Tag: ប្រទេសចិន

  • អាយុ 99 ឆ្នាំ តែ​សុខភាព​មាំមួន​ដូច​អាយុ 40 ដោយ​សារ​តែ​ខ្ញី

    អាយុ 99 ឆ្នាំ តែ​សុខភាព​មាំមួន​ដូច​អាយុ 40 ដោយ​សារ​តែ​ខ្ញី

    (ប្រទេស​ចិន) – ដោយសារតែ​ទម្លាប់​ទទួលទាន​ខ្ញី​ត្រាំ​ទឹកខ្មេះ​បី​ចំណិត​ជា​រៀងរាល់ថ្ងៃ វេជ្ជបណ្ឌិត Lu Zhizheng មាន​សុខភាព​មាំមួន​ដូច​ទៅនឹង​បុរស​វ័យ​កណ្ដាល បើ​ទោះ​គាត់​មាន​អាយុ 99 ឆ្នាំ​ហើយក៏​ដោយ។

    ក្នុង​វ័យ​ជិត 100 ទៅហើយ ប៉ុន្តែ​វេជ្ជបណ្ឌិត​ផ្នែក​ឱសថ​បុរាណ Lu Zhizheng នៅមាន​រាងកាយ​មាំមួន សុខភាព​ល្អ ការចងចាំ​ល្អ​ជាង​មនុស្ស​ចាប់ពី​វ័យ 60 ទៅ 70 ឆ្នាំ​ទៅទៀត។ នៅពេល​ត្រូវបាន​សួរ​អំពី​អាថ៌កំបាំង​ដែល​បាន​ជួយ​ឱ្យ​គាត់​មាន​សុខ​ភាពល្អ​បែបនេះ វេជ្ជបណ្ឌិត Lu ប្រាប់ថា ដោយសារតែ​គ្រឿងទេស​​ពីរ​ប្រភេទ​ដែលមាន​តម្លៃ​ទាប និង​តែង​ត្រូវបាន​ប្រើប្រាស់​ក្នុង​គ្រួសារ នោះ​គឺ​ខ្ញី និង​ទឹកខ្មេះ។

    វេជ្ជបណ្ឌិត Lu ឱ្យដឹងថា ក្នុង​រយៈពេល​ប្រហែល​ពី 20 ទៅ 30 ឆ្នាំកន្លង គាត់​តែងតែ​បរិភោគ​ខ្ញី​ត្រាំ​ទឹកខ្មេះ​ចំនួន​បី​ចំណិត​ជា​រៀងរាល់​ព្រឹក។ គាត់​ប្រាប់ថា វិធី​នេះ​ជួយ​កាត់បន្ថយ​អាការ​ទល់ខ្យល់ ពិបាក​រំលាយ​អាហារ​ចំពោះ​មនុស្ស​ដែលមាន​ការងារ​មមាញឹក និង​មាន​របប​អាហារ​មិន​ត្រឹមត្រូវ។ ក្រៅពីនេះ ខ្ញី​ក៏​ជួយ​កម្ដៅ​ក្រពះ និង​កាត់បន្ថយ​បញ្ហា​ផ្ដាសាយ​ផងដែរ។

    ដើម្បី​បញ្ជាក់​អំពី​ប្រសិទ្ធភាព​របស់​ខ្ញី​ត្រាំ​ទឹកខ្មេះ លោក Lu ក៏បាន​ប្រកាស​បង្ហាញ​ល​ទ្ធ​ផល​នៃ​ការពិនិត្យ​សុខ​ភាពជា​ទៀត​ទាត់​របស់គាត់។ លទ្ធផល​បង្ហាញថា សរសៃឈាម​របស់គាត់​ល្អ ប្រហាក់ប្រហែល​នឹង​មនុស្ស​វ័យ​កណ្ដាល។ រាងកាយ​អាយុ 90 ឆ្នាំ ប៉ុន្តែ​បេះដូង​នៅក្នុង​វ័យ 40 ឆ្នាំ។

    វិធី​ធ្វើ​ខ្ញី​ត្រាំ​ទឹកខ្មេះ​របស់​វេជ្ជបណ្ឌិត Lu មាន​ដូចតទៅ៖ យក​ខ្ញី​​ខ្ចី លាង​ឱ្យ​ស្អាត ទុកឱ្យ​ស្ងួត ចិត​ជា​ចំណិត រួច​រោយ​អំបិល​បន្តិច ហើយ​ផ្អាប់​ទុក 12 ម៉ោង។ បន្ទាប់មក យក​ចំណិត​ខ្ញី​ទាំងនេះ​ទៅក្នុង​ក្រឡ ចាក់ទឹក​ខ្មេះ​ពីលើ​បន្តិច រួច​គ្រប​ឱ្យ​ជិត ទុក​ពី 4 ទៅ 5 ថ្ងៃ មុនពេល​បរិភោគ។ គាត់​ថា ល្អ​បំផុត​គឺ​ប្រើប្រាស់​ទឹកខ្មេះ​ធ្វើ​ពី​អង្ករ និង​លាយ​ជាមួយ​ទឹក នៅក្នុង​ការ​ត្រាំ​ខ្ញី​នេះ។

