Tag: សាលាដ

  • មហាសេដ្ឋី​ចិន Jack Ma បង្ហាញ​ខ្លួន​​ជា​គ្រូបង្រៀន​លើកដំបូង​នៅ​ប្រទេស​ជប៉ុន

    មហាសេដ្ឋី​ចិន Jack Ma បង្ហាញ​ខ្លួន​​ជា​គ្រូបង្រៀន​លើកដំបូង​នៅ​ប្រទេស​ជប៉ុន

    មហាសេដ្ឋី​បច្ចេកវិទ្យា Jack Ma បង្ហាញខ្លួន​ក្នុងតួនាទី​ជា​សាស្ត្រាចារ្យ​បរទេស​របស់​សាកលវិទ្យាល័យ​តូ​ក្យូ ប្រទេស​ជប៉ុន កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

    ការចែករំលែក​ចំណេះដឹង​របស់​មហាសេដ្ឋី​ចិន Jack Ma បានចាប់ផ្ដើម​ពីថ្ងៃ​ទី 12 មិថុនា 2023 ប៉ុន្តែ ទើបតែ​ត្រូវ​បានប្រកាស​ក្រោយ​ការបង្រៀន​បាន​ជិត​មួយ​សប្ដាហ៍។ យោងតាម SCMP ស្ថាបនិក​វ័យ 58 ឆ្នាំ​របស់ Alibaba គឺជា​វាគ្មិន​មួយរូប​ដែល​លេចធ្លោ​ជាងគេ​នៅក្នុង​សិក្ខាសាលា​ពិសេស​ស្ដីពី «នវានុវត្តន៍ និង​សហគ្រិនភាព» ដែល​ត្រូវបាន​រៀបចំឡើង​នៅឯ​សាកលវិទ្យាល័យ​តូ​ក្យូ។

    នេះ​ក៏​ជា​សិក្ខា​សាលាដំបូង​ដែល​លោក Ma ចូលរួម​ក្នុងនាម​ជា​សាស្ត្រាចារ្យ​បរទេស នៅក្នុង​ស្ថាប័ន​អប់រំ​ដែលមាន​អាយុ 146 ឆ្នាំ​នៅ​ប្រទេស​ជប៉ុន។ អ្នក​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ខាងលើ​រួមមាន និស្សិត​មកពី​តំបន់​នានា​របស់​ប្រទេស​ជប៉ុន ចិន ឥណ្ឌា និង​ម៉ាឡេស៊ី។

    ពិធី​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​នេះ ផ្ដោតទៅលើ​ទស្សនៈ​នៃ​ការគ្រប់គ្រង និង​របៀប​ដែល​យុវវ័យ​ជំនាន់​ថ្មី​អាច​សម្រេចបាន​នៅពេល​អនាគត។ យោងតាម​គេហទំព័រ​របស់​សាកលវិទ្យាល័យ​តូ​ក្យូ នេះ​គឺជា​ប្រធានបទ​ដែល​យោងទៅលើ «បទពិសោធន៍​សម្បូរបែប ចំណេះដឹង​នាំមុខគេ​ទាក់ទង​នឹង​ស្មារតី​​ជំនួញ និង​ភាព​​ច្នៃប្រឌិត» របស់លោក Jack Ma។

    ប៉ុន្មាន​ថ្ងៃ​ក្រោយពីចូល​រួម​​សិក្ខាសាលា​នៅ​ប្រទេស​ជប៉ុន លោក Ma ក៏បាន​បន្ត​បង្ហាញ​វត្ត​មាននៅ​ប្រទេស​ចិន​ក្នុង​កម្មវិធី​មួយ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Alibaba។ នៅទីនេះ លោក Ma ស្លៀកពាក់​យ៉ាង​សាមញ្ញ។

    លោក Jack Ma ធ្លាប់ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស មុនពេល​បង្កើត​ក្រុមហ៊ុន Alibaba។ គិត​មកដល់ពេលនេះ លោក Ma កំពុង​ធ្វើជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​យ៉ាងតិច​បួន​ដែល​ស្ថិតនៅ​ខាងក្រៅ​ចិនដីគោក ក្នុងនោះ​ក៏មាន​សាកលវិទ្យាល័យ​ហុងកុង សាកលវិទ្យាល័យ​នៅ​អាហ្វ្រិក និង​សាកលវិទ្យាល័យ​នៅ​ប្រទេស​​អ៊ីស្រាអែល​ផងដែរ។

    ក្នុង​ព្រឹត្តិការណ៍​មួយ​កាលពី​ថ្ងៃទី 15 មិថុនា លោក Michael Evans ដែលជា​ប្រធាន​ក្រុមហ៊ុន Alibaba បាន​ថ្លែងថា លោក Jack Ma នៅតែ​ជា​ភាគ​ហ៊ុ​និក​ធំជាងគេ​របស់​ក្រុមហ៊ុន Alibaba។

    ការបង្ហាញ​វត្តមាន​របស់លោក Jack Ma នេះ គឺ​ចំ​ពេលដែល​ទីក្រុង​ប៉េកាំង​កំពុង​រក​វិធី​ស្ដារ​សេដ្ឋកិច្ចជាតិ និង​ទំនុកចិត្ត​របស់​អ្នកវិនិយោគ ក្រោយពី​បាន​រឹតបន្តឹង​វិស័យ​បច្ចេកវិទ្យា​អស់​ជាច្រើន​ឆ្នាំ៕

  • ហេតុអ្វីបានសាលារៀននៅប្រទេសជប៉ុន តម្រូវឱ្យកូនសិស្ស ដើរទៅរៀនដោយខ្លួនឯង?

