំង​នាវា​ដែល​គ្រប​ដណ្ដប់​ដោយ​សរសៃ​កាបូន​។​

    ខាង​ក្នុង​នាវា​មុជ​ទឹក​ Titan

    នេះ​គឺជា​ប្រការ​ដែល​ត្រូវ​ចៀស​វាង​បំផុត ព្រោះ​ថ្វី​បើ​សរសៃ​កាបូនធុន​ជាង​ដែក​ប្រាំ​ដង ប៉ុន្តែ​ស្រួយ​ជាង​ដែក ហើយ​តែង​ត្រូវ​បាន​លាយ​ជាមួយ​នឹង​កាវ​ resin ដើម្បី​ភ្ជាប់​ទៅ​នឹង​វត្ថុ​ដែល​ត្រូវ​ការ​គ្រប​ដណ្ដប់​។ ដំណើរ​ការ​បិទ​ភ្ជាប់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​ជា​ស្រទាប់​​​តម្រួត​លើ​គ្នា​។

    ដូច្នេះ រចនា​សម្ព័ន្ធ​សរសៃ​កាបូននៅ​លើ​នាវា Titan ​មិន​មែន​ជា​ទម្រង់​បន្ទះកាបូន​សុទ្ធ​ និង​​តែ​មួយ​ ប៉ុន្តែ​វា​គឺជា​ទម្រង់​ផ្សំ​រវាង​សរសៃ​កាបូន និង​កាវ resin ដែល​ក្រុម​ហ៊ុន OceanGate ហៅ​ថា «carbon fiber  composite»​។

    វត្ថុធាតុ និង​ទ្រង់​ទ្រាយ​របស់​នាវា Titan

    ដោយ​សារ​តែ​ជា​ទម្រង់​ composite ដូច្នេះ​ ក្នុង​រចនា​សម្ព័ន្ធ​សរសៃ​កាបូន​នេះក៏​​មាន​ចន្លោះ​​ប្រហោង​​ល្អិត​ៗ​ដែល​កាវ resin មិន​អាច​លុបបំ​ពេញ​។ OceanGate ថា អត្រា​នៃ​ចន្លោះ​ប្រហោង​នេះ​គឺ​ក្រោម​ 1% ប៉ុន្តែ​តួលេខ​នេះ​មិន​ត្រូវ​បាន​បញ្ជាក់​ច្បាស់​លាស់​។ ភាព​ខុស​គ្នា​រវាង​អត្រា​ចន្លោះ​ប្រហោង​ 0.99% និង 0.0000000000001% អាច​មាន​ឥទ្ធិពល​ធំ​ទៅ​លើ​តួ​ទាំង​មូល​​​ ក៏​ដូច​ជា​ល្បឿន​នៃ​ការ​បែក​បាក់​របស់​វត្ថុ​ធាតុ​។

    បំណែក​របស់​នាវា​ Titan

    ការ​ខួង​ និង​ចាប់​វិស​ភ្ជាប់​អេក្រង់​ទូរទស្សន៍​ទៅ​នឹង​ជញ្ជាំង​នាវា​ នឹង​បង្កើត​ឱ្យ​មាន​ស្នាម​ប្រេះ​តូច​លើ​ផ្ទៃ​ composite ខាង​ក្នុង​នាវា​។ ស្នាម​ប្រេះ​នេះ​ក៏​កាន់​តែ​រីក​ធំ​ទៅ​តាម​ពេល​វេលា និង​ចំនួន​លើក​ដែល​នាវា Titan បាន​ចុះ​ទៅ​បាត​សមុទ្រ​ ដូច​ទៅ​នឹង​ស្នាម​ប្រេះ​លើ​កញ្ចក់​ ហើយ​ក៏​បែក​ខ្ទេច​ភ្លាម​ៗ​​នៅ​ពេល​វា​ទ្រាំ​ទ្រ​នឹង​សម្ពាធ​ទឹក​​លែង​បាន​៕

  • ថៃ​​ធ្វើ​ការ​សូមទោស តែ​ថា​នឹង​វែករកមុខ​​​អ្នកបង្ក​ហេតុ មុននឹង​ពិន័យ​ក្រុមបាល់ទាត់​ជម្រើសជាតិ

    ថៃ​​ធ្វើ​ការ​សូមទោស តែ​ថា​នឹង​វែករកមុខ​​​អ្នកបង្ក​ហេតុ មុននឹង​ពិន័យ​ក្រុមបាល់ទាត់​ជម្រើសជាតិ

    សហព័ន្ធ​កីឡាបាល់ទាត់​ថៃ (FAT) បានធ្វើការ​សូម​អភ័យទោស​ពី​សំណាក់​អ្នកគាំទ្រ បន្ទាប់ពី​មាន​អំពើហិង្សា​រវាង U22 ថៃ និង U22 ឥណ្ឌូណេស៊ី ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    «យើងខ្ញុំ​សូម​អភ័យទោស​ចំពោះ​ទស្សនិកជន​នៅ​ទីលាន​ប្រកួត និង​អ្នកគាំទ្រ​នៅ​ទូទាំង​ពិភពលោក។ ហេតុ​ការណ៍​នេះ​បាន​បង្ក​ការខូចខាត​ធ្ងន់ធ្ងរ​សម្រាប់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ» FAT សរសេរ​ក្នុង​សេចក្ដី​ប្រកាស​​មួយ​ដែល​ចុះផ្សាយ​នៅ​រសៀល​ថ្ងៃទី 17 ឧសភា​នេះ។

