Tag: រដូវរងា

  • ទៅរស់ក្នុង​ព្រៃ​ដើម្បី​គេច​ពី​ពិភពលោក​ដ៏​គ្រោះថ្នាក់ តែ​ត្រូវស្លាប់​ដោយកង្វះ​​បទពិសោធន៍

    ទៅរស់ក្នុង​ព្រៃ​ដើម្បី​គេច​ពី​ពិភពលោក​ដ៏​គ្រោះថ្នាក់ តែ​ត្រូវស្លាប់​ដោយកង្វះ​​បទពិសោធន៍

    (សហរដ្ឋ​អាម៉េរិក) – ស្ត្រី​ពីរ​នាក់ និង​ក្មេងប្រុស​ម្នាក់​បាន​ស្លាប់​នៅក្នុង​តំបន់​ដាច់ស្រយាល​​មួយ​នៅ Colorado ក្រោយពី​បាន​នាំគ្នា​ចូល​ព្រៃ​ដើម្បី​គេច​ពី «ពិភព​ទំនើប» បើទោះជា​មិនមាន​បទពិសោធន៍​ច្រើន​ក្នុងការ​ចិញ្ចឹមជីវិត​ពេល​នៅក្នុង​ព្រៃ ហើយក៏​បាន​ស្លាប់បាត់​បង់ជីវិត។

    អាជ្ញាធរ​តំបន់ Gunnison របស់​រដ្ឋ Colorado កាលពី​ថ្ងៃទី 26 កក្កដា ឆ្នាំ 2023 បានឱ្យដឹងថា សាកសព​មនុស្ស​បីនាក់​ត្រូវបាន​រកឃើញ​នៅក្នុង និង​ជុំវិញ​តង់​នៅក្បែរ​ជំរំ​ក្នុងព្រៃ Gunnison។

    ជនរងគ្រោះ​ខាងលើ​រួមមាន ស្ត្រី​ពីរ​នាក់​ជា​បងប្អូន អាយុ 41 និង 42 ឆ្នាំ រួម​នឹង​កូនប្រុស​អាយុ 14 ឆ្នាំ។ អ្នកផ្ទះ​របស់​ជនរងគ្រោះ​និយាយថា ជនរងគ្រោះ​ចូល​ព្រៃ​តាំងពី​រដូវក្ដៅ​ឆ្នាំមុន ដើម្បី​គេចចេញ​ពី​ពិភព​ទំនើប បើ​ទោះ​មានការ​រារាំង ហើយ​ពួកគេ​ក៏​មិនមាន​បទពិសោធន៍​ក្នុង​ការរស់នៅ​ក្នុងព្រៃ ដោយ​គ្រាន់តែ​បាន​មើល​វីដេអូ​លើ YouTube ប៉ុណ្ណោះ។

    កាលពី​ដើមខែ​នេះ អ្នក​ឡើង​ភ្នំ​ម្នាក់​បាន​ប្រទះឃើញ​សាកសព​របស់​ពួកគេ​នៅ​ជុំវិញ​ខ្ទម​បណ្ដោះអាសន្ន។ បន្ទាប់ពី​បាន​ស្រាវជ្រាវ សមត្ថកិច្ច​ឱ្យដឹងថា ពួកគេ​រស់​ដោយសារតែ​អាហារ​កំប៉ុង។ រាងកាយ​របស់​ជនរ​ង​គ្រោះ​មាន​សញ្ញា​ខ្វះ​ជីវជាតិ។

    ក្រុម​គ្រួសារ​ជនរង​គ្រោះ

    បច្ចុប្បន្ន ប៉ូលិស​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការពិនិត្យ​រក​ជាតិពុល និង​មិនទាន់​រកឃើញ​មូលហេតុ​នៃ​ការស្លាប់​នៅ​ឡើយ។ ប៉ុន្តែ​សមត្ថកិច្ច​សង្ស័យថា ជនរងគ្រោះ​ទំនងជា​បាន​ស្លាប់​ដោយសារ​អត់​អាហារ រងា ឬ​ដោយសារ​ពុល​នឹង​ផ្សែង​ដែល​ពួកគេ​ដុត​ដើម្បី​កម្ដៅ​រាងកាយ។

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ប្រហែលជា​បាន​ស្លាប់​នៅក្នុង​រដូវរងា ដោយសារតែ​ជម្រក​ស្នាក់នៅ​របស់​ពួកគេ​មិនទាន់​ធ្វើ​រួចរាល់ ក៏​ស្រាប់តែ​រដូវរងា​មកដល់។

    អ្នកផ្ទះ​បានឱ្យដឹងថា ស្ត្រី​ពីរ​នាក់​បងប្អូន​ដែល​រងគ្រោះ កន្លងមក​មានការ​ព្រួយ​ភ័យខ្លាំង​​ចំពោះ​ស្ថានការណ៍​​របស់​ពិភពលោក ក្នុងនោះ​មាន​ទាំង​វិបត្តិ​សុខភាព​ដែល​បង្កឡើង​ដោយ​កូ​វីដ-19 ជាដើម។ ដូច្នេះ ពួកគេ​ក៏​នាំគ្នា​ចាក​ចេញពីផ្ទះ ទៅ​រស់នៅ​ក្នុងព្រៃ។ ការសម្រេចចិត្ត​របស់​ពួកគេ​ជា​រឿង​ត្រឹមត្រូវ គ្រាន់តែ​ថា ពួកគេ​មិនបាន​ត្រៀមខ្លួន​ឱ្យបាន​គ្រប់គ្រាន់​ប៉ុណ្ណោះ៕