    ហេតុអ្វីបានសាលារៀននៅប្រទេសជប៉ុន តម្រូវឱ្យកូនសិស្ស ដើរទៅរៀនដោយខ្លួនឯង?

    មានមនុស្សជាច្រើន ប្រហែលជាធ្លាប់បានឃើញកូនសិស្សជប៉ុននាំគ្នាដើរទៅរៀនជាក្រុមៗ ដោយមានកូនសិស្សណា ដែលធំជាងគេដើរដឹក​ដៃ​កូន​សិស្សតូចៗ បន្តកន្ទុយគ្នា ជាខ្សែយ៉ាងគួរឱ្យស្រឡាញ់ នេះគឺជាទិដ្ឋភាពដែលគេតែងបានឃើញជាទូទៅនៅក្នុងប្រទេសជប៉ុន និងនៅក្នុង​ខ្សែភាពយន្ត​តុក្កតា​ជប៉ុន ជាច្រើនរឿងក៏មានបែបហ្នឹងដូចគ្នាដែរ។

    មូលហេតុដែលសាលារៀនជាច្រើន កំណត់ឱ្យកុមារត្រូវដើរទៅសាលាដោយខ្លួនឯង និងហាមអាណាព្យាបាលដឹកឡានជូនទៅរៀន​(ជាធម្មតា​ជនជាតិ​ជប៉ុន តែងដាក់ឱ្យកូនចូលរៀននៅសាលា ដែលនៅជិតផ្ទះស្រាប់ហើយ)ទោះជា​ឋានៈ​ជីវភាពមាន​ ឬក្រក៏ដោយ ក៏ត្រូវតែ​ដើរទៅសាលា​រៀនចម្ងាយ​ប្រហែលជា 2-3គីឡូម៉ែត្រ ពីផ្ទះដែរ នោះគឺដោយសារតែ ការឱ្យកុមារបានដើរទៅសា​លា​រៀនដោយខ្លួនឯងនេះ ធ្វើឱ្យកើត​ចំណុចល្អៗជាច្រើន ចំពោះ​ជីវិតកូនសិស្សជប៉ុន ដែលមានដូចជា៖

    • ជួយកែបញ្ហាចរាចរណ៍នាពេលព្រឹក នៅមុខសាលារៀន ពេលដែលអាណាព្យាបាលដឹកកូនទៅដល់។
    • កាត់បន្ថយភារកិច្ចរបស់អាណាព្យាបាល ដោយមិនចាំបាច់ជូនកូនទៅសាលា នៅពេលព្រឹក។​
    • ជួយបង្កើនសម្ព័ន្ធភាពរវាងកុមារ ដែលមានផ្ទះនៅក្នុងភូមិជាមួយគ្នា ឱ្យបានស្គាល់គ្នា ចេះជួយគ្នា មិនបោះបង់ចោលគ្នា ​ដោយការឱ្យ​ក្មេងធំៗ​មើល​​ថែការពារក្មេងតូចៗ និងដើរទៅសាលាជាមួយគ្នា​។
    • បង្ហាត់ឱ្យមានភាពទៀងពេលវេលា បើក្មេងណាម្នាក់យឺតយ៉ាវ មិត្តភក្តិឯទៀត ត្រូវតែរង់ចាំនៅមុខផ្ទះ​ រហូតទាល់តែក្មេងនោះចេញមក ​ទើបដើរ​ទៅ​​ជាមួយគ្នា ដូច្នេះធ្វើឱ្យអ្នកណា ក៏មិនចង់យឺតពេល ដែលនាំឱ្យមិត្តភក្តិរង់ចាំខ្លួនដែរ។
    • បង្កើនភាពទទួលខុសត្រូវរបស់ក្មេងធំៗ ដែលត្រូវមើលថែការពារ ក្មេងតូចៗទាំងពេលទៅ និងពេលមក។
    • ពេលខ្លះគេតែងឃើញលោកគ្រូ ឬតំណាងអាណាព្យាបាល ផ្លាស់គ្នាមកឈរមើលការពារនៅតាមផ្លូវបំបែកជា4ធំៗ ពេលក្រុម​កូនសិស្សឆ្លង​ថ្នល់​ផងដែរ។

