Tag: ប្រជាជន

  • BYD ចាប់​ផ្ដើម​លក់​​រថយន្ត​អគ្គិសនី Dolphin នៅសិង្ហ​បុរី

    BYD ចាប់​ផ្ដើម​លក់​​រថយន្ត​អគ្គិសនី Dolphin នៅសិង្ហ​បុរី

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន BYD បានបង្ហាញ​វត្តមាន​រថយន្ត Dolphin នៅ​ប្រទេស​សិង្ហ​បុរី ក្នុង​យុទ្ធនា​ការបញ្ជ្រាប​ផលិតផល​ទៅគ្រប់​ទីផ្សារ។

    BYD បាន​ប្រារព្ធ​កម្មវិធី​បង្ហាញរ​ថ​យន្ត​អគ្គិសនី Dolphin ជាមួយនឹង​តំណាង​ចែកចាយ Vantage Automotive របស់​សិង្ហ​បុរី កាលពី​ថ្ងៃទី 03 កក្កដា។ Dolphin​ ដែលជា​រថយន្ត​អគ្គិសនី​ទី​ពីរ​របស់​ក្រុមហ៊ុន​នេះ​ដែល​ត្រូវបាន​ដាក់លក់​នៅ​ប្រទេស​សិង្ហបុរី បន្ទាប់ពី Atto 3។

    BYD បានដាក់​លក់ Atto 3 នៅ​សិង្ហ​បុរី​តាំងពី​ឆ្នាំ 2022 ហើយ​វា​គឺ​រថយន្ត​អគ្គិសនី​ដែល​លក់ដាច់​ជាងគេ​នៅក្នុង​តំបន់ នៅក្នុង 5 ខែ​ដើមឆ្នាំ។

    BYD ឱ្យដឹងថា Dolphin នឹង​ក្លាយជា​រថយន្ត​អគ្គិសនី​ដែល​ទទួលបាន​ការពេញនិយម​ខ្លាំង​ពី​អតិថិជន​គ្រប់​វ័យ​នៅ​សិង្ហ​បុរី ហើយ​វា​នឹង​ត្រូវបាន​ប្រជាជន​នៅទីនេះ​ស្គាល់​កាន់តែច្រើន។

    BYD Dolphin ត្រូវបាន​ដាក់លក់​តាំងពី​ថ្ងៃទី 29 សីហា 2021។ វា​គឺជារថ​យន្ត​ខ្នាតតូច​ល្មម និង​ដំណើរការ​ទាំងស្រុង​ដោយ​អគ្គិសនី ហើយ​បច្ចុប្បន្ន​មានតម្លៃ​ចាប់ពី 16,120 ដុល្លារ​អាម៉េរិក នៅ​ប្រទេស​ចិន។ នៅ​សិង្ហ​បុរី BYD Dolphin មានតម្លៃ​ចាប់ពី 156,888 ដុល្លារ​សិង្ហ​បុរី (115,900 ដុល្លារ​អាម៉េរិក)។

    BYD លក់​រថយន្ត​អគ្គិសនី​បាន 253,046 គ្រឿងក្នុង​ខែមិថុនា កើន 88.79% ធៀប​នឹង 134,036 គ្រឿងក្នុង​ដំណាក់កាល​ដូចគ្នា​កាល​ពី​​ឆ្នាំ 2022។

  • គម្រោង​សាងសង់​ដងទង់​ខ្ពស់​ជាងគេ​លើ​ពិភពលោក​ តម្លៃ​មួយ​ពាន់​លាន​ដុល្លារ​

    គម្រោង​សាងសង់​ដងទង់​ខ្ពស់​ជាងគេ​លើ​ពិភពលោក​ តម្លៃ​មួយ​ពាន់​លាន​ដុល្លារ​

    ក្រុមហ៊ុន​មួយ​នៅ​សហរដ្ឋ​អាម៉េរិក គ្រោង​ចំណាយ​ប្រាក់​មួយ​ពាន់​លាន​ដុល្លារ​ដើម្បី​សាងសង់​ដងទង់​ដែល​ខ្ពស់ជាង​អគារ Empire State ក្នុង​បំណង​លើកកម្ពស់​ស្មារតី​មោទកភាព និង​សាមគ្គីភាព​ជាតិ។

    Morrill Worcester ស្ថាបនិក​ក្រុមហ៊ុន​លក់​គ្រឿងអលង្ការ Worcester Wreath ដែលជា​ស្ថាប័ន​អភិវឌ្ឍ​គម្រោង​ដងទង់​ខាងលើ​បានឱ្យដឹងថា សំណង់​ដែលមាន​ឈ្មោះថា ដងទង់​ឧទ្យាន​សេរីភាព (Flagpole of Freedom Park) នេះ នឹង​​ត្រូវ​សាងសង់​នៅក្នុង​រដ្ឋ Maine ក្នុង​បំណង «ផ្សារភ្ជាប់​ប្រជាជន​អាម៉េរិក រម្លឹក​ពួកគេ​អំពី​ប្រវត្តិសាស្ត្រ​ការពារ​សេរីភាព និង​ផ្សារភ្ជាប់​ប្រទេសជាតិ​ដែល​ត្រូវ​ប្រេះឆា»។

