Tag: រូបវិទ្យា

  • បទពិសោធន៍ «​វិះ​នឹង​ស្លាប់​ក្នុង​នាវាមុជទឹកដូច Titan ​នៅ​ក្បែរ​សាកសព​កប៉ាល់​ Titanic»

    បទពិសោធន៍ «​វិះ​នឹង​ស្លាប់​ក្នុង​នាវាមុជទឹកដូច Titan ​នៅ​ក្បែរ​សាកសព​កប៉ាល់​ Titanic»

    គ្រោះថ្នាក់​នាវាមុជទឹក Titan បានធ្វើឱ្យ Michael Guillen នឹកឃើញ​ដល់​បទពិសោធន៍​ដ៏​រន្ធត់​នៅពេល​ជាប់​ក្នុង​នាវាមុជទឹក​នៅត្រង់​កន្លែង​ដូច​ទីតាំង​ក្នុងករណី Titan កាលពី​ឆ្នាំ 2000។

    «ខ្ញុំ​គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នកយកព័ត៌មានដំបូងៗដែល​បាន​មើលឃើញ​សាកសព​កប៉ាល់ Titanic នៅ​បាតសមុទ្រ​អា​ត្ល​ង់​ទិ​ក។ ប្រការ​នោះ​ធ្វើឱ្យ​ខ្ញុំ​មាន​មោទកភាព» Michael Guillen បណ្ឌិត​ផ្នែក​រូបវិទ្យា​អាម៉េរិក រៀបរាប់​អំពី​ដំណើរ​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic ក្នុងនាម​ជា​អ្នកយកព័ត៌មាន​ផ្នែក​វិទ្យាសាស្ត្រ​របស់​ទូរទស្សន៍ ABC កាលពី 23 ឆ្នាំមុន។

    ក្នុង​ដំណើរ​ផ្សងព្រេង​នោះ Guillen ទៅជា​មួយ​មិត្ត​ម្នាក់​ឈ្មោះ Brian និង​អ្នកបើកបរ​នាវា​ជនជាតិ​រុស្ស៊ី Viktor នៅក្នុង​នាវាមុជទឹក Mir-1 របស់​រុស្ស៊ី ដែល​ត្រូវបាន​ទម្លាក់​ចុះ​ទឹក​ពី​កប៉ាល់​មេ Akademik Mstislav Keldysh។ ក្រោយពី​បាន​ទស្សនា​ផ្នែក​ខាងមុខ​របស់​សាកសព​កប៉ាល់ Titanic ប្រកបដោយ​ភាពងាយស្រួល​នៅក្នុង​ជម្រៅ 3,800 ម៉ែត្រ ពួកគេ​ក៏​សម្រេចចិត្ត​ផ្លាស់​ទី​ទៅកាន់​ផ្នែក​ខាងក្រោយ​របស់​កប៉ាល់។

    លោក Guillen រៀបរាប់៖ «ពេល​ឆ្លងកាត់​តំបន់​ដែលមាន​បំណែក​ជាច្រើន ដើម្បី​ឆ្ពោះទៅកាន់​ចំណុច​កន្ទុយ​កប៉ាល់ ពួកយើង​ក៏​ស្រាប់តែ​ត្រូវ​ស្រូប​ចូល​ខ្សែទឹក​ដែល​ហូរ​ខ្លាំង​នៅ​បាតសមុទ្រ។ ចុងក្រោយ Mir-1 ត្រូវ​ជាប់គាំង​ទៅនឹង​ស្លាបចក្រ​ដ៏​ធំ​របស់​កប៉ាល់ Titanic»។

    «ក្រោយពី​ការប៉ះទង្គិច ពួកយើង​ឃើញ​ដុំ​ដែក​ច្រែះ​​របស់​កប៉ាល់ Titanic ធ្លាក់​មកលើ​នាវាមុជទឹក» លោក Guillen បន្ថែម និង​បន្តថា «ពេលនោះ​ខ្ញុំ​គិតថា ខ្ញុំ​នឹងមិន​អាច​គេច​ផុតពី​ការស្លាប់​ឡើយ»។