    ដូច្នេះយើងបានឃើញហើយថា គ្រាន់តែការផ្លាស់ប្តូរ ឱ្យកូនសិស្សដើរទៅសាលារៀនដោយខ្លួនឯងនោះ នឹងទទួលបានអ្វីល្អៗជា​ច្រើន លើការ​អភិវឌ្ឍរបស់កុមារ បង្កើនភាពទទួលខុសត្រូវ ភាពមានទឹកចិត្ត ចេះអត់ធ្មត់ និងចេះជួយយកអា​សាគ្នាទៅវិញទៅមក រួមទាំង​បង្កើនភាពសាមគ្គី​គ្នាទាំងកូន​សិស្ស ទាំងឪពុកម្តាយ អាណាព្យាបាល និងលោកគ្រូ-អ្នកគ្រូ ធ្វើឱ្យ​សង្គមជប៉ុនមានភាពស្រឡាញ់គ្នា ចេះធ្វើការងារជាក្រុម និងកើតមានការសាមគ្គីគ្នា និង​ជួយគ្នាអភិវឌ្ឍប្រទេសជាតិ នៅទីបំផុត៕

  • អាហារផ្អែមបែបណា ដែលស័ក្តិសមនឹងស្រ្តីមានផ្ទៃពោះបំផុត

    អាហារផ្អែមបែបណា ដែលស័ក្តិសមនឹងស្រ្តីមានផ្ទៃពោះបំផុត

    អាហារដែលមានរសជាតិផ្អែមជាអាហារដែលត្រូវមាត់មនុស្សជាច្រើន រសជាតិផ្អែមជួយជំរុញភាពឃ្លានអាហារបានយ៉ាងល្អ ហើយមនុស្សភាគច្រើនក៏និយមអាហាររសជាតិផ្អែម រហូតដល់លើសពីតម្រូវការរបស់រាងកាយ ដែលជាមូលហេតុបណ្តាលឱ្យកើតជម្ងឺផ្សេងៗបានដែរ។ ដូច្នេះពេលនេះយើងនាំគ្នាមកស្គាល់ពីអាហាររសជាតិផ្អែមថា តើគួរបរិភោគប៉ុនណាទើបសមរម្យល្មមសម្រាប់ស្រ្តីអ្នកមានផ្ទៃពោះ។

    លោកគ្រូពេទ្យបានណែនាំឱ្យអ្នកមានផ្ទៃពោះ គ្រប់គ្រងការបរិភោគអាហារដែលមានរសជាតិផ្អែម ឱ្យស្ថិតនៅ​ក្នុងកម្រិតសមល្មម គឺកុំបរិភោគតាមចិត្តចង់ កាត់បន្ថយអាហារផ្អែមឱ្យបានច្រើនបំផុត និងគ្រប់គ្រងការបរិភោគជាតិស្ករ ឬបង្អែមដូចខាងក្រោមនេះ ៖

    • ញ៉ាំទឹកផ្លែឈើស្រស់ដែលមិនដាក់ស្ករ ជំនួសភេស្ជជៈកំប៉ុង។
    • កាត់បន្ថយស្ករក្នុងការផ្សំគ្រឿងម្ហូបអាហារចំនួនពាក់កណ្តាលពីទម្លាប់ចាស់។
    • បរិភោគផ្លែឈើស្រស់ និងបន្លែឱ្យបានច្រើន ព្រោះវានឹងធ្វើឱ្យរាងកាយទទួលបានជាតិស្ករល្អយ៉ាងគ្រប់គ្រាន់។
    • ចៀសវាងអាហារកញ្ចប់ ឬកំប៉ុងផ្សេងៗ តែបើចាំបាច់ត្រូវបរិភោគ គួរមើលពីគ្រឿងផ្សំថា តើមានជាតិស្ករតិច ឬច្រើនប៉ុនណា។
    • ខ្ពុរមាត់ ឬដុសធ្មេញក្រោយពេលបាយ ឬក្រោយពេលបរិភោគបង្អែមរួច និងគួរប្រើខ្សែអំបោះខាត់សម្អាតធ្មេញយ៉ាងហោចណាស់ 1ថ្ងៃម្តង ដើម្បីកុំឱ្យមានកម្ទេចអាហារនៅជាប់សេសសល់តាមប្រឡោះធ្មេញ។
    • បើសិនត្រូវប្រើស្ករ គួរជ្រើសរើសប្រើស្ករអំពៅ ជំនួសស្ករ-ស។
    • មិនគួរបរិភោគស្ករ-សលើសពី 3ស្លាបព្រាបាយក្នុង 1ថ្ងៃឡើយ (សម្រាប់មនុស្សដែលមានរាងកាយមាំមួន)។
    • ជាធម្មតា ពេលយើងបរិភោគបាយ បន្លែ និងផ្លែឈើនោះ គឺយើងបានទទួលជាតិស្ករគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយស្រាប់ទៅហើយ ។

    តើយើងទទួលបានរសជាតិផ្អែមដោយវិធីណា?

