Tag: សមាជិកសភា

  • យន្តហោះ​ធ្លា​ក់នៅ​កូ​ឡុំ​ប៊ី បណ្ដាល​ឱ្យ​អ្នកនយោបាយ​ប្រាំ​នាក់​បាត់​បង់ជីវិត

    យន្តហោះ​ធ្លា​ក់នៅ​កូ​ឡុំ​ប៊ី បណ្ដាល​ឱ្យ​អ្នកនយោបាយ​ប្រាំ​នាក់​បាត់​បង់ជីវិត

    អ្នកនយោបាយ និង​អ្នកបើកបរ​យន្តហោះ​កូ​ឡុំ​ប៊ី បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​ធុន​ស្រាល​មួយគ្រឿង​នៅ​ភាគ​កណ្ដាល​ប្រទេស​កូឡុំប៊ី។

    យន្តហោះ Cessna T210N ដឹក​មនុស្ស 6 នាក់ បាន​ធ្លាក់​នៅក្នុង​ទីក្រុង San Luis de Gaceno នៃ​ខេត្ត Boyaca នៅពេល​កំពុង​ហោះ​ពី​ទីក្រុង Villavicencio ទៅកាន់​រដ្ឋធានី Bogota ដើម្បី​ចូលរួម​ពិធីជប់លៀង កាលពី​ថ្ងៃទី 19 កក្កដា ឆ្នាំ 2023។

    អ្នកនយោបាយ​ទាំង​ប្រាំ​រូប​ដែល​បាន​ស្លាប់ សុទ្ធតែជា​សមាជិក​រប​ស់​បក្ស​ស្ដាំនិយម ឈ្មោះ មជ្ឈមណ្ឌល​ប្រជាធិបតេយ្យ របស់​អតីត​ប្រធានាធិបតី Alvaro Uribe។

    យោងតាម​ការ​បង្ហោះ​សារ​នៅលើ Twitter របស់​បក្ស​នេះ អ្នកនយោបាយ​ដែល​បាន​ស្លាប់​រួមមាន អតីត​សមាជិកសភា​ជាន់ខ្ពស់ តំណាងរាស្ត្រ បេក្ខភាព​អភិបាលខេត្ត​ សមាជិក​ក្រុមប្រឹក្សា​ក្រុង និង​អ្នកបើកបរ​យន្តហោះ។

    ស្ថាប័ន​គ្រប់គ្រង​អាកាសចរណ៍​ស៊ីវិល​របស់​ប្រទេស​កូ​ឡុំ​ប៊ី កំពុងធ្វើការ​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ។

    យោងតាម​ប្រកាស​របស់​នាយកដ្ឋាន​ប​ច្ចេកទេស​ស៊ើបអង្កេត​គ្រោះថ្នាក់​អាកាសចរណ៍​ស៊ីវិល ក្នុង​ឆ្នាំ 2022 កូ​ឡុំ​ប៊ី​ធ្លាប់​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​អាកាសចរណ៍ 17 ករណី បណ្ដាលឱ្យ​មនុស្ស 14 នាក់​បាត់​បង់ជីវិត។

  • ពលរដ្ឋ​ថៃ​មិន​សុខចិត្ត​នៅពេល​លោក Pita បរាជ័យ​ក្នុងការ​បោះឆ្នោត​ជុំ​ដំបូង

    ពលរដ្ឋ​ថៃ​មិន​សុខចិត្ត​នៅពេល​លោក Pita បរាជ័យ​ក្នុងការ​បោះឆ្នោត​ជុំ​ដំបូង

    ប្រជាជន​ថៃ​ជាច្រើន​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​រាជធានី​បាងកក ដើម្បី​សម្ដែង​ការមិន​សុខចិត្ត​នៅពេល​លោក Pita ដែលជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​មកពី​បក្ស Move Forward មិនទាន់​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី។