    លោក Michael Guillen

    Viktor ដែល​ធ្លាប់ជា​អ្នកបើកបរ​យន្តហោះ​ចម្បាំង MiG របស់​រុស្ស៊ី ក៏បាន​រក​វិធី​រំដោះ​នាវាមុជទឹក។ លោក Guillen និយាយថា ពេលនោះ «ដូច​ទៅនឹង​រថយន្ត​របស់​អ្នក​កំពុង​ជាប់ផុង ហើយ​អ្នក​ត្រូវ​រក​វិធី​ថយក្រោយ​ដើម្បី​រំដោះខ្លួន។ ពួកយើង​សុទ្ធតែ​រក្សា​ភាពស្ងប់ស្ងាត់ ព្រោះ​មិន​ចង់​រំខាន ឬ​ធ្វើឱ្យ Viktor បែក​អារម្មណ៍។ ពួកយើង​សុទ្ធតែ​ដឹងថា កំពុងស្ថិត​ក្នុងស្ថានភាព​អាសន្ន…»។

    នាវា Mir-1 ត្រូវ​ជាប់​ប្រហែល​មួយ​ម៉ោង​ក្នុង​ភាព​ងងឹត​នៅ​បាតសមុទ្រ ដោយសារតែ Viktor សម្រេចចិត្ត​បិទ​ភ្លើង​​ដើម្បី​សន្សំសំចៃ​ថាមពល។ «ខ្ញុំ​មិន​ភ្លេច​សោះឡើយ​នូវ​ស្ថានភាព​ដែល​គិតថា ខ្លួន​នឹង​ស្លាប់​មិន​ខាន» លោក Guillen រម្លឹកឡើង​​ដូច្នេះ។

    ក្នុងពេលនោះ Guillen មាន​អារម្មណ៍​ថា នាវា​កំពុង​ផុស​ឡើង។ «ខ្ញុំ​ងាកក្រោយ​សួរ Viktor ថា មាន​បញ្ហា​អ្វី​អត់? គាត់​ក៏​ឆ្លើយ​ដោយ​សំឡេងស្អកៗថា «មិនមាន​បញ្ហា​ទេ»។ ពេលនោះ​ទើប​ខ្ញុំ​មាន​អារម្មណ៍​ធូរទ្រូង» លោក Guillen ថ្លែងបន្ត​ដូច្នេះ។

    នាវាមុជ​ទឹក​រុស្ស៊ី Mir

    ដោយសារ​ជំនាញ​របស់ Viktor ចុងក្រោយ នាវាមុជទឹក Mir-1 ក៏បាន​រំដោះខ្លួន​ផុតពី​ស្លាបចក្រ និង​គំនរ​បាក់បែក​របស់​សាកសព​កប៉ាល់ Titanic។ ពួកគេ​ត្រូវ​ចំណាយពេល​ពីរ​ម៉ោង​កន្លះ​ដើម្បី​ងើប​ឡើងលើ​ផ្ទៃ​ទឹក និង​ផុត​ពី​គ្រោះ​អាសន្ន​។

    កាលពី​ឆ្នាំ 2000 មានតែ​ពីរ​ប្រទេស​ប៉ុណ្ណោះ​ដែល​អាច​អភិវឌ្ឍ​នាវាមុជទឹក​ដែល​ស៊ូទ្រាំ​បាន​ជាមួយនឹង​សម្ពាធ​ទឹកសមុទ្រ​ដ៏​មហាសាល នោះ​គឺ​ប្រទេស​បារាំង និង​រុស្ស៊ី។ នេះ​បើតាម លោក Guillen។

    នាវាមុជទឹក Mir របស់​រុស្ស៊ី មាន​បណ្ដោយ 7.8 ម៉ែត្រ, ទទឹង 3.6 ម៉ែត្រ, កម្ពស់ 3 ម៉ែត្រ និង​ទម្ងន់ 18,600 គីឡូក្រាម។ នាវា​នេះ​អាច​ចុះ​ជ្រៅ​រហូតដល់ 6,000 ម៉ែត្រ។ ក្នុងការ​ធ្វើតេស្ដ​ជាក់ស្ដែង Mir-1 អាច​ចុះ​ដល់​ជម្រៅ 6,170 ម៉ែត្រ និង Mir-2 អាច​ចុះ​ដល់ 6,120 ម៉ែត្រ៕

  • គម្រោង​សាងសង់​កោះ​វេជ្ជសាស្ត្រ​រាង​អឌ្ឍចន្ទ​​ប្រកប​ដោយ​បច្ចេក​វិទ្យា​ខ្ពស់​នៅ​ទីក្រុង​ឌូ​បៃ

    គម្រោង​សាងសង់​កោះ​វេជ្ជសាស្ត្រ​រាង​អឌ្ឍចន្ទ​​ប្រកប​ដោយ​បច្ចេក​វិទ្យា​ខ្ពស់​នៅ​ទីក្រុង​ឌូ​បៃ

