Tag: សត្វល្អិត

  • ចង្រិត​ក្រហមកំពុង​បំភ័យ​ប្រជាជន​នៅ​​ទីក្រុង​របស់​សហរដ្ឋ​អាម៉េរិក​

    ចង្រិត​ក្រហមកំពុង​បំភ័យ​ប្រជាជន​នៅ​​ទីក្រុង​របស់​សហរដ្ឋ​អាម៉េរិក​

    ចង្រិត Mormon ដែល​ស៊ីសាច់​គ្នាឯង​ កំពុង «សម្រុក» ចូល​ទីក្រុង Elko របស់​រដ្ឋ Nevada ក្នុង​ទ្រង់ទ្រាយ​ធំ បាន និង​កំពុង​ពង្រាយ​ខ្លួន​ពេញ​ដងផ្លូវ​ល្បឿន​លឿន វាលស្មៅ និង «ឡោមព័ទ្ធ» ទីលំនៅ​របស់​ប្រជាជន។

    ទីក្រុង Elko របស់​រដ្ឋ Nevada ប្រឈមមុខ​នឹង​ទិដ្ឋភាព​ដូច​ទៅនឹង​ភាពយន្ត​រន្ធត់ នៅពេល​ហ្វូង​ចង្រិត​ក្រហម​ដូច​ឈាម​កំពុង​ចូលមក​កាន់កាប់​ស្ទើរ​គ្រប់​ច្រកល្ហក។ ចង្រិត Mormon មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ដោយផ្ទាល់ ប៉ុន្តែ​វត្តមាន​របស់​ពួកវា​ធ្វើឱ្យ​ប្រជាជនមាន​ការព្រួយបារម្ភ។ នេះ​បើតាម Interesting Engineering ចុះផ្សាយ​នៅ​ថ្ងៃទី 26 មិថុនា​នេះ។

    ចង្រិត Mormon មានឈ្មោះ​ក្នុង​វិទ្យាសាស្ត្រ​ថា Anabrus simplex។ វា​គឺជា​សត្វល្អិត​គ្មាន​ស្លាប​ដែលមាន​ប្រភព​នៅ​ពាក់កណ្ដាល​ភាគ​ខាងជើង​របស់​អាម៉េរិក​ខាងជើង។

    ជាធម្មតា ក្នុង​មួយឆ្នាំ ចង្រិត​ញី​នឹង​បង្កើតកូន​បាន​មួយ​លើក។ ក្រោយមក ពួកវា​ប្រមូល​ផ្ដុំគ្នា ផ្លាស់​ទី និង​ស៊ី​ដំណាំ​នៅតាម​ផ្លូវ​ពេលធ្វើ​ដំណើរ។ ក៏ប៉ុន្តែ ឆ្នាំនេះ ពួកវា​នាំគ្នា​ចូលមកក្នុង​ទីប្រជុំជន និង​ទីក្រុង រួមមាន Elko ជាដើម បង្កឱ្យមាន​ការព្រួយបារម្ភ​ពី​ប្រជាជន។ ក្រុម​អ្នកជំនាញ​វាយតម្លៃថា ចង្រិត​រាប់លាន​ក្បាល​ចូលមក​កាន់​ទីក្រុង Elko នៅ​រដូវក្ដៅ​នេះ។

    បើទោះជា​មិន​គំរាមកំហែង​ដល់​មនុស្ស ប៉ុន្តែ​ចង្រិត Mormon មាន​ក្លិន​អាក្រក់ និង​ជា​សត្វល្អិត​ដែល​អាច​ស៊ីសាច់​គ្នាឯង។ នៅពេល​ចង្រិត​ណាមួយ​ត្រូវ​ឡាន​កិន ពួក​ដែល​នៅក្បែរនោះ​តែង​លោត​ចូលមក​ដណ្ដើម​គ្នា​ស៊ី បង្កើតបានជា​ទិដ្ឋភាព​មួយ​ដ៏​គួរឱ្យខ្លាច។

    វត្តមាន​ក្នុង​ទ្រង់ទ្រាយ​ធំ​របស់​ចង្រិត​នេះ នាំឱ្យ​ម​ន្ទីរ​ពេទ្យ និង​កន្លែង​អាជីវកម្ម​នានា​ត្រូវបញ្ជូន​មនុស្ស​ទៅ​ចាត់ការ បើ​ទោះ​មិនសូវ​ទទួលបាន​លទ្ធផល​ល្អ៕

  • អ្នកជំនាញ​របស់​ណា​សា​ថា ព្រះ​ចន្ទ​អាចមាន​ភាវៈរស់ ពិសេស​គឺ​ប្រភព​របស់​វា

    អ្នកជំនាញ​របស់​ណា​សា​ថា ព្រះ​ចន្ទ​អាចមាន​ភាវៈរស់ ពិសេស​គឺ​ប្រភព​របស់​វា

    ភាវៈរស់​ក្រៅ​ភពផែនដី​មិនមែន​នៅ​ឆ្ងាយ​ឡើយ តែ​អាច​ស្ថិតនៅលើ​ភព​រណប​របស់​ផែនដី នោះ​គឺ​ព្រះ​ចន្ទ​របស់​មនុស្ស។

    ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ​ក្លាយជា​ចំណុច​ដ៏​ទាក់ទាញ​សម្រាប់​បណ្ដា​ប្រទេស​មហាអំណាច​អវកាស ពិសេស​នៅពេល​ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា) រៀប​គម្រោង​នាំ​មនុស្ស​ឡើងទៅ​ជាន់ដី​ព្រះ​ចន្ទ​តាមរយៈ​បេសកកម្ម Artemis។

    ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ​មួយរូប​របស់​ណា​សា បាន​ចែករំលែក​ព័ត៌មាន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ នោះ​គឺ នៅលើ​ឋាន​ព្រះ​ចន្ទ​អាចមាន​ភាវៈរស់ បើ​ទោះ​មាន​លក្ខខណ្ឌ​មិន​អំណោយផល​សម្រាប់​ជីវិត។

    យោងតាម Business Insider អ្នកវិទ្យាសាស្ត្រ Prabal Saxena របស់​អង្គការ​ណា​សា ឱ្យដឹងថា ជីវិត​របស់​សត្វល្អិត​អាចមាន​វត្តមាន​នៅក្នុង​បរិស្ថាន​អាក្រក់​ដូច​នៅលើ​ព្រះ​ចន្ទ។ លោក Prabal បន្ថែមថា រណ្ដៅ​នានា​នៅលើ​ផ្ទៃ​ព្រះ​ចន្ទ​ទំនងជា​បានផ្ដល់​ជា​ជម្រក​ល្អ​សម្រាប់​សត្វល្អិត​ទាំងនោះ ពិសេស​គឺ​នៅ​ប៉ូល​ខាងត្បូង​ដែល​ពន្លឺ​ព្រះ​អាទិត្យ​មិន​អាច​ទៅ​ដល់។

    លោក Prabal និង​សហការី​យល់ថា សត្វល្អិត​ទាំងនេះ​មាន​ប្រភព​មកពី​ទី​អវកាស ពិសេស​គឺ​ផែនដី​តែម្ដង។ សត្វល្អិត​ទាំងនេះ បើសិន​ជាមាន ពួកវា​ប្រហែលជា​បាន​ទៅកាន់​ឋាន​ព្រះ​ចន្ទ​តាមរយៈ​យានអវកាស ក្នុងនោះ​មាន​យាន​ចុះចត​ដូចជា Apollo របស់​សហរដ្ឋ​អាម៉េរិក​ កាលពី​ឆ្នាំ 1969 ជាដើម។ ប្រសិន​បើ​ពេល​នេះ​ពុំ​មាន​សត្វ​ល្អិត​ នៅ​ថ្ងៃ​ខាង​មុខ​ ព្រះចន្ទ​ក៏​នៅ​តែ​មាន​​វត្តមាន​របស់​ភាវៈ​រស់​ ព្រោះ​ថា អនាគត​ មនុស្ស​នឹង​បង្កើន​វត្តមាន​របស់​ខ្លួន​នៅ​ទីនោះ​៕

  • កុមារ​បួន​នាក់​ដែល​បាត់​ខ្លួន​​ជាង​ប្រាំ​សប្ដាហ៍​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន «នៅ​មានជីវិត»

    កុមារ​បួន​នាក់​ដែល​បាត់​ខ្លួន​​ជាង​ប្រាំ​សប្ដាហ៍​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន «នៅ​មានជីវិត»

    កុមារ​បួន​នាក់​មាន​អាយុ​ចាប់ពី​ជិត​មួយឆ្នាំ​ដល់ 13 ឆ្នាំ ដែល​​វង្វេងផ្លូវ​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​កាលពី​ថ្ងៃទី 01 ឧសភា ត្រូវបាន​សមត្ថកិច្ច​កូ​ឡុំ​ប៊ី​រកឃើញ និង​សង្គ្រោះ​ទាន់ពេល។

    «ប្រទេស​ទាំងមូល​សប្បាយ​រីករាយ! កុមារ​បួន​នាក់​ដែល​បាត់​ខ្លួន​ក្នុងព្រៃ​ជ្រៅ​នៅ​កូ​ឡុំ​ប៊ី នៅមាន​ជីវិត» ប្រធានាធិបតី​កូ​ឡុំ​ប៊ី លោក Gustavo Petro នៅ​ថ្ងៃទី 10 មិថុនា បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ដូច្នេះ។