    មនុស្សយើងឆាប់ទទួលយករសជាតិផ្អែមខ្លាំងបំផុត ព្រោះនៅលើអណ្តាតមានក្រពេញទទួលរសជាតិផ្អែមច្រើនជាងរសជាតិផ្សេងៗ ដូច្នេះបើយើងបរិភោគអាហារដែលមានរសជាតិផ្អែមញឹកញាប់ នឹងធ្វើឱ្យយើងញៀនរសជាតិផ្អែម​ ជា​​ពិសេសការបរិភោគស្ករដែលយើងដាក់នៅក្នុងអាហារផ្សេងៗនោះ នឹងធ្វើឱ្យរាងកាយយើងទទួលបានជាតិស្ករច្រើនជ្រុលដោយមិន​ដឹង​ខ្លួន ទាំងអាហារពីធម្មជាតិក៏មានជាតិស្ករស្រាប់ទៅហើយ មានដូចជា ៖

    • ខាបូហាយដ្រេត ពេលឆ្លងកាត់កម្មវិធីរំលាយអាហារហើយ វានឹងក្លាយទៅជាជាតិស្ករ គ្លុយខូស ហើយនឹងត្រូវបានបឺត​​ជ្រាបចូលទៅក្នុងខ្សែលោហិតជាបន្ត ទៅធ្វើជាថាមពលការងារដល់កោសិកាអវយវៈផ្សេងៗ។
    • ផ្លែឈើស្ទើរតែគ្រប់ប្រភេទមានជាតិស្ករជាចំណែកផ្សំដោយធម្មជាតិស្រាប់ទៅហើយ និងអាចយកទៅប្រើប្រាស់បានភ្លាមតែម្តង។
    • អាហារកញ្ចប់ និងអាហារកំប៉ុងផ្សេងៗ ដូចជា ទឹកញាំសាលាដ ទឹកដោះគោ យ៉ាអួ នំខេក ឬសូម្បីតែទឹកស៊ីអ៊ីវក៏មានស្ករជាចំណែកផ្សំដែរ៕
  • សហគមន៍​ស្វាយទាប​ចំណេញ​ពី​ដំណាំ​បន្លែ​សាលាដ​ និង​ស្ពៃចង្កឹះ​ខ្ទង់ម៉ឺន​ដុល្លារ​ក្នុង1ឆ្នាំ​

    សហគមន៍​ស្វាយទាប​ចំណេញ​ពី​ដំណាំ​បន្លែ​សាលាដ​ និង​ស្ពៃចង្កឹះ​ខ្ទង់ម៉ឺន​ដុល្លារ​ក្នុង1ឆ្នាំ​

    ដំណាំ​បន្លែ​គ្រប់​ប្រភេទ​ត្រូវ​បាន​កសិករ​កម្ពុជា​នាំគ្នា​ដាំ​ដើម្បី​ស្វែងរក​តម្លៃ​លក់​ក្នុង​ទីផ្សារ​ឱ្យ​បាន​ល្អ​ប្រសើរ​ និង​សម្រាប់​ការ​ជួយ​ផ្គត់ផ្គង់​ដល់​ជីវភាព​របស់​ខ្លួន​ផង​ដែរ​ ប៉ុន្តែ​ដំណាំ​បន្លែ​ទាំងនោះ​ច្រើនតែ​ផ្តល់​ទៅតាម​រដូវ​កាល​របស់​វា​ ធ្វើ​ឱ្យ​តម្លៃ​ទីផ្សារ​មិន​ស្ថិតស្ថេរ​ទៅតាម​នោះ​ដែរ​ ទើប​ធ្វើ​ឱ្យ​បន្លែ​មួយចំនួន​បាន​ទទួលបរាជ័យ​(ជន់​ច្រើន​លើ​ទីផ្សារ​លក់​មិន​ចេញ​) ឬលក់​មិនបាន​តម្លៃ​ខ្ពស់​ក្នុង​ទីផ្សារ​ ធ្វើ​ឱ្យ​សហគមន៍​កសិករ​មួយចំនួន​តែង​ស្វែងរក​ដំណាំ​បន្លែ​ណា​ដែល​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រក​ទីផ្សារ​ផង​(លក់​បាន​ថ្លៃ​)និង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​អ្នក​បរិភោគ​ផង​។

    ហេតុដូច្នេះ​ហើយ​ទើប​គេ​សង្កេតឃើញ​ដំណាំ​បន្លែ​មួយចំនួន​មានការ​ពេញនិយម​ផលិត​ ដូចជា​ស្ពៃ​ក្តោប​ ស្ពៃចង្កឹះ​ សាលាដ​ ខាត់ណា​ ស្ពៃ​តឿ​ ស្ពៃក្រញាញ់​ និង​បន្លែ​ជាច្រើន​មុខ​ទៀត​ដែល​សុទ្ធតែ​ជាដំណាំ​បន្លែ​ដែល​ងាយស្រួល​ដាំ​ត្រូវ​បាន​កសិករ​ជាច្រើន​នាំគ្នា​ដាំដុះ​ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