    Kalbod Design ដែលជា​ស្ទូ​ឌី​យោ​មួយ​នៅ​រដ្ឋធានី​តេ​ហេ​រ៉ង់ (ប្រទេស​អ៊ីរ៉ង់) បានបង្ហាញ​គម្រោង​កោះ​វេជ្ជសាស្ត្រ​ឌូ​បៃ ដែលមាន​អគារ​កប់​ពពក​ទំហំ​មួយ​លាន​ម៉ែត្រការ៉េ ដ៏​លេចធ្លោ​នៅ​ចំ​កណ្ដាល។

    កោះ​ថ្មី​នេះ​មាន​ឈ្មោះថា ទីក្រុង​ថែទាំ​សុខភាព​ឌូ​បៃ (Dubai Healthcare City) ដែលជា​តំបន់​ចម្រុះ​អណ្ដែត​លើ​ផ្ទៃ​ទឹក ផ្ដោត​សំខាន់​លើ​ការផ្ដល់សេវា​ថែទាំ​សុខភាព​គុណភាព​ខ្ពស់ បំពាក់​បច្ចេកវិទ្យា​ទំនើប និង​ប្រកបដោយ​ស្ថិរភាព ព្រមទាំង​គោរព​តាម​លក្ខខណ្ឌ​នៃ​ភូមិសាស្ត្រ និង​សង្គម​ដ៏​ពិសេស​របស់​តំបន់។ Design Boom ចុះផ្សាយ​ព័ត៌មាន​នេះ​កាលពី​ថ្ងៃទី 15 ឧសភា។

    ទីក្រុង​ថែទាំ​សុខភាព​ឌូ​បៃ មាន​រូបរាង​ដូច​​អឌ្ឍចន្ទ ឬ​ដូច​ចំណិតដូង និង​រួមផ្សំ​ជាមួយនឹង​កត្តា​រចនាបថ​រូបវិទ្យា​ក្នុង​សាសនា​អ៊ីស្លាម។ កោះ​នេះ​ដំណើរការ​ដូច​ទៅនឹង​តំបន់​ចម្រុះ​ក្នុង​អគារ ដោយមាន​ប្រព័ន្ធ​គមនាគមន៍​ក្នុង​ទឹក​ដោយឡែក តំបន់​លំនៅ​ដែលមាន​រុក្ខជាតិ​បៃតង​ត្រជាក់​សម្រាប់​អ្នកជំងឺ បណ្ដា​មជ្ឈមណ្ឌល​អប់រំ និង​អភិវឌ្ឍ។ល។

    ច្រកចូល​កោះ​នេះ​ត្រូវបាន​ស្ថាបនា​ក្រោម​ទឹក ដើម្បី​កាត់បន្ថយ​ការធ្វើ​ចរាចរណ៍​របស់​រថយន្ត​នៅលើ​កោះ។ ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​ទឹក​រួមមាន ប្រព័ន្ធ​រថភ្លើង​អគ្គិសនី និង​រថយន្ត​អគ្គិសនី។ គ្រប់កន្លែង​នៅលើ​កោះ​នេះ​សុទ្ធ​តែមាន​ស្ថានីយ​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ។ ចំណែក​អ្នក​ថ្មើរជើង​វិញ គឺអាច​ដើរ​នៅលើ​កោះ​នេះ​ដោយ​សេរី។

    កោះ​នេះ​មាន​បី​តំបន់សំខាន់ៗ ក្នុងនោះ តំបន់​អប់រំ និង​ស្រាវជ្រាវ​ស្ថិតនៅ​ចំ​កណ្ដាល ខណៈ​តំបន់​វេជ្ជសាស្ត្រ និង​អគារ​ស្នាក់នៅ ស្ថិតនៅ​ជុំវិញ។ បណ្ដា​ផ្លូវ​ស្ថិតនៅ​ទី​ខ្ពស់​ចន្លោះ​តំបន់​នានា​នឹង​នាំមក​នូវ​ខ្យល់​បរិសុទ្ធ និង​មាន​តួនាទី​ជា​លំហ​បៃតង។ អ្នក​ថ្មើរជើង​អាច​ផ្លាស់​ទី​ក្នុង​កម្ពស់ផ្សេងៗគ្នា អាច​គយគន់​ទេសភាព​ដ៏​អស្ចារ្យ​របស់​ឌូ​បៃ និង​ឈូង​សមុទ្រ​ពែ​ក្ស។