    ការទទួល​ទាន​ខ្ញី​ត្រាំ​ទឹកខ្មេះ​ ឬ​ហៅ​ថា​ខ្ញី​ជ្រក់​ទឹក​ខ្មេះ​ ក៏​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម ជួយ​ព្យាបាល​ជំងឺ​លើស​ខ្លាញ់​អាក្រក់​ទៀតផង៕

  • ចិន​នឹង​បាញ់​បង្ហោះ​យាន​ដឹក​មនុស្ស​អាច​ប្រើ​ឡើងវិញ​បាន​នៅ​ឆ្នាំ 2027

    ចិន​នឹង​បាញ់​បង្ហោះ​យាន​ដឹក​មនុស្ស​អាច​ប្រើ​ឡើងវិញ​បាន​នៅ​ឆ្នាំ 2027

    យានអវកាស​ដឹក​មនុ​ស្ស​ថ្មី​របស់​ប្រទេស​ចិន អាចដាក់​មនុស្ស​បាន 7 នាក់ ហើយ​គ្រឿងសំខាន់ៗរបស់​យាន​នេះ អាច​ត្រូវបាន​ប្រើប្រាស់​ឡើងវិញ​បាន​រហូតដល់ 10 ដង។

    Yang Liwei ដែលជា​អនុប្រធាន​កម្មវិធី​អវកាស​មាន​មនុស្ស​បើកបរ របស់​ទីភ្នាក់ងារ​អវកាស​ចិន បានឱ្យដឹងថា យានអវកាស​ដែល​អាច​ប្រើប្រាស់​ឡើងវិញ​ដំបូង​គេ​របស់​ប្រទេស​ចិន នឹងត្រូវ​បាន​បាញ់​បង្ហោះ​យ៉ាង​ឆាប់​ត្រឹម​ឆ្នាំ 2027។ កាលពី​ថ្ងៃទី 17 កក្កដា 2023 លោក Yang បានឱ្យដឹងថា យាន​ថ្មី​នេះ​អាច​ដឹក​មនុ​ស្សបាន 7 នាក់។ ប្រការ​នោះ​នឹង​ដើរតួនាទី​សំខាន់​ក្នុងការ​សាងសង់​ស្ថានីយ​អវកាស​ចិន និង​បេសកកម្ម​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ។

    យាន​គំរូ​ដែលមាន​ទំហំ​តាម​ខ្នាត​ផ្លូវការ​មួយគ្រឿង​របស់​ស្ថាប័ន​ខាងលើ បានបញ្ចប់​ដោយ​ជោគជ័យ​នូវ​ជើងហោះហើរ​​សាក​ល្បង​​រយៈ​ពេល 67 ម៉ោង និង​ប្រើប្រាស់​រ៉ុក្កែត Long March 5 កាលពី​ឆ្នាំ 2020។

    តាម​ទ្រឹស្ដី យ៉ាងហោចណាស់ បណ្ដា​គ្រឿងសំខាន់ៗរបស់​យានអវកាស​នេះ អាច​ប្រើប្រាស់​ឡើងវិញ​បាន 10 ដង ដែល​នេះ​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​បាន​ច្រើន។

    យានអវកាស​ថ្មី​ខាងលើ​របស់​ប្រទេស​ចិន អាច​បៀ​ប​ស្មើ​ទៅនឹង​បណ្ដា​យានអវកាស​ជំនាន់​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក ដែលមាន​ដូចជា យាន Dragon V2 របស់ SpaceX និង CST-100 Starliner របស់ Boeing ជាដើម៕

  • យានអវកាស​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​ប្រទេស​ចិន មាន​ទម្ងន់​ជាង 20 តោន

    យានអវកាស​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​ប្រទេស​ចិន មាន​ទម្ងន់​ជាង 20 តោន

    ស្ថានីយ​ចុះចត ឬ​យានអវកាស​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​ប្រទេស​ចិន នឹងមាន​ទម្ងន់​ប្រហែល 26 តោន ដោយ​រួមមាន ម៉ូឌុល​ព្រះ​ចន្ទ​ចំនួន​មួយគ្រឿង និង​ម៉ូឌុល​រុញច្រាន​មួយគ្រឿង។

    យោងតាម​មន្ត្រី​នៅ​ទីភ្នាក់ងារ​អវកាស​ចិន យាន​ចុះចត​នេះ​អាច​នាំ​អ្នក​អវកាស​ពីររូប ចុះចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​ដោយ​សុវត្ថិភាព។ ម៉ូឌុល​ព្រះ​ចន្ទ​គឺជា​បន្ទប់​ដឹក​មនុស្ស ខណៈដែល​ម៉ូឌុល​រុញច្រាន​គឺជា​កំណាត់​ដែល​ជួយ​ទប់​មិនឱ្យ​យាន​ធ្លាក់ចុះ​លឿន​ពេក ក្នុងពេល​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ។