    FAT ខកចិត្ត​នៅពេល​សមាជិក​ក្រុម​គ្រូបង្វឹក​ដែល​ត្រូវបាន​ចាត់ទុកថា​ជា​តំណាង​របស់​សហព័ន្ធ បែរជា​ចូលរួម​ក្នុង​ហេតុការណ៍​ប្រវាយប្រតប់​ជាមួយ​ឥណ្ឌូណេស៊ី។ FAT នឹង​បង្កើត​គណៈកម្មការ​វិន័យ​ដើម្បី​ស៊ើបអង្កេត​ឱ្យបាន​ហ្មត់ចត់ វែក​​រក​មុខ​អ្នក​បង្ក​ហេតុ​ដំបូង ក៏ដូចជា​អ្នក​ដែល​បាន​ចូលរួម​ក្នុង​ហេតុការណ៍​នេះ មុនពេល​លើកឡើង​នូវ​ទណ្ឌកម្ម​ធ្ងន់ធ្ងរ។

    «នឹងមិន​មានការ​លើក​លែង​ចំពោះ​អ្នកបង្ក​កំហុស។ គណៈកម្មការ​ស៊ើបអង្កេត​នឹងធ្វើ​ការ​ភ្លាម បន្ទាប់ពី U22 ត្រលប់មក​ប្រទេស» FAT សង្កត់ធ្ងន់​ដូច្នេះ និង​បន្ថែមថា បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ទទួលយក​យោបល់​ដើម្បី​ទប់ស្កាត់​ហេតុការណ៍​អាក្រក់​នេះ​កើតឡើង​ជាថ្មី។ (ព័ត៌មាន​ស្ដីពី​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ប្រកបដោយ​អំពើហិង្សា​នេះ សូម​ចូល​អាន​ទីនេះ)៕

  • អាចម៍ផ្កាយប្រវែង​​ 200 ម៉ែត្រ កំពុង​ហោះ​សំដៅ​មកកាន់​ផែនដី

    អាចម៍ផ្កាយប្រវែង​​ 200 ម៉ែត្រ កំពុង​ហោះ​សំដៅ​មកកាន់​ផែនដី

    ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា) កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​អាចម៍ផ្កាយ​ខ្នាត​ធំ​មួយ​ដែល​នឹង​ហោះ​មក​ជិត​ផែនដី​នៅ​ចុងខែ​ឧសភា​នេះ ក្នុង​ល្បឿន 25,750 គីឡូម៉ែត្រ/ម៉ោង។

    អាចម៍ផ្កាយ​ដែល​កំពុង​ហោះ​មកកាន់​ផែនដី​ និង​មាន​ឈ្មោះថា 2023 CL3 នេះ មាន​ទទឹង​ប្រហែល 200 ម៉ែត្រ។ ណា​សា​បាន​​ដាក់​អាចម៍ផ្កាយ​នេះ​ទៅក្នុង​ក្រុម «ក្បែរ​ផែនដី» ដែល​ត្រូវ​ការតាមដាន​ស្រាវជ្រាវ​បន្ត។

    2023 CL3 មាន​ទំហំ​ធំ​ជាង​ពីរដង​ធៀប​នឹង​រូបសំណាក​សេរីភាព Statue of Liberty (កម្ពស់​សរុប​ប្រហែល 93 ម៉ែត្រ)។ អាចម៍ផ្កាយ​នេះ​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ បើសិន​ធ្លាក់​មកលើ​ផែនដី។

    តាម​ការ​ព្យាករ អាចម៍ផ្កាយ​នេះ​នឹង​ហោះ​កាត់មុខ​ផែនដី​នៅ​ថ្ងៃទី 24 ឧសភា ក្នុង​គម្លាត 7.2 លាន​គីឡូម៉ែត្រ។ គម្លាត​ពី​ផែនដី​ទៅ​ឋានព្រះចន្ទ​គឺ 384,400 គីឡូម៉ែត្រ​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​គណនា​ឃើញថា អាចម៍ផ្កាយ​នេះ​នឹង​ហោះ​កាត់មុខ​ផែនដី​ដោយ​សុវត្ថិភាព​ក្នុង​ល្បឿន​ជាង 25,750 គីឡូម៉ែត្រ/ម៉ោង។

    ណា​សាបាន​រកឃើញថា បច្ចុប្បន្ន​មាន​អាចម៍ផ្កាយ​ប្រហែល 1,113,527 ដុំ នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។ ពួកវា​គោចរ​ជុំវិញ​ព្រះអាទិត្យ និង​ប្រមូលផ្ដុំ​ត្រង់​តំបន់​ខ្សែក្រវាត់​អាចម៍ផ្កាយ​ដែល​នៅ​ចន្លោះ​ភព​អង្គារ និង​ភព​ព្រហស្បតិ៍៕

  • រកឃើញ​រូបចម្លាក់​ព្រះពុទ្ធ​អាយុកាល 1,900 ឆ្នាំ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​បុរាណ

    រកឃើញ​រូបចម្លាក់​ព្រះពុទ្ធ​អាយុកាល 1,900 ឆ្នាំ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​បុរាណ