    ក្រុម​កុមារ​នេះ​ត្រូវបាន​ទាហាន​កូ​ឡុំ​ប៊ី​រកឃើញ​នៅក្បែរ​ព្រំប្រទល់​រវាង​ខេត្ត Caqueta និង Guaviare របស់​ប្រទេស​កូ​ឡុំ​ប៊ី ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ធៀប​នឹង​កន្លែង​យន្តហោះ​ដឹក​គ្រួសារ​របស់​ពួកគេ​បាន​​ជួប​គ្រោះថ្នាក់​កាលពី​ថ្ងៃទី 01 ឧសភា។

    ក្រុម​សង្គ្រោះ​របស់​កូ​ឡុំ​ប៊ី ធ្វើការ​យ៉ាង «ដុតដៃដុតជើង» នៅក្នុង​ការ​តាម​ស្វែងរក​ក្រុម​កុមារ​បាត់​ខ្លួន​នេះ។ បណ្ដាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា Wilson ដែលជា​សុនក​ជំនាញ បាន​បាត់​ខ្លួន​ក្នុងពេល​តាម​ស្វែងរក​ ក៏ត្រូវ​បាន​រកឃើញ​នៅ​ជាមួយ​កុមារ​ទាំងនេះ​ផងដែរ។

    ពេល​បាន​រកឃើញ កុមារ​ទាំងនេះ​មាន​អា​ការៈបាត់បង់​ជាតិ​ទឹក នៅលើ​ខ្លួន​មាន​ស្នាម​សត្វល្អិត​ខាំ និង​បាក់​​កម្លាំង​។ កងទ័ព​កូ​ឡុំ​ប៊ី បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ​ទៅកាន់​កន្លែងកើតហេតុ​ដើម្បី​នាំ​កុមារ​ទាំងនេះ​ទៅកាន់​មន្ទីរពេទ្យ។

    កាលពី​ថ្ងៃទី 01 ឧសភា 2023 យន្តហោះ​ខ្នាតតូច Cessna 206 ដឹក​មនុស្ស 7 នាក់​ពី Araracuara ទៅកាន់ San Jose del Guaviare ដែលជា​ទីក្រុង​ស្ថិត​ក្នុងព្រៃ​ជ្រៅ​អា​ម៉ា​ហ្សូ​ន​របស់​ប្រទេស​កូ​ឡុំ​ប៊ី។ អ្នកដំណើរ​លើ​យន្តហោះ​រួមមាន មេដឹកនាំ​ជនជាតិដើម Huitoto និង​ស្ត្រី​ជនជាតិដើម​ម្នាក់​ឈ្មោះ Magdalena Mucutui Valencia រួម​នឹង​កូន​បួន​នាក់។

    ក្រោយពី​យន្តហោះ​​ហោះ​ឡើង​បាន​ប៉ុន្មាន​នាទី ពី​ឡុ​ត​ក៏​ផ្ដល់​សញ្ញា​គ្រោះថ្នាក់​ទាក់ទង​នឹង​ម៉ាស៊ីន។ ក្រោយមកទៀត យន្តហោះ​នេះ​ក៏បាន​បាត់​ខ្លួន​ពី​រ៉ា​ដា។

    ក្នុង​ថ្ងៃទី 15 និង 16 ឧសភា ក្រុម​ទាហាន​កូ​ឡុំ​ប៊ី បាន​រកឃើញ​សាកសព​របស់​អ្នកបើកបរ​យន្តហោះ និង​មនុស្ស​ចាស់​ពីរ​នាក់​នៅ​តំបន់ Caqueta។ កុមារ​បួន​នាក់​នៅលើ​យន្តហោះ​ជួប​គ្រោះថ្នាក់​នេះ​ក៏បាន​បាត់​ខ្លួន។ បន្ទាប់​មក សុនក​ជំនាញ និង​កងកម្លាំង​សង្គ្រោះ​ក៏បាន​រកឃើញ​ដប​ទឹកដោះគោ​សម្រាប់​ទារក ស្បែកជើង ខោអាវ និង​ផ្លែឈើ​ដែល​ក្មេង​ទាំងនេះ​បាន​ខាំ នៅមិន​ឆ្ងាយ​ប៉ុន្មាន​ពី​​កន្លែង​ធ្លាក់​យន្តហោះ។

    មកដល់​ថ្ងៃទី 17 ឧសភា កម្លាំង​សង្គ្រោះបាន​រកឃើញ​ជម្រក​មួយ​ដែល​ធ្វើ​​ពី​មែកឈើ។ សុនក​ជំនាញ​ក៏បាន​រកឃើញ​កន្ត្រៃ និង​ខ្សែ​ចង​សក់។ Fidencia Valencia ដែលជា​ជីតា​របស់​កុមារ​ទាំង​បួន​នាក់​នេះ​ធ្លាប់​បាន​​ប្រាប់ថា ក្មេង​ទាំងនេះ​រស់នៅ​ស៊ាំ​នឹង​ព្រៃ​ជ្រៅ ហើយ​ប្រហែលជា​កំពុង​គេចខ្លួន​ដោយសារ​ការភ័យខ្លាច។ ក្មេងស្រី​ច្បង​ក្នុង​ចំណោម​​កុមារ​បួន​នាក់​នេះ ​ចេះដឹង​ច្រើន​ទាក់ទង​នឹង​ការរក្សា​ជីវិត​នៅក្នុង​ព្រៃ​ជ្រៅ៕

  • អ្នកវិទ្យាសាស្ត្រ​អាស៊ីអាគ្នេយ៍ បង្កើតបាន​ពូជ​ពោត​ផ្អែម​ខ្លាំង និង​ហូប​បានភ្លាមៗ​ដូច​ផ្លែ​ឈើ​​ទុំ

    អ្នកវិទ្យាសាស្ត្រ​អាស៊ីអាគ្នេយ៍ បង្កើតបាន​ពូជ​ពោត​ផ្អែម​ខ្លាំង និង​ហូប​បានភ្លាមៗ​ដូច​ផ្លែ​ឈើ​​ទុំ

    តាមរយៈ​ការ​បង្កាត់​ពូជ​បែប​ធម្មជាតិ អនុបណ្ឌិត ង្វៀន វ៉ាន់ ហា រួម​នឹង​សហការី បង្កើតបាន​ពូជ​ពោត SSW18 ដែល​អាច​ហូប​បានភ្លាមៗបន្ទាប់ពី​បេះ ដោយ​មិនចាំបាច់​ចម្អិន។

    ចំណុច​ពិសេស​របស់​ពូជ​ពោត​នេះ​គឺមាន​ជាតិ​ទឹក​ច្រើន មាន​ម្សៅ​តិច ហើយ​នៅពេល​ហូប​ឆៅ​នឹងមាន​រសជាតិ​ដូច​ទៅនឹង​ផ្លែឈើ​ទុំ។ បើ​ធៀប​ទៅនឹង​ពោត​ធម្មតា​ដែលមាន​កម្រិត​ជាតិ​ផ្អែម​ប្រហែល​ពី 12-15 Brix ពូច​ពោត​ថ្មី​របស់លោក លោក ង្វៀន វ៉ាន់ ហា មាន​ជាតិ​ផ្អែម​ឡើងដល់ 18 Brix ហើយ​ក្នុងករណី​​ការ​ដាំដុះ​មាន​លក្ខខណ្ឌ​អំណោយផល​ល្អ វា​អាច​ឡើងដល់ 20 Brix។

    តាម​ការអះអាងពី​ក្រុម​អ្នក​ស្រាវជ្រាវ ពោត​ SSW18 ត្រូវបាន​បង្កាត់​ពូជ​រវាង​ពូជ​ពោត​ក្នុងស្រុក និង​មិនមាន​ការកែប្រែ​ហ្សែ​ន។ គម្រោង​​បង្កើត​ពូជ​ពោត​ថ្មី​នេះ​ត្រូវបានលោក ង្វៀន វ៉ាន់ ហា អនុប្រធាន​ផ្នែក​ស្រាវជ្រាវ​ដំណាំ​លើក​គោក នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍ​ដំណាំ របស់​បណ្ឌិត្យសភា​កសិក​ម្ម​វៀតណាម រួម​នឹង​សហការី​​ស្រាវជ្រាវ​តាំងតែ​ពី​ប្រហែល 8 ឆ្នាំមុន​មកម្ល៉េះ។

    បច្ចុប្បន្ន ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ​កំពុង​ពិសោធ​ដាំ​នៅ​តំបន់ផ្សេងៗគ្នា​ដើម្បី​ជ្រើសរើស​ប្រភេទ​ដី​ដែល​ផ្ដល់​ទិន្នផល គុណភាព និងមាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​​​ទប់​ទល់នឹង​សត្វល្អិត និង​ជម្ងឺ​ផ្សេង​ៗ​ ហើយ​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការសហការ​ជាមួយ​ដៃគូ​នានា​ដើម្បី​នាំយក​ពូជ​ពោត​ថ្មី​នេះ​ទៅក្នុង​ទីផ្សារ៕

