Tag: មាន​

  • ផ្កាយ​រណប​រ៉ាដា​របស់​វៀតណាម នឹង​ហោះ​ឡើង​ទៅ​កាន់​គន្លង​គោចរ​នៅ​ដើម​ឆ្នាំ 2025

    ផ្កាយ​រណប​រ៉ាដា​របស់​វៀតណាម នឹង​ហោះ​ឡើង​ទៅ​កាន់​គន្លង​គោចរ​នៅ​ដើម​ឆ្នាំ 2025

    LOTUSat-1 ដែល​ជា​ផ្កាយ​រណបបច្ចេកវិទ្យា​​រ៉ាដា​ដំបូង​របស់​វៀតណាម គ្រោង​នឹង​អភិវឌ្ឍ​រួច​រាល់​នៅ​ក្នុង​ខែ​មីនា និង​ត្រូវ​បាញ់​បង្ហោះ​ឡើង​ទៅ​កាន់​គន្លង​គោចរ​នៅ​ដើម​ឆ្នាំ 2024​។ នេះ​បើ​តាមអគ្គនាយករង​នៃ​មជ្ឈមណ្ឌល​អវកាស​វៀតណាម​។

    ផ្កាយ​រណប​ LOTUSat-1 មាន​ទម្ងន់​ 600 គីឡូក្រាម ប្រើ​ប្រាស់​បច្ចេកវិទ្យា​រ៉ាដា​ថ្មី​បំផុត​ អាច​មើល​ឃើញវត្ថុ​ទំហំ​ចាប់ពី​មួយ​ម៉ែត្រ​នៅ​លើ​ដី​ ព្រម​ទាំង​មាន​សមត្ថភាព​សង្កេត​មើល​ទាំង​ថ្ងៃ​ទាំង​យប់​។ LOTUSat-1 នឹង​ផ្ដិត​យក​រូប​ភាព​ និង​ផ្ដល់​ទិន្នន័យ​ច្បាស់​ការណ៍​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​នៃ​​គ្រោះ​ធម្មជាតិ​ ការ​ប្រែ​ប្រួល​អាកាសធាតុ ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិ និង​បរិស្ថាន។

    ក្រុម​ហ៊ុន NEC គឺជា​អ្នក​អភិវឌ្ឍ​ ផលិត​ផ្កាយ​រណប LOTUSat-1 និង​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ដល់​វៀតណាម នៅ​ប្រទេស​ជប៉ុន​។ ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​នេះ​គឺ​ក្នុង​បំណង​ផ្ទេរ​បច្ចេកវិទ្យា​នៃ​ការ​អភិវឌ្ឍ ការ​ដឹក​ជញ្ជូន និង​ការ​ប្រើប្រាស់​រូប​ភាព​ពី​ផ្កាយ​រណប​។

    យោង​តាម​មជ្ឈមណ្ឌល​អវកាស​វៀតណាម ផ្កាយ​រណប LOTUSat-1 ស្ថិត​ក្នុង​គម្រោង​ «បង្ការ ទប់​ទល់​គ្រោះ​ធម្មជាតិ​ និង​ការ​ប្រែ​ប្រួល​អាកាសធាតុ​ ដោយ​ប្រើ​ប្រាស់​ផ្កាយ​រណប​សង្កេត​ផែនដី»។ គម្រោង​នេះ​ត្រូវ​បាន​បើក​ដំណើរ​ការ​នៅ​ហាណូយ​ ចាប់​ពី​ខែ​កញ្ញា​ 2012 ដោយ​ប្រើ​ប្រាស់​ទុន​ ODA របស់​ជប៉ុន​ និង​ទុន​បដិភាគ​របស់​វៀតណាម​។

    ការ​អភិវឌ្ឍ​ផ្កាយ​រណប LOTUSat-1 គ្រោង​នឹង​រួច​រាល់​ជាស្ថាពរ​នៅ​ក្នុង​ខែ​មីនា ឆ្នាំ 2024​ ហើយ​អាច​បាញ់​បង្ហោះ​ឡើង​ទៅ​កាន់​គន្លង​តារាវិថី​ក្នុង​រង្វង់​ពី​ខែ​ធ្នូឆ្នាំ 2024 ដល់​ខែ​កុម្ភៈ 2025​។

    សូម​បញ្ជាក់​ថា ផ្កាយ​រណប​រ៉ាដា​អាច​ថត​រូប​ភាព​នៅក្នុង​ស្ថានភាព​អាកាសធាតុ​គ្រប់​ប្រភេទ​ សូម្បី​តែ​ពេល​មាន​ពពក​ សន្សើម ​អ័ព្វ និង​ពន្លឺ​មិន​គ្រប់​គ្រាន់ជា​ដើម​។