    ដោយឡែក​បន្លែ​ស្ពៃចង្កឹះ​ និង​សាលាដ​ ដែល​ជាដំណាំ​បន្លែ​ក្នុងចំណោម​ដំណាំ​បន្លែ​ជាច្រើន​មុខ​នោះ​ ជាដំណាំ​ប្រភេទ​ងាយស្រួល​ដាំ​ ងាយស្រួល​ថែទាំ​ និង​មាន​រយៈពេល​ខ្លី​ ឆាប់​បាន​ទទួលផល​ មាន​ទីផ្សារ​ និង​ជាទី​ពេញនិយម​ និង​ចូលចិត្ត​ពិសា​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដែរ​។

    ដោយសារតែ​ជា​បន្លែ​ដែល​ងាយស្រួល​ដាំ​ ឆាប់​ទទួល​បានផល​ ទើប​ធ្វើ​ឱ្យ​សហគមន៍​ដាំ​បន្លែ​នៅ​ខេត្ត​កំពង់ចាម​មួយ​ គឺ​សហគមន៍​ស្វាយទាប​បាន​នាំគ្នា​ដាំ​បន្លែ​ស្ពៃចង្កឹះ​ និង​សាលាដ​នេះ​ពេញ​មួយឆ្នាំ​ទល់​មួយឆ្នាំ​ រួម​នឹង​បន្លែ​គួបផ្សំ​ដទៃទៀត​ ដូចជា​ត្រកួន​ ត្រប់​ប៉េងប៉ោះ​ ត្រសក់​ ត្រឡាច​ ល្ពៅ​ ននោង​ ស្លឹកគ្រៃ​ ស្ពៃ​តឿ​ និង​ខាត់ណា​ ជាដើម​។

    លោក​ ស៊ុន​ សុ​ខខេង​ ប្រធាន​សហគមន៍​ស្វាយទាប​ នៅ​ភូមិ​វ៉ា​រី​ខាងលិច​ ឃុំ​ស្វាយទាប​ ស្រុកចំការ​លើ​ ខេត្ត​កំពង់ចាម​ បាន​រៀបរាប់​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖“មូលហេតុ​ដែល​កសិករ​ខ្មែរយើង​នៅ​ទីនេះ​ចាប់អារម្មណ៍​ងាក​មក​ដាំដំណាំ​បន្លែ​ទាំង​ 2មុខ​នេះ​ គឺ​ដោយសារ​កឃើញថា​ ជា​បន្លែ​ដែល​ងាយស្រួល​ដាំ​ និង​តម្លៃ​ក្នុង​ទីផ្សារ​ក៏បាន​ថ្លៃ​គួរសម​ដែរ​ ព្រោះថា​ បន្លែ​ប្រភេទ​នេះ​វា​ពេញនិយម​សម្រាប់​ការ​បរិភោគ​របស់​ពលរដ្ឋ​ទូទៅ​ ធ្វើ​ឱ្យ​មាន​តម្រូវការ​ឥត​ឈប់ឈរ​ ហើយ​តម្លៃ​វា​ក៏​ពុំ​មានការ​ធ្លាក់​ថ្លៃ​ខ្លាំងពេក​ដូច​ដំ​ណាំ​ផ្សេង​ៗដែរ​ ដូច្នេះហើយ​ទើប​ពួកគាត់​សម្រេចចិត្ត​ដាំ​បន្លែ​ស្ពៃចង្កឹះ​ សាលាដ​ ពេញ​ 1ឆ្នាំ​តែម្តង​”។

    លោក​ប្រធាន​សហគមន៍​រូប​នេះ​បាន​រៀបរាប់​ថា​៖“ទោះបីជា​សហគមន៍​របស់​យើង​បច្ចុប្បន្ន​នៅ​ពុំ​ទាន់​មានការ​ដាំដុះ​ក្នុង​ទំហំផ្ទៃ​ដី​ធំ​ក៏​ពិតមែន​ ប៉ុន្តែ​សហគមន៍​ដែល​មាន​សមាជិក​ 27គ្រួសារ​ ដែល​ក្នុង​ 1គ្រួសារ​មាន​ដី​ត្រឹមតែ​ 40អា​ ឬ 20អា​ និង​ខ្លះទៀត​មាន​ដី​ត្រឹមតែ10អានេះ​ បាន​ធ្វើចម្ការ​ដាំដុះ​រួមគ្នា​ទៅ​ធ្វើ​ឱ្យ​យើង​មានផ្ទៃ​ដី​ដាំដុះ​បន្លែ​ស្ពៃចង្កឹះ​បាន​ជាង​ 1ហិ​កតា​ និង​សាលាដ​បាន​ជាង​ 1ហិ​កតា​ដូចគ្នា​ដែរ​”។

    លោក​ សុ​ខខេង​ បាន​បញ្ជាក់​ថា​៖“សព្វថ្ងៃ​ពូជ​បន្លែ​ ដែល​សហគមន៍​យើង​នាំមក​ដាំ​មានតែ​ 2ប្រភេទ​ទេ​ដែល​យើង​និយម​ដាំ​ គឺ​ពូជ​បន្លែ​មក​ពី​ប្រទេស​ថៃ​ និង​ពូជ​បន្លែ​មក​ពី​ប្រទេស​វៀតណាម​។ ប្រភេទ​ទាំង2នេះ​យើង​និយម​ដាំ​ពូជ​បន្លែ​មក​ពី​ប្រទេស​ថៃ​ខ្លាំង​ជាង​”។