    ស្ថានីយ​ចុះចត​របស់​ចិន ប្រើប្រាស់​រចនា​រូបរាង​ដែលមាន​លក្ខណៈ​ស្រាល និង​មាន​បំពាក់​មុខងារ​រក្សា​ថាមពល​បម្រុង​ផងដែរ ហើយក៏​មានលទ្ធភាព​ហោះហើរ​ដោយ​ស្វ័យប្រវត្ត។ ស្ថានីយ​នេះ​មាន​តួនាទី​នាំ​អ្នក​អវកាស​ពី​គន្លង​តារាវិថី​ព្រះ​ចន្ទ ចុះចត​លើ​ផ្ទៃ​របស់​វា ហើយ​ក្រោយមក ហោះ​ឡើងមក​កាន់​គន្លង​តារាវិថី​ព្រះ​ចន្ទ​វិញ មុននឹង​ក្រុម​អវកាស​ចរ ជិះ​យានអវកាស​ហោះ​ត្រឡប់​មកកាន់​ផែនដី។

  • «មហា​គម្រោង​នាំ​ទឹក» តម្លៃ​ជាង 7 ពាន់​លាន​ដុល្លារ​អាម៉េរិក ត្រូវបាន​ចិន​សាងសង់​រួចរាល់

    «មហា​គម្រោង​នាំ​ទឹក» តម្លៃ​ជាង 7 ពាន់​លាន​ដុល្លារ​អាម៉េរិក ត្រូវបាន​ចិន​សាងសង់​រួចរាល់

    ប្រទេស​ចិន ទើបតែ​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​មហា​គម្រោង​នាំ​ទឹក ដែល​ត្រូវ​ចំណាយ​ប្រាក់​អស់​ជាង 7 ពាន់​លាន​ដុល្លារ​អាម៉េរិក និង​ចំណាយ​ពេល​អស់​ច្រើន​ឆ្នាំ​។

    មហា​គម្រោង​ខាងលើនេះ​ត្រូវបាន​អនុវត្ត​ដើម្បី​ត​ភ្ជាប់​ទន្លេចំនួន​​ពីរ​ដែល​វែង​ជាងគេ​នៅ​ប្រទេស​ចិន គឺ​ទន្លេ Huang He និង​ទន្លេ Yangtze។ ហេដ្ឋារចនាសម្ព័ន្ធ​នេះ មិន​ត្រឹមតែ​ជួយ​ផ្គត់ផ្គង់​ទឹក​សម្រាប់​តំបន់​រាល​រាប​នៅ​ប្រទេស​ចិន​ប៉ុណ្ណោះ​ទេ តែ​ក៏​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ហានិភ័យ​ខ្វះ​ទឹក​នៅក្នុង​តំបន់​ផងដែរ។

    គម្រោង​នេះ​មាន​បណ្ដោយ​ប្រវែង​ជាង 800 គីឡូម៉ែត្រ ឆ្លងកាត់​បី​ខេត្ត គឺ Hubei, Hebei និង Chongqing។

    មហា​គម្រោង​ត​ភ្ជាប់​ទន្លេ​ពីរ​វែង​ជាងគេ​នៅ​ប្រទេស​ចិន​នេះ ត្រូវ​ចំណាយ​ថវិកា​អស់​ជាង 7.2 ពាន់​លាន​ដុល្លារ​អាម៉េរិក និង​ប្រើ​ពេល​​អស់​ជាង​មួយ​ទសវត្សរ៍ ក៏​ដូច​ជា​​ឆ្លងកាត់​ឧបសគ្គធំៗរាប់មិនអស់៕

  • ចិន​បង្ហើប​ពី​ផែន​ការនាំ​មនុស្ស​ឡើងទៅ​ជាន់ដី​ព្រះ​ចន្ទ​នៅ​ឆ្នាំ 2030

    ចិន​បង្ហើប​ពី​ផែន​ការនាំ​មនុស្ស​ឡើងទៅ​ជាន់ដី​ព្រះ​ចន្ទ​នៅ​ឆ្នាំ 2030

    នៅក្នុង​បេសកកម្ម​ថ្មី យានអវកាស​ហោះ​ជុំវិញ​គន្លង​តារាវិថី និង​យាន​ចុះចត ​នឹង​ត្រូវបាន​បាញ់​បង្ហោះ​ឡើងទៅ​កាន់​ទី​អវកាស ហើយ​សហការគ្នា​ដើម្បី​នាំ​មនុស្ស​ទៅ​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ។