  • នាំកូនទៅលេងក្រៅផ្ទះ ដើម្បីរៀនយល់ដឹងពីអ្វីៗដែលថ្មី

    នាំកូនទៅលេងក្រៅផ្ទះ ដើម្បីរៀនយល់ដឹងពីអ្វីៗដែលថ្មី

    នៅពេលឈប់សម្រាកច្រើនថ្ងៃជាប់ៗគ្នា គ្រួសារជាច្រើនតែងជ្រើសរើសយកការធ្វើដំណើរទៅកម្សាន្តនៅតាមបណ្តាខេត្ត និង​ឆ្លៀត​​​​​​​ឱកាសនាំកូនៗទៅប៉ះពាល់នឹងធម្មជាតិ ដែលវាអាចជួយឱ្យកូនតូចៗបានរៀនយល់ដឹងពីអ្វីថ្មីៗដែលខុសប្លែកគ្នាពីក្នុងផ្ទះ តែបើ​សិន​​ជាគ្មានពេលវេលាច្រើនទេនោះ ថ្ងៃឈប់សម្រាកសៅរ៍ – អាទិត្យ ឬពេលល្ងាចៗ ក៏អាណាព្យាបាលអាចនាំកូនតូចដើរលេងកម្សាន្តនៅតាមសួនច្បារ​សាធារ​ណៈក្បែរៗផ្ទះក៏ជាការមួយល្អដែរ។

    ព្រោះការបណ្តោយឱ្យក្មេងៗបាននៅជិតនឹងធម្មជាតិ និងសភាពជុំវិញខ្លួនដែលប្លែកថ្មី ក្រៅពីនឹងធ្វើឱ្យពួកគេមានអារម្មណ៍ស្រស់ថ្លា បានហាត់ប្រាណកណ្តាលខ្យល់អាកាសបរិសុទ្ធហើយនោះ នៅបានជួយឱ្យពួកគេត្រៀមខ្លួនសម្រាប់ការរៀនយល់ដឹងពីអ្វីដែលថ្មីៗថែមទៀតផង។

    …តែមុននឹងនាំកូនចេញទៅលេងខាងក្រៅផ្ទះនោះ ចាំបាច់ត្រូវមានការត្រៀមខ្លួនបន្តិចសិន ៈ

    ត្រៀមឱ្យរួចរាល់មុនចេញទៅខាងក្រៅផ្ទះ

    ចង់ចេញទៅលេងនៅខាងក្រៅផ្ទះម្តង ត្រូវតែត្រៀមឱ្យបានរួចរាល់ជាមុនសិន ប្រសើរជាងទៅដើររកទិញនៅពេលក្រោយ ដែលអាចនឹងធ្វើឱ្យមិនទាន់ចិត្តកូនតូចបាន។ សម្រាប់អាហារដែលគួរត្រៀមយកទៅជាមួយ ដើម្បីទុកបម្រុងពេលកូនឃ្លាន គួរតែជាអាហារដែលងាយស្រួលញ៉ាំ ដូចជានំស៊ែនវិច និងនំប៊ីស្គីត -ល- ដែលពេលណាកូនឃ្លានភ្លាម អ្នកម្ដាយអាចយកចេញមកឱ្យកូនញ៉ាំបានភ្លែត។ ក្រៅពីនេះគួរ​ត្រៀមក្រដាសជូតដៃ ខោទឹកនោម(សម្រាប់ក្មេងតូច) រទេះរុញកូនតូច និងកន្ទេលសម្រាប់ក្រាលអង្គុយលេងផង។

    ពិនិត្យមើលទីកន្លែង

    ពេលទៅដល់គោលដៅហើយ មុននឹងបណ្តោយឱ្យកូនរត់លេង លោកឪពុកអ្នកម្តាយគួរតែធ្វើការពិនិត្យមើលបរិវេណម្តុំៗ​នោះជាមុនសិនថា តើមានសុវត្ថិភាព ឬក៏អត់? ដូចជាមានដុំឥដ្ឋ អំបែងកែវ ឬវត្ថុដែលអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ដែរឬទេ?   បើជា​ទីធ្លាសម្រាប់កុមាររត់លេង គួរតែពិនិត្យមើលកម្រាលទីធ្លានោះថា ជាផ្ទៃរាបស្មើ ឬក៏មិនមែន តើមានជង្ហុក ឬរណ្តៅតូចៗដែលអាចនឹងធ្វើឱ្យកូនជំពប់ជើងដួលដែរឬទេ? ផ្ទៃដី ឬកម្រាលរឹងពេកដែលអាចបណ្តាលឱ្យមានបញ្ហាពេលកូនរអឹលធ្លាក់ពីលើឧបករណ៍ ឬក៏អត់? និងត្រូវពិនិត្យមើលឧបករណ៍គ្រឿងលេងទាំងនោះផងថា តើមានភាពរឹងមាំ ឬមានចំណុចណាមួយស្រួច មុត ដែរឬទេ?។

    រៀនជាមួយនឹងធម្មជាតិ

    ក្មេងៗមានភាពចង់ដឹង ចង់ឃើញនូវអ្វីៗជុំវិញខ្លួនគេស្រាប់ទៅហើយ រឹតតែពេលបានមកនៅកណ្តាលធម្មជាតិដែលមាន​ទាំងវាលស្មៅ ដើមឈើ ផ្ទៃមេឃ សត្វបក្សីបក្សា និងសត្វល្អិតផ្សេងៗក្នុងពេលដែលអ្នកម្តាយដឹកដៃគេដើរលេងផងនោះ គេអាចនឹងមានសំនួរជាច្រើនសួរឡើង ដែលអ្នកម្តាយអាចនឹងសៀតស៊កនូវចំណេះដឹង និងបង្ហាត់បង្ហាញពីការចេះសង្កេតដល់កូនបាន។

    វិវឌ្ឍនាការសក្តិសមនឹងវ័យដោយធម្មជាតិ

    ការបណ្តោយឱ្យកុមារបានរត់លេងនៅក្នុងទីធ្លាដែលស្រឡះ កណ្តាលវាលនោះ នឹងជួយឱ្យកុមារមានទីធ្លាសម្រាប់ការរៀន​យល់​ដឹងមួយដែលមានភាពខុសប្លែកពីក្នុងបន្ទប់រៀន ឬក្នុងផ្ទះ។ កុមារនឹងបានរៀនយល់ដឹងកាន់តែច្រើនបែបច្រើនយ៉ាងឡើង តាមរយៈស្ថានភាពជុំវិញខ្លួនដែលប្លែកថ្មីជានិច្ច ដូចជាដើមឈើ ស្លឹកឈើ ផ្កាដែលមានពណ៌ល្អៗ និងចំនួនវត្ថុដែលខុសពីគ្នាទៅតាមរដូវកាល និងថែមទាំងបានសប្បាយរីករាយតាមរយៈការលេង ដែលនឹងធ្វើឱ្យកុមារមានអារម្មណ៍ល្អ នាំទៅរកការវិវឌ្ឍខាងអារម្មណ៍ ឬ EQ ដ៏ល្អទៀតផង។ ក្រៅពីនោះ ការធ្វើចលនារបស់រាងកាយរបស់កូនយ៉ាងពេញទំហឹងតាមរយៈការរត់លេង មិនថាតែការរត់ លោត ហក់តោង ឬឡើងនោះក្ដី វាប្រៀបដូចជាការហាត់ប្រាណដែលនឹងធ្វើឱ្យកូនមានសុខភាពល្អ សាច់ដុំមាំមួនទៀតផង។

    . ចំណុចគួរប្រយ័ត្នក្នុងការនាំកូនចេញទៅលេងខាងក្រៅផ្ទះ

    ទោះជាការលេងនៅខាងក្រៅផ្ទះនេះមានចំណុចល្អច្រើនមែនក៏ដោយ តែក៏មានចំណុចគួរប្រយ័ត្នប្រយែងដែរ ជាពិសេស គឺការវង្វេងបាត់តែម្តង ដូច្នេះដើម្បីចៀសវាងនូវការសោកស្តាយនៅពេលក្រោយ ឬការកើតមានឡើងនូវបញ្ហាជាយថា​ហេតុណាមួយនោះ លោកឪពុក ឬអ្នកម្តាយគួរប្រុងប្រយ័ត្នដូចតទៅ ៈ

    1. កុំនាំកូនទៅលេងនៅកន្លែងណាដែលមានមនុស្សច្រើនណែនណាន់តាន់តាប់ពេក(ព្រោះអាចនឹងវង្វេងគ្នាដោយសារហ្វូងមនុស្ស)។
    2. កុំបណ្តោយកូនឱ្យរត់លេងតែឯងដោយមិនបានរវីរវល់មើលឱ្យសោះ ទោះជាកន្លែងដែលទៅលេងនោះនៅជិតផ្ទះក៏ដោយ។
    3. មិនផ្ញើកូនជាមួយនឹងមនុស្សចាស់ជរា ដែលមិនអាចមើលក្មេងដែលស្ថិតក្នុងវ័យរពឹសបាន។
    4. ព្យាយាមនៅក្បែរកូនជានិច្ច ឬកុំបណ្តោយឱ្យកូនបាត់ពីខ្សែភ្នែកឱ្យសោះ។

    នៅពេលដែលកូនលេងជក់រហូតភ្លេចហត់

    រឿងចុងក្រោយដែលឡារ៉ែនចង់ផ្តាំលោកឪពុកអ្នកម្តាយទាំងអស់ សម្រាប់ការនាំកូនៗចេញទៅលេងនៅខាងក្រៅផ្ទះនោះគឺ ក្នុងអំឡុងពេល​ដែលកូនៗបានលេងនោះ ពួកគេអាចនឹងសប្បាយយ៉ាងភ្លេចខ្លួន រហូតលែងមានអារម្មណ៍ហត់ គ្មានអារម្មណ៍ថា ហេវ ដូច្នេះលោកឪពុក​អ្នកម្តាយត្រូវចាំសង្កេតមើលថា បើឃើញកូនចាប់ផ្តើមហត់ ឬនៅមិនទាន់បានញ៉ាំអី និងមិនបានញ៉ាំទឹកយូរហើយនោះ គួរតែប្រាប់ឱ្យកូនឈប់សម្រាកបន្តិច ដើម្បីបន្ថែមថាមពលសិន សឹមទៅលេងសប្បាយបន្តទៀត៕