  • ប្រទេស​​ដែល​ប្រជាជន​ប្រើប្រាស់​ផ្ទាំង​សូ​ឡា​ច្រើនជាងគេ​លើ​ពិភពលោក

    ប្រទេស​​ដែល​ប្រជាជន​ប្រើប្រាស់​ផ្ទាំង​សូ​ឡា​ច្រើនជាងគេ​លើ​ពិភពលោក

    អត្រា​នៃ​ការដំឡើង​ផ្ទាំង​សូ​ឡា​លើ​ដំបូលផ្ទះ​នៅ​ប្រទេស​អូស្ត្រាលី ​ជិត​ឈានដល់​កម្រិត​កំពូល​បំផុត នៅពេល​គ្រួសារ​នានា​ស្វែងរក​វិធី​ដើម្បី​ដោះស្រាយ​​បញ្ហា​​តម្លៃ​​ថាមពល។

    អូស្ត្រាលី​បច្ចុប្បន្ន​មាន​អត្រា​ប្រើប្រាស់​ផ្ទាំង​សូ​ឡា​ខ្ពស់​ជាងគេ​លើ​ពិភពលោក ដោយ​គ្រួសារ​ជិត 1/3 នៅ​ទូទាំងប្រទេស​នេះ ប្រើប្រាស់​ថាមពលព្រះអាទិត្យ។ សូម្បីតែ​នៅក្នុង​រដូវរងា អគ្គិសនី​ជាង 25% ដែល​ប្រើប្រាស់​នៅ​ក្នុង​​បណ្ដា​រដ្ឋ​ភាគ​ខាងកើត ​ក៏បាន​មកពី​ផ្ទាំង​សូ​ឡា។

    យោងតាម​ស្ថិតិ​របស់ Green Energy Market (GEM) គ្រួសារ និង​ក្រុមហ៊ុន​នានា​នៅ​អូស្ត្រាលី បាន​បន្ថែម​ផ្ទាំង​សូ​ឡា​ដែល​ផ្ទាល់​ថាមពល​អគ្គិសនី 1.46 ជី​ហ្គា​វ៉ា​ត់​នៅក្នុង​ពាក់កណ្ដាល​ដើមឆ្នាំ​នេះ ខ្ពស់ជាង 20% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​ក្នុង​ឆ្នាំ​កន្លង។ គិតតែ​ក្នុង​ខែមិថុនា 2023 អគ្គិសនី​ជិត 250 ម៉េ​ហ្គា​វ៉ា​ត់ ត្រូវបាន​បន្ថែម​ពី​ផ្ទាំង​សូ​ឡា​នៅលើ​ដំបូលផ្ទះ ខ្ពស់ជាង 13.2% បើ​ធៀប​នឹង​ខែមិថុនា​ឆ្នាំ 2022។

    មន្ត្រី​នៅ GEM ឱ្យដឹងថា តម្លៃ​អគ្គិសនី​កើនឡើង​ក្នុង​ឆ្នាំ​កន្លង ​បាន​ជំរុញ​ឱ្យ​ប្រជាជននាំ​គ្នា​សម្រុក​ទៅ​​ទិញ​ផ្ទាំង​សូ​ឡា។ ការកើនឡើង​នេះ​អាចជួយ​ឱ្យ​វិស័យថាមពល​​បំបែក​កំណត់ត្រា​​ស្ដី​ពី​ការ​បន្ថែម​អគ្គិសនី 3.2 ជី​ហ្គា​វ៉ា​ត់ទៅ​ក្នុង​បណ្ដាញ​អគ្គិសនី​របស់​អូស្ត្រាលី កាលពី​ឆ្នាំ 2021៕

  • ណា​សា​ (NASA) រកឃើញ​សញ្ញា​ទឹកសមុទ្រ​ឡើងក​ម្ដៅ​ខុស​ប្រក្រតី​ El Nino ពី​អវកាស

    ណា​សា​ (NASA) រកឃើញ​សញ្ញា​ទឹកសមុទ្រ​ឡើងក​ម្ដៅ​ខុស​ប្រក្រតី​ El Nino ពី​អវកាស

    ផ្កាយរណប Sentinel-6 Michael Freilich បាន​កត់ត្រា​រលក Kelvin ផ្លាស់​ទី​ទៅកាន់​ភាគ​ខាងកើត ឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ បាតុភូត​នេះ​តែង​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ចាត់ទុកថា​ជា​សញ្ញា​របស់បាតុភូត​ El Nino។

    ណា​សា​​កំណត់​បាន​សញ្ញា​ដំបូង​របស់ El Nino ពី​អវកាស បន្ទាប់​ពីមួយ​ក្នុងចំណោម​ផ្កាយរណប​របស់​ស្ថាប័ន​នេះ ​ប្រទះឃើញ​តំបន់​ទឹក​ក្ដៅ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ផ្លាស់​ទី​ទៅ​ទិសខាងកើត ទៅដល់​តំបន់​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​របស់​តំបន់​អាម៉េរិក​ខាងត្បូង នៅ​ក្នុង​ខែមីនា និង​មេសា។ ទិន្នន័យ​ពី​ផ្កាយរណប Sentinel-6 Michael Freilich បង្ហាញថា រលក Kelvin ផ្លាស់​ទី​ឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ប្រភេទ​រលក​នេះ​មាន​កម្ពស់​តែ​ពី 5-10 សង់ទីម៉ែត្រ ប៉ុន្តែ​លាត​សន្ធឹង​ទំហំ​រាប់រយ​គីឡូម៉ែត្រ។ ពួកវា​ត្រូវបាន​ចាត់ទុក​ដូច​ជាស​ញ្ញា​ដំបូង​របស់ El Nino នៅពេល​កើតឡើង​នៅ​តំបន់​អេក្វាទ័រ និង​បញ្ជូន​​​ទឹក​ក្ដៅ​​នៅ​ស្រទាប់​ខាងលើ​​របស់​សមុទ្រ ទៅកាន់​ភាគ​ខាងលិច​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ នេះ​បើតាម Live Science ចុះផ្សាយ​កាលពី​ថ្ងៃទី 16 ឧសភា​។