    សភា​ថៃ​កាលពី​ថ្ងៃទី 13 កក្កដា បាន​បោះឆ្នោត​ជ្រើសតាំង​នាយករដ្ឋមន្ត្រី​ដែល​មាន​បេក្ខភាព​តែមួយ​រូប​គត់ គឺ​លោក Pita Limjaroenrat មេដឹកនាំ​បក្ស Move Forward។ ក៏ប៉ុន្តែ លោក Pita មិន​ទទួលបាន​សំឡេងឆ្នោត​គ្រប់គ្រាន់​ដើម្បី​ក្លាយជា​នាយករដ្ឋមន្ត្រី​បន្ទាប់​របស់​ប្រទេស​ថៃ ដោយសារតែ​សមាជិកសភា​ជាន់ខ្ពស់ ដែល​ភាគច្រើន​គឺជា​មនុស្ស​របស់​កងទ័ព មិន​បោះឆ្នោត​ជូន​លោក។

    អ្នកគាំទ្រ​លោក Pita និង​បក្ស Move Forward បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ខាងក្រៅ​វិមាន​សភា​ក្នុង​រាជធានី​បាងកក ដើម្បី​រង់ចាំ​តាម​ដាន​​ការបោះឆ្នោត។ ក្រោយពី​លទ្ធផល​ត្រូវបាន​ប្រកាស ពួកគេ​សម្ដែង​ការមិន​សុខចិត្ត។

    ពលរដ្ឋ​ថៃ​បាន​បោះឆ្នោតជាតិ​កាលពី​ខែឧសភា​ដើម្បី​ជ្រើសរើស​តំណាងរាស្ត្រ 500 នាក់​នៅ​សភា​ជាន់​ទាប។ សមាជិកសភា​ជាន់​ទាប រួម​នឹង​សមាជិកសភា​ជាន់ខ្ពស់ 250 រួប​ដែល​ត្រូវបានតែងតាំង គឺជា​អ្នកបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ដោយផ្ទាល់។

    លោក Pita Limjaroenrat

    ​អ្នកគាំទ្រ​ក្រុម​ប្រជាធិបតេយ្យ​ថៃ បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ចេញ​ធ្វើបាតុកម្ម បង្កឱ្យមាន​ការបារម្ភ​ខ្លាំង ពិសេស​នៅពេល​បេក្ខភាព​មកពី​បក្ស Move Forward ទទួល​បរាជ័យ។ បញ្ហា​នេះ បាន​នាំឱ្យ​សមត្ថកិច្ច​បន្ថែ​មការ​រឹតបន្តឹង​សន្តិសុខ។

    ប្រធានសភា​ថៃ Wan Muhamad Noor Matha ឱ្យដឹងថា ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ជុំ​ទី​ពីរ និង​ទី​បី នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី 19 និង 20 កក្កដា​ខាងមុខ។ លោក Pita អាយុ 42 ឆ្នាំ អាច​បន្ត​ឈរឈ្មោះ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី បើសិន​លោក​នៅតែ​ត្រូវបាន​សម្ព័ន្ធភាព 8 បក្ស ជ្រើសតាំង​ជា​បេក្ខ​ភាព​៕

  • បេក្ខភាព​នាយករដ្ឋមន្ត្រី​ថៃ រង​​ការចោទប្រកាន់ថា «មាន​​ផែនការ​ផ្ដួលរំលំ​របប​រាជានិយម»

    បេក្ខភាព​នាយករដ្ឋមន្ត្រី​ថៃ រង​​ការចោទប្រកាន់ថា «មាន​​ផែនការ​ផ្ដួលរំលំ​របប​រាជានិយម»

    តុលាការ​ធម្មនុញ្ញ​ថៃ​បាន​យល់ព្រម​ចាត់ការ​រឿងក្ដី​ដែល​ចោទប្រកាន់​បេក្ខភាព​នាយករដ្ឋមន្ត្រី​មកពី​បក្ស Move Forward លោក Pita ថា មាន​ផែនការ​ផ្ដួលរំលំ​របប​រាជាធិបតេយ្យ​នៅ​ប្រទេស​នេះ។