    លោក Zhang Hailian អនុប្រធាន​ក្រុម​វិស្វករ​របស់​ទីភ្នាក់ងារ​អវកាស​មាន​ក្រុម​ហោះហើរ​ចិន (CMSA) បាន​បង្ហើប​ឱ្យដឹង​អំពី​ព័ត៌មាន​ថ្មី​ស្ដីពី​ផែន​ការនាំ​មនុស្ស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​វិស័យ​អាកាសចរណ៍​អវកាស​នៅ​ប្រទេស​ចិន​កាលពី​ថ្ងៃទី 12 កក្កដា 2023។

    បេសកកម្ម​​នេះ គ្រោង​នឹងធ្វើ​ឡើង​ឱ្យបាន​មុន​ដំណាច់ឆ្នាំ 2030។ វា​គឺជា​ផ្នែក​មួយ​នៃ​មហា​គម្រោង​ដែល​ឆ្ពោះទៅរក​ការស្ថាបនា​ស្ថានីយ​ស្រាវជ្រាវ​លើដី​នៅ​ឋាន​ព្រះ​ចន្ទ។ លោក Zhang ឱ្យដឹងថា បេសកកម្ម​នេះ​នឹង​ស្វែងរក​វិធី​ល្អ​បំផុត​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​អវកាស​ ក៏​ដូច​ជា​ធ្វើ​ការ​​ស្រាវជ្រាវ​ ការ​​ពិសោធន៍​ផ្នែក​​វិទ្យាសាស្ត្រ​ជាច្រើន​ផ្សេងទៀត នៅ​​លើ​ឋាន​ព្រះ​ចន្ទ។

    នៅក្នុង​បេសកកម្ម​ខាងលើ ការបាញ់​បង្ហោះ​រ៉ុក្កែត​ចំនួន​ពីរលើក​នឹង​នាំ​យាន​ចុះចត និង​យានអវកាស​ដឹក​មនុស្ស​ឡើងទៅ​កាន់​គន្លង​តារាវិថី​ជុំវិញ​ព្រះ​ចន្ទ។ យាន​ទាំងពីរ​នេះ​នឹង​ត​ភ្ជាប់​គ្នា​ដើម្បីឱ្យ​អ្នក​អវកាស​ចិន​ឆ្លង​ពី​យានអវកាស ចូលទៅក្នុង​យាន​ចុះចត មុននឹង​ទម្លាក់ខ្លួនសន្សឹមៗចុះទៅ​កាន់​​ឋាន​ព្រះ​ចន្ទ។ នៅទីនេះ ពួកគេ​នឹង​រើសយក​ដី​លើ​ឋាន​ព្រះ​ចន្ទ និង​ធ្វើដំណើរ​សិក្សា​ស្រាវជ្រាវ។ បន្ទាប់មក ពួកគេ​នឹង​ជិះ​យាន​ចុះ​ចត​នេះ ហោះ​ឡើងទៅ​កាន់​យានអវកាស​ដែល​កំពុង​ស្ថិតនៅលើ​គន្លង​តារាវិថី រួច​ក៏​វិល​ត្រលប់​មកកាន់​ផែនដី។

    ដើម្បី​ត្រៀម​សម្រាប់ការ​​អនុវត្ត​ផែនការ​ខាងលើ ក្រុម​អ្នកស្រាវជ្រាវ​ចិន កំពុងតែ​ប្រឹងប្រែង​អភិវឌ្ឍ​រាល់​ឧបករណ៍​ដែល​ចាំបាច់ ក្នុងនោះ​មាន​ជាអាទិ៍ ឈុត​សម្លៀកបំពាក់​អវកាស រថយន្ត​សម្រាប់​បើកបរ​លើ​ឋាន​ព្រះ​ចន្ទ យានអវកាស​ដឹក​មនុ​ស្ស និង​យាន​ចុះចត។

    បេសកកម្ម​នាំ​មនុស្ស​ឡើងទៅ​ឋាន​ព្រះ​ចន្ទ​គឺជា​ជំហាន​ថ្មី​បំផុត​នៅក្នុង​មហិច្ឆតា​អភិវឌ្ឍ​កម្មវិធី​អវកាស​របស់​ប្រទេស​ចិន។ បច្ចុប្បន្ន វិស័យ​អវកាស​របស់​ប្រទេស​នេះ កំពុង​តែមាន​ការរីក​ចម្រើន​យ៉ាង​ឆាប់រហ័ស។ ចិន​មាន​ស្ថានីយ​អវកាស​ផ្ទាល់ខ្លួន មាន​រ៉ូ​បូត​នៅលើ​ឋាន​ព្រះ​ចន្ទ និង​ភព​អង្គារ​ផងដែរ៕

  • រ៉ុក្កែត​ប្រើប្រាស់​ឥន្ធនៈ​មេតាន​ដំបូង​គេ​លើ​ពិភពលោក ត្រូវបាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ

    រ៉ុក្កែត​ប្រើប្រាស់​ឥន្ធនៈ​មេតាន​ដំបូង​គេ​លើ​ពិភពលោក ត្រូវបាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ

    រ៉ុក្កែត Zhuque-2 របស់​ក្រុមហ៊ុន​ចិន Landspace បាន​ហោះ​ឡើង​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Jiuquan នៅ​សមុទ្រ​ខ្សាច់ Gobi កាលពី​ព្រឹក​ថ្ងៃទី 12 កក្កដា 2023។

    អង្គភាព​អវកាស​អាម៉េរិក​បានបញ្ជាក់​អំពី​សេចក្ដីប្រកាស​របស់​ចិន ស្ដីពី​ការបាញ់​បង្ហោះ​រ៉ុក្កែត​ឥន្ធនៈ​មេតាន Zhuque-2 ឡើងដល់​គន្លង​គោចរ។ នេះ​គឺជា​ជោគជ័យ​របស់ Zhuque-2 ដោយសារ​កាលពី​ថ្ងៃទី 14 ធ្នូ 2022 រ៉ុក្កែត​នេះ​បានទទួល​បរាជ័យ និង​ធ្វើឱ្យ​បាត់បង់​ផ្កាយរណប 14 គ្រឿង។

    មេតាន​ត្រូវបាន​គេ​សរសើរ​ថា​ជា​ឥន្ធនៈ​ដែល​បំ​ភាយ​ឧស្ម័ន​ពុល​កម្រិត​ទាប បើ​ធៀប​នឹង​ឥន្ធនៈ​ដែល​រ៉ុក្កែតផ្សេងៗកំពុង​ប្រើប្រាស់។

    ក្រុមហ៊ុន​អាម៉េរិក​ជាច្រើន​ក៏​កំពុងតែ​អភិវឌ្ឍ​រ៉ុក្កែត​មេតាន ក្នុងនោះ​ក៏មាន SpaceX, Blue Origin, Rocket Lab, United Launch និង Relativity Space ជាដើម។

    ប្រទេស​ចិន និង​ក្រុមហ៊ុន​អវកាស​ឯកជន​របស់​ប្រទេស​នេះ កំពុង​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​នៅក្នុង​ការបាញ់​បង្ហោះ​នានា និង​បាន​បំពេញបេសកកម្ម​ឡើងទៅ​កាន់​គន្លង​គោចរ​ចំនួន 54 លើក នៅក្នុង​ឆ្នាំ 2022 ហើយ​ឆ្នាំនេះ ពួកគេ​គ្រោង​នឹង​សម្រេច​ឱ្យបាន​ជាង 60 លើក។

    ដោយឡែក ក្រុមហ៊ុន​អាម៉េរិក SpaceX គឺជា​ទីភ្នាក់ងារ​អវកាស​ដែល​មមាញឹក​នឹង​ការងារ​ជាងគេ​របស់​សហរដ្ឋ​អាម៉េរិក ដោយបាន​បាញ់​បង្ហោះ​រ៉ុក្កែត​ទៅកាន់​អវកាស​ចំនួន 61 លើក កាលពី​ឆ្នាំ 2022៕

  • ទំនៀម​ទម្លាប់​​ចម្លែក​៖ កូន​ក្រមុំ​ត្រូវ​យំ​មួយ​ម៉ោង​/ថ្ងៃ​ ពេញ​មួយ​ខែ​ មុន​ពេល​រៀប​ការ

    ទំនៀម​ទម្លាប់​​ចម្លែក​៖ កូន​ក្រមុំ​ត្រូវ​យំ​មួយ​ម៉ោង​/ថ្ងៃ​ ពេញ​មួយ​ខែ​ មុន​ពេល​រៀប​ការ

    កូន​ក្រមុំ​ជនជាតិ​ Tujia នៅ​ប្រទេស​ចិន ​ត្រូវ​យំ​យ៉ាង​តិច​មួយ​ម៉ោង​រៀងរាល់​ថ្ងៃ​ ពេញ​មួយ​ខែ ដើម្បី​​ជា​ការ​បួង​សួង​​សូម​សេចក្ដី​សុខ និង​​សុភមង្គល​ក្នុង​គ្រួសារ​នៅ​ថ្ងៃ​អនាគត​។

    ជា​ធម្មតា ថ្ងៃ​រៀបការ​តែង​តែ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ភាព​សប្បាយ​រីក​រាយ​ សំណើច​ក្អាក​ក្អាយ និង​ពេញ​ដោយ​សុភមង្គល នៅ​ពេល​កូន​កំលោះ​ កូន​ក្រមុំ​ចាប់​ផ្ដើម​ឈាន​ជើង​ចូល​ក្នុង​ជីវិត​គូ។ ក៏ប៉ុន្តែ សម្រាប់​កូន​ក្រមុំ​ជន​ជាតិ​ Tujia នៅ​ក្នុងខេត្ត​​ Sichuan ប្រទេស​ចិន​វិញ ពួក​គេ​ត្រូវ​យំ​យ៉ាង​តិច​មួយ​ម៉ោង​/​ថ្ងៃ​ នៅ​ក្នុង​រយៈ​ពេល​មួយ​ខែ​ពេញ​​ មុន​ពេល​ត្រូវ​ទៅ​រស់​នៅ​ក្នុង​គ្រួ​សារ​ខាង​ស្វាមី​។