    នៅ​កណ្ដាល​កោះ​គឺជា​អគារ​ខ្ពស់កប់ពពក​ទំហំ​រហូតដល់​មួយ​លាន​ម៉ែត្រការ៉េ បែង​ចែកជា​ពីរ​ផ្នែក រួមមាន ផ្នែក​ ​ផ្ទាល់​ដី មាន​ទំហំ 670,000 ម៉ែត្រការ៉េ សម្រាប់​សកម្មភាព​អប់រំ និង​ផ្នែក​ខាងលើ​ដែលមាន​រាង​ដូច​អឌ្ឍចន្ទ​ ទំហំ 330,000 ម៉ែត្រការ៉េ សម្រាប់​ធ្វើជា​សាល​តាំងពិព័រណ៍ បន្ទប់ពិសោធន៍ និង​អភិវឌ្ឍ សួន​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា បណ្ណាល័យ និង​ពិព័រណ៍​សមិទ្ធផល​បច្ចេក​វិទ្យា​ឌីជីថល។ ក្រៅពី​អគារ​នៅ​ចំ​កណ្ដាល Dubai Healthcare City នឹងមាន​អគារ​ចំនួន 14 ផ្សេងទៀត​ដែលមាន​មុខងារ​វេជ្ជសាស្ត្រ និង​សណ្ឋាគារ​ចំនួន 24 នៅលើ​ក្បាល​ទាំងពីរ​របស់​កោះ។

    គ្រប់​អគារ​សុទ្ធ​តែមាន​សួនច្បារ​​នៅខាងមុខ និង​ដាំ​រុក្ខជាតិ​ច្រើន​ប្រភេទ ដែល​នាំមក​នូវ​ម្លប់​ត្រជាក់ និង​ខ្យល់​បរិសុទ្ធ​បែប​ធម្មជាតិ រួមចំណែក​លើកកម្ពស់​គុណភាព​បរិយាកាស​របស់​​ឌូ​បៃ៕

  • ភព​សៅរ៍​ដណ្ដើមបាន​​​​តំណែង «ស្ដេច​​គ្រប់​គ្រង​ព្រះ​ចន្ទ» នៅ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ

    ភព​សៅរ៍​ដណ្ដើមបាន​​​​តំណែង «ស្ដេច​​គ្រប់​គ្រង​ព្រះ​ចន្ទ» នៅ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ

    ដោយមាន​ព្រះ​ចន្ទ​ចំនួន 62 ដួង ត្រូវបាន​រកឃើញ ភព​សៅរ៍​ (Saturn) បាន​យកឈ្នះ​លើ​ភព​ព្រហស្បតិ៍​ជា​ថ្មី​ និង​​ក្លាយជា​ភព​ដែលមាន​ព្រះ​ចន្ទ​ច្រើនជាងគេ​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។

    នៅមុន​ពេល​នៃ​ការរកឃើញ​ថ្មី ភព​សៅរ៍​មាន​ព្រះ​ចន្ទ​ចំនួន 83 ដួង ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​សហព័ន្ធ​តារាសាស្ត្រ​អន្តរជាតិ (IAU)។ បច្ចុប្បន្ន តួលេខ​នេះ​បាន​កើន​ឡើងដល់ 145 ដួង នេះ​បើតាម Space ចុះផ្សាយ​កាលពី​ថ្ងៃទី 12 ឧសភា 2023។ ប្រការនេះ​បាន​នាំឱ្យ​ភព​សៅរ៍​ក្លាយជា​ភព​ដំបូង​គេ​ដែលមាន​ព្រះ​ចន្ទ​ជាង 100 ដួង។

    ព្រះ​ចន្ទ​ថ្មី​ទាំងនេះ​របស់​ភព​សៅរ៍ ត្រូវបាន​រកឃើញ​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ដែល​ដឹកនាំ​ដោយ​បណ្ឌិត Edward Ashton មកពី​វិទ្យាស្ថាន​តារា-​រូបវិទ្យា​ Academia Sinica ដោយ​ប្រើប្រាស់​ទិន្នន័យ​ពី​តេ​ឡេ​ស្កុប​របស់​កាណាដា-បារាំង-ហា​វ៉ៃ (CFHT) នៅលើ​កោះ Hawaii ដែល​ប្រមូល​បាន​តាំង​ពី​ឆ្នាំ 2019 ដល់ 2021។ ទិន្ន័យ​នេះ​ជួយ​ឱ្យ​ពួកគេ​រកឃើញ​ព្រះ​ចន្ទ​ថ្មី​​​ៗ​​មាន​អង្កត់ផ្ចិត​ចាប់ពី 2.5 គីឡូម៉ែត្រ ដែល​វិល​ជុំវិញ​ភព​សៅរ៍។

