បេក្ខភាព​នាយករដ្ឋមន្ត្រី​ថៃ ប្រឈម​នឹង​​ហានិភ័យ​ត្រូវ​ជម្រុះ​ពី​ការ​ប្រកួត​​ប្រជែង

លោក Pita Limjaroenrat

គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ថៃ (EC) បញ្ជូន​សំណុំរឿង​លោក Pita បេក្ខភាព​នាយករដ្ឋមន្ត្រី​ថៃ មក​ពី​បក្ស Move Forward ឡើងទៅ​កាន់​តុលាការ​ធម្មនុញ្ញ នាំឱ្យ​លោក​មាន​ហានិភ័យ​ត្រូវគេ​ជម្រុះ​ពី​ការប្រកួត​ដណ្ដើម​កៅអី​នាយករដ្ឋមន្ត្រី​ថៃ។

EC នៅ​ថ្ងៃទី 12 កក្កដា​នេះ​ បានស្នើ​សូមឱ្យ​តុលាការ​ធម្មនុញ្ញ​ថៃ ព្យួរ​សមាជិកភាព​សភា​របស់លោក Pita Limjaroenrat ដែលជា​បេក្ខភាព​សម្រាប់​កៅអី​នាយករដ្ឋមន្ត្រី ក្នុងពេល​តុលាការ​ពិនិត្យ​រឿងក្ដី​ប្ដឹង​អ្នកនយោបាយ​នេះ ទាក់ទិន​នឹង​ការកាន់កាប់​ភាគហ៊ុន​របស់​ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ iTV។

មុន​នោះ EC បាន​ឯកភាព​នឹង​ការសន្និដ្ឋាន​ដែលថា មាន​ភស្ដុតាង​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់ថា លោក Pita កាន់កាប់​ភាគហ៊ុន​ចំនួន 42,000 ហ៊ុន​នៅ iTV ពេល​លោក​ចុះឈ្មោះ​ជា​បេក្ខភាព​សម្រាប់​ការបោះឆ្នោត​នាពេល​កន្លង។ ច្បាប់​របស់​ថៃ​បាន​ចែងថា បេក្ខភាព​សមាជិកសភា​មិនត្រូវ​បានអនុញ្ញាត​ឱ្យមាន​ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ។

ការសម្រេច​របស់ EC ត្រូវបាន​ធ្វើឡើង​តែមួយ​ថ្ងៃ មុនពេល​សភា​ថៃ​បោះឆ្នោត​​ជ្រើស​រើស​​នាយករដ្ឋមន្ត្រី​ថ្មី ក្នុងនោះ​មាន​លោក Pita ជា​មេបក្ស Move Forward ដែល​កំពុង​ជា​បេក្ខភាព​លំដាប់​កំពូល។ បើសិន​ត្រូវបាន​ព្យួរ​សមាជិកភាព​សភា លោក Pita នឹង​ត្រូវបាន​ជម្រុះ​ចេញពី​ការប្រកួត​ដណ្ដើម​តំណែង​នាយករដ្ឋមន្ត្រី​ថៃ​នៅ​អាណត្តិ​នេះ។

តុលាការ​ធម្មនុញ្ញ​ថៃ គ្រោង​នឹង​បើកសវនាការ​នៅថ្ងៃនេះ ប៉ុន្តែ​មិនដឹងថា​ស្ថាប័ន​នេះ​នឹង​ចេញ​សាលក្រម​នៅវេលា​ណា​នៅឡើយ៕

Advertisement