    លោក​បាន​លើកឡើង​ថា​ សហគមន៍​របស់​លោក​បានសម្រេច​ចិត្ត​ដាំ​បន្លែ​ស្ពៃចង្កឹះ​ និង​សាលាដ​ គឺ​ដោយសារតែ​ដំណាំ​នេះ​ឆាប់​បាន​ប្រមូល​ផល​ និង​លក់​បាន​ចំណេញ​ជាង​ដំណាំ​ដទៃទៀត​។ លោក​បាន​បញ្ជាក់​ថា​ ដូចជា​បន្លែ​ស្ពៃចង្កឹះ​ យើង​ប្រើ​ពេល​តែ20ថ្ងៃ​ប៉ុណ្ណោះ​(សម្រាប់​កូន​ដក​ដាំ​(ស្ទូង​))យើង​អាច​ប្រមូល​ផល​បាន​ហើយ​ តែ​សម្រាប់​កូន​សាប​ដាំ​វិញ​ យើង​ត្រូវការ​រយៈពេល​ 40ថ្ងៃ​ឯណោះ​ទម្រាំ​ប្រមូល​ផល​បាន​។ ចំណែក​បន្លែ​សាលាដ​ យើង​អាច​ប្រមូល​ផល​បាន​ក្នុងរយៈពេល​ 1ខែ​ ទៅ1ខែ​កន្លះ​ និង​ទទួល​បាន​ប្រាក់​ចំ​ណូ​លភ្លាមៗ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​របស់​សមាជិក​ ដែល​ធ្វើ​ឱ្យ​មុខរបរ​ដាំដុះ​បន្លែ​របស់​សហគមន៍​លោក​កាន់តែ​មាន​ភាព​ធូរធារ​ និង​ល្អ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត​។

    លោក​បានឱ្យ​ដឹង​ទៀត​ថា​៖“ក្នុងរយៈពេល​កន្លងមក​នេះ​ សហគមន៍​របស់​យើង​បាន​លក់​បន្លែ​សាលាដ​ និង​ស្ពៃចង្កឹះ​ដែល​ប្រមូល​ផល​ក្នុង​ 1ថ្ងៃ​ បាន​ប្រមាណ​ 300​-400គីឡូក្រាម​ដែរ​ និង​បើ​គិត​ទាំង2មុខ​ គឺ​បាន​ជិត800គីឡូក្រាម​ដែរ​ ដោយ​ក្នុង​ 1គីឡូក្រាម​យើង​លក់​បាន​តម្លៃ​ 2,000រៀល​។ បើ​គិតជា​សរុបទៅ​ យើង​ទទួល​បាន​ប្រាក់កម្រៃ​ ក្នុង1ឆ្នាំ​ ខ្ទង់ម៉ឺន​ដុល្លារ​ដែរ​”។

    លោក​បាន​ប្រាប់​ទៀត​ថា​ ការដែល​សមាជិក​សហគមន៍​របស់​លោក​ងាក​មក​ដាំ​បន្លែ​ពពួក​ស្ពៃ​ទាំងនេះ​ គឺ​ដោយសារ​ទាំងអស់គ្នា​បាន​ទទួលការ​បង្ហាត់បង្រៀន​ពី​បច្ចេកទេស​ដាំ​បន្លែ​មក​ពី​មន្ទីរ​កសិកម្ម​ខេត្ត​ ដោយ​ពុំ​បាន​ប្រាប់​ឱ្យ​ប្រើ​ជីគីមី​ទេ​ គឺ​ឱ្យ​ប្រើ​ជីធម្មជាតិ​ ប៉ុន្តែ​បើ​មានការ​ប្រើ​ថ្នាំ​គីមី​សម្រាប់​សម្លាប់សត្វ​ល្អិត​ ក៏​ត្រូវ​ប្រើ​ក្នុង​កម្រិត​មួយ​ និង​ពេល​ជិត​ប្រមូល​ផល​ ក៏​ត្រូវ​ទុក​ពេល​យ៉ាងហោចណាស់​ 2សប្តាហ៍​ដែរ​ ទើប​អាច​ប្រមូល​ផល​យក​ទៅ​លក់​បាន​ ដើម្បី​ចៀសវាង​អ្នកទិញ​យក​ទៅ​បរិភោគ​មានផល​ប៉ះពាល់​ដល់​សុខភាព​។

