Tag: ការវាយតម្លៃ

  • យានចុះចតលើឋានព្រះចន្ទឯកជនអាម៉េរិក ធ្លាក់ត្រលប់មកកាន់ផែនដី

    យានចុះចតលើឋានព្រះចន្ទឯកជនអាម៉េរិក ធ្លាក់ត្រលប់មកកាន់ផែនដី

    យានអវកាស Peregrine ដែលលេចធ្លាយឥន្ធនៈបន្ទាប់ពីត្រូវបានបាញ់បង្ហោះកាលពីសប្ដាហ៍កន្លង កំពុងធ្លាក់ត្រលប់មកកាន់ផែនដីវិញ។ នេះបើតាមប្រកាសកាលពីថ្ងៃទី 13 មករា របស់ក្រុមហ៊ុន Astrobotic។

    Peregrine ត្រូវបានបាញ់បង្ហោះទៅកាន់ឋានព្រះចន្ទកាលពីថ្ងៃទី 08 មករា 2024 ដោយប្រើប្រាស់រ៉ុក្កែត Vulcan Centaur ប៉ុន្តែវាបានជួបបញ្ហាធំ ក្រោយពីផ្ដាច់ខ្លួនពីរ៉ុក្កែតរុញច្រាន។ បញ្ហាលេចធ្លាយឥន្ធនៈបានបញ្ចប់ឱកាស​​ចុះចតលើឋានព្រះចន្ទក្នុងខែក្រោយរបស់ Peregrine។

    «លទ្ធផលនៃការវាយតម្លៃរបស់យើងគឺថា យានអវកាសកំពុងនៅលើផ្លូវធ្លាក់ត្រលប់មកកាន់ផែនដី ហើយអាច​ឆេះ​ក្នុងបរិយាកាស» ភាគីខាងក្រុមហ៊ុន Astrobotic ឱ្យដឹងដូច្នេះ។

    Astrobotic មិនបាននិយាយដល់ពេលវេលាដែលយាន Peregrine របស់ពួកខ្លួនអាចធ្លាក់ឆ្លងកាត់បរិយាកាសផែនដីនោះទេ ប៉ុន្តែក្រុមវិស្វកររបស់ក្រុមហ៊ុននេះកំពុងបន្តកិច្ចការជួយសង្គ្រោះយាន តាមដែលអាចធ្វើទៅបាន។

    គិតត្រឹមថ្ងៃទី 14 មករា 2024 យាន Peregrine កំពុងស្ថិតនៅក្នុងចម្ងាយពីផែនដីប្រហែល 389,000 គីឡូ​ម៉ែត្រ និងស្ថិតនៅផ្នែកខាងក្រៅនៃគន្លងគោចររបស់ព្រះចន្ទ៕

  • Ford Territory ទទួលបានពានរង្វាន់ជារថយន្ត Compact SUV ដែលល្អបំផុតប្រចាំឆ្នាំ ២០២៣

    Ford Territory ទទួលបានពានរង្វាន់ជារថយន្ត Compact SUV ដែលល្អបំផុតប្រចាំឆ្នាំ ២០២៣

    [ភ្នំពេញ – ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣] ថ្មីៗនេះរថយន្ត Next-Generation Ford Territory បានទទួលពានរង្វាន់ជារថយន្ត Compact SUV ដែលល្អបំផុតប្រចាំឆ្នាំ ២០២៣​ បន្ទាប់ពីត្រូវបានឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ច៉ត់លើគ្រប់ផ្នែកនៃរថយន្តទាំងអស់ក្នុងទីផ្សារប្រទេសភីលីពីនដែលរួមមាន​​៖ ការវាយតម្លៃលើកម្លាំងនិងសមត្ថភាពរបស់រថយន្តជារួម​ ការរចនា/រូបរាង មុខងារ/ស្តង់ដាររបស់រថយន្ត ផាសុកភាព សុវត្ថិភាព ប្រសិទ្ធភាព គុណភាព កញ្ចប់សេវាធានា សេវាថែទាំយានយន្ត និងការគាំទ្រពីសំណាក់អតិថិជនជាដើម។

    គួរបញ្ជាក់ផងដែរថា រថយន្ត Next-Generation Ford Territory បានត្រឡប់មកជាថ្មីម្តងទៀតក្នុងតំណែងជារថយន្ត Compact SUV ដែលលក់ដាច់បំផុត ជាពិសេសក្នុងទីផ្សារប្រទេស ភីលីពីន។ អ្វីដែលគួរអោយភ្ញាក់ផ្អើលបំផុតនោះគឺ ត្រឹមតែរយៈពេល ៥ ខែប៉ុណ្ណោះ បន្ទាប់ពីពិធីសម្ពោធជាផ្លូវការនៅឯពិព័រណ៍រថយន្តអន្តរជាតិ Manila International Auto Show (MIAS) ក្នុងខែមេសា រថយន្ត​ Ford Territory ត្រូវបានលក់ដាច់អស់ដល់ទៅ ៥០០០ គ្រឿងឯណោះ!  ដែលនាំឱ្យចំនួនលក់សរុបកើនឡើងដល់ជាង 25,000 គ្រឿងគិតចាប់តាំងពីការចេញលក់ក្នុងខែសីហា ឆ្នាំ 2020​ កន្លងមក។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាសក្ខីភាពមួយដែលសបង្ហាញពីប្រជាប្រិយភាពនៃរថយន្ត Next-Generation Ford Territory ក្នុងចំណោមអតិថិជនថ្មីៗ អ្នកជំនួញវ័យក្មេង និងគ្រួសារខ្នាតតូចដែលស្វែងរករថយន្ត SUV ដែលឆ្លាតវៃ សុវត្ថិភាព ទំនើប និងទាន់សម័យ។

    រថយន្ត Next-Generation Ford Territory ជារថយន្ត​ SUV ស៊េរីថ្មីឆ្នាំ ២០២៣ ឆ្លងកាត់នូវកំណែទម្រង់ថ្មីទាំងស្រុងទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ ផ្តល់នូវផាសុកភាព និងសុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់ស្ថានភាពផ្លូវ។

    ផ្នែកខាងក្នុងនៃរថយន្តនេះត្រូវបានបំពាក់មកជាមួយនូវ៖

    • កៅអីស្បែកប្រណិតផ្តល់ផាសុកភាពក្នុងពេលធ្វើដំណើរ និងមានមុខងារកៅអីត្រជាក់មិនធ្វើអោយអ្នកបើកបរមានអារម្មណ៍ថាហត់នឿយជាពិសេសពេលធ្វើដំណើរផ្លូវឆ្ងាយ
    • កុងទ័រឌីជីថលទំនើបទាន់សម័យទំហំ 3 អ៊ីញផ្តល់រូបភាពភ្លឺច្បាស់ត្រជាក់ភ្នែក
    • អេក្រង់កម្សាន្ត Touch Screen កណ្តាលទំហំ 12 អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay, Android Auto & Google Maps ដោយមិនចាំបាច់ប្រើខ្សែ
    • ​ប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ Wireless Charge

    មិនតែប៉ុណ្ណោះ រថយន្តនេះក៏បានបំពាក់ជាមួយនឹងប្រព័ន្ធសុវត្ថិភាព ក៏ដូចជាបច្ចេកវិទ្យាទំនើបជំនាន់ចុងក្រោយដូចជា៖

    • កាមេរ៉ាសុវត្ថិភាព ៣៦០ ដឺក្រេ កម្រិតខ្ពស់ជុំវិញរថយន្តផ្តល់រូបភាពច្បាស់ល្អ
    • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត
    • ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និងទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និងតម្រង់គន្លងផ្លូវ
    • ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P) បែបអក្សរ (T) និងប្រព័ន្ធជំនួយចាកចេញពីចំណត
    • ប្រព័ន្ធបើក/បិទឃ្លុបក្រោយដោយស្វ័យប្រវត្តគ្រាន់តែគ្រវាសជើង។
  • ការ​បាញ់​បង្ហោះ​យាន​ចុះ​ចត​លើ​ឋាន​ព្រះចន្ទ​​របស់​ឥណ្ឌា នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​នេះ

    ការ​បាញ់​បង្ហោះ​យាន​ចុះ​ចត​លើ​ឋាន​ព្រះចន្ទ​​របស់​ឥណ្ឌា នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​នេះ

    យោងតាម​អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា (ISRO) បេសកកម្ម Chandrayann 3 បាន​ដោះស្រាយ​បញ្ហា​ធំ​រួចរាល់​ហើយ​នៅមុន​កាលបរិច្ឆេទ​នៃ​ការបាញ់​បង្ហោះ​ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃទី 14 កក្កដា 2023។

    បេសកកម្ម Chandrayaan 3 កំណត់​គោលដៅ​នាំ​យានអវកាស​របស់​ឥណ្ឌា ទៅ​ចុះចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​ដោយ​ជោគជ័យ​ជា​លើកដំបូង។ «ការវាយតម្លៃ​ចំពោះ​ការត្រៀមខ្លួន​សម្រាប់​បេសកកម្ម បាន​ចប់សព្វគ្រប់។ ការបាញ់​បង្ហោះ​ក៏​ទទួលបាន​ការអនុញ្ញាត» ISRO ប្រកាស​នៅលើ Twitter ដូច្នេះ។

    ការបាញ់​បង្ហោះ​គ្រោង​នឹងធ្វើ​ឡើង​នៅលើ​កោះ Sriharikota ក្បែរ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​ប្រទេស​ឥណ្ឌា នៅវេលា​ម៉ោង 16 និង 05 នាទី ថ្ងៃទី 14 កក្កដា (ម៉ោង​នៅ​កម្ពុជា) ដោយ​ប្រើប្រាស់​រ៉ុក្កែត LVM3។ ក្នុង​បេសកកម្ម Chandrayaan 3 យានអវកាស-​រ៉ូ​បូត នឹង​ចុះចត​នៅក្បែរ​ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ នៅ​ចុងខែ​សីហា 2023។ បើសិនជា​គ្រប់យ៉ាង​ដំណើរ​ការល្អ ឥណ្ឌា​នឹង​ក្លាយជា​ប្រទេស​ទី​បួន​ដែល​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​ដោយ​ជោគជ័យ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក សូ​វៀត និង​ចិន។

    យាន​ចុះចត​របស់​ឥណ្ឌា នឹង​ប្រមូល​ទិន្នន័យ​ច្រើន​ប្រភេទ​ទាក់ទង​នឹង​បរិស្ថាន​ជុំវិញ ដោយ​ប្រើប្រាស់​ឧបករណ៍​វិទ្យាសាស្ត្រទំនើប។

    Chandrayaan 3 គឺជា​បេសកកម្ម​ព្រះ​ចន្ទ​ទី​បី​របស់​ប្រទេស​ឥណ្ឌា និង​ជាការ​ប្រឹងប្រែង​លើក​ទី​ពីរ​ដើម្បី​អាច​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​ដោយ​ជោគជ័យ។ ការប្រឹងប្រែង​លើកដំបូង​ត្រូវបាន​ធ្វើឡើង​កាលពី​ខែកញ្ញា 2019 និង​បញ្ចប់​ដោយ​បរាជ័យ នៅពេល​យាន​ចុះចត-រ៉ូ​បូត​របស់ Chandrayaan 2 ទម្លាក់ខ្លួន​ទៅបុក​នឹង​ផ្ទៃ​ព្រះ​ចន្ទ​ពេញ​មួយ​ទំហឹង។

    Chandrayaan 2 ក៏មាន​ទាំង​យានអវកាស​ដែល​គោចរ​ជុំវិញ​គន្លង​តារាវិថី​ព្រះ​ចន្ទ ដែល​បច្ចុប្បន្នកំពុង​ប្រមូល​ទិន្នន័យ​នៅ​ជុំវិញ​ឋាន​នេះ។ Chandrayaan 3 មិនមាន​យាន​គោចរ​លើ​គន្លង​តារាវិថី ប៉ុន្តែ​ម៉ូឌុល​រុញច្រាន​របស់​បេសកកម្ម​នេះ​នឹង​នាំ​ឧបករណ៍​ស្រាវជ្រាវ​ផែនដី​ពី​ចម្ងាយទៅ​ជាមួយ​។ ទិន្នន័យ​ដែល​វា​ប្រមូលបាន​នឹងមាន​ប្រយោជន៍​សម្រាប់​បេសកកម្ម​បន្ទាប់៕

  • វរ​នា​វី​ឯក​ទ័ពជើងទឹក​អាម៉េរិក​ថា អ្នក​ជាប់​ក្នុង​នាវា Titan ប្រហែល​កំពុង​រង​ភាព​ត្រជាក់​ខ្លាំង

    វរ​នា​វី​ឯក​ទ័ពជើងទឹក​អាម៉េរិក​ថា អ្នក​ជាប់​ក្នុង​នាវា Titan ប្រហែល​កំពុង​រង​ភាព​ត្រជាក់​ខ្លាំង

    វរ​នា​វី​ឯកនៃ​ទ័ពជើងទឹក​អាម៉េរិក​ដែល​ចូលនិវត្តន៍ យល់ថា មនុស្ស​ទាំង​ប្រាំ​នាក់​នៅក្នុង​នាវាមុជទឹក Titan ដែល​កំពុង​បាត់​ខ្លួន ប្រហែល​កំពុង​រង​ភាព​ត្រជាក់​ខ្លាំង ហើយ​ប្រឈម​នឹង​ហានិភ័យ​ទាក់ទង​នឹង​បញ្ហា​អុកស៊ីសែន។

    វរ​នា​វី​ឯក David Marquet អតីត​មេបញ្ជាការ​នាវាមុជទឹក​នៃ​ទ័ពជើងទឹក​អាម៉េរិក កាលពី​ថ្ងៃទី 21 មិថុនា បាន​និយាយថា យោងតាម​ការវាយតម្លៃ​ផ្ទាល់ខ្លួន​របស់គាត់ មនុស្ស​ដែល​កំពុង​ជាប់​ក្នុង​នាវា Titan នៅ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក កំពុង​ស្រេកឃ្លាន​ក្រោយ​រយៈពេល​បី​ថ្ងៃ ប៉ុន្តែ​បញ្ហា​នេះ​ប្រហែលជា​មិន​ធ្វើឱ្យ​ពួកគេ​ស្លាប់។ បើសិនជា​នៅមាន​ជីវិត ពួកគេ​អាច​នឹង​ពិបាក​ទ្រាំ​នៅក្នុង​ទី​ដ៏​តូចចង្អៀត​របស់​នាវា។

    «ពួកគេ​កំពុងតែ​រង​ភាព​ត្រជាក់​ខ្លាំង ព្រោះថា តំបន់​ទឹក​នៅ​ជុំវិញ​នាវា​សុទ្ធ​តែមាន​សីតុណ្ហភាព 0 អង្សា​សេ ឬ​ទាប​ជាង​នេះ។ ពួកគេ​ត្រូវ​ចូលមក​ក្បែរ​គ្នា​ដើម្បី​ទទួល​កម្ដៅ​ពី​រាងកាយ» លោក Marquet អះអាង​ដូច្នេះ។

    នៅពេល​ពួកគេ​ដកដង្ហើម​ចេញ ចំហាយ​ទឹកនឹង​ប្រមូល​ផ្ដុំគ្នា បង្កើតបានជា​ស្រទាប់​អ័ព្ទ​ត្រជាក់​ខាងក្នុង​នាវា ប៉ុន្តែ​ប្រការ​សំខាន់​គឺ​អុកស៊ីសែន​កំពុង​ថយចុះ​ជា​លំដាប់ ខណៈដែល​ពួកគេ​បន្ត​បញ្ចេញ​កាបូន។

    នាវា Titan ប្រហែលជា​កាត់បន្ថយ​ការ​ស្រូបយក​ឧស្ម័ន​កាបូន។ បើសិន​កំហាប់​កាបូន​ក្នុង​នាវា​នេះ​មាន​កម្រិត​ខ្ពស់ វា​នឹងធ្វើ​ឱ្យមាន​អា​ការៈឈឺ​ក្បាល ក្អួតចង្អោរ និង​បាត់បង់​ស្មារតី។

    មន្ត្រី​អាម៉េរិក​កាល​ពី​ម្សិល​មិញ​ឱ្យដឹងថា ក្រុម​សង្គ្រោះ​បានឮ​សំឡេង​ខ្លាំង​នៅក្រោម​សមុទ្រ ប៉ុន្តែ​មិនអាច​កំណត់​បាន​ថា​ជា​សំឡេង​អ្វី។ ទំហំ​នៃ​ការស្វែងរក​ត្រូវបាន​ពង្រីក​ទ្វេដង បើ​​ធៀប​នឹង​ផ្ទៃ​ដី​របស់​​រដ្ឋ Connecticut (ជាង 13,000 គីឡូម៉ែត្រ​ក្រឡា)។

    សមត្ថកិច្ច​អាម៉េរិក កាលពី​ថ្ងៃទី 18 មិថុនា បានទទួល​ដំណឹង​ថា Titan ដែលជា​នាវាមុជទឹក​មួ​យ​គ្រឿងក្នុង​ចំណោម​បី​គ្រឿង​របស់​ក្រុមហ៊ុន OceanGate Expeditions បាន​បាត់​ខ្លួន​នៅក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក នៅ​​ថ្ងៃទី 18 មិថុនា ពេល​កំពុងធ្វើដំណើរ​ទេស​ចរណ៍​នៅឯ​តំបន់បាត​សមុទ្រ​ដែល​មាន​​សាកសព​កប៉ាល់ Titanic។

    ភ្លាមៗបន្ទាប់ពី​ហេតុការណ៍​ដាច់​ទំនាក់ទំនង​ជាមួយ​នាវា Titan បានកើត​ឡើង សមត្ថកិច្ច និង​ក្រុម​សង្គ្រោះ​ក៏ត្រូវ​បាន​បញ្ជូនទៅ​ជួយ​ស្វែងរក។ ក្រុមមនុស្ស​ក្នុង​នាវាមុជទឹក Titan ដែល​កំពុង​បាត់​ខ្លួន ត្រូវបាន​គេ​ជឿថា រួមមាន មហាសេដ្ឋី​អង់គ្លេស Hamish Harding, អ្នកជំនាញ​បារាំង Paul-Henry Nargeolet, ស្ថាបនិក​របស់ OceanGate Expeditions លោក Stockton Rush, អ្នកជំនួញ​ប៉ា​គី​ស្ថាន Shahzada Dawood និង​កូនប្រុស Suleman៕

  • Bill Gates ថា «AI អាច​ជំនួស Google Search»

    Bill Gates ថា «AI អាច​ជំនួស Google Search»

    សហ​ស្ថាបនិក​របស់ Microsoft យល់ថា បញ្ញា​សិប្បនិម្មិត (AI) អាចបង្កើត​ជំនួយការ​និម្មិត និង​អាច​ផ្លាស់ប្ដូរ​ទម្លាប់របស់​​អ្នកប្រើប្រាស់​ឧបករណ៍​រុករក ដូចជា Google Search ជាដើម។

    «ជំហាន​ថ្មី​បន្ទាប់​នឹង​ជា​ជំនួយការ AI។ បច្ចេកវិទ្យា​នេះ​អាច​ផ្លាស់ប្ដូរ​ទាំងស្រុង​នូវ​ឥរិយាបថ​របស់​អ្នកប្រើប្រាស់​។ ពួកគេ​អាច​នឹង​លែង​ត្រូវការ​ដល់​បណ្ដា​ទំព័រ​ស្វែងរក មានដូចជា Google Search ឬ​ចូលទៅ​មើល​ហាង​ទំនិញ​អន​ឡាញ​ដូចជា Amazon» មហាសេដ្ឋី​អាម៉េរិក លោក Bill Gates ថ្លែង​ដូច្នេះ នៅក្នុង​ព្រឹត្តិការណ៍​ស្ដីពី AI កាលពី​ថ្ងៃទី 22 ឧសភា។

    យោងតាម​លោក Gates ជំនួយការ AI អាចយ​ល់ពី​តម្រូវការ និង​ទម្លាប់​របស់​អ្នកប្រើប្រាស់ ជួយ​ធ្វើ​ការឱ្យ​ពួកគេ​នៅក្នុង «ការ​ចូល​ប្រើ​​អ៊ី​ន​ធើ​ណិ​ត និង​អានអ្វីៗដែល​កន្លងមក​ធ្លាប់​​ត្រូវការ​ពេល​ច្រើន»។ បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ និង​ក្រុមហ៊ុនថ្មីៗ មានឱកាស​ស្មើគ្នា​ក្នុងការ​អភិវឌ្ឍ​ប្រភេទ AI អនាគត​នេះ។

    លោក Gates អះអាងថា នឹង​ត្រូវការ​ពេលវេលា​បន្ថែម​ដើម្បី​អាច​នាំយក​ជំនួយការ AI មកប្រើប្រាស់​ទូលំទូលាយ ខណៈដែល​បណ្ដា​ក្រុមហ៊ុន​បន្ត​បំពាក់ Generative AI មានដូចជា ChatGPT ជាដើម ទៅក្នុង​ផលិតផល​របស់ខ្លួន។ នេះ​បើតាម​សារព័ត៌មាន CNBC។

    ទោះជា​យ៉ាងនេះ​ក៏ដោយ នៅក្នុង​ព្រឹត្តិការណ៍ Google I/O 2023 កាលពី​ថ្ងៃទី 10 ឧសភា Google ក៏បាន​ធ្វើ​បទ​បង្ហាញ​អំពី​របៀប​ដែល Google Search នឹង​ផ្លាស់ប្ដូរ​នៅពេល​បំពាក់ «កំពូល​បញ្ញា​សិប្បនិម្មិត»។ ដោយមាន​មុខងារ Converse ជំនួស​ឱ្យ​ការបង្ហាញ​លទ្ធផល​ជា​តំណ​ភ្ជាប់ (link) ជាច្រើន​ដូច Google Search បច្ចុប្បន្ន chatbot រុករក​បែប​ថ្មី​របស់ Google នឹង​ប្រមូលផ្ដុំ​ព័ត៌មាន ឧទាហរណ៍​ដូច​ជា​ ការវាយតម្លៃ​ចំពោះ​រថយន្ត​ថ្មី គម្រោង​ដំណើរ​កម្សាន្ត ការថែទាំ​សត្វ​ចិញ្ចឹម​ជាដើម តាមរយៈ​កម្មវិធី​ជជែក​គ្នា​ជាមួយ AI៕

  • សីតុណ្ហភាព​ទូទាំង​សកលលោក​នឹង​រុញ​កម្ដៅ​ផែន​ដី​ឡើង​ខ្ពស់​ខ្លាំង​មិន​ធ្លាប់​មាន​

    សីតុណ្ហភាព​ទូទាំង​សកលលោក​នឹង​រុញ​កម្ដៅ​ផែន​ដី​ឡើង​ខ្ពស់​ខ្លាំង​មិន​ធ្លាប់​មាន​

    អង្គការ​ឧតុនិយម​ពិភពលោក​បាន​ព្រមាន​ថា El Nino ក្ដៅ ដែល​កើនឡើង​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ និង​ការប្រែប្រួល​អាកាសធាតុ​ដែល​កើតឡើង​ដោយសារ​មនុស្ស នឹង​ជំរុញ​សីតុណ្ហភាព​ឱ្យ​កើន​ឡើងដល់​កម្រិត​ខ្ពស់​មិន​ធ្លាប់បាន​ជួប​ពីមុនមក ហើយ​ឡើងដល់​កំណត់ត្រា​ថ្មី​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ទៀត។

    កំណើន​សីតុណ្ហភាព​ទូទាំង​ពិភពលោក​អាច​នឹងឡើង​​​ផុត​ពី​ 1.5 អង្សា​សេ ដែល​បាន​កំណត់​នៅក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​​ប៉ារីស ក្នុង​ប្រាំ​ឆ្នាំ​ខាងមុខ នេះ​បើ​តាម​​របាយការណ៍​របស់​អង្គការសហប្រជាជាតិ (UN)។ អង្គការ​ឧតុនិយម​ពិភពលោក (WMO) របស់ UN បាន​ព្រមាន​ដូច្នេះ​នៅក្នុង​ការវាយតម្លៃ​ប្រចាំឆ្នាំ​លើកចុងក្រោយ​បង្អស់​។ WMO បានឱ្យដឹងថា លទ្ធភាព​​ដែល​សីតុណ្ហភាព​លើ​ផ្ទៃផែនដី​នឹង​កើនឡើង​ប្រចាំឆ្នាំ​ខ្ពស់ជាង 1.5 អង្សា​សេ ធៀប​នឹង​សម័យមុន​ឧស្សាហកម្ម ​គឺមាន​រហូតដល់ 66%។ ការកើនឡើង​កម្ដៅ​នេះ​នឹង​ក្លាយជា​កំណត់​ត្រា​មិន​ធ្លាប់មាន​ពីមុន​នៅក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ។

    អ្នកវិទ្យាសាស្ត្រ​ព្រមាន​ថា កម្ដៅ​ប្រចាំឆ្នាំ​ដែល​កើន​ជាង 1.5 អង្សា​សេ នឹង​ធ្វើឱ្យ​ពិភពលោក​ប្រឈម​នឹង​ហានិភ័យធំៗ អាច​បង្កឱ្យមាន​បម្រែបម្រួល​អាកាសធាតុ​ដែល​មិនអាច​ប្រសើរ​ឡើងវិញ​បាន មានដូចជា ហេតុការណ៍​បាក់​ផ្ទាំង​ទឹកកក​នៅ​ Greenland និង​នៅ​អង់​តា​ទិ​ក​ខាងលិច, កម្ដៅ​ព្រះអាទិត្យ​មាន​កម្រិត​ខ្ពស់​ខ្លាំង គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ បញ្ហា​ខ្វះ​ទឹក និង​អាកាសធាតុ​អាក្រក់​ខ្លាំង​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅលើ​ពិភពលោក។

    ប្រទេស និង​ដែនដី​ប្រហែល 200 បាន​សន្យា​កាត់បន្ថយ​កំណើន​នៃ​សីតុណ្ហភាព​សកល 1.5 អង្សា​សេ ឬ​ទាប​ជាង​នេះ ទៅតាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ​កាលពី​ឆ្នាំ 2015។ ប​ច្ច​ប្បន្ន ដែន​កំណត់​នោះ​អាច​នឹងត្រូវ​ឆ្លង​ផុត​ជា​លើកដំបូង បើទោះជា​បណ្ដោះអាសន្ន​ក៏​ដោយ​។

    តាម​ការ​ព្យាករ រដូវ​កាល El Nino ក្ដៅ​ដែល​នឹង​រីកធំឡើង​ក្នុង​រង្វង់​ច្រើន​ខែ​ខាងមុខ នឹង​រួមផ្សំ​ជាមួយ​បម្រែបម្រួល​អាកាសធាតុ​ដែល​បង្កឡើង​ដោយ​មនុស្ស រុញច្រាន​កម្ដៅ​ផែនដី​ឡើងដល់​ចំណុច​ខ្ពស់​មិន​ធ្លាប់មាន​ពីមុនមក នេះ​បើតាម Petteri Taalas អគ្គលេខាធិការ​នៃ​អង្គការ WMO។ ប្រការ​នោះ​នឹង​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​សុខភាព សន្តិសុខ​ស្បៀង ការគ្រប់គ្រង​ទឹក និង​បរិស្ថាន។

    បាតុភូត El Nino កើតឡើង​នៅពេល​របប​ខ្យល់​អា​លី​សេ (trade winds) ចុះខ្សោយ នាំឱ្យ​ទឹក​ក្ដៅ​កាន់តែច្រើន​ស្ថិត​​នៅ​មួយ​កន្លែង។ បាតុភូត​នេះ​ប៉ះពាល់​ខ្លាំង​ដល់​រូបមន្ត​អាកាសធាតុ​ពិភពលោក បណ្ដាលឱ្យ​តំបន់​អាម៉េរិក​ខាងត្បូង​មាន​សំណើម​ជាង​ធម្មតា និង​បង្ក​គ្រោះរាំងស្ងួត​នៅតាម​តំបន់​នានា មានដូចជា អូស្ត្រាលី ឥណ្ឌូណេស៊ី ភាគ​ខាងជើង​ប្រទេស​ចិន និង​ភាគ​ឦសាន​ប្រទេស​ប្រេ​ស៊ី​ល​ជាដើម៕

  • ហេតុអីត្រូវទៅពិនិត្យគភ៌? បើមិនទៅពិនិត្យគភ៌ តើមានគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃយ៉ាងណា?

    ហេតុអីត្រូវទៅពិនិត្យគភ៌? បើមិនទៅពិនិត្យគភ៌ តើមានគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃយ៉ាងណា?

    អនាគតអ្នកម្ដាយថ្មីថ្មោងតែងមានការនឹកសង្ស័យថា ពេលមានផ្ទៃពោះ តើចាំបាច់ប៉ុនណាត្រូវទៅពិនិត្យផ្ទៃពោះ និងបើមិនទៅពិនិត្យផ្ទៃពោះបានឬទេ? ទិញថ្នាំបំប៉នមកញ៉ាំដោយខ្លួនឯងបានទេ? ព្រោះពេលខ្លះមិនងាយស្រួលក្នុងការធ្វើដំណើរទៅពិនិត្យផ្ទៃពោះតាមការណាត់របស់គ្រូពេទ្យ និងស្រ្តីមានគភ៌ខ្លះអាងហេតុផលថា ពិបាកក្នុងការសុំច្បាប់ឈប់ពីការងារ ជាដើម។ល។ តែស្រ្តីមានគភ៌ទាំងឡាយដឹងទេថា បើមិនបានទៅពិនិត្យគភ៌ នឹងមានគ្រោះថ្នាក់ដល់ខ្លួនឯង និងកូនក្នុងផ្ទៃខ្លាំងណាស់…សេចក្ដីលម្អិតមានដូចខាងក្រោមនេះ ៈ

    4ហេតុផលល្អៗថា ហេតុអីត្រូវទៅពិនិត្យគភ៌?

    1. ពេលអនាគតអ្នកម្ដាយទៅពិនិត្យគភ៌ អ្នកម្ដាយនឹងបានដឹងពីព័ត៌មាន និងការណែនាំក្នុងការប្រតិបត្តិខ្លួនក្នុងអំឡុងពេលមានគភ៌ រហូតដល់រយៈពេលក្រោយការប្រសូត ដោយសារតែក្នុងអំឡុងពេលតាំងគភ៌ សរីរៈ និងរាងកាយរបស់ស្រ្តីមានគភ៌មានការប្រែប្រួលច្រើន។ ស្រ្តីមានគភ៌លើកដំបូងមួយចំនួនអាចនឹងមិនយល់ និងកើតក្ដីកង្វល់ជាមួយនឹងការប្រែប្រួលទាំងនោះ ដូច្នេះគ្រូពេទ្យអ្នកពិនិត្យគភ៌នឹងផ្ដល់ការណែនាំក្នុងរឿងផ្សេងៗ​ទាំងនោះបានយ៉ាងល្អ។
    2. នៅក្នុងការពិនិត្យគភ៌ ស្រ្តីមានផ្ទៃពោះនឹងបានទទួលការវាយតម្លៃយ៉ាងលម្អិតអំពីឱកាសកើតសភាវជ្រៀតជ្រែកពីជំងឺផ្សេងក្នុងខណៈតាំងគភ៌ ហើយក្នុងករណីដែលស្រ្តីមានគភ៌មានភាពប្រថុយប្រថានខ្ពស់ក្នុងការកើតមានសភាវជ្រៀតជ្រែកនេះ គ្រូពេទ្យអ្នកពិនិត្យគភ៌នឹងអធិប្បាយ និងណែនាំវិធីក្នុងការការពារសភាវផ្សេងៗទាំងនោះទៀតផង។
    3. សម្រាប់ស្រ្តីដែលមានរោគ ឬសភាវជ្រៀតជ្រែកពីជំងឺផ្សេងៗកើតឡើងក្នុងខណៈមានផ្ទៃពោះ ការពិនិត្យគភ៌គឺជារឿងសំខាន់ និងចាំបាច់បំផុត។ តើស្រ្តីទាំងឡាយជ្រាបដែរឬទេថា មានជំងឺមួយចំនួនដែលភាពធ្ងន់ធ្ងររបស់វានឹងកើនខ្លាំងឡើងក្នុងខណៈដែលអ្នកមានផ្ទៃពោះ ដែលវានឹងហុចផលប៉ះពាល់ដល់សុខភាពរបស់ម្ដាយ និងកូនតូចក្នុងផ្ទៃ ដូច្នេះ ក្នុងការពិនិត្យគភ៌ គ្រូពេទ្យនឹងមើលថែទាំ និងផ្ដល់ការរក្សាព្យាបាលផ្សេងៗដែលកើតឡើងពេញមួយរយៈពេលនៃការមានផ្ទៃពោះរបស់អ្នក។
    4. ហេតុផលចុងក្រោយដែលស្រ្តីមានផ្ទៃពោះគួរតែទៅពិនិត្យគភ៌នោះគឺ ដើម្បីឱ្យទាំងម្ដាយ(ខ្លួនឯង) និងកូនតូចក្នុងផ្ទៃមានសុខភាពរឹងមាំឥតខ្ចោះ ប្រាសចាករោគភ័យ និងសភាវជ្រៀតជ្រែកអ្វីៗទាំងអស់ហ្នឹងឯង។

    អនាគតស្រ្តីជាម្ដាយមួយចំនួនអាចនឹងមានអារម្មណ៍កង្វល់អំពីរឿងការពិនិត្យផ្ទៃពោះនេះ មិនដឹងថានឹងទៅពិនិត្យនៅទីណា? ទៅហើយ ត្រូវធ្វើអ្វីខ្លះ? គ្រូពេទ្យ និងអ្នកជំនួយការគ្រូពេទ្យនឹងស្ដីបន្ទោសឬអត់? ត្រូវជោះឈាមយកទៅពិនិត្យច្រើនដងអត់?-ល- ដូច្នេះពេលនេះ ឡារ៉ែនសូមប្រាប់ទៅចុះថា កុំទៅព្រួយកង្វល់ធ្វើអី ចូរទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ ដើម្បីកូនជាទីស្រឡាញ់របស់អ្នក…៕

  • ការចិញ្ចឹម និងថែទាំដែលកាចសាហាវ នឹងធ្វើឱ្យកុមារធំឡើងក្លាយជាមនុស្សឈឺច្រើន

    ការចិញ្ចឹម និងថែទាំដែលកាចសាហាវ នឹងធ្វើឱ្យកុមារធំឡើងក្លាយជាមនុស្សឈឺច្រើន

    យើងធ្លាប់បានឮតែពាក្យថា កុមារដែលត្រូវបានចិញ្ចឹមមើលថែយ៉ាងយកចិត្តទុកដាក់ ធំឡើងនឹងក្លាយ​ជាមនុស្សល្អនៅថ្ងៃខាងមុខ តែលទ្ធផលនៃការវិភាគថ្មីៗបំផុតរបស់មហាវិទ្យាល័យ UCLA សហរដ្ឋអាមេរិក ធ្វើយើងអាចបន្ថែមពាក្យចូលទៅទៀតថា ការមើលថែទាំ និងការផ្ដល់នូវសេចក្តីស្រឡាញ់ដល់កុមារយ៉ាងល្អល្អះ នឹងធ្វើឱ្យគេធំ​ឡើងក្លាយជាមនុស្សដែលមានសុខភាពល្អ និងផ្ទុយទៅវិញ កុមារដែលត្រូវបានចិញ្ចឹមមើលថែបែបខ្វះភាពកក់ក្តៅ និងទទួលរង​ដោយអំពើហិង្សា នឹងក្លាយជាមនុស្សធំដែលឈឺច្រើន ថែមទាំងប្រថុយនឹងការកើតជម្ងឺបេះដូង និងសរសៃឈាមច្រើនជាង​អ្នក​​ផ្សេងទៀតផង។

    ការស្រាវជ្រាវវិភាគបានធ្វើឡើងក្នុងរូបបែបនៃការសាកសួរពីអ្នកចូលរួមចំនួន 756នាក់ក្នុងប្រធានបទរឿងភាពប្រថុយប្រថានក្នុងការកើតជម្ងឺបេះដូងខ្វះឈាមនៅក្នុងវ័យកំលោះ-ក្រមុំ ដោយវាយតម្លៃតាមរយ:សញ្ញាដែលបញ្ជាក់ពី​សុខភាពទូទាំងរាងកាយ 18ប្រការដែលមានជាអាទិ សម្ពាធឈាម កម្រិតកូលេស្តេរ៉ូលនៅក្នុងសរសៃឈាម ទំហំចង្កេះ និងទម្ងន់ខ្លួនជាដើម។ បន្ទាប់ពីនោះទើបយកព័ត៌មានដែលទទួលបានមកសរុបលទ្ធផលថា តើមនុស្សម្នាក់ៗមានភាពប្រថុយប្រថាន​ដល់​ការ​វិវឌ្ឍឆ្ពោះទៅរកជំងឺបេះដូងខ្វះឈាមខ្លាំងប៉ុនណា?។

    ប៉ុន្តែក្រៅពីការវាយតម្លៃតាមបែបបទសុខភាពទាំងនោះហើយ អ្នកធ្វើការស្រាវជ្រាវនៅបានរកឃើញទៀតថា ប្រវត្តិនៃការចិញ្ចឹមមើលថែដែលបានមកពីការសាកសួរអ្នកចូលរួមធ្វើការស្រាវជ្រាវវិភាគទាំងនោះ នៅបានហុចលទ្ធផលដ៏មានអត្ថន័យ​សំខាន់​ដល់​​សុខភាពមនុស្សម្នាក់ៗទៀតផង នោះគឺមនុស្សដែលធំឡើងជាមួយនឹងការចិញ្ចឹមថែទាំបែបឱ្យតែរួចៗពីដៃតាំងពីវ័យទារកមកនោះ គឺជាក្រុមមនុស្សដែលមានកម្រិតសុខភាពអន់ខ្សោយ ដូចជាទំហំចង្កេះក្រាស់ធំ មានកូលេស្តេរ៉ូលច្រើន សម្ពាធ​ឈាមខ្ពស់-ល- ខុសប្លែកពីក្រុមមនុស្សដែលធំឡើងនៅក្នុងក្រុមគ្រួសារដែលមើលថែចិញ្ចឹមបីបាច់យ៉ាងយកចិត្តទុកដាក់ យ៉ាងគួរឱ្យចាប់អារម្មណ៍។

    ដូច្នេះហើយទើបយើងអាចមើលឃើញបានថា បទពិសោធនៃការដែលត្រូវបានចិញ្ចឹមនៅក្នុងវ័យកុមារ​ មានផលប៉ះពាល់ដល់ការធ្វើការងាររបស់ប្រព័ន្ធផ្សេងៗទូទាំងរាងកាយ។ ក្រុមមនុស្សដែលត្រូវបានចិញ្ចឹមឱ្យធំឡើងយ៉ាងខ្ជីខ្ជា គ្មានការយកចិត្តទុកដាក់ ឬអាចដល់ថ្នាក់ប្រើអំពើហិង្សា មិនថាតែខាងផ្លូវកាយ និងផ្លូវចិត្តផងនោះ នឹងធ្វើឱ្យការធ្វើការងារ​របស់ប្រព័ន្ធផ្សេងៗខុសពីធម្មតា ហុចផលឱ្យពេលធំឡើងក្លាយជាមនុស្សឈឺច្រើន ឬឆាប់ធ្លាក់ខ្លួនឈឺដោយងាយ និងមានអ្នកខ្លះចូលក្នុងលក្ខណៈប្រថុយប្រថាននឹងរោគបេះដូង និងសរសៃឈាមទៀតផង។ ខុសគ្នាស្រឡះពីក្រុមមនុស្សដែលត្រូវបានចិញ្ចឹម​មើលថែ​ទាំ​​​​​​មក​យ៉ាងល្អ បានទទួលភាពកក់ក្តៅពេញទំហឹង គឺច្រើនតែមានសុខភាពរឹងប៉ឹងល្អ មានប្រព័ន្ធស៊ាំនឹងជំងឺផ្សេងៗ​រឹង​​​មាំល្អទៀត​ផង។

    លោកស្រីវេជ្ជបណ្ឌិត ថេរេហ្សា ស៊ីមែន សាស្រ្តាចារ្យផ្នែកវិជ្ជាវេជ្ជសាស្រ្តមនុស្សចាស់ ដែលជាមនុស្សម្នាក់ក្នុងចំណោមអ្នកដឹកនាំការវិភាគស្រាវជ្រាវនេះ បានរៀបរាប់ថា លោកស្រីសង្ឃឹមថា លទ្ធផលនៃការស្រាវជ្រាវវិភាគដែលទទួលបានក្នុងគ្រានេះ នឹងជួយជំរុញឱ្យមនុស្សសង្កេតឃើញពីភាពពាក់ព័ន្ធគ្នារបស់បញ្ហាថា ការចិញ្ចឹមមើលថែទាំកូននៅក្នុងវ័យកុមារនឹង​ហុចផលដល់សុខភាពនៅក្នុងវ័យមនុស្សធំយ៉ាងដូចម្ដេចខ្លះ? និងមានការកែបញ្ហានេះយ៉ាងមានប្រសិទ្ធភាព។ ការជំរុញ និង​បំ​ផុសឱ្យឪពុកម្តាយ ឬអ្នកមើលថែទាំក្មេងបានដឹង បានយល់ពីការមើលថែ និងចិញ្ចឹមកុមារយ៉ាងត្រឹមត្រូវ ទាំងក្នុងរឿងការហូបចុក ការរស់នៅ សុខភាពផ្លូវកាយ និងផ្លូវចិត្ត រួមទាំងការបានទទួលនូវភាពកក់ក្តៅ ការមើលថែទាំយកចិត្តទុកដាក់យ៉ាងពេញ​ទំហឹងនោះ វានឹងជួយកាត់បន្ថយបរិមាណមនុស្សធំដែលក្លាយជាអ្នកមានជំងឺមួយថ្ងៃកាត់មួយថ្ងៃកោរបានយ៉ាងងាយនាពេល​​អ​នាគត និងកាត់បន្ថយបញ្ហាពាក់ព័ន្ធនឹងការមើលថែទាំអ្នកជំងឺបេះដូង និងសរសៃឈាម ដែលជាជំងឺមួយក្នុងចំណោមជំងឺដ៏​កាច​សា​ហាវបានទៀតផង៕​

  • តើការវាយតម្លៃអចលនទ្រព្យ ធ្វើឡើងតាមវិធីសាស្រ្តបែបណាខ្លះ?

    តើការវាយតម្លៃអចលនទ្រព្យ ធ្វើឡើងតាមវិធីសាស្រ្តបែបណាខ្លះ?

    និន្នាការ​នៃ​ការកើនឡើង​ក្នុង​វិស័យ​អចលនទ្រព្យ​បានធ្វើឱ្យ​ចរន្ត​នៃ​ការទិញ​លក់​ក្នុង​វិស័យនេះ ​កាន់តែ​មានសកម្មភាព​គគ្រឹកគគ្រេងឡើងៗក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ប៉ុន្តែ​ការទិញ​លក់​ភាគច្រើន​មិនមាន​ការវាយតម្លៃ​ច្បាស់លាស់​នោះទេ គឺធ្វើឡើង​ទៅតាម​ការចរចា​រវាង​ម្ចាស់​អ្នកលក់ និង​ភាគី​អ្នកទិញ​ប៉ុណ្ណោះ ដូច្នេះ​ដើម្បីឱ្យ​ការលក់​អចលនទ្រព្យ​ដំណើរការ​ទៅ​យ៉ាង​ល្អ និង​លក់​ឆាប់​ដាច់ ឬ​មាន​ការទិញ-លក់​អចលនទ្រព្យ​ត្រឹមត្រូវ​តាម​តម្លៃ​ទីផ្សារអ្នកលក់ និង​អ្នកទិញ​ក៏​អាចធ្វើ​ការវាយតម្លៃ​អចលនទ្រព្យ​ជាមុនសិន​បានដែរ ដើម្បី​កុំឱ្យ​លក់​ខុស(ថោក​ជាង​ហាងឆេង) ឫ​ទិញ​ខុស(ថ្លៃ​ជាង​ហាងឆេង)នាំឱ្យ​ខាតបង់​លុយកាក់។

    លោក​ឧកញ៉ា នួន ឫទ្ធី ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal មានប្រសាសន៍ថា ពាក់ព័ន្ធ​នឹង​ការវាយតម្លៃ​អចលនវត្ថុ​នេះ​គឺ​ត្រូវ​ពឹង-ផ្អែកលើ​ទិន្នន័យផ្សេងៗគ្នា មាន​ច្រើនបែប ច្រើន​សណ្ឋាន ដែល​វា​មិនមែនជា​វិទ្យាសាស្ត្រ​ពិត​នោះទេតែ​វា​ជា​ទឡ្ហីករ​លម្អិត​ក្នុងការ​វាយតម្លៃ​អចលនទ្រព្យ​ឱ្យមាន​លក្ខណៈ​ស្តង់ដារ​កាន់តែខ្លាំង។

    លោក​ឧកញ៉ា​បន្តថា នៅក្នុង​ការវាស់វែង និង​វាយតម្លៃ​អចលនទ្រព្យ​នេះ គឺ​គេ​ត្រូវធ្វើឡើង​តាម​គោលការណ៍ 3ជាបឋម៖ ទី1.ធ្វើការ​ប្រៀបធៀប​តម្លៃ​ទីផ្សារ (Comparation Approach) ទី2.សិក្សា​អំពី​ចំណូល​ពី​អចលនទ្រព្យ(Income Approach) និង​ទី3.សិក្សា​ចំណាយ​ថ្លៃដើម​ទិញ​អចលនទ្រព្យ(Cost Approach) តែ​ទោះយ៉ាងណា ការសិក្សា​អាចមាន​ភាពខុសគ្នា​ទៅតាម​ស្ថាប័ននីមួយៗ ដូចជា​អង្គភាព​ពន្ធដា​ដែល​ភាគច្រើន​ធ្វើឡើង​តាម​ការវាយតម្លៃ​គិត​ជា​មធ្យមភាគ​ទៅតាម​តំបន់នីមួយៗ ហើយ​ខាង​ធនាគារ​វាយតម្លៃ​ផ្អែក​តាម​ទ្រព្យ​បុគ្គលនីមួយ។​ ការប្រៀបធៀប គេ​សិក្សា​លើ​កត្តា​ភូមិសាស្ត្រ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ដែល​អាច​ជំនួស​គ្នា​បាន ជួនកាល​ផ្ទះ​ជិតគ្នា​មាន​ទំហំ​ប៉ុនគ្នា​ តែ​តម្លៃ​ខុសគ្នា ដោយសារ​ការតុបតែង​ដេ​គ័​រ​ខាងក្នុង បន្ទាប់មក​គេ​មើល​ទៅលើ​ដង់ស៊ីតេ​ប្រជាជន​ថា ជាទី​ប្រជុំជន​ងាយស្រួល​ក្នុងការ​រកស៊ី ឬ​ជា​តំបន់​ប្រជាជន​រស់នៅ​ធម្មតា​មិនសូវមាន​សក្តានុពល​សេដ្ឋកិច្ច។

    ការវាយតម្លៃ​អាចមាន​ភាព​សុក្រឹត​ទៅបាន វា​អាស្រ័យ​លើ​កត្តានយោបាយ កត្តាសេដ្ឋកិច្ច និង​កត្តា​សង្គម​ផងដែរ ដែល​កត្តា​ទាំង3នេះ​មាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​ការវាយតម្លៃ។ ជាធម្មតា​ការបណ្តាក់ទុន​របស់​វិនិយោគិន​បរទេស លុះត្រា​តែមាន​ស្ថិរភាព​នយោបាយ​នៅក្នុង​ប្រទេស មាន​កំណើនសេដ្ឋកិច្ច​ល្អ​ទើប​មានការ​បណ្តាក់ទុន​ច្រើន​ដែល​នេះ​ជា​ចលករ​ធ្វើឱ្យ​តម្លៃ​ដី ឬ​តម្លៃ​សាងសង់​មានការ​កើនឡើង​ផងដែរ។

    ការវាយតម្លៃ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​វិញ​ក៏​ដូចគ្នា​ដែរ គឺ​គេ​សិក្សា​ទៅលើ​កត្តានយោបាយ សេដ្ឋកិច្ច និង​សង្គម ដូចជា​តម្លៃ​ទីផ្សារ ចំណូល​បាន​ពី​ការជួល​អចលនទ្រព្យ និង​ការចំណាយ​ថ្លៃដើម​ពី​ការទិញ​អចលនទ្រព្យ។ ចំពោះ​ការវាយតម្លៃ​ជា​លក្ខណៈ​បុគ្គល​វិញ​គឺ​ផ្អែក​តាម​តំបន់នីមួយៗ និង​ទីតាំង​នៃ​អចលនទ្រព្យ​នោះ ដូចជា​នៅក្នុង​តំបន់​ទីប្រជុំជន តំបន់​ជនបទ​ស្រុកស្រែ​ និង​តម្លៃ​អចលនទ្រព្យ​បុគ្គល។ល។ ឧទាហរណ៍​នៅក្នុង​បុរី ដី​មានតម្លៃ 500ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ជា​តម្លៃ​ដែល​ដក​ថ្លៃ​សំណង់​ចេញរួច ប៉ុន្តែ​ដី​នៅ​ជិត​នោះ​មានតម្លៃ​តែ 100ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ ដោយសារតែ​វា​មិនមែន​នៅក្នុង​ប្លុក​បុរី។

    លោក​ថា កន្លងមក​ក្រុមហ៊ុន(KFA)ទទួលបាន​ទំនុកចិត្ត​ខ្ពស់​ពី​អតិថិជន​ក្នុងការ​វាយតម្លៃ​អចលនទ្រព្យ​ដែលមាន​ទាំង​ស្ថាប័នកំពូលៗរបស់​រដ្ឋ​ជាច្រើន​ផងដែរ ដូចជា​ក្នុង​វិស័យ​ធនាគារ និង​តុលាការ​ជាដើមដូចជា​អចលនទ្រព្យ​ក្នុង​អំណាចតុលាការ​គឺជា​ទ្រព្យ​ដែល​គេ​នឹង​លក់​ក្នុងតម្លៃ​មួយ​ដែល​បង្ខំ ឬ​ប្រញាប់(Force Sale)ដែល​អាច​បញ្ចុះតម្លៃ​បាន​ដល់​ទៅ30 ឬ50%ឯណោះ។ ពាក់ព័ន្ធ​នឹង​ការវាយតម្លៃ​នេះ ក្នុងនាម​លោក​ដែលជា​ក្រុមហ៊ុន​មានឈ្មោះ​បោះ​សំឡេង​ និង​ទទួលបាន​ពានរង្វាន់​វាយតម្លៃ​ទាំង​ក្នុង និង​ក្រៅប្រទេស​នោះ លោក​ស្នើសុំ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ស្ថាប័ន​ធនាគារ និង​ក្រុមហ៊ុន​ឯកជនផ្សេងៗ គួរតែ​ងាក​មក​ប្រើ​ស្ថាប័ន​ឯករាជ្យ​របស់​សមាគម​អ្នកវាយតម្លៃ​ និងភ្នាក់ងារអចលនវត្ថុកម្ពុជា​វិញ​ប្រសើរ​ជាង ព្រោះ​សមាគម​នេះ​មាន​ក្រុមហ៊ុន​បំពេញការងារ​វាយតម្លៃ​អចលនទ្រព្យ​ប្រកបដោយ​វិជ្ជាជីវៈមាន​ក្រមសីលធម៌​ច្បាស់លាស់ ឥត​លម្អៀង ព្រោះការវាយតម្លៃ​អចលនទ្រព្យ​នេះ​វា​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​សេដ្ឋកិច្ច ដូចជា​ជួនកាល​អាចធ្វើឱ្យ​ធនាគារ​ខាតបង់ ជូន​អាចធ្វើឱ្យ​អតិថិជន​ខាតបង់​ប្រាក់​ជាដើម បើសិន​ការវាយតម្លៃ​នោះ​មិនមាន​ភាពស្មោះត្រង់។ លោក​ក៏បាន​អំពាវនាវ​ផងដែរ​ដល់​ស្ថាប័ន​អ្នក​ប្រកប​របរ​រក​ទទួលទាន​ខាង​អចលនវត្ថុ​ថា ត្រូវតែ​ពង្រឹងសមត្ថភាព ក្រមសីលធម៌​វិជ្ជាជីវៈ​ពាក់ព័ន្ធ​នឹង​អាជីព​របស់ខ្លួន និង​រៀនសូត្រ​យកចំណេះ​ដឹង​បន្ថែម​ឱ្យ​កាន់តែខ្លាំងកុំឱ្យ​បរទេស​ឆ្លៀតឱកាស​មក​ដណ្តើម​ការ​ងារ​ក្នុងស្រុក​យើង​ច្រើនពេក ព្រោះ​ក្នុងសម័យ​សកល​ភា​វូប​នី​កម្ម​បែបនេះ ការប្រកួតប្រជែង​គ្មាន​ដែន​កំណត់​ទេ៕