  • រាងកាយទារក ដែលអ្នកម្តាយត្រូវតែស្គាល់…

    រាងកាយទារក ដែលអ្នកម្តាយត្រូវតែស្គាល់…

    ព្រោះតែរាងកាយកូនតូចនៅខ្ចី គួរឱ្យថ្នាក់ថ្នម ទើបតម្រូវឱ្យលោកឪពុកអ្នកម្តាយត្រូវតែនៅចាំមើលថែទាំយ៉ាងដិតដល់ ជាពិ​សេស​​​​រឿងសុខភាពរាងកាយកូនតូច។ ថ្ងៃនេះយើងនាំគ្នាមកស្គាល់អំពីការធ្វើការងាររបស់អវយវៈសំខាន់ផ្សេងៗនៅលើរាងកាយកូនតូច ព្រមទាំងវិធីមើលថែទាំដ៏ត្រឹមត្រូវទាំងអស់គ្នា។

    បង្ហើយ : គឺជាផ្នែកមួយរបស់លលាដ៍ក្បាលដែលនៅមិនទាន់ជាប់គ្នាណែនល្អ ទើបកើតមានជាកន្លែងទន់ៗមួយនៅលើក្បាល។ ពេលយើងសង្កត់នឹងទ្រុឌចុះ ដែលទាំងអស់មាន 2កន្លែង គឺបង្ហើយមុខ មានរាង 4ជ្រុង និងបង្ហើយក្រោយ មានរាងត្រីកោណដែលមានទំហំតូចជាង។ បង្ហើយមុខនឹងឡើងរឹងនៅពេលកូនតូចអាយុបាន 1ឆ្នាំទៅ 1ឆ្នាំកន្លះ ចំណែកបង្ហើយក្រោយនឹងឡើងរឹងនៅ​ពេលអាយុបានប្រមាណ 6ខែ។

    ចំណុចគួរប្រយ័ត្ន ៖ កុំកង្វល់បារម្ភក្នុងការប៉ះពាល់បង្ហើយ គ្រាន់តែប្រយ័ត្នកុំចុចសង្កត់ ឬប៉ះខ្លាំងៗទៅបានហើយ។ បើស្ទាបប៉ះទៅឃើញថា ទ្រុឌចុះខ្លាំង ហើយកូនតូចនៅស្ងៀម មិនលេង មិនសើចញញឹម មិនរវើកដូចសព្វដង ភ្នែករាងខូង នោះជាសញ្ញាបញ្ជាក់ថា ​កូនអាចកើតអាការខ្វះជាតិទឹកធ្ងន់ធ្ងរ ឬបើឃើញថា បង្ហើយឡើងប៉ោងទុល មិនលោតដូចចង្វាក់ជីពចរ នោះបញ្ជាក់ថា កូនតូចអាចមានបញ្ហាពាក់ព័ន្ធនឹងខួរក្បាល គួរនាំកូនតូចទៅជួបលោកគ្រូពេទ្យជាបន្ទាន់។

    ស្លឹកត្រចៀក : គឺជាអវយវៈសំខាន់ក្នុងការស្តាប់ និងឮ កើតឡើងដោយសាររលកសំឡេងធ្វើដំណើរទៅប៉ះនឹងក្រដាសត្រចៀក ឆ្លងកាត់ឆ្អឹងត្រចៀកមកសសៃប្រសាទត្រចៀក រួចមកដល់ខួរក្បាល ដូច្នេះហើយទើបត្រចៀកមានភាពសំខាន់ដល់ការរៀនយល់ដឹងពីអ្វីៗជុំវិញខ្លួន តាមរយ:ការស្តាប់សំឡេង ការបានឮ។ បើសិនជាកើតមានភាពខុសប្រក្រតីទាក់ទងនឹងការបានឮតាំងពីតូច ការវិវឌ្ឍខាងការ​និយាយក៏មានបញ្ហាដែរ។

    ចំណុចគួរប្រយ័ត្ន ៖ អាចម៍ត្រចៀកនឹងជួយការពារសត្វល្អិតៗ ដូចជាស្រមោច ឬចៃឆ្កែមិនឱ្យចូលបាន ដូច្នេះអ្នកម្ដាយមិនគួរខ្វេះ ឬកេះត្រចៀកឡើយ ព្រោះមិនត្រឹមតែធ្វើឱ្យអាចម៍ត្រចៀកចូលទៅញ៉ុកណែននៅខាងក្នុងប៉ុណ្ណោះទេ តែនៅអាចធ្វើឱ្យកូនតូចឈឺត្រចៀក ឬក្រដាសត្រចៀកអាចនឹងធ្លុះបានទៀតផង។ ជាធម្មតាអាចម៍ត្រចៀកដែលកើតឡើងនោះ នៅពេលដែលវាមានច្រើន វានឹងជ្រុះចេញមកក្រៅ​ដោយឯកឯង។ ចំណែកទារកដែលបានឮជាធម្មតា ត្រូវតែចេះញញឹម ចេះមើលមុខ សម្លឹងភ្នែក និងបែរមើលតាមសំឡេងបាន តែបើកន្លងផុតទៅ 6ខែហើយ នៅតែធ្វើដូចការរៀបរាប់មកមិនបាន នោះបង្ហាញថា កូនតូចអាចនឹងមានបញ្ហាខាងការស្តាប់ឮហើយ ដូច្នេះគួរតែនាំកូនតូចទៅប្រឹក្សាជាមួយលោកគ្រូពេទ្យ។

    កែវភ្នែក : តាមធម្មជាតិ ក្រពេញទឹកភ្នែកអាចបង្ហូរទឹកភ្នែកចេញមកបាន ដែលប្រកបទៅដោយ អេនហ្សៃម៍ ឡៃសូហ្សៃម៍ (Lysozyme) អាចបំផ្លាញសម្បកកោសិការបស់មេរោគបាក់តេរីបាន ដូច្នេះទើបទឹកភ្នែកជាសារធាតុរលាយដែលការពារការឆ្លងមេរោគនៅក្នុងកែវភ្នែក ។ បើមានវត្ថុចម្លែកចូលក្នុងកែវភ្នែក ក្រពេញទឹកភ្នែកនឹងធ្វើការ ដោយបញ្ចេញទឹកភ្នែកមកភ្លាម ដើម្បីលាងសម្អាតវត្ថុចម្លែកនោះចេញ។

    ចំណុចគួរប្រយ័ត្ន ៖ មិនគួរប៉ះពាល់ ឬរវល់នឹងកែវភ្នែកកូនតូចឡើយ តែបើឃើញមានភាពខុសប្រក្រតីណាមួួយ ដូចជា ភ្នែក​ពណ៌សមិនស តែមានពណ៌ក្រហមព្រឿងៗ ភ្នែកហើមឡើងក្រហម ភ្នែកសើមមានទឹកភ្នែកដក់ជាប់រហូត ឃើញមានចំណុចសៗ​នៅ​​ក្នុងប្រស្រីភ្នែក ភ្នែកញាក់ៗ គ្រាប់ភ្នែកញ័រៗ មានអាចម៍ភ្នែកពណ៌លឿងលាយបៃតង ពេលបើកភ្នែក ត្របកភ្នែកបើក​ឡើងមិនស្មើគ្នា ឬអាយុ 2-3​ ខែហើយ តែនៅមិនទាន់ចេះមើលមុខឪពុកម្តាយ ភ្នែកប៉ះពន្លឺមិនបាន ធ្វើភ្នែកក្រឡឺតក្រឡាប់មិនកើត ពេលសម្លឹងមើលទៅខាងៗក៏បែរទៅទាំងក្បាលជាដើម …បើសង្កេតឃើញមានកើតអាការមួយណាក្នុងចំណោមអាការទាំងអស់ដែលបានរៀបរាប់មកនោះ លោកឪពុកអ្នកម្តាយគួរប្រញាប់នាំកូនទៅជួបលោកគ្រូពេទ្យដើម្បីពិនិត្យកែវភ្នែកកូនជាបន្ទាន់។

    ច្រមុះ : ច្រមុះមានតួនាទីដកដង្ហើម និងហឹតក្លិនផ្សេងៗ។ នៅក្នុងច្រមុះមានរោមតូចៗជាច្រើនដើម្បីការពារកម្ទេចលម្អងធូលី ឬសត្វល្អិតដែលប៉ុនប៉ងចូលទៅក្នុងផ្លូវដង្ហើម ព្រមទាំងមានតួនាទីចាំស្ទាក់ចាប់វត្ថុចម្លែកដែលស្រូបចូលទៅ និងកណ្តាស់ចេញមកវិញ។ សាច់ជាលិកាដែលក្រាលខាងក្នុងប្រហោងច្រមុះ នឹងបំពេញតួនាទីបញ្ចេញជាតិទឹកមកចិញ្ចឹមប្រហោងច្រមុះ ពេលដកដង្ហើមចូលទៅ ជាតិទឹកនៅក្នុងច្រមុះជាអ្នកបន្ថែមសំណើមឱ្យខ្យល់។ បើសាច់ជាលិកាក្នុងច្រមុះរលាក ទឹកច្រមុះនឹងត្រូវបានបញ្ចេញមកច្រើនជាងធម្មតា។