    លោក​បញ្ជាក់​ថា​ ដោយ​ទទួល​បានការ​ពន្យល់​ពី​ការ​ដាំដុះ​ និង​ការថែទាំ​ផង​នោះ​ សហគមន៍​របស់​លោក​ក៏បាន​ធ្វើការ​ដាំដុះ​សាកល្បង​ និង​ប្រកបរបរ​ដាំ​បន្លែ​ប្រភេទ​នេះ​រហូត​មក​។ លោក​បន្ត​ថា​ ថ្វី​ដ្បិតតែ​បន្លែ​ប្រភេទ​ស្ពៃ​ងាយស្រួល​ដាំ​មែន​ តែ​នៅពេល​ដែល​យើង​ដាំដុះ​ក្នុងអំឡុងពេល​ដែល​មិនមែន​ជា​ក្នុង​រដូវ​កាល​របស់​វា​នោះ​ បន្លែ​សាលាដ​ និង​ស្ពៃចង្កឹះ​នេះ​មិន​ងាយស្រួល​ថែទាំ​ប៉ុន្មាន​ទេ​ ទោះបី​ត្រឹមតែ​រយៈពេល​ខ្លី​ដែល​បន្លែ​នេះ​ឱ្យ​ផល​ក៏ដោយ​ ប៉ុន្តែ​ក្នុងអំឡុងពេល​នោះ​យើង​នឹង​លក់​វា​បាន​ថ្លៃ​។

    លោក​ប្រធាន​សហគមន៍​បាន​ត្អូញត្អែរ​ឱ្យ​ដឹង​ថា​បច្ចុប្បន្ន​គាត់​មាន​លំបាក​ក្នុង​ការ​រក​ទីផ្សារ​បន្លែ​សម្រាប់​សហគមន៍​របស់​គាត់​ ដោយ​សព្វថ្ងៃ​គាត់​មាន​ទីផ្សារ​តែ​នៅក្នុង​ខេត្តកំពង់ធំ​ និង​កំពង់ចាម​ប៉ុណ្ណោះ​ដែល​មាន​ឈ្មួញ​មក​យក​ដល់កន្លែង​តែម្តង​មិន​លំបាក​ទេ​។

    លោក​ សុ​ខខេង​ បាន​បន្ថែម​ថា​៖ “ប្រសិនបើ​មាន​ទីផ្សារ​ច្រើន​ និង​តម្លៃ​មាន​លំនឹង​ល្អ​ សម្រាប់​បន្លែ​ទាំង2មុខ​នេះ​ លោក​មានបំណង​ពង្រីក​ការ​ដាំដុះ​បន្លែ​ស្ពៃចង្កឹះ​ និង​សាលាដ​នេះ​ឱ្យ​បាន​ធំ​ និង​ច្រើនជាង​នេះ​ប្រមាណ​ជា​ 3-4ហិ​កតា​ថែមទៀត​។

    លោក​ប្រធាន​សហគមន៍​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរយើង​ទាំងអស់​ សុំ​ឱ្យ​បន្ត​គាំទ្រ​ដំណាំ​បន្លែ​របស់​ខ្មែរយើង​ ព្រោះថា​ ប្រជាកសិករ​យើង​ឥឡូវ​បាន​ងាក​មក​ចាប់ផ្ដើម​ដាំដំណាំ​បន្លែ​បែប​ធម្មជាតិ​ជាបន្តបន្ទាប់​ហើយ​ ដើម្បី​ផ្គត់ផ្គង់​ក្នុង​ស្រុក​ផង​ និង​កាត់បន្ថយ​ការនាំចូល​ពី​ប្រទេសជិតខាង​ផង​ ដែល​នេះ​គឺជា​ការជំរុញ​ឱ្យ​កសិផល​ និង​បន្លែ​ក្នុង​ស្រុក​យើង​ដែល​ជា​បន្លែ​ធម្មជាតិ​កាន់តែ​មានតម្លៃ​ខ្ពស់​ជាង​កសិផល​នាំចូល​ពី​ប្រទេសជិតខាង​ និង​ទទួល​បានការ​និយម​ទទួលទាន​កាន់តែ​ច្រើន​៕

  • របៀបដាំសាលាដដើម្បីទទួលបានផលច្រើន ដោយមិនប្រើជីគីមី

    របៀបដាំសាលាដដើម្បីទទួលបានផលច្រើន ដោយមិនប្រើជីគីមី

    ភ្នំពេញ៖ កសិករដាំសាលាដនៅស្រុកស្អាង ខេត្តកណ្តាល បានឱ្យដឹងថា ការប្រកបរបរដាំបន្លែសាលាដឆាប់ទទួលបានផលណាស់ ដោយគិតចាប់ពីពេលដាំដុះត្រឹមតែ1ខែ 7ថ្ងៃ ទៅ1ខែ 10ថ្ងៃប៉ុណ្ណោះ គេអាចកាត់លក់បានហើយ។ សម្រាប់ការដាំនៅលើផ្ទៃដីតែ30អា អាចកាត់លក់ម្តងបានទម្ងន់ជាមធ្យមប្រមាណជា 3តោន ដែលមានតម្លៃចន្លោះពី 3,500រៀលទៅ 5,000រៀលក្នុងមួយគីឡូក្រាម សរុបបានកម្រៃជាង10លានរៀលក្នុង1លើកៗ។