    ទំនៀម​ទម្លាប់​យំ​ពេល​រៀប​ការ​នេះ​ មាន​តាំង​ពី​បុរាណ​ នៅ​ក្នុង​តំបន់​ជា​ច្រើន​នៅ​ភាគ​និរតី​របស់​ខេត្ត Sichuan ហើយមាន​ការ​ពេញ​និយម​ខ្លាំង​​រហូតដល់​សម័យ​រាជវង្ស Qing (1644 – 1911)។ បើ​ទោះ​បច្ចុប្បន្ន​លែង​មាន​ការ​ពេញ​និយម​ដូច​មុន ប៉ុន្តែ​ទំនៀម​ទម្លាប់​នេះ​នៅ​តែ​ត្រូវ​បាន​ប្រជាជន​ក្នុង​តំបន់ជា​ច្រើន​ចាត់​ទុក​ថា​ជា​ទំនៀម​ប្រពៃណី​ចាំបាច់​នៅ​ក្នុង​ពិធី​រៀប​មង្គល​ការកូន​ប្រុសស្រី​។

    ប្រជាជន Tujia ដែល​មាន​វ័យ​ចំណាស់​បាន​រៀប​រាប់​ប្រាប់​ថា កូន​ក្រមុំ​ណាក៏​ត្រូវ​តែ​យំ​នៅ​ក្នុង​ពិធី​រៀប​ការ​។ បើ​សិន​មិន​យំ​ នឹង​ត្រូវ​អ្នក​ភូមិ​មើល​ងាយ និង​ចាត់​ទុក​ការ​រៀប​ការ​នោះ​ជា​រឿង​អស់​សំណើច​។ ជាក់​ស្ដែង​មាន​ករណី​ជា​ច្រើន​ដែល​កូន​ក្រមុំ​ត្រូវ​បាន​ម្ដាយ​វាយ​ព្រោះ​តែ​មិន​យំ​ក្នុង​ថ្ងៃ​រៀប​ការ​។ តាម​រយៈ​សំឡេង​យំ ជនជាតិ​ Tujia នឹង​អាច​វាយ​តម្លៃ​បាន​ទៅ​លើ​ភាព​ថ្លៃ​ថ្នូរ ភាព​ជា​ស្ត្រី និង​ភាព​ឆ្លាតវៃ​របស់​កូន​ក្រមុំ។

    ទំនៀម​ទម្លាប់​ខាងលើ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា «Zuo Tang (អង្គុយ​ក្នុង​រោង​ការ ឬ​រោង​ជំនុំ)»។ នេះ​បើ​តាម សារព័ត៌មា​ន​ចិន China Daily។

    តាម​ជំនឿ​បុរាណ ​​កូនក្រមុំ​ជន​ជាតិ​ Tujia នៅ​ប្រទេស​ចិន មិន​ត្រឹម​តែ​ត្រូវ​យំ​យ៉ាង​តិច​មួយ​ម៉ោង​រៀងរាល់​ថ្ងៃ​ ពេញ​មួយ​ខែ​នោះ​ទេ តែ​ក៏​ត្រូវ​ជេរ​ «មេ​អណ្ដើក​​» ថែម​ទៀត​ផង ដោយ​សង្ឃឹម​ថា នឹង​ទទួល​បាន​សុភមង្គល​ក្នុង​គ្រួសារ​នៅ​ថ្ងៃ​អនាគត​។

  • រោងចក្រ​ផលិត​អគ្គិសនី​ដោយ​កម្ដៅថ្ងៃ 1,000 ម៉េ​ហ្គា​វ៉ា​ត់ ត​ភ្ជាប់​នឹង​​បណ្ដាញ​អគ្គិសនី​នៅ​ប្រទេស​ចិន

    រោងចក្រ​ផលិត​អគ្គិសនី​ដោយ​កម្ដៅថ្ងៃ 1,000 ម៉េ​ហ្គា​វ៉ា​ត់ ត​ភ្ជាប់​នឹង​​បណ្ដាញ​អគ្គិសនី​នៅ​ប្រទេស​ចិន

    រោងចក្រ​ផលិត​អគ្គិសនី​ពី​ថាមពលព្រះអាទិត្យ​ថ្មី​នៅ Tianjin មាន​កម្លាំង 1,000 ម៉េ​ហ្គា​វ៉ា​ត់ អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ពលរដ្ឋ 1.5 លាន​គ្រួសារ។