    ចំណុចគួរប្រយ័ត្ន ៖​​ ពេលកូនតូចមិនស្រួលខ្លួន កើតផ្តាសាយ តែងតែមានទឹកសំបោរច្រើន អ្នកម្ដាយគួរយកក្រណាត់ជ្រលក់ទឹកអំបិលជូតថ្នមៗ។ បើប្រើសំឡីត្បារត្រចៀកជូតសម្អាត ត្រូវប្រយ័ត្នពេលកូនតូចរើ ព្រោះអាចនាំឱ្យកើតឧប្បត្តិហេតុបាន ។ រឿង​ដែល​​​​ត្រូវប្រយ័ត្ននោះគឺ អ្នកម្ដាយកុំយកម្រាមដៃរបស់ខ្លួនទៅកេះច្រមុះកូន ព្រោះក្រចកដៃអាចធ្វើឱ្យរយះសាច់ច្រមុះកូនតូចបាន។ ចំណែកច្រមុះដែលមានស្នាមអុចៗសៗ ស្រដៀងមុនខ្សាច់នោះ មិនបាច់កេះចេញទេ ព្រោះវាគ្មានបណ្តាលឱ្យមានគ្រោះថ្នាក់អ្វីទេ។

    ក្រចកដៃ : ក្រចកដៃមានតួនាទី អេះ កេះ កោស ខ្វាច ហែកចំណីអាហារ ឬរបស់ផ្សេងៗឱ្យក្លាយជាបំណែកតូចៗ។​ ក្រចកដៃ-ជើងរបស់កុមារតូចៗ ក៏ដូចក្រចកដៃ-ជើងរបស់មនុស្សធំដែលឆាប់វែងដែរ។ គេសង្កេតឃើញថា អត្រានៃការដុះរបស់ក្រចកដៃ តែងវែងលឿនជាងក្រចកជើងដល់ទៅ 2ដង ដូច្នេះហើយទើបយើងត្រូវកាត់ក្រចកដៃញឹកញាប់ជាងក្រចកជើង។ ជាធម្មតាគេនិយមកាត់ក្រចករៀងរាល់ 1 – 2សប្តាហ៍ម្តង ចំណែកលក្ខណៈរបស់ក្រចក ជាធម្មតាច្រើនមានពណ៌ផ្កាឈូកស្តើងៗ រាបស្មើគ្នា គ្មានស្នាមរួញ ឬកោងងឡើយ។

    ចំណុចគួរប្រយ័ត្ន ៖ ពេលកាត់ក្រចកដៃឱ្យកូនតូច ត្រូវប្រយ័ត្នកុំឱ្យប៉ះសាច់កូន គួរធ្វើនៅពេលដែលកូនតូចគេងលក់។ គួរជ្រើសរើសប្រើកន្រ្តៃកាត់ក្រចកសម្រាប់ទារក និងពេលកាត់ហើយ គួររូស​ក្រចកឱ្យទាលផង ហើយបើឃើញមានអ្វីខុសប្រក្រ​តីដែលកើតឡើងនៅលើក្រចកកូនតូច គួរទៅប្រឹក្សាជាមួយលោកគ្រូពេទ្យ ដូចជា ក្រចកឡើងពណ៌ខ្មៅជាំ ឬមានពណ៌ខុស​ប្រក្រតី ក្រចកដុះចេញមកវៀច រួញ ក្រឹន ឬផ្សេងទៀត។ល។

    រន្ធផ្ជិត : ជាប្រក្រតី ចំណែករបស់ទងផ្ជិតនឹងស្ងួតជាបណ្តើរៗ ហើយជ្រុះដោយខ្លួនឯងក្នុងរយ:ពេល 2-3សប្តាហ៍ តែគេក៏​ធ្លាប់ជួបប្រទះដែរថា ទារកខ្លះអាចប្រើពេលយូរជាងនេះទៅទៀត។ តាមការណែនាំរបស់លោកគ្រូពេទ្យ គោលការណ៍នៃ​ការសម្អាត គឺជាវិធីមួយដែលល្អបំផុត ដើម្បីការពារការឆ្លងមេរោគដែលអាចបង្កគ្រោះថ្នាក់ដល់កូនតូចបាន។

    ចំណុចគួរប្រយ័ត្ន ៖ បើទងផ្ចិត និងស្រទាប់ស្បែកជុំវិញឡើងពណ៌ក្រហម និងមានធំក្លិន នោះបញ្ជាក់ថា អាចមានឆ្លងមេរោគ ឬបើសង្កេតឃើញផ្ចិតរបស់កូនឡើងសើម ផ្ចិតរលាកក្លាយ មានឈាមចេញមកតាមផ្ចិត…អ្នកម្តាយគួរប្រញាប់នាំកូនទៅជួបគ្រូពេទ្យជាបន្ទាន់។ សម្រាប់ផ្ចិតប៉ោង ឬទុលឡើង អ្នកម្តាយមិនគួរកង្វល់បារម្ភឡើយ ព្រោះផ្ចិតនឹងរួញចូលវិញដោយឯកឯងក្នុងអំឡុងពេល 2 – 3ខែ ឬមានទារកខ្លះអាចយូរដល់ 1ឆ្នាំក៏មាន។

    ស្បែក : ទារកក្នុងវ័យទើបនឹងកើត អ្នកម្តាយអាចសង្កេតឃើញថា នៅលើស្បែករបស់កូនមានស្នាមអុចៗក្រហមៗពេញ​ខ្លួន ដែលភាគច្រើននឹងរលប់បាត់ទៅវិញដោយឯកឯងនៅពេលដែលធំឡើងជាបណ្តើរៗ តែស្នាមដែលបង្ហាញពីភាពខុសប្រក្រតីខ្លះ ដូចជា ស្នាមនៅលើមុខ ស្នាមនៅលើកំប៉េះគូទ គួរតែប្រញាប់រកមើលមូលហេតុ និងមើលថែទាំតាមអាការ។

    ចំណុចគួរប្រយ័ត្ន ៖ ភាពស្អាតបាតមានអនាម័យ គឺជារឿងសំខាន់ណាស់សម្រាប់ស្បែករបស់ទារក ដូច្នេះបើឃើញមានស្នាមដែលគួរឱ្យសង្ស័យ ដូចជាស្នាមនៅលើគូទ ជាដើម គួរតែសម្អាត ឬជូតឱ្យស្អាត និងផ្លាស់កន្ទបឱ្យរៀងរាល់ពេលបន្ទាប់ពី​ទារកបន្ទោបង់រួច និងមិនគួរស្លៀកខោទឹកនោមគ្រប់ពេលវេលានោះទេ គួរស្លៀកក្រណាត់កន្ទបផាឌិប ឬក៏ឱ្យស្បែកកូនបានប៉ះនឹងខ្យល់អាកាសខ្លះផង៕

  • សារធាតុអាហារល្អៗសម្រាប់កូនតូចដែលបង្កប់នៅក្នុងពណ៌របស់បន្លែផ្លែឈើដែលអ្នកម្ដាយត្រូវដឹង

    សារធាតុអាហារល្អៗសម្រាប់កូនតូចដែលបង្កប់នៅក្នុងពណ៌របស់បន្លែផ្លែឈើដែលអ្នកម្ដាយត្រូវដឹង

    ម៉ឺនុយអាហាររបស់កូនតូចក្នុងមួយថ្ងៃៗ តាំងពីវ័យ 6ខែឡើងទៅ គួរបានទទួលសារធាតុអាហារដែលសម្បូរបែប។ អាហារសម្រាប់ក្មេងតូចៗ ប្រាកដណាស់ត្រូវតែមានបន្លែ និងផ្លែឈើជាគ្រឿងផ្សំ ហើយមានឈ្មោះថាបន្លែផ្លែឈើ គឺពិតជាមានប្រយោជន៍ដល់រាងកាយខ្លាំងណាស់ តែបន្លែប្រភេទនីមួយៗ ពណ៌នីមួយៗសុទ្ធតែផ្ដល់នូវសារធាតុអាហារដែលល្អៗផ្សេងៗពីគ្នា។ តើកូនតូចរបស់យើងញ៉ាំបន្លែដែលមានពណ៌ផ្សេងៗគ្នានោះហើយនឹងបានទទួលសារធាតុសំខាន់អ្វីខ្លះ? ថ្ងៃនេះ ឡារ៉ែននឹងញែកពណ៌របស់បន្លែផ្លែឈើជា 5ក្រុមពណ៌ ដើម្បីឱ្យអ្នកម្ដាយដឹងថា ក្នុងពណ៌នីមួយៗនោះផ្ដល់នូវសារធាតុអាហារល្អៗខុសប្លែកគ្នាយ៉ាងណាខ្លះ?

