អាចម៍ផ្កាយប្រវែង​​ 200 ម៉ែត្រ កំពុង​ហោះ​សំដៅ​មកកាន់​ផែនដី

ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា) កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​អាចម៍ផ្កាយ​ខ្នាត​ធំ​មួយ​ដែល​នឹង​ហោះ​មក​ជិត​ផែនដី​នៅ​ចុងខែ​ឧសភា​នេះ ក្នុង​ល្បឿន 25,750 គីឡូម៉ែត្រ/ម៉ោង។

អាចម៍ផ្កាយ​ដែល​កំពុង​ហោះ​មកកាន់​ផែនដី​ និង​មាន​ឈ្មោះថា 2023 CL3 នេះ មាន​ទទឹង​ប្រហែល 200 ម៉ែត្រ។ ណា​សា​បាន​​ដាក់​អាចម៍ផ្កាយ​នេះ​ទៅក្នុង​ក្រុម «ក្បែរ​ផែនដី» ដែល​ត្រូវ​ការតាមដាន​ស្រាវជ្រាវ​បន្ត។

2023 CL3 មាន​ទំហំ​ធំ​ជាង​ពីរដង​ធៀប​នឹង​រូបសំណាក​សេរីភាព Statue of Liberty (កម្ពស់​សរុប​ប្រហែល 93 ម៉ែត្រ)។ អាចម៍ផ្កាយ​នេះ​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ បើសិន​ធ្លាក់​មកលើ​ផែនដី។

តាម​ការ​ព្យាករ អាចម៍ផ្កាយ​នេះ​នឹង​ហោះ​កាត់មុខ​ផែនដី​នៅ​ថ្ងៃទី 24 ឧសភា ក្នុង​គម្លាត 7.2 លាន​គីឡូម៉ែត្រ។ គម្លាត​ពី​ផែនដី​ទៅ​ឋានព្រះចន្ទ​គឺ 384,400 គីឡូម៉ែត្រ​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​គណនា​ឃើញថា អាចម៍ផ្កាយ​នេះ​នឹង​ហោះ​កាត់មុខ​ផែនដី​ដោយ​សុវត្ថិភាព​ក្នុង​ល្បឿន​ជាង 25,750 គីឡូម៉ែត្រ/ម៉ោង។

ណា​សាបាន​រកឃើញថា បច្ចុប្បន្ន​មាន​អាចម៍ផ្កាយ​ប្រហែល 1,113,527 ដុំ នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។ ពួកវា​គោចរ​ជុំវិញ​ព្រះអាទិត្យ និង​ប្រមូលផ្ដុំ​ត្រង់​តំបន់​ខ្សែក្រវាត់​អាចម៍ផ្កាយ​ដែល​នៅ​ចន្លោះ​ភព​អង្គារ និង​ភព​ព្រហស្បតិ៍៕

Advertisement