    Worcester គ្រោង​នឹង​សាងសង់​ដងទង់​ដែល​កម្ពស់ 445 ម៉ែត្រ​នៅក្នុង​រយៈពេល​ដប់ឆ្នាំ ហើយ​វា​នឹង​ក្លាយជា​ដងទង់​ដែល​ខ្ពស់​ជាងគេ​បង្អស់​លើ​ពិភពលោក។ ដងទង់​នេះ​ក៏​នឹងត្រូវ​ដំឡើង​ទង់ជាតិ​សហរដ្ឋ​អាម៉េរិក​ដែលមាន​ទំហំ​ធំ​ជាង​ទីលាន​បេ​ស្ប​ល។ ភ្ញៀវ​នឹងត្រូវ​ប្រើប្រាស់​ជណ្ដើរយោង​ដើម្បី​ឡើង​ទៅដល់​ស្ថានីយ​គយគន់​ទេសភាព​នៅ​កំពូល​ដងទង់​ ដែល​ខ្ពស់ជាង​អគារ State Empire ទៅ​ទៀត។ នៅលើ​កម្ពស់​នេះ ភ្ញៀវ​អាច​មើលទៅ​ឆ្ងាយ​រហូតដល់​ទឹកដី​កាណាដា។

    លោក Morrill ក៏​គ្រោង​នឹង​បង្កើត​ភូមិ​មួយ​ដែលមាន «សារមន្ទីរ​រស់» ជាទី​ដែល​អតីត​ទាហាន​បរិយាយ​អំពី​ប្រវត្តិសាស្ត្រ រួម​នឹង​សំណង់​ជាច្រើន​ផ្សេងទៀត​ដែល​ស្ថិតនៅក្នុង​ផ្ទៃដី​ជាង 4,000 ហិកតា។

  • អ្នកចាំទី​របស់​អា​ហ្ស​ង់​ទីន៖ «នឹង​មិនមាន​កីឡាករ​ណា​ដូច Messi ក្នុង​ថ្ងៃ​អនាគត»

    អ្នកចាំទី​របស់​អា​ហ្ស​ង់​ទីន៖ «នឹង​មិនមាន​កីឡាករ​ណា​ដូច Messi ក្នុង​ថ្ងៃ​អនាគត»

    យោងតាម​អ្នកចាំទី Emiliano Martinez កំពូល​តារាបាល់ទាត់ Lionel Messi នឹង​ជួយ​ឱ្យ​អា​ហ្ស​ង់​ទីន​ដណ្ដើមបាន​តំណែង​ជើងឯក​ពានរង្វាន់ Copa America 2024 ហើយ​អាច​បាន​ទាំង World Cup 2026 ទៀតផង។

    Messi ត្រូវបាន​គេ​ជឿថា នឹង​ទទួលបាន​គ្រាប់​បាល់​មាស​ទី 8 នៅក្នុង​អាជីព ពេលដែល​ពានរង្វាន់​នេះ​នឹងត្រូវ​បានប្រគល់​នៅ​ថ្ងៃទី 30 តុលា 2023។ ថ្វី​ជើងល្អ​បំផុត​របស់ Messi នៅក្នុង​រដូវ​កាល​មុន​គឺ ការ​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក​បាល់ទាត់​ពិភពលោក 2022 ជាមួយនឹង​អា​ហ្ស​ង់​ទីន ជាទី​ដែល Martinez ក៏​ទទួលបាន​ពាន​ស្រោមដៃ​មាស។ Messi ធ្លាប់បាន​និយាយថា ការប្រកួត​ធំជាងគេ​នៅ​កាតា​នឹង​ជា World Cup ចុងក្រោយ​ក្នុង​អាជីព​របស់គាត់។ ប៉ុន្តែ ប្រជាជន​អា​ហ្ស​ង់​ទីន​នៅតែ​សង្ឃឹមថា M10 នឹងចូលរួម​ទាត់​នៅ World Cup 2026 ក្នុង​វ័យ 39 ឆ្នាំ។

    «Messi គឺជា​កីឡាករ​បាល់ទាត់​ឆ្នើម​បំផុត​នៅ​គ្រប់​សម័យកាល​។ គាត់​មាន​ជំនាញ​ពិសេស​ដែល​កីឡាករ​ដទៃទៀត​ពុំមាន។ នឹង​មិនមាន​កីឡាករ​ណា​ដូច Messi ក្នុង​អនាគត។ ពួកយើង​នឹង​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក​នៅ Copa America នៅ​ឆ្នាំក្រោយ ហើយក៏​សង្ឃឹមថានឹង​បាន​ទាំង World Cup 2026» Martinez និយាយ​ដូច្នេះ។