    1 . បន្លែផ្លែឈើពណ៌បៃតង ៈ បន្លែ និងផ្លែឈើពណ៌បៃតងដែលអ្នកម្ដាយគួរនាំយកមកផ្សំធ្វើជាអាហារឱ្យកូន និងស័ក្តិសមសម្រាប់កូនមានដូចជា ប្រូខូលី ស្លឹកបាស ខាត់ណា ផ្ទី ផ្លែត្របែក ផ្លែទំពាំងបាយជូរបៃតង ផ្លែប៉ោមពណ៌បៃតង។ល។ សារធាតុពណ៌បៃតងនៅក្នុងបន្លែ និងផ្លែឈើទាំងនេះគឺ ខ្លូរ៉ូហ្វីល( Chlorophyll)មានគុណសម្បត្តិក្នុងការតតាំងការកើតមហារីកបានយ៉ាងល្អ។ បន្លែផ្លែឈើពណ៌បៃតងមានសារធាតុកាកសរសៃខ្ពស់ ជួយក្នុងរឿងបន្ទោបង់បានល្អ បន្ថយអាស៊ីតក្នុងក្រពះ និងជួយបន្ថយអាការប្រតិកម្មចាញ់ផ្សេងៗទៀតផង។ ពេលណាដែលកូនពិបាកក្នុងការបន្ទោបង់ ត្រូវរៀបចំមុខម្ហូបក្រុមនេះឱ្យញ៉ាំ។

    2 . បន្លែផ្លែឈើពណ៌ក្រហម ៈ បន្លែ និងផ្លែឈើពណ៌ក្រហមដែលអ្នកម្ដាយយកមកផ្សំជាអាហារឱ្យកូនតូចញ៉ាំ និងស័ក្តិសមជាមួយក្មេងៗមានដូចជា ផ្លែស្រ្តបឺរី ប៉េងប៉ោះ ឃែនបឺរី ផ្លែទទឹម ឪឡឹក ល្ហុងទុំ។ល។ បន្លែផ្លែឈើពណ៌ក្រហមមានសារធាតុ ឡៃខូពីន( Lycopene)និងបេតាសៃស៊ីន( Betacycin) ដោយសារធាតុទាំង 2ប្រភេទនេះមានចំណែកសំខាន់ក្នុងការមើលឃើញរបស់ក្មេងតូចៗ ជួយតតាំងជំងឺមហារីកផ្សេងបានយ៉ាងល្អ និងសំខាន់គឺ មានគុណសម្បត្តិក្នុងការប្រឆាំងរ៉ាឌីកាល់សេរី។

    3 . បន្លែផ្លែឈើពណ៌លឿង និងពណ៌លឿងទុំ ៈ ក្រុមពណ៌លឿង និងពណ៌លឿងទុំដែលអ្នកម្ដាយយកមកផ្សំជាម្ហូបអាហារឱ្យកូនញ៉ាំជាញឹកញាប់មានដូចជា មើមការ៉ុត ផ្លែល្ពៅ ផ្លែពោត មានសារធាតុសំខាន់ៗដូចជា លូធីន( Lutein)ជួយការពារភាពចុះខ្សោយរបស់ប្រសាទកញ្ចក់ប្រស្រីភ្នែក ជួយឱ្យមើលឃើញច្បាស់នៅពេលយប់ និងមានសារធាតុ បេតាឃែរ៉ូធីន( Betacarotene)ជួយបន្ថយកម្រិតលូលេស្តេរ៉ូល ជួយឱ្យសាច់ស្បែកភ្លឺរលោង បន្ថយភាពចុះខ្សោយរបស់កោសិកាដែលបណ្ដាលមកពីរ៉ាឌីកាល់សេរី។

    4 . បន្លែផ្លែឈើពណ៌ស្វាយ ៈ បន្លែ និងផ្លែឈើពណ៌ស្វាយដែលអ្នកម្ដាយតែងនាំយកមកធ្វើជាម្ហូបអាហារឱ្យកូនញ៉ាំ និងស័ក្តិសមជាមួយក្មេងតូចៗមានដូចជា ប្ល៊ែកបឺរី ប្លូ៊បឺរី ស្ពៃក្ដោបពណ៌ស្វាយ ផ្លែទំពាំងបាយជូរពណ៌ស្វាយ មានសារធាតុ អ៊ែនថូសៃយ៉ានីន( Anthocyanin) មានគុណសម្បត្តិបំផ្លាញសារធាតុដែលបង្កឱ្យកើតមហារីក ជួយពង្រីកសរសៃឈាម ជួយបំប៉នសរសៃសក់ឱ្យខ្មៅក្រិបទៀតផង។

    5 . បន្លែផ្លែឈើពណ៌ស ៈ បន្លែ និងផ្លែឈើពណ៌សដែលអ្នកម្ដាយយកមកធ្វើជាអាហារឱ្យកូនតូចញ៉ាំ និងស័ក្តិសមជាមួយក្មេងតូចៗមានដូចជា ស្ពៃបូកគោ មើមឆៃថាវ ផ្កាស្ពៃ មើមខ្ទឹមស ផ្សិតម្ជុល គ្រាប់ល្ងស។ល។ បន្លែពណ៌សនេះនឹងផ្ដល់នូវសារធាតុកាកសរសៃខ្ពស់ និងមានជារួមគឺ ប្រឆាំងរ៉ាឌីកាល់សេរី បង្កើនបរិមាណវីតាមីន E ក្នុងរាងកាយ ជាពិសេសក្រុមគ្រាប់ធញ្ញជាតិផ្ដល់នូវវីតាមីន និងប្រូតេអ៊ីនខ្ពស់ ល្អខ្លាំងណាស់សម្រាប់ក្មេងតូចៗ។

    បន្លែ និងផ្លែឈើ ជាអាហារដែលល្អចំពោះក្មេងតូចៗខ្លាំងណាស់ តែក្នុងអំឡុងអាយុតិចជាង 12ខែ អ្នកម្ដាយត្រូវសង្កត់លើការចម្អិនឱ្យឆ្អិន ដោយសារតែប្រព័ន្ធតតាំងជំងឺផ្សេងៗរបស់រាងកាយកូននៅមិនទាន់ល្អគ្រប់គ្រាន់ បើឱ្យញ៉ាំបន្លែស្រស់ៗ អាចនឹងមានការប្រឡាក់ប្រឡូសដោយសត្វល្អិត មេរោគបាក់តេរី សារធាតុពុលពីជីផ្សេងៗ ឬថ្នាំសម្លាប់សត្វល្អិតជាដើម ធ្វើឱ្យកើតបញ្ហាដល់ប្រព័ន្ធសុខភាពរបស់កូនតូចបាន។ គោលការណ៍បរិភោគរបស់កូនក្នុងគ្រប់អំឡុងវ័យ គឺគួរតែបានញ៉ាំអាហារដែលសម្បូរបែប និងគ្រប់ 5ប្រភេទក្រុមរៀងរាល់ថ្ងៃ៕

  • បាត់ដំបង​ផលិត​ពូជ​ដំឡូងមី​ដែល​គ្មាន​ជំងឺ​ និង​សត្វល្អិត​ បាន​ទិន្នផល​រហូតដល់​ 30តោន​ក្នុង​ 1ហិ​កតា​

    បាត់ដំបង​ផលិត​ពូជ​ដំឡូងមី​ដែល​គ្មាន​ជំងឺ​ និង​សត្វល្អិត​ បាន​ទិន្នផល​រហូតដល់​ 30តោន​ក្នុង​ 1ហិ​កតា​

    មជ្ឈមណ្ឌល​បណ្តុះ​ និង​ចែកចាយ​ពូជ​ដំឡូងមី​ នៃ​សាកល​វិទ្យាល័យ​បាត់ដំបង​ទទួល​បាន​ជោគជ័យ​ក្នុង​ការស្រាវជ្រាវ​ និង​ផលិត​ពូជ​ដំឡូងមី​ដែល​គ្មាន​ជំងឺ​ និង​សត្វល្អិត​ ហើយ​ទិន្នផល​ទទួល​បាន​លើស​ដំឡូងមី​ធម្មតា​រហូតដល់​ 30ភាគរយ​។

    មជ្ឈមណ្ឌល​បណ្តុះ​ និង​ចែកចាយ​ពូជ​ដំឡូងមី​ នៃ​សាកល​វិទ្យាល័យ​បាត់ដំបង​ស្ថិត​ក្រោម​គម្រោង​អភិវឌ្ឍន៍​ និង​ផ្សព្វផ្សាយ​ប្រព័ន្ធ​ផលិតកម្ម​ប្រកបដោយ​និរន្តរភាព​តាមរយៈ​ការគ្រប់គ្រង​សត្វល្អិត​ចង្រៃ​លើ​ដំណាំ​ដំឡូងមី​នៅ​ប្រទេស​វៀតណាម​កម្ពុជា​ និង​ថៃ​របស់​ប្រទេស​ជប៉ុន​។ គម្រោង​នេះ​មាន​រយៈពេល​ 5ឆ្នាំ​ដែល​ចាប់ផ្តើម​នៅ​ឆ្នាំ2015​ នឹង​បញ្ចប់​នៅ​ឆ្នាំ2020​ ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជិត​ 5លាន​ដុល្លារ​ ជា​ជំនួយឥតសំណង​ពី​រដ្ឋាភិបាល​ជប៉ុន​។

    លោក​បណ្ឌិត​ ស្រ៊ា​ន ពៅ​ ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​កសិកម្ម​ និង​កែច្នៃ​អាហារ​ នៃ​សាកល​វិទ្យាល័យ​បាត់ដំបង​ និង​ជា​អ្នក​អនុវត្ត​គម្រោង​ផ្ទាល់​បានឱ្យ​ដឹង​ថា​ ដំឡូងមី​ជាដំណាំ​យុទ្ធ​សាស្រ្ត​លំដាប់​ទី2​ បន្ទាប់ពី​ស្រូវ​ ហើយ​បច្ចុប្បន្ន​វា​ក្លាយជា​ដំណាំ​ឧស្សាហកម្ម​លើកស្ទួយ​វិស័យ​សេដ្ឋកិច្ច​ជាតិ​របស់​ប្រទេស​កម្ពុជា​។