    លោក តុង ឈាងកាំង បានរៀបរាប់ឱ្យដឹងថា គាត់បានចាប់របរដាំបន្លែសាលាដនេះជិត 20ឆ្នាំមកហើយ គឺដាំវិលជុំនៅលើផ្ទៃដីទំហំ 30អា ហើយឆ្នាំនេះសាលាដឃើញថា បានថ្លៃគ្រាន់បើ ដោយកាលពីមុនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ 1គីឡូក្រាមថ្លៃ 4,500 ទៅ 5,000រៀល ប៉ុន្តែពេលនេះគឺធ្លាក់មកត្រឹម 3,500រៀល ក្នុង1គីឡូក្រាម។ កសិករខាងលើដដែលនេះក៏បានប្រាប់អំពីរបៀបដាំដុះ និងថែទាំផងដែរថា សាលាដមិនខុសអំពីបន្លែផ្សេងៗទៀតប៉ុន្មានទេ ទាំងការដាំ ក៏ដូចជាថែទាំដែរ ប៉ុន្តែវាជាប្រភេទបន្លែដែលមិនសូវប្រើថ្នាំគីមីច្រើនដូចជាបន្លែមួយចំនួនទៀតនោះទេ និងប្រើពេលចាប់ពី1ខែ 7ថ្ងៃ ទៅ1ខែ 10ថ្ងៃ គឺអាចដកលក់បានហើយ។

    លោកបានប្រាប់អំពីវិធីដាំដុះ និងថែទាំផងដែរថា មុនពេលដាំ យើងត្រូវភ្ជូរដីហាលទុកសិន ហើយមិនកំណត់ពេលនោះទេ បើមេឃក្តៅដីឆាប់ឆ្អិន ហើយបើមានភ្លៀងយើងហាលទុកយូរបន្តិចទៅ ទាល់តែដីឆ្អិនល្អទើបឆូតជាងរង ព្រោះបើដាំលើដីដែលឆ្អិនមិនល្អ គឺមិនសូវបានផលល្អនោះទេ។ បន្ទាប់មកយើងបាចជីលាមកគោ ហើយគ្រប និងស្រោចទឹកឱ្យដុះស្មៅទើបបាញ់ថ្នាំសម្លាប់ស្មៅវិញ រួចយកគ្រាប់មកបាចដាំដើម្បីកុំឱ្យនឿយធ្វើស្មៅ។ ក្រោយបាចគ្រាប់ដាំហើយត្រូវស្រោចទឹកក្នុង1ថ្ងៃ2 ទៅ3ដង ហើយ1អាទិត្យក្រោយមកនៅពេលសាលាដដុះ យើងត្រូវឧស្សាហ៍ពិនិត្យមើលក្រែងមានសត្វល្អិត ឬដង្កូវបំផ្លាញ និងបន្តស្រោចទឹកព្រឹកល្ងាចរហូតដល់ពេលដកយកទៅលក់តែម្តង។

    លោក តុង ឈាងកាំង ក៏បានបន្ថែមដែរថា បើបន្លែបានថ្លៃនឹងមានតម្លៃស្ថេរដូចឆ្នាំនេះនោះ កសិករសប្បាយចិត្តណាស់ ហើយតាំងតែពីដើមរៀងមកគ្រួសារលោក គឺពឹងតែលើរបរធ្វើចម្ការបន្លែនេះតែ1មុខប៉ុណ្ណោះ នៅលើផ្ទៃដី 30អា និងទទួលបានទិន្នផលជាមធ្យមប្រមាណ3តោនក្នុង1លើកៗ ដែលអាចជួយឱ្យជីវភាពបានធូរធារសមរម្យមានផ្ទះធំទ្រនំខ្ពស់រស់នៅ ព្រមទាំងមានលទ្ធភាពបញ្ជូនកូនៗឱ្យរៀនដល់ថ្នាក់មហាវិទ្យាល័យថែមទៀតផង។

    ចំណែកឯឈ្មួញទិញបន្លែម្នាក់ គឺលោក ហ៊ុយ ឡូញ មានទីលំនៅភូមិព្រែកតាប៉ុក ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល បានទទួលស្គាល់ថា ឆ្នាំនេះសាលាដពិតជាបានថ្លៃគួរសមជាងឆ្នាំមុនៗមែន ហើយលោកតែងចុះមកទិញពីបងប្អូនកសិករយើង ដល់ចម្ការតែម្តងនិងដឹកយកទៅលក់នៅឯផ្សារដើមគឯណោះ។ លោកបានបន្តថា កាលពីមុនបោះឆ្នោតនេះ សាលាដ 1គីឡូក្រាមបានថ្លៃដល់ទៅ 5,000រៀលឯណោះ ប៉ុន្តែឥឡូវនៅសល់1គីឡូក្រាម 3,500រៀល ហើយបើតម្លៃនៅស្ថេរដូច្នេះនោះ អ្នកដាំនឹងបានចំណេញច្រើនមិនខាន៕