Tag: នាវិក

  • ឆេះ​កប៉ាល់​ដឹក​រថយន្ត 3,000 គ្រឿង នៅលើ​សមុទ្រ​ហូ​ឡង់

    ឆេះ​កប៉ាល់​ដឹក​រថយន្ត 3,000 គ្រឿង នៅលើ​សមុទ្រ​ហូ​ឡង់

    កប៉ាល់​ដឹក​រថយន្ត 3,000 គ្រឿង បាន​ឆាបឆេះ​នៅលើ​ផ្ទៃសមុទ្រ បណ្ដាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ច្រើន​នាក់​ត្រូវ​បង្ខំចិត្ត​លោត​ចូល​សមុទ្រ។

    កាលពី​ថ្ងៃទី 26 កក្កដា កប៉ាល់ Fremantle Highway ដែលមាន​បណ្ដោយ 199 ម៉ែត្រ កើតមាន​អគ្គិភ័យ​ពេល ស្ថិតក្នុង​តំបន់​ដែលមាន​ចម្ងាយ​ប្រហែល 27 គីឡូម៉ែត្រ​ពី​កោះ Ameland របស់​ប្រទេស​ហូ​ឡង់ គ្រា​ដែល​កំពុងធ្វើដំណើរ​ពី​ប្រទេស​អាល្លឺម៉ង់ ឆ្ពោះទៅកាន់​ប្រទេស​អេ​ហ្ស៊ី​ប។

    ប៉ូលិស​ល្បាត​សមុទ្រ​របស់​ហូ​ឡង់ បានឱ្យដឹងថា ក្រុម​កប៉ាល់​សង្គ្រោះបាន​បាញ់​ទឹក​ទៅកាន់​កប៉ាល់ Fremantle Highway ដើម្បី​ពន្លត់ភ្លើង ប៉ុន្តែ​មិនអាច​ប្រើប្រាស់​ទឹក​ច្រើន ព្រោះ​អាចធ្វើឱ្យ​កប៉ាល់​លិច។ កប៉ាល់​នេះ​ត្រូវបាន​ទាញ​ចេញពី​ផ្លូវទឹក​ដែលមាន​ចរាចរណ៍​មមាញឹក។

    នៅលើ​កប៉ាល់​ដឹក​ឡាន 3,000 គ្រឿង​នេះ មាន​នាវិក 23 នាក់ ក្នុងនោះ​មាន​ម្នាក់​បាន​ស្លាប់ និង 7 នាក់​ត្រូវ​លោត​ចូល​សមុទ្រ ខណៈដែល​នាវិក​ក្រៅពីនេះ​ត្រូវបាន​សង្គ្រោះ​ដោយ​ឧទ្ធម្ភាគចក្រ។

    ក្រុមហ៊ុន​ជប៉ុន Shoei Kisen ដែលជា​អ្នកគ្រប់គ្រង​កប៉ាល់​ខាងលើ បានឱ្យដឹងថា ពួកគេ​កំពុងធ្វើការ​ជាមួយ​អាជ្ញាធរ​ហូ​ឡង់ ទាក់ទិន​នឹង​ហេតុការណ៍​អគ្គិភ័យ​នេះ។

    ប៉ូលិស​ហូ​ឡង់​និយាយថា មូលហេតុ​នៃ​អគ្គិភ័យ​មិនទាន់​ត្រូវបាន​រកឃើញ​នៅឡើយ។ ក៏ប៉ុន្តែ អ្នកនាំពាក្យ​ម្នាក់​របស់​កងកម្លាំង​នេះ មុន​នោះបាន​បង្ហើប​ឱ្យដឹងថា អណ្ដាតភ្លើង​បានចាប់ផ្ដើម​ពី​ទីតាំង​មួយ​នៅក្បែរ​រថយន្ត​អគ្គិសនី។

  • Concept កំពូល​នាវា​ទេសចរណ៍​​ប្រើ​ប្រាស់​អ៊ីដ្រូសែន​ និង​មាន​ទីលាន​ចុះ​ចត​​ឧទ្ធម្ភាគចក្រ​ចំនួន​ពីរ

    Concept កំពូល​នាវា​ទេសចរណ៍​​ប្រើ​ប្រាស់​អ៊ីដ្រូសែន​ និង​មាន​ទីលាន​ចុះ​ចត​​ឧទ្ធម្ភាគចក្រ​ចំនួន​ពីរ

    អ្នក​រចនា​នាវា​ទេសចរណ៍​ជនជាតិ​អ៊ីតាលី​ Marco Ferrari បាន​បង្ហើប​ឱ្យ​ដឹង​អំពី concept កំពូល​នាវា​ទេសចរណ៍​ដែល​ដំណើរ​ការ​ដោយ​អ៊ីដ្រូសែន​ ឈ្មោះ Project Neptune ដែល​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​បំភាយ​ឧស្ម័ន​ពុល​។

    ដោយ​មាន​បណ្ដោយ​ប្រវែង​ 137.3 ម៉ែត្រ និង​ទម្ងន់​ប្រហែល 5,000 តោន​ Project Neptune គឺជា​នាវាទេសចរណ៍​ខ្នាត​ធំ។ នេះ​បើ​តាម​ Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 26 មិថុនា​ 2023​។

    ផ្នែក​ខាង​ក្រៅ​របស់​នាវា​នេះ​ធ្វើ​ពី​អាលុយមីញ៉ូម​។ នាវា​នេះ​ក៏​មាន​អាង​ហែល​ទឹល​មួយ​នៅ​ផ្នែក​កន្ទុយ និង​នៅ​ជាន់​លើ​ផងដែរ​។ ជាង​នេះ​ វា​ក៏​មាន​​កន្លែង​ចុះចត​​ចំនួន​ពីរ​សម្រាប់​ឧទ្ធម្ភាគ​ចក្រ​ទៀត​ផង​។

    Project Neptune មាន​បន្ទប់​ចំនួន​បួន​ដែល​មាន​យ៉​រៀង​ៗ​ខ្លួន​នៅ​ជាន់​ទាប​ៗ និង​បន្ទប់​ប្រភេទ​ប្រណិត​ចំនួន​ 6 ដែល​អាច​ដាក់​មនុស្ស​សរុប​ 22 នាក់​។ ក្រុម​នាវិក​លើ​នាវា​នេះ​នឹង​មាន​​ 50 នាក់ ក្នុង​នោះ​មាន​ទាំង​វេជ្ជបណ្ឌិត​ និង​ជំនួយ​ការពេទ្យ​​ម្នាក់​ផងដែរ​។ ក្រៅ​ពី​នេះ នាវា Project Neptune ក៏​មាន​មធ្យោបាយធ្វើ​ដំណើរ​អម​ មាន​ដូច​ជា ម៉ូតូ​ទឹក ទូក​កាយ៉ាក និង​ឧបករណ៍​មុជ​ទឹក​។ល។

    អ្វីដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាងនេះ​គឺ​ថា នាវា​ទេសចរណ៍ Project Neptune នឹង​ដំណើរ​ការ​ដោយ​ថាមពល​អ៊ីដ្រូសែន មិន​បំភាយ​ឧស្ម័ន​ពុល​៕

  • James Cameron ថា គ្រោះថ្នាក់​របស់ Titan ស្រដៀង​នឹង Titanic

    James Cameron ថា គ្រោះថ្នាក់​របស់ Titan ស្រដៀង​នឹង Titanic

    លោក James Cameron និយាយថា គ្រោះថ្នាក់​នាវាមុជទឹក Titan មាន​ចំណុច​ស្រដៀង​ទៅនឹង​ហេតុការណ៍​លិច​កប៉ាល់ Titanic កាលពី​ជាង 100 ឆ្នាំមុន នៅពេល​ករណី​ទាំងពីរ​នេះ​សុទ្ធតែ​ត្រូវបាន​ព្រមាន​ជាមុន។

    អ្នកដឹកនាំ​រឿង Titanic លោក Cameron បាន​និយាយ​ដូចខាងលើ​នៅលើ​ទំព័រ ABC នា​ថ្ងៃទី 23 មិថុនា ក្រោយពី​មន្ត្រី​អាម៉េរិក​បញ្ជាក់ថា នាវាមុជទឹក Titan បាន​បែកបាក់​ជា​បំណែក​ បណ្ដាលឱ្យ​មនុស្ស​ប្រាំ​នាក់​បាត់បង់​ជីវិត​។

    លោក Cameron ដែល​ធ្លាប់​ចុះទៅ​បាត​មហាសមុទ្រ​ចំនួន 33 លើក ដើម្បី​ស្វែងយល់​ពី​សាកសព​កប៉ាល់ Titanic បានឱ្យដឹងថា លោក​ដឹង​ច្បាស់​អំពី​ទីតាំង តំបន់​សមុទ្រ​នេះ។ លោក​ក៏​ជា​អ្នក​ដែល​បាន​ចូលរួម​តាមដាន​ការអភិវឌ្ឍ​នាវាមុជទឹក​ផងដែរ។

    ហេតុការណ៍​រន្ធត់​បាន​កើតឡើង​នៅក្នុង​ទីតាំង​តែមួយ បន្ទាប់ពី​ការព្រមាន​អំពី​សុវត្ថិភាព​ត្រូវបាន​គេ​រំលង​ចោល​។ «ខ្ញុំ​រន្ធត់​នឹង​រឿងនេះ​ណាស់» លោក Cameron ថ្លែង​ដូច្នេះ។

    អ្នក​ដឹក​រឿង​របស់​ភាព​យន្ត Titanic និយាយថា កន្លងមក សហគមន៍​អ្នក​ចូលចិត្ត​មុជទឹក​សមុទ្រ​បាន​សម្ដែង​ការព្រួយបារម្ភ​អំពី​បញ្ហា​សុវត្ថិភាព​របស់​បណ្ដា​នាវាមុជទឹក​ដូច Titan។ អ្នកខ្លះ​ថែមទាំង​បាន​សរសេរ​សំបុត្រ​ផ្ញើជូន​ក្រុមហ៊ុន OceanGate ដែលជា​ម្ចាស់​នាវា Titan ដើម្បី​ប្រាប់ថា អ្វីដែល​ក្រុមហ៊ុន​នេះ​កំពុង​ធ្វើ​គឺ​ពិត​ជាការ​ផ្សងព្រេង​ខ្លាំងណាស់។

    លោក Cameron ភ្ញាក់ផ្អើលខ្លាំង​​ចំពោះ​ភាពស្រដៀងគ្នា​រវាង​គ្រោះថ្នាក់​របស់ Titan និង Titanic។ ឆ្នាំ 1912 ប្រធាន​ក្រុម​នាវិក​របស់​កប៉ាល់ Titanic បាន​ព្រមាន​ជា​បន្តបន្ទាប់​អំពី​ភ្នំ​ទឹកកក​នៅខាងមុខ​ក្នុងពេល​ធ្វើដំណើរ។ ប៉ុន្តែ នៅក្នុង​យប់​ងងឹត កប៉ាល់​នេះ​នៅតែ​ឆ្ពោះទៅមុខ​យ៉ាង​លឿន ធ្វើឱ្យ​វា​ត្រូវ​បុក​នឹង​ភ្នំ​ទឹកកក បណ្ដាលឱ្យ​លិច ហើយ​មនុស្ស​រាប់ពាន់នាក់​ត្រូវ​បាត់បង់​ជីវិត។

    សមត្ថកិច្ច​អាម៉េរិក កាលពី​ថ្ងៃទី 18 មិថុនា បានទទួល​ដំណឹង​ថា Titan ដែលជា​នាវាមុជទឹក​មួ​យ​គ្រឿងក្នុង​ចំណោម​បី​គ្រឿង​របស់​ក្រុមហ៊ុន OceanGate Expeditions បាន​បាត់​ខ្លួន​នៅក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក នៅ​ថ្ងៃទី 18 មិថុនា ពេល​កំពុងធ្វើដំណើរ​ទេស​ចរណ៍​នៅឯ​តំបន់​បាតសមុទ្រ​ដែលមាន​សាកសព​កប៉ាល់ Titanic។

    ក្រុមមនុស្ស​ក្នុង​នាវាមុជទឹក Titan រួមមាន មហាសេដ្ឋី​អង់គ្លេស Hamish Harding, អ្នកជំនាញ​បារាំង Paul-Henry Nargeolet, ស្ថាបនិក​របស់ OceanGate Expeditions លោក Stockton Rush, អ្នកជំនួញ​ប៉ា​គី​ស្ថាន Shahzada Dawood និង​កូនប្រុស Suleman ត្រូវបាន​មន្ត្រី​អាម៉េរិក​ប្រកាស​កាលពី​វេលា​ទៀប​ភ្លឹ​ថ្ងៃនេះ​ថា បាន​បាត់​បង់ជីវិត​ទាំង​អស់ ក្រោយពី​រកឃើញ​បំណែក​នានា​របស់ Titan៕

  • នាវា​អគ្គិសនី​បំពាក់​ក្ដោង​សូ​ឡា​ខ្នាត​ធំ អាច​ដឹក​អ្នកដំណើរ​បាន 500 នាក់

    នាវា​អគ្គិសនី​បំពាក់​ក្ដោង​សូ​ឡា​ខ្នាត​ធំ អាច​ដឹក​អ្នកដំណើរ​បាន 500 នាក់

    (ន័​រ​វែ​ស) – ក្រុមហ៊ុន Hurtigruten បង្ហាញ​នាវា​អគ្គិសនី​ដឹក​អ្នកដំណើរ​មាន​ក្ដោង​សូ​ឡា​ដែល​អាច​បង្រួម​បាន និង​គ្រោង​ដាក់​ដំណើរការ​នៅ​ឆ្នាំ 2030។

    ក្រុមហ៊ុន​ខាងលើ បច្ចុប្បន្ន​មាន​ក្រុម​នាវា​ចំនួន 8 គ្រឿង ក្នុងនោះ មួយគ្រឿងៗអាច​ដឹក​អ្នកដំណើរ​បាន 500 នាក់ ដែល​ផ្លាស់​ទី​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​ន័​រ​វែ​ស ចាប់ពី Oslo ដល់​តំបន់​ប៉ូល​ខាងជើង។

    គម្រោង​មាន​ឈ្មោះថា «Sea Zero» ដែល​ត្រូវ​បានប្រកាស​លើកដំបូង​កាលពី​ឆ្នាំ 2022 ត្រូវបាន​រំពឹងថា អាចរួមចំណែក​ក្នុងការ​បំផុសគំនិត និង​ជំរុញឱ្យមាន​យានយន្ត​មិន​បំ​ភាយ​ឧស្ម័ន​នៅក្នុង​វិស័យ​ដឹកជញ្ជូន​ផ្លូវទឹក​ទាំងមូល។

    នាវា​ដឹក​អ្នកដំណើរ​របស់ Hurtigruten នឹង​ដំណើរការ​ដោយ​ថ្ម 60 មេ​ហ្គា​វ៉ា​ត់ អាច​បញ្ចូល​ថាមពល​ស្អាត​នៅឯ​កំពង់ផែ ដោយសារ​ថាមពល​មិន​បំ​ភាយ​ឧស្ម័ន​នេះ​កំពុង​គ្របដណ្ដប់ 98% នៅក្នុង​បណ្ដាញ​អគ្គិសនី​របស់​ប្រទេស​ន័​រ​វែ​ស។

    ក្រុមហ៊ុន​ខាងលើ​ឱ្យដឹងថា ថ្ម​ផ្ទុក​អគ្គិសនី​របស់​នាវា​នេះ​អាចឱ្យ​ធ្វើដំណើរ​បាន​ពី 555 ដល់ 648 គីឡូម៉ែត្រ គ្រា​ដែល​ក្ដោង​របស់​វា​បំពាក់​ផ្ទាំង​សូ​ឡា​សរុប 1,500 ម៉ែត្រក្រឡា ក៏​អាចជួយ​បន្ថែម​អគ្គិសនី​បាន​ច្រើន​ដល់​នាវា។

    យោងតាម CNN នាវា​ដែល​នឹងមាន​កាប៊ីន​ចំនួន 270 អាចដាក់​អ្នកដំណើរ​បាន 500 នាក់ និង​ក្រុម​នាវិក 99 នាក់​មួយ​នេះ នឹងត្រូវ​បានចាប់ផ្ដើម​ការផលិត​នៅ​ឆ្នាំ 2027 ហើយ​គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​ពាណិជ្ជកម្ម​ចាប់ពី​ឆ្នាំ 2030៕

     

  • នាវាចម្បាំង​របស់​ឥណ្ឌូណេស៊ី ឆេះ​ពេល​កំពុង​ល្បាត​លើ​សមុទ្រ

    នាវាចម្បាំង​របស់​ឥណ្ឌូណេស៊ី ឆេះ​ពេល​កំពុង​ល្បាត​លើ​សមុទ្រ

    អណ្ដាតភ្លើង​ផ្ទុះឡើង​នៅលើ​នាវា KRI Teluk Hading-538 របស់​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី 03 មិន​ថុ​នា ប៉ុន្តែ​មូលហេតុ​មិនទាន់​ត្រូវបាន​បញ្ជាក់​នៅឡើយ។

    ប្រកាស​កាលពី​ថ្ងៃទី 04 មិថុនា​របស់​ទ័ពជើងទឹក​ឥណ្ឌូណេស៊ី បាន​បញ្ជាក់ថា​នាវាចម្បាំង KRI Teluk Hading-538 របស់​ពួកគេ​បាន​ជួប​គ្រោះ​អគ្គិភ័យ​កាលពី​វេលា​ម៉ោង​ប្រហែល 14 និង15 នាទី (ម៉ោង​ក្នុងស្រុក) ថ្ងៃទី 03 មិថុនា 2023 ក្នុង​ពេលធ្វើ​សកម្មភាព​ល្បាត​លើ​សមុទ្រ។ នាវិក​ទាំង 119 នាក់​លើ​នាវា​នេះ​សុទ្ធតែ​បាន​រួច​ផុតពី​គ្រោះថ្នាក់ ដោយ​ត្រូវបាន​នាំទៅ​កាន់​កប៉ាល់ TB Bahtera Zalfa ដែល​កំពុង​ផ្លាស់​ទី​ឆ្លងកាត់​តំបន់​កើតហេតុ។

    អគ្គិភ័យ​លើ​នាវា KRI Teluk Hading-538 នេះ កើតឡើង​នៅ​តំបន់​ដែលមាន​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ធៀប​នឹង​ឆកសមុទ្រ Selayar។

    ភ្លាមៗបន្ទាប់ពី​ហេតុការណ៍​កើតឡើង ទ័ពជើងទឹក​ឥណ្ឌូណេស៊ី​ក៏បាន​បញ្ជូន​កប៉ាល់ 5 គ្រឿង​ទៅ​ជួយ និង​បាន​អូស KRI Teluk Hading-538 ទៅកាន់​ទីតាំង​ជិត​បំផុត​ដើម្បី​ត្រួតពិនិត្យ។

    KRI Teluk Hading-538 ស្ថិតក្នុង​ថ្នាក់​នាវា​វាយ​ឡើង​ច្រាំង Frosch-I/Type 10 ធ្វើ​សកម្មភាព​តាំងពី​ឆ្នាំ 1978។

  • នាវិកជិត​700​នាក់​របស់​ក្រុម​នាវា​ផ្ទុក​យន្តហោះ​បារាំង បាន​ឆ្លង​COVID-19

    នាវិកជិត​700​នាក់​របស់​ក្រុម​នាវា​ផ្ទុក​យន្តហោះ​បារាំង បាន​ឆ្លង​COVID-19

    ក្រសួង​ការ​ពារ​ជាតិ​បារាំង​បាន​បញ្ជាក់​ថា នាវិក​ចំនួន​688​នាក់​នៅ​លើ​នាវា​ផ្ទុក​យន្តហោះ​ Charles de Gaulle និង​នាវា​ចម្បាំង​អមដំណើរ​1គ្រឿង​ទៀត បាន​ឆ្លង​វីរុស​COVID-19។

    “សមាជិក​ក្រុម​នាវិក​ទាំង​អស់​ដែល​បាន​ឆ្លង​វីរុស​នេះ គឺ​ស្មើ​នឹង​1/3​ នៃ​កងកម្លាំងសរុប​​ក្នុង​ក្រុម​ប្រយុទ្ធ​នៃ​នាវា​ផ្ទុក​យន្ត​ហោះ​ Charles de Gaulle។ នាវិក​31​នាក់​ ក្នុង​ចំណោម​នាវិក​ដែល​បាន​ឆ្លង​មេរោគ​នេះ ត្រូវ​បាន​បញ្ជូន​ចូល​មន្ទីរពេទ្យ​ ក្នុង​នោះ​ដែរ​ក៏មាន​ម្នាក់​កំពុង​ទទួល​ការ​ព្យាបាល​សកម្ម” នេះ​បើ​តាម​ក្រសួង​ការ​ពារ​ជាតិ​បារាំង​​។ អ្នកជំងឺ​ទាំង​នេះ​ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ Charles de Gaulle និង​នាវា​ចម្បាំង​1ក្នុង​ចំណោម​​នាវា​ចម្បាំង​2គ្រឿង​ដែល​អម​ការ​ពារ​នាវា​ផ្ទុក​យន្តហោះ​ Charles de Gaulle។

    ក្រសួង​ការ​ពារ​ជាតិ​បារាំង​ឱ្យ​ដឹង​ថា នាវិក​ចំនួន​1,767​នាក់​ ក្នុង​ចំណោម​នាវិក​ជាង​2,000​នាក់​ដែល​ស្ថិត​ក្នុង​​ក្រុម​ប្រយុទ្ធ​របស់​នាវា​ផ្ទុក​យន្ត​ហោះ Charles de Gaulle​ ត្រូវ​បាន​ធ្វើតេស្ត​រក​មេរោគ​រួចហើយ​។ នាវិក​530​នាក់ កំពុង​រង់​ចាំ​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​។

    Charles de Gaulle​ រួម​នឹង​នាវា​ចម្បាំង​2គ្រឿង​ទៀត ត្រូវ​បាន​បញ្ជា​ឱ្យ​ត្រឡប់​មក​កាន់​កំពង់ផែ​ឆាប់​ជាង​ផែន​ការ​ដែល​បាន​កំណត់​ចំនួន​10​ថ្ងៃ​ បន្ទាប់​ពី​មាន​នាវិក​ម្នាក់​មាន​រោគ​សញ្ញា​នៃ​​វីរុស​COVID-19។ កង​ទ័ព​ជើង​ទឹក​បារាំង​ បាន​ចាប់​ផ្ដើម​ធ្វើ​តេស្ត​រក​មេរោគ​ជូន​នាវិក​ទាំង​អស់​របស់​ក្រុម​នាវា​ខាងលើចាប់​ពី​ថ្ងៃទី​8មេសា​ ហើយ​បាន​រកឃើញ​​40​ករណី​ឆ្លង​មេរោគ​។ មក​ដល់​ថ្ងៃទី​12​មេសា​ តួលេខ​នេះ​បាន​កើន​ឡើង​ដល់​50​ករណី​ ក្នុង​ចំណោម​នាវិក​66​នាក់​ដែល​ត្រូវ​បាន​ពិនិត្យ​សុខ​ភាព​។

    នាវិកជិត​700​នាក់​របស់​ក្រុម​នាវា​ផ្ទុក​យន្តហោះ​បារាំង បាន​ឆ្លង​COVID-19នាវិក​ និង​អ្នក​បើក​បរ​យន្តហោះ​ទាំង​អស់​នៃ​ក្រុម​ប្រយុទ្ធ​របស់​នាវា​ផ្ទុក​យន្តហោះ​ Charles de Gaulle កំពុង​បង្ខាំង​ខ្លួន​ក្នុង​រយៈ​ពេល​14​ថ្ងៃ​។ ប្រភព​ចម្លង​នៃ​ករណី​នេះ​មិន​ទាន់​ត្រូវ​បាន​រក​ឃើញ​នៅ​ឡើយ​ ប៉ុន្តែ​ក្រុម​នាវា​ចម្បាំង​ខាង​លើ​នេះ​​កំពុង​ត្រូវ​បាន​បាញ់​ថ្នាំ​សម្លាប់​មេរោគ​។

    កង​ទ័ព​ជង​ទឹក​សហ​រដ្ឋ​អាមេរិកបាន​ឱ្យ​ដឹង​ថា នាវិក​2រូប​ក្នុង​ចំណោម​4រូប​នៃ​ប្រទេស​នេះ ដែល​ធ្លាប់​បាន​ធ្វើ​ការ​នៅ​លើ​នាវា​ Charles de Gaulle ក៏បាន​ឆ្លង​វីរុស។ ក្រុម​នាវិក​4រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ការ​លើ​នាវា​ Charles de Gaulle ទៅតាម​គម្រោង​ផ្លាស់​ប្ដូរ​ធនធាន​មនុស្ស​ រវាង​សហរដ្ឋ​អាមេរិក និង​បារាំង​។

    Charles de Gaulle គឺជា​នាវា​បញ្ជា​ការ​​របស់​កង​ទ័ព​ជើង​ទឹក​បារាំង​ និង​ជា​នាវា​ផ្ទុក​យន្តហោះ​ដើរ​ដោយ​ថាម​ពល​នុយក្លេអែរ​តែ​មួយ​គត់​នៅ​លើ​ពិភពលោក​ ដែល​មិន​មែនជា​កម្មសិទ្ធិ​របស់​សហរដ្ឋអាមេរិក​។ នាវា​នេះត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​លើ​មហា​សមុទ្រ​អាត្លង់ទិក​ ក្នុង​ក្របខណ្ឌ​សម​យុទ្ធ​របស់​ NATO បន្ទាប់​ពី​បាន​ចូល​រួម​ក្នុង​យុទ្ធ​នាការ​ Chammal ដែល​​ស្វែង​រក​​​ក្រុម​សំណល់​​នៃ​​អង្គ​ការ​​រដ្ឋ​ឥស្លាម (ISIS) នៅ​អ៊ីរ៉ាក់ និង​ស៊ីរី៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • COVID-19! នាវិក​ជាង​400​នាក់​របស់​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​អាមេរិកាំង​ បាន​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី

    COVID-19! នាវិក​ជាង​400​នាក់​របស់​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​អាមេរិកាំង​ បាន​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី

    ក្រុម​នាវិក​របស់​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង USS Theodore Roosevelt ចំនួន​416​នាក់​ វិជ្ជ​មាន​ជាមួយ​វីរុស​COVID-19 គឺ​ប្រមាណ​ជា​​ជាង​ពាក់​កណ្ដាល​នៃ​ករណី​ឆ្លង​វីរុស​សរុប​នៅ​ក្នុង​ជួរ​កង​ទ័ពជើង​ទឹក​សហ​រដ្ឋ​អាមេរិក​។

    កង​ទ័ព​ជើង​ទឹក​អាមេរិកាំង​ កាលពី​ថ្ងៃទី​8មេសា​ បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ជួរ​កង​ទ័ព​ជើងទឹក​​ទាំង​មូល​ មាន​អ្នក​ឆ្លង​វីរុស​COVID-19 យ៉ាង​តិច​714ករណី​។ ក្នុង​នោះ​ក្រុម​នាវិក​នៃ​នាវា​ផ្ទុក​យន្ត​ហោះ USS Theodore Roosevelt មាន​ចំនួន​ជាង​ពាក់​កណ្ដាល​ ពោល​គឺ​មាន416​ករណី។

    USS Theodore Roosevelt បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19 ដំបូង​ចំនួន​3ករណី​កាល​ពី​ថ្ងៃទី​25​មីនា​ នាំ​ឱ្យនាវា​នេះ​ត្រូវ​ផ្អាក​ដំណើរ​ការ​ និង​ចូល​ចត​ក្នុង​កំពង់​ផែ​ Guam ដើម្បី​ធ្វើ​តេស្ត​រក​មេរោគ​ទៅ​លើ​បុគ្គលិក​ជិត​5,000​នាក់​។

    អ្នក​នាំពាក្យ​មន្ទីរ​បញ្ច​កោណ​ Jonathan Hoffman កាល​ពី​សប្ដាហ៍​មុន​បាន​ឱ្យ​ដឹង​ថា បុគ្គលិក​ជាង​2,300​នាក់​ក្នុង​ចំណោម​2,700​នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​នាវា​ ហើយ​ពួក​គេ​ក៏​បាន​ឡើង​លើ​កោះ​ Guam។

    នាវា​ផ្ទុក​យន្តហោះ​អាមេរិកាំង​​ចំនួន​4​គ្រឿង រួម​មាន​ នាវា Nimitz នាវា Ronald Reagan នាវា Carl Vinson និងនាវា Theodore Roosevelt រួម​នឹង​នាវា​ចម្បាំង​មួយចំនួន​ទៀត​ សុទ្ធ​តែ​បាន​រាយ​ការណ៍​ថា មានករណីឆ្លង​វីរុស​COVID-19។

    មេបញ្ជា​ការ​របស់នាវា​ផ្ទុកយន្ត​ហោះ​ Theodore Roosevelt លោក Brett E. Crozier ធ្លាប់​បាន​សរសេរ​សំបុត្រ​សុំ​ជំនួយ និង​ស្នើ​ឱ្យ​ជម្លៀស​ក្រុម​នាវិក​ចំនួន​4,000​នាក់​ចេញ​ពី​នាវា​នេះ ប៉ុន្តែ​ លោក​ត្រូវ​បាន​គេ​ដក​ហូត​ចេញ​ពី​តំណែង​ ដោយ​ចោទ​ថា​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ័យស្លន់​ស្លោ​ដល់​ក្រុម​គ្រួ​សារ​របស់​ក្រុម​នាវិក​ទាំង​នោះ​។

    Covid-19 បាន​បង្ហាញ​ខ្លួន​ដំបូង​នៅ​ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ ឆ្នាំ​2019។ បច្ចុប្បន្ន វីរុស​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ ​91,828​នាក់​ និង​អ្នកជំងឺ​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​មាន​ចំនួន48,510​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​1,554,960​នាក់៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​