    យោងតាម Whoscored សមិទ្ធផល​ជា​បុគ្គល​របស់ Messi តែងតែ​លេចធ្លោ។ គាត់​បាន​លេង​ចំនួន 332 ប្រកួត​នៅ​ពានរង្វាន់​ចំនួន​ប្រាំ​នៅ​អឺរ៉ុប ក្នុងអំឡុង 10 ឆ្នាំ​កន្លង ក្នុងនោះ M10 ទទួលបាន​ពានរង្វាន់​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ការប្រកួត​ចំនួន 169 លើក។ អ្នក​ឈរ​លំដាប់​ទី​ពីរ​គឺ Cristiano Ronaldo ដោយ​ទទួលបាន 80 លើក។

    ក្នុង​អាជីព Messi ​ចូលរួម​លេង​បាន 1,028 ប្រកួត រកបាន 807 គ្រាប់ និង​បង្កើត​ឱកាស​បាន 357 គ្រាប់។ ជា​មធ្យម​ក្នុង​មួយ​ប្រកួត Messi រកបាន ឬ​បង្កើត​ឱកាស​បាន 1.13 គ្រាប់។ M10 នៅមាន​កំណត់ត្រា​មួយចំនួន​កំពុង​រង់ចាំ​គាត់​បំបែក ក្នុងនោះ​មានដូចជា ចំនួន​គ្រាប់​បាល់​ឈ្នះ​សរុប និង​គ្រាប់​បាល់​ដែល​រកបាន​ជូន​ជាតិ។ Ronaldo កំពុង​កាន់កាប់​កំណត់ត្រា​ទាំងពីរ​នេះ ដោយ​រកបាន 838 គ្រាប់​ក្នុង​អាជីព និង 123 គ្រាប់​សម្រាប់​ព័រទុយហ្កាល់។

    បច្ចុប្បន្ន Messi កំពុង​ជា​សមាជិក​របស់​ក្លឹប​បាល់ទាត់​អាម៉េរិក Inter Miami បន្ទាប់ពី​សម្រេច​ចិត្ត​មក​ទាត់​ក្នុង​ទម្រង់​សេរី។ Messi នឹងមាន​ការប្រកួត​ដំបូង​ឱ្យ​ក្លឹប​នេះ​នៅ​ពាក់កណ្ដាល​ខែកក្កដា 2023៕

  • ដែន​ដី​ដែល​មាន​ស្រីស្អាត​ច្រើន​ជាង​គេ​នៅ​​ប្រទេស​ចិន​

    ដែន​ដី​ដែល​មាន​ស្រីស្អាត​ច្រើន​ជាង​គេ​នៅ​​ប្រទេស​ចិន​

    ស៊ីនជាំង ត្រូវ​បាន​ចាត់ទុក​ថា​ជា​ដែនដី​ដែល​សម្បូរ​ស្រី​ស្អាត​បំផុត​នៅ​ប្រទេស​ចិន​ ព្រោះ​តែភូមិសាស្ត្រ​ពិសេស​ ទើប​ប្រជាជន​នៅ​ទី​នោះ​មាន​សម្រស់​ស្រស់ស្អាត​បែប​​ចម្រុះ​​ជាតិ​សាសន៍​។

    ក្នុង​ចំណោម​មនុស្ស​ម្នា ស្ត្រី​នៅ​តំបន់​ស៊ីជាំង​លេច​ធ្លោ​ជាង​គេ​ដោយ​សារ​តែ​រូប​រាង​ និ​ងសម្រស់​​ដ៏​ស្រស់​ស្អាត​។ ហេតុ​អ្វី​ប្រទេស​ចិន​ធំ​យ៉ាង​នេះ​ ប៉ុន្តែ​ស៊ីនជាំង​បែរ​ជា​មាន​ស្រី​ស្អាត​ច្រើន​ជា​ង​គេ​ទៅវិញ?

    ស៊ីនជាំង​ស្ថិត​នៅ​លើ​តំបន់​ច្រក​ផ្លូវ​ទៅមក​រវាង​អាស៊ី និង​អឺរ៉ុប ជា​តំបន់​ប្រមូល​ផ្ដុំ និង​ទំនាក់​ទំនង​របស់​ជាតិ​សាសន៍​ជា​ច្រើន​។ ដូច្នេះ ហ្សែន​របស់​ស្ត្រី​នៅ​ស៊ីនជាំង​មាន​ផ្ទុក​ចំណុច​ពិសេស​នៃ​ជាតិ​សាសន៍​ជា​ច្រើន​។ ពួក​គេ​មាន​ច្រមុះ​ស្រួច ស្បែក​ស​ដូច​​ជនជាតិ​អឺរ៉ុប និង​មាន​ភ្នែក​ធំៗ រោម​ភ្នែក​វែង​ៗ​ដូច​ជន​ជាតិ​អារ៉ាប់ និង​មាន​សម្រស់​ស្រស់​សោភា​ដូច​ស្ត្រី​ឥណ្ឌា។