    យោងតាមសារព័ត៌មាន​ចិន​ រោងចក្រ​ផលិត​អគ្គិសនី​ដោយ​ផ្ទាំង​សូ​ឡា Huadian Tianjin Haijing ត្រូវបាន​ត​ភ្ជាប់​ជាមួយនឹង​បណ្ដាញ​អគ្គិសនី​នៅ Tianjin កាលពី​ថ្ងៃទី 08 កក្កដា 2023។ សកម្មភាព​របស់​រោង​ចក្រ​ដែលមាន​កម្លាំង 1,000 ម៉េ​ហ្គា​វ៉ា​ត់ (MW) នេះ រួមមាន រូបមន្ត​ឧស្សាហកម្ម​រួមផ្សំ​នឹង​ការផលិត​អគ្គិសនី​ពី​ផ្ទាំង​សូ​ឡា ការផលិត halogen លើ​ផ្ទៃ​ទឹក និង​ក្នុង​ទឹក ទន្ទឹមនឹង​ការកែលំអ​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ភាគ​ខាងជើង​ប្រទេស​ចិន។

    ស្ថិតនៅ​តំបន់​ស្រែអំបិល Changlu រោងចក្រ Huadian Tianjin Haijing គ្រប់ដណ្ដប់​​លើ​ផ្ទៃដី​ប្រហែល 1,333 ហិកតា និង​អាច​ផ្គង់​ផ្គង់​អគ្គិសនី​ស្អាត 1.5 ពាន់​លាន​គីឡូវ៉ាត់ម៉ោង​ជា​រៀងរាល់ឆ្នាំ អាចឆ្លើយតប​នឹង​តម្រូវការ​ប្រើប្រាស់​របស់​មនុស្ស 1.5 លាន​គ្រួសារ និង​កាត់បន្ថយ​ឧស្ម័ន​កាបូនឌីអុកស៊ីដ​បាន​ប្រហែល 1.25 លាន​តោន ធៀប​នឹង​ការប្រើប្រាស់​ធ្យូងថ្ម។

    យោងតាម Yang Fan ប្រធាន​គម្រោង​ខាងលើ រោងចក្រ​នេះ​នឹង​ជួយ​ជំរុញ​ការកែប្រែ​រចនាសម្ព័ន្ធ​ថាមពល​ស្អាត​នៅ​ភាគ​ខាងជើង​ប្រទេស​ចិន។ រោងចក្រ​នេះ​ក៏​ផ្សារភ្ជាប់​ការផលិត​អគ្គិសនី​ជាមួយនឹង​ការផលិត​អំបិល និង​នេសាទ​ផងដែរ៕

  • BYD ចាប់​ផ្ដើម​លក់​​រថយន្ត​អគ្គិសនី Dolphin នៅសិង្ហ​បុរី

    BYD ចាប់​ផ្ដើម​លក់​​រថយន្ត​អគ្គិសនី Dolphin នៅសិង្ហ​បុរី

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន BYD បានបង្ហាញ​វត្តមាន​រថយន្ត Dolphin នៅ​ប្រទេស​សិង្ហ​បុរី ក្នុង​យុទ្ធនា​ការបញ្ជ្រាប​ផលិតផល​ទៅគ្រប់​ទីផ្សារ។

    BYD បាន​ប្រារព្ធ​កម្មវិធី​បង្ហាញរ​ថ​យន្ត​អគ្គិសនី Dolphin ជាមួយនឹង​តំណាង​ចែកចាយ Vantage Automotive របស់​សិង្ហ​បុរី កាលពី​ថ្ងៃទី 03 កក្កដា។ Dolphin​ ដែលជា​រថយន្ត​អគ្គិសនី​ទី​ពីរ​របស់​ក្រុមហ៊ុន​នេះ​ដែល​ត្រូវបាន​ដាក់លក់​នៅ​ប្រទេស​សិង្ហបុរី បន្ទាប់ពី Atto 3។

    BYD បានដាក់​លក់ Atto 3 នៅ​សិង្ហ​បុរី​តាំងពី​ឆ្នាំ 2022 ហើយ​វា​គឺ​រថយន្ត​អគ្គិសនី​ដែល​លក់ដាច់​ជាងគេ​នៅក្នុង​តំបន់ នៅក្នុង 5 ខែ​ដើមឆ្នាំ។

    BYD ឱ្យដឹងថា Dolphin នឹង​ក្លាយជា​រថយន្ត​អគ្គិសនី​ដែល​ទទួលបាន​ការពេញនិយម​ខ្លាំង​ពី​អតិថិជន​គ្រប់​វ័យ​នៅ​សិង្ហ​បុរី ហើយ​វា​នឹង​ត្រូវបាន​ប្រជាជន​នៅទីនេះ​ស្គាល់​កាន់តែច្រើន។