    លោក​បណ្ឌិត​ថ្លែង​ថា​ បច្ចុប្បន្ន​តាមរយៈ​គម្រោង​អភិវឌ្ឍន៍​ និង​ផ្សព្វផ្សាយ​ប្រព័ន្ធ​ផលិតកម្ម​ប្រកបដោយ​និរន្តរភាព​ តាមរយៈ​ការគ្រប់គ្រង​សត្វល្អិត​ចង្រៃ​លើ​ដំណាំ​ដំឡូងមី​ មជ្ឈមណ្ឌល​បាន​និង​កំពុងតែ​ធ្វើការ​អនុវត្ត​ការសិក្សា​ស្រាវជ្រាវ​ទៅលើ​រឿង4សំ​ខាន់​ៗ។ ទី1​ ការសិក្សា​លើក​ត្តា​សត្វល្អិត​ដែល​មាននៅ​លើ​ដំឡូងមី​។ ទី2​ ផ្តោត​លើ​ជំងឺ​ដែល​បង្កឡើង​ទៅលើ​ដំណាំ​ដំឡូងមី​។ ទី3​ បច្ចេកទេស​ផលិត​ពូជ​ដែល​គ្មាន​ជំងឺ​ ដើម្បី​ក្លាយជា​ពូជ​មួយ​ដែល​ដាំដុះ​លើ​ដី​កសិករ​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​ និង​ប្រាកដ​ថា​គ្មាន​ជំងឺ​ និង​ទី4​ ផ្តោត​ទៅលើ​បច្ចេកទេស​នៃ​ការ​ផ្សព្វផ្សាយ​បច្ចេកទេស​គ្រប់គ្រង​សត្វល្អិត​លើ​ដំឡូងមី​ថា​ តើ​យើង​គួរ​ផ្សព្វផ្សាយ​ចែករំលែក​នូវ​ចំណេះដឹង​បែប​ណា​ឱ្យ​កសិករ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​?។

    លោក​បណ្ឌិត​បាន​រៀបរាប់​ថា​ មកដល់ពេលនេះ​វា​ជា​ឆ្នាំទី3​ របស់​គម្រោង​ហើយដែល​ផលិត​ពូជ​ដំឡូង​-មី​ដែល​គ្មាន​ជំងឺ​ ដែល​ពូជ​នោះ​យើង​ផលិត​បាន​ 1ឆ្នាំ​មក​ហើយ​។ លោក​បន្ត​ថា​ មជ្ឈមណ្ឌល​មានពូជ​សំ​ខាន់​ៗដែល​កសិករ​និយម​ដាំដុះ​ ដូចជា​ ពូជ​រ៉ា​យ៉ង79​ និង60​ ដែល​ពូជ​ទាំងអស់​នេះ​ មជ្ឈមណ្ឌល​ផលិត​ឡើង​ដោយ​គ្មាន​ជំងឺ​ និង​សត្វល្អិត​។

    លោក​បណ្ឌិត​បាន​បន្ថែម​ថា​៖ “យើង​ចុះ​តាមដាន​រៀងរាល់​ 2សប្តាហ៍​ម្តង​ យើង​ផលិត​ពូជ​មួយ​ដែល​មាន​សុខភាព​ល្អ​ និង​គ្មាន​ជំងឺ​ជា​ប្រភព​ឱ្យ​កសិករ​យក​ទៅ​ដាំដុះ​នៅ​លើ​ដីចម្ការ​របស់​ពួកគាត់​”។

    លោក​បណ្ឌិត​បាន​បន្ថែម​ទៀត​ថា​ មជ្ឈមណ្ឌល​បាន​ចែកចាយ​ទៅ​ឱ្យ​កសិករ​ដើម្បី​ដាំដុះ​បន្ត​។ បើ​ប្រៀបធៀប​ជាមួយ​ពូជ​ធម្មតា​ ពូជ​ដែល​មជ្ឈមណ្ឌល​ផលិត​នេះ​ មាន​មើម​ធំ​ល្អ​ មាន​ទិន្នផល​កើនឡើង​ពី​ 20ទៅ​ 30ភាគរយ​ ធៀប​នឹង​ដំឡូងមី​ធម្មតា​។

    លោក​បណ្ឌិត​ ស្រ៊ា​ន ពៅ​ ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ នៅ​កម្ពុជា​មានពូជ​ដំឡូងមី​ជាង​ 20ពូជ​ ប៉ុន្តែ​ការ​ដាំដុះ​អាស្រ័យ​តាម​តំបន់​ ដែល​ភាគច្រើន​នៅ​ពាយព្យ​ ប្រជាជន​ដាំ​ពូជ​រ៉ា​យ៉ង​ ពី​ប្រទេស​ថៃ​ និង​ភាគ​ខាងត្បូង​ និង​កើត​ ពួកគេ​ភាគច្រើន​យក​ពូជ​មក​ពី​ប្រទេស​វៀតណាម​។

    បើ​តាម​លោក​បណ្ឌិត​ ស្រ៊ា​ន ពៅ​ ដំឡូងមី​មិន​អាច​ដាំដុះ​នៅ​លើ​ដី​ដែល​ជាំទឹក​បានទេ​ ដូច្នេះ​យើង​ឃើញថា​ នៅ​តំបន់​ខ្ពង់រាប​ ការ​ដាំដុះ​ដំឡូងមី​នៅ​លើ​ដី​ដែល​មិន​ជាំទឹក​ និង​មាន​ដីក្រហម​ល្បាយខ្សាច់​ និង​ដីខ្មៅ​ គឺ​ស័ក្តិសម​បំផុត​សម្រាប់​ដំណាំ​ដំឡូងមី​។

    លោក​បន្ត​ថា​ គម្រោង​នេះ​ គឺ​ផ្អែកលើ​ការស្រាវជ្រាវ​ ហើយ​ភាគី​ JICA​ បាន​ជួយ​លើ​ការ​កសាង​សមត្ថភាព​ បង្កើន​សមត្ថភាព​សិក្សា​ស្រាវជ្រាវ​ និង​បណ្តុះបណ្តាល​នៅ​ប្រទេស​ជប៉ុន​ នៅ​សាកល​វិទ្យាល័យ​នានា​នៅ​ប្រទេស​ជប៉ុន​ និង​ឧបត្ថម្ភ​ឧបករណ៍​មួយចំនួន​សម្រាប់​ធ្វើការ​ពិសោធ​ និង​មន្ទីរពិសោធន៍​មួយ​ផង​ដែរ​ ដើម្បី​វិភាគ​ជំងឺ​ដែល​កើតឡើង​លើ​ដំឡូងមី​។

    លោក​បណ្ឌិត​បាន​បញ្ជាក់​ថា​ ឆ្នាំនេះ​ មជ្ឈមណ្ឌល​គ្រោង​ឱ្យ​គាត់​ពង្រីក​ការចែកចាយ​ពូជ​បន្ត​ទៀត​គឺ​ធ្វើ​យ៉ាងណា​សហការ​ជាមួយ​កសិករ​ បង្កើន​ការ​ដាំដុះ​ពូជ​ពី​មជ្ឈមណ្ឌល​ឱ្យ​បាន​ 100ហិ​កតា​នៅ​ប៉ុន្មាន​ឆ្នាំខាងមុខ​ ព្រោះ​ពូជ​ដែល​ផលិត​ដោយ​មជ្ឈមណ្ឌល​អាច​ទទួល​ទិន្នផល​បាន​ប្រមាណ​ 30តោន​ក្នុង​ 1ហិ​កតា​។ លោក​បន្ថែម​ថា​ ក្នុង​ 1ហិ​កតា​ កសិករ​អាច​ដាំ​បាន​ជាង​ 10,000គុម្ព​ ដោយ​កសិករ​នឹង​ចំណាយ​អស់​ជាមធ្យម​ 1,000ដុល្លារ​អាមេរិក​ រាប់ទាំង​ការរៀបចំ​ដី​ ពូជ​ និង​ជី​ផង​។ ដោយឡែក​កសិករ​អាច​រកចំណូល​បាន​មកវិញ​ប្រមាណ​ពី​ 2ទៅ​ 3ពាន់​ដុល្លារ​។

    លោក​បន្ត​ថា​ “ខ្ញុំ​គិតថា​ 2ឆ្នាំ​ចុងក្រោយ​នេះ​ ទីផ្សារ​ដំឡូងមី​មានតម្លៃ​ខ្ពស់​មែនទែន​។ កសិករ​គាត់​សប្បាយចិត្ត​លើ​តម្លៃ​របស់​ដំឡូងមី​។ សម្រាប់​ប៉ុន្មាន​ឆ្នាំមុន​ តម្លៃ​វា​ធ្លាក់ចុះ​មែន​ ប៉ុន្តែ​ឥឡូវ​ 2ឆ្នាំ​ចុងក្រោយ​នេះ​ តម្លៃ​ល្អ​ឡើងវិញ​ ប៉ុន្តែ​កសិករ​ប្រឈមមុខនឹង​ជំងឺ​លើ​ដំណាំ​ ដូច្នេះ​កសិករ​មិន​អាច​លក់​បាន​ថ្លៃ​ ហើយ​ទិន្នផល​ក៏​ធ្លាក់ចុះ​។ ខ្ញុំ​គិតថា​ សាកល​វិទ្យាល័យ​បាត់ដំបង​ជាសាកល​វិទ្យាល័យ​ដែល​កំពុង​សិក្សា​លើ​ជំងឺ​ដំឡូងមី​នោះ​មានការ​សប្បាយចិត្ត​ក្នុង​ការ​ផ្តល់​ជំនាញ​ និង​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ដំឡូងមី​។ យើង​មាន​បច្ចេក​ទេស​ថ្មី​ៗទៀត​ដើម្បី​ការពារ​ដី​”។