    រូបចម្លាក់​ព្រះពុទ្ធ​សក្យមុនី​ដែលមាន​សំណាក​ឆព្វណ្ណរង្សី​​នៅ​ពីក្រោយ ​អាច​ត្រូវបាន​ជនជាតិ​ឥណ្ឌា​ដែល​រស់នៅក្នុង​ទីក្រុង Berenike ឆ្លាក់​ឡើង​កាលពី​សតវត្សរ៍​ទីមួយ។

    រូបចម្លាក់​ដែលមាន​អាយុកាល 1,900 ឆ្នាំ និង​ត្រូវបាន​រកឃើញ​នៅក្នុង​ទីក្រុង​ផែ​របស់​អេ​ហ្ស៊ី​ប​បុរាណ Berenike ក្បែរ​សមុទ្រ​ក្រហម​នេះ អាច​​ជា​កម្មសិទ្ធិ​របស់​ជ​ន​ចំណាកស្រុក​ម្នាក់​មកពី​អាស៊ី​ខាងត្បូង។ នេះ​បើតាម Live Science ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី 02 ឧសភា។ រូបចម្លាក់​ព្រះពុទ្ធ​នេះ​បរិយាយ​អំពី​ព្រះពុទ្ធ​សក្យមុនី​ដែល​គង់​នៅ​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​កាលពី 2,550 ឆ្នាំមុន។ ព្រះពុទ្ធ​ដើមឡើយ​គឺជា​រាជបុត្រា​មួយអង្គ ប៉ុន្តែ​ក្រោយមក​បាន​បោះបង់​គ្រប់យ៉ាង​ដើម្បី​សាង​ព្រះ​ផ្នួស។

    យោងតាម Steven Sidebotham សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​នៅ​សាកលវិទ្យាល័យ Delaware និង​ជា​សហប្រធាន​របស់​គម្រោង Berenike រូបចម្លាក់​ខាងលើ​ត្រូវបាន​បង្កើតឡើង​ចន្លោះ​ពី​ឆ្នាំ 90 ដល់​ឆ្នាំ 140 ក្នុងសម័យ​ចក្រភព​រ៉ូម​ដែល​គ្រប់គ្រង​ប្រទេស​អេ​ហ្ស៊ី​ប។ អេ​ហ្ស៊ី​ប និង​ឥណ្ឌា​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាច្រើន​ក្នុងសម័យ​នោះ។

    ក្រៅពី​រូបចម្លាក់​នេះ ក្រុម​បុរាណ​វិទូ​ក៏បាន​រកឃើញ​ចម្លាក់​ជា​អក្សរ​សំស្ក្រឹត​នៅ Berenike ផងដែរ។ បើ​ទោះ​អក្សរ​ចម្លាក់​នេះ​ត្រូវបាន​បំផ្លាញ ប៉ុន្តែ​អ្នកស្រាវជ្រាវ​ដឹងថា វា​ត្រូវបាន​បង្កើតឡើង​ក្នុងសម័យ​កាលដែល​ត្រួតត្រា​ដោយ​ព្រះ​ចៅ​អធិរាជ​រ៉ូ​ម៉ាំង Marcus Julius Philippus ដែល​គ្រង​រាជ​ពី​ឆ្នាំ 244 ដល់​ឆ្នាំ 249។ សាស្ត្រាចារ្យ Sidebotham និង​សហការី​កំពុង​រៀប​ចំ​ ត្រៀម​សម្រាប់​ការប្រកាស​អំពី​​របកគំហើញ​នេះ​នៅលើ​ទស្សនាវដ្ដី។

    យោងតាម​អ្នកស្រាវជ្រាវ អក្សរ​ចម្លាក់​ជា​ភាសាសំស្ក្រឹត​បង្ហាញថា មាន​សហគមន៍​អ្នកជំនួញ​អេ​ហ្ស៊ី​ប​មួយ​រស់នៅក្នុង​ដែនដី​អេ​ហ្ស៊ី​ប​បុរាណ ពោលគឺ​ពួកគេ​មិនមែន​គ្រាន់​តែ​​ឆ្លងកាត់​ទីនោះ​ដើម្បី​ធ្វើ​ជំនួញ​ឡើយ។ ការកត់ត្រា​​ក្នុង​ប្រវត្តិសាស្ត្រ​ក៏បាន​បង្ហាញថា មាន​ជនជាតិ​ឥណ្ឌា​រស់នៅក្នុង​តំបន់ Alexandria ផងដែរ៕

  • Ford Ranger Raptor ម៉ាស៊ីន​ម៉ាស៊ូត 2.0L Bi-Turbo ត្រូវ​បាន​ដាក់​សម្ពោធ​ជា​ផ្លូវ​ការ​

    Ford Ranger Raptor ម៉ាស៊ីន​ម៉ាស៊ូត 2.0L Bi-Turbo ត្រូវ​បាន​ដាក់​សម្ពោធ​ជា​ផ្លូវ​ការ​