    មេធាវី Theerayuth Suwankaesorn បានដាក់​ពាក្យបណ្ដឹង​ប្រឆាំងនឹង​បេក្ខភាព​នាយករដ្ឋមន្ត្រី Pita Limjaroenrat ដោយ​ចោទថា លោក និង​បក្ស Move Forward ដែល​បាន​សន្យាថា​នឹង​កែប្រែ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ គឺមានន័យ​ស្មើនឹង «ការ​ព្យាយាម​ផ្ដួលរំលំ​របប​រាជាធិបតេយ្យ»។ មេធាវី​រូបនេះ​ចង់ឱ្យ​តុលាការ​រំសាយ​បក្ស Move Forward។

    តុលាការ​ធម្មនុញ្ញ​ថៃ កាលពី​ថ្ងៃទី 12 កក្កដា ប្រកាសថា បានទទួល​ចាត់ការ​រឿងក្ដី​នេះ។ តុលាការ​នេះ​ទុកពេល 15 ថ្ងៃ ដើម្បីឱ្យ​បក្ស Move Forward និង​លោក Pita ឆ្លើយតប និង​ការពារ​ខ្លួន​នៅ​ចំពោះមុខ​ពាក្យបណ្ដឹង​របស់ Suwankaesorn។

    នៅក្នុងពេល​ឃោសនា​រក​សំឡេងឆ្នោត បក្ស Move Forward បាន​សន្យាថា នឹងធ្វើ​វិសោធនកម្ម​មាត្រា 112 នៃ​ ​ក្រមព្រហ្មទណ្ឌ​របស់​ប្រទេស​ថៃ។ ច្បាប់​នេះ​បាន​ចែងថា អ្នក​ទាំងឡាយណា​ដែល​បំពាន​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ ឬ​រាជវង្សានុវង្ស នឹង​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ពី 3 ទៅ 15 ឆ្នាំ។

    បក្ស Move Forward បាន​បកស្រាយ​ថា ពួកគេ​មិន​ស្នើឱ្យ​លុបចោល​ច្បាប់​នេះ​ទាំងស្រុង ប៉ុន្តែ​ចង់​កំណត់ឱ្យ​បានច្បាស់លាស់​ថា មាត្រា​ច្បាប់​នេះ​គួរតែ​ត្រូវបាន​អនុវត្ត​នៅពេល​រាជវង្ស​ថៃធ្វើការ​តវ៉ា ដើម្បី​ចៀស​វា​ង​ការ​​​ប្រើ​អំណាច​តាម​អំពើ​ចិត្ត។

    បេក្ខភាព​នាយករដ្ឋមន្ត្រី​ថៃ លោក Pita Limjaroenrat

    ប្រកាស​របស់​តុលាការ​ធម្មនុញ្ញ​ថៃ ត្រូវបាន​លើកឡើង​ក្នុង​ថ្ងៃ​ដែល​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ថៃ (EC) ស្នើឱ្យ​មានការ​ព្យួរ​អភ័យឯកសិទ្ធិ​សមាជិកសភា​របស់លោក Pita ក្នុង​គ្រា​ដែល​តុលាការ​ពិនិត្យ​ពាក្យបណ្ដឹង​ដែលថា លោក Pita កាន់កាប់​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ iTV ដែល​ផ្ទុយ​ពី​ច្បាប់​។

    ក្នុងករណី​មេដឹកនាំ​បក្ស Move Forward បាន​ឆ្លងកាត់​ច្រើន​ដំណាក់កាល​នៅតែ​មិនបាន​ក្លាយជា​នាយករដ្ឋមន្ត្រី បក្ស Pheu Thai ដែលជា​បក្ស​ធំ​លំដាប់​ទី​ពីរ​ក្នុង​សម្ព័ន្ធភាព 8 បក្ស ត្រូវបាន​គេ​ជឿថា នឹង​លើក​តំណាង​មួយរូប​របស់ខ្លួន​ឱ្យធ្វើជា​បេក្ខភាព៕