    វៀតណាម និង​ជប៉ុន បាន​ចាប់​ផ្ដើម​សហការ​គ្នា​ក្នុង​វិស័យ​បច្ចេកវិទ្យា​អវកាស​ចាប់​ពី​ឆ្នាំ 2006​។ កន្លងមក ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​របស់​អង្គការ​អវកាស​ជប៉ុន (JAXA) បណ្ឌិត្យសភា​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​វៀត​ណាម (VAST) បាន​ស្រាវជ្រាវ​ អភិវឌ្ឍ​ និង​ផលិត​ផ្កាយរណប​ខ្នាត​តូច​ចំនួន​បី​គ្រឿង រួម​មាន PicoDragon, Nano Dragon និង MicroDragon ហើយ​ត្រូវ​បាន​បាញ់​បង្ហោះ​ឡើង​ទៅ​កាន់​គន្លង​គោចរ​ដោយ​ជោគ​ជ័យ ក្រោម​ជំនួយ​ពី​ JAXA របស់​ប្រទេស​ជប៉ុន៕

  • ថៃ​រកឃើញ​រ៉ែ​ដ៏មាន​តម្លៃ​សម្រាប់​ការ​ផលិត​រថយន្ត​អគ្គិសនី​

    ថៃ​រកឃើញ​រ៉ែ​ដ៏មាន​តម្លៃ​សម្រាប់​ការ​ផលិត​រថយន្ត​អគ្គិសនី​

    ប្រទេស​ថៃ​បាន​រកឃើញ​រ៉ែ​លីចូម (lithium) ជិត 15 លាន​តោន​ ដែល​អាច​រួម​ចំណែក​ជួយ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិត​រថយន្ត​អគ្គិសនី​នៅ​ក្នុង​តំបន់​។

    កាល​ពី​ថ្ងៃទី 19 មករា 2024 អ្នក​នាំ​ពាក្យ​រង​របស់​រាជរដ្ឋាភិបាល​ថៃ Rudklao Inttawong Suwankiri បានប្រាប់​សារព័ត៌មាន The Nation ​ថា អាជ្ញាធរ​ប្រទេស​នេះ​បាន​រកឃើញ​រ៉ែ​លីចូម​ប្រមាណ​ 14.8 លាន​តោន​ នៅ​ក្នុង​ខេត្ត​ Phang Nga​។

    «… នោះ​គឺជា​ដំណឹង​ល្អ​។ នេះ​ជា​ឱកាស​ដើម្បី​ឱ្យ​ថៃ​មាន​ម្ចាស់​ការ​ក្នុង​ការ​ផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​» លោក​ស្រី Rudklao ប្រាប់​ The Nation ដូច្នេះ​។

    ការ​រក​ឃើញ​នេះ​នាំ​ឱ្យ​ថៃ​ក្លាយ​ជា​ប្រទេស​ដែល​មាន​រ៉ែ​លីចូម​ច្រើន​ជាង​គេ​លំដាប់​ទី​បី​លើ​ពិភពលោក បន្ទាប់​ពី​បូលីវី និង​អាហ្សង់ទីន​។​ ក៏ប៉ុន្តែ មិន​ទាន់​ដឹង​ច្បាស់​ថា ថៃ​នឹង​អាច​​ទាញ​យក​រ៉ែ​លីចូម​បាន​ប៉ុន្មាន​លាន​តោន​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​នៅ​ឡើយ​៕

  • យាន​អវកាស​ជប៉ុន អាច​នឹង​ឈប់​ដំណើរ​ការ​ ក្រោយ​ពី​បាន​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ

    យាន​អវកាស​ជប៉ុន អាច​នឹង​ឈប់​ដំណើរ​ការ​ ក្រោយ​ពី​បាន​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ

    យាន​ស្រាវ​ជ្រាវ SLIM របស់​ប្រទេស​ជប៉ុន បាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ដោយ​ជោគ​ជ័យ​នៅ​វេលាម៉ោង​ 21 និង 20 នាទី ថ្ងៃទី 19 មករា 2024 ប៉ុន្តែ​បញ្ហា​​ផ្ទាំង​សូឡា​មិន​ផលិត​អគ្គិសនី​ដូច​ការ​គ្រោង​ទុក អាច​នាំ​ឱ្យ​យាននេះ​​ឈប់​ដំណើរ​ការ​ឆាប់​ៗ​ខាង​មុខ។

    យាន​អវកាស​ស្វ័យប្រវត្ត SLIM របស់​អង្គការ​ស្រាវជ្រាវ​អវកាស​ជប៉ុន (ចាសា – JAXA) បាន​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​កាល​ពី​ថ្ងៃទី 19 មករា ជួយ​ឱ្យ​ជប៉ុន​ក្លាយ​ជា​ប្រទេស​ទី​ប្រាំ​ដែល​បាន​បញ្ជូន​យាន​ទៅ​ចុះ​ចត​ដោយ​ជោគ​ជ័យ​លើ​ឋាន​រណប​ធម្មជាតិ​របស់​ផែនដី​។ យោង​តាម​ទំព័រ Space បណ្ដា​ប្រទេស​ដែល​ធ្លាប់​មាន​យាន​ស្រាវជ្រាវ​នៅ​លើ​ឋាន​ព្រះ​ចន្ទ​មុន​ជប៉ុន​ រួម​មាន អតីត​សូវៀត (រុស្ស៊ី) សហរដ្ឋ​អាម៉េរិក​ ប្រទេស​ចិន និង​ឥណ្ឌា​។