    (ភ្នំពេញ-ថ្ងៃទី 28 ខែមេសា ឆ្នាំ 2023) – ជួបគ្នា​ម្ដងទៀត​ហើយ​ជាមួយ​នឹង​ព្រឹត្តិការណ៍​ដ៏អស្ចារ្យ​ដែល​ត្រូវ​​បាន​រៀប​ចំ​ឡើយ​ដោយ​ក្រុម​ហ៊ុន​ អ អិម អេ (ខេមបូឌា) ម.ក ផ្នែក​រថយន្ត​ Ford នោះ​គឺ​ពិធីសម្ពោធ​ជា​ផ្លូវ​ការ​រថយន្ត​ Ford Ranger Raptor ម៉ាស៊ីន​ម៉ាស៊ូត​ 2.0L Bi-Turbo (Diesel) ស៊េរី​ឆ្នាំ 2023 ដែល​កម្មវិធី​នេះ​បាន​ប្រារព្ធ​ឡើង​​នៅ​ ដឹ ព្រេមៀ សេនធ័រ សែន​សុខ​ ដែល​មាន​ភ្ញៀវ​កិត្តិយស​អញ្ជើញ​ចូល​រួម​ប្រមាណ​ជាង 3,000 នាក់​។

    កម្មវិធី​នេះ​ប្រារព្ធ​ឡើង​ដើម្បី​ណែនាំ​នូវ​ជម្រើស​ម៉ាស៊ីន​ថ្មី​មួយ​ទៀត​ដល់​អតិថិជន នោះ​គឺ​ម៉ាស៊ីន​ម៉ាស៊ូត​ 2.0L Bi-Turbo (Diesel) ស៊េរី​ឆ្នាំ​ 2023​ ដែល​ជា​ប្រភេទ​ម៉ាស៊ីន​មាន​កម្លាំង​ខ្លាំង​ សន្សំ​សំចៃ​ខ្ពស់​ និង​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​អតិថិជន​។ ចំណុច​ដែល​កាន់​តែ​ពិសេស​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​ តម្លៃ​បង់​ពន្ធ​ផ្លូវ​សម្រាប់​រថយន្ត​ទំនើប​ Ford Ranger Raptor ស៊េរី​ឆ្នាំ​ 2023 ម៉ាស៊ីន​ម៉ាស៊ូត​មួយ​នេះ​គឺ​ត្រឹម​តែ​ 20 ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ​។

    អតិថិជន​ដែល​ទទួល​បាន​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការ​បើកបរ​សាក​ល្បង​រថយន្ត​ Ford Ranger Raptor ម៉ាស៊ីន​ម៉ាស៊ូត​ 2.0L Bi-Turbo (Diesel) ស៊េរី​ឆ្នាំ 2023 នេះ​ដោយ​ផ្ទាល់​ជាមួយ​នឹង​អ្នក​ជំនាញ​បច្ចេកទេស​របស់ Ford ដើម្បី​សាកល្បង​នូវ​មុខ​ងារ​នៃ​ប្រព័ន្ធ​សុវត្ថិភាព​​ និង​បច្ចេក​វិទ្យា​ទំនើប​​ចុង​ក្រោយ​ដែល​បាន​បំពាក់​នៅ​លើ​រថយន្ត​នេះ​។

    ជាពិសេស​ជាង​នេះ​ទៀតគឺ​អតិថិជន​ពេញ​ចិត្ត​ជាមួយ​នឹង​កម្លាំង​ម៉ាស៊ីន​នៃ​រថយន្ត​ Ford Ranger Raptor ស៊េរី​ឆ្នាំ​ 2023 ដែល​ម៉ាស៊ីន​ជំនាន់​ថ្មី​នេះ​ជា​ប្រភេទ​ម៉ាស៊ីន​ម៉ាស៊ូត​ 2.0L Bi-Turbo (Diesel0 Inline4 ដែល​អាច​ផលិត​កម្លាំងសេះ​​បាន​រហូត​ដល់​ 210 PS និង​កម្លាំង​រមួល​កង់​រហូត​ដល់​ 500 Nm ដែល​ផ្ដល់​នូវ​សន្ទុះ​ដ៏​ខ្លាំង​ក្នុង​ការ​បើកបរ​។

    មិន​តែ​ប៉ុណ្ណោះ​ នៅ​មាន​មុខ​ងារ​ច្រើន​ទៀត​ដែល​បាន​ទាក់​ចិត្ត​អតិថិជន​បន្ទាប់​ពី​បាន​ធ្វើ​តេស្ត​សាកល្បង​រួច​មក​ដូច​ជា​៖