    ជាមធ្យម ភ្នែក​របស់​ស្ត្រី​នៅ​អាស៊ី​មាន​ប្រវែង 25.23 មម ប៉ុន្តែ​ស្ត្រី​នៅ​ស៊ីនជាំង​មាន​ភ្នែក​ប្រវែង 31.8 មម វែង​ជាង 6 មម។

    ក្ដោង​ច្រមុះ​របស់​ស្ត្រី​នៅ​ស៊ីនជាំង​ខ្ពស់​ 6 អង្សា ធៀប​នឹង​ស្ត្រីតំបន់​ដទៃ​របស់​​​អាស៊ី ដែល​នេះ​មាន​ន័យ​ថា ទោះ​ជា​ដេក​ផ្អៀង​យំ ក៏​ទឹក​ភ្នែក​មិន​អាច​ហូរ​ឆ្លង​ក្ដោង​ច្រមុះ​ទៅ​ម្ខាង​ទៀត​។

    ភាព​ខុស​គ្នា​រវាង​សីតុណ្ហ​ភាព​ពេល​យប់ និង​ពេល​ថ្ងៃ​នៅ​ស៊ីនជាំង​គឺ​មាន​ខ្ពស់​ខ្លាំង​ ធ្វើ​ឱ្យ​បន្លឺ​ផ្លែ​ឈើ​មួយ​ចំនួន​នៅ​តំបន់​នេះ​មាន​ជាតិស្ករ និង​ជីវជាតិ​ខ្ពស់​ជាង​តំបន់​ដទៃ​។ បន្លែ​ផ្លែ​ឈើ​សម្បូរ​វីតាមីន​គឺ​មាន​ប្រយោជន៍​ជួយ​ពន្យារ​ការ​វិវត្ត​ទៅ​រក​ភាព​ចាស់​របស់​ស្បែក​។ ក្រៅ​ពី​នេះ ស៊ីនជាំង​ក៏​ជា​តំបន់​ដែល​មាន​ដាំ​ផ្លែ​ឈើ​ល្បី​ៗដែល​ផ្អែម​ ឈ្ងុយ​ឆ្ងាញ់​ជាប់​ចិត្ត​។ ការ​បរិភោគ​ផ្លែ​ឈើ​ទាំង​នេះបាន​​ជួយ​ឱ្យស្ត្រី​នៅ​ស៊ីនជាំង​ស្រស់​ស្អាត​ និង​ក្មេង​ជាង​វ័យ​។

    ស៊ីនជាំង​ក៏​ជា​តំបន់​ល្បី​ល្បាញ​ខាង​រាំ​តាំង​ពី​សម័យ​បុរាណ​។ ការ​រាំ​ជួយ​ឱ្យ​ស្ត្រី​នៅ​ទី​នេះ​មាន​រាង​កាយ​មាំមួន សុខភាព​ល្អ រូប​សម្រស់​ស្រស់​ស្អាត៕

  • អភិបាលក្រុង​នៅ​ប្រទេស​ម៉ិ​ក​ស៊ី​ក រៀបការ​ជាមួយ​សត្វ​ក្រពើ

    អភិបាលក្រុង​នៅ​ប្រទេស​ម៉ិ​ក​ស៊ី​ក រៀបការ​ជាមួយ​សត្វ​ក្រពើ

    អភិបាលក្រុងនៅ​ទីរួម​ស្រុក San Pedro Huamelula ថើប​សត្វ​ក្រពើ​នៅក្នុង​ពិធី​ប្រពៃណី​មួយ​ដើម្បី​សួង​បួង​សូម​សេចក្ដីសុខ ​របស់​ប្រជាជន​ក្នុង​តំបន់។

    លោក Victor Hugo Sosa អភិបាលទីរួម​ស្រុក San Pedro Huamelula ដែល​មាន​ទី​តាំង​នៅក្បែរ​ឆ្នេរសមុទ្រ​ប៉ាស៊ីហ្វិក ក្នុង​រដ្ឋ Oaxaca កាលពី​ថ្ងៃទី 30 មិថុនា 2023 បានរៀបចំ​ពិធី​រៀបការ​ជាមួយ​កូនក្រមុំ​ជាស​ត្វ​ក្រពើ។

    លោក Sosa បាន​ថើប​សត្វ​ក្រពើ​តូច​មួយ​ក្បាល​ដែល​កំពុង​ត្រូវ​ចង​មាត់។ ពិធី​ដែលមាន​តាំងពី​រាប់​សតវត្សរ៍​មកហើយ​នៅក្នុង​សហគមន៍​ជនជាតិដើម Chontal និង Huave ក្នុង​រដ្ឋ Oaxaca នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​បំណង​បួងសួង​សូម​សេចក្ដីសុខ។ «យើង​បួងសួង​សូម​ឱ្យមាន​ទឹកភ្លៀង​គ្រប់គ្រាន់ មាន​អាហារ​គ្រប់គ្រាន់ និង​មាន​ត្រី​ច្រើន​នៅក្នុង​ទន្លេ» លោក Sosa និយាយ​ដូច្នេះ។

