កុមារ​បួន​នាក់​ដែល​បាត់​ខ្លួន​​ជាង​ប្រាំ​សប្ដាហ៍​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន «នៅ​មានជីវិត»

កុមារ​បួន​នាក់​មាន​អាយុ​ចាប់ពី​ជិត​មួយឆ្នាំ​ដល់ 13 ឆ្នាំ ដែល​​វង្វេងផ្លូវ​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​កាលពី​ថ្ងៃទី 01 ឧសភា ត្រូវបាន​សមត្ថកិច្ច​កូ​ឡុំ​ប៊ី​រកឃើញ និង​សង្គ្រោះ​ទាន់ពេល។

«ប្រទេស​ទាំងមូល​សប្បាយ​រីករាយ! កុមារ​បួន​នាក់​ដែល​បាត់​ខ្លួន​ក្នុងព្រៃ​ជ្រៅ​នៅ​កូ​ឡុំ​ប៊ី នៅមាន​ជីវិត» ប្រធានាធិបតី​កូ​ឡុំ​ប៊ី លោក Gustavo Petro នៅ​ថ្ងៃទី 10 មិថុនា បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ដូច្នេះ។

ក្រុម​កុមារ​នេះ​ត្រូវបាន​ទាហាន​កូ​ឡុំ​ប៊ី​រកឃើញ​នៅក្បែរ​ព្រំប្រទល់​រវាង​ខេត្ត Caqueta និង Guaviare របស់​ប្រទេស​កូ​ឡុំ​ប៊ី ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ធៀប​នឹង​កន្លែង​យន្តហោះ​ដឹក​គ្រួសារ​របស់​ពួកគេ​បាន​​ជួប​គ្រោះថ្នាក់​កាលពី​ថ្ងៃទី 01 ឧសភា។

ក្រុម​សង្គ្រោះ​របស់​កូ​ឡុំ​ប៊ី ធ្វើការ​យ៉ាង «ដុតដៃដុតជើង» នៅក្នុង​ការ​តាម​ស្វែងរក​ក្រុម​កុមារ​បាត់​ខ្លួន​នេះ។ បណ្ដាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា Wilson ដែលជា​សុនក​ជំនាញ បាន​បាត់​ខ្លួន​ក្នុងពេល​តាម​ស្វែងរក​ ក៏ត្រូវ​បាន​រកឃើញ​នៅ​ជាមួយ​កុមារ​ទាំងនេះ​ផងដែរ។

ពេល​បាន​រកឃើញ កុមារ​ទាំងនេះ​មាន​អា​ការៈបាត់បង់​ជាតិ​ទឹក នៅលើ​ខ្លួន​មាន​ស្នាម​សត្វល្អិត​ខាំ និង​បាក់​​កម្លាំង​។ កងទ័ព​កូ​ឡុំ​ប៊ី បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ​ទៅកាន់​កន្លែងកើតហេតុ​ដើម្បី​នាំ​កុមារ​ទាំងនេះ​ទៅកាន់​មន្ទីរពេទ្យ។

កាលពី​ថ្ងៃទី 01 ឧសភា 2023 យន្តហោះ​ខ្នាតតូច Cessna 206 ដឹក​មនុស្ស 7 នាក់​ពី Araracuara ទៅកាន់ San Jose del Guaviare ដែលជា​ទីក្រុង​ស្ថិត​ក្នុងព្រៃ​ជ្រៅ​អា​ម៉ា​ហ្សូ​ន​របស់​ប្រទេស​កូ​ឡុំ​ប៊ី។ អ្នកដំណើរ​លើ​យន្តហោះ​រួមមាន មេដឹកនាំ​ជនជាតិដើម Huitoto និង​ស្ត្រី​ជនជាតិដើម​ម្នាក់​ឈ្មោះ Magdalena Mucutui Valencia រួម​នឹង​កូន​បួន​នាក់។

ក្រោយពី​យន្តហោះ​​ហោះ​ឡើង​បាន​ប៉ុន្មាន​នាទី ពី​ឡុ​ត​ក៏​ផ្ដល់​សញ្ញា​គ្រោះថ្នាក់​ទាក់ទង​នឹង​ម៉ាស៊ីន។ ក្រោយមកទៀត យន្តហោះ​នេះ​ក៏បាន​បាត់​ខ្លួន​ពី​រ៉ា​ដា។

ក្នុង​ថ្ងៃទី 15 និង 16 ឧសភា ក្រុម​ទាហាន​កូ​ឡុំ​ប៊ី បាន​រកឃើញ​សាកសព​របស់​អ្នកបើកបរ​យន្តហោះ និង​មនុស្ស​ចាស់​ពីរ​នាក់​នៅ​តំបន់ Caqueta។ កុមារ​បួន​នាក់​នៅលើ​យន្តហោះ​ជួប​គ្រោះថ្នាក់​នេះ​ក៏បាន​បាត់​ខ្លួន។ បន្ទាប់​មក សុនក​ជំនាញ និង​កងកម្លាំង​សង្គ្រោះ​ក៏បាន​រកឃើញ​ដប​ទឹកដោះគោ​សម្រាប់​ទារក ស្បែកជើង ខោអាវ និង​ផ្លែឈើ​ដែល​ក្មេង​ទាំងនេះ​បាន​ខាំ នៅមិន​ឆ្ងាយ​ប៉ុន្មាន​ពី​​កន្លែង​ធ្លាក់​យន្តហោះ។

មកដល់​ថ្ងៃទី 17 ឧសភា កម្លាំង​សង្គ្រោះបាន​រកឃើញ​ជម្រក​មួយ​ដែល​ធ្វើ​​ពី​មែកឈើ។ សុនក​ជំនាញ​ក៏បាន​រកឃើញ​កន្ត្រៃ និង​ខ្សែ​ចង​សក់។ Fidencia Valencia ដែលជា​ជីតា​របស់​កុមារ​ទាំង​បួន​នាក់​នេះ​ធ្លាប់​បាន​​ប្រាប់ថា ក្មេង​ទាំងនេះ​រស់នៅ​ស៊ាំ​នឹង​ព្រៃ​ជ្រៅ ហើយ​ប្រហែលជា​កំពុង​គេចខ្លួន​ដោយសារ​ការភ័យខ្លាច។ ក្មេងស្រី​ច្បង​ក្នុង​ចំណោម​​កុមារ​បួន​នាក់​នេះ ​ចេះដឹង​ច្រើន​ទាក់ទង​នឹង​ការរក្សា​ជីវិត​នៅក្នុង​ព្រៃ​ជ្រៅ៕

Advertisement