នៅក្នុងឆ្នាំ 2023 នេះ មហាសេដ្ឋីដែលធ្លាប់ជាអ្នកមានជាងគេនៅប្រទេសចិន គឺលោក Jack Ma បានស្ថិតក្នុងចំណាត់ថ្នាក់ទី 6 ដោយមានទ្រព្យសរុប 24.4 ពាន់លានដុល្លារអាម៉េរិក។
លោក Ma ដែលធ្លាប់ជាគ្រូបង្រៀនភាសាអង់គ្លេស បច្ចុប្បន្នមានអាយុ 58 ឆ្នាំ។ លោកគឺជាសហស្ថាបនិកនៃក្រុមហ៊ុន Alibaba ដែលបច្ចុប្បន្នគឺជាមួយក្នុងចំណោមក្រុមហ៊ុនគ្រប់គ្រងផ្សារអនឡាញធំជាងគេនៅប្រទេសចិន។
លោក Ma បានលាឈប់ពីតំណែងនាយកប្រតិបត្តិរបស់ Alibaba កាលពីឆ្នាំ 2019។ ក្រោយការរស់នៅឯបរទេសប្រហែលមួយឆ្នាំ លោកក៏ត្រលប់ទៅកាន់ប្រទេសចិន កាលពីខែមីនា 2023 ក្នុងពេល Alibaba បង្ហើបឱ្យដឹងអំពីគម្រោងបំបែកខ្លួនជា 6 ក្រុមហ៊ុន។ លោក Ma មានភាគហ៊ុនចំនួន 3.9% នៅក្នុង Alibaba និងភាគហ៊ុននៅក្នុងបណ្ដាក្រុមហ៊ុនកម្សាន្តមួយចំនួន មានដូចជា Beijing Enlight Media និង Huayi Brothers ជាដើម។
ក្រុមហ៊ុន Alibaba បានចាប់ផ្ដើមធ្លាក់ដុនដាប បន្ទាប់ពីលោក Ma បាននិយាយរិះគន់គោលនយោបាយខ្លះរបស់រដ្ឋាភិបាលចិន ដែលដឹកនាំដោយប្រធានាធិបតី Xi Jinping។