    កាលពី​ខែកុម្ភៈ 2023 ភព​ព្រហស្បតិ៍​បាន​យកឈ្នះ​លើ​ភព​សៅរ៍​ស្ដីពី​ភព​ដែលមាន​ព្រះ​ចន្ទ​ច្រើនជាងគេ នៅពេល​ព្រះ​ចន្ទ​ថ្មី​ចំនួន 12 របស់​ភព​នេះ​ត្រូវបាន​ទទួលស្គាល់ ជួយ​ឱ្យ​ចំនួន​ព្រះ​ចន្ទ​របស់​ភព​ព្រហស្បតិ៍​កើន​ដល់ 92 ដួង។ ក៏ប៉ុន្តែ បច្ចុប្បន្ន តំណែង​ «ស្ដេច​គ្រប់គ្រង​ព្រះ​ចន្ទ» នេះ បាន​ធ្លាក់​មកលើ​ដៃ​ភព​សៅរ៍​ជាថ្មី ដោយ​វា​មាន​ព្រះ​ច​ន្ទ 145 ដួង បើទោះជា​អនាគត តួលេខ​នេះ​អាច​នឹង​ប្រែប្រួល៕

  • តាមរយៈ Krou Cambodia សិស្សនឹងលែងបារម្ភពីការស្វែងយល់បាតុភូតនៃរូបវិទ្យា

    តាមរយៈ Krou Cambodia សិស្សនឹងលែងបារម្ភពីការស្វែងយល់បាតុភូតនៃរូបវិទ្យា

    ការសិក្សារូបវិទ្យា គឺចាំបាច់ត្រូវយល់ច្បាស់ពីចំណុចសំខាន់ៗចំនួន 2 គឺ បាតុភូត និងរូបមន្ត ហើយជាទូទៅរូបមន្តជាក្បួនជាក់លាក់មួយដែលសិស្សគ្រប់គ្នាអាចទន្ទេញ ឬអាចចាំបាននៅពេលដែលឧស្សាហ៍ធ្វើលំហាត់ តែសម្រាប់បាតុភូតវិញ គឺទាមទារឱ្យមានការយល់ពីហេតុផលច្បាស់លាស់។

    ហេតុផលនៃបាតុភូតចាំបាច់ត្រូវធ្វើការពិសោធជាក់ស្តែង និងចំណាយពេលវេលាស្វែងយល់ពីប្រភពរួមទាំងផលប្រយោជន៍នៃមេរៀនក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ឬសម្រាប់ផលិតឱ្យចេញជាផលិតផលណាមួយ។ អ្នកដែលពូកែរូបវិទ្យាភាគច្រើន គឺជាអ្នកយល់ច្បាស់ពីហេតុផលនៃបាតុភូតក្នុងមេរៀននីមួយៗបានច្បាស់លាស់។ នៅពេលដែលពួកគេយល់ដឹងពីបាតុភូតបានច្បាស់លាស់ ពួកគេនឹងអាចប្រើប្រាស់រូបមន្តបានត្រឹមត្រូវដើម្បីដោះស្រាយលំហាត់នីមួយៗ ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ។ ពេលខ្លះ អ្នកដែលច្បាស់ពីបាតុភូតក៏អាចដឹងថែមទៀតផងដែរថា ប្រធានបទលំហាត់ណាមានកំហុស ដែលភាគច្រើនកើតចេញពីកំហុសអចេតនារបស់គ្រូ។

    ដោយមើលឃើញពីសារៈសំខាន់នៃការស្វែងយល់ពីបាតុភូតរូបវិទ្យា ក្រសួងអប់រំ យុវជន និងកិឡា តាមរយៈទំព័រ Facebook ដែលមានឈ្មោះថា Krou Cambodia បានផលិតវីដេអូដើម្បីបង្ហាញពីការពិសោធលើទ្រឹស្តីនានារបស់រូបវិទ្យាដើម្បីឱ្យសិស្សស្វែងយល់ជាក់ស្តែង និងងាយចងចាំបានល្អ។ វីដេអូទាំងអស់នោះ គឺពន្យល់ដោយសាស្រ្តាចារ្យដែលមានបទពិសោធខ្ពស់ក្នុងការបង្រៀនដែលអាចធ្វើឱ្យសិស្សទទួលបានការអប់រំល្អ ជាមួយនឹងការកម្សាន្តក្នុងវីដេអូមេរៀនទាំងអស់នោះផងដែរ៕