    Oaxaca ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ម៉ិ​ក​ស៊ី​ក ជា​តំបន់​ក្រីក្រ និង​ជាទី​រស់នៅ​របស់​ជនជាតិ​ដើម​ជាច្រើន​ក្រុម ដែល​នៅ​រក្សា​ទំនៀមទម្លាប់​បុរាណ និង​ភាសា​ផ្ទាល់​ខ្លួន​។ ក្នុង​ពិធី​រៀបការ​ខាងលើ កូនក្រមុំ​ជាស​ត្វ​ក្រពើ​អាយុ 7 ឆ្នាំ ស្លៀក​​​រ៉ូ​ប​ពណ៌​ស និងពាក់​កម្រង​​ផ្កា​ដ៏​ស្រស់ស្អាត​ផងដែរ។

  • ក្រុមហ៊ុន​មួយ​ចំណាយ 138 លាន​ដុល្លារ​អាម៉េរិក ដើម្បី​លើកទឹកចិត្ត​បុគ្គលិក​ឱ្យ​បង្កើតកូន

    ក្រុមហ៊ុន​មួយ​ចំណាយ 138 លាន​ដុល្លារ​អាម៉េរិក ដើម្បី​លើកទឹកចិត្ត​បុគ្គលិក​ឱ្យ​បង្កើតកូន

    ក្រុមហ៊ុន​ទេសចរណ៍​ធំ​មួយ​នៅ​ប្រទេស​ចិន បញ្ចេញ​កញ្ចប់​ជំនួយ​សម្រាប់​ការថែទាំ​ក្មេង​តម្លៃ 138 លាន​ដុល្លារ​​អាម៉េរិក ដើម្បី​លើកទឹកចិត្ត​ដល់​បុគ្គលិក 32,000 នាក់ ក្នុងការ​បង្កើតកូន។

    បុគ្គលិក​ធ្វើការ​នៅ Trip.com ដែលជា​ក្រុមហ៊ុន​ទេសចរណ៍​ធំជាងគេ​មួយ​របស់​ពិភពលោក នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ 1,376 ដុល្លារ​អាម៉េរិក​ក្នុង​មួយឆ្នាំ រយៈពេល​ប្រាំ​ឆ្នាំ សម្រាប់​ទារក​ម្នាក់។ គោលការណ៍​​នេះ​មាន​សុពលភាព​ចាប់ពី​ថ្ងៃនេះ (01) កក្កដា 2023។

    «តាមរយៈ​កញ្ចប់​អត្ថប្រយោជន៍​ស្ដីពី​ការថែទាំ​ក្មេង​ថ្មី​នេះ យើង​មានបំណង​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​លើកទឹកចិត្ត​ដល់​បុគ្គលិក​ឱ្យ​ចាប់ផ្ដើម ឬ​ពង្រីកទំហំ​​គ្រួសារ​ដោយ​មិន​បង្ក​ផលប៉ះពាល់​ដល់​គោលដៅ និង​សមិទ្ធផល​ការងារ» លោក James Liang ប្រធាន​ក្រុមហ៊ុន Trip.com កាលពី​ថ្ងៃទី 30 កក្កដា 2023 ឱ្យដឹង​ដូច្នេះ។

    គោលការណ៍​ខាងលើនេះ​អនុវត្ត​ចំពោះ​បុគ្គលិក​ពេញសិទ្ធិ​ដែល​ធ្វើការ​យ៉ាងតិច​បី​ឆ្នាំ មិន​កំណត់​ភេទ តំណែង ឬ​ទីតាំង​ធ្វើការ។ ក្រុមហ៊ុន Trip.com បច្ចុប្បន្ន​មាន​បុគ្គលិក​សរុប​ប្រហែល 32,000 នាក់។

    គោលការណ៍​របស់ Trip.com ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ទីក្រុង​ប៉េកាំង បាន​លុបចោល​គោលនយោបាយ​កូន​មួយ​ដែល​អូសបន្លាយ​ពេល​រាប់​ទសវត្សរ៍ កាលពី​ឆ្នាំ 2015 ដោយ​អនុញ្ញាតឱ្យ​ប្ដី​ប្រពន្ធ​មួយគូ​មានកូន​ពីរ​នាក់​។ ការអនុញ្ញាតរបស់​​រដ្ឋាភិបាល​ចិន​ ក៏​ធ្វើឡើង​ដើម្បី​ដោះស្រាយ​វិបត្តិ​ដែល​ទាក់ទង​នឹង​បញ្ហាធ្លាក់​ចុះ​នៃ​​ចំនួន​ប្រជាជន​​ ដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ចប្រទេស​នេះ​៕