    • ប្រព័ន្ធ​គ្រប់​គ្រង​ការ​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​រហូត​ដល់ 7 ជម្រើស​រួម​មាន​៖ ផ្លូវ​ធម្មតា ស្ព័រ រអិល ភក់ ខ្សាច់ BAJA (ផ្លូវ​ឧបសគ្គ) និង​ផ្លូវ​មាន​ថ្ម
    • បំពាក់​នូវ​បូម Fox Racing Shocks ទំហំ 2.5 អ៊ីញ ដែល​ផ្ដល់​នូវ​ផាសុកភាព​ក្នុង​ពេល​បើកបរ​ ជា​ពិសេស​សម្រាប់​ការ​បើកបរ​លើ​ផ្លូវ​ដែល​មាន​ឧបសគ្គ​ និង​ផ្លូវ​ Off-Road Performance
    • អ្វីដែល​អតិថិជន​មាន​ការ​ភ្ញាក់​ផ្អើល​ និង​ពេញ​ចិត្ត​ខ្លាំង​មួយ​ទៀត​នោះ​គឺ ប្រអប់​លេខ​អេឡិច​ត្រូនិច​ជំនាន់​ថ្មី 10​ វគ្គ​អូតូ (E-Shifter) បូក​រួម​ជាមួយ​នឹង​ Paddle Shift ដែល​អាច​ថែម​ថយ​លេខ​នៅ​នឹង​ចង្កូត​ពិជា​ធ្វើ​ឱ្យ​ការ​ចុល​រលូន​ខ្លាំង​
    • បំពាក់​ជូន​នូវ​ប្រព័ន្ធ​គ្រប់​គ្រង​ប៉ុង​អេឡិច​ត្រូនិច​ជំនាន់​ថ្មី (2H, 4H, 4L, 4A)
    • អ្វីដែល​កាន់​តែ​អស្ចារ្យ​នោះ​គឺ​រថយន្ត​​ Ford Ranger Raptor ស៊េរី​ឆ្នាំ​ 2023 ម៉ាស៊ីន​ម៉ាស៊ូត​នេះ​ បាន​បំពាក់​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យ​ប្រវត្ត​បែប​អក្សរ​ (P), (T) និង​ប្រព័ន្ធ​ជំនួយ​ចាក​ចេញ​ពិ​ចំណត​ដោយ​ស្វ័យ​ប្រវត្ត​ ដែល​វា​នឹង​ដំណើរ​ការ​ហ្វ្រាំង​ ហ្គ៊ែរ ចង្កូត និង​ការ​ចូល​លេខ​ពី​ប្រអប់​លេខ​អេឡិច​ត្រូនិច​ដោយ​ខ្លួន​ឯង​ និង​អ្នក​បើក​បរ​អាច​ទស្សនា​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​ 360 ដឺក្រេ​កម្រិត​ខ្ពស់​ជុំវិញ​រថយន្ត​ នៅ​លើ​អេក្រង់​ Tochscreen 12 អ៊ីញ​បាន​យ៉ាង​ងាយ​ស្រួល​
    • ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះ​ថ្នាក់​ពេល​មាន​ឧបសគ្គ​ និង​ប្រព័ន្ធ​ជំនួយ​លើ​ចង្កូត​បញ្ចៀស​ចេញ​ពី​គ្រោះ​ថ្នាក់​
    • ប្រព័ន្ធ​ចង្កៀង​ឆ្លាត​ដែល​អាច​រេ​តាម​ចង្កូត​ដោយ​ស្វ័យ​ប្រវត្ត​ និង​អាច​បែង​ចែក​ពន្លឺ​ដោយ​ស្វ័យ​ប្រវត្ត​
    • ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ពេល​ថយ​ក្រោយ​ដោយ​ស្វ័យ​ប្រវត្ត
    • ក្រៅ​ពី​នេះ​គឺ​នៅ​មាន​ប្រព័ន្ធ​សុវត្ថិភាព​ និង​បច្ចេកវិទ្យា​ជំនាន់​ចុង​ក្រោយ​ជា​ច្រើន​ទៀត​ដែល​អាច​ឱ្យ​រថយន្ត​នេះ​ជម្នះ​បាន​គ្រប់​ឧបសគ្គ​នៃ​ការ​បើកបរ​ និង​ស័ក្ដិ​សម​ជាកំពូល​រថយន្ត​ភីក​អាប់​ Off-Road Performance ។

    រថយន្ត​ រថយន្ត​ Ford Ranger Raptor ស៊េរី​ឆ្នាំ​ 2023 ម៉ាស៊ីន​ម៉ាស៊ូត​នេះ​មានវត្តមាន​នៅ​ទីផ្សារ​ព្រះ​រាជាណាចក្រ​កម្ពុជា​ជាមួយ​នឹង​ជម្រើស​ពណ៌​យ៉ាង​ច្រើន​សម្បូរ​បែប​រហូត​ដល់ 8 ជម្រើស​ រួម​មាន​៖ ពណ៌​ក្រហម​ ទឹកក្រូច ខៀវ​​ ខ្មៅ ប្រផេះ​ស្ងួត​ ប្រផេះ​រលោង​ ទឹក​ប្រាក់ និង​ពណ៌​ស​ ជាមួយ​នឹង​តម្លៃ​ពិសេស​ត្រឹម​តែ​ $75,900 តែ​ប៉ុណ្ណោះ​។

    សម្រាប់​ព័ត៌មាន​បន្ថែម​ លោក​អ្នក​អាច​អញ្ជើញ​ទៅ​សាកសួរ​ និង​បើកបរ​សាកល្បង​រថយន្ត​​Ford Ranger Raptor ស៊េរី​ឆ្នាំ​ 2023 ម៉ាស៊ីន​ម៉ាស៊ូត​ 2.0L Bi-Turbo (Diesel) ស៊េរី​ឆ្នាំ 2023 នៅ​តាម​បណ្ដា​សាខា​អគារ​តាំង​បង្ហាញ​រថយន្ត​ Ford និង​ទំនាក់​ទំនង​ទៅ​តាម​លេខ​ទូរស័ព្ទ​ដូច​ខាង​ក្រោម​៖

