Tag: នវានុវត្តន៍

  • គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-ជប៉ុន ចាប់ផ្ដើម​ត្រូវ​បាន​ពិភាក្សា​

    គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-ជប៉ុន ចាប់ផ្ដើម​ត្រូវ​បាន​ពិភាក្សា​

    (ភ្នំពេញ) – នាព្រឹកថ្ងៃទី 12 កុម្ភៈនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទីមួយ​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបន្ទុកជាប្រធានក្រុមការងារគោលនយោបាយក្នុងការរៀបចំការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង-ស្ថាប័នប្រជុំពិភាក្សាលើការរៀបចំឯកសារទស្សនទាន ត្រៀមរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន។

    យោង​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ក្នុងកិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមអគ្គលេខាធិការគណៈកម្មការវិនិយោគនៃក.អ.ក. ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

    កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​អនុវត្តស្រមតាមគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីថ្ងៃទី 15-19 ខែធ្នូ ឆ្នាំ 2023 កន្លងទៅ។ ផែនការ​រៀប​ចំ​សម្រាប់​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​កម្ពុជា​-ជប៉ុន​ គឺជា​ការ​​ត្រៀម​ខ្លួន​ដើម្បី​​ទាក់​ទាញ​វិនិយោគិនជប៉ុន មក​បណ្ដាក់​ទុន​រកស៊ី​នៅ​កម្ពុជា ឱ្យ​បាន​ច្រើន​ជាង​បច្ចុប្បន្ន​៕

  • ទំហំ​ពាណិជ្ជកម្ម​កម្ពុជា – វៀតណាម សម្រេច​បាន​ជិត 8 ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង 11 ខែ​ដំបូង​នៃ​ឆ្នាំ 2023

    ទំហំ​ពាណិជ្ជកម្ម​កម្ពុជា – វៀតណាម សម្រេច​បាន​ជិត 8 ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង 11 ខែ​ដំបូង​នៃ​ឆ្នាំ 2023

    នៅ​ក្នុង​ជំនួប​រវាង​ ក្រសួង​ឧស្សាហកម្ម​ ពាណិជ្ជកម្ម​វៀតណាម និង​ក្រសួង​ពាណិជ្ជកម្ម​ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ និង​​នវានុវត្តន៍ (វ.ប.ន) របស់​ កម្ពុជា ភាគី​ទាំង​ពីរ​បាន​ឯកភាព​នឹង​គ្នា​ថា ក្នុង​រយៈ​ពេល​កន្លង កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម ឧស្សាហកម្មទ្វេ​ភាគី រវាង​ កម្ពុជា និង​ វៀតណាម មាន​វឌ្ឍនភាព​គួរ​ឱ្យកត់​សម្គាល់​។

    នា​ថ្ងៃទី 12 ខែ​ធ្នូ ឆ្នាំ 2023 នៅ​ រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម លោក​ជំទាវ ចម​ និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ និង​ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ វ.ប.ន របស់ កម្ពុជា បាន​អញ្ជើញ​ចូល​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​នឹង​លោក​ ង្វៀន ហុងយាន រដ្ឋមន្តី​ក្រសួង​ឧស្សាហកម្ម ពាណិជ្ជកម្ម​វៀតណាម​ ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ ហ៊ុន ម៉ាណែត​​។

    នៅ​ក្នុង​ជំនួប​នេះ​ សមាស​ភាគី​ទាំង​ពីរ​បាន​ឯកភាព​នឹង​គ្នា​ថា ក្នុង​រយៈ​ពេល​កន្លង កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម ឧស្សាហកម្មទ្វេ​ភាគី រវាង​ កម្ពុជា និង​ វៀតណាម មាន​វឌ្ឍនភាព​គួរ​ឱ្យកត់​សម្គាល់​។ ក្រោយ​ពី​សម្រេច​បាន និង​ឆ្លង​ផុត​គោលដៅ 5 ពាន់​លាន​ដុល្លារ​អាម៉េរិក​កាល​ពី​ឆ្នាំ 2019 ទំហំ​ពាណិជ្ជកម្មកម្ពុជា – វៀតណាម ក៏​បន្ត​សម្រេច​បាន​ 9.54 ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ 2021 ដោយ​បាន​កើន​ 79.1% បើធៀប​នឹង​ឆ្នាំ 2020​។ ឆ្នាំ 2022 ទំហំ​ពាណិជ្ជកម្មនេះ​បាន​កើនជិត​ដល់ 11 ពាន់​លាន​ដុល្លារ​ ​កើន​ជិត 11% បើ​ធៀប​នឹង​ឆ្នាំ 2021។ នៅក្នុង​ឆ្នាំ 2022​ ការ​នាំ​ចេញ​របស់​កម្ពុជា​ ទៅ​កាន់​ទីផ្សារ​វៀតណាម សម្រេច​បាន 4.82 ពាន់​លាន​ដុល្លារ​ កើន​ 2.48% ខណៈ​ដែល​ការ​នាំ​ចេញ​​របស់​​​វៀតណាម មក​កាន់​កម្ពុជា សម្រេច​បាន​ 5.75 ពាន់​លាន​ដុល្លារ​ កើន​ 19% បើ​ធៀប​នឹង​ឆ្នាំ 2021​។

    លោក ង្វៀន ហុងយាន រដ្ឋមន្តីក្រសួងឧស្សាហកម្ម ពាណិជ្ជកម្មវៀតណាម (កណ្ដាល) ក្នុងជំនួបជាមួយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង វ.ប.ន របស់ កម្ពុជា

    នៅ​ក្នុង​រយៈ​ពេល​ 11 ខែ​ដំបូង​នៃ​ឆ្នាំ 2023 ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា – វៀតណាម សម្រេច​បាន​ជិត 8 ពាន់​លាន​ដុល្លារ​អាម៉េរិក​ បើ​ទោះជា​មាន​ការ​ថយ​ចុះ បើ​ធៀប​នឹង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ 2022​៕

  • អបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត Ford និងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះ Ambulance ជូនដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់

    អបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត Ford និងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះ Ambulance ជូនដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់

    [ភ្នំពេញ – ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៣] ក្រុមហ៊ុន RMA (Cambodia)​ PLC ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford ក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះចំនួន ២ គ្រឿង ជូនទៅដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ដែលកម្មវិធីនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គីសនីកម្ពុជា និងលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន RMA (Cambodia) PLC រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ២០០ នាក់។​ កម្មវិធីនេះបានប្រារព្ធឡើងនៅក្នុងបរិវេនរោងចក្រដំឡើងរថយន្ត Ford ក្នុងភូមិសារវ័ន ឃុំស្នាអន្សារ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ ។

    ក្នុងឱកាសនៃពីធីអបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត Ford និងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះ Ambulance ចំនួន ២​ គ្រឿង ជូនដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA (Cambodia)​ PLC បានមានប្រសាសន៍ថា៖​ “ យើងខ្ញុំមានមោទភាពជាពន់ពេកដែលទទួលបានសេចក្ដីទុកចិត្តពីក្រុមហ៊ុន FORD MOTOR COMPANY ក្នុងការដំឡើងរថយន្ត FORD RANGER និង FORD EVEREST ជំនាន់ថ្មីនៅ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្តង់ដាររបស់ក្រុមហ៊ុន FORD ។ យើងខ្ញុំជឿជាក់ថា ការបោះជំហានវិនិយោគក្នុងវិស័យយានយន្តរបស់ក្រុមហ៊ុនយើងខ្ញុំ ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យឧសហ្សាកម្មយានយន្តនៅកម្ពុជា និងជាសក្ខីភាពនៃទំនុកចិត្តលើកិច្ចខិតខំប្រឹង ប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ។ វត្តមានរបស់ រោងចក្រយើងខ្ញុំក៏បានចូលរួមចំណែកការកាត់បន្ថយការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស របស់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់តាមរយៈការជំរុញសន្ទុះអាជីវកម្មសហគ្រាស ធុនតូច និងមធ្យម ការបង្កើតឱកាសការងារដោយផ្ទាល់និងដោយប្រយោល ក៏ដូចជាការអភិវឌ្ឍន៍ ធនធានមនុស្សនៅក្នុងទឹកដី ខេត្តពោធិ៍សាត់នេះផ្ទាល់ផងដែរ។ ”

    មិនតែប៉ុណ្ណោះ លោកក៏បានបន្ថែមទៀតថា៖ “ ក្រុមហ៊ុនយើងខ្ញុំនឹងបន្តប្តេជ្ញាគាំទ្រ និង ជំរុញវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា ដើម្បីឱ្យកម្ពុជា ផ្លាស់ប្ដូរមុខមាត់ថ្មី ពីប្រទេសដែលដំឡើងរថយន្ត ទៅជាប្រទេសដែលផលិតរថយន្ត ក្នុងពេលអនាគត។ ក្រុមហ៊ុននឹងពង្រីកការវិនិយោគគម្រោងដំឡើងរថយន្ត Ford ដោយបង្កើនការនាំចូលនៃចំនួន គ្រឿងបង្គុំច្រើនជាងមុន បង្កើនចំនួនការងារក្នុងស្រុក ជំរុញការប្រើប្រាស់ធាតុផ្សំក្នុងស្រុក និងបង្កើន ដើមទុនវិនិយោគបន្ថែមទៀត។ យើងខ្ញុំជឿជាក់ថា ការវិនិយោគនេះនឹងបន្តផ្តល់អត្ថប្រយោជន៍ជាច្រើនបន្ថែមទៀតជូនប្រទេសកម្ពុជា ជាពិសេសការអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់ និងធ្វើឱ្យប្រសើរ ឡើងនូវខ្សែចង្វាក់ដែលគាំទ្រគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការវិនិយោគនេះ នឹងនាំមកនូវផលិតផលថ្មី បច្ចេកវិទ្យាថ្មី ដើម្បីផ្គត់ ផ្គង់តម្រូវការប្រើប្រាស់រថយន្តថ្មីក្នុងស្រុក ជាមួយនឹងមោទភាពផលិតកម្មក្នុងស្រុក រោងចក្រ ដំឡើងរថយន្ត Ford នឹងបន្តទាក់ទាញវិនិយោគិនផ្សេងៗជាច្រើនទៀតមកវិនិយោគនៅកម្ពុជា ជា ពិសេស អ្នកវិនិយោគដែល ពាក់ព័ន្ធនឹងការផលិត និងដំឡើងរថយន្ត ដូចជា៖ សំបកកង់ កង់ឡាន ខ្សែភ្លើងឡាន អាគុយឡាន និងអាជីវកម្មផ្សេងៗទៀត។”

     

    ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រី Kay Hart​ ប្រធានគ្រប់គ្រងទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “ រថយន្តគិលានសង្គ្រោះ (The Next-Generation Ford Ranger-Converted Ambulances) នេះ បានបំពាក់មកជាមួយនូវបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពទំនើបជំនាន់ចុងក្រោយដែលធ្វើឱ្យរថយន្តនេះក្លាយជារថយន្តមួយដែលមានលក្ខណៈ ធន់ រឹងមាំ និងមានសមត្ថភាពក្នុងការចល័ត និងដឹកជញ្ជូនអ្នកជំងឺដោយសុវត្ថិភាព។ ”

    លោកស្រីក៏បានបន្តទៀតថា៖ “ រថយន្តគិលានសង្គ្រោះ (The Next-Generation Ford Ranger-Converted Ambulances) នឹងចូលរួមចំណែកយ៉ាងសំខាន់សម្រាប់កាកបាទក្រហមកម្ពុជាក្នុងខេត្តពោធិ៍សាត់ ក្នុងការគាំពារ សង្គ្រោះបន្ទាន់ និងជាជំនួយការដ៏សំខាន់ក្នុងការជួយដល់សកម្មភាពសប្បុរសធម៌ផ្សេងៗដល់ប្រជាពលរដ្ឋ និងអ្នកជំងឺដើម្បីទទួលបាននូវសេវាកម្មសង្គ្រោះបន្ទាន់មួយដែលមាន គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។ ”

    ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គីសនីកម្ពុជា បានមានប្រសាសន៍ថា៖ “ ការសាងសង់រោងចក្រដំឡើងរថយន្ត Ford ក្នុងខេត្តពោធិ៍សាត់ គឺជាសក្ខីភាពមួយដែលបានបង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុន RMA Cambodia មកលើរាជរដ្ឋាភិបាលកម្ពុជា ហើយការផ្តល់ជូននូវរថយន្តគិលានសង្គ្រោះ ២ គ្រឿងក្នុងថ្ងៃនេះនឹងជាការចូលរួមចំណែកដ៏សំខាន់មួយក្នុងការពង្រឹងសមត្ថភាពមូលដ្ឋានសុខាភិបាលបន្ថែមទៀត ក្នុងការឆ្លើយតបទៅនឹងតម្រូវការសេវាថែទាំសុខភាពអោយកាន់តែមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។ ភាពជាដៃគូរវាង RMA Cambodia និងវិទ្យាស្ថានបច្ចេកទេសក្នុងស្រុករបស់យើង បានដើរតួរនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ធនធានមនុស្ស តាមរយៈការបង្កើតកម្មវិធីបណ្តុះបណ្តាលដោយផ្ទាល់ពីអ្នកជំនាញដែលគ្រឹះមួយដ៏សំខាន់សម្រាប់យុវជន ក៏ដូចជាយុវនារីក្នុងការត្រៀមខ្លួនរួចជាស្រេចសម្រាប់ភាពជោគជ័យនាពេលខាងមុខ។ ”

    គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន RMA (CAMBODIA) PLC ជាក្រុមហ៊ុនដំបូងគេបំផុត ដែលទទួលបានការទទួលស្គាល់ពី វិទ្យាស្ថានស្ដង់ដារកម្ពុជា នៃ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនាមជាអ្នក អនុវត្តស្តង់ដារសុវត្ថិភាពយានយន្ត និងស្តង់ដារសុវត្ថិភាពគ្រឿងបង្គុំយានយន្តបានខ្ពស់បំផុត។ ក្នុងឆ្នាំ ២០២០ ក្រុមហ៊ុន RMA (CAMBODIA) PLC បានចុះបញ្ជីលក់មូលបត្រ បំណុលចំនួន ៨០ ពាន់លានរៀល ដែលស្មើនឹង ២០ លានដុល្លារអាមេរិក ក្នុងផ្សារមូលបត្រកម្ពុជា ហើយក្លាយជាក្រុមហ៊ុនមិនមែនស្ថាប័នហិរញ្ញវត្ថុដែលបានបោះផ្សាយមូលបត្របំណុលដំបូងគេបង្អស់នៅប្រទេសកម្ពុជា។ ការបោះផ្សាយមូលបត្របំណុលនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនយើងខ្ញុំក្នុងការលើកកម្ពស់ទីផ្សារមូលបត្រកម្ពុជា និងចូលរួមចំណែកអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។

    តាមរយៈកំណើនសេដ្ឋកិច្ច និងកំរិត GDP របស់ប្រជាជនកម្ពុជាកើនឡើងខ្ពស់ជាបន្តបន្ទាប់ បានធ្វើឱ្យប្រជាជនកម្ពុជាងាកមកប្រើប្រាស់រថយន្តថ្មីមានការកើនឡើងជាលំដាប់។ ក្នុងនោះការប្រើប្រាស់ រថយន្តថ្មីម៉ាក FORD មានកំណើនកាន់តែច្រើនឡើង និងបានក្លាយជាជម្រើសឈានមុខរបស់អតិថិជននៅកម្ពុជា។ ដូច្នេះ ក្រុមហ៊ុនបានសម្រេចចិត្តបង្កើតរោងចក្រដំឡើងរថយន្ត FORD ដែលទទួលបានសិទ្ធិពេញលេញក្នុងការផ្គុំ និងដំឡើងរថយន្តពីក្រុមហ៊ុនម្ចាស់ដើម FORD MOTOR COMPANY។ រោងចក្រនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីសរុបប្រមាណជាង ៥ ហិកតា ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាមួយនឹងទុនវិនិយោគចំនួន ២១ លានដុល្លារសហរដ្ឋអាមេរិក ដែលអាចបង្កើតការងារជំនាញបានជាង ៥០០ កន្លែង និងមានសមត្ថភាពអាចដំឡើងរថយន្តបានចំនួនប្រមាណ ៩,០០០ គ្រឿងក្នុងមួយឆ្នាំ។

    រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានដំឡើងរថយន្ត Ford Ranger Wildtrak និងរថយន្ត Ford Everest បានចំនួន ៣,០០០ គ្រឿងដើម្បីបម្រើតម្រូវការទីផ្សារក្នុងស្រុក។ ក្រុមហ៊ុនបន្តសហការ ជាមួយនឹងវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ក្នុងការបណ្តុះបណ្តាលអភិវឌ្ឍជំនាញបច្ចេកទេសដល់បុគ្គលិកក្រុមហ៊ុនដើម្បីធានាឱ្យបាននូវធនធានមនុស្សប្រកបដោយគុណភាព។ ថ្មីៗនេះ ក្រុមហ៊ុនបានបញ្ជូនបុគ្គលិកទៅប្រទេស Australia ដើម្បីសិក្សាអំពីបច្ចេកវិទ្យាដំឡើងរថយន្ត ក្នុងគោលបំណងបង្កើនកម្រិតបច្ចេកទេសបុគ្គលិកក៏ដូចជាពាំនាំចំណេះដឹងថ្មី និង បច្ចេកវិទ្យាថ្មីមកប្រទេសកម្ពុជា។ ដើម្បីបន្តចូលរួមលើកកម្ពស់វិស័យយានយន្ត ក្រុមហ៊ុននឹងបង្កើតមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋកម្ពុជាទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសប្រកបដោយគុណភាពដើម្បីចូលរួមចំណែកអភិវឌ្ឍធនធាន មនុស្សនៅកម្ពុជាស្របតាមគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។

     

  • មហាសេដ្ឋី​ចិន Jack Ma បង្ហាញ​ខ្លួន​​ជា​គ្រូបង្រៀន​លើកដំបូង​នៅ​ប្រទេស​ជប៉ុន

    មហាសេដ្ឋី​ចិន Jack Ma បង្ហាញ​ខ្លួន​​ជា​គ្រូបង្រៀន​លើកដំបូង​នៅ​ប្រទេស​ជប៉ុន

    មហាសេដ្ឋី​បច្ចេកវិទ្យា Jack Ma បង្ហាញខ្លួន​ក្នុងតួនាទី​ជា​សាស្ត្រាចារ្យ​បរទេស​របស់​សាកលវិទ្យាល័យ​តូ​ក្យូ ប្រទេស​ជប៉ុន កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

    ការចែករំលែក​ចំណេះដឹង​របស់​មហាសេដ្ឋី​ចិន Jack Ma បានចាប់ផ្ដើម​ពីថ្ងៃ​ទី 12 មិថុនា 2023 ប៉ុន្តែ ទើបតែ​ត្រូវ​បានប្រកាស​ក្រោយ​ការបង្រៀន​បាន​ជិត​មួយ​សប្ដាហ៍។ យោងតាម SCMP ស្ថាបនិក​វ័យ 58 ឆ្នាំ​របស់ Alibaba គឺជា​វាគ្មិន​មួយរូប​ដែល​លេចធ្លោ​ជាងគេ​នៅក្នុង​សិក្ខាសាលា​ពិសេស​ស្ដីពី «នវានុវត្តន៍ និង​សហគ្រិនភាព» ដែល​ត្រូវបាន​រៀបចំឡើង​នៅឯ​សាកលវិទ្យាល័យ​តូ​ក្យូ។

    នេះ​ក៏​ជា​សិក្ខា​សាលាដំបូង​ដែល​លោក Ma ចូលរួម​ក្នុងនាម​ជា​សាស្ត្រាចារ្យ​បរទេស នៅក្នុង​ស្ថាប័ន​អប់រំ​ដែលមាន​អាយុ 146 ឆ្នាំ​នៅ​ប្រទេស​ជប៉ុន។ អ្នក​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ខាងលើ​រួមមាន និស្សិត​មកពី​តំបន់​នានា​របស់​ប្រទេស​ជប៉ុន ចិន ឥណ្ឌា និង​ម៉ាឡេស៊ី។

    ពិធី​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​នេះ ផ្ដោតទៅលើ​ទស្សនៈ​នៃ​ការគ្រប់គ្រង និង​របៀប​ដែល​យុវវ័យ​ជំនាន់​ថ្មី​អាច​សម្រេចបាន​នៅពេល​អនាគត។ យោងតាម​គេហទំព័រ​របស់​សាកលវិទ្យាល័យ​តូ​ក្យូ នេះ​គឺជា​ប្រធានបទ​ដែល​យោងទៅលើ «បទពិសោធន៍​សម្បូរបែប ចំណេះដឹង​នាំមុខគេ​ទាក់ទង​នឹង​ស្មារតី​​ជំនួញ និង​ភាព​​ច្នៃប្រឌិត» របស់លោក Jack Ma។

    ប៉ុន្មាន​ថ្ងៃ​ក្រោយពីចូល​រួម​​សិក្ខាសាលា​នៅ​ប្រទេស​ជប៉ុន លោក Ma ក៏បាន​បន្ត​បង្ហាញ​វត្ត​មាននៅ​ប្រទេស​ចិន​ក្នុង​កម្មវិធី​មួយ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Alibaba។ នៅទីនេះ លោក Ma ស្លៀកពាក់​យ៉ាង​សាមញ្ញ។

    លោក Jack Ma ធ្លាប់ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស មុនពេល​បង្កើត​ក្រុមហ៊ុន Alibaba។ គិត​មកដល់ពេលនេះ លោក Ma កំពុង​ធ្វើជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​យ៉ាងតិច​បួន​ដែល​ស្ថិតនៅ​ខាងក្រៅ​ចិនដីគោក ក្នុងនោះ​ក៏មាន​សាកលវិទ្យាល័យ​ហុងកុង សាកលវិទ្យាល័យ​នៅ​អាហ្វ្រិក និង​សាកលវិទ្យាល័យ​នៅ​ប្រទេស​​អ៊ីស្រាអែល​ផងដែរ។

    ក្នុង​ព្រឹត្តិការណ៍​មួយ​កាលពី​ថ្ងៃទី 15 មិថុនា លោក Michael Evans ដែលជា​ប្រធាន​ក្រុមហ៊ុន Alibaba បាន​ថ្លែងថា លោក Jack Ma នៅតែ​ជា​ភាគ​ហ៊ុ​និក​ធំជាងគេ​របស់​ក្រុមហ៊ុន Alibaba។

    ការបង្ហាញ​វត្តមាន​របស់លោក Jack Ma នេះ គឺ​ចំ​ពេលដែល​ទីក្រុង​ប៉េកាំង​កំពុង​រក​វិធី​ស្ដារ​សេដ្ឋកិច្ចជាតិ និង​ទំនុកចិត្ត​របស់​អ្នកវិនិយោគ ក្រោយពី​បាន​រឹតបន្តឹង​វិស័យ​បច្ចេកវិទ្យា​អស់​ជាច្រើន​ឆ្នាំ៕

  • នវានុវត្តន៍ ជាវិធីសាស្រ្តល្អបំផុតសម្រាប់ដឹកនាំក្រុមហ៊ុនឱ្យទទួលបានជោគជ័យ

    នវានុវត្តន៍ ជាវិធីសាស្រ្តល្អបំផុតសម្រាប់ដឹកនាំក្រុមហ៊ុនឱ្យទទួលបានជោគជ័យ

    នវានុត្តន៍ ដែលមានន័យថាជាគំនិតច្នៃប្រឌិត ឬការបង្កើតអ្វីដែលថ្មី គឺជាវិធីសាស្រ្តដែលល្អបំផុតសម្រាប់ធ្វើឱ្យមនុស្សគ្រប់គ្នា ឬអង្គភាពក្រុមហ៊ុនមួយទទួលបានជោគជ័យ។ នេះជាការលើកឡើងរបស់លោក Gabriel Helmy ប្រធាននាយកប្រតិបតិ្តនៃក្រុមហ៊ុន The Capacity Specialist ប្រចាំនៅក្នុងប្រទេសកម្ពុជា។

    លោកបានលើកឡើងពីគំរូរបស់ Steve Jobs ស្ថាបនិកក្រុមហ៊ុន Apple ដែលផលិតកុំព្យូរទ័រយួរដៃដំបូងគេ និងផលិតស្មាតហ្វូនម៉ាក iPhone ល្បីទូទាំងពិភពលោកផងនោះ ធ្លាប់បាននិយាយថា «នវានុវត្តន៍ឬគំនិតបង្កើតថ្មីគឺជាវិធីសាស្រ្តល្អបំផុតសម្រាប់ឱ្យក្រុមហ៊ុនទទួលបានជោគជ័យ»។ លោកបន្តថា នវានុវត្តន៍អាចត្រូវបានគេប្រើក្នុងគោលដៅ សម្រាប់ពង្រឹងគុណភាពផលិតផល សេវាកម្ម ដំណើរការអាជីវកម្មដើម្បីជួយឱ្យក្រុមហ៊ុនដើរឆ្ពោះទៅមុខក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃ និងបង្កើនប្រាក់ចំណេញរបស់ខ្លួន។ តែយ៉ាងណាក៏ដោយលោក Helmy ក៏បានបញ្ជាក់ផងដែរថា ការបង្កើតថ្មីក៏អាចបន្សល់ទុកនូវបញ្ហាជាច្រើនសម្រាប់ក្រុមហ៊ុនផងដែរ បើយើងបង្កើតអ្វីថ្មីមួយដោយមិនបានគិតឱ្យគ្រប់ជ្រុងជ្រោយ។

    លោក ស៊ីវ ស្រេង គ្រូបណ្តុះបណ្តាលនៃវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ បានគាំទ្រទៅនឹងគំនិតបង្កើតថ្មី ថាពិតជាធ្វើឱ្យមនុស្ស និងក្រុមហ៊ុនទទួលបានជោគជ័យពិតប្រាកដមែន។ លោកបន្តថា លោក Steve Jobs បានរកឃើញ និងបង្កើតក្រុមហ៊ុន Apple ដំបូងគេ ហើយគ្មានអ្នកណាម្នាក់ជឿថា ក្រុមហ៊ុននេះមានភាពល្បីល្បាញទូទាំងពិភពលោកមកទល់បច្ចុប្បន្នដូច្នេះឡើយខណៈដែលក្រុមហ៊ុនត្រូវបានបង្កើតឡើងថ្មីនៅពេលដែលលោករៀនមិនទាន់ចប់មហាវិទ្យាល័យផងនោះ។ អ្វីដែលធ្វើឱ្យលោក Steve Jobs ជោគជ័យនោះគឺគាត់បានផលិតកុំព្យូទ័រយួរដៃ និងទូរស័ព្ទម៉ាក iPhone យកទៅឱ្យមនុស្សដែលមានឥទ្ធិពល ឬមេដឹកនាំប្រទេសប្រើប្រាស់ជាមុន បន្ទាប់មកផលិតផលទាំងពីររបស់គាត់ត្រូវបានគាំទ្រលើទីផ្សារខ្លាំងជាងគេនៅទូទាំងពិភពលោក។

    គួររំលឹកថា ទ្រឹស្តីនៃពាក្យ«នវានុវត្តន៍»ត្រូវបានបង្កើតឡើងដោយលោក Natalie Turner ជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Entheo Networks, a global leadership innovation company។ ការបង្កើតទ្រឹស្តីនេះគឺដើម្បីផ្តល់នូវវិធីសាស្រ្តសមស្របសម្រាប់បុគ្គល និងអង្គភាពក្រុមហ៊ុនទូទៅ សម្រាប់វាស់កម្រិតនៃការរៀបចំបុគ្គលិកលក្ខណៈ ជំនាញ សមត្ថភាព នៅក្នុងវប្បធម៌មួយដើម្បីជួយអភិវឌ្ឍគំនិតបង្កើតថ្មី៕