    គួរ​បញ្ជាក់​ថា​ ដំឡូងមី​ត្រូវ​បាន​ដាំដុះ​នៅ​តំបន់​ត្រូពិក​ និង​អនុ​តំបន់​ត្រូពិក​។ បច្ចុប្បន្ន​ ប្រទេស​នៅក្នុង​តំបន់​អាស៊ី​ គឺជា​តំបន់​ដាំដុះ​ធំ​ទី2​ បន្ទាប់ពី​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​ ហើយ​ការប្រើ​ប្រាស់​ដំឡូងមី​កំពុង​កើនឡើង​ខ្លាំង​សម្រាប់​ឧស្សាហកម្ម​ចំណីអាហារ​ និង​សម្ភារ​ឧស្សាហ​កម្ម​ផ្សេង​ៗដែល​ប្រើប្រាស់​ម្សៅដំឡូង​មី​ រួមមាន​ដូចជា​ ក្រដាស​ ប្លាស្ទិក​ និង​ធ្វើជា​វត្ថុធាតុដើម​សម្រាប់​ផលិតកម្ម​ជីវៈ​អេតាណុល​។

    មូលហេតុ​មួយ​នៃ​ការ​កើនឡើង​ចំពោះ​ការ​ដាំដុះ​ដំឡូងមី​ គឺ​ដោយសារ​ការ​កើនឡើង​នូវ​ផលិតកម្ម​ប្រើប្រាស់​ដំឡូងមី​នៅក្នុង​ប្រទេស​ថៃ​ វៀតណាម​ និង​កម្ពុជា​។ដំឡូងមី​ក្នុង​ប្រទេស​ទាំងនេះ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​ជីវភាព​កសិករ​ខ្នាត​តូច​តាមរយៈ​ដំណាំ​ដ៏​មានគុណ​តម្លៃ​នេះ​ និង​បាន​ធ្វើ​ឱ្យ​វិស័យ​ឧស្សាហកម្ម​អាចប​ង្កើត​ការងារ​បាន​ច្រើន​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​៕

  • នាំគ្នា​មក​ស្គា​ល់ពី សត្វល្អិត ឬ​ព្រូន ក្នុង​សាច់ជ្រូក តើ​មានគ្រោះថ្នាក់​ដល់​រាងកាយ​មនុស្ស​ឬទេ?

    នាំគ្នា​មក​ស្គា​ល់ពី សត្វល្អិត ឬ​ព្រូន ក្នុង​សាច់ជ្រូក តើ​មានគ្រោះថ្នាក់​ដល់​រាងកាយ​មនុស្ស​ឬទេ?

    ឈ្មោះថា សត្វល្អិត ឬ​ព្រូន មិន​ថា​ជា​អ្វី​ក៏ដោយ គ្មាន​នរណាម្នាក់​ចង់ឱ្យ​វា​ចូលមក​នៅក្នុង​រាងកាយ​របស់​យើង​ឡើយ មែន​ទេ? តែ​បើសិនជា​យើង​ចៃដន្យ​វាក់អ៊ើ​សត្វ​ព្រូន​សរសៃវែងតូចៗ ទន់ៗនៅក្នុង​សាច់ជ្រូក ឬ​ក្នុង​គ្រឿងក្នុង​ជ្រូក​ក្នុងអំឡុងពេល​ចម្អិន​ម្ហូបអាហារ ឬ​យ៉ាប់​ជាង​នោះ​ទៅទៀត​គឺ ខាំ​ចូល​មាត់​ទំពា​ខ្ញាច់ៗរួចទៅហើយ​កន្លះ​ដុំ​នោះ តើ​វា​នឹង​បង្ក​ជា​គ្រោះថ្នាក់​ដល់​រាងកាយ​របស់​យើង​ដែរឬទេ? ឡា​រ៉ែ​ន មាន​ចម្លើយ​សម្រាប់​សំណួរ​នេះ!

    តើ​សត្វល្អិត ឬ​ព្រូន​ក្នុង​សាច់ជ្រូក​ឆៅ គឺជា​ព្រូន​ប្រភេទ​ណា?
    ព្រូន​នៅក្នុង​សាច់ជ្រូក​ដែល​យើង​ច្រើន​ប្រទះឃើញ​ជា​ព្រូនអំបោះ​ដែលមាន​លក្ខណៈសរសៃៗតូចៗ ទន់ៗ ពណ៌ក្រហមៗដែល​នឹង​ចូលទៅក្នុង​ខ្លួន​របស់​សត្វ​ជ្រូក​តាមរយៈ​ការ​ស៊ី ដោយ​ជ្រូក​អាច​នឹង​ស៊ី​អាហារ​ដែលមាន​លាយឡំ ឬ​ប្រឡាក់​លាមក​ដែលមាន​ស៊ុត​របស់​ព្រូន ទើប​ធ្វើឱ្យ​ស៊ុត​ព្រូន​ចូលទៅ​រីក​ធំធាត់​នៅក្នុង​ពោះវៀន សួត និង​អវយវៈ​ខាងក្នុង​ផ្សេងទៀត​របស់​សត្វ​ជ្រូក។ បើសិនជា​សត្វ​ជ្រូក​មិន​បានទទួល​ការចិញ្ចឹម​ថែទាំ​យ៉ាង​ស្អាត ត្រូវ​នឹង​សុខ​អនាម័យ និង​មិន​បានទទួល​ការទម្លាក់​សត្វល្អិត ឬ​ព្រូន​តាម​ពេល​កំណត់​ទេនោះ ក៏​គេ​អាច​ប្រទះឃើញ​មាន​ព្រូន​នៅក្នុង​ជ្រូក​ដែរ ហើយបើសិនជា​ស្ត្រី​មេផ្ទះ​លាង​សម្អាត​គ្រឿងក្នុង​ជ្រូក​មិនបាន​ល្អ ក៏​ព្រូន​អាច​ជាប់​មកជា​មួយ​ម្ហូបអាហារ​របស់​យើង​បានដែរ។

    ទទួលទាន​ដោយ​សត្វល្អិត ឬ​ព្រូន​ចូលទៅក្នុង​រាងកាយ នឹង​បង្ក​គ្រោះថ្នាក់​ឬទេ?
    ដំណឹង​ល្អ​គឺ បើសិនជា​ព្រូន​នោះ​ត្រូវបាន​ចម្អិន​ឆ្អិន​ល្អ​ហើយ អាច​ទទួលទាន​បាន មិន​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ​យើង​ទេ តែបើ​សិន​បរិភោគ​សាច់ជ្រូក​ដែលមាន​ព្រូន ឬ​ស៊ុត​ព្រូន​ដែល​ចម្អិន​មិនបាន​ឆ្អិន​ល្អ​ចូលទៅ ព្រូន​ក៏​អាច​ទៅ​រីក​ធំធាត់​នៅក្នុង​រាងកាយ​យើង​បាន ហើយ​បើសិន​កើតរោគ​ព្រូនអំបោះ​នេះហើយ អាច​នឹង​កើត​អាការ​ណែន​ដើមទ្រូង ឆាប់​ហត់​ដង្ហក់ មាន​គ្រុន​ក្ដៅខ្លួន ហើយ​បើសិនជា​ព្រូន​បង្កប់ខ្លួន​នៅក្នុង​ពោះវៀនតូច​ផង​នោះ នឹង​កើតមាន​សភាវ​ពោះធំ ខ្វះ​សារធាតុ​អាហារ ឈឺ​ចុកពោះ ក្អួតចង្អោរ ហើយបើសិន​ជាមាន​ព្រូន​ច្រើន ពួកវា​អាច​រមួល​ផ្ដុំ​ចូលគ្នា​ជា​ដុំ​រហូត​ធ្វើឱ្យ​ស្ទះ​ពោះវៀន​ធ្វើឱ្យមាន​បញ្ហា​ធំ​បាន។

    វិធី​ការពារ​រោគ​ព្រូនអំបោះ
    1 . បរិភោគ​តែ​សាច់សត្វ​ដែល​ចម្អិន​ឆ្អិន 100%។
    2 . ជ្រើសរើស​បរិភោគ​សាច់សត្វ​ដែល​ចេញ​មកពី​ប្រភព​ផលិត​ដែលមាន​ស្តង់ដារ។
    3 . បើ​ចម្អិន​ម្ហូបអាហារ​ដោយ​ខ្លួនឯង គួរ​លាង​សម្អាត​សាច់សត្វ និង​គ្រឿងក្នុង​ទាំងនោះ​ឱ្យបាន​ស្អាត​ហ្មត់ចត់។
    4 . បើ​ទទួលទាន​អាហារ​ស្ទើរ​ឆ្អិន​ស្ទើរ​ឆៅ​ហើយ​កើតមាន​អាការ​ដូចដែល​បាន​រៀបរាប់​មក​ខាងលើ ចូរ​ប្រញាប់​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ដើម្បី​ធ្វើការ​ព្យាបាល​ជា​បន្ត។ តែ​ប៉ុណ្ណឹង​ក៏​មិនចាំបាច់​នាំគ្នា​ភ័យ​ភ្ញាក់ផ្អើល​ខ្លាំង​រហូតដល់​ឈប់​ញ៉ាំ​ម្ហូបអាហារ​ដែល​ធ្វើ​ពី​សាច់សត្វ​អី​ដែរ តែ​ចំណុច​សំខាន់​គឺគួរ​ចម្អិន​ឱ្យ​ឆ្អិន​ល្អ​មុន​ទទួលទាន​គ្រប់ពេល ដើម្បី​មិន​ប្រថុយ​នឹង​ការកើតមាន​ព្រូន​នៅក្នុង​ពោះ OK!៕