  • អាម៉េរិក​ផ្ដល់អាវុធ​​បន្ថែម​​តម្លៃ​រាប់រយ​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

    អាម៉េរិក​ផ្ដល់អាវុធ​​បន្ថែម​​តម្លៃ​រាប់រយ​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

    សហរដ្ឋ​អាម៉េរិក​ប្រកាស​អំពី​កញ្ចប់​ជំនួយ​សម្រាប់​អ៊ុយ​ក្រែ​ន តម្លៃ 500 លាន​ដុល្លារ ក្នុងនោះ​មាន​ទាំង​រថពាសដែក និង​គ្រាប់​សម្រាប់​ប្រព័ន្ធ​រ៉ុក្កែត HIMARS។

    មន្ទីរ​បញ្ច​កោណ កាលពី​ថ្ងៃទី 27 មិថុនា 2023 បានប្រកាស​អំពី​កញ្ចប់​ជំនួយ​យោធា​ថ្មី​តម្លៃ 500 លាន​ដុល្លារ​សម្រាប់​អ៊ុយ​ក្រែ​ន។ កញ្ចប់​ជំនួយ​នេះ​រួមមាន រថក្រោះ Bradley 30 គ្រឿង, រថពាសដែក​ដឹក​ទាហាន Stryker 25 គ្រឿង និង​គ្រាប់​រ៉ុក្កែត​សម្រាប់​ប្រព័ន្ធ HIMARS, ប្រព័ន្ធ​ការពារ​ដែនអាកាស Patriot រួម​នឹង​អាវុធ​ធុន​ស្រាល និង​គ្រាប់បែក​ផងដែរ។

    យោងតាម​មន្ទីរ​បញ្ច​កោណ កញ្ចប់​ជំនួយ​ថ្មី​នេះ​នឹង​រួមចំណែក​ជួយ​ដល់ទី​ក្រុង​កៀវ​ក្នុង​យុទ្ធនាការ​វាយបក បង្កើន​កម្លាំង​ការពារ​ដែនអាកាស ការពារ​ប្រជាជន និង​រុញច្រាន​កងទ័ព​រុស្ស៊ី។

    រថក្រោះ Bradley

    នេះ​គឺជា​កញ្ចប់​ជំនួយ​ទី 41 ដែល​សហរដ្ឋ​អាម៉េរិក​បានផ្ដល់​ឱ្យ​អ៊ុយ​ក្រែ​ន ទៅតាម​សិទ្ធិ​សម្របសម្រួល​កម្លាំង​ប្រធានាធិបតី (PDA) ដែលជា​ច្បាប់​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​ផ្ដល់​កម្លាំងយោធា​ដល់​ដៃគូ​សហការ​ក្នុង​ស្ថានការណ៍​អាសន្ន ដោយ​មិនចាំបាច់​មានការ​អនុញ្ញាត​ពីស​ភា។

    រាប់​ចាប់តាំងពី​ពេល​រុស្ស៊ី​បើក​យុទ្ធនាការ​យោធា​នៅ​អ៊ុយ​ក្រែ​ន​កាលពី​ខែកុម្ភៈ 2022 មក​ដល់​បច្ចុប្បន្ន​ សហរដ្ឋ​អាម៉េរិក​បានផ្ដល់​ជំនួយ​ផ្នែក​យោធា​ជាង 40 ពាន់​លាន​ដុល្លារ​អាម៉េរិក​ដល់ទី​ក្រុង​កៀវ៕

  • បណ្ដុំ​រោងចក្រ​សូ​ឡា-វា​រី​អគ្គិសនី​ធំជាងគេ​លើ​លោក ចាប់ផ្ដើម​ដំណើរការ​ក្នុងដំណាក់កាល​ថ្មី

    បណ្ដុំ​រោងចក្រ​សូ​ឡា-វា​រី​អគ្គិសនី​ធំជាងគេ​លើ​លោក ចាប់ផ្ដើម​ដំណើរការ​ក្នុងដំណាក់កាល​ថ្មី

    រោងចក្រ​ផលិត​អគ្គិសនី​ដោយ​ថាមពលព្រះអាទិត្យ Kela នៅក្នុង​ខេត្ត Sichuan ប្រទេស​ចិន​បានចាប់ផ្ដើម​ដំណើរការ​កាលពី​ថ្ងៃទី 25 មិថុនា 2023 ជួយ​ឱ្យបំពេញ​បណ្ដុំ​រោងចក្រ​សូ​ឡា-វា​រី​អគ្គិសនី​ធំជាងគេ​លើ​លោក។

    រោងចក្រ​ផលិត​អគ្គិសនី​ដោយ​ផ្ទាំង​សូ​ឡា Kela ខាងលើនេះ ត្រូវបាន​សាងសង់​នៅលើ​កម្ពស់ 4,600 ម៉ែត្រ ធៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ នៅ​តំបន់​ស្វយ័ត​ទី​បេ Garzê ក្នុង​ខេត្ត Sichuan ប្រទេស​ចិន។ ដំណាក់កាល​ដំបូង​របស់​រោងចក្រ​នេះ មាន​កម្លាំង 1 លាន​គីឡូវ៉ាត់។

    ដោយមាន​ផ្ទៃក្រឡា​ប្រហែល 16 គីឡូម៉ែត្រ​កា​រ៉ា រោងចក្រ​រោងចក្រ Kela នឹង​ផលិត​អគ្គិសនី​បាន​ប្រហែល 2 ពាន់​លាន​គីឡូវ៉ាត់​ជា​រៀងរាល់ឆ្នាំ អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ប្រជាជន​ប្រហែល 700 គ្រួសារ។

    រោងចក្រវារីអគ្គិសនី Lianghekou នៅលើទន្លេ Yalong Jiang

    ដោយសារតែ​អគ្គិសនី​ផលិត​ដោយ​រោងចក្រ Kela នឹងត្រូវ​ត​ភ្ជាប់​ជាមួយនឹង​រោងចក្រ​វា​រី​អគ្គិសនី Lianghekou នៅលើ​ទន្លេ Yalong Jiang ដែល​ដាក់ឱ្យ​ដំណើរការ​កាលពី​ខែមីនា 2023 បរិមាណ​អគ្គិសនី​សរុប​របស់​បណ្ដុំ​រោងចក្រ​សូ​ឡា-វា​រី​អគ្គិសនី​នេះ​នឹង​ឡើងដល់ 3 លាន​គីឡូវ៉ាត់។

    ក្រោយពី​ដំណើរការ​ពេញលេញ បណ្ដុំ​រោងចក្រ​ខាងលើ​អាច​ផលិត​អគ្គិសនី​ប្រចាំឆ្នាំ​បាន​ប្រហែល 300 ពាន់​លាន​គីឡូវ៉ាត់ម៉ោង នឹង​អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ប្រជាជន 100 គ្រួសារ៕

  • ជនភៀស​ខ្លួន​​​មី​យ៉ាន់​ម៉ា​រាប់ពាន់នាក់​ឆ្លងដែន​ចូល​ទឹកដី​ថៃ

    ជនភៀស​ខ្លួន​​​មី​យ៉ាន់​ម៉ា​រាប់ពាន់នាក់​ឆ្លងដែន​ចូល​ទឹកដី​ថៃ

    ក្រុមមន្ត្រី​ថៃ​ឱ្យដឹងថា ជនជាតិ​មី​យ៉ាន់​ម៉ា​រាប់ពាន់នាក់​កំពុង​ជ្រកកោន​នៅក្នុង​បណ្ដា​ស្រុក​ជាប់​ព្រំដែន​នៃ​ខេត្ត Mae Hong Son ភាគ​ខាងជើង​ប្រទេស​ថៃ ដើម្បី​គេច​ពី​សង្គ្រាម​ស៊ីវិល​នៅ​មីយ៉ាន់ម៉ា។

    ការប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​រវាង​បណ្ដា​ក្រុម​ប្រដាប់អាវុធ និង​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា កើតឡើង​នៅតាម​បណ្ដោយ​​ព្រំដែន​ថៃ-មី​យ៉ាន់​ម៉ា ដែល​នៅជាប់​នឹង​ស្រុក Mae Sariang និង​ស្រុក Khun Yuam នៃ​​ខេត្ត Mae Hong Son របស់​ប្រទេស​ថៃ។ ចំនួន​ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា​ដែល​មក​ជ្រកកោន​នៅ​តំបន់​ខាងលើ​បាន​ឡើងដល់​ជិត 5,000 នាក់។

    រដ្ឋអំណាច​ក្នុង​ខេត្ត​ Mae Hong Son ​​កំពុង​សហការ​ជាមួយ​កាកបាទក្រហម​ថៃ និង​ប្រជាជន​ក្នុង​តំបន់ ធ្វើ​ការ​​រៃអង្គាស​អាហារ ទឹក និង​របស់​ប្រើប្រាស់​ចាំបាច់​ ដើម្បី​ផ្ដល់ឱ្យ​ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា​ជា​រៀងរាល់​សប្ដាហ៍ រហូតដល់​ការប្រយុទ្ធ​គ្នា​បានបញ្ចប់។

    ចំណែក​មជ្ឈមណ្ឌល​គ្រប់គ្រង​ព្រំដែន​ថៃ-មី​យ៉ាន់​ម៉ាវិញ ក៏​បានរៀបចំ​បណ្ដាញ​លូ និង​ការងារ​ពាក់ព័ន្ធ​នឹង​អនាម័យ ក៏ដូចជា​សន្តិសុខ​នៅតាម​ជំរំ​ជនភៀសខ្លួន និង​នៅតាម​បន្ទាត់​ព្រំដែនសំខាន់ៗរបស់​ប្រទេស​ទាំងពីរ។

    ច្រកព្រំដែនថៃ-មីយ៉ាន់ម៉ាជាប់នឹងខេត្ត Mae Hong Son របស់ប្រទេសថៃ
    ក្រុម​ទាហាន​ជន​ជាតិ​ការ៉ែននៅ​ប្រទេស​មីយ៉ាន់ម៉ា
  • ចង្រិត​ក្រហមកំពុង​បំភ័យ​ប្រជាជន​នៅ​​ទីក្រុង​របស់​សហរដ្ឋ​អាម៉េរិក​

    ចង្រិត​ក្រហមកំពុង​បំភ័យ​ប្រជាជន​នៅ​​ទីក្រុង​របស់​សហរដ្ឋ​អាម៉េរិក​

    ចង្រិត Mormon ដែល​ស៊ីសាច់​គ្នាឯង​ កំពុង «សម្រុក» ចូល​ទីក្រុង Elko របស់​រដ្ឋ Nevada ក្នុង​ទ្រង់ទ្រាយ​ធំ បាន និង​កំពុង​ពង្រាយ​ខ្លួន​ពេញ​ដងផ្លូវ​ល្បឿន​លឿន វាលស្មៅ និង «ឡោមព័ទ្ធ» ទីលំនៅ​របស់​ប្រជាជន។

    ទីក្រុង Elko របស់​រដ្ឋ Nevada ប្រឈមមុខ​នឹង​ទិដ្ឋភាព​ដូច​ទៅនឹង​ភាពយន្ត​រន្ធត់ នៅពេល​ហ្វូង​ចង្រិត​ក្រហម​ដូច​ឈាម​កំពុង​ចូលមក​កាន់កាប់​ស្ទើរ​គ្រប់​ច្រកល្ហក។ ចង្រិត Mormon មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ដោយផ្ទាល់ ប៉ុន្តែ​វត្តមាន​របស់​ពួកវា​ធ្វើឱ្យ​ប្រជាជនមាន​ការព្រួយបារម្ភ។ នេះ​បើតាម Interesting Engineering ចុះផ្សាយ​នៅ​ថ្ងៃទី 26 មិថុនា​នេះ។

    ចង្រិត Mormon មានឈ្មោះ​ក្នុង​វិទ្យាសាស្ត្រ​ថា Anabrus simplex។ វា​គឺជា​សត្វល្អិត​គ្មាន​ស្លាប​ដែលមាន​ប្រភព​នៅ​ពាក់កណ្ដាល​ភាគ​ខាងជើង​របស់​អាម៉េរិក​ខាងជើង។

    ជាធម្មតា ក្នុង​មួយឆ្នាំ ចង្រិត​ញី​នឹង​បង្កើតកូន​បាន​មួយ​លើក។ ក្រោយមក ពួកវា​ប្រមូល​ផ្ដុំគ្នា ផ្លាស់​ទី និង​ស៊ី​ដំណាំ​នៅតាម​ផ្លូវ​ពេលធ្វើ​ដំណើរ។ ក៏ប៉ុន្តែ ឆ្នាំនេះ ពួកវា​នាំគ្នា​ចូលមកក្នុង​ទីប្រជុំជន និង​ទីក្រុង រួមមាន Elko ជាដើម បង្កឱ្យមាន​ការព្រួយបារម្ភ​ពី​ប្រជាជន។ ក្រុម​អ្នកជំនាញ​វាយតម្លៃថា ចង្រិត​រាប់លាន​ក្បាល​ចូលមក​កាន់​ទីក្រុង Elko នៅ​រដូវក្ដៅ​នេះ។

    បើទោះជា​មិន​គំរាមកំហែង​ដល់​មនុស្ស ប៉ុន្តែ​ចង្រិត Mormon មាន​ក្លិន​អាក្រក់ និង​ជា​សត្វល្អិត​ដែល​អាច​ស៊ីសាច់​គ្នាឯង។ នៅពេល​ចង្រិត​ណាមួយ​ត្រូវ​ឡាន​កិន ពួក​ដែល​នៅក្បែរនោះ​តែង​លោត​ចូលមក​ដណ្ដើម​គ្នា​ស៊ី បង្កើតបានជា​ទិដ្ឋភាព​មួយ​ដ៏​គួរឱ្យខ្លាច។

    វត្តមាន​ក្នុង​ទ្រង់ទ្រាយ​ធំ​របស់​ចង្រិត​នេះ នាំឱ្យ​ម​ន្ទីរ​ពេទ្យ និង​កន្លែង​អាជីវកម្ម​នានា​ត្រូវបញ្ជូន​មនុស្ស​ទៅ​ចាត់ការ បើ​ទោះ​មិនសូវ​ទទួលបាន​លទ្ធផល​ល្អ៕