    • អគារ​តាំង​បង្ហាញ​រថយន្ត​ Ford សាខា​ ផ្លូវ​ព្រះ​មុនីវង្ស​ ដែល​ស្ថិត​នៅ​អគារ​លេខ​ 444 ផ្លូវ​ព្រះ​មុនីវង្ស​ ជាប់​ទូត​វៀតណាម លេខ​ទូរស័ព្ទ​​៖ 078​ 999 773
    • អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ ទឹក​ថ្លា ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ទៅ​ព្រលាន​យន្ត​ហោះ​ លេខ​ទូរស័ព្ទ​៖ 095 939 939
    • អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា ទួល​សង្កែ ដែល​ស្ថិត​នៅ​លើ​ផ្លូវ 105 និង​ផ្សារ​សាំហាន់ លេខ​ទូរស័ព្ទ​៖ 078 959 935
    • អគារ​តាំង​បង្ហាញ​រថយន្ត Ford Trade-In ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ទៅ​កាន់​ព្រលាន​យន្តហោះ​ លេខ​ទូរស័ព្ទ៖ 077 722 999 ឬ 011 255 229
    • អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា ខេត្ត​សៀម​រាប ដែល​ស្ថិត​នៅ​អគារ​លេខ 593 តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ 6A លេខ​ទូរស័ព្ទ​៖ 077 666 357 ឬ 088 9 666 357
    • អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ ខេត្ត​កំពង់​ចាម​ ដែល​ស្ថិត​នៅ​អគារ​លេខ 940 តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​ 7 ភូមិ​បឹង​ស្នាយ សង្កាត់​សំបួមាស​ ក្រុង​កំពង់​ចាម​ លេខ​ទូរស័ព្ទ៖ 078 999 883 ឬ 088 3​ 999 883​ ។
  • ក្មេងធាត់ ប្រថុយប្រថាននឹងជំងឺ ឪពុកម្ដាយកុំបណ្ដោយ

    ក្មេងធាត់ ប្រថុយប្រថាននឹងជំងឺ ឪពុកម្ដាយកុំបណ្ដោយ

    សង្គមទីក្រុងនាពេលបច្ចុប្បន្នមានការផ្លាស់ប្ដូរខុសកាលពីអតីតកាលច្រើនណាស់ ទាំងសភាវការរស់នៅ និងការទទួលទានអាហារ ដែលការផ្លាស់ប្ដូរ និងប្រែប្រួលនេះមិនមែនកើតឡើងតែជាមួយមនុស្សធំនោះទេ តែនៅកើតមានចំពោះកុមារផងដែរ។ ដោយសារតែសភាវជុំវិញខ្លួនក្នុងពេលសព្វថ្ងៃនេះត្រូវប្រញាប់ប្រញាល់ និងប្រណាំងជាមួយពេលវេលា អាណាព្យាបាល ឬឪពុកម្ដាយអាចគ្មានពេលវេលាត្រៀមរៀបចំម្ហូបអាហារដែលមានគុណតម្លៃខាងភោជនាហារគ្រប់គ្រាន់សម្រាប់កូនៗ ទើបធ្វើឱ្យត្រូវសម្លឹងមើលអាហារសម្រេច ឬអាហារឆ្អិនស្រាប់កាន់តែច្រើនឡើង ដែលអាចធ្វើឱ្យក្មេងបានទទួលសារជាតិអាហារប្រភេទខ្លះច្រើនជ្រុលពេក ហុចផលឱ្យក្មេងកើតរោគធាត់បាន។

    គ្រូពេទ្យជំនាញខាងជំងឺកុមារបានរៀបរាប់ថា បច្ចុប្បន្នមានសញ្ញាក្នុងការរកឃើញថា មានសភាវធាត់កើតនៅលើកុមារកើនឡើង ដោយសារបច្ច័យខាងផ្នែកពូជអំបូរ អ័រម៉ូន ទង្វើក្នុងការរស់នៅ ការញ៉ាំអាហារដែលមិនត្រឹមត្រូវ និងខ្វះការហាត់ប្រាណ ដែលអាណាព្យាបាលអាចសង្កេតបានថា កូនៗមានសភាវធាត់ឬទេតាមរយៈការសាកល្បងប្រៀបធៀបជាមួយក្មេងក្នុងវ័យដូចគ្នា។

    បើរកឃើញថា កូនស្ថិតក្នុងសភាវប្រថុយនឹងការកើតរោគធាត់ យើងណែនាំឱ្យកូននាំទៅជួបគ្រូពេទ្យដើម្បីពិនិត្យវាយតម្លៃថា តើមានសភាវជ្រៀតជ្រែកពីរោគធាត់ហើយឬនៅ? ដូចជា វាស់សម្ពាធឈាម ពិនិត្យឈាមដើម្បីមើលកម្រិតជាតិខ្លាញ់ក្នុងឈាម ឬវាយតម្លៃថា មានអាការគេងស្រមុក និងឈប់ដកដង្ហើមខណៈគេងលក់ដែរឬទេ?។

    ផលអាក្រក់ពីការធាត់តាំងពីវ័យក្មេងខាងផ្នែករាងកាយ គឺការបង្កឱ្យកើតរោគ ដូចជារោគលើសឈាម រោគបេះដូង រោគឆ្អឹង និងសន្លាក់ និងផលអាក្រក់មួយផ្នែកទៀតគឺ បាត់បង់ភាពស្អាតសង្ហា និងការត្រូវសើចចំអកពីសំណាក់មិត្តភក្តិ អាចធ្វើឱ្យក្មេងមានអារម្មណ៍ថាជាចំណុចអាក្រក់របស់ខ្លួន។ ទាំងអស់នេះ បើនៅមិនទាន់រកឃើញសភាវជ្រៀតជ្រែកពីរោគផ្សេងៗទេនោះ រោគធាត់អាចការពារបានដោយការសាងទម្លាប់និស្ស័យស្រឡាញ់សុខភាពក្នុងការញ៉ាំដែលល្អតាំងពីតូចៗ។ ឪពុកម្ដាយអាចជួយសម្រកទម្ងន់ដល់កូនបាន ដោយការលើកទឹកចិត្តកូន កែសម្រួលទង្វើការញ៉ាំអាហារ មិនញ៉ាំអាហារផ្អែមខ្លាំង ប្រៃខ្លាំង ឬអាហារដែលមានខ្លាញ់ច្រើនជ្រុលជាដើម។