  • បេក្ខភាព​នាយករដ្ឋមន្ត្រី​ថៃ ប្រឈម​នឹង​​ហានិភ័យ​ត្រូវ​ជម្រុះ​ពី​ការ​ប្រកួត​​ប្រជែង

    បេក្ខភាព​នាយករដ្ឋមន្ត្រី​ថៃ ប្រឈម​នឹង​​ហានិភ័យ​ត្រូវ​ជម្រុះ​ពី​ការ​ប្រកួត​​ប្រជែង

    គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ថៃ (EC) បញ្ជូន​សំណុំរឿង​លោក Pita បេក្ខភាព​នាយករដ្ឋមន្ត្រី​ថៃ មក​ពី​បក្ស Move Forward ឡើងទៅ​កាន់​តុលាការ​ធម្មនុញ្ញ នាំឱ្យ​លោក​មាន​ហានិភ័យ​ត្រូវគេ​ជម្រុះ​ពី​ការប្រកួត​ដណ្ដើម​កៅអី​នាយករដ្ឋមន្ត្រី​ថៃ។

    EC នៅ​ថ្ងៃទី 12 កក្កដា​នេះ​ បានស្នើ​សូមឱ្យ​តុលាការ​ធម្មនុញ្ញ​ថៃ ព្យួរ​សមាជិកភាព​សភា​របស់លោក Pita Limjaroenrat ដែលជា​បេក្ខភាព​សម្រាប់​កៅអី​នាយករដ្ឋមន្ត្រី ក្នុងពេល​តុលាការ​ពិនិត្យ​រឿងក្ដី​ប្ដឹង​អ្នកនយោបាយ​នេះ ទាក់ទិន​នឹង​ការកាន់កាប់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ iTV។

    មុន​នោះ EC បាន​ឯកភាព​នឹង​ការសន្និដ្ឋាន​ដែលថា មាន​ភស្ដុតាង​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់ថា លោក Pita កាន់កាប់​ភាគហ៊ុន​ចំនួន 42,000 ហ៊ុន​នៅ iTV ពេល​លោក​ចុះឈ្មោះ​ជា​បេក្ខភាព​សម្រាប់​ការបោះឆ្នោត​នាពេល​កន្លង។ ច្បាប់​របស់​ថៃ​បាន​ចែងថា បេក្ខភាព​សមាជិកសភា​មិនត្រូវ​បានអនុញ្ញាត​ឱ្យមាន​ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ។

    ការសម្រេច​របស់ EC ត្រូវបាន​ធ្វើឡើង​តែមួយ​ថ្ងៃ មុនពេល​សភា​ថៃ​បោះឆ្នោត​​ជ្រើស​រើស​​នាយករដ្ឋមន្ត្រី​ថ្មី ក្នុងនោះ​មាន​លោក Pita ជា​មេបក្ស Move Forward ដែល​កំពុង​ជា​បេក្ខភាព​លំដាប់​កំពូល។ បើសិន​ត្រូវបាន​ព្យួរ​សមាជិកភាព​សភា លោក Pita នឹង​ត្រូវបាន​ជម្រុះ​ចេញពី​ការប្រកួត​ដណ្ដើម​តំណែង​នាយករដ្ឋមន្ត្រី​ថៃ​នៅ​អាណត្តិ​នេះ។

    តុលាការ​ធម្មនុញ្ញ​ថៃ គ្រោង​នឹង​បើកសវនាការ​នៅថ្ងៃនេះ ប៉ុន្តែ​មិនដឹងថា​ស្ថាប័ន​នេះ​នឹង​ចេញ​សាលក្រម​នៅវេលា​ណា​នៅឡើយ៕