    El Nino គឺជា​បាតុភូត​ឡើង​កម្ដៅ​ខុស​ប្រក្រតី​នៃ​ស្រទាប់​លើ​របស់​ទឹកសមុទ្រ​នៅ​តំបន់​អេក្វាទ័រ និង​ភាគ​ខាងកើត​​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​ក៏​​​ជា​ផ្នែក​មួយ​នៅក្នុង​វដ្ដ​នៃ​អាកាសធាតុ ENSO (ENSO គឺជា​អាកាសធាតុ​ដែលមាន​បាតុភូត El Nino និង​បាតុភូត​ទឹកសមុទ្រ​ចុះ​ត្រជាក់​ខុស​ប្រក្រតី La Nina​។​

    El Nino តែង​កើតឡើង​ពី 3-5 ឆ្នាំ/ម្ដង ប៉ុន្តែ​ក៏​អាច​កើតឡើង​ញឹកញាប់​ជាង​មុន។ បាតុភូត El Nino ចុងក្រោយ​បានកើត​ឡើង​កាលពី​ឆ្នាំ 2019។ មន្ត្រី​តំណាង​ស្ថាប័ន​ឧតុនិយម​អាម៉េរិក (NOAA) បានឱ្យដឹងថា លទ្ធភាព​ដែល El Nino អាច​នឹង​កើតឡើង​នៅក្នុង​ឆ្នាំនេះ​គឺមាន​រហូតដល់ 90% ហើយ​អូសបន្លាយ​ដល់​រដូវរងា​នៅ​អឌ្ឍគោល​ខាងជើង ដែល​អាចធ្វើឱ្យ​ទឹកសមុទ្រ​ឡើង​កម្ដៅ​​បន្ថែម​ចាប់ពី 1 ដល់ 1.5 អង្សា​សេ៕

  • ស្ពាន​សម្រាប់​ផ្លូវរថភ្លើង​​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក

    ស្ពាន​សម្រាប់​ផ្លូវរថភ្លើង​​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក

    (ឥណ្ឌា) – ស្ពាន Chenab ដែលមាន​កម្ពស់ 359 ម៉ែត្រ​ធៀប​នឹង​ផ្ទៃ​ទឹកទន្លេ Chenab ក្នុង​តំបន់ Jammu និង Kashmir គ្រោង​នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​ចាប់ពី​ចុងខែ​ធ្នូ 2023 ឬ​ដើមខែ​មករា 2024។

    ស្ពាន​ដែលមាន​ប្រវែង 1,315 ម៉ែត្រ​នេះ ស្ថិតក្នុង​គម្រោង​នាំយក​បណ្ដាញ​ផ្លូវដែក​ទៅកាន់​តំបន់​ជ្រលង​ភ្នំ Kashmir។ ក្រៅពី​ស្ពាន Chenab គម្រោង​ផ្លូវដែក Udhampur-Srinagar-Baramulla (USBRL) ក៏មាន​ទាំង​ផ្លូវ​រូង​ក្រោម​ដី​វែង​ជាងគេ​ប្រចាំ​ប្រទេស និង​ស្ពាន​ខ្សែកាប​ដំបូង​សម្រាប់​ផ្លូវដែក​ឥណ្ឌា​ផងដែរ។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន CNN។

    សម្រាប់​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ការវិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ស្ពាន Chenab និង​គម្រោង USBRL ជាដើម គឺជា​វិធី​ដែលមាន​ប្រសិទ្ធភាព​ដើម្បី​បង្កើន​ការតភ្ជាប់​ក្នុងសង្គម ភ្ជាប់​តំបន់​ដាច់ស្រយាល​​ជាមួយ​នឹង​​ទីក្រុងធំៗ។ ការតភ្ជាប់ Kashmir និង​តំបន់​ដទៃទៀត​នេះ នឹង​ពង្រឹង​ការអភិវឌ្ឍ​ឧស្សាហកម្ម និង​កសិកម្ម​ក្នុង​តំបន់។

    មុន​នោះ ផ្លូវ​តែមួយ​ខ្សែ​គត់​ដែល​ត​ភ្ជាប់​តំបន់ Kashmir ជាមួយនឹង​តំបន់​នានា​នៅ​ឥណ្ឌា គឺ​ផ្លូវជាតិ Sringar-Jammu ប្រវែង 300 គីឡូម៉ែត្រដែល​បត់បែន​ខ្លាំង​។ ផ្លូវ​នេះ​ត្រូវ​បិទ​នៅ​រដូវរងា ហើយ​តែងតែ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍។

