អ្នកជំនាញ​របស់​ណា​សា​ថា ព្រះ​ចន្ទ​អាចមាន​ភាវៈរស់ ពិសេស​គឺ​ប្រភព​របស់​វា

ភាវៈរស់​ក្រៅ​ភពផែនដី​មិនមែន​នៅ​ឆ្ងាយ​ឡើយ តែ​អាច​ស្ថិតនៅលើ​ភព​រណប​របស់​ផែនដី នោះ​គឺ​ព្រះ​ចន្ទ​របស់​មនុស្ស។

ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ​ក្លាយជា​ចំណុច​ដ៏​ទាក់ទាញ​សម្រាប់​បណ្ដា​ប្រទេស​មហាអំណាច​អវកាស ពិសេស​នៅពេល​ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា) រៀប​គម្រោង​នាំ​មនុស្ស​ឡើងទៅ​ជាន់ដី​ព្រះ​ចន្ទ​តាមរយៈ​បេសកកម្ម Artemis។

ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ​មួយរូប​របស់​ណា​សា បាន​ចែករំលែក​ព័ត៌មាន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ នោះ​គឺ នៅលើ​ឋាន​ព្រះ​ចន្ទ​អាចមាន​ភាវៈរស់ បើ​ទោះ​មាន​លក្ខខណ្ឌ​មិន​អំណោយផល​សម្រាប់​ជីវិត។

យោងតាម Business Insider អ្នកវិទ្យាសាស្ត្រ Prabal Saxena របស់​អង្គការ​ណា​សា ឱ្យដឹងថា ជីវិត​របស់​សត្វល្អិត​អាចមាន​វត្តមាន​នៅក្នុង​បរិស្ថាន​អាក្រក់​ដូច​នៅលើ​ព្រះ​ចន្ទ។ លោក Prabal បន្ថែមថា រណ្ដៅ​នានា​នៅលើ​ផ្ទៃ​ព្រះ​ចន្ទ​ទំនងជា​បានផ្ដល់​ជា​ជម្រក​ល្អ​សម្រាប់​សត្វល្អិត​ទាំងនោះ ពិសេស​គឺ​នៅ​ប៉ូល​ខាងត្បូង​ដែល​ពន្លឺ​ព្រះ​អាទិត្យ​មិន​អាច​ទៅ​ដល់។

លោក Prabal និង​សហការី​យល់ថា សត្វល្អិត​ទាំងនេះ​មាន​ប្រភព​មកពី​ទី​អវកាស ពិសេស​គឺ​ផែនដី​តែម្ដង។ សត្វល្អិត​ទាំងនេះ បើសិន​ជាមាន ពួកវា​ប្រហែលជា​បាន​ទៅកាន់​ឋាន​ព្រះ​ចន្ទ​តាមរយៈ​យានអវកាស ក្នុងនោះ​មាន​យាន​ចុះចត​ដូចជា Apollo របស់​សហរដ្ឋ​អាម៉េរិក​ កាលពី​ឆ្នាំ 1969 ជាដើម។ ប្រសិន​បើ​ពេល​នេះ​ពុំ​មាន​សត្វ​ល្អិត​ នៅ​ថ្ងៃ​ខាង​មុខ​ ព្រះចន្ទ​ក៏​នៅ​តែ​មាន​​វត្តមាន​របស់​ភាវៈ​រស់​ ព្រោះ​ថា អនាគត​ មនុស្ស​នឹង​បង្កើន​វត្តមាន​របស់​ខ្លួន​នៅ​ទីនោះ​៕

Advertisement