  • សមាជិក​សភា​បារាំង​ ឆ្លង​មេរោគ​ Covid-19 ខណៈ​​អ្នក​ជំងឺ​ 23នាក់​ផ្សេង​ទៀត​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដល់​ជីវិត​

    សមាជិក​សភា​បារាំង​ ឆ្លង​មេរោគ​ Covid-19 ខណៈ​​អ្នក​ជំងឺ​ 23នាក់​ផ្សេង​ទៀត​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដល់​ជីវិត​

    សមាជិក​​សភា​បារាំង​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​បន្ទាន់​ដើម្បី​ព្យា​បាល​ជំងឺ បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា Covid-19។

    ស​ភា​ជាន់​ទាប​របស់​បារាំង​ បាន​ចេញ​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃទី​ 5មីនា​ ឱ្យ​ដឹង​ថា តំណាង​រាស្ត្រ​មួយ​រូប​របស់​ប្រទេស​នេះ ត្រូ​វ​បាន​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​ ក្រោយ​ពី​បាន​ឆ្លង​វីរុស​ Covid-19 ដែលមេរោគ​នេះ​កំពុង​សម្លាប់​មនុស្ស​ជា​រៀង​រាល់​ថ្ងៃ​​។

    បុគ្គលិក​ម្នាក់​ដែល​ធ្វើ​ការ​នៅ​ក្នុង​វិមាន​សភា​បារាំង ក៏​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​នេះ​ដែរ ហើយ​ក៏​កំពុង​បង្ខាំង​ខ្លួន​នៅ​ឯផ្ទះ​។ ក្នុង​សេចក្ដី​ប្រកាស​ខាង​លើ​ ក៏​បាន​ឱ្យ​ដឹង​ថា បុគ្គលិក​ម្នាក់​ផ្សេង​ទៀត​ដែល​ធ្វើ​ការ​នៅ​ក្នុង​​អាហារ​ដ្ឋាន​​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​បារាំង​ ក៏​ត្រូវ​បាន​សង្ស័យ​ថា​ បាន​ឆ្លង​មេរោគ​កូរ៉ូណា ក្រោយ​មក​បុគ្គលិក​ម្នាក់​នេះ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​។

    សេចក្ដី​ប្រកាស​របស់​សភា​ជាន់​ទាប​បារាំង​ មិន​បាន​ប្រាប់ឱ្យ​ដឹង​អំពិ​​ឈ្មោះ​របស់​សមា​ជិក​សភា​ដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណា​នេះ​​នោះ​ទេ ប៉ុន្តែ បាន​សង្កត់​ធ្ងន់​ថា មនុស្ស​ទាំង​អស់​ដែល​ធ្វើ​ការ​នៅ​ក្នុង​វិមាន​សភា​នេះ​ ត្រូវ​បាន​ជូន​ដំណឹង​​​រួច​រាល់​ហើយ​​អំពី​ករណី​ខាង​លើ​។ នេះ​បើ​តាម​សារ​ព័ត៌មាន Straits Times​។

    កាល​ពី​ថ្ងៃទី​5មីនា​កន្លង​ទៅ ប្រធានាធិបតី​បារាំង​ លោក Emmanuel Macron បាន​ជួប​ពិភាក្សា​ជាមួយ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ និង​ក្រុម​អ្នក​ជំនាញ ដើម្បី​ស្វែង​រក​វិធី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ខ្លាំង​នៃ​មេរោគ​ Covid-19 នៅ​ប្រទេស​នេះ​។

    ប្រទេស​បារាំង​ បច្ចុប្បន្ន មាន​អ្នកផ្ទុក​មេរោគ Covid-19 ចំនួន​ 423នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ 7នាក់​។ រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​បារាំង Jérôme Salomon បាន​​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ផ្ទុក​មេរោគ​នេះ មាន​អ្នក​ជំងឺ 23នាក់​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដល់​ជីវិត​៕

    ប្រភព៖ សា​រព័ត៌មាន​បរទេស