    ឥណ្ឌា​បាន និង​កំពុងតែ​វិនិយោគ​ជាច្រើន​ទៅលើ​ការស្ដារ និង​ធ្វើឱ្យ​ប្រសើរឡើង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន។ កាលពី​ខែកុម្ភៈ 2023 លោក Modi បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កំណាត់​ផ្លូវ​ដំបូង​របស់​ផ្លូវ​ល្បឿន​លឿន​ប្រវែង 1,386 គីឡូម៉ែត្រ ត​ភ្ជាប់​រដ្ឋធានី​ញូវដែលី ជាមួយនឹង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មុម​បៃ។ ដំណើរការ​សាងសង់​ផ្លូវ​របៀងដឹក​ជញ្ជូន​​នៅ​ភាគ​ខាងលិច​ប្រទេស​​ក៏​កំពុង​ត្រូវបាន​ធ្វើឡើង ដែល​នេះ​នឹង​ជួយ​កាត់បន្ថយ​សម្ពាធនៃ​​​បណ្ដាញ​ផ្លូវដែក​នៅ​ឥណ្ឌា៕

  • វិធីមើលថែទាំទារកទើបនឹងកើត និងដំបូន្មានល្អៗដែលអ្នកម្តាយថ្មោងថ្មីគួរតែដឹង

    វិធីមើលថែទាំទារកទើបនឹងកើត និងដំបូន្មានល្អៗដែលអ្នកម្តាយថ្មោងថ្មីគួរតែដឹង

    បន្ទាប់ពីកន្លងផុតនាទីនៃក្តីរំភើបសោមនស្ស ព្រោះមានសមាជិកថ្មីដ៏តូចច្រឡឹងមួយរូបកើតថែមឡើងនៅ​ក្នុង​​គ្រួសារ​​​ហើយនោះ ជឿថា លោកឪពុកអ្នកម្តាយថ្មីថ្មោងជាច្រើននាក់ច្បាស់ជួបនូវបញ្ហាជាច្រើនរឿងនៅក្នុងជីវិតប្រចាំថ្ងៃ​មិនខាន ជាពិសេសរឿងការចិញ្ចឹមថែទាំកូនតូច ដែលឡា រ៉ែនជឿថាលោកឪពុកអ្នកម្តាយប្រហែលជាមានកង្វល់ក្នុង​ចិត្តមិន​តិច ក៏ច្រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែរ ព្រោះមិនដឹង​​ថា ត្រូវចាប់ផ្តើមចិញ្ចឹមថែទាំកូនសម្លាញ់យ៉ាងម៉េចខ្លះ? ដូច្នេះឡា​ រ៉ែនសូមនាំយកវិធីមើលថែ​ទាំ​កូនតូច​​​ទើប​​នឹងកើតយ៉ាងត្រឹមត្រូវមកជំរាបជូនដើម្បីជាប្រយោជន៍សំរាប់លោកឪពុកអ្នកម្តាយថ្មីថ្មោងគ្រប់គ្នាដូចខាងក្រោម ៖

    . ផ្ងូតទឹកឲ្យកូនតូច : គួរងូតទឹកឲ្យកូនតូចក្នុងមួយថ្ងៃ 2 ដង ព្រឹក-ល្ងាច (ព្រឹកអាចនៅពេលថ្ងៃបន្តិច និងល្ងាចមុនពេលព្រលប់) ដោយត្រៀមឧបករណ៍សំរាប់ងូតទឹកដូចជា សាប៊ូដុសខ្លួន សាប៊ូកក់សក់ អេប៉ុងដុសខ្លួន កន្សែងជូត​ខ្លួន និងចានដែកងូតទឹកដែលមានបន្ទះការពាររអឹល ។ ត្រៀមទឹកនៅក្នុងចានដែកឲ្យមានសីតុណ្ហភាពសមល្មម មិនត្រជាក់​ពេក ឬក្តៅពេក បន្ទាប់មកទើបក្បង់ទឹកមកលាបលើខ្លួនកូនថ្នមៗ ដើម្បីឲ្យកូនបានសំរួលខ្លួនជាមុនសឹន រួចហើយទើបកក់​សក់កូនតូចមុនគេបង្អស់ ។ សំរាប់ការផ្ងូតទឹកសំអាតខ្លួនឲ្យកូនតូចនេះ ចូរសង្កត់ធ្ងន់លើការសំអាតតាមចំណុចគន្លាក់ផ្សេងៗ ជាពិសេស គល់ភ្លៅ គន្លាក់អាចម៍ ក្លៀក និងរន្ធគូទជាដើម ។ ចំពោះការផ្ងូតទឹកឲ្យកូនតូចនេះ បើអ្នកម្តាយថ្មីថ្មោងណាមិន​សូវជឿជាក់លើខ្លួនឯងនោះ អាចប្រើវិធីងូតទឹកដោយការដាក់កូនឲ្យគេងនៅលើក្រណាត់កៅស៊ូ ហើយយកអេប៉ុងសើមៗមក​ជូតសំអាត​ខ្លួនកូនតូចក៏បានដែរ ។

    . ជូតសំអាតយ៉ាងថ្នមៗ និងទន់ភ្លន់ : គឺជារឿងដែលអ្នកម្តាយត្រូវយកចិត្តទុកដាក់ និងមើលថែយ៉ាងហ្មត់ចត់ ជាពិសេសការលាង និងជូតសំអាតម្តុំភ្ជឹត និងអវយវ:ភេទដែលច្រើនកើតមានភាព​សើមអាប់ ដូច្នេះគួរធ្វើការជូតសំអាតដោយអាល់កុល 70% រៀងរាល់លើក ក្រោយពេលផ្ងូតទឹករួច រហូតទាល់គល់ភ្ជឹតជ្រុះ និងភ្ជឹតឡើងស្ងួត ។ ហាមប្រើម្សៅ​រោយ​​​ពីលើ​ភ្ជឹតទារកជាដាច់ខាត ព្រោះអាចធ្វើឲ្យកើតការឆ្លងមេរោគបាន ចំណែកអវយវ:ភេទ និងគូទក៏មិនគួរមើលរំលងដែរ នៅពេល​កូនតូចបន្ទោបង់រួចហើយត្រូវប្រញាប់ជូតសំអាតភ្លាម ដោយប្រើសំឡីជ្រលក់ទឹកជូតស្នាមបស្សាវ: និងឧច្ចារ:ដែល​ប្រឡាក់លើខ្លួនកូនចេញយ៉ាងថ្នមដៃ ដោយជូតពីខាងមុខទៅខាងក្រោយ ហើយយកកន្សែងពោះគោជូតប្តឹតឲ្យស្ងួតល្អ បន្ទាប់​​​​​​​​​​​​​​​​​​​​ពីនោះមកទើបស្លៀកក្រណាត់កន្ទប ឬខោទឹកនោមឲ្យ ។

    ខោអាវរបស់កូនតូច : គួរជាឈុតដែលធ្វើពីក្រណាត់កូតុងកប្បាស់ សាច់ទន់ខ្យល់ចេញចូលបាន មិនហប់អាចជាអាវដៃវែង ឬដៃខ្លីបែបមានខ្សែចងខាងមុខ ឬខាងក្រោយ ។ ចំណែកខោវិញគួរប្រើបែបមានខ្សែយឺតធូរៗ ឬចងខ្សែដើម្បីឲ្យងាយស្រួលស្លៀក និងដោះចេញ ។ បើក្នុងរដូវរងា ចូរជ្រើសយកឈុតណាដែលរាងក្រាស់បន្តិច ដើម្បីជួយគ្រប់គ្រងសីតុណ្ហភាពរបស់រាងកាយកូនតូច ។

    . ហាត់សង្កេត សម្លេងយំ និងអាការរបស់កូនតូច : ការបញ្ចេញសម្លេងផ្សេងៗ ទាំងការស្រែកបែបប្រឹងស្រែកថ្ងូរនៅក្នុងបំពង់ក ការញញឹម រួមទាំងការយំផង សុទ្ធតែជាវិធីដែលទារកប្រើទំនាក់ទំនងជាមួយអ្នកម្តាយទាំងអស់ ថានៅក្នុងខណ:ពេលហ្នឹងកូនចង់បានអ្វី អាចកំពុងឃ្លានទឹកដោះ មិនសប្បាយខ្លួនដោយសារឈឺថ្កាត់ ជាដើម ដូច្នេះលោកឪពុកអ្នកម្តាយគួរតែចាំសង្កេតមើលកូនតូចជាប់ជាប្រចាំ ថាអាការទាំងអស់នេះ តើកូនចង់ប្រាប់ពីអ្វីឲ្យយើងដឹង ។

    . ទឹកដោះម្តាយសំខាន់បំផុត : ដូចបានដឹងច្បាស់គ្រប់គ្នាហើយថា ទឹកដោះម្តាយគឺជាប្រភពនៃសា​រជាតិ​អាហារចំបងៗរបស់​​ទារកពេញរយ:ពេល 1 ឆ្នាំតំបូង ព្រោះសារជាតិអាហារដែលមាននៅក្នុងទឹកដោះគឺជាវត្ថុចាំបាច់ ជា​ភោជ​​​​​នាហារដែលល្អចំពោះសុខភាពរបស់ទារក ហុចផលដល់ការធំធាត់ និងការវិវឌ្ឍន៍របស់កូនតូចខ្លាំងណាស់ ជា​ពិសេសទារក​ដែលអាយុបាន 6 សប្តាហ៍ នឹងចាប់ផ្តើមរីកចំរើនធំធាត់យ៉ាងឆាប់រហ័ស ដែលអាចធ្វើឲ្យកូនតូចឆាប់ឃ្លានញឹកញាប់ជាងមុន ដូច្នេះអ្នកម្តាយគួរឲ្យកូនសម្លាញ់បានមឺមដោះឲ្យបានច្រើនជាងមុនដែរ ។

    . ភ្ជាប់សម្ព័ន្ធនៃក្តីស្រឡាញ់ឲ្យជិតស្នឹទ្ធ : ព្រោះតែការធ្វើឲ្យកូនមានអារម្មណ៍កក់ក្តៅ និងបានទទួលនូវក្តីស្រឡាញ់ គឺជាការជួយភ្ជាប់សម្ព័ន្ធរវាងម្តាយ និងកូនឲ្យកាន់តែកើនច្រើនឡើង មិនថាតែការកំរើកដៃជើងរបស់កូនថ្នមៗ ធ្វើម៉ាស្សាឲ្យស្រាលៗ រួមទាំងការបីឱបកូនពេលបំបៅដោះ ឬពេលបីបំពេរកូន គឺសុទ្ធតែជាការភ្ជាប់សម្ព័ន្ធឲ្យកូនញញឹម និងមានសេចក្តីសុខ ។

    ទោះនៅក្នុងរយ:តំបូងៗ លោកឪពុកអ្នកម្តាយអាចនឹងត្រូវសំរបសំរួលខ្លួន រៀនយល់ដឹង និងត្រូវត្រៀម​ខ្លួនជានិច្ចក្នុងការមើលថែទាំកូនតូចខ្លាំងជាពិសេស រហូតដល់នឿយហត់ ធុញថប់ និងគ្មានពេលវេលាសំរាកគ្រប់គ្រាន់ក៏​ដោយ តែការប្រែប្រួលរបស់កូនដែលរីកចំរើនធំធាត់ជាបណ្តើររៀងរាល់ថ្ងៃ រួមទាំងស្នាមញញឹមតូចៗដែលបង្ហាញឡើងនៅ

    លើផ្ទៃមុខរបស់កូនសម្លាញ់ សូមជឿចុះថា វានឹងជួយលុបបំបាត់ភាពនឿយហត់ទាំងឡាយ និងបន្ថែមនូវសេចក្តីសុខដល់​ក្រុមគ្រួសាររបស់លោកអ្នកមិនខាន ៕

  • នារដូវរងា តើការងូតក្តៅមានផលប្រយោជន៍ដល់សុខភាពដូចម្តេចខ្លះ?

    នារដូវរងា តើការងូតក្តៅមានផលប្រយោជន៍ដល់សុខភាពដូចម្តេចខ្លះ?

    អ្នកដឹងទេថា ការងូតទឹកក្ដៅឧណ្ហៗមានប្រយោជន៍អ្វីខ្លះចំពោះសុខភាពនៅរដូវរងា? ​ដោយនៅរដូវរងាអ្នកតែងចាញ់អាកាសធាតុត្រជាក់ ដូច្នេះហើយមានមនុស្សជាច្រើនបានយល់ថា ងូតទឹកក្ដៅឧណ្ហៗពិតជាធ្វើឱ្យអ្នកស្រួលខ្លួនជាងមុនមិនខានហើយអាចបំបាត់ភាពរងាបានទៀតផង។ ថ្ងៃនេះទស្សនាវដ្តី ឡារ៉ែន សូមជម្រាបជូនអំពីអត្ថប្រយោជន៍នៃការងូតទឹកក្ដៅឧណ្ហៗចំពោះសុខភាព ៖

    1. បង្កើនថាមពល
    ទឹកក្កៅជួយបង្កើនថាមពលនៅពេលអ្នកងូតទឹកក្ដៅឧណ្ហៗ វាជួយបង្កើនអត្រាចង្វាក់បេះដូងដែលជួយដល់ការបញ្ចូនឈាមទៅកាន់សិរីរាង្គដទៃទៀតនៃរាងកាយរបស់អ្នក។

    2. បង្កើនប្រព័ន្ធភាពស៊ាំដល់រាងកាយ
    ការស្រាវជ្រាវមួយនៅសហរដ្ឋអាមេរិក បានរកឃើញថា ការងូតទឹកក្ដៅឧណ្ហៗបាន បង្កើតប្រព័ន្ធភាពសុំារបស់អ្នកនឹងមានកម្រិតខ្ពស់ជាងមុន។

    3. ជួយបន្ថយទម្ងន់របស់អ្នក
    តាមការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រសុខភាពបានរកឃើញថា ការងូតទឹកក្ដៅឧណ្ហៗជួយបន្ថយទម្ងន់ ព្រោះដោយសារតែទឹកក្ដៅវាទៅជួយរំលាយជាតិខ្លាញ់ដែលមាននៅក្នុងខ្លូនរបស់អ្នកជាយូរណាស់មកហើយ។

    4. បំបាត់ការឈឺចាប់តាមសាច់ដុំ
    តាមការស្រាវជ្រាវនៅសាកលវិទ្យាល័យមួយប្រទេសអៀវឡង់ខាងជើងបានបង្ហាញថាការងូតទឹកក្ដៅនៅពេលអ្នករងា បានជួយធ្វើឱ្យអ្នកបំបាត់កាឈឺចាប់នៅតាមសាច់ដុំ ជួយសម្រួលដល់សំពោធឈាម ធ្វើឱ្យចរន្ដឈាមហូរដំណើរការបានល្អ។

    5. សម្រួលប្រព័ន្ធឈាមរត់
    ការងូតទឹកក្ដៅឧណ្ហជួយឱ្យអារម្មណ៍កក់ក្ដៅស្រួលខ្លួន ក្រោយពេលងូតទឹកហើយអ្នកមានអារម្មណ៍ប្រសើរច្រើនជាងមុន ព្រោះថា ចរន្ដឈាមអ្នករត់បានស្រួលដោយមិនមានការរាំងស្ទះ។

    6. បំបាត់ភាពនឿយហត់
    ក្រោយពេលបំពេញការងារក្នុងមួយថ្ងៃហើយអ្នកមានអារម្មណ៍ថា អស់កម្លាំងពីខ្លួនរលីង បើអ្នកបានងូតទឹកក្ដៅឧណ្ហៗ នឹងធ្វើឱ្យអ្នកបំបាត់ភាពនឿយហត់ខ្លាំងបាន អ្នកក៏អាចដាក់ក្លិនផ្កា-ក្រអូបខ្លះៗនៅក្នុងទឹក ដើម្បីបង្កើនភាពស្រស់-ស្រាយដល់អ្នក។ ក្រោយពេលអ្នកងូតទឹករួចអ្នកអាចគេងបានលក់ស្រួលខ្លួនទៀតផង។

    7. ជួយបើករន្ធញើស
    ការងូតទឹកក្ដៅមិនត្រឹមតែមានប្រយោជន៍ចំពោះសុខភាពប៉ុណ្ណោះទេ តែវាក៏ជួយបើករន្ធញើសរបស់អ្នកផង ដែលធ្វើឱ្យរាងកាយរបស់អ្នកកក់ក្ដៅ ហើយនៅជួយសម្អាតស្បែកអ្នកពីស្រទាប់ជ្រៅជាងមុន ហើយថែមទាំងជួយជម្រុះកោសិកាចាស់ បណ្ដុះកោសិកាថ្មីបានទៀតផង៕

  • រដូវរងា ប្រេះ​បបូរមាត់ ស្ងួត​ចេញឈាម គួរ​អាន​អត្ថបទ​នេះ

    រដូវរងា ប្រេះ​បបូរមាត់ ស្ងួត​ចេញឈាម គួរ​អាន​អត្ថបទ​នេះ

    ស្នាមញញឹម​ស្រស់​អាស្រ័យ​លើ​បបូរមាត់​ដ៏​មាន​មន្ដ​ស្នេហ៍​របស់លោកអ្នក ជាពិសេស​សម្រាប់​សុភាពនារី។ បបូរមាត់​ស្រស់ មាន​សុខ​ភាពល្អ បង្កើន​នូវ​ភាព​ទាក់ទាញ​បាន​មួយកម្រិត។ កម្រ​មាន​អ្នក​ដែលមាន​បបូរមាត់​ស្អាត​ឥតខ្ចោះ ​ដោយ​ប្រាសចាក​ពី​ការថែរក្សាណាស់។ ជាពិសេស​នៅក្នុង​រដូវរងា​បែបនេះ បបូរមាត់ មនុស្ស​ភាគច្រើន​ជួប​តែ​បញ្ហា​ប្រេះ និង​មាន​អ្នក​ខ្លះទៀត​អាលែកហ្ស៊ី​ក៏មាន​ដែរ។ ការថែរក្សា​មាន​វិធី​ជាច្រើន​ផ្សេងទៀត ដែល​ទាមទារ​ឱ្យ​លោកអ្នក​អនុវត្ដ។ ថ្ងៃនេះ​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​លើកយក​នូ​វគ​ន្លឹះខ្លះៗក្នុងការ​ថែរក្សា​បបូរ​មាត់​មិនឱ្យ​ប្រេះ​ក្នុង​រដូវរងា​នេះ។

    1. វិធី​ថែទាំ​បបូរមាត់​ឱ្យ​ស្រស់ស្អាត
    ស្រទាប់​បបូរមាត់ គឺជា​ច្រក​ខាងក្រៅ​របស់​មាត់។ បបូរមាត់ និង​មាត់​ផ្សារភ្ជាប់​គ្នា ផ្អែក​ទៅខាង​ក្នុង​ជាប់​នឹង​ធ្មេញ។ នៅលើ​បបូរមាត់​មាន​ស្រទាប់​ស្បែក​ស្ដើង​ដែល​ងាយ​រង​នូវ​ប្រតិកម្មផ្សេងៗ តាមរយៈ​ចំណីអាហារ​ដែល​បរិភោគ​ប្រចាំថ្ងៃ និង​ការប្រើប្រាស់ក្រែ​ម​សម្រាប់​លាប​បបូរមាត់។ ដើម្បី​ថែរក្សា​បបូរមាត់​ឱ្យមាន​សុខភាព​ល្អ អ្នកនាង​កញ្ញា​គួរ​ជ្រើសរើស​ការទទួល​ទាន​ទឹក បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន​ជាប្រចាំ។ សូម​ចៀសវាង​នូវ​ប្រការ​មួយចំនួន។

    ដើម្បី​ថែរក្សា​បបូរមាត់​ឱ្យ​ស្អាត កុំ​ឧស្សាហ៍​លិទ្ធ​បបូរមាត់​ញឹកញាប់​ពេក ព្រោះ​ជាតិ​អាស៊ីត​នៅក្នុង​ទឹកមាត់​អាចធ្វើឱ្យ​បបូរមាត់​ស្ងួត និង​ប្រេះបាន។ មុននឹង​សម្រេច​ចិ​ត្ដ​ប្រើប្រាស់​ក្រែ​ម​សម្រាប់​លាប​បបូរមាត់​ប្រភេទណាមួយ ត្រូវ​ពិនិត្យ​ឱ្យបាន​ដិតដល់ ព្រោះ​បើ​ការជ្រើសរើស​ក្រែ​ម​មិន​បានល្អ អាចធ្វើឱ្យ​បបូរមាត់​ខូច​បាន ដូចជា ​ធ្វើឱ្យ​បបូរមាត់​ប្រេះ ខ្មៅ ស្រអាប់​ជាដើម។ សុភាពនារី​ទាំងអស់​មិនគួរ​ប្រើ​ក្រែ​ម​ដែល​ស្ងួត​ពេក​ទេ ព្រោះ​មើលទៅ​ដូចជា​បបូរមាត់​ដែលមាន​ជំងឺក្រៀម​ខ្សោះ​ខ្វះ​ជីវជាតិ​ដូច្នេះដែរ។ ទម្លាប់​ផ្លាស់ប្ដូរ​ពណ៌​ក្រែ​ម​លាប​បបូរមាត់​ញឹកញាប់ និង​ការ​លាប​ហើយ​ជូត​ចេញ រួច​លាប​ទៀត​ច្រើនដង​ក្នុង​មួយថ្ងៃ ក៏​អាចធ្វើឱ្យ​បបូរមាត់​មាន​បញ្ហា​ដែរ។

    2. ការព្យាបាល​បបូរមាត់​ប្រេះ ឬ​ប្រេះ​មាន​ឈាម
    រដូវ​ធ្លាក់​ខ្យល់​ចូលមក​ដល់​ភ្លាម​បបូរមាត់​អាច​ប្រែ​សភាព​ទៅជា​ស្ងួត ប្រេះមានការ​ឈឺចាប់ ឬ​ហូរឈាមតិចៗ។ តើ​មាន​វិធី​អ្វី​អាច​ការពារ ឬ​ព្យាបាល​បបូរមាត់​ស្ងួត​ប្រេះ​បាន​ទៅ? អស់​ក្ដីកង្វល់​ទៀតហើយ យើង​សូម​បង្ហាញ​ប​រូបមន្ត​ធម្មជាតិ3យ៉ាង ដែលមាន​សុវត្ថិភាព​ក្នុងការ​ព្យាបាល​បញ្ហា​បបូរមាត់​ឱ្យ​ជា​សះ​ស្បើ​យឆាប់រហ័ស​បំផុត។

    *ប្រេងដូង៖ ប្រេងដូង គឺជា​អាហារ​ដែលមាន​សុវត្ថិភាព និង​មាន​សមត្ថភាព​បំផុត​ក្នុងការ​ព្យាបាល​បបូរមាត់​ដែល​ប្រេះ​ចេញឈាម។ ផលិតផល​ធម្មជាតិ​មួយ​ប្រភេទ​នេះ​អាចជួយ​ផ្តល់​សំណើម​ដល់​បបូរមាត់ និង​ឱ្យ​បបូរមាត់​ទន់​រលោង។

    របៀប​ប្រើ៖ អ្នក​គ្រាន់តែ​យក​ប្រេងដូង​បន្តិច​មក​លាប​នៅលើ​បបូរមាត់​ជា​រៀងរាល់​ព្រឹក និង​ល្ងាច (មិនចាំបាច់​លាង​ចេញ​ទេ)។

    **ទឹកឃ្មុំ៖ ទឹកឃ្មុំ ត្រូវបានគេទទួលស្គាល់​ថា គឺជា​ឱសថ​ដ៏​ពូកែ​សម្រាប់​ដោះស្រាយ​បញ្ហា​បបូរមាត់​ប្រេះ។ ទឹកឃ្មុំ អាចជួយ​បង្កើនល្បឿន​នៃ​ការព្យាបាល និង​ជួយផ្តល់​សំណើម​ឱ្យ​បបូរមាត់​របស់​អ្នក​ផងដែរ។ មិនតែប៉ុណ្ណោះ​បបូរមាត់​នឹងមាន​ពណ៌​ផ្កា​ឈូក ប្រសិនបើ​ប្រើប្រាស់​រាល់ថ្ងៃ។

    របៀប​ប្រើ៖ យក​ទឹកឃ្មុំបន្តិច​លាប​ដោយផ្ទាល់​ទៅលើ​បបូរមាត់ ហើយ​ទុក​យ៉ាងហោចណាស់​រយ:ពេល15នាទី ទើប​លាង​សម្អាត​ដោយ​ទឹក​ធម្មតា។ អ្នក​ត្រូវអនុវត្ត​ជា​រៀងរាល់ថ្ងៃ ទើប​បញ្ហា​បបូរមាត់​ប្រេះ​ចេញឈាម​ឆាប់​បាត់​ទៅវិញ។

    ***ទឹកដោះគោ​យ៉ា​អួ៖ ទឹកដោះគោ​ជូរ គឺជា​ឱសថ​ផ្តល់​សំណើម​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​បបូរមាត់​ស្ងួត។ ម្យ៉ាងវិញទៀត​អ្នក​អាច​ប្រើ​ផ្តា​កុលាប​ពីរ​បី​ស្រទាប់​ទៅ​ត្រាំ​នៅក្នុង​ទឹកដោះគោ​ឱ្យបាន​ពីរ​ទៅ​បី​ម៉ោង គឺ​កាន់​តែមាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល។

    របៀប​ប្រើ៖ លាប​ទឹកដោះគោ​យ៉ាង​អួសុទ្ធ ឬ​ទឹកដោះគោ​ដែល​ត្រាំ​ផ្តា​កុលាប​នៅលើ​បបូរមាត់ ហើយ​ទុក​ឱ្យស្ងួត​រយៈពេល15នាទី។ បន្ទាប់មក​ត្រូវ​លាង​សម្អាត​ដោយ​ប្រើ​ទឹក​ធម្មតា ប៉ុន្តែ​អ្នក​ត្រូវអនុវត្ត​ជា​រៀងរាល់ថ្ងៃ​ទើប​បបូរ​មាត់ស្ងួត​ឆាប់​ជាសះស្បើយ។

    ក្រៅពី​អនុវត្ត​រូ​បមន្ត​ខាងលើ​នេះហើយ អ្នក​កុំ​ភ្លេច​ព្យាយាម​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន រួមទាំង​ផ្លែឈើ​ដែល​សម្បូរ​វីតាមីន C ដូចជា​ផ្លែក្រូច​ពោធិ៍សាត់ជាដើម។ មិនតែប៉ុណ្ណោះ​កុំ​ព្យាយាម​លិទ្ធ​បបូរមាត់​ខ្លួនឯង កុំ​ប្រើ​ក្រែ​ម​ពណ៌ពេល​ប្រេះបបូរមាត់ និង​ហាម​ជក់បារី​ផងដែរ៕