    BYD Dolphin ត្រូវបាន​ដាក់លក់​តាំងពី​ថ្ងៃទី 29 សីហា 2021។ វា​គឺជារថ​យន្ត​ខ្នាតតូច​ល្មម និង​ដំណើរការ​ទាំងស្រុង​ដោយ​អគ្គិសនី ហើយ​បច្ចុប្បន្ន​មានតម្លៃ​ចាប់ពី 16,120 ដុល្លារ​អាម៉េរិក នៅ​ប្រទេស​ចិន។ នៅ​សិង្ហ​បុរី BYD Dolphin មានតម្លៃ​ចាប់ពី 156,888 ដុល្លារ​សិង្ហ​បុរី (115,900 ដុល្លារ​អាម៉េរិក)។

    BYD លក់​រថយន្ត​អគ្គិសនី​បាន 253,046 គ្រឿងក្នុង​ខែមិថុនា កើន 88.79% ធៀប​នឹង 134,036 គ្រឿងក្នុង​ដំណាក់កាល​ដូចគ្នា​កាល​ពី​​ឆ្នាំ 2022។

  • ភាពយន្ត​រឿង​អាម៉េរិក​មួយ​ត្រូវបាន​វៀតណាម​ហាម​ចាក់​នៅ​រោងកុន​ព្រោះតែ​ពាក់ព័ន្ធ​នឹង​ចិន

    ភាពយន្ត​រឿង​អាម៉េរិក​មួយ​ត្រូវបាន​វៀតណាម​ហាម​ចាក់​នៅ​រោងកុន​ព្រោះតែ​ពាក់ព័ន្ធ​នឹង​ចិន

    ​ភាពយន្ត​អាម៉េរិក រឿង «Barbie» ​ត្រូវបាន​អាជ្ញាធរ​វៀតណាម​ហាម​ចាក់​បញ្ចាំង​នៅ​រោងកុន​ក្នុងប្រទេស​នេះ ដោយសារ​តែមាន​រូបភាព​ដែល​វៀតណាម​មិន​ទទួលស្គាល់​នៅ​សមុទ្រ​ចិន​ខាងត្បូង។

    កាលពី​ថ្ងៃទី 03 កក្កដា 2023 អាជ្ញាធរ​វៀតណាម​បានឱ្យដឹងថា សមត្ថកិច្ច​បាន​ហាម​ការចាក់​បញ្ចាំងភាពយន្ត​ទាំងឡាយណា​ដែលមាន​រូបភាព​ផែនទី​ផ្លូវ 9 ខ្សែ (Nine-dash line) ដែល​ប្រទេស​ចិន​បាន​ដាក់ចេញ​សម្រាប់​សមុទ្រ​ចិន​ខាងត្បូង ដែល​វៀតណាម​កំពុង​តវ៉ា។

    មុន​នោះ ភាពយន្ត​ខាងលើ​គ្រោង​នឹង​ចាក់​បញ្ចាំង​ក្នុងប្រទេស​វៀតណាម​ចាប់ពី​ថ្ងៃទី 21 កក្កដា។ ទាក់ទង​នឹង​បញ្ហា​នេះ ខាង​រោងកុន​នៅ​វៀតណាម និង​ខាង​ផលិតកម្ម​របស់ Barbie ហាក់​មិនមាន​ប្រតិកម្ម​អ្វី​នៅឡើយ។

    ភាពយន្ត​នេះ​ត្រូវបាន​ចំណាយ​ប្រាក់​ក្នុង​ការផលិត​អស់​ចំនួន 100 លាន​ដុល្លារ​អាម៉េរិក។ Barbie (សម្ដែង​ដោយ Margot Robbie) និយាយ​អំពី​ភព Barbieland។ ថ្ងៃមួយ គ្រប់យ៉ាង​បាន​ប្រែប្រួល​នៅពេល​នាង​ត្រូវបាន​កម្ចាត់​ចេញពី Barbieland។ នាង​ក៏​ជ្រើសរើស​ផ្លូវ​ទៅកាន់​ភព​របស់​មនុស្ស​ដើម្បី​ស្វែងរក​សុភមង្គល​ថ្មី ដែល​រួម​ដំណើរ​ជាមួយ Ken (សម្ដែង​ដោយ Ryan Gosling)។

    ផែន​ទី​ផ្លូវ 9 ខ្សែ (Nine-dash line) នៅ​សមុទ្រ​ចិន​ខាង​ត្បូង

    គិត​មកដល់ពេលនេះ វៀតណាម​បាន​ហាម​ការចាក់​បញ្ចាំងភាពយន្ត​ជាច្រើន​ដែលមាន​ផ្ទុក​រូបភាព​ផែនទី​ខាងលើ ក្នុងនោះ​មានដូចជា ភាពយន្ត​រឿង Uncharted, Abominable, Pine Gap, Put your head on my shoulder និង Madam Secretary ជាដើម៕