    ផ្ទាំងសូឡា​​លើ​យាន​ SLIM របស់​ប្រទេស​ជប៉ុន ដែល​កំពុង​ស្ថិត​នៅ​លើ​ផ្ទៃ​ព្រះ​ចន្ទ​ មិន​អាច​ផលិត​អគ្គិសនី​ដូច​ការ​​គ្រោង​ទុក​ បន្ទាប់​ពី​បាន​ចុះ​ចត​។ បើ​សិន​បញ្ហា​នេះ​មិន​ត្រូវ​បាន​ដោះ​ស្រាយ​ទាន់​ពេល​ SLIM អាច​នឹង​ត្រូវ​អស់​ថាមពល​ និង​ឈប់​ដំណើរ​ការ​ជា​រៀង​រហូត​ ដោយ​សារ​តែ​ប្រព័ន្ធ​ថ្មផ្ទុក​ថាមពល​​​អាច​ជួយ​ឱ្យ​វា​ដំណើរ​ការ​បាន​តែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។

    SLIM (Smart Lander for Investigating Moon) ត្រូវ​បាន​បាញ់​បង្ហោះ​ជាមួយ​នឹង​កែវ​យឹត​អវកាស​ XRISM។ XRISM ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​លើ​គន្លង​គោចរ​កម្រិត​ទាប​របស់​ផែនដី​ បន្ទាប់​ពី​​ត្រូវ​បាន​បាញ់បង្ហោះ​ ខណៈដែល​ SLIM បន្ត​ហោះ​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​។ SLIM បាន​ហោះ​ទៅ​ដល់​គន្លង​តារាវិថី​ព្រះ​ចន្ទ​កាល​ពី​ថ្ងៃទី 25 ធ្នូ 2023​។

    យាន​អវកាស​នេះ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ចុះ​ចត​នៅ​វេលា​ម៉ោង​ 21 នៃ​ថ្ងៃទី 19 មករា 2024 ម៉ោង​នៅ​កម្ពុជា​ ហើយ 20 នាទី​ក្រោយ​មក វា​ក៏​​​បានចុះ​ចតលើ​​ផ្ទៃ​ព្រះចន្ទ​ដោយជោគ​ជ័យ​៕

  • BYD បង្ហាញ​រថយន្តអគ្គិសនី​​បី​ម៉ូដែល​នៅ​ឥណ្ឌូណេស៊ី

    BYD បង្ហាញ​រថយន្តអគ្គិសនី​​បី​ម៉ូដែល​នៅ​ឥណ្ឌូណេស៊ី

    កាល​ពី​ថ្ងៃទី 18 មករា 2024 ក្រុម​ហ៊ុន​ចិន BYD បាន​បង្ហាញ​រថយន្ត​អគ្គិសនី​ចំនួន​បី​ម៉ូដែល​នៅ​​ឥណ្ឌូណេស៊ី គ្រា​ដែល​ក្រុម​ហ៊ុន​នេះ​កំពុង​រក​វិធី​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​ធំជាង​គេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។

    BYD បាន​ឈ្នះ​ Tesla ក្នុង​ការ​ក្លាយ​ជា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ធំជាង​គេ​លើ​ពិភពលោក​ នៅ​ក្នុង​ត្រីមាស​ទីបួន​នៃ​ឆ្នាំ 2023​។ ក្នុង​ដំណាក់​កាល​នោះ រថយន្ត​អគ្គិសនី BYD ប្រមាណ 526,000 គ្រឿង​ត្រូវ​បាន​លក់​ចេញ ក្នុង​នោះ​ ភាគ​ច្រើន​បាន​លក់​ក្នុង​ទីផ្សារ​ចិន​។

    ក្នុង​ឆ្នាំ 2023 ក្រុម​ហ៊ុន​ BYD លក់​រថយន្ត​អគ្គិសនី​បាន​ប្រមាណ​ 3 លាន​គ្រឿង​ ដោយ​បូក​រួម​ទាំង​រថយន្ត​ដំណើរ​ការ​ដោយ​ថ្ម​ផ្ទុក​អគ្គិសនី និង​រថយន្ត​កូន​កាត់​អគ្គិសនី (hybrid)។

    នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ BYD មាន​ភាព​លេច​ធ្លោ​ជាង​គេ​ បើ​ធៀប​នឹង​បណ្ដា​ក្រុម​ហ៊ុន​ដទៃ​ ដោយ​​រថយន្ត​ដែល​ត្រូវ​បាន​លក់​ចេញ​មាន​ចំនួន​ច្រើន​ជាង​គេ​ ក្នុងនោះ ភាគ​ច្រើន​គឺ​ជារថយន្ត​អគ្គិសនី​តម្លៃ​ទាប​។​

    BYD ឱ្យ​ដឹង​ថា ពួក​គេ​នឹង​ចាប់​ផ្ដើម​លក់​រថយន្ត​អគ្គិសនី Dolphin, Atto 3 និង​ Seal នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ដើម្បី​ពង្រីក​វត្តមាន​របស់​ខ្លួន​​ក្នុង​ទីផ្សារ​ធំជាង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​៕

  • សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា សហការ​​ជាមួយ​​វិទ្យាស្ថាន​បច្ចេក​វិទ្យា​ម៉ាឡេស៊ី ដើម្បី​ទាក់​ទាញ​វិនិយោគ​ផ្នែក​យាន​យន្ត​

    សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា សហការ​​ជាមួយ​​វិទ្យាស្ថាន​បច្ចេក​វិទ្យា​ម៉ាឡេស៊ី ដើម្បី​ទាក់​ទាញ​វិនិយោគ​ផ្នែក​យាន​យន្ត​

    កាល​ពី​ថ្ងៃទី 17 មករា 2024 សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) បានទទួល​ជួប​លោក Anthony Ng តំណាងវិទ្យាស្ថានបច្ចេកវិទ្យាម៉ាឡេស៊ី (Malaysian Institute of Technology – MIT) ដើម្បី​ពិភាក្សាការងារពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញក្នុងឧស្សាហកម្មយានយន្ត និងកិច្ចសហការរវាង CAIF និង MIT ស្ថិតក្រោមគម្រោង Skills for Future Economy Sector Development Program (SFE) របស់ធនាគារអភិវឌ្ឍអាស៊ី (ADB)។ នេះ​បើ​តាម​ CAIF ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 18 មករា​ 2024​។

    យោង​តាម​ CAIF ដដែល គម្រោង​ SFE មាន​គោល​ដៅ​​បណ្តុះបណ្តាលជំនាញបច្ចេកទេស ការផ្ទេរនូវបច្ចេកវិទ្យាចុងក្រោយបង្អស់ និងការអភិវឌ្ឍធនធានមនុស្ស សំដៅជំរុញដល់កំណើនកំលាំងពលកម្មដែលមានជំនាញ សម្រាប់បំរើការនៅតាមក្រុមហ៊ុន រោងចក្រដំឡើងយានយន្ត និងសំដៅទាក់ទាញវិនិយោគផ្នែកយានយន្តបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។

    ក្នុង​ជំនួប​នេះ CAIF បានយល់ស្របតាមសំណើរបស់ MIT សម្រាប់កិច្ចសហការ និងការរៀបចំអនុស្សរណៈយោគយល់គ្នារវាងភាគីទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការក្នុងការជំរុញការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសពាក់ព័ន្ធនឹងការ​វិវត្ត​ថ្មីៗក្នុងឧស្សាហកម្មយានយន្ត ដូចជារថយន្តអគ្គិសនី (EV) ជាដើម ៕

  • មហា​ក្សត្រ និង​មហេសីរបស់​ម៉ាឡេស៊ី ធ្វើជាអ្នក​ដឹក​នាំ​កម្មវិធីទូរទស្សន៍​

    មហា​ក្សត្រ និង​មហេសីរបស់​ម៉ាឡេស៊ី ធ្វើជាអ្នក​ដឹក​នាំ​កម្មវិធីទូរទស្សន៍​

    មហាក្សត្រ រួម​នឹង​មហេសី​របស់​ប្រទេស​ម៉ាឡេស៊ី ដឹក​នាំ​កម្មវិធី​ព័ត៌មាន​ទូរទស្សន៍​​ក្នុង​ម៉ោង​ពិសេស​ និង​ទទួល​បានការ​​កោត​សរសើរ​ពី​ប្រជាជន​យ៉ាង​ខ្លាំង។

    មហា​ក្សត្រម៉ាឡេស៊ី Abdullah Ahmad Shah និង​មហេសី​ Tunku Azizah Aminah Maimunah Iskandariah កាល​ពី​ថ្ងៃទី 17 មករា 2024 បាន​បង្ហាញ​ព្រះ​កាយក្នុង​កម្មវិធី​ព័ត៌មាន​នៅ​វេលា​ម៉ោង 20 របស់​ទូរទស្សន៍​ TV3។ កម្មវិធី​​រាយការណ៍​ព័ត៌មាន​នេះ​ត្រូវ​បាន​ថត​ជា​មុន​នៅ​ពេល​ព្រឹក​ថ្ងៃ​ដដែល​ ពេល​ទ្រង់​យាង​ទៅ​ធ្វើ​ទស្សនកិច្ច​ក្រុម​ហ៊ុន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ Media Prima Group ដែល​ជា​ស្ថាប័ន​គ្រប់​គ្រង​ទូរទស្សន៍​​ TV3 នៅ Selangor​។

    ក្នុង​អំឡុង​ 10 នាទី​នៃ​ការ​ដឹក​នាំ​កម្មវិធី​ព័ត៌មាន មហាក្សត្រ Abdullah ព្រះ​ជន្ម 64 វស្សា និង​មហេសី​ បាន​ដឹក​នាំ​សេចក្ដី​រាយការណ៍​ព័ត៌មាន​ចំនួន​បី ដែល​ចាប់​ផ្ដើម​ដោយ​ការ​សម្ភាស​ជាមួយ​នឹង​ប្រជាជន​ម៉ាឡេស៊ី​ ទាក់​ទង​នឹង​សាមគ្គីភាព។

    ក្នុង​សេចក្ដី​រាយការណ៍​ព័ត៌មាន​ទីពីរ​ មហាក្សត្រ និង​មហេសី​របស់​ម៉ាឡេស៊ី មាន​បន្ទូល​អំពី​តួនាទី​របស់​ត្រី​ប្រាចំពោះ​សេដ្ឋកិច្ច​ និង​ទេស​ចរណ៍​នៅ​ Pahang។ ចុង​ក្រោយ ទ្រង់​ទាំង​ពីរ​អង្គ​មាន​បន្ទួល​អំពី​ដំណើរ​ទស្សនកិច្ចរបស់​ទ្រង់​នៅ​​ Media Prima Group​។

    ការ​ដឹក​នាំ​កម្មវិធី​ព័ត៌មាន​របស់​មហាក្សត្រ និង​មហេសី​ម៉ាឡេស៊ី ទទួល​បាន​ចំណាប់​អារម្មណ៍​ច្រើន​​ពី​អ្នកលេង​បណ្ដាញ​សង្គម​។ អ្នក​ខ្លះ​និយាយ​ថា ពួក​គេ​មាន​មោទកភាព​យ៉ាង​ខ្លាំង​ចំពោះ​ការ​បង្ហាញ​សមត្ថភាព​របស់​មហា​ក្សត្រ និង​មហេសី​៕

  • ភាគហ៊ុន​រថយន្ត​ទូទាំង​ពិភពលោក​ត្រូវ​គេ​លក់​ចោល​ ព្រោះ​តែ​ Tesla បញ្ចុះ​តម្លៃ​រថយន្ត​

    ភាគហ៊ុន​រថយន្ត​ទូទាំង​ពិភពលោក​ត្រូវ​គេ​លក់​ចោល​ ព្រោះ​តែ​ Tesla បញ្ចុះ​តម្លៃ​រថយន្ត​

    ភាគហ៊ុន​របស់​បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន​ និង​អឺរ៉ុប ត្រូវ​ដាំក្បាល​ចុះ ក្រោយ​ពី​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក​ Tesla បន្ត​ទម្លាក់​តម្លៃ​រថយន្ត​នៅ​ក្នុង​ទីផ្សារ​ទាំង​នេះ​។

    នៅ​លើ​ផ្សារ​មូលបត្រ​ហុងកុង ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ NIO (ចិន) នា​ថ្ងៃ​នេះ​ បាន​ធ្លាក់​ចុះ​ 9.6%​ ធ្វើ​ឱ្យ​ភាគហ៊ុន​នេះ​បាត់​បង់សរុប​​ 33% រាប់​ចាប់​ពី​ដើម​ឆ្នាំ 2024​ គ្រា​ដែល​ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិនមួយ​ផ្សេង​ទៀត​ គឺ XPeng ក៏​បាត់​បង់ 9.9% និង​ Zhejiang Leapmotor Technology ថយ​ចុះ​ 5.1%​។

    នៅ​ទ្វី​ប​អឺរ៉ុប​វិញ ភាគហ៊ុន Volkswagen កាល​ពី​ល្ងាច​នេះ​ក៏​ថយ​ចុះ 2.1%​ ក្នុង​ពេល​ Stellantis និង Mercedes-Benz ក៏​បាន​បាត់​បង់​ជាង 1%​ ខណៈ​ Renault និង BMW ថយ​ចុះ​ជាង 2%​។

    យោង​តាម​អ្នក​វិភាគ​មក​ពី​ក្រុម​ហ៊ុន Daiwa Capital Markets ការ​បញ្ចុះ​តម្លៃ​រថយន្ត​នា​ពេល​ថ្មី​ៗ​នេះ​របស់​ក្រុម​ហ៊ុន​អាម៉េរិក​ Tesla បាន​ជះ​ឥទ្ធិពល​ដល់​ផ្លូវ​ចិត្ត​រួម​របស់​វិស័យ​ផលិត​រថយន្ត​។ សម្ពាធ​នៃ​ការ​បញ្ចុះ​តម្លៃ​ បូក​រួម​នឹង​លទ្ធផល​នៃ​ការ​លក់​រថយន្ត​ក្នុង​ខែមករា​របស់​បណ្ដា​ក្រុម​ហ៊ុន​ចិន​ មិន​បាន​ដូច​បំណង បាន​នាំ​ឱ្យ​មាន​រលក​នៃ​ការ​លក់ចោល​​ភាគ​ហ៊ុន​នៅ​ក្នុង​វិស័យ​នេះ​៕

  • គម្រោង​ព្រែក​ជីក​តម្លៃ 1.7 ពាន់​លាន​ដុល្លាររបស់​កម្ពុជា នឹង​បើកការដ្ឋាន​នៅ​ត្រីមាស​ចុង​ក្រោយក្នុង​ឆ្នាំ​នេះ

    គម្រោង​ព្រែក​ជីក​តម្លៃ 1.7 ពាន់​លាន​ដុល្លាររបស់​កម្ពុជា នឹង​បើកការដ្ឋាន​នៅ​ត្រីមាស​ចុង​ក្រោយក្នុង​ឆ្នាំ​នេះ

    (ភ្នំពេញ) ៖ «យើងនឹងមាន គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា ដែលគ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ក្នុងអំឡុងត្រីមាសទី 4 ឆ្នាំ 2024 ខាងមុខនេះ» ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ឱ្យ​ដឹង​ដូច្នេះ​។

    ប្រសាសន៍​​ស្ដី​ពី​​ព្រែក​ជីក​ជា​ប្រវត្តិសាស្ត្រ​ដែលជា​គម្រោង​​ធ្លាប់ត្រូវ​បាន​វៀតណាម​សម្ដែង​ការ​ព្រួយ​បារម្ភ​នា​ពេល​កន្លង ត្រូវ​បាន​លើក​ឡើង​នាព្រឹក​​ថ្ងៃទី 17 មករា​ 2024 នេះ​ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ របស់ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន​។

    យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក ព្រែក​ជីក​ហ្វូណន​តេជោ ដែល​នឹង​លាត​សន្ធឹង​លើ​ខេត្ត​ចំនួន​ 4 គឺ ខេត្ត​កណ្ដាល តាកែវ កំពត និង​ខេត្ត​កែប​ នេះ​ ត្រូវបានបញ្ចប់ការសិក្សាសមិទ្ធលទ្ធផលរួចរាល់ និង​គ្រោងចំណាយទុនវិនិយោគ 1.7 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ព្រែក​ជីក​នេះ​ នឹង​​មានប្រវែង 180 គីឡូម៉ែត្រ លាត​សន្ធឹង​​ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ក្នុង​ស្រុកកោះធំ ហើយបញ្ចប់​នៅ​ត្រង់​ដៃសមុទ្រខេត្តកែប៕

  • សេដ្ឋកិច្ច​ចិន​ក្នុង​ឆ្នាំ 2023 មាន​កំណើន​ជាង​ប្រាំ​ភាគ​រយ

    សេដ្ឋកិច្ច​ចិន​ក្នុង​ឆ្នាំ 2023 មាន​កំណើន​ជាង​ប្រាំ​ភាគ​រយ

    បើទោះ​ជា​ជួប​ឧបសគ្គ​ច្រើន​ ប៉ុន្តែផលិតផល​ក្នុង​ស្រុក​សរុប​របស់ប្រទេស​​ចិន​ ដែល​ជា​ខឿន​សេដ្ឋកិច្ច​ធំជាង​គេ​លំដាប់​ទីពីរ​ក្នុង​ពិភពលោក​ នៅ​តែ​មាន​កំណើន​ជាង 5% នៅ​ក្នុង​ឆ្នាំ 2023​ ស្រប​នឹង​គោល​ដៅ​ដែល​បាន​កំណត់​។

    តួលេខ​ខាងលើ​ត្រូវ​បាន​នាយកដ្ឋាន​ជាតិ​ស្ថិតិ​ចិន​ ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃទី 17 មករា​នេះ​។ គោល​ដៅកំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ 2023 ដែល​ប្រទេស​នេះ​បាន​ដាក់​ចេញ​គឺក្នុង​រង្វង់ 5%​។

    កាល​ពី​ថ្ងៃទី 16 មករា 2024 នាយករដ្ឋមន្ត្រី​ចិន លោក Li Qiang ក៏​បាន​និយាយ​ថា ​សេដ្ឋកិច្ច​ប្រទេស​ចិន​​ក្នុង​ឆ្នាំ​កន្លង​ មាន​កំណើន​ 5.2%​។ កំណើន​នេះ​ស្រប​ទៅ​នឹង​ការ​ព្យាករ​នានា​របស់​ធនាគារ​ធំៗ​​នៅ​លើ​ពិភពលោក ក្នុង​នោះ​មាន​ទាំង​ Goldman Sachs និង Morgan Stanley ផងដែរ​។

    កាល​ពី​ឆ្នាំ 2022 សេដ្ឋកិច្ច​របស់​ចិន​ មាន​កំណើន​តែ​ 3% ដោយ​សារ​តែ​គោលនយោបាយ​រឹត​បន្តឹង​ការ​គ្រប់​គ្រង​កូវីដ-19​។ ល្បឿន​នៃ​កំណើន​នេះ​មិន​សម្រេច​បាន​គោលដៅ​ 5.5% ដែល​បាន​ដាក់​ចេញ​ក្នុង​ឆ្នាំ​នោះ៕

  • ប្រទេស​មួយ​នៅ​ទ្វីប​អាម៉េរិក​ សាកល្បង​ធ្វើ​ការ​បួន​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍

    ប្រទេស​មួយ​នៅ​ទ្វីប​អាម៉េរិក​ សាកល្បង​ធ្វើ​ការ​បួន​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍

    សាធារណរដ្ឋដូមីនីក (Dominica) ​សាកល្បងធ្វើ​ការ​បួន​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ ប៉ុន្តែ​ កម្មករ និយោជិត​នៅ​តែ​ទទួល​បាន​ប្រាក់​ខែ​ដូច​មុន​។

    រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ដូមីនីក ប្រកាស​ថា គំនិត​ផ្ដួច​ផ្ដើម​ស្ដី​ពី​ការ​ធ្វើ​ការ​បួន​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ​នឹង​ចាប់​ផ្ដើម​អនុវត្ត​ពី​ខែ​កុម្ភៈ 2024។ ក្នុង​នោះ បណ្ដា​ក្រុម​ហ៊ុន​អាច​ស្ម័គ្រ​ចិត្ត​សាកល្បង​ប្រើ​ប្រាស់​កាលវិភាគ​ធ្វើការ​នេះ​ក្នុង​រង្វង់​ 6 ខែ​។

    កម្មករ និយោជិត​នៅ​សាធារណរដ្ឋ​ដូមីនីក នឹង​បាន​ធ្វើ​ការ​តែ​ 36 ម៉ោង​ក្នុង​មួយ​សប្ដាហ៍ ជំនួស​ឱ្យ​ 44 ម៉ោង​ ចាប់​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​ព្រហស្បតិ៍​ និង​នៅ​តែ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ដូច​ដើម​។

    «គំនិត​ផ្ដួច​ផ្ដើម​នេះ​ផ្ដល់​អាទិភាព​ដល់​មនុស្ស​ជាតិ​ កែលម្អ​សុខភាព​ និង​សុខុមាលភាព​ ព្រម​ទាំង​ជំរុញ​ផលិតភាព​ការ​ងារ​ឱ្យ​មាន​និរន្តរភាព និង​សម​ស្រប​នឹង​បរិស្ថាន​» រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​របស់​សាធារណរដ្ឋ​ដូមីនីក លោក Luis Miguel de Camps បញ្ជាក់​ដូច្នេះ​។

    សារព័ត៌មាន​នានា​បាន​ឱ្យ​ដឹង​ថា បណ្ដា​ក្រុម​ហ៊ុន​ដែល​គ្រោង​នឹង​ចាប់​ផ្ដើម​សាកល្បង​ធ្វើ​ការ​បួន​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ រួម​មាន ក្រុម​ហ៊ុន​ទូរគមនាគមន៍ អគ្គិសនី ក្រុម​ហ៊ុន​ធានារ៉ាប់រង​ជាតិ​ផ្នែក​សុខាភិបាល និង​ក្រុម​ហ៊ុន​ទាំង​ឡាយ​ដែល​ប្រើ​ប្រាស់​គ្រឿង​ចក្រ​ធុន​ធ្ងន់​។

    សាកល​វិទ្យាល័យ​មួយ​របស់​ប្រទេស​នេះ ត្រូវ​បាន​ប្រគល់​ភារកិច្ច​វាយ​តម្លៃ​លទ្ធផល​នៃ​ការ​សាកល្បង​នេះ​។ ក្នុង​នោះ ពួក​គេ​នឹង​ផ្ដោត​សំខាន់ទៅ​​លើ​ការ​តាម​ដាន​សុខភាព​ ក៏​ដូច​ជា​ទំនាក់​ទំនង​រវាង​ការ​ងារ​ និង​ជីវភាពរស់​នៅ​​របស់​កម្មករ និយោជិត៕

  • ថៃ​ រៀប​គម្រោង​ផ្ដល់​ទិដ្ឋាការ​ពិសេស​រយៈ​ពេល 90 ថ្ងៃ​ ដល់​​អ្នក​ចង់​រៀន​ក្បាច់​គុន

    ថៃ​ រៀប​គម្រោង​ផ្ដល់​ទិដ្ឋាការ​ពិសេស​រយៈ​ពេល 90 ថ្ងៃ​ ដល់​​អ្នក​ចង់​រៀន​ក្បាច់​គុន

    រាជ​រដ្ឋាភិបាល​ថៃ មាន​ផែនការ​ផ្ដល់​ទិដ្ឋាការ​ពិសេស​ 90 ថ្ងៃ ដល់​ភ្ញៀវ​បរទេស​ដែល​ចង់​រៀន​ក្បាច់​គុន​បុរាណ​មួយ​ថៃ (Muay Thai) នៅ​ប្រទេស​នេះ​។

    ក្នុង​សារ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​ X (អតីត​ Twitter) កាល​ពី​ថ្ងៃទី 14 មករា 2024 នាយករដ្ឋមន្ត្រី​ថៃ លោក Srettha Thavisin បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ​ត្រៀម​ខ្លួន​រួច​ហើយ​នៅ​ក្នុង​ការ​ផ្ដល់​ទិដ្ឋាការ​ 90 ថ្ងៃ​ជា​ពិសេស​ ជំនួស​ឱ្យ​ស្ដង់ដា 60 ថ្ងៃ​ សម្រាប់​ភ្ញៀវ​ទេសចរណ៍​ដែល​មាន​បំណង​រៀនក្បាច់​​គុន​ថៃ​។

    នាយករដ្ឋមន្ត្រី​ថៃ​ក៏​បាន​លើក​ឡើងថា ​ទិដ្ឋាការ​ពិសេស​នេះ​ក៏​​នឹង​ផ្ដល់​ជូន​ពលរដ្ឋ​បរទេស​ដែល​ចង់មក​​រៀន​របាំ​បុរាណ តន្ត្រី ឬ​រៀន​ធ្វើ​ម្ហូប​​ថៃ​ ​ជា​វិស័យ​ដែល​​ត្រូវ​បាន​រៀប​រាប់​នៅ​ក្នុង​ចំណោម​ 5F នៃ​ «អំណាចទន់» របស់​ប្រទេស​ថៃ​ ដែល​រួម​មាន អាហារ (Food), ភាព​យន្ត​ (Film), ម៉ូដែល (Fashion), ក្បាច់​គុន (Fight) និង​ពិធីបុណ្យ​ (Festival)​។

    យោង​តាម​ក្រសួង​ទេសចរណ៍​ និង​កីឡា​ថៃ តម្លៃ​ទីផ្សារ​របស់​ទេសចរណ៍​ថៃ​ដែល​ទាក់​ទង​នឹង​កីឡា​របស់​ប្រទេស​នេះ​នៅ​ក្នុង​ឆ្នាំ 2018 គឺ​ប្រមាណ​ 120 ពាន់​លាន​បាត (3.4 ពាន់​លាន​ដុល្លារ​អាម៉េរិក)​ ហើយ​កំពុង​កើន​ឡើង​ជា​មធ្យម 5% ជា​រៀង​រាល់​ឆ្នាំ​៕

  • កម្ពុជា​គ្រោង​នឹង​ទទួល​បាន​ជំនួយ​ឥត​សំណង​ 86 លាន​អឺរ៉ូពី​សហភាព​អឺរ៉ុប

    កម្ពុជា​គ្រោង​នឹង​ទទួល​បាន​ជំនួយ​ឥត​សំណង​ 86 លាន​អឺរ៉ូពី​សហភាព​អឺរ៉ុប

    ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ កាល​ពី​ថ្ងៃទី 15 មករា 2024 បាន​ឱ្យ​ដឹង​ថា​ កម្ពុជា​គ្រោង​នឹង​ទទួល​បាន​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន 86 លាន​អឺរ៉ូ (ជិត 94 លាន​ដុល្លារ​អាម៉េរិក) ពី​សហភាពអឺរ៉ុប (EU) ដើម្បី​អភិវឌ្ឍ​កម្មវិធី​មួយ​ចំនួន​។

    សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ជំនួប​រវាង​ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ​នឹង​ឯកឧត្តម ទ្រីសម៉ាន់ ពីរហ្គាវ័ (Driesmans Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

    យោង​តាម​ក្រសួង​សេដ្ឋកិច្ច​ និ​ងហិរញ្ញវត្ថុ ជំនួយ​ដែល​សហភាព​អឺរ៉ុប​គ្រោង​នឹង​ផ្ដល់​ជូន​កម្ពុជា​ តាម​រយៈ​​កម្មវិធី​ Global Gateway នេះ គឺ​សម្រាប់​កម្មវិធី​ចំនួន​បួន​ ដែល​រួម​មាន​ដូច​ខាង​ក្រោម​៖

    ទីមួយ​៖ កម្មវិធីភាពជាដៃគូរបស់កម្ពុជាសម្រាប់ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយចីរភាព

    ទីពីរ​៖ កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងឧស្សាហកម្មវិស័យ​​កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ

    ទីបី​៖ កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្តុះបណ្តាលការអប់រំបច្ចេកទេស 2024-2027

    ទីបួន​៖ កម្មវិធីពាណិជ្ជកម្ម និងវិស័យឯកជន។