    ក្រៅពីនេះនៅអាចរួមគ្នាធ្វើកិច្ចការងារក្នុងក្រុមគ្រួសារដើម្បីឱ្យកូនបានហាត់ប្រាណ ដូចជាការបោសជូតសម្អាតផ្ទះ ការលេងកីឡា ជាដើម។ ទាំងអស់នេះ បើមនុស្សនៅក្នុងគ្រួសាររួមចិត្តរួមកាយគ្នាកែសម្រួលទង្វើក្នុងរឿងនៃការញ៉ាំអាហារ និងហាត់ប្រាណយ៉ាងជាប់លាប់ លើកទឹកចិត្តគ្នាទៅវិញទៅមក នោះកូនៗដែលអ្នកស្រឡាញ់នឹងឃ្លាតឆ្ងាយពីរោគធាត់ មានសុខភាពល្អ និងរឹងប៉ឹងបានជារៀងរហូត៕

  • COVID-19! តើ​​អ្នកជំនាញ​ យក​វត្ថុ​វិភាគ​សម្រាប់​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​ដោយ​របៀប​ណា​? (មាន​វីដេអូ)

    COVID-19! តើ​​អ្នកជំនាញ​ យក​វត្ថុ​វិភាគ​សម្រាប់​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​ដោយ​របៀប​ណា​? (មាន​វីដេអូ)

    នៅ​ក្នុង​សារ​ព័ត៌មាន​នានា​ដែល​និយាយ​អំពី​វីរុស​COVID-19 លោក​អ្នក​ប្រហែល​ជា​បាន​ឮ​ ឬ​បាន​ឃើញ​គេ​រាយ​ការណ៍​ទាក់​ទិន​នឹង​​សំណាក​វិភាគ ឬ​វត្ថុ​វិភាគជា​ញឹក​ញាប់​មក​ហើយ ក៏ប៉ុន្តែ តើ​លោក​អ្នក​ធ្លាប់​បាន​ដឹង​ទេ​ថា បុគ្គលិក​សុខាភិបាល​ត្រូវ​យក​សំណាក ឬ​វត្ថុ​វិភាគ​របស់​អ្នក​ជំងឺ​COVID-19 ឬ​អ្នក​សង្ស័យ​ថា​បាន​ឆ្លង​វីរុស​​នេះ​ ដោយ​វិធី​ណា​​ហើយ​ ឬ​នៅ​?

    ជាក់​ស្ដែង​ អ្នកជំនាញ​ខាង​សុខាភិបាល​នឹង​ប្រើ​ប្រាស់​ឧបករណ៍​ម្យ៉ាង​ដែល​មាន​ទម្រង់​ដូច​ទៅ​នឹង​សម្លី​ត្បាល់​ត្រចៀក ដើម្បី​ផ្ដិត​យក​ធាតុ​ទឹក​​​រងៃ​នៅជ្រៅ​​ខាង​ក្នុង​ច្រមុះ។ តំបន់​នេះ​របស់​រាងកាយ​ គឺជា​កន្លែង​ដែល​មាន​ធាតុទឹក​​​រងៃ​ច្រើន​ដែល​ត្រូវ​បាន​រាងកាយ​បញ្ចេញ​ពី​ខាង​ក្នុងប្រព័ន្ធ​ផ្លូវ​ដង្ហើម​​​មក​ក្រៅ​។ ដូច្នេះ មេរោគក៏នឹង​មាន​ច្រើន​នៅ​ទីនេះ​​ផងដែរ​។

    COVID-19! តើ​​អ្នកជំនាញ​ យក​វត្ថុ​វិភាគ​សម្រាប់​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​ដោយ​របៀប​ណា​? (មាន​វីដេអូ)សម្លី​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​យក​វត្ថុ​វិភាគពី​អ្នក​ជំងឺ​​ គឺ​ត្រូវ​តែជា​ប្រភេទ​សម្លី​ដែល​​គ្មាន​មេរោគ ធ្វើ​អំពី​សម្លី​សិប្បនិម្មិត​ ហើយ​ដង​របស់​វា​ធ្វើ​អំពីជ័រ​ទន់។ ក្រុម​បុគ្គលិក​សុខាភិបាល​នឹង​មិន​ប្រើ​ប្រាស់​សម្លី​ត្បាល់​ត្រចៀក​ដែល​មាន​ផ្ទុក​​សារ​ធាតុ​ Calcium alginate ឬដង​របស់​វា​ធ្វើ​អំពី​ឈើ​ ឬ​ជ័រ​រឹង​នោះ​ទេ​ ដោយ​សារ​តែ​​វា​អាច​​ធ្វើ​​ឱ្យ​វីរុស​ប្រែ​ប្រួល​ស្ថាន​ភាព​ ឬ​លែង​ដំណើរ​ការ​ ដែល​វា​នឹង​ប៉ះពាល់​ដល់​លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​ ឬ​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ទទួល​រង​របួស​។

    ស្ដាប់​ទៅ​ដូច​ជា​ពិបាក និង​ហាក់​ដូច​ឈឺ​ចាប់​ណាស់ ក៏ប៉ុន្តែ តាម​ពិត​វា​មិន​អាក្រក់​នោះ​ទេ។ លោក Mark Cameron អ្នក​ជំនាញ​ខាង​ការ​ពារ​រោគ​​មក​ពី​សាកល​វិទ្យា​ល័យ​ Case Western Reserve នៃ​សហរដ្ឋ​អាមេរិក ឱ្យ​ដឹង​ថា “វា​អាច​មិន​ស្រួល​បន្តិច​ ប៉ុន្តែ​ប្រការ​នេះ​គឺជា​រឿង​ធម្មតា​​បំផុត​។ វិធី​នេះ​គឺជា​ការ​ធ្វើ​តេស្ត​​ដែល​មិន​សូវ​ស្រួល​ក្នុង​ការ​ទ្រាំ តែ​វា​មាន​ស្ដង់​ដា​ទៅ​តាម​តម្រូវ​ការ​”។

    អ្នក​ជំនាញ​នឹង​ស្លៀក​ពាក់​ឈុត​ការ​ពារ​មេរោគ​ ហើយ​​ធ្វើ​ដូច​ខាង​ក្រោម​៖

    ពួក​គេ​ចាប់​ផ្ដើម​ដោយ​យក​សម្លី​ដែល​មាន​ដង​ ដែលគេ​​​ប្រើ​សម្រាប់​យក​វត្ថុ​វិភាគ​ ស៊ក​ចូល​ទៅក្នុង​រន្ធ​ច្រមុះ​មួយ​ ហើយ​រុញ​វា​ដោយ​ថ្នម​ៗ​ចូល​ជ្រៅ​ទៅ​ខាងក្នុង​ ក្បែរ​តំបន់​ជញ្ជាំង​ និង​បាត​ច្រមុះ ដែល​ស្រប​ទៅ​នឹង​ក្រអូម​មាត់​​។

    COVID-19! តើ​​អ្នកជំនាញ​ យក​វត្ថុ​វិភាគ​សម្រាប់​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​ដោយ​របៀប​ណា​? (មាន​វីដេអូ)អ្នក​ជំនាញនឹង​​រុញ​សម្លី​នេះ​ដោយ​ថ្នមៗ​ត្រង់​ទៅ​មុខ​ រហូត​ដល់​វា​ប៉ះ​ទៅនឹងជញ្ជាំង​​ម្ខាង​ទៀត​​នៃ​ក្រអូម​មាត់​។

    សម្លី​ត្រូវ​តែ​រុញ​ចូល​ទៅ​​ក្នុង ​ជម្រៅ​ស្មើ​នឹង​ពាក់​កណ្ដាល​នៃ​ប្រវែង​រវាង​រន្ធ​ច្រមុះ​ និង​រន្ធ​ត្រចៀក​ខាង​ក្រៅ​។ រក្សា​សម្លី​​នៅ​ក្នុង​ជម្រៅ​នេះ​ឱ្យ​បាន​2-3​វិនាទី​ និង​ត្រដុស​​​ទៅ​លើ​ជញ្ជាំង​នៃ​ក្រអូម​មាត់​ខាងក្រោយ​​ដោយ​ត្បាល់​ដង​សម្លី​​ថ្នម​ៗ និង​យឺត​ៗ ហើយ​យក​វា​ចេញ​មក​ក្រៅ​បន្តិច​ម្ដង​ៗ និង​ថ្នម​ៗ​បំផុត​។

    COVID-19! តើ​​អ្នកជំនាញ​ យក​វត្ថុ​វិភាគ​សម្រាប់​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​ដោយ​របៀប​ណា​? (មាន​វីដេអូ)បន្ទាប់​មក ត្រូវ​យក​វា​ដាក់​ចូល​ទៅ​ក្នុង​បំពង់​ផ្ទុក​វត្ថុ​វិភាគ​ ហើយ​ចុង​ក្រោយ​ វា​នឹង​ត្រូវ​បាន​ដាក់​នៅ​ក្នុង​ថង់​ដាក់​សំណាក ឬ​វត្ថុ​វិភាគ​​ដើម្បី​យក​ទៅកាន់​បន្ទប់​​ធ្វើ​តេស្ត​។

    COVID-19! តើ​​អ្នកជំនាញ​ យក​វត្ថុ​វិភាគ​សម្រាប់​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​ដោយ​របៀប​ណា​? (មាន​វីដេអូ)ក្រៅ​ពីនេះ​ក៏មាន​វិធី​ជាច្រើន​ផ្សេង​ទៀត​ដើម្បី​យក​សំណាក ឬ​វត្ថុ​វិភាគរបស់​អ្នក​ជំងឺ​កូរ៉ូណា​ ក្នុង​នោះ​ក៏​មាន​ការ​យក​សំណាក​តាម​មាត់​ផងដែរ​។

    សូម​សង្កេត​មើល​ឃ្លីប​វីដេអូ​ខាងក្រោម​៖

    ប្រភព៖ សារ​ព័ត៌មាន​បរទេស