Tag: ការិយាល័យ

  • ឥណ្ឌូណេស៊ី​ចំណាយ​ជាង 380 លាន​ដុល្លារ​អាម៉េរិក ទិញ​ឧបករណ៍​ការ​ពារ​ជាតិ​ 13 គ្រឿង

    ឥណ្ឌូណេស៊ី​ចំណាយ​ជាង 380 លាន​ដុល្លារ​អាម៉េរិក ទិញ​ឧបករណ៍​ការ​ពារ​ជាតិ​ 13 គ្រឿង

    កិច្ចព្រមព្រៀង​ទិញ​ប្រព័ន្ធ​រ៉ា​ដា GM-403 ចំនួន 13 គ្រឿង ត្រូវបាន​ក្រុម​ហ៊ុន​ឥណ្ឌូណេស៊ី និង​បារាំង ចុះហត្ថលេខា​កាលពី​ថ្ងៃទី 20 មេសា 2022 ក្រោម​វត្តមាន​របស់​ប្រធានាធិបតី និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌូណេស៊ី។

    យោងតាម​ព័ត៌មាន​ពី​ឥណ្ឌូណេស៊ី រដ្ឋាភិបាល​នៅ​ហ្សា​ការ​តា បាន​បញ្ជា​ទិញ​ប្រព័ន្ធ​រ៉ា​ដា​បញ្ជា​បាញ់​ស្កាត់​ពី​ដី (GCI) GM-403 ដែល​ផលិត​ដោយ​ក្រុមហ៊ុន Thales របស់​បារាំង​ ចំនួន 13 គ្រឿង ក្នុងតម្លៃ 354 លាន​អឺរ៉ូ (ប្រហែល​នឹង 386.23 លាន​ដុល្លារ​អាម៉េរិក)។

    កាលពី​ថ្ងៃទី 28 មិថុនា 2023 លោក Edwin Adrian Sumantha ប្រធានការិយាល័យ​ទំនាក់ទំនង​សាធារណៈ​របស់​ក្រសួងការពារជាតិ​ឥណ្ឌូណេស៊ី បាន​និយាយថា ប្រព័ន្ធ​រ៉ា​ដា GCI មានតម្លៃ​ប្រហែល 30 លាន​ដុល្លារ​អាម៉េរិក​/គ្រឿង។

    កិច្ចព្រមព្រៀង​ទិញ​ប្រព័ន្ធ​រ៉ា​ដា GM-403 ចំនួន 13 គ្រឿង ត្រូវបាន​ក្រុម​ហ៊ុន​ Thales និង​ក្រុមហ៊ុន​ឧស្សាហកម្ម​ការពារជាតិ PT Len Industri Indonesia ចុះហត្ថលេខា​កាលពី​ថ្ងៃទី 20 មេសា 2022 ក្រោម​វត្តមាន​របស់​ប្រធានាធិបតី និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌូណេស៊ី។​

    ការប្រគល់ និង​ទទួល​ទំនិញ​ខាងលើ​នឹង​ត្រូវបាន​អនុវត្ត​ក្នុងអំឡុង 48 ខែ រាប់​ចាប់ពីពេល​​កិច្ចព្រមព្រៀង​មាន​សុពលភាព។

    ប្រព័ន្ធ​រ៉ា​ដា GCI GM-403 ដែល​មាន​រង្វង់​ប្រតិបត្តិកា​រ 450 គីឡូម៉ែត្រ នឹង​ដើរតួនាទី​ជា​អ្នក​នាំ​ផ្លូវ​សម្រាប់​យន្តហោះ​ចម្បាំង​ស្ទាក់​វាយ និង​យន្តហោះ​ប្រមាញ់​នាវាមុជទឹក​របស់​កង​ទ័ព​ឥណ្ឌូណេស៊ី ក្នុងការ​ប្រយុទ្ធ។

    កិច្ចព្រមព្រៀង​ខាងលើ​ក៏​រាប់បញ្ចូល​ទាំង​ផែនការ​ផ្ទេរ​បច្ចេកវិទ្យា​សម្រាប់​ប្រព័ន្ធ​រ៉ា​ដា​យោធា និង​ស៊ីវិល ការថែទាំ ក៏ដូចជាការ​​អភិវឌ្ឍ​សម្រាប់​ការធ្វើ​សម​កាល​កម្ម​ប្រព័ន្ធ​រ៉ា​ដា​ជាតិ​របស់​ឥណ្ឌូណេស៊ី​ផងដែរ៕

  • ទីក្រុង​អណ្ដែត​លើ​សមុទ្រ​​ដែល​អាចដាក់​មនុស្ស​បាន​បួន​ម៉ឺន​នាក់

    ទីក្រុង​អណ្ដែត​លើ​សមុទ្រ​​ដែល​អាចដាក់​មនុស្ស​បាន​បួន​ម៉ឺន​នាក់

    (ជប៉ុន) – ទីក្រុង​អណ្ដែត Dogen មាន​បរិវេណ​ប្រវែង 4 គីឡូម៉ែត្រ អាច​ផ្ដល់​កន្លែង​ស្នាក់នៅ​ដល់​មនុស្ស 10,000 នាក់ និង​ទទួល​ទេសចរ​បាន 30,000 នាក់​ក្នុង​មួយថ្ងៃ។

    ក្រុមហ៊ុន N-Ark របស់​ជប៉ុន ថ្មីៗនេះ​បានប្រកាស​គម្រោង​អភិវឌ្ឍ​ទីក្រុង​អណ្ដែត​ដែល​ផ្ដោត​សំខាន់​លើ​វេ​ជ្ជ​សាស្ត្រ ឈ្មោះ Dogen។ គំនិត​នេះ​នឹង​រួមផ្សំ​រវាង​សកម្មភាព​ផលិត​ស្បៀង ស្ថាបត្យកម្ម ទិន្នន័យ ថាមពល ជាមួយនឹង​សមុទ្រ ​នៅក្នុង​ប្រព័ន្ធ​ចម្រុះ​ដែល​ប្រើប្រាស់​ទឹកសមុទ្រ​ដូច​ទៅនឹង​តំបន់​សេដ្ឋកិច្ច​ថ្មី​ហៅថា «New Ocean»។ នេះ​បើតាម Design Boom ចុះផ្សាយ​កាលពី​សប្ដាហ៍​កន្លង។

    ដោយមាន​អង្កត់ផ្ចិត​ប្រហែល 1.58 គីឡូម៉ែត្រ និង​បរិវេណ​ប្រវែង 4 គីឡូម៉ែត្រ ទីក្រុង​អណ្ដែត Dogen អាចឱ្យ​មនុស្ស​រស់នៅ​ជា​អចិ​ន្ត្រៃ​យ៍​ប្រហែល 10,000 នាក់ និង​ទទួលភ្ញៀវ​ទេសចរណ៍​បាន 30,000 នាក់/ថ្ងៃ។ ពួកគេ​អាច​ទទួល​បទពិសោធន៍​ជាច្រើន​តាំងពី​បន្ទប់ពិសោធន៍​អភិវឌ្ឍ សាលារៀន ឃ្លាំង មជ្ឈមណ្ឌល​សន្តិសុខ ការិយាល័យ សេវា​ម្ហូបអាហារ មន្ទីរពេទ្យ សួន ទីលានកីឡា រហូតដល់​ស្ថានីយ​ទូរគមនាគមន៍ និង​សណ្ឋាគារ។ល។

    ទីក្រុង​នេះ​មាន​បី​តំបន់ ក្នុងនោះ​មាន​ទាំង តំបន់​ខ្សែក្រវាត់​សម្រាប់​សហគមន៍ និង​តំបន់​មជ្ឈមណ្ឌល​ទិន្នន័យ​ក្រោម​សមុទ្រ។ អ្វីដែល​អស្ចារ្យ​នោះ​គឺថា ទីក្រុង​ខាងលើ​អាច​ផ្លាស់​ទី​បាន​នៅក្នុង​ឈូង​សមុទ្រ។ Dogen នឹងមាន​ប្រព័ន្ធ​សុខាភិបាល​ទំនើប​បំផុត​ផងដែរ៕

  • Tesla ធ្វើឱ្យ​បែកធ្លាយ​ទិន្នន័យ 100 GB ក្នុងនោះ​ក៏មាន​ទិន្នន័យ​របស់ Elon Musk

    Tesla ធ្វើឱ្យ​បែកធ្លាយ​ទិន្នន័យ 100 GB ក្នុងនោះ​ក៏មាន​ទិន្នន័យ​របស់ Elon Musk

    សារព័ត៌មាន Handelsblatt របស់​អាល្លឺម៉ង់ ឱ្យដឹងថា បានទទួល​ទិន្នន័យ​ទំហំ 100 GB របស់ Tesla ពី​ប្រភព​អនាមិក ក្នុងនោះ​មាន​ផ្ទុក​ព័ត៌មាន​របស់​មនុស្ស​ចំនួន 100,000 នាក់។

    ឯកសារ​ដែលមាន​ផ្ទុក​បញ្ជី​ឈ្មោះ​របស់​​បុ​គ្គលិក​​ចាស់ និង​បច្ចុប្បន្ន​ប្រហែល 100,000 នាក់​របស់ Tesla ក្នុងនោះ​ក៏មាន CEO Elon Musk អម​នឹង​លេខ​របប​សន្តិសុខ​សង្គម អាស័យដ្ឋាន​សារ​អេ​ឡិច​ត្រូវ​និ​ច លេខ​ទូរស័ព្ទ ប្រាក់ខែ​បុគ្គលិក ព័ត៌មាន​ធនាគារ​របស់​អតិថិជន និង​ទិន្នន័យ​សម្ងាត់​ស្ដីពី​ការផលិត ការតវ៉ា​ពី​អតិថិជន។ល។

    រឿង​ដែល Tesla បណ្ដោយ​ឱ្យមាន​ករណី​បែកធ្លាយ​ព័ត៌មាន​នេះ​គឺជា​ការ​​រំលោភ​លើ​ការកំណត់​ស្ដីពី​ការការពារ​ទិន្នន័យ​រួម​របស់​ទ្វីបអឺរ៉ុប (GDPR) ហើយ​អាច​នាំឱ្យ Tesla រង​ការ​ដាក់​ពិន័យ​ធ្ងន់ធ្ងរ។ យោងតាម​ទំព័រ Handelsblatt មេធាវី​របស់ Tesla និយាយថា បញ្ហា​នេះ​កើតឡើង​ដោយសារតែ​ទង្វើ​របស់​អតីត​បុគ្គលិក​ម្នាក់​ដែល​មិន​ពេញ​ចិត្តនឹង​​ចំណាត់​ការ​ក្រុមហ៊ុន​នេះ។

    Dagmar Hartge មេដឹកនាំ​មួយរូប​នៅ​ការិយាល័យ​ការពារ​ទិន្នន័យ​នៅ Brandenburg ជាទី​តាំង​នៃ​​រោងចក្រ Gigafactory របស់ Tesla បាន​អះអាងថា ការ​បែកធ្លាយ​នេះ​គឺមាន​ទ្រង់ទ្រាយ​ធំ​ណាស់។

    ជា​ផ្លូវ​ការ ភាគី​ខាង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla និង​មហាសេដ្ឋី​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទង​នឹង​បញ្ហា​ខាងលើ៕

  • ក្រុម​ហ៊ុន IBM នឹង​ប្រើប្រាស់​ AI ជំនួស​មនុស្ស​ជិត 8,000 នាក់

    ក្រុម​ហ៊ុន IBM នឹង​ប្រើប្រាស់​ AI ជំនួស​មនុស្ស​ជិត 8,000 នាក់

    Arvind Krishna អគ្គនាយក​ប្រតិបត្តិ​របស់ IBM បានឱ្យដឹងថា បណ្ដា​ការងារ​ជួយ​ដល់​ការិយាល័យ​ដូចជា​ការគ្រប់គ្រង​ធនធានមនុស្ស​ជាដើម​នឹងត្រូវ​បាន​ជំនួស​ដោយ​បញ្ញា​និម្មិត (AI)។

    លោក Krishna បាន​ប្រាប់ Bloomberg ថា ក្រុមហ៊ុន IBM នឹង​ឈប់​ជ្រើសរើស​បុគ្គលិក​សម្រាប់​តំណែង​ទាំងឡាយណា​ដែល​ពួកគេ​យល់ថា​អាច​ជំនួស​ដោយ AI នៅពេល​ខាងមុខ។ ក្រុមការងារ​ដែល​នឹងត្រូវ​ឈប់​ជ្រើសរើស និង​ធ្វើការ​ផ្លាស់ប្ដូរ​ដំបូង​គេ​គឺ​ក្រុម​ជំនួយ​ការ​នៅ​ការិយាល័យ​ដែលមាន​ដូចជា​បុគ្គលិក​គ្រប់គ្រង​ធនធានមនុស្ស​ជាដើម។

    យោងតាម​លោក Krishna នៅក្នុង​ក្រុមហ៊ុន IBM ​តំណែង​នានា​​ដែល​មិន​ធ្វើការ​ផ្ទាល់​ជាមួយ​អតិថិជន ​មាន​ប្រហែល 26,000 នាក់។ «ក្នុង​ប្រាំ​ឆ្នាំ​ទៀត មាន​ប្រហែល 30% ក្នុង​ក្រុម​នេះ​នឹងត្រូវ​ជំនួស​ដោយ AI និង​ប្រព័ន្ធ​ស្វ័យប្រវត្ត ដែល​​ស្មើនឹង 7,800 នាក់ ​ត្រូវ​បាត់បង់​ការងារ» លោក Krishna ប​ន្ធែ​ម​ដូច្នេះ។

    អ្នកនាំពាក្យ​របស់ IBM អះអាងថា ការកាត់បន្ថយ​បុគ្គលិក​នេះ​នឹងមិន​ប៉ះពាល់​ច្រើន​ដល់​សកម្មភាព និង​គុណភាព​ផលិតផល​របស់​ក្រុមហ៊ុន។

    បច្ចុប្បន្ន IBM មាន​បុគ្គលិក 260,000 នាក់ និង​បន្ត​ជ្រើសរើស​សម្រាប់​តំណែង​ទាក់ទង​នឹង​សប​វ៉ែ​រ និង​តំណែង​ដែល​ធ្វើការ​ជាមួយ​អតិថិជន។ ដើមឆ្នាំ​នេះ IBM បាន​បញ្ឈប់​បុគ្គលិក 5,000 នាក់ ប៉ុន្តែ​បានជ្រើសរើស 7,000 នាក់​នៅក្នុង​ត្រីមាស​ទីមួយ​ឆ្នាំនេះ។

    នៅពេល​ឧបករណ៍​បញ្ញា​និម្មិត​កាន់តែ​រីកចម្រើន និង​បង្ហាញ​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​នៅក្នុង​ការងារ​ដែល​មិន​ទាមទារ​ឱ្យមាន​ជំនាញ​ខ្ពស់ ក្រុម​​អ្នកជំនាញ​ចាប់ផ្ដើម​មានការ​ព្រួយបារម្ភ​អំពី​ហានិភ័យ​ទីផ្សារការងារ​បែប​បុរាណ​ត្រូវបាន​បំផ្លាញ។ មនុស្ស​ជាច្រើន​ដែល​ធ្វើការ​ក្នុង​វិស័យ​មួយចំនួន​មាន​ដូចជា ការងារ​និពន្ធ ការងារ​គូររូប​ជាដើម ​បាន​ប្រាប់ថា ប្រាក់ចំណូល​របស់​ពួកគេ​បាន​ថយចុះ​ពាក់កណ្ដាល​ចាប់តាំងពី​បណ្ដា​រូបមន្ត AI ត្រូវបាន​ណែនាំ​ដល់​សាធារណជន៕

  • ទិញរថយន្តក្នុងក្តីស្រមៃដោយមិនចាំបាច់មានប្រាក់កក់ និងបង់រំលស់គ្មានការប្រាក់ដល់ទៅមួយឆ្នាំ

    ទិញរថយន្តក្នុងក្តីស្រមៃដោយមិនចាំបាច់មានប្រាក់កក់ និងបង់រំលស់គ្មានការប្រាក់ដល់ទៅមួយឆ្នាំ

    [ភ្នំពេញ – ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៣] ផ្នែករថយន្ត Ford នៃ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក​ បានរៀបចំកម្មវិធី ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.កដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត​ ហ្វដ ប្រចាំប្រទេសកម្ពុជា​ និងធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឈានមុខគេនៅកម្ពុជា។​

    លោក ហាន ប៉េង ក្វាង អគ្គនាយក ធនាគារ វីង បានមានប្រសាសន៍ថា៖ “យើងពិតជាមានសេចក្តីសោមន្សរីករាយ ដែលបានក្លាយជាដៃគូសហការជាមួយ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដើម្បីរួមគ្នាផ្តល់ដំណោះស្រាយដ៏មានសារៈសំខាន់មួយសម្រាប់អតិថិជន” ។

    “យើងជឿជាក់ថាគ្រប់គ្នាស័ក្កិសមនឹងទទួលបានឱកាសក្លាយជាម្ចាស់រថយន្តក្នុងក្តីស្រមៃរបស់ពួកគេ។ ហើយយើងចង់ធ្វើឲ្យក្តីស្រមៃនោះក្លាយជាការពិត សម្រាប់អតិថិជនមិនថាជាប្រជាជនកម្ពុជា ឬជនជាតិបរទេសកំពុងរស់នៅប្រទេសកម្ពុជា នោះគឺអតិថិជនមិនបារម្មណ៍លើការចំណាយប្រាក់កក់ ហើយថែមទាំងមិនចំណាយបង់ការប្រាក់រហូតដល់ ១២ ខែ”។

    លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ សម្រាប់អតិថិជនដែលមានបំណងចង់ក្លាយជាម្ចាស់រថយន្ត ឥឡូវនេះយើងមានការផ្តល់ជូនពិសេសគឺ ការទិញរថយន្តដោយមិនតម្រូវមានប្រាក់កក់ និងការបង់រំលស់ដោយមិនចំណាយការប្រាក់ពេញមួយឆ្នាំពេញសម្រាប់រថយន្តម៉ូដែល Ford Ranger Wildtrak,  Everest, EcoSport, Territory ស៊េរីឆ្នាំ ២០២២ ដែលនេះជាលើកទី១ ដែលមានការសហការបែបនេះកើតឡើងរវាង អ អិម អេ (ខេមបូឌា) ជាមួយធនាគារ​ វីង ហើយនេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ ៕

    ឆ្លៀតក្នុងឱកាសនេះដែរ លោក លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក៏បានបន្ថែមថា “ បច្ចុប្បន្នក្រុមហ៊ុន ហ្វដ បានពង្រីកនូវវិសាលភាពនៃគ្រឿងបន្លាស់ និងសេវាកម្មជួសជុលរថយន្តនៅតាមបណ្តាខេត្តផ្សេងៗដូចជា ខេត្តកំពង់ចាម និងខេត្តសៀមរាប ហើយយើងក៏មានយានដ្ឋានដៃគូសហការជាច្រើននៅទូទាំង២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជាផងដែរ។ ជាពិសេស ថ្មីៗនេះយើងក៏បានបង្កើតនូវ ការិយាល័យផ្នែកទំនាក់ទំនងអតិថិជន (Call Center) ដើម្បីផ្តល់នូវសេវាកម្មឆាប់រហ័ស និងផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការសាកសួរព័ត៌មាន ក៏ដូចជាធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកជំនាញរបស់យើង ។ ”

    សម្រាប់អតិថិជនដែលចង់សាកសួរព័ត៌មាន ឬមានបំណងចង់ទិញរថយន្ត Ford អាចធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ 012 333 975 ឬ 077 666 357 ឬ 078 999 883

    សម្រាប់លោកអ្នកដែលមានតម្រូវការកម្ចីឥណទានតាមរយៈធនាគារ វីង សូមធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ 078 989 767/078 989 511 ឬអញ្ជើញមកកាន់សាខាណាមួយដែលនៅជិតលោកអ្នកបំផុត៕

  • ខាងក្នុង​បន្ទប់​ការិយាល័យ​​​ពង​ក្រពើ​​របស់​​ប្រធានាធិបតី​អាមេរិក Joe Biden ​មាន​អ្វី​ខ្លះ​?

    ខាងក្នុង​បន្ទប់​ការិយាល័យ​​​ពង​ក្រពើ​​របស់​​ប្រធានាធិបតី​អាមេរិក Joe Biden ​មាន​អ្វី​ខ្លះ​?

    សារព័ត៌មាន Washington Post បានចេញ​ផ្សាយ​ថា ការិយាល័យ​រាង​ពងក្រពើ​គឺជា​និមិត្តរូប​នៃ​អំណាច​របស់​ប្រធានាធិបតី​អាមេរិក។ នៅពេល​ក្លាយជា​ម្ចាស់​សេត​វិមាន ប្រធានាធិបតីនីមួយៗ តែងតែ​ស្នើឱ្យ​មានការ​តុបតែង​កា​រិ​យា​ល័យ​នេះ​ទៅតាម​ចំណូលចិត្ត​របស់ខ្លួន​ដើម្បី​បង្ហាញ​អំពី​ភាព​ដោយឡែក និង​របៀប​នៃ​ការដឹកនាំ។

    សម្រាប់​លោក Joe Biden វិញ លោក​បាន​ស្នើឱ្យ​ដាក់តាំង​រូបភាព និង​រូបចម្លាក់​នានា​រប​ស់បុ​គ្គល​ល្បីឈ្មោះ​ជាច្រើនរូប​របស់​សហរ​ដ្ឋ​អាមេរិក នៅក្នុង​ការិយាល័យ​ពងក្រពើ (Oval Office) នេះ។

    កម្រាល​ព្រំ​ថ្មី​នៅក្នុង​បន្ទប់ការិយាល័យ​របស់​ប្រធានាធិបតី​​ Joe Biden

    អ្វី​ដែលជា​ចំណុច​គួរឱ្យ​ចាប់អារម្មណ៍​ជាងគេ​នៅក្នុង​ការិយាល័យ​នេះ នោះ​គឺ​រូបភាព​ទំហំ​ធំ​របស់​ប្រធានាធិបតី​ទី 32 ឈ្មោះ Franklin Delano Roosevelt ដែល​ត្រូវបាន​ដាក់តាំង​នៅក្បែរ​តុ Resolute របស់​ប្រធានាធិបតី។ Franklin Delano Roosevelt គឺជា​ប្រធានាធិបតី​ដែល​បាន​ជួយ​ឱ្យ​សហរដ្ឋ​អា​មេ​រក ឆ្លង​ផុតពី​វិបត្តិ​ដ៏​ធំ ដែល​ដូច​ទៅនឹង​ឧបសគ្គ​ដែល​លោក Biden កំពុង​ជួបប្រទះ។

    រូបថត​មួយចំនួន​ត្រូវបាន​ព្យួរ​ជា​គូ ដូចជា រូបថត​របស់​ប្រធានាធិបតី​ទី 3 Thomas Jefferson និង​រូប​អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ Alexander Hamilton ជាដើម ដែលជា​បុគ្គល​មិនសូវ​ចុះសម្រុង​នឹង​គ្នា ដែល​នេះ​បង្ហាញ​អំពី​ផលប្រយោជន៍​ដែល​បានមកពី​ការយល់ឃើញ​ផ្ទុយគ្នា។ ការិយាល័យ​របស់​ប្រធានាធិបតី Biden ឱ្យដឹងថា ការដែល​រូបថត​ត្រូវបាន​ដាក់តាំង​ជា​គូ​បែបនេះ​គឺ​ដើម្បី​បញ្ជាក់ និង​សង្កត់ធ្ងន់ថា ភាពខុសគ្នា​នៅក្នុង​ការយល់ឃើញ​គឺជា​ប្រការ​ដ៏​ចាំបាច់​នៃ​លទ្ធិប្រជាធិបតេយ្យ។

    រូប​របស់​បុគ្គល​ល្បី​ៗ​ដែល​ត្រូវ​បាន​ដាក់​តាំង​ជា​គូ

    ក្រៅពី​រូបថត​នានា ការិយាល័យ​ពងក្រពើ​នេះ​ក៏មាន​តាំង​រូបចម្លាក់​ពាក់កណ្ដាល់​ខ្លួន​ជាច្រើន​ផងដែរ ក្នុងនោះ​ក៏មាន​រូបចម្លាក់​របស់ Martin Luther King និង Robert F. Kennedy ដែល​ត្រូវ​បានដាក់​នៅក្បែរ​ម៉ាស៊ីនកម្ដៅ។ លោក Biden តែងតែ​រំលឹក​ដល់​បុគ្គល​ទាំងពីរ​រូបនេះ នៅពេល​លោក​និយាយ​ដល់​សិទ្ធិ​ពលរដ្ឋ។

    រូបភាព​របស់ Benjamin Franklin នៅក្នុង​ការិយាល័យ​នេះ​បង្ហាញ​អំពី​ការយកចិត្តទុកដាក់រ​ប​ស់លោក Biden នៅក្នុង​ការដើរតាម​មា​គ៌ា​វិទ្យាសាស្ត្រ។ រូបភាព​នេះ​ត្រូវបាន​ដាក់តាំង​នៅក្បែរ​ដុំថ្ម​របស់​ឋាន​ព្រះ​ចន្ទ​ដែល​ស្ថិតនៅលើ​ធ្នើរ​សៀវភៅ ក្នុង​បំណង​រំលឹក​ដល់​ប្រជាជន​អាមេរិកាំង​អំពី​មហិច្ឆតា និង​សមិទ្ធផល​របស់​មនុស្ស​ជំនាន់​មុន។

    រូប​ចម្លាក់​របស់​សកម្ម​ជន​សិទ្ធិ​ពលរដ្ឋ Cesar Chavez និង​រូប​ថត​ឯក​ជន​របស់​លោក Biden

    គ្រឿងសង្ហារិម​ក្នុង​ការិយាល័យ​ប្រធានាធិបតី ត្រូវបាន​ប្ដូរ​នៅក្នុង​ថ្ងៃ​ចូលកាន់​តំណែង​ដំបូង​របស់លោក Biden។ ទង់ជ័យ​របស់​កងទ័ព​អាមេរិក​ដែល​លោក Trump ដាក់​តាំងនៅ​ខាងក្រោយ​តុ​ប្រធានាធិបតី ត្រូវបាន​ដកចេញ និង​ជំនួស​ដោយ​ទង់ជាតិ​អាមេរិក និង​ទង់​ដែលមាន​រូប​ត្រា​ប្រធានាធិបតី។

    រូប​ចម្លាក់​របស់​លោក Martin Luther King

    រូបភាព​របស់​ប្រធានាធិបតី Andrew Jackson ដែល​លោក Trump បាន​តាំង ក៏ត្រូវ​បាន​យកចេញ។ លោក Trump និង​លោក Jackson សុទ្ធតែជា​អ្នកដើរ​តាម​មាគ៌ា​ប្រជា​និយម។ លោក Andrew Jackson គឺជា​ប្រធានាធិបតី​ដំបូង​គេ​ដែល​ត្រូវបាន​បោះឆ្នោត​ផ្ទាល់ ហើយ​លោក​ក៏​ជា​អ្នក​ដែល​បានស្នើ​ឱ្យ​លុបបំបាត់​របប​ប្រតិភូ​តំណាង​ម្ចាស់ឆ្នោត (ប្រតិភូ​តំណាង​ម្ចាស់ឆ្នោត​គឺជា​ក្រុមតំណាងរាស្ត្រ​ដែល​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ដោយផ្ទាល់ បន្ទាប់ពី​ការបោះឆ្នោត​ពី​ពលរដ្ឋ​ទូទៅ) ផងដែរ។

    ក្នុង​ការិយាល័យ​ពងក្រពើ​នេះ មាន​វត្ថុ​មួយ​ដែល​មិន​ត្រូវបាន​ប្ដូរផ្លាស់ នោះ​គឺ​តុ Resolute របស់​ប្រធានាធិបតី។ តុ​នេះ​សុទ្ធតែ​ត្រូវបាន​ប្រធានាធិបតីមុនៗប្រើប្រាស់ រួមទាំង​លោក Trump ផងដែរ។

    ប្រធានាធិបតី​អាមេរិក​ លោក​ Joe Biden

    នៅលើ​តុ​នេះ ក្នុង​ថ្ងៃ​ចូលធ្វើការ​ដំបូង លោក Biden បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ចំនួន 15 ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់​មួយចំនួន ដូចជា បញ្ហា Covid-19 បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​បញ្ហា​រើសអើង​ពូជសាសន៍ រួម​នឹង​ការលុបចោល​គោលនយោបាយ​មួយចំនួន​ដែល​ត្រូវបាន​អតីត​ប្រធានាធិបតី Donald Trump ដាក់ចេញ៕

    